ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់
លោក យេស៊ូគ្រិស្តបានទាយថា«ទីបញ្ចប់នឹងមកដល់»នៅពេលអនាគត។ លោកបានពណ៌នាអំពីពេលនោះថា៖ «នៅគ្រានោះ នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ»។—ម៉ាថាយ ២៤:១៤, ២១
ប្រសាសន៍របស់លោកយេស៊ូអំពីទីបញ្ចប់ រួមទាំងខគម្ពីរឯទៀតស្តីអំពីរឿងនេះ នាំឲ្យមានសំណួរសំខាន់ៗមួយចំនួន។ សូមបើកគម្ពីរបរិសុទ្ធរបស់លោកអ្នក ហើយអានចម្លើយដែលមានក្នុងគម្ពីរស្តីអំពីសំណួរទាំងនោះ។
១ តើអ្វីនឹងដល់ទីបញ្ចប់?
គម្ពីរបរិសុទ្ធមិនបង្រៀនថាផែនដីនឹងត្រូវបំផ្លាញចោលទេ។ អ្នកតែងទំនុកតម្កើងបានសរសេរថា៖ «[ព្រះ]បានតាំងឫសផែនដីដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកតម្កើង ១០៤:៥) គម្ពីរក៏មិនបង្រៀនថាជីវិតទាំងឡាយនឹងត្រូវវិនាសសាបសូន្យដោយភ្លើងឆេះទូទាំងពិភពលោកឡើយ។ (អេសាយ ៤៥:១៨) លោកយេស៊ូបានបញ្ជាក់ដោយខ្លួនលោកថា មនុស្សខ្លះនឹងរួចជីវិតពីទីបញ្ចប់នោះ។ (ម៉ាថាយ ២៤:២១, ២២) បើដូច្នេះ យោងទៅតាមគម្ពីរ តើអ្វីនឹងដល់ទីបញ្ចប់?
រដ្ឋាភិបាលរបស់មនុស្សនឹងលែងមានទៀត។ ព្រះបានដឹកនាំដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ ឲ្យសរសេរថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
សង្គ្រាមនិងការបង្ខូចបរិស្ថាននឹងលែងមានទៀត។ ទំនុកតម្កើង ៤៦:៩បានរៀបរាប់អំពីអ្វីដែលព្រះនឹងធ្វើ ដោយចែងថា៖ «ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង»។ គម្ពីរក៏បង្រៀនដែរថា ព្រះនឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។—ការបើកបង្ហាញ ១១:១៨
ឧក្រិដ្ឋកម្មនិងអំពើអយុត្ដិធម៌នឹងសាបសូន្យទៅ។ បណ្ដាំរបស់ព្រះសន្យាថា៖ «មនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។—សុភាសិត ២:២១, ២២
២ តើទីបញ្ចប់នឹងមកដល់នៅពេលណា?
ព្រះយេហូវ៉ាបាន‹កំណត់ពេល›ដើម្បីបំបាត់ចោលអំពើអាក្រក់ ហើយតាំងរដ្ឋាភិបាលរបស់លោក។ (ម៉ាកុស ១៣:៣៣) ប៉ុន្តែគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនអាចគណនាថាទីបញ្ចប់នឹងមកដល់នៅថ្ងៃណាឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ។ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតាដែលស្ថិតនៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប»។ (ម៉ាថាយ ២៤:៣៦) លោកយេស៊ូនិងអ្នកកាន់តាមលោកបានទាយអំពីស្ថានភាពដែលនឹងមាននៅផែនដី មុនព្រះនាំឲ្យមានទីបញ្ចប់។ ទីបញ្ចប់នឹងមកដល់ជាក់ជាពុំខានពេលព្រឹត្ដិការណ៍ទាំងអស់ដែលមានដូចតទៅនេះ កើតឡើងនៅពេលតែមួយ និងនៅទូទាំងពិភពលោក។
ពេលមានការប្រែប្រួលខាងនយោបាយ បរិស្ថាននិងសង្គមដល់កម្រិតមួយដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ត្រ។ ពេលលោកយេស៊ូឆ្លើយសំណួររបស់អ្នកកាន់តាមលោកស្តីអំពីទីបញ្ចប់ លោកបានឆ្លើយថា៖ «ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង។ ការទាំងនេះគឺជាការចាប់ផ្ដើមនៃគ្រាលំបាក»។ (ម៉ាកុស ១៣:៨) សាវ័កប៉ូលបានសរសេរថា៖ «គ្រាចុងក្រោយបង្អស់នឹងលំបាកណាស់ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតបំប៉ោង ក្រអឺតក្រទម ជាអ្នកជេរប្រមាថ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស មិនព្រមស្រុះស្រួលគ្នា ជាអ្នកបង្កាច់បង្ខូច មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌ ជាអ្នកក្បត់ ធ្វើតាមទំនើងចិត្ត មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ»។—ធីម៉ូថេទី២ ៣:១-៥
ពេលមានការផ្សព្វផ្សាយដំណឹងល្អនៅទូទាំងពិភពលោកក្នុងភាសាជាច្រើន។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
៣ តើនឹងមានអ្វីកើតឡើងបន្ទាប់ពីទីបញ្ចប់?
គម្ពីរមិនបង្រៀនថាព្រះនឹងយកមនុស្សល្អទាំងអស់ពីផែនដីដើម្បីឲ្យពួកគេរស់ជារៀងរហូតនៅស្ថានសួគ៌ឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូបានបង្រៀនថា គោលបំណងដំបូងរបស់ព្រះសម្រាប់មនុស្សជាតិនឹងត្រូវសម្រេច។ លោកយេស៊ូមានប្រសាសន៍ថា៖ «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះនឹងទទួលផែនដីជាមត៌ក»។ (ម៉ាថាយ ៥:៥; ៦:៩, ១០) ចំពោះមនុស្សដែលស្លាប់មុនទីបញ្ចប់មកដល់ មានសេចក្ដីសន្យាក្នុងគម្ពីរអំពីការប្រោសពួកគេឲ្យរស់ឡើងវិញនៅអនាគត។ (យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៥:២៨, ២៩) តើនឹងមានអ្វីកើតឡើងបន្ទាប់ពីទីបញ្ចប់?
លោកយេស៊ូនឹងគ្រប់គ្រងពីស្ថានសួគ៌ជាស្តេចនៃរាជាណាចក្ររបស់ព្រះ។ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានសរសេរថា៖ «ខ្ញុំក៏ឃើញក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ[លោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ] ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះ[យេហូវ៉ា]ដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ នោះបានប្រទានឲ្យទ្រង់[លោកយេស៊ូ]មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាបានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង»។—ដានីយ៉ែល ៧:១៣,១៤; លូកា ១:៣១, ៣២; យ៉ូហាន ៣:១៣-១៦
បណ្ដារាស្ត្រនៃរាជាណាចក្ររបស់ព្រះនឹងមានសុខភាពយ៉ាងសុក្រឹត សន្ដិសុខដ៏ស្ថិតស្ថេរនិងជីវិតដែលគ្មានទីបញ្ចប់។ អេសាយដែលជាអ្នកប្រកាសទំនាយបានសរសេរថា៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ»។ (អេសាយ ៦៥:២១-២៣) សាវ័កយ៉ូហានបានសរសេរអំពីគ្រានោះថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ត្ររបស់លោក។ ហើយព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។—ការបើកបង្ហាញ ២១:៣, ៤
៤ តើលោកអ្នកត្រូវធ្វើអ្វីខ្លះដើម្បីរួចជីវិត ពេលទីបញ្ចប់មកដល់?
សាវ័កពេត្រុសបានទទួលស្គាល់ថា មនុស្សខ្លះដែលរស់នៅគ្រាចុងក្រោយនឹងចំអកថា ព្រះមិនធ្វើអន្តរាគមន៍ក្នុងរឿងរបស់មនុស្ស ហើយបំបាត់ចោលអំពើអាក្រក់នៅផែនដីទេ។ (ពេត្រុសទី២ ៣:៣, ៤) ទោះជាយ៉ាងនេះក្ដី ពេត្រុសដាស់តឿនពួកអ្នកដែលរស់នៅសម័យយើងឲ្យចាត់វិធានការដូចតទៅនេះ។
ទាញមេរៀនពីប្រវត្ដិសាស្ត្រ។ ពេត្រុសបានសរសេរថា ព្រះ«មិនបានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មពិភពលោកនៅសម័យបុរាណដែរ លោកធ្វើឲ្យទឹកជន់លិចពិភពលោកនៃមនុស្សទុច្ចរិតទាំងនោះ តែបានការពារណូអេ ដែលជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត»។ (ពេត្រុសទី២ ២:៥) ចំពោះពួកអ្នកដែលសើចចំអក ពេត្រុសស្រដីថា៖ «ពួកគេចង់បំភ្លេចការពិតដូចតទៅនេះថា ដោយសារប្រសាសន៍របស់ព្រះ នោះកើតមានមេឃនៅសម័យបុរាណ និងមានផែនដីដែលរឹងផុសឡើងពីទឹក ក៏នៅកណ្ដាលទឹក ហើយដោយការទាំងនោះ ពិភពលោកនៅសម័យនោះបានត្រូវបំផ្លាញចោល ពេលដែលមានទឹកជំនន់។ ក៏ប៉ុន្តែ ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីaដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ហើយបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិត ហើយបំផ្លាញពួកគេចោល»។—ពេត្រុសទី២ ៣:៥-៧
រស់នៅស្របតាមច្បាប់សីលធម៌របស់ព្រះ។ ពេត្រុសបានសរសេរថា ពួកអ្នកដែលសង្ឃឹមរួចជីវិតពីទីបញ្ចប់ត្រូវមាន«ការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»។ (ពេត្រុសទី២ ៣:១១) សូមកត់សម្គាល់ថា ពេត្រុសដៅបញ្ជាក់ពី«ការប្រព្រឹត្តបរិសុទ្ធ» និង«ធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ»។ នេះបង្ហាញថា ពួកអ្នកដែលចង់រួចជីវិតពីទីបញ្ចប់ មិនគ្រាន់តែអះអាងថាខ្លួនមានជំនឿ ឬខំប្រឹងជានានឹងព្រះមុនទីបញ្ចប់មកដល់ប៉ុណ្ណោះទេ។
បើដូច្នេះ តើព្រះពេញចិត្តនឹងការប្រព្រឹត្តបែបណា? សូមលោកអ្នកប្រៀបធៀបអ្វីដែលលោកអ្នកដឹងនិងអ្វីដែលគម្ពីរបង្រៀនអំពីរឿងនេះ។ សាក្សីព្រះយេហូវ៉ានឹងសប្បាយចិត្តជួយលោកអ្នកឲ្យធ្វើដូច្នេះ។ សូមលោកអ្នកសុំពួកគាត់ឲ្យបង្ហាញចម្លើយរបស់ពួកគាត់ពីគម្ពីរ។ ការធ្វើដូច្នេះប្រហែលជាអាចជួយលោកអ្នកប្រឈមមុខនឹងអ្វីៗដែលកើតឡើងនៅអនាគតដោយចិត្តក្លាហាន និងដោយមានទំនុកចិត្ត ទោះជាអ្វីៗជុំវិញលោកអ្នកធ្វើឲ្យលោកអ្នកភ័យខ្លាចក៏ដោយ។
[កំណត់សម្គាល់]
a នៅខនេះ ពេត្រុសសំដៅទៅផែនដីក្នុងន័យធៀប។ ម៉ូសេដែលជាអ្នកសរសេរគម្ពីរម្នាក់ក៏បានសំដៅទៅផែនដីក្នុងន័យធៀបដែរ។ គាត់បានសរសេរថា៖ «ផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ»។ (លោកុប្បត្តិ ១១:១) ផែនដីក្នុងន័យត្រង់មិននិយាយ‹ភាសាតែ១›ទេ ដូចគ្នាដែរគឺមិនមែនផែនដីក្នុងន័យត្រង់ទេដែលនឹងត្រូវបំផ្លាញចោលនោះ។ ផ្ទុយទៅវិញ ដូចពេត្រុសបានពោល គឺមនុស្សទុច្ចរិតទេដែលនឹងត្រូវបំផ្លាញចោល។
[ឃ្លាអក្សរធំនៅទំព័រ៧]
ផែនដីនឹងគ្មានទីបញ្ចប់ទេ តែពួកអ្នកដែលបង្ខូចផែនដីនឹងលែងមានទៀត