អត្ថបទសិក្សា ១៥
តើអ្នកជា«គំរូល្អ . . . ក្នុងការនិយាយ»ឬទេ?
«ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ»។—១ធី. ៤:១២
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
សេចក្ដីសង្ខេបa
១. តើសមត្ថភាពនិយាយមកពីណា?
សមត្ថភាពនិយាយរបស់យើងគឺជាអំណោយមួយដែលមកពីព្រះដែលស្រឡាញ់យើង។ ភ្លាមៗក្រោយពីអាដាមដែលជាមនុស្សដំបូងបានត្រូវបង្កើតមក គាត់អាចប្រាស្រ័យទាក់ទងជាមួយបិតារបស់គាត់នៅស្ថានសួគ៌ដោយប្រើពាក្យផ្សេងៗ។ គាត់ក៏អាចបង្កើតពាក្យថ្មីៗផងដែរ។ អាដាមបានប្រើសមត្ថភាពនោះដើម្បីដាក់ឈ្មោះឲ្យសត្វទាំងឡាយ ដែលជាភារកិច្ចរបស់គាត់។ (ដក. ២:១៩) ម្យ៉ាងទៀត អាដាមច្បាស់ជាសប្បាយចិត្តជាខ្លាំង ពេលដែលគាត់និយាយជាលើកដំបូងទៅកាន់មនុស្សម្នាក់ទៀត គឺអេវ៉ាដែលជាប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់!—ដក. ២:២២, ២៣
២. តើសមត្ថភាពនិយាយបានត្រូវប្រើក្នុងផ្លូវខុសនៅអតីតកាលនិងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
២ មិនយូរក្រោយមក អំណោយដែលជាសមត្ថភាពនិយាយបានត្រូវប្រើតាមរបៀបមិនត្រឹមត្រូវ។ មេកំណាចសាថានបានកុហកអេវ៉ា ហើយការកុហកនោះបាននាំឲ្យមនុស្សជាតិមានភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ។ (ដក. ៣:១-៤) អាដាមបានប្រើសមត្ថភាពនិយាយតាមរបៀបមិនត្រឹមត្រូវ ពេលដែលគាត់បានបន្ទោសអេវ៉ា ព្រមទាំងព្រះយេហូវ៉ាចំពោះកំហុសរបស់ខ្លួនឯង។ (ដក. ៣:១២) កាអ៊ីនបានកុហកព្រះយេហូវ៉ា ក្រោយពីគាត់បានសម្លាប់អេបិលដែលជាប្អូនប្រុសគាត់។ (ដក. ៤:៩) ក្រោយមកឡេម៉េកដែលជាកូនចៅម្នាក់របស់កាអ៊ីន បានតែងកំណាព្យមួយដែលបង្ហាញអំពីភាពសាហាវឃោរឃៅនៅសម័យគាត់។ (ដក. ៤:២៣, ២៤) ចុះយ៉ាងណាស្ថានភាពសព្វថ្ងៃនេះ? យើងសង្កេតឃើញថា ពួកអ្នកដឹកនាំនយោបាយប្រើពាក្យអសុរោះដោយឥតអៀនខ្មាស។ ម្យ៉ាងទៀត ភាពយន្តភាគច្រើននៅសព្វថ្ងៃនេះមានពាក្យអាក្រក់។ ម្យ៉ាងវិញទៀត នៅសាលាសិស្សឮពាក្យអសុរោះ ហើយមនុស្សពេញវ័យក៏ឮពាក្យនោះនៅកន្លែងធ្វើការរបស់ពួកគេផងដែរ។ គួរឲ្យស្ដាយ ការប្រើពាក្យដ៏គម្រក់មានជាទូទៅនៅសព្វថ្ងៃនេះ ហើយនេះបង្ហាញថាពិភពលោកនេះគឺអាក្រក់ខ្លាំងយ៉ាងណា។
៣. តើយើងត្រូវប្រុងប្រយ័ត្នមិនធ្វើអ្វី ហើយតើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ បើមិនប្រុងប្រយ័ត្នទេ យើងប្រហែលជាស៊ាំនឹងស្ដាប់ពាក្យអាក្រក់រហូតដល់យើងចាប់ផ្ដើមនិយាយពាក្យនោះចេញមក។ ក្នុងនាមជាគ្រិស្តសាសនិក យើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដូច្នេះយើងនឹងមិនប្រើពាក្យអាក្រក់ទាល់តែសោះ។ យើងចង់ប្រើអំណោយដែលជាសមត្ថភាពនិយាយតាមរបៀបដ៏ល្អ គឺដើម្បីសរសើរព្រះរបស់យើង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើដូច្នេះ (១) ក្នុងកិច្ចបម្រើផ្សាយ (២) នៅកិច្ចប្រជុំ និង (៣) ក្នុងការសន្ទនាប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែ សូមយើងពិចារណាជាមុនសិនអំពីមូលហេតុដែលព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្វីដែលយើងនិយាយ។
ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះ អ្វីដែលយើងនិយាយ
៤. យោងទៅតាមម៉ាឡាគី ៣:១៦ ហេតុអ្វីព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់យើង?
៤ សូមអាន ម៉ាឡាគី ៣:១៦។ តើអ្នកអាចគិតអំពីមូលហេតុណាខ្លះដែលព្រះយេហូវ៉ានឹងកត់ទុកក្នុង«សៀវភៅរំលឹកមួយ»របស់លោក នូវឈ្មោះរបស់ពួកអ្នកដែលពោលពាក្យដែលបង្ហាញថា ពួកគេគោរពកោតខ្លាចលោក និងរំពឹងគិតអំពីនាមរបស់លោក? ពាក្យសម្ដីរបស់យើងបង្ហាញអំពីអ្វីដែលនៅក្នុងចិត្ត។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថ. ១២:៣៤) អ្វីដែលយើងជ្រើសរើសយកមកនិយាយបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងយ៉ាងណា។ ព្រះយេហូវ៉ាចង់ឲ្យពួកអ្នកដែលស្រឡាញ់លោកមានជីវិតជារៀងរហូតក្នុងពិភពលោកថ្មី។
៥. (ក) តើការគោរពប្រណិប័តន៍របស់យើងជាប់ទាក់ទងយ៉ាងណានឹងរបៀបដែលយើងនិយាយ? (ខ) ដូចបានត្រូវបង្ហាញក្នុងរូបភាព តើយើងនឹងជៀសវាងពីអ្វី បើយើងចង់ឲ្យព្រះយេហូវ៉ាពេញចិត្តនឹងពាក្យសម្ដីរបស់យើង?
៥ ការដែលព្រះយេហូវ៉ានឹងទទួលឬមិនទទួលយកការគោរពប្រណិប័តន៍របស់យើង អាចអាស្រ័យទៅលើរបៀបដែលយើងនិយាយ។ (យ៉ា. ១:២៦) អ្នកខ្លះដែលមិនស្រឡាញ់ព្រះយេហូវ៉ា និយាយដោយកំហឹង អំណួត និងគ្មានមេត្តា។ (២ធី. ៣:១-៥) យើងពិតជាមិនចង់ធ្វើដូចពួកអ្នកទាំងនោះទេ។ យើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងពាក្យសម្ដីរបស់យើង។ បើយើងប្រើពាក្យសម្ដីសប្បុរសនៅកិច្ចប្រជុំរបស់យើងឬក្នុងកិច្ចបម្រើផ្សាយ ប៉ុន្តែបែរជានិយាយដោយមិនសប្បុរស និងមិនប្រកបដោយសេចក្ដីស្រឡាញ់ទៅកាន់សមាជិកក្រុមគ្រួសារពេលអ្នកឯទៀតមិននៅជាមួយ តើព្រះយេហូវ៉ាអាចពេញចិត្តនឹងយើងឬទេ?—១ពេ. ៣:៧
៦. តើពាក្យសម្ដីល្អរបស់ប្អូនឃីមបឺលីនាំឲ្យមានលទ្ធផលល្អអ្វី?
៦ ពេលយើងប្រើអំណោយដែលជាសមត្ថភាពនិយាយឲ្យបានល្អ យើងបង្ហាញអ្នកឯទៀតថា យើងជាអ្នកបម្រើព្រះយេហូវ៉ា។ យើងជួយអ្នកឯទៀតឲ្យឃើញច្បាស់អំពីភាពខុសគ្នារវាង«អ្នកដែលបម្រើព្រះនិងអ្នកដែលមិនបម្រើព្រះ»។ (ម៉ាឡ. ៣:១៨) នេះជាអ្វីដែលបានកើតឡើងចំពោះប្អូនស្រីម្នាក់ឈ្មោះឃីមបឺលី។b គាត់បានត្រូវចាត់ឲ្យធ្វើកិច្ចការសាលាជាមួយសិស្សរួមថ្នាក់ម្នាក់។ ពេលធ្វើកិច្ចការសាលាជាមួយគ្នា សិស្សរួមថ្នាក់នោះបានកត់សម្គាល់ឃើញថាប្អូនឃីមបឺលីខុសពីសិស្សឯទៀត។ ប្អូនឃីមបឺលីបាននិយាយដោយសប្បុរស មិនបានរិះគន់អ្នកឯទៀតពីក្រោយខ្នង និងមិនប្រើពាក្យអសុរោះទេ។ សិស្សរួមថ្នាក់នោះបានកោតស្ងើច ហើយក្រោយមកបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយប្អូនឃីមបឺលី។ ព្រះយេហូវ៉ាពេញចិត្តខ្លាំងណាស់ពេលដែលយើងនិយាយតាមរបៀបដែលទាក់ទាញមនុស្សឲ្យចង់រៀនអំពីលោក!
៧. តើអ្នកចង់ប្រើសមត្ថភាពនិយាយដែលជាអំណោយពីព្រះតាមរបៀបណា?
៧ យើងទាំងអស់គ្នាចង់និយាយតាមរបៀបដែលនាំឲ្យព្រះយេហូវ៉ាទទួលកិត្តិយស និងឲ្យយើងចូលកាន់តែជិតបងប្អូនរបស់យើង។ ដូច្នេះនៅឥឡូវនេះ សូមយើងពិចារណាអំពីរបៀបខ្លះដែលយើងអាចបន្ដ«ធ្វើជាគំរូល្អ . . . ក្នុងការនិយាយ»។
ចូរធ្វើជាគំរូល្អក្នុងកិច្ចបម្រើផ្សាយ
៨. តើលោកយេស៊ូបានទុកគំរូល្អអ្វីឲ្យយើងស្ដីអំពីរបៀបដែលលោកនិយាយក្នុងកិច្ចបម្រើផ្សាយរបស់លោក?
៨ ចូរនិយាយដោយសប្បុរសនិងដោយគោរព ពេលអ្នកឯទៀតនិយាយឬធ្វើអ្វីដែលអាចនាំឲ្យអ្នកខឹង។ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានត្រូវគេចោទប្រកាន់មិនពិតថាលោកជាមនុស្សប្រមឹកស្រា ល្មោភស៊ី ជាភ្នាក់ងាររបស់មេកំណាច មិនកាន់តាមថ្ងៃឈប់សម្រាក ហើយថែមទាំងជាអ្នកប្រមាថព្រះផងដែរ។ (ម៉ាថ. ១១:១៩; ២៦:៦៥; លូក. ១១:១៥; យ៉ូន. ៩:១៦) ប៉ុន្តែ លោកយេស៊ូមិនបានតបឆ្លើយការចោទប្រកាន់នោះដោយកំហឹងទេ។ ដូចលោកយេស៊ូ ពេលអ្នកឯទៀតនិយាយមិនសប្បុរសមកកាន់យើង យើងមិនគួរតបឆ្លើយដោយមិនសប្បុរសឡើយ។ (១ពេ. ២:២១-២៣) ប៉ុន្តែ គឺមិនស្រួលឲ្យយើងនិយាយដោយសប្បុរសពេលជួបស្ថានភាពនេះទេ។ (យ៉ា. ៣:២) តើអ្វីអាចជួយ?
៩. តើអ្វីអាចជួយយើងឲ្យគ្រប់គ្រងពាក្យសម្ដីពេលយើងផ្សព្វផ្សាយ?
៩ សូមព្យាយាមកុំផ្ដោតអារម្មណ៍ទៅលើពាក្យសម្ដីមិនល្អរបស់ម្ចាស់ផ្ទះ។ បងប្រុសម្នាក់ឈ្មោះសេមនិយាយថា៖ «ខ្ញុំព្យាយាមផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះដើម្បីរៀនសេចក្ដីពិតអំពីព្រះ ហើយចាំថាគាត់អាចកែប្រែបាន»។ ជួនកាល ម្ចាស់ផ្ទះខឹងដោយសារតែយើងបានមកខុសពេល។ ពេលនោះ យើងអាចធ្វើតាមគំរូរបស់បងស្រីម្នាក់ឈ្មោះលូស៊ីអា។ កាលដែលគាត់ជួបបុគ្គលដែលខឹង គាត់អធិដ្ឋានយ៉ាងខ្លី ហើយសុំព្រះយេហូវ៉ាឲ្យជួយគាត់រក្សាចិត្តស្ងប់ និងមិននិយាយអ្វីដែលមិនសប្បុរស ឬដែលមិនបង្ហាញការគោរពឡើយ។
១០. តើធីម៉ូថេទី១ ៤:១៣បង្ហាញថាយើងគួរមានគោលដៅអ្វី?
១០ ចូរធ្វើជាអ្នកបង្រៀនដែលកាន់តែមានប្រសិទ្ធភាព។ ធីម៉ូថេគឺជាអ្នកផ្សព្វផ្សាយដែលមានប្រសិទ្ធភាព ប៉ុន្តែគាត់នៅតែត្រូវការរីកចម្រើនថែមទៀតក្នុងការបង្រៀន។ (សូមអាន ធីម៉ូថេទី១ ៤:១៣) តើយើងអាចទៅជាអ្នកបង្រៀនដែលកាន់តែមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច? យើងត្រូវរៀបចំឲ្យបានល្អ។ គួរឲ្យសប្បាយចិត្តមែន យើងមានឧបករណ៍ជាច្រើនប្រភេទដែលអាចជួយយើងឲ្យទៅជាអ្នកបង្រៀនល្អប្រសើរជាង។ អ្នកនឹងរកឃើញយោបល់ក្នុងសៀវភៅស្ដើងចូរព្យាយាមក្នុងការអាននិងការបង្រៀន និងក្នុងឯកសារកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ នៅផ្នែក«ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ»។ តើអ្នកកំពុងប្រើសៀវភៅផ្សេងៗទាំងនេះឬទេ? ពេលយើងរៀបចំឲ្យបានល្អ យើងមិនសូវភ័យ និងនិយាយដោយមានទំនុកចិត្តជាង។
១១. តើគ្រិស្តសាសនិកខ្លះបានទៅជាអ្នកបង្រៀនដ៏ល្អប្រសើរជាងយ៉ាងដូចម្ដេច?
១១ យើងក៏អាចទៅជាអ្នកបង្រៀនដ៏ល្អប្រសើរជាងបានដែរ ដោយរៀនពីអ្នកឯទៀតក្នុងក្រុមជំនុំ។ បងសេមដែលបានត្រូវរៀបរាប់នៅខាងលើគិតពិចារណាអំពីមូលហេតុដែលបងប្អូនខ្លះពូកែបង្រៀន។ គាត់យកចិត្តទុកដាក់ស្ដាប់អំពីរបៀបដែលពួកគេបង្រៀន ហើយក្រោយមកព្យាយាមយកតម្រាប់ពួកគេ។ បងស្រីម្នាក់ឈ្មោះថាលីអាយកចិត្តទុកដាក់មើលរបៀបដែលបងប្រុសដែលមានបទពិសោធន៍ថ្លែងសុន្ទរកថាសាធារណៈ។ ដោយធ្វើដូច្នេះ គាត់អាចរៀនអំពីរបៀបនិយាយ និងរបៀបវែកញែកប្រធានបទផ្សេងៗដែលមនុស្សច្រើនតែសួរក្នុងកិច្ចបម្រើផ្សាយ។
ចូរធ្វើជាគំរូល្អនៅកិច្ចប្រជុំ
១២. តើអ្នកខ្លះមានការពិបាកអ្វី?
១២ យើងទាំងអស់គ្នាអាចមានចំណែកក្នុងកិច្ចប្រជុំរបស់យើងដោយបន្លឺសំឡេងច្រៀងចម្រៀង និងដោយឆ្លើយចម្លើយដែលបានរៀបចំយ៉ាងល្អ។ (ចសព. ២២:២២) អ្នកខ្លះពិបាកច្រៀងឬឆ្លើយនៅកិច្ចប្រជុំ។ តើអ្នកមានការពិបាកដូចនេះឬទេ? បើដូច្នេះ ការរៀនអំពីអ្វីដែលបានជួយអ្នកឯទៀតឲ្យយកឈ្នះការភ័យខ្លាចរបស់ពួកគេចំពោះរឿងទាំងនេះនឹងជួយអ្នក។
១៣. តើអ្វីអាចជួយអ្នកឲ្យច្រៀងអស់ពីចិត្តនៅកិច្ចប្រជុំ?
១៣ ចូរច្រៀងដោយអស់ពីចិត្ត។ មូលហេតុសំខាន់បំផុតដែលយើងច្រៀងនៅកិច្ចប្រជុំ គឺដើម្បីសរសើរព្រះយេហូវ៉ា។ បងស្រីម្នាក់ឈ្មោះសារ៉ាមិនគិតថាគាត់ច្រៀងពីរោះទេ ប៉ុន្តែគាត់នៅតែចង់ច្រៀងសរសើរព្រះយេហូវ៉ា។ ដូច្នេះ ពេលគាត់រៀបចំសម្រាប់កិច្ចប្រជុំ គាត់ក៏ហាត់ច្រៀងដែរ។ ពេលគាត់ហាត់ច្រៀងចម្រៀង គាត់ព្យាយាមស្វែងយល់ចំណុចដែលជាប់ទាក់ទងគ្នារវាងពាក្យចម្រៀងនិងអ្វីដែលនឹងពិគ្រោះនៅកិច្ចប្រជុំ។ គាត់និយាយថា៖ «នេះជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ច្រើនជាងទៅលើពាក្យចម្រៀង ហើយមិនសូវផ្ដោតអារម្មណ៍ទៅលើសំឡេងចម្រៀងរបស់ខ្ញុំថាពីរោះឬមិនពីរោះឡើយ»។
១៤. បើអ្នកជាមនុស្សអៀន តើអ្វីអាចជួយអ្នកឲ្យឆ្លើយនៅកិច្ចប្រជុំ?
១៤ ចូរឆ្លើយជាទៀងទាត់។ ចំពោះអ្នកខ្លះនេះគឺពិបាកណាស់។ បងថាលីអាដែលបានត្រូវរៀបរាប់នៅខាងលើពន្យល់ថា៖ «ទោះជាអ្នកឯទៀតមិនចាប់អារម្មណ៍ដោយសារសំឡេងរបស់ខ្ញុំស្រាលក្ដី ខ្ញុំភ័យមែនទែនពេលខ្ញុំត្រូវនិយាយនៅមុខអ្នកឯទៀត។ ដូច្នេះចំពោះខ្ញុំ ការឆ្លើយគឺពិបាកណាស់»។ ប៉ុន្តែ នេះមិនបានបញ្ឈប់បងថាលីអាពីការឆ្លើយឡើយ។ ពេលគាត់រៀបចំសម្រាប់កិច្ចប្រជុំ គាត់ចាំថា ចម្លើយដំបូងគួរតែខ្លី ហើយចំនឹងសំណួរ។ បងថាលីអានិយាយថា៖ «នេះមានន័យថា បើចម្លើយខ្ញុំគឺខ្លី សាមញ្ញ ហើយចំនឹងចំណុច នោះគឺមិនអីទេ ដោយសារនេះជាចម្លើយដែលអ្នកដឹកនាំចង់បាន»។
១៥. ស្ដីអំពីចម្លើយរបស់យើង តើយើងគួរចាំអ្វី?
១៥ សូម្បីតែគ្រិស្តសាសនិកដែលមិនមែនជាមនុស្សអៀន ក៏ប្រហែលជាស្ទាក់ស្ទើរឆ្លើយនៅពេលខ្លះ។ ហេតុអ្វី? បងស្រីម្នាក់ឈ្មោះជូលយិតពន្យល់ថា៖ «ជួនកាលខ្ញុំស្ទាក់ស្ទើរឆ្លើយ ដោយសារខ្ញុំខ្លាចថាចម្លើយរបស់ខ្ញុំសាមញ្ញពេក និងមិនសូវល្អ»។ ប៉ុន្តែ សូមចាំថាព្រះយេហូវ៉ាចង់ឲ្យយើងឆ្លើយអស់ពីសមត្ថភាព។c លោកពេញចិត្តជាខ្លាំងពេលយើងខំអស់ពីសមត្ថភាពដើម្បីឆ្លើយនៅកិច្ចប្រជុំ ទោះជាជួនកាលយើងភ័យក្ដី។
ចូរធ្វើជាគំរូល្អក្នុងការសន្ទនាប្រចាំថ្ងៃ
១៦. តើយើងត្រូវជៀសវាងពាក្យសម្ដីបែបណា?
១៦ ចូរជៀសវាងពី«ពាក្យប្រមាថមើលងាយ»គ្រប់យ៉ាង។ (អេភ. ៤:៣១) ដូចបានត្រូវរៀបរាប់នៅខាងលើ គ្រិស្តសាសនិកមិនគួរប្រើពាក្យអសុរោះទាល់តែសោះ។ តែយើងក៏ត្រូវប្រុងប្រយ័ត្នដែរចំពោះពាក្យប្រមាថមើលងាយប្រភេទខ្លះដែលមិនងាយកត់សម្គាល់។ ជាឧទាហរណ៍ យើងត្រូវប្រុងប្រយ័ត្នមិននិយាយអាក្រក់អំពីមនុស្សដែលមានវប្បធម៌ កុលសម្ព័ន្ធ ឬជនជាតិផ្សេងពីយើង។ ម្យ៉ាងទៀត យើងមិនចង់ធ្វើឲ្យអ្នកឯទៀតឈឺចិត្តដោយនិយាយជាន់ពន្លិចពួកគេទេ។ បងប្រុសម្នាក់សារភាពថា៖ «ជួនកាល ខ្ញុំបាននិយាយអ្វីដែលខ្ញុំគិតថាជាការលេងសើចនិងមិនធ្ងន់ធ្ងរអីទេ ប៉ុន្តែតាមពិត ពាក្យសម្ដីទាំងនោះមិនសប្បុរស ហើយធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ អស់ជាច្រើនឆ្នាំ ប្រពន្ធខ្ញុំបានជួយខ្ញុំច្រើនដោយប្រាប់ខ្ញុំតែពីរនាក់ ពេលខ្ញុំនិយាយអ្វីខ្លះដែលមិនគួរសម ហើយបានធ្វើឲ្យគាត់និងអ្នកឯទៀតឈឺចិត្ត»។
១៧. សមស្របតាមអេភេសូរ ៤:២៩ តើយើងអាចពង្រឹងកម្លាំងចិត្តអ្នកឯទៀតយ៉ាងដូចម្ដេច?
១៧ ចូរនិយាយតាមរបៀបដែលពង្រឹងកម្លាំងចិត្តអ្នកឯទៀត។ ចូរឆាប់សរសើរជាជាងរិះគន់ឬត្អូញត្អែរ។ (សូមអាន អេភេសូរ ៤:២៩) ជនជាតិអ៊ីស្រាអែលមានហេតុជាច្រើនដើម្បីអរគុណព្រះ ប៉ុន្តែពួកគេច្រើនតែត្អូញត្អែរ។ ការត្អូញត្អែរអាចឆ្លងទៅឆ្លងមក។ ពេលយើងច្រើនតែត្អូញត្អែរ នោះអាចធ្វើឲ្យអ្នកឯទៀតត្អូញត្អែរដែរ។ សូមចាំថា សេចក្ដីរាយការណ៍អាក្រក់ពីអ្នកស៊ើបការណ៍១០នាក់បាននាំឲ្យ«បណ្ដាជនអ៊ីស្រាអែលទាំងអស់ . . . រអ៊ូរទាំទាស់នឹងម៉ូសេ»។ (ជប. ១៣:៣១–១៤:៤) ប៉ុន្តែពេលយើងសរសើរអ្នកឯទៀត នោះអាចជួយបុគ្គលគ្រប់រូបឲ្យសប្បាយចិត្តជាង។ យើងអាចប្រាកដថាការសរសើរដែលកូនស្រីរបស់យែបថាបានទទួលពីមិត្តភក្ដិរបស់នាង បានលើកទឹកចិត្តនាងយ៉ាងខ្លាំងឲ្យនៅជាប់នឹងភារកិច្ចរបស់នាង។ (អសក. ១១:៤០) បងសារ៉ាដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ពេលយើងសរសើរអ្នកឯទៀត យើងធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា ហើយក៏ជួយពួកគេឲ្យដឹងថាបងប្អូនឯទៀតក្នុងក្រុមជំនុំស្រឡាញ់ពួកគេដែរ»។ ដូច្នេះ សូមរកឱកាសដើម្បីសរសើរបងប្អូនរួមជំនឿយ៉ាងស្មោះ។
១៨. ដោយផ្អែកទៅលើចម្រៀងសរសើរព្រះ ១៥:១, ២ ហេតុអ្វីយើងត្រូវនិយាយការពិត ហើយតើនេះរួមបញ្ចូលអ្វី?
១៨ ចូរនិយាយការពិត។ យើងមិនអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តបានទេ បើយើងនិយាយមិនពិត។ លោកស្អប់ការកុហកគ្រប់យ៉ាង។ (សុភ. ៦:១៦, ១៧) ទោះជាមនុស្សជាច្រើននៅសព្វថ្ងៃនេះចាត់ទុកការកុហកជារឿងធម្មតាក្ដី យើងនៅតែមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងនោះ។ (សូមអាន ចម្រៀងសរសើរព្រះ ១៥:១, ២) ពិតមែនថាយើងជៀសវាងពីការកុហក ប៉ុន្តែយើងក៏ខំព្យាយាមជៀសវាងពីការនិយាយអ្វីដែលអាចនាំឲ្យអ្នកឯទៀតភាន់ច្រឡំដែរ។
១៩. តើយើងត្រូវប្រុងប្រយ័ត្នមិនធ្វើអ្វីទៀត?
១៩ ចូរជៀសវាងពីការនិយាយដើមអ្នកឯទៀត។ (សុភ. ២៥:២៣; ២ថែ. ៣:១១) បងជូលយិតដែលបានត្រូវរៀបរាប់នៅខាងលើ ពន្យល់ថាការនិយាយដើមអ្នកឯទៀតមានឥទ្ធិពលយ៉ាងណាមកលើគាត់ ពេលគាត់និយាយថា៖ «ការស្ដាប់អ្នកឯទៀតនិយាយដើមគេ គឺគួរឲ្យធ្លាក់ទឹកចិត្ត ហើយនោះធ្វើឲ្យខ្ញុំលែងទុកចិត្តបុគ្គលដែលកំពុងនិយាយដើមគេ។ ខ្ញុំក៏គិតដែរថា បើគាត់ធ្វើអ៊ីចឹង ធ្វើម៉េចខ្ញុំដឹងថាគាត់នឹងមិននិយាយដើមខ្ញុំទៅអ្នកផ្សេងទៀត?»។ បើអ្នកយល់ឃើញថាការសន្ទនាធម្មតា ចាប់ផ្ដើមទៅជាការនិយាយដើមគេ សូមបង្វែរសាច់រឿងទៅនិយាយអ្វីដែលល្អវិញ។—កូឡ. ៤:៦
២០. ស្ដីអំពីពាក្យសម្ដីរបស់អ្នក តើអ្នកតាំងចិត្តធ្វើអ្វី?
២០ ដោយសារយើងរស់នៅក្នុងពិភពលោកដែលមនុស្សជាច្រើនប្រើពាក្យអាក្រក់ យើងត្រូវខំប្រឹងធ្វើឲ្យប្រាកដថាពាក្យសម្ដីរបស់យើងនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ សូមចាំថា សមត្ថភាពនិយាយជាអំណោយមួយដែលមកពីព្រះយេហូវ៉ា ហើយរបៀបដែលយើងប្រើអំណោយនេះគឺសំខាន់ចំពោះលោក។ លោកនឹងឲ្យពរយើង ពេលដែលយើងព្យាយាមនិយាយតាមរបៀបដែលនាំឲ្យលោកទទួលការសរសើរក្នុងកិច្ចបម្រើផ្សាយ នៅកិច្ចប្រជុំ និងក្នុងការសន្ទនាប្រចាំថ្ងៃ។ ពេលព្រះយេហូវ៉ាបំផ្លាញពិភពលោកដ៏អាក្រក់នេះ នោះនឹងស្រួលជាងឲ្យយើងលើកកិត្តិយសលោកដោយពាក្យសម្ដីរបស់យើង។ (យូ. ១៥) ទម្រាំដល់ពេលនោះ សូមតាំងចិត្តធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹង«ពាក្យសម្ដី»របស់អ្នក។—ចសព. ១៩:១៤
ចម្រៀងលេខ១២១ យើងត្រូវចេះទប់ចិត្ត
a ព្រះយេហូវ៉ាបានឲ្យយើងអំណោយដ៏អស្ចារ្យមួយ គឺសមត្ថភាពនិយាយ។ គួរឲ្យស្ដាយ មនុស្សភាគច្រើនមិនប្រើអំណោយនេះ ដូចគោលបំណងរបស់ព្រះយេហូវ៉ាទេ។ តើអ្វីអាចជួយយើងឲ្យបន្ដនិយាយអ្វីដែលគួរឲ្យលើកទឹកចិត្តនិងដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត នៅក្នុងពិភពលោកដ៏អាក្រក់នេះ? តើតាមរបៀបណាយើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងពាក្យសម្ដីរបស់យើង នៅពេលដែលយើងចូលរួមក្នុងកិច្ចផ្សព្វផ្សាយ ក្នុងកិច្ចប្រជុំ និងក្នុងការសន្ទនាប្រចាំថ្ងៃ? យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះក្នុងអត្ថបទនេះ។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
c ដើម្បីបានព័ត៌មានថែមទៀតអំពីការឆ្លើយ សូមមើលអត្ថបទដែលមានចំណងជើងថា«ចូរសរសើរព្រះយេហូវ៉ាក្នុងក្រុមជំនុំ» ក្នុងទស្សនាវដ្ដីប៉មយាម ខែមករា ឆ្នាំ២០១៩។
d ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់តបតដោយកំហឹងទៅកាន់ម្ចាស់ផ្ទះដែលខឹង បងប្រុសម្នាក់ទៀតស្ទាក់ស្ទើរច្រៀងនៅកិច្ចប្រជុំ និងបងស្រីម្នាក់និយាយដើមគេ។