«សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»
គ្រូបង្ហាត់បាល់បោះម្នាក់បានបាត់បង់ការងារ ដោយសារគាត់មិនចេះទប់កំហឹង។
កូនក្មេងម្នាក់ស្រែកយំឡូឡា ដោយសារមិនបានអ្វីមួយតាមចិត្ត។
ម្ដាយឈ្លោះប្រកែកជាមួយនឹងកូនប្រុស ដោយសារកូនមិនបានសំអាតបន្ទប់។
យើងទាំងអស់គ្នាធ្លាប់ឃើញអ្នកឯទៀតខឹង ហើយយើងផ្ទាល់ក៏ច្បាស់ជាធ្លាប់ខឹងដែរ។ យើងប្រហែលជាគិតថាការខឹងជាអារម្មណ៍មួយមិនល្អទេ ដូច្នេះ ពេលយើងខឹង យើងព្យាយាមទប់កំហឹងនោះ។ ទោះជាយ៉ាងណាក៏ដោយ ជារឿយៗយើងខឹងដោយមានមូលហេតុត្រឹមត្រូវ ជាពិសេស នៅពេលអ្នកណាម្នាក់ប្រព្រឹត្តមកលើយើងដោយអយុត្ដិធម៌។ ស្តីអំពីរឿងនេះ អត្ថបទខាងចិត្តវិទ្យាមួយបានសរសេរថា៖ «កំហឹងគឺជាអារម្មណ៍ធម្មតារបស់មនុស្ស ហើយក៏នាំឲ្យមានឥទ្ធិពលល្អដែរ» (The American Psychological Association)។
ទស្សនៈបែបនេះប្រហែលជាមើលទៅសមហេតុសមផល ពេលយើងពិចារណាអំពីអ្វីដែលសាវ័កប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះ។ ប៉ូលបានទទួលស្គាល់ថា ប្រហែលជានៅពេលខ្លះយើងទាំងអស់គ្នាខឹង ហើយគាត់ប្រាប់ថា៖ «ពេលដែលអ្នករាល់គ្នាខឹង កុំធ្វើខុស។ កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ»។ (អេភេសូរ ៤:២៦) ដោយនឹកចាំអំពីចំណុចនេះ តើយើងគួរបញ្ចេញកំហឹងឬក៏យើងគួរព្យាយាមទប់កំហឹងវិញ?
តើអ្នកគួរខឹងឬទេ?
ពេលប៉ូលឲ្យការណែនាំអំពីកំហឹង គាត់ទំនងជាចាំពាក្យរបស់អ្នកតែងទំនុកតម្កើង ដែលបានសរសេរថា៖ «ចូរមានចិត្តញ័រ[ឬខឹង]ចុះ តែកុំឲ្យធ្វើបាបឡើយ»។ (ទំនុកតម្កើង ៤:៤) ប៉ុន្តែ តើអ្វីជាគោលបំណងនៃការដាស់តឿនរបស់ប៉ូល? គាត់បានពន្យល់បន្ថែមថា៖ «ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយជាមួយនឹងសេចក្ដីអាក្រក់គ្រប់យ៉ាង»។ (អេភេសូរ ៤:៣១) តាមពិត ប៉ូលកំពុងលើកទឹកចិត្តគ្រិស្តសាសនិកពិតឲ្យជៀសវាងពីការបញ្ចេញកំហឹង។ នេះគួរឲ្យចាប់អារម្មណ៍មែន ដោយសារអត្ថបទខាងចិត្តវិទ្យាដដែលនោះបានសរសេរថា៖ «ការស្រាវជ្រាវបានរកឃើញថា តាមពិតការបញ្ចេញកំហឹងនាំឲ្យមានជម្លោះនិងអំពើហិង្សា ហើយមិនអាចជួយ . . . ដោះស្រាយបញ្ហាសោះ»។
ដូច្នេះ តើតាមរបៀបណាយើងអាច«បោះបង់ចោល»កំហឹងនិងបញ្ហាដែលមកពីការខឹងអ្នកឯទៀត? ស្តេចដែលមានប្រាជ្ញាម្នាក់ឈ្មោះសាឡូម៉ូន ជាស្តេចរបស់សាសន៍អ៊ីស្រាអែលនៅសម័យបុរាណ បានសរសេរថា៖ «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ»។ (សុភាសិត ១៩:១១) ពេលមនុស្សម្នាក់ខឹងយ៉ាងខ្លាំង តើ«សតិបញ្ញា»របស់គាត់អាចជួយគាត់តាមរបៀបណា?
តើតាមរបៀបណាសតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង?
សតិបញ្ញាសំដៅទៅលើសមត្ថភាពយល់ធ្លុះនូវស្ថានភាពណាមួយ។ ពេលមនុស្សម្នាក់មានសតិបញ្ញា គាត់នឹងគិតពិចារណាយ៉ាងល្អិតល្អន់អំពីស្ថានភាពនោះ។ ដូច្នេះ ពេលយើងខឹង តើសតិបញ្ញាជួយយើងយ៉ាងដូចម្ដេច?
ពេលយើងឃើញអំពើអយុត្ដិធម៌ យើងប្រហែលជាខឹង។ ប៉ុន្តែ បើយើងប្រព្រឹត្តតាមអារម្មណ៍របស់យើង ហើយប្រើអំពើហិង្សា យើងអាចធ្វើឲ្យខ្លួនយើងឬអ្នកឯទៀតរងរបួស។ ដូចភ្លើងឆេះសន្ធោសន្ធៅដែលបំផ្លាញផ្ទះ នោះការបញ្ចេញកំហឹងអាចបំផ្លាញកេរ្ដិ៍ឈ្មោះនិងទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្សឯទៀត ជាពិសេសអាចបំផ្លាញចំណងមិត្តភាពរវាងយើងនិងព្រះ។ ដូច្នេះ ពេលយើងមានអារម្មណ៍ថាយើងមានកំហឹងកាន់តែខ្លាំង នេះជាពេលដែលយើងត្រូវគិតពិចារណាយ៉ាងល្អិតល្អន់អំពីស្ថានភាពនោះ។ ពេលយើងយល់សព្វគ្រប់អំពីរឿងដែលបានកើតឡើង នេះនឹងជួយយើងឲ្យចេះទប់កំហឹង។
ស្តេចដាវីឌដែលជាបិតារបស់សាឡូម៉ូន ហៀបនឹងមានទោសចំពោះឈាម ដោយសារបុរសម្នាក់ឈ្មោះណាបាល តែគាត់មិនបានសម្លាប់ណាបាលទេ ពីព្រោះដាវីឌបានត្រូវជួយឲ្យយល់សព្វគ្រប់អំពីរឿងដែលបានកើតឡើង។ មុនហេតុការណ៍នេះ ដាវីឌនិងពួកបុរសរបស់គាត់បានជួយការពារចៀមរបស់ណាបាលនៅតំបន់ស្ងាត់ជ្រងំក្នុងស្រុកយូដា។ ពេលរដូវកាត់រោមចៀមមកដល់ ដាវីឌបានសុំអាហារខ្លះពីណាបាល។ ប៉ុន្តែ ពេលនោះណាបាលបានឆ្លើយតបថា៖ «តើត្រូវឲ្យអញយកនំប៉័ងរបស់អញ ព្រមទាំងទឹក នឹងសាច់ដែលអញបានសំឡាប់ សំរាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្ស ដែលអញមិនដឹងជាមកពីណាផងឬអី»។ នេះពិតជាសម្ដីមើលងាយមែន! ពេលដាវីឌបានឮដូច្នេះ គាត់និងពួកបុរសប្រហែលជា៤០០នាក់បានចេញទៅបំផ្លាញណាបាលនិងក្រុមគ្រួសាររបស់គាត់។—សាំយូអែលទី១ ២៥:៤-១៣
ប្រពន្ធរបស់ណាបាលឈ្មោះអ័ប៊ីកែលបានដឹងអំពីហេតុការណ៍នោះ ហើយបានចេញទៅជួបដាវីឌ។ នៅពេលអ័ប៊ីកែលបានជួបដាវីឌនិងពួកបុរសរបស់គាត់ នាងលំឱនកាយនៅជិតជើងដាវីឌ ហើយនិយាយថា៖ «សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្ដាប់បន្ដិច ហើយសូមទទួលស្ដាប់ពាក្យរបស់បាវស្រីលោកសិន»។ បន្ទាប់មក នាងបានពន្យល់ដាវីឌថា ណាបាលជាមនុស្សមិនចេះពិចារណា ហើយនាងបានបញ្ជាក់ថាដាវីឌនឹងស្ដាយក្រោយ បើគាត់សងសឹកហើយកំចាយឈាមនោះ។—សាំយូអែលទី១ ២៥:២៤-៣១
តើពាក្យរបស់អ័ប៊ីកែលបានជួយដាវីឌឲ្យយល់សព្វគ្រប់អំពីរឿងនោះ ហើយបញ្ឈប់ការកំចាយឈាមយ៉ាងដូចម្ដេច? មូលហេតុទី១គឺ ដាវីឌបានដឹងថាណាបាលជាមនុស្សមិនចេះពិចារណាតាំងពីកំណើត ហើយមូលហេតុទី២គឺ ដាវីឌបានយល់ថា បើគាត់សងសឹង នោះគាត់នឹងអាចមានទោសចំពោះឈាម។ ដូចដាវីឌដែរ អ្នកប្រហែលជាខឹងដោយសាររឿងណាមួយ។ ប៉ុន្តែ តើអ្នកគួរធ្វើយ៉ាងណា? ស្តីអំពីការគ្រប់គ្រងកំហឹង គ្លីនិកមួយបានឲ្យយោបល់ថា៖ «សូមផ្អាកដើម្បីដកដង្ហើមវែងៗ ហើយរាប់ដល់១០» (Mayo Clinic)។ ពិតមែនហើយ អ្នកអាចផ្អាកហើយគិតអំពីមូលហេតុនៃរឿងនោះ ហើយគិតថាបើអ្នកប្រព្រឹត្តតាមកំហឹងរបស់អ្នក តើនឹងមានលទ្ធផលអ្វី។ សូមឲ្យសតិបញ្ញារបស់អ្នកនាំអ្នកឲ្យយឺតនឹងខឹង ថែមទាំងបញ្ឈប់កំហឹងផង។—សាំយូអែលទី១ ២៥:៣២-៣៥
ស្រដៀងគ្នាដែរ មនុស្សជាច្រើនបានត្រូវជួយឲ្យគ្រប់គ្រងកំហឹងរបស់ពួកគេ។ បុរសម្នាក់ឈ្មោះស៊ីបាសស្ទៀនបានពន្យល់ថា កាលដែលគាត់មានអាយុ២៣ឆ្នាំ គាត់បានជាប់គុកនៅប្រទេសប៉ូឡូញ ហើយគាត់បានរៀនឲ្យចេះគ្រប់គ្រងអារម្មណ៍និងកំហឹងរបស់គាត់តាមរយៈការសិក្សាគម្ពីរ។ គាត់បាននិយាយថា៖ «មុនដំបូង ខ្ញុំគិតឲ្យបានសព្វគ្រប់អំពីរឿងដែលខ្ញុំខឹង។ បន្ទាប់មក ខ្ញុំព្យាយាមធ្វើតាមការណែនាំពីគម្ពីរ។ ខ្ញុំបានដឹងថាគម្ពីរគឺជាសៀវភៅណែនាំដ៏ល្អបំផុត»។
បុរសម្នាក់ឈ្មោះសេតស៊ូអូក៏បានធ្វើតាមវិធីដូចគ្នាដែរ។ គាត់បាននិយាយថា៖ «ខ្ញុំធ្លាប់ស្រែកគំហកឲ្យអ្នករួមការងារនៅពេលខ្ញុំខឹង។ ឥឡូវ តាំងពីខ្ញុំបានរៀនគម្ពីរមក ជាជាងស្រែកគំហកឲ្យអ្នកឯទៀត ខ្ញុំសួរខ្លួនឯងថា ‹តើនេះជាកំហុសរបស់អ្នកណា? តើខ្ញុំជាអ្នកបង្ករឿងឬ?›»។ ពេលគាត់សួរខ្លួនឯងនូវសំណួរដូចនេះ នោះជួយគាត់ឲ្យយឺតនឹងខឹងឬជួយគាត់មិនឲ្យឆាប់ខឹង ហើយក៏អាចជួយគាត់ឲ្យចេះគ្រប់គ្រងអារម្មណ៍ពុះកញ្ជ្រោលក្នុងចិត្តរបស់គាត់ដែរ។
ពេលអ្នកមានអារម្មណ៍ខឹងខ្លាំង អ្នកប្រហែលជាពិបាកទប់កំហឹងនោះ តែសូមចាំថាការណែនាំពីបណ្ដាំរបស់ព្រះគឺខ្លាំងជាងអារម្មណ៍របស់អ្នក។ បើអ្នកធ្វើតាមការណែនាំដែលប្រកបដោយប្រាជ្ញាពីគម្ពីរ ហើយអធិដ្ឋានសុំជំនួយពីព្រះ អ្នកក៏អាចឲ្យសតិបញ្ញារបស់អ្នកនាំអ្នកឲ្យយឺតនឹងខឹងឬគ្រប់គ្រងកំហឹងរបស់អ្នកបានដែរ។