ឱវាទដ៏ល្អសម្រាប់អ្នកនៅលីវនិងអ្នកដែលរៀបការហើយ
«ខ្ញុំនិយាយដូចនេះ . . . ដើម្បីជំរុញចិត្តឲ្យធ្វើអ្វីដែលសមរម្យ ហើយអ្វីដែលផ្ដល់លទ្ធភាព ឲ្យបម្រើលោកម្ចាស់ជានិច្ចដោយគ្មានអ្វីបំបែរអារម្មណ៍»។—១កូ. ៧:៣៥
១, ២. ហេតុអ្វីបុគ្គលម្នាក់គួរស្វែងរកការណែនាំពីគម្ពីរស្តីអំពីការនៅលីវនិងការមានគូអាពាហ៍ពិពាហ៍?
ការទាក់ទងជាមួយនឹងមនុស្សភេទផ្ទុយជាអ្វីដែលអាចនាំឲ្យយើងសប្បាយរីករាយយ៉ាងខ្លាំង មានទាំងខឹង និងព្រួយផងដែរ។ ដោយសារយើងមានអារម្មណ៍បែបនេះ យើងត្រូវស្វែងរកការណែនាំពីព្រះ ប៉ុន្តែក៏មានមូលហេតុជាច្រើនទៀតដែលយើងត្រូវធ្វើដូច្នេះដែរ។ ជាឧទាហរណ៍ គ្រិស្តសាសនិកម្នាក់ដែលពេញចិត្តចំពោះជីវិតនៅលីវប្រហែលជាមានអារម្មណ៍ថាក្រុមគ្រួសារនិងមិត្តភក្ដិរបស់គាត់កំពុងជំរុញគាត់ឲ្យរៀបការ។ បងប្អូនខ្លះទៀតប្រហែលជាចង់រៀបការ ប៉ុន្តែមិនទាន់រកឃើញនរណាម្នាក់ដែលសមនឹងយកមកធ្វើជាគូនៅឡើយ។ បងប្អូនខ្លះត្រូវការការណែនាំអំពីរបៀបដែលពួកគេអាចត្រៀមខ្លួនចំពោះការទទួលខុសត្រូវផ្សេងៗក្នុងការធ្វើជាស្វាមីឬភរិយា។ បន្ថែមទៅទៀត ទាំងគ្រិស្តសាសនិកដែលនៅលីវទាំងគ្រិស្តសាសនិកដែលរៀបការហើយ កំពុងប្រឈមមុខនឹងការល្បងលដែលទាក់ទងនឹងរឿងសីលធម៌ខាងផ្លូវភេទ។
២ ក្រៅពីរឿងដែលទាក់ទងនឹងសុភមង្គលរបស់យើង អត្ថបទនេះក៏ជះឥទ្ធិពលទៅលើជំហររបស់យើងចំពោះព្រះយេហូវ៉ាដែរ។ ក្នុងជំពូក៧នៃសំបុត្រទី១របស់ប៉ូលទៅកាន់បងប្អូននៅក្រុងកូរិនថូស គាត់បានផ្ដល់នូវការណែនាំចំពោះអ្នកដែលនៅលីវនិងអ្នកដែលរៀបការហើយ។ គោលបំណងរបស់គាត់គឺជំរុញពួកគេឲ្យធ្វើ«អ្វីដែលសមរម្យ ហើយអ្វីដែលផ្ដល់លទ្ធភាពឲ្យបម្រើលោកម្ចាស់ជានិច្ចដោយគ្មានអ្វីបំបែរអារម្មណ៍»។ (១កូ. ៧:៣៥) កាលដែលអ្នកពិចារណាអំពីឱវាទរបស់គាត់ចំពោះរឿងដ៏សំខាន់នេះ សូមអ្នកខំប្រឹងយល់អំពីស្ថានភាពរបស់អ្នក មិនថាអ្នកនៅលីវឬរៀបការហើយក្ដី ដើម្បីរកវិធីបម្រើព្រះយេហូវ៉ាឲ្យបានពេញលេញជាងមុន។
ការសម្រេចចិត្តដ៏សំខាន់មួយ
៣, ៤. (ក) ពេលដែលមនុស្សបារម្ភជ្រុលអំពីមិត្តភក្ដិឬញាតិសន្ដានដែលមិនទាន់រៀបការ តើនាំឲ្យមានផលវិបាកអ្វីខ្លះ? (ខ) តើឱវាទរបស់ប៉ូលជួយបុគ្គលម្នាក់ឲ្យមានទស្សនៈត្រឹមត្រូវចំពោះការរៀបអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?
៣ ទំនៀមទម្លាប់ក្នុងប្រទេសជាច្រើនចាត់ទុកការរៀបអាពាហ៍ពិពាហ៍ជាអ្វីដែលសំខាន់បំផុត ដូចពួកយូដានៅសតវត្សរ៍ទី១ដែរ។ បើកំលោះឬក្រមុំម្នាក់ហួសអាយុដែលរៀបការ មិត្តភក្ដិឬញាតិសន្ដានដែលបង្ហាញពីការព្រួយបារម្ភប្រហែលជាចង់ជូនយោបល់ខ្លះៗដល់គាត់ឬក៏នាង។ ក្នុងការសន្ទនា ពួកគេប្រហែលជាលើកទឹកចិត្តគាត់ឬក៏នាងឲ្យខំប្រឹងថែមទៀតក្នុងការរកមនុស្សម្នាក់ដើម្បីរៀបការ។ ពួកគេប្រហែលជាណែនាំឲ្យគាត់ឬក៏នាង មើលអ្នកដែលអាចរៀបការបាន។ ពួកគេក៏ប្រហែលជាប្រើភាពប៉ិនប្រសប់របស់ខ្លួនដើម្បីរៀបចំឲ្យមនុស្សពីរនាក់ដែលមិនទាន់រៀបការជួបគ្នាដែរ។ ការធ្វើដូច្នេះ ជួនកាលអាចនាំឲ្យមានការអាម៉ាស់មុខ បែកបាក់ចំណងមិត្តភាព និងធ្វើឲ្យឈឺចិត្ត។
៤ ប៉ូលមិនដែលជំរុញអ្នកណាឲ្យរៀបការឬនៅលីវនោះទេ។ (១កូ. ៧:៧) គាត់ពេញចិត្តក្នុងការបម្រើព្រះយេហូវ៉ាដោយគ្មានប្រពន្ធ ប៉ុន្តែ គាត់គោរពសិទ្ធិរបស់បងប្អូនឯទៀតដែលចង់រៀបការ។ គ្រិស្តសាសនិកម្នាក់ៗនៅសព្វថ្ងៃនេះ ក៏មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសដោយខ្លួនផ្ទាល់ថា ចង់រៀបការឬក៏បន្តនៅលីវ។ បងប្អូនឯទៀតមិនគួរជំរុញពួកគេឲ្យនៅលីវឬរៀបការនោះទេ។
ការធ្វើឲ្យជីវិតសប្បាយនៅពេលដែលនៅលីវ
៥, ៦. ហេតុអ្វីប៉ូលបានលើកទឹកចិត្តយើងឲ្យនៅលីវ?
៥ ចំណុចដ៏សំខាន់មួយនៃពាក្យរបស់ប៉ូលចំពោះពួកគ្រិស្តសាសនិកនៅក្រុងកូរិនថូស គឺទស្សនៈត្រឹមត្រូវដែលគាត់មានចំពោះការនៅលីវ។ (សូមអាន កូរិនថូសទី១ ៧:៨) បព្វជិតខ្លះក្នុងពិភពគ្រិស្តសាសនាដែលមិនបានរៀបការគិតថាខ្លួនល្អប្រសើរជាងពួកអ្នកដែលបានរៀបការហើយ។ ប៉ុន្តែ ប៉ូលមិនបានធ្វើដូច្នេះទេ។ ទោះជាគាត់មិនមានប្រពន្ធក៏ដោយ គាត់មិនបានលើកតម្កើងខ្លួនឲ្យខ្ពស់ជាងបងប្អូនដែលរៀបការហើយឡើយ។ ផ្ទុយទៅវិញ សាវ័កប៉ូលបានដៅបញ្ជាក់អំពីផលប្រយោជន៍ដែលមកពីការធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អពេលមិនទាន់រៀបការ។ តើផលប្រយោជន៍នោះជាអ្វីទៅ?
៦ ផលប្រយោជន៍នោះគឺថាគ្រិស្តសាសនិកដែលនៅលីវច្រើនតែងាយស្រួលទទួលភារកិច្ចក្នុងកិច្ចបម្រើព្រះយេហូវ៉ាជាងគ្រិស្តសាសនិកដែលរៀបការហើយ។ ប៉ូលបានទទួលឯកសិទ្ធិពិសេសក្នុងការធ្វើជា«សាវ័កសម្រាប់ជនជាតិដទៃ»។ (រ៉ូម ១១:១៣) សូមអានសកម្មភាពជំពូក១៣រហូតដល់២០ ហើយកត់សម្គាល់នូវតំបន់ផ្សាយនិងក្រុមជំនុំថ្មីៗដែលគាត់និងគូកនរបស់គាត់បានបង្កើតពីកន្លែងមួយទៅកន្លែងមួយ។ ក្នុងកិច្ចបម្រើរបស់ប៉ូល គាត់បានស៊ូទ្រាំនឹងកាលៈទេសៈពិបាកៗដែលបងប្អូនតិចណាស់នឹងជួបប្រទះនៅសព្វថ្ងៃនេះ។ (២កូ. ១១:២៣-២៧, ៣២, ៣៣) ប៉ុន្តែ ប៉ូលសុខចិត្តស៊ូទ្រាំនឹងទុក្ខលំបាកទាំងនោះដើម្បីជួយមនុស្សជាច្រើនឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត ហើយនេះធ្វើឲ្យគាត់មានអំណរច្រើនក្រៃលែង។ (១ថែ. ១:២-៧, ៩; ២:១៩) បើគាត់រៀបការហើយមានក្រុមគ្រួសារ តើគាត់នឹងអាចបំពេញនូវអ្វីៗទាំងអស់ដែលគាត់បានធ្វើឬទេ? ប្រហែលជាមិនអាចនោះទេ។
៧. សូមលើកឧទាហរណ៍របស់បងប្អូននៅលីវខ្លះដែលបានប្រើកាលៈទេសៈរបស់ខ្លួនដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្រ។
៧ បងប្អូនជាច្រើនដែលនៅលីវបានប្រើកាលៈទេសៈរបស់ខ្លួននៅពេលបច្ចុប្បន្ន ដើម្បីចូលរួមឲ្យបានច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយ។ ជាឧទាហរណ៍ ក្នុងប្រទេសបូលីវា សារ៉ានិងលីមបានាជាអ្នកត្រួសត្រាយពេញពេលដែលនៅលីវ ហើយពួកគាត់បានរើទៅរស់នៅក្នុងភូមិមួយដែលមិនមានសាក្សីព្រះយេហូវ៉ាទៅទីនោះជាយូរឆ្នាំមកហើយ។ តើការគ្មានចរន្តអគ្គិសនីជាបញ្ហាសម្រាប់ពួកគាត់ឬទេ? ពួកគាត់បានរៀបរាប់ថា៖ «នៅទីនោះគ្មានវិទ្យុ ឬទូរទស្សន៍ឡើយ ដូច្នេះ មនុស្សមិនបានត្រូវបំបែរអារម្មណ៍ពីអ្វីដែលពួកគេចូលចិត្តធ្វើនោះទេ ពោលគឺការអានសៀវភៅ»។ នៅក្នុងភូមិនោះ អ្នកខ្លះនៅតែអានសៀវភៅចាស់ៗរបស់សាក្សីព្រះយេហូវ៉ាដែលគេលែងបោះពុម្ព។ ដោយសារមានអ្នកចាប់អារម្មណ៍សឹងតែគ្រប់ផ្ទះ នោះធ្វើឲ្យពួកគាត់ពិបាកត្រឡប់ទៅជួបម្ចាស់ផ្ទះនីមួយៗក្នុងតំបន់នោះណាស់។ ស្ត្រីវ័យចាស់ម្នាក់បានប្រាប់ពួកគាត់ថា៖ «ទីបញ្ចប់ពិតជាជិតមកដល់មែន ពីព្រោះសាក្សីព្រះយេហូវ៉ាបានមកជួបយើងហើយ»។ មិនយូរក្រោយមក មនុស្សខ្លះដែលនៅក្នុងភូមិនោះក៏បានចូលរួមក្នុងកិច្ចប្រជុំរបស់គ្រិស្តសាសនិកដែរ។
៨, ៩. (ក) ហេតុអ្វីប៉ូលនិយាយថាជាការល្អឲ្យយើងបម្រើព្រះក្នុងនាមជាអ្នកដែលនៅលីវ? (ខ) តើការបម្រើព្រះជាអ្នកដែលនៅលីវនាំឲ្យមានផលប្រយោជន៍អ្វីខ្លះ?
៨ ពិតមែន បងប្អូនដែលរៀបការហើយក៏បានទទួលលទ្ធផលល្អពេលដែលពួកគេផ្សព្វផ្សាយដំណឹងល្អក្នុងតំបន់ដែលពិបាកផ្សព្វផ្សាយដែរ។ ប៉ុន្តែ អ្នកត្រួសត្រាយពេញពេលដែលនៅលីវងាយស្រួលបំពេញភារកិច្ចជាងពួកអ្នកដែលបានរៀបការហើយឬពួកអ្នកដែលមានកូន។ ប៉ូលបានសង្កេតឃើញថាក្រុមជំនុំនានាមានឱកាសដើម្បីរីកចម្រើនក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អថែមទៀត។ ដូច្នេះ គាត់ចង់ឲ្យបងប្អូនទាំងអស់គ្នាមានអំណរដូចគាត់ដែរ។ ហេតុនេះហើយ គាត់បាននិយាយថាជាការល្អឲ្យយើងបម្រើព្រះយេហូវ៉ាក្នុងនាមជាអ្នកដែលនៅលីវ។
៩ នៅសហរដ្ឋអាម៉េរិក បងស្រីនៅលីវម្នាក់ដែលជាអ្នកត្រួសត្រាយបានសរសេរថា៖ «មនុស្សខ្លះជឿថាអ្នកនៅលីវមិនអាចមានសុភមង្គលបានឡើយ។ ប៉ុន្តែ ខ្ញុំយល់ថាសុភមង្គលពិតគឺពឹងផ្អែកទៅលើចំណងមិត្តភាពរបស់បុគ្គលម្នាក់នោះជាមួយនឹងព្រះយេហូវ៉ាវិញ។ ដូច្នេះ ទោះជាការនៅលីវគឺជាការលះបង់ក៏ដោយ តែនេះជាអំណោយមួយដ៏អស្ចារ្យ បើអ្នកចេះទាញយកផលប្រយោជន៍ពីវា»។ ស្តីអំពីការស្វែងរកសុភមង្គល គាត់បានសរសេរថា៖«ការនៅលីវអាចជាអ្វីដែលបណ្ដាលឲ្យយើងមានសុភមង្គល មិនមែនជាឧបសគ្គនោះទេ។ ខ្ញុំដឹងថាទាំងអ្នកនៅលីវទាំងអ្នកដែលរៀបការហើយ គ្មានអ្នកណាដែលព្រះយេហូវ៉ាមិនស្រឡាញ់នោះទេ»។ ឥឡូវ គាត់កំពុងបម្រើយ៉ាងសប្បាយនៅប្រទេសដែលត្រូវការអ្នកផ្សព្វផ្សាយដំណឹងល្អ។ បើអ្នកនៅលីវ តើអ្នកអាចប្រើសេរីភាពរបស់អ្នកដើម្បីពង្រីកកិច្ចការបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិតឬទេ? អ្នកក៏ប្រហែលជាយល់ថាការនៅលីវជាអំណោយមួយដ៏មានតម្លៃដែលកាត់ថ្លៃពុំបានពីព្រះយេហូវ៉ាដែរ។
ពួកអ្នកនៅលីវដែលចង់រៀបការ
១០, ១១. ចំពោះពួកអ្នកដែលមានបំណងចង់រៀបការ តែមិនទាន់រកឃើញនរណាម្នាក់ដែលសមនឹងយកមកធ្វើជាគូ តើព្រះយេហូវ៉ាជួយពួកគេយ៉ាងដូចម្ដេច?
១០ ក្រោយពីបាននៅលីវអស់មួយរយៈ អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាជាច្រើននាក់បានសម្រេចចិត្តស្វែងរកគូអាពាហ៍ពិពាហ៍។ ដោយដឹងអំពីភាពចាំបាច់នៃការណែនាំពីព្រះយេហូវ៉ា នោះពួកគេបានសុំលោកឲ្យជួយស្វែងរកនរណាម្នាក់ដែលសមនឹងយកមកធ្វើជាគូ។—សូមអាន កូរិនថូសទី១ ៧:៣៦
១១ បើអ្នកចង់រៀបការជាមួយអ្នកណាម្នាក់ដែលអាចបម្រើព្រះយេហូវ៉ាឲ្យអស់ពីចិត្តជាមួយអ្នក សូមអធិដ្ឋានអំពីរឿងនេះចំពោះលោកជានិច្ច។ (ភី. ៤:៦, ៧) បើអ្នកត្រូវរង់ចាំយូរ សូមកុំអស់សង្ឃឹមឡើយ។ ព្រះយេហូវ៉ាដឹងអំពីអ្វីដែលអ្នកត្រូវការ ហើយបើអ្នកទុកចិត្តទៅលើលោក នោះលោកនឹងជួយអ្នកឲ្យស៊ូទ្រាំនឹងស្ថានភាពនោះបាន។—ហេ. ១៣:៦
១២. ហេតុអ្វីគ្រិស្តសាសនិកម្នាក់ត្រូវចេះថ្លឹងថ្លែងឲ្យបានហ្មត់ចត់ចំពោះអ្នកដែលសុំខ្លួនរៀបការ?
១២ ប្រហែលជាមានអ្នកដែលមិនជឿ ឬអ្នកដែលប្រហែលជាមិនសូវមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា សុំអ្នករៀបការ។ អ្នកក៏ប្រហែលជាចង់រៀបការយ៉ាងខ្លាំងដែរ។ ប៉ុន្តែ សូមចងចាំថាការខូចចិត្តដែលមកពីការជ្រើសរើសគូអាពាហ៍ពិពាហ៍ខុស អាចបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងជាងអារម្មណ៍ឯកោពេលដែលអ្នកនៅលីវទៅទៀត។ ការរៀបអាពាហ៍ពិពាហ៍ មិនថាត្រូវឬខុសក៏ដោយ អ្នកត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត។ (១កូ. ៧:២៧) កុំរៀបការជាមួយនរណាម្នាក់ ដោយសារអ្នកមានអារម្មណ៍ថានេះជាឱកាសតែមួយប៉ុណ្ណោះដែលអ្នកអាចរៀបការបាន។ ការធ្វើដូច្នេះប្រហែលជាធ្វើឲ្យអ្នកស្ដាយក្រោយ។—សូមអាន កូរិនថូសទី១ ៧:៣៩
ត្រៀមខ្លួនទទួលយកការពិតនៃជីវិតអាពាហ៍ពិពាហ៍
១៣-១៥. ក្នុងអំឡុងពេលដែលមនុស្សប្រុសស្រីស្វែងយល់ចិត្តគ្នា តើពួកគេទាំងពីរនាក់គួរពិភាក្សាគ្នាអំពីការលំបាកអ្វី?
១៣ ទោះជាប៉ូលលើកទឹកចិត្តយើងឲ្យបម្រើព្រះយេហូវ៉ាជាអ្នកដែលនៅលីវក៏ដោយ គាត់មិនដែលមើលងាយចំពោះពួកអ្នកដែលសម្រេចចិត្តរៀបការនោះទេ។ ផ្ទុយទៅវិញ ឱវាទរបស់គាត់បានជួយគូដែលបម្រុងនឹងរៀបការឲ្យប្រឈមមុខចំពោះការពិតដែលមានក្នុងអាពាហ៍ពិពាហ៍ ហើយជួយឲ្យជីវិតជាគូរបស់ពួកគេស្ថិតស្ថេរយូរអង្វែង។
១៤ គូដែលបម្រុងនឹងរៀបការខ្លះត្រូវតែកែប្រែការរំពឹងទុករបស់ពួកគេចំពោះពេលអនាគត។ កាលដែលពួកគេចំណាយពេលដើម្បីស្វែងយល់ចិត្តគ្នា នោះពួកគេទាំងពីរនាក់ប្រហែលជាយល់ថាសេចក្ដីស្រឡាញ់របស់ពួកគេជាអ្វីដែលល្អឯក អស្ចារ្យនិងប្រាកដថាពេលដែលពួកគេរៀបការហើយ នឹងមានភាពរីករាយរហូត។ ពួកគេរៀបការជាមួយគ្នាដោយមានអារម្មណ៍ស្រមើស្រមៃនិងជឿជាក់ថាគ្មានអ្វីអាចបំផ្លាញសុភមង្គលរបស់ពួកគេបានឡើយ។ ការមានគំនិតបែបនេះគឺមិនមែនជាការពិតនោះទេ។ សេចក្ដីស្នេហាដែលមានក្នុងជីវិតអាពាហ៍ពិពាហ៍ជាអ្វីដែលធ្វើឲ្យមានសេចក្ដីសុខ ប៉ុន្តែសេចក្ដីស្នេហាតែម្យ៉ាងមិនអាចជួយកូនក្រមុំកូនកំលោះឲ្យត្រៀមខ្លួនចំពោះការលំបាកផ្សេងៗដែលកើតឡើងក្នុងចំណងអាពាហ៍ពិពាហ៍បានឡើយ។—សូមអាន កូរិនថូសទី១ ៧:២៨a
១៥ ពួកអ្នកដែលរៀបការថ្មីថ្មោងជាច្រើនគូបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមទាំងខកចិត្តផងដែរ ពេលដែលពួកគេខ្វែងគំនិតគ្នាចំពោះរឿងដ៏សំខាន់ៗ។ ពួកគេទាំងពីរនាក់ប្រហែលជាឃើញថាខ្លួនមានគំនិតខុសគ្នាស្តីអំពីរបៀបចាយវាយលុយកាក់ ការលេងកម្សាន្ត កន្លែងរស់នៅ និងអំពីពេលវេលាដែលពួកគេចំណាយដើម្បីទៅលេងឪពុកម្ដាយក្មេក។ បន្ថែមទៅទៀត ពួកគេម្នាក់ៗមានគុណវិបត្ដិដែលអាចធ្វើឲ្យគូរបស់ខ្លួនខឹង។ ក្នុងអំឡុងពេលស្វែងយល់ចិត្តគ្នា នោះស្រួលឲ្យយើងមើលស្រាលចំពោះរឿងសំខាន់ៗទាំងនេះ ប៉ុន្តែអ្វីៗទាំងនេះអាចធ្វើឲ្យល្អក់កករដល់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេបាន។ ជាការល្អឲ្យពួកគេនិយាយគ្នាដោយអស់ពីចិត្តអំពីអ្វីដែលធ្វើឲ្យពួកគេបារម្ភមុននឹងពួកគេរៀបការ។
១៦. ហេតុអ្វីប្ដីប្រពន្ធត្រូវឯកភាពគ្នាស្តីអំពីរបៀបដោះស្រាយបញ្ហាដែលមានក្នុងជីវិតអាពាហ៍ពិពាហ៍?
១៦ ដើម្បីបានជោគជ័យនិងមានសុភមង្គល ប្ដីប្រពន្ធត្រូវសហការគ្នាពេលជួបនឹងបញ្ហា។ ពួកគេគួរតែឯកភាពគ្នាស្តីអំពីការប្រៀនប្រដៅកូន ហើយអំពីរបៀបថែរក្សាឪពុកម្ដាយចាស់ជរាជាដើម។ ការតានតឹងចិត្តដែលបណ្ដាលមកពីបញ្ហារបស់ក្រុមគ្រួសារ មិនគួរជំរុញឲ្យពួកគេទាំងពីរនាក់បែកបាក់គ្នានោះទេ។ ដោយអនុវត្តតាមឱវាទក្នុងគម្ពីរ ពួកគេនឹងអាចដោះស្រាយបញ្ហាជាច្រើន ហើយអាចស៊ូទ្រាំនឹងបញ្ហាដែលដោះស្រាយមិនបាន ថែមទាំងអាចបន្តរស់នៅជាមួយគ្នាដោយសប្បាយរីករាយ។—១កូ. ៧:១០, ១១
១៧. ហេតុអ្វីគូស្វាមីភរិយាតែងខ្វល់ខ្វាយអំពី«អ្វីៗដែលទាក់ទងនឹងពិភពលោកនេះ»?
១៧ ប៉ូលបានបញ្ជាក់អំពីការពិតមួយទៀតដែលមានក្នុងអាពាហ៍ពិពាហ៍ដូចមានចែងនៅក្នុងកូរិនថូសទី១ ៧:៣២-៣៤។ (សូមអាន) អ្នកដែលរៀបការហើយ ពួកគេតែង«ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ» ដូចជាម្ហូបអាហារ សម្លៀកបំពាក់ ទីជម្រក និងអ្វីៗដែលមិនទាក់ទងនឹងការបម្រើព្រះ។ ហេតុអ្វីដូច្នេះ? ពីព្រោះពេលដែលនៅលីវ បងប្រុសម្នាក់ប្រហែលជាប្រើពេលទាំងអស់របស់គាត់ទៅលើកិច្ចការផ្សព្វផ្សាយ។ ប៉ុន្តែក្នុងនាមជាស្វាមីម្នាក់ គាត់ដឹងថាខ្លួនត្រូវចំណាយកម្លាំង និងពេលវេលាខ្លះពីកិច្ចបម្រើនោះដើម្បីថែរក្សាប្រពន្ធរបស់គាត់ ហើយដើម្បីធ្វើឲ្យនាងពេញចិត្ត។ ភរិយាក៏ត្រូវធ្វើដូច្នេះចំពោះស្វាមីរបស់គាត់ដែរ។ ដោយមានប្រាជ្ញា ព្រះយេហូវ៉ាយល់ច្បាស់អំពីតម្រូវការនេះ។ លោកដឹងថាគូស្វាមីភរិយាប្រហែលជាមិនអាចប្រើពេលវេលានិងកម្លាំងក្នុងកិច្ចបម្រើលោកដូចមុននោះទេ ព្រោះពួកគេត្រូវដកយកពេលវេលានិងកម្លាំងខ្លះដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍របស់ពួកគេបានជោគជ័យ។
១៨. ស្តីអំពីការលេងកម្សាន្ត តើប្ដីប្រពន្ធត្រូវកែប្រែអ្វីខ្លះក្រោយពីរៀបការហើយ?
១៨ ប៉ុន្តែសូមគិតឲ្យបានវែងឆ្ងាយជាងនេះទៅទៀត។ បើប្ដីប្រពន្ធត្រូវដកយកពេលវេលានិងកម្លាំងខ្លះដែលពួកគេធ្លាប់ប្រើក្នុងការបម្រើព្រះដើម្បីមកចំណាយពេលជាមួយគ្នា នោះពួកគេក៏ត្រូវធ្វើដូច្នេះចំពោះពេលវេលានិងកម្លាំងដែលពួកគេធ្លាប់ប្រើក្នុងការលេងកម្សាន្តនានាកាលពីនៅលីវដែរ មែនទេ? បើប្ដីនៅតែចំណាយពេលច្រើនដើម្បីលេងកីឡាជាមួយមិត្តភក្ដិរបស់គាត់ តើប្រពន្ធនឹងមានអារម្មណ៍យ៉ាងណា? ចុះបើប្រពន្ធបន្តចំណាយពេលជាច្រើនក្នុងការដើរលេងជាមួយមិត្តភក្ដិរបស់នាង តើប្ដីនឹងមានអារម្មណ៍យ៉ាងណាដែរ? ប្ដីឬប្រពន្ធដែលនៅក្នុងស្ថានភាពបែបនោះអាចមានអារម្មណ៍ឯកោ មិនសប្បាយចិត្ត ហើយក៏មានអារម្មណ៍ថាគូរបស់ខ្លួនមិនស្រឡាញ់ខ្លួនដែរ។ បញ្ហាទាំងអស់នេះអាចជៀសវាងបាន បើពួកអ្នកដែលរៀបការហើយ ខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍ជាគូស្វាមីនិងភរិយា។—អេភ. ៥:៣១
ព្រះយេហូវ៉ាតម្រូវឲ្យមានសីលធម៌ស្អាតស្អំ
១៩, ២០. (ក) ហេតុអ្វីពួកអ្នកដែលរៀបការហើយ មិនអាចគេចផុតពីការល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ? (ខ) បើប្ដីឬប្រពន្ធអនុញ្ញាតឲ្យខ្លួននៅឆ្ងាយពីគ្នាអស់រយៈពេលយូរ តើអាចនាំឲ្យមានគ្រោះថ្នាក់អ្វី?
១៩ អ្នកបម្រើរបស់ព្រះយេហូវ៉ាត្រូវតាំងចិត្តរក្សាសីលធម៌ឲ្យស្អាតស្អំ។ អ្នកខ្លះសម្រេចចិត្តរៀបការដើម្បីជៀសវាងពីបញ្ហានេះ។ ប៉ុន្តែ ការរៀបអាពាហ៍ពិពាហ៍មិនអាចផ្ដល់ការការពារដោយស្វ័យប្រវត្ដិចំពោះអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនោះទេ។ ជាឧទាហរណ៍ នៅសម័យគម្ពីរ ទីក្រុងពំនាក់អាចការពារបណ្ដាជនបាន លុះត្រាតែពួកគេនៅក្នុងទីក្រុងនោះប៉ុណ្ណោះ។ បើបុគ្គលម្នាក់ចេញទៅខាងក្រៅទីក្រុងចំពេលដែលមានចោរប្លន់និងអ្នកតាមសម្លាប់នៅក្បែរៗនោះ គាត់អាចត្រូវគេចាប់ឬសម្លាប់បាន។ ស្រដៀងគ្នាដែរ អ្នកដែលរៀបការហើយ អាចទទួលការការពារពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ លុះត្រាតែពួកគេនៅក្នុងច្បាប់ដែលឲ្យរួមភេទជាមួយគូអាពាហ៍ពិពាហ៍របស់ខ្លួន ដែលព្រះបានរៀបចំឡើងសម្រាប់ពួកគេប៉ុណ្ណោះ។
២០ ប៉ូលបានបញ្ជាក់អំពីច្បាប់នោះនៅក្នុងកូរិនថូសទី១ ៧:២-៥។ ការរួមភេទជាមួយប្ដីរបស់ខ្លួនគឺជាឯកសិទ្ធិដ៏ពិសេសចំពោះប្រពន្ធ ហើយប្ដីក៏មានឯកសិទ្ធិបែបនេះដែរចំពោះប្រពន្ធរបស់គាត់តែម្នាក់។ ពួកគេម្នាក់ៗត្រូវផ្ដល់ឲ្យគូរបស់ខ្លួននូវ«ករណីយកិច្ច»ឬការរួមភេទ ដែលបុគ្គលម្នាក់ដែលរៀបការហើយ មានសិទ្ធិដើម្បីទទួល។ ក៏ប៉ុន្តែ ប្ដីនិងប្រពន្ធខ្លះត្រូវនៅឆ្ងាយពីគ្នាអស់រយៈពេលយូរ ដោយសារយកវិស្សមកាលនៅពេលខុសគ្នា ឬត្រូវទៅនៅឆ្ងាយពីគ្នាដោយសាររឿងការងារ ដែលជាហេតុឲ្យពួកគេបង្អត់គ្នាស្តីអំពី«ករណីយកិច្ច»នោះ។ សូមគិតអំពីគ្រោះថ្នាក់ដែលអាចកើតឡើង បើពួកគេ«ទប់ចិត្តមិនបាន» នោះពួកគេអាចចុះចាញ់នឹងការបង្ខិតបង្ខំរបស់សាថាន ហើយប្រព្រឹត្តអំពើផិតក្បត់។ ព្រះយេហូវ៉ាឲ្យពរចំពោះមេគ្រួសារណាដែលផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្លួនដោយមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់ចំណងអាពាហ៍ពិពាហ៍។—ទំនុក. ៣៧:២៥
ប្រយោជន៍ដែលបានមកពី ការធ្វើតាមឱវាទក្នុងគម្ពីរ
២១. (ក) ហេតុអ្វីការសម្រេចចិត្តស្តីអំពីការនៅលីវនិងការរៀបការជាអ្វីដែលពិបាកធ្វើ? (ខ) ហេតុអ្វីឱវាទដែលមាននៅកូរិនថូសទី១ ជំពូកទី៧មានប្រយោជន៍សម្រាប់យើង?
២១ ការសម្រេចចិត្តស្តីអំពីការនៅលីវ និងការរៀបការ គឺជាការសម្រេចចិត្តដែលពិបាកជាងគេបំផុតដែលមនុស្សម្នាក់ត្រូវធ្វើ។ មិនថាអ្នកសម្រេចចិត្តនៅលីវ ឬរៀបការក៏ដោយ អ្នកនឹងនៅតែមានបញ្ហាដោយសារយើងទាំងអស់គ្នាមានភាពមិនល្អឥតខ្ចោះ។ ដូច្នេះ ទោះជាពួកអ្នកដែលព្រះយេហូវ៉ាពេញចិត្ត និងឲ្យពរក៏ដោយ ក៏ពួកគេមិនអាចគេចផុតទាំងស្រុងពីបញ្ហាស្តីអំពីការនៅលីវឬការរៀបការដែរ។ បើអ្នកអនុវត្តតាមឱវាទដ៏ល្អដែលមាននៅកូរិនថូសទី១ ជំពូកទី៧ នោះអ្នកអាចធ្វើឲ្យបញ្ហាបែបនោះមានតិចបំផុត។ មិនថាអ្នកនៅលីវ ឬក៏រៀបការហើយក្ដី អ្នកនឹង«សម្រេចការបានល្អ»ចំពោះព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី១ ៧:៣៧, ៣៨) ការធ្វើឲ្យព្រះពេញចិត្តជាគោលដៅដ៏ធំបំផុតដែលអ្នកអាចសម្រេចបាន។ ដោយមានជំនួយពីលោក អ្នកនឹងបន្តជឿនទៅមុខរហូតដល់បានជីវិតក្នុងពិភពលោកថ្មីរបស់លោក។ នៅពេលនោះ ទំនាក់ទំនងរវាងមនុស្សប្រុសនិងមនុស្សស្រីមិនមែនជាអ្វីដែលនាំឲ្យតានតឹងចិត្តដូចសព្វថ្ងៃនេះទេ។
[កំណត់សម្គាល់]
a សូមមើលសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ ជំពូកទី២ វគ្គ១៦-១៩។
តើអ្នកអាចឆ្លើយបានទេ?
• ហេតុអ្វីយើងមិនគួរបង្ខំនរណាម្នាក់ឲ្យរៀបការ?
• ក្នុងនាមជាអ្នកបម្រើរបស់ព្រះយេហូវ៉ាដែលនៅលីវ តើអ្នកអាចប្រើពេលវេលារបស់អ្នកឲ្យបានប្រយោជន៍ល្អបំផុតយ៉ាងដូចម្ដេច?
• តើការស្វែងយល់ចិត្តគ្នាអាចជួយឲ្យបុរសនិងស្ត្រីត្រៀមខ្លួនចំពោះបញ្ហាដែលមានក្នុងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?
• ហេតុអ្វីការរៀបការមិនធានាដោយស្វ័យប្រវត្ដិចំពោះការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ?
[រូបភាពនៅទំព័រ១៨]
អំណរអាចកើតមាន ចំពោះពួកគ្រិស្តសាសនិកនៅលីវ ដែលប្រើពេលវេលារបស់ពួកគេ ក្នុងការពង្រីកកិច្ចបម្រើផ្សាយ
[រូបភាពនៅទំព័រ២០]
តើប្ដីប្រពន្ធប្រហែលជាត្រូវកែប្រែអ្វីខ្លះក្រោយពីរៀបការហើយ?