តើសកម្មពលបរិសុទ្ធជាអ្វី?
នៅពេលមួយលោកយេស៊ូបានសួរអ្នកកាន់តាមលោកថា៖ «ក្នុងចំណោមអ្នករាល់គ្នាជាឪពុក បើកូនសុំត្រី តើមានអ្នកណាម្នាក់នឹងឲ្យសត្វពស់មួយទៅកូន ជាជាងឲ្យត្រីមួយទេ? ឬបើកូនសុំស៊ុតមួយ តើនឹងឲ្យខ្ទួយមួយទៅកូនទេ?»។ (លូកា ១១:១១, ១២) ក្មេងៗដែលរស់នៅតំបន់នោះ ចូលចិត្តញ៉ាំស៊ុតនិងត្រី ហើយបើគេសុំស៊ុតឬត្រី នោះគេនឹងមិនស្កប់ចិត្តទេបើឲ្យអ្វីផ្សេងពីនេះ។
លោកយេស៊ូបានមានប្រសាសន៍ថា យើងគួរសុំសកម្មពលបរិសុទ្ធម្ដងហើយម្ដងទៀត ដូចក្មេងដែលឃ្លាន ហើយសុំអាហារ។ (លូកា ១១:៩, ១៣) បើយើងដឹងថាសកម្មពលបរិសុទ្ធជាអ្វី នោះយើងអាចដឹងថាសកម្មពលបរិសុទ្ធគឺសំខាន់ប៉ុណ្ណាក្នុងជីវិតរបស់យើង។ ដូច្នេះ ចូរយើងពិនិត្យអ្វីដែលគម្ពីរបង្រៀនអំពីសកម្មពលបរិសុទ្ធជាមុនសិន។
«ឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត»
គម្ពីរបញ្ជាក់ច្បាស់ថាសកម្មពលបរិសុទ្ធជាថាមពលម្យ៉ាងដែលព្រះប្រើដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។ ពេលដែលទេវតាមួយរូបឈ្មោះកាព្រីយ៉ែលប្រាប់ម៉ារៀថានឹងមានបុត្រ ទោះបីនាងជាស្ត្រីក្រមុំបរិសុទ្ធក៏ដោយ នោះកាព្រីយ៉ែលនិយាយថា៖ «សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ»។ (លូកា ១:៣៥) យោងទៅតាមពាក្យរបស់កាព្រីយ៉ែល សកម្មពលបរិសុទ្ធនិង«ឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត»គឺទាក់ទងគ្នា។
ចំណុចនេះក៏មាននៅកន្លែងផ្សេងទៀតក្នុងគម្ពីរដែរ។ អ្នកប្រកាសទំនាយឈ្មោះមីកាបាននិយាយថា៖ «ខ្ញុំមានពេញជាព្រះចេស្ដា ដោយសារព្រះវិញ្ញាណ[ឬ«សកម្មពល»]នៃព្រះយេហូវ៉ា»។ (មីកា ៣:៨; ព.ថ.) លោកយេស៊ូបានសន្យាពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា»។ (សកម្មភាព ១:៨) សាវ័កប៉ូលក៏បានប្រាប់អំពី«ឫទ្ធានុភាពនៃសកម្មពលបរិសុទ្ធ»ដែរ។—រ៉ូម ១៥:១៣, ១៩
អាស្រ័យហេតុនេះ តើយើងអាចសន្និដ្ឋានអ្វីខ្លះពីចំណុចនេះ? យើងអាចសន្និដ្ឋានថា សកម្មពលបរិសុទ្ធនិងឫទ្ធានុភាពរបស់ព្រះទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធជាមធ្យោបាយដើម្បីបញ្ចេញឫទ្ធានុភាពរបស់លោក។ បើនិយាយឲ្យចំទៅ នេះមានន័យថាសកម្មពលបរិសុទ្ធជាឫទ្ធានុភាពរបស់ព្រះដែលកំពុងមានសកម្មភាព។ នេះជាថាមពលដ៏ខ្លាំងក្លាមែន! ថាមពលដែលព្រះបានប្រើដើម្បីបង្កើតសាកលលោកទាំងមូល គឺខ្លាំងក្លារកយល់ពុំបាន។ តាមរយៈអ្នកប្រកាសទំនាយម្នាក់ឈ្មោះអេសាយ ព្រះយេហូវ៉ាសុំយើងឲ្យរំពឹងគិតដោយមានប្រសាសន៍ថា៖ «ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។—អេសាយ ៤០:២៦
ដូច្នេះ គម្ពីរបញ្ជាក់ថាសាកលលោកនេះបានត្រូវបង្កើតព្រមទាំងមានរបៀបរៀបរយដោយសារ«ចេស្ដាដ៏ធំ»ឬឫទ្ធានុភាពរបស់ព្រះដ៏ខ្លាំងក្លាបំផុត។ គឺច្បាស់មែន សកម្មពលរបស់ព្រះគឺខ្លាំងមហិមាណាស់ ហើយជីវិតយើងពឹងទៅលើសកម្មពលនោះ (សូមមើលប្រអប់ដែលមានចំណងជើងថា«មូលហេតុដែលសកម្មពលបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ»)។
ព្រះយេហូវ៉ាអាចប្រើសកម្មពលបរិសុទ្ធរបស់លោកសម្រាប់កិច្ចការធំ ដូចពេលលោកបានបង្កើតសាកលលោកជាដើម។ តែលោកក៏អាចប្រើសកម្មពលបរិសុទ្ធនោះ ដើម្បីជួយមនុស្សដែរ។ គម្ពីរមានឧទាហរណ៍ជាច្រើនដែលបញ្ជាក់ពីរបៀបដែលព្រះបានប្រើសកម្មពលនោះ ដើម្បីធ្វើឲ្យអ្នកបម្រើរបស់លោកនៅផែនដីមានឫទ្ធានុភាព។
«សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ»
កិច្ចបម្រើរបស់លោកយេស៊ូបង្ហាញយ៉ាងអស្ចារ្យនូវរបៀបដែលសកម្មពលរបស់ព្រះអាចធ្វើឲ្យអ្នកបម្រើរបស់លោកមានឫទ្ធានុភាព។ លោកយេស៊ូមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងណាសារ៉ែតថា៖ «សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ»។ (លូកា ៤:១៨) តើលោកយេស៊ូបានសម្រេចកិច្ចការអ្វីខ្លះ«ដោយឫទ្ធានុភាពនៃសកម្មពល»? (លូកា ៤:១៤) លោកបានធ្វើឲ្យមនុស្សជាពីគ្រប់ទាំងជំងឺ ធ្វើឲ្យព្យុះសមុទ្រស្ងប់ ផ្ដល់អាហារឲ្យមនុស្សរាប់ពាន់នាក់ដោយប្រើតែនំប៉័ងនិងត្រីបន្ដិចបន្តួច ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ សាវ័កពេត្រុសបានពណ៌នាអំពីលោកយេស៊ូថា «ជាបុរសម្នាក់ដែលព្រះបានសម្ដែងឲ្យ . . . ឃើញជាចំហ ដោយការដែលប្រកបដោយឫទ្ធានុភាព សញ្ញាសម្គាល់ និងការដ៏គួរឲ្យកោតស្ងើច ដែលព្រះបានធ្វើតាមរយៈលោក»។—សកម្មភាព ២:២២
សព្វថ្ងៃនេះ សកម្មពលបរិសុទ្ធមិនធ្វើអព្ភូតហេតុបែបនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សកម្មពលបរិសុទ្ធនោះអាចធ្វើកិច្ចការដ៏អស្ចារ្យដើម្បីយើង។ ព្រះយេហូវ៉ាស្ម័គ្រចិត្តផ្ដល់សកម្មពលបរិសុទ្ធរបស់លោកឲ្យអ្នកដែលគោរពប្រណិប័តន៍លោក ដូចលោកយេស៊ូបានសន្យាចំពោះពួកអ្នកកាន់តាមលោកដែរ។ (លូកា ១១:១៣) ហេតុនេះ សាវ័កប៉ូលបាននិយាយថា៖ «ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។ (ភីលីព ៤:១៣) តើសកម្មពលបរិសុទ្ធអាចមានឥទ្ធិពលបែបនេះទៅលើជីវិតរបស់អ្នកដែរឬទេ? អត្ថបទជាបន្ទាប់នឹងឆ្លើយសំណួរនេះ។
[ប្រអប់/រូបភាពនៅទំព័រ៤]
មូលហេតុដែលសកម្មពលបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ
គម្ពីរប្រដូចសកម្មពលបរិសុទ្ធទៅនឹងទឹក។ ពេលដែលព្រះសន្យាឲ្យពរដល់រាស្ត្ររបស់លោកនៅអនាគត នោះលោកមានប្រសាសន៍ថា៖ «អញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណ[ឬ«សកម្មពល»]អញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង»។—អេសាយ ៤៤:៣; ព.ថ.
ពេលដែលព្រះចាក់សកម្មពលទៅលើពួកអ្នកបម្រើរបស់លោក នោះពួកគេ«ពេញទៅដោយសកម្មពលបរិសុទ្ធ»។ គម្ពីររៀបរាប់អំពីបុគ្គលមួយចំនួនដែលបានពេញទៅដោយសកម្មពលបរិសុទ្ធ ដូចជាលោកយេស៊ូ យ៉ូហានជាអ្នកជ្រមុជទឹក ពេត្រុស ប៉ូល បាណាបាស ព្រមទាំងពួកអ្នកកាន់តាមលោកយេស៊ូដែលបានជួបជុំគ្នានៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស.។ —លូកា ១:១៥; ៤:១; សកម្មភាព ៤:៨; ៩:១៧; ១១:២២, ២៤; ១៣:៩
សូមគិតអំពីចំណុចដូចតទៅនេះ៖ ប្រសិនបើសកម្មពលបរិសុទ្ធជាបុគ្គលមួយរូប តើព្រះអាច«ចាក់»សកម្មពលនោះទៅលើមនុស្សផ្សេងៗជាច្រើនបានឬទេ? តាមមតិយោបល់របស់លោកអ្នក តើមនុស្សមួយក្រុមអាច«ពេញទៅដោយ»បុគ្គលមួយរូបបានឬទេ? នោះមិនសមហេតុផលទេ។ គម្ពីររៀបរាប់ថា មនុស្សបានពេញទៅដោយតម្រិះឬចំណេះ តែមិនដែលចែងថាមនុស្សបានពេញទៅដោយបុគ្គលមួយរូបទេ។—និក្ខមនំ ២៨:៣; កូឡុស ១:៩
ពាក្យភាសាក្រិចដែលបកប្រែថា «សកម្មពល»គឺភ្នូម៉ា ដែលសំដៅទៅកម្លាំងមួយដែលមនុស្សមើលមិនឃើញ។ យោងទៅតាមវចនានុក្រមមួយ ពាក្យភ្នូម៉ា«ជាបឋមសំដៅទៅខ្យល់ . . . និងដង្ហើម។ ន័យបន្ទាប់ គឺសកម្មពល ជាអ្វីដែលមនុស្សមើលមិនឃើញ អរូបិយ និងខ្លាំងក្លាដូចខ្យល់» (Vine’s Expository Dictionary of New Testament Words)។
នេះបញ្ជាក់ច្បាស់ថា សកម្មពលបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ។a
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានថែមទៀត សូមមើល «សេចក្ដីពិតអំពីព្រះវរបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ» នៅទំព័រ២៣២-២៣៤ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[អ្នកផ្ដល់សិទ្ធិ]
Photodisc/SuperStock