កោដ្ឋដែលជារបស់ក្រុមគ្រួសារកៃផាស
ម្ដងម្កាល របកគំហើញខាងបុរាណវត្ថុវិទ្យាបានបញ្ជាក់យ៉ាងចំៗនិងដោយប្រយោលអំពីបុគ្គលដែលមានក្នុងគម្ពីរ។ ជាឧទាហរណ៍ នៅឆ្នាំ២០១១ បណ្ឌិតជនជាតិអ៊ីស្រាអែលបានបោះពុម្ពផ្សាយព័ត៌មានស្តីអំពីការរកឃើញមួយដែលបញ្ជាក់ដោយប្រយោលអំពីបុគ្គលដែលមានក្នុងគម្ពីរ។ ការរកឃើញនោះគឺជាកោដ្ឋមួយដែលមានចំណាស់២.០០០ឆ្នាំ ពោលគឺហឹបមួយធ្វើពីថ្មកំបោរដែលគេតុបតែងលម្អដែលនៅក្នុងនោះមានឆ្អឹងរបស់មនុស្សស្លាប់ម្នាក់ដែលគេបានដាក់ចូលក្រោយពីសាកសពរបស់គាត់បានរលួយ។
កោដ្ឋដ៏ពិសេសនេះមានអក្សរចារឹកថា៖ «មៀរាមជាកូនស្រីរបស់យេហូសួ ដែលជាកូនប្រុសរបស់កៃផាសដែលជាសង្ឃពីបេតអ៊ីមរី»។ សម្ដេចសង្ឃជនជាតិយូដានេះដែលជាប់ទាក់ទងនឹងការកាត់ទោសនិងការប្រហារជីវិតលោកយេស៊ូគឺកៃផាស។ (យ៉ូន. ១១:៤៨-៥០) ប្រវត្ដិវិទូម្នាក់ឈ្មោះផ្លាវៀស យ៉ូសេហ្វឺសបាននិយាយអំពីគាត់ថាជា«យ៉ូសែបដែលបានត្រូវហៅថាកៃផាស»។ កោដ្ឋនេះច្បាស់ជារបស់សាច់ញាតិម្នាក់របស់សម្ដេចសង្ឃនោះ។ ដោយសារអក្សរចារឹកនៅលើកោដ្ឋដែលគេបានរកឃើញពីមុន ដែលគេបានគិតជារបស់សម្ដេចសង្ឃដែលមានឈ្មោះថាយេហូសែប បា កៃផាស ឬយ៉ូសែបដែលជាកូនរបស់កៃផាសa នោះមៀរាមជាប់សាច់ញាតិជាមួយកៃផាសតាមរបៀបណាមួយ។
យោងទៅតាមព័ត៌មានដែលអាជ្ញាធរខាងបុរាណវត្ថុរបស់អ៊ីស្រាអែល (IAA) បានផ្ដល់ឲ្យ កោដ្ឋរបស់មៀរាមបានត្រូវរឹបអូសពីចោរដែលលួចវត្ថុផ្សេងៗពីផ្នូរបុរាណ។ ការវិភាគលើវត្ថុបុរាណនេះនិងអក្សរចារឹកនៅលើវត្ថុនេះ បញ្ជាក់ថាគឺជាកោដ្ឋរបស់មៀរាមមែន។
កោដ្ឋរបស់មៀរាមក៏ប្រាប់យើងឲ្យដឹងអំពីអ្វីមួយថ្មីដែរ។ កោដ្ឋនោះប្រាប់អំពី«ម្អាស៊ា»ដែលជាក្រុមសង្ឃចុងក្រោយក្នុងចំណោមសង្ឃទាំង២៤ក្រុម ដែលបានចែកវេនគ្នាបម្រើនៅវិហារនាក្រុងយេរូសាឡិម។ (១រប. ២៤:១៨) អាជ្ញាធរខាងបុរាណវត្ថុរបស់អ៊ីស្រាអែលបានប្រាប់ថា អក្សរចារឹកដែលនៅលើកោដ្ឋនេះបង្ហាញថា«ក្រុមគ្រួសាររបស់កៃផាសគឺមកពីក្រុមរបស់ម្អាស៊ា»។
អក្សរចារឹកនេះក៏រៀបរាប់អំពីបេតអ៊ីមរីដែរ។ មានការបកស្រាយពីរយ៉ាងអំពីពាក្យនេះនៅលើអក្សរចារឹកនោះ។ អាជ្ញាធរខាងបុរាណវត្ថុរបស់អ៊ីស្រាអែលនិយាយថា៖ «ការបកស្រាយទី១ គឺបេតអ៊ីមរីអាចជាឈ្មោះរបស់ក្រុមគ្រួសារមួយរបស់សង្ឃ ពោលគឺកូនចៅអ៊ីមមើរ (អែស. ២:៣៦, ៣៧; នេហ. ៧:៣៩-៤២) ដែលរួមមានសមាជិកនៃក្រុមរបស់ម្អាស៊ា»។ «ការបកស្រាយទី២ គឺ[បេតអ៊ីមរី]អាចជាស្រុកកំណើតរបស់មៀរាមឬរបស់ក្រុមគ្រួសារមៀរាមទាំងមូល»។ ទោះជាក្នុងករណីណាក៏ដោយ កោដ្ឋរបស់មៀរាមផ្ដល់ភ័ស្តុតាងថា គម្ពីរបាននិយាយអំពីមនុស្សដែលមានពិតប្រាកដ ដែលមកពីក្រុមគ្រួសារដែលមានពិតប្រាកដ។
[កំណត់សម្គាល់]
a ស្តីអំពីកោដ្ឋរបស់កៃផាស សូមមើលអត្ថបទមួយដែលមានចំណងជើងថា «សម្ដេចសង្ឃដែលបានកាត់ទោសលោកយេស៊ូ» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៦ ទំព័រ១០-១៣ ជាភាសាអង់គ្លេស។
[រូបភាពនៅទំព័រ៣០]
រូបភាពនៅខាងក្រោយ: កន្លែងមួយដែលជាទូទៅគេបានទុកកោដ្ឋ
[អ្នកផ្ដល់សិទ្ធិ]
Todd Bolen/BiblePlaces.com
[រូបភាពនៅទំព័រ៣០]
[អ្នកផ្ដល់សិទ្ធិ]
Boaz Zissu, Bar-Ilan University, Israel