តើអ្នកផ្សព្វផ្សាយដោយមានចិត្តមោះមុតទេ?
១ ទោះបីពេត្រុសនិងយ៉ូហានបានត្រូវអ្នកប្រឆាំងចាប់ខ្លួននិងត្រូវគេគំរាមកំហែងក៏ដោយ ពួកគេបានបន្តប្រកាសប្រាប់ដំណឹងល្អអំពីសារព្រះរាជាណាចក្រដោយចិត្តមោះមុត។ (កិច្ចការ ៤:១៧, ២១, ៣១) សព្វថ្ងៃនេះ តើការផ្សព្វផ្សាយដោយចិត្តមោះមុតមានន័យអ្វី?
២ ការធ្វើបន្ទាល់ដោយចិត្តមោះមុត: សទិសន័យនៃពាក្យ«មោះមុត»គឺជាពាក្យ«អង់អាច»ដែលមានន័យថា «ឥតញញើត ឥតក្រែង ក៏ចេះស៊ូទ្រាំ»។ សំរាប់ពួកគ្រីស្ទានពិត ការផ្សព្វផ្សាយដោយចិត្តមោះមុតតម្រូវឲ្យមិនញញើតនឹងនិយាយពេលដែលមានឱកាសប្រាប់អ្នកឯទៀតអំពីដំណឹងល្អ។ (កិច្ចការ ៤:២០; ពេត្រុសទី១ ៣:១៥) នេះមានន័យថា យើងគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អទេ។ (ទំនុកដំកើង ១១៩:៤៦; រ៉ូម ១:១៦; ធីម៉ូថេទី២ ១:៨) ដូច្នេះ ចិត្តមោះមុតគឺជាគុណសម្បត្ដិមួយដែលត្រូវការជាចាំបាច់ ដើម្បីសម្រេចការងារដែលបានត្រូវកំណត់ឲ្យយើង គឺជាការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៅគ្រាចុងបញ្ចប់នេះ។ ចិត្តមោះមុតជួយជំរុញយើងប្រាប់អ្នកឯទៀតអំពីដំណឹងល្អនៅកន្លែងណាដែលយើងជួបគេ។—កិច្ចការ ៤:២៩; កូរិនថូសទី១ ៩:២៣
៣ ចិត្តមោះមុតនៅឯសាលារៀន: តើភាពទោរទន់ទៅរកការភ័យខ្លាចឬក៏អៀនខ្មាសនាំឲ្យអ្នកពិបាកផ្សព្វផ្សាយដល់មិត្តរួមថ្នាក់ទេ? ជួនកាលមិនងាយធ្វើទេ ដែលតាមពិតទៅ អាចជាការដ៏សែនពិបាកវិញ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ានឹងចំរើនកម្លាំងរបស់អ្នក បើសិនជាអ្នកអធិស្ឋានសុំទ្រង់ឲ្យអ្នកមានចិត្តមោះមុតដើម្បីផ្សព្វផ្សាយដល់អ្នកឯទៀត។ (ទំនុកដំកើង ១៣៨:៣) ចិត្តមោះមុតនឹងជួយអ្នកប្រាប់គេថា ខ្លួនអ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ក៏នឹងជួយអ្នកទ្រាំទ្រនឹងការសើចចំអកដែរ។ ជាលទ្ធផល ការផ្សព្វផ្សាយរបស់អ្នកនៅឯសាលារៀន ប្រហែលជានឹងអាចសង្គ្រោះអ្នកដែលស្ដាប់តាមអ្នក។—ធីម៉ូថេទី១ ៤:១៦
៤ ចិត្តមោះមុតនៅឯកន្លែងធ្វើការ: នៅឯកន្លែងធ្វើការ តើគេដឹងថាអ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ? វិធីតែមួយគត់ដែលអ្នករួមធ្វើការជាមួយអាចឮដំណឹងល្អបាន ដោយប្រហែលជាអ្នកអាចផ្សព្វផ្សាយដល់គេ។ ចិត្តមោះមុតរបស់អ្នកនឹងជួយអ្នកសុំច្បាប់សំរាប់ចូលរួមកិច្ចប្រជុំគ្រីស្ទាននិងមហាសន្និបាតនានា។
៥ ចិត្តមោះមុតពេលកំពុងតែត្រូវល្បងល: ការរក្សាចិត្តមោះមុតគឺជាចាំបាច់ពេលប្រឈមមុខនឹងការប្រឆាំង។ (ថែស្សាឡូនីចទី១ ២:១, ២) ចិត្តមោះមុតក៏ជួយយើងកាន់ខ្ជាប់នឹងជំនឿរបស់យើង ពេលដែលយើងត្រូវគេគំរាមកំហែង សើចចំអក ឬក៏ទទួលការបៀតបៀនតាមរបៀបចំៗ។ (ភីលីព ១:២៧, ២៨) ចិត្តមោះមុតអាចជួយពង្រឹងយើងឲ្យនៅតែមាំមួនពេលដែលមានការខំប្រឹងបង្ខិតបង្ខំឲ្យយើងឈប់កាន់តាមខ្នាតតម្រារបស់ព្រះរបស់យើង គឺព្រះយេហូវ៉ា។ ចិត្តមោះមុតក៏ជួយពង្រឹងយើងឲ្យរក្សាភាពស្លូតសុភាពពេលដែលអ្នកឯទៀតចាក់រុកយើង។—រ៉ូម ១២:១៨
៦ ទោះបីយើងប្រឈមនឹងការពិបាកយ៉ាងណាក៏ដោយ ចូរឲ្យយើងខំព្យាយាមក្នុងការផ្សព្វផ្សាយដំណឹងល្អដោយចិត្តមោះមុត។—អេភេសូរ ៦:១៨-២០