របៀបរស់នៅជាគ្រិស្តសាសនិក
អ្នកអាចជួយលើកទឹកចិត្តគ្រិស្តសាសនិកអសកម្មបាន
នៅថ្ងៃអង្គារទី១១ ខែមេសា គ្រិស្តសាសនិកអសកម្មជាច្រើននាក់នឹងចូលរួមពិធីរំលឹក។ ពួកគាត់បានចាប់ផ្ដើមរត់ក្នុងទីប្រណាំងឲ្យបានជីវិត តែដោយមូលហេតុផ្សេងៗ ពួកគាត់បែរជាឈប់រត់ទៅវិញ។ មូលហេតុខ្លះបានត្រូវរៀបរាប់ក្នុងសៀវភៅស្តើងសូមត្រឡប់មកព្រះយេហូវ៉ាវិញ។ (ហេ. ១២:១) ប៉ុន្តែ បងប្អូនអសកម្មនៅតែមានតម្លៃខ្ពស់ចំពោះព្រះយេហូវ៉ា ដែលបានទិញពួកគាត់ដោយឈាមនៃបុត្រលោក។ (សកម្ម. ២០:២៨; ១ពេ. ១:១៨, ១៩) តើយើងអាចជួយពួកគាត់ឲ្យត្រឡប់មកក្រុមជំនុំវិញយ៉ាងដូចម្ដេច?
អ្នកចាស់ទុំក្នុងក្រុមជំនុំខំស្វែងរកនិងជួយគ្រិស្តសាសនិកអសកម្ម ដូចគង្វាលខំប្រឹងស្វែងរកចៀមដែលបានវង្វេងចេញពីហ្វូង។ (លូក. ១៥:៤-៧) នេះបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះបងប្អូនទាំងនោះ។ (យេ. ២៣:៣, ៤) ប៉ុន្តែយើងទាំងអស់គ្នាអាចជួយលើកទឹកចិត្តបងប្អូនដែលអសកម្ម មិនគ្រាន់តែជាអ្នកចាស់ទុំប៉ុណ្ណោះទេ។ ពេលយើងខំបង្ហាញសេចក្ដីសប្បុរសនិងខំយល់អារម្មណ៍ពួកគាត់ នោះធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយអាចធ្វើឲ្យយើងមានអំណរផងដែរ។ (សុភ. ១៩:១៧; សកម្ម. ២០:៣៥) ដូច្នេះ សូមគិតអំពីបងប្អូនដែលអ្នកអាចលើកទឹកចិត្ត រួចចាត់វិធានការភ្លាមៗ!
សូមមើលវីដេអូចូរលើកទឹកចិត្តបងប្អូនដែលអសកម្ម រួចមកឆ្លើយសំណួរដូចតទៅនេះ៖
ពេលអាប៊ីជួបសាក្សីម្នាក់ដែលគាត់មិនស្គាល់ តើគាត់ធ្វើអ្វី?
បើយើងគិតចង់ជួយបងប្អូនអសកម្មម្នាក់ ហេតុអ្វីគួរសួរយោបល់អ្នកចាស់ទុំ?
តើអាប៊ីបានរៀបចំដូចម្ដេចខ្លះមុនទៅជួបឡូរ៉ាជាលើកទី២?
តើអាប៊ីបានបង្ហាញចិត្តអត់ធ្មត់ សេចក្ដីស្រឡាញ់ និងការតស៊ូពេលដែលព្យាយាមលើកទឹកចិត្តឡូរ៉ាយ៉ាងដូចម្ដេច?
តើយើងអាចរៀនអ្វីពីឧទាហរណ៍របស់លោកយេស៊ូនៅ លូកា ១៥:៨-១០?
ពេលដែលបងប្អូនរួមគ្នាខំជួយឡូរ៉ា តើបានលទ្ធផលល្អអ្វី?