អត្ថបទសិក្សា ១៥
តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?
«លោកយេស៊ូធ្វើដំណើរទៅគ្រប់ក្រុងគ្រប់ភូមិ ដោយ . . . ធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺនិងរោគាគ្រប់យ៉ាង»។—ម៉ាថ. ៩:៣៥
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
សេចក្ដីសង្ខេបa
១. សូមរៀបរាប់អំពីអ្វីដែលបានកើតឡើងពេលលោកយេស៊ូបានធ្វើអព្ភូតហេតុដំបូងរបស់លោក។
សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើងនាចុងឆ្នាំ២៩ គ.ស. នៅទីចាប់ផ្ដើមនៃកិច្ចបម្រើរបស់លោកយេស៊ូ។ លោកយេស៊ូនិងម៉ារៀដែលជាម្ដាយរបស់លោក ព្រមទាំងពួកអ្នកកាន់តាមខ្លះរបស់លោកបានត្រូវអញ្ជើញឲ្យចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មួយនៅភូមិកាណាដែលនៅភាគខាងជើងនៃក្រុងណាសារ៉ែត ជាស្រុកកំណើតរបស់លោកយេស៊ូ។ ម៉ារៀជាមិត្តភក្ដិរបស់ក្រុមគ្រួសារកូនកំលោះកូនក្រមុំនោះ ហើយតាមមើលទៅគាត់ជាអ្នកជួយមើលការខុសត្រូវចំពោះភ្ញៀវ។ ប៉ុន្តែ ក្នុងអំឡុងពេលពិធីនោះ ស្រាបានអស់។ នោះអាចធ្វើឲ្យក្រុមគ្រួសារនោះនិងប្ដីប្រពន្ធថ្មីថ្មោងអៀនខ្មាសជាខ្លាំង។b ប្រហែលជាចំនួនភ្ញៀវច្រើនជាងការរំពឹងទុក។ ភ្លាមៗនោះ ម៉ារៀបានទៅប្រាប់កូនប្រុសរបស់គាត់ ហើយនិយាយថា៖ «ពួកគេអស់ស្រាហើយ»។ (យ៉ូន. ២:១-៣) តើលោកយេស៊ូបានធ្វើអ្វី? លោកបានធ្វើអ្វីដ៏អស្ចារ្យមួយ គឺធ្វើឲ្យទឹកទៅជា«ស្រាដែលមានគុណភាពល្អ»។—យ៉ូន. ២:៩, ១០
២-៣. (ក) តើលោកយេស៊ូបានធ្វើអព្ភូតហេតុអ្វីខ្លះ? (ខ) តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីការពិចារណាអំពីអព្ភូតហេតុរបស់លោកយេស៊ូ?
២ លោកយេស៊ូបានធ្វើអព្ភូតហេតុជាច្រើនទៀតក្នុងអំឡុងកិច្ចបម្រើរបស់លោក។c លោកបានប្រើឫទ្ធានុភាពរបស់លោកក្នុងការធ្វើអព្ភូតហេតុដើម្បីជួយមនុស្សរាប់ម៉ឺននាក់។ ជាឧទាហរណ៍ គ្រាន់តែគិតអំពីអព្ភូតហេតុពីររបស់លោកគឺការផ្ដល់អាហារដល់បុរស៥.០០០នាក់ ហើយក្រោយមកដល់បុរស៤.០០០នាក់ នោះប្រហែលជាសរុបទៅមានមនុស្សចំនួនជាង២៧.០០០នាក់បើយើងរាប់ស្ត្រីនិងកូនក្មេងដែលនៅទីនោះដែរ។ (ម៉ាថ. ១៤:១៥-២១; ១៥:៣២-៣៨) នៅពេលទាំងពីរនោះ លោកយេស៊ូក៏បានធ្វើឲ្យមនុស្សជាច្រើនដែលឈឺជាសះស្បើយ។ (ម៉ាថ. ១៤:១៤; ១៥:៣០, ៣១) សូមស្រមៃគិតថាបណ្ដាជនកោតស្ងើចយ៉ាងណាចំពោះអព្ភូតហេតុរបស់លោកយេស៊ូ គឺការធ្វើឲ្យមនុស្សជាសះស្បើយនិងការដែលលោកផ្ដល់អាហារដល់ពួកគេ។
៣ យើងអាចរៀនច្រើនពីអព្ភូតហេតុរបស់លោកយេស៊ូនៅសព្វថ្ងៃនេះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមេរៀនដែលពង្រឹងជំនឿរបស់យើងពីអព្ភូតហេតុទាំងនោះ។ បន្ទាប់មក យើងនឹងពិចារណាអំពីរបៀបដែលយើងអាចបង្ហាញចិត្តរាបទាប និងសេចក្ដីអាណិតមេត្តាដូចលោកយេស៊ូពេលដែលលោកធ្វើអព្ភូតហេតុ។
មេរៀនអំពីព្រះយេហូវ៉ានិងលោកយេស៊ូ
៤. តើយើងទទួលប្រយោជន៍យ៉ាងណាពីមេរៀនដែលយើងរៀនពីអព្ភូតហេតុរបស់លោកយេស៊ូ?
៤ អព្ភូតហេតុរបស់លោកយេស៊ូបង្រៀនយើងនូវមេរៀនដែលពង្រឹងជំនឿរបស់យើង មិនគ្រាន់តែអំពីលោកប៉ុណ្ណោះទេ តែក៏អំពីបិតារបស់លោកដែរ។ នេះគឺដោយសារព្រះយេហូវ៉ាជាប្រភពពិតនៃអព្ភូតហេតុទាំងនោះ។ សកម្មភាព ១០:៣៨ ប្រាប់យើងថា៖ «ព្រះបានរើសតាំងលោក[យេស៊ូ]ដោយឫទ្ធានុភាពបរិសុទ្ធនិងឫទ្ធិអំណាច។ លោកបានធ្វើដំណើរពាសពេញស្រុកដោយធ្វើអំពើល្អ និងធ្វើឲ្យអស់អ្នកដែលត្រូវមេកំណាចបៀតបៀនបានជាសះស្បើយ ពីព្រោះព្រះនៅជាមួយនឹងលោក»។ សូមចាំដែរថា ក្នុងគ្រប់ការទាំងអស់ដែលលោកយេស៊ូបានធ្វើនិងបានមានប្រសាសន៍ រួមទាំងអព្ភូតហេតុរបស់លោក លោកបានបង្ហាញអារម្មណ៍និងមានរបៀបគិតគូរដូចបិតាលោកយ៉ាងល្អឥតខ្ចោះ។ (យ៉ូន. ១៤:៩) សូមពិចារណាអំពីមេរៀនបីដែលយើងអាចរៀនពីអព្ភូតហេតុរបស់លោកយេស៊ូ។
៥. តើអ្វីបានជំរុញចិត្តលោកយេស៊ូឲ្យធ្វើអព្ភូតហេតុ? (ម៉ាថាយ ២០:៣០-៣៤)
៥ ទី១ លោកយេស៊ូនិងបិតាលោកស្រឡាញ់យើងខ្លាំងណាស់។ កាលដែលនៅផែនដី លោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោកចំពោះមនុស្ស ដោយប្រើឫទ្ធានុភាពរបស់លោកដើម្បីជួយពួកអ្នកដែលរងទុក្ខ។ នៅពេលមួយ បុរសងងឹតភ្នែកពីរនាក់បានស្រែកឡើងសុំជំនួយពីលោក។ (សូមអាន ម៉ាថាយ ២០:៣០-៣៤) សូមកត់សម្គាល់ថាលោកយេស៊ូ«មានចិត្តក្ដួលអាណិត» ហើយបន្ទាប់មកលោកបានធ្វើឲ្យពួកគេជាសះស្បើយ។ កិរិយាសព្ទភាសាក្រិចដែលបានត្រូវបកប្រែនៅទីនេះថា«មានចិត្តក្ដួលអាណិត»បញ្ជាក់ថាលោកយេស៊ូឈឺចិត្តជាពន់ពេកពេលឃើញបុរសនេះរងទុក្ខ។ សេចក្ដីអាណិតមេត្តាបែបនេះដែលជារបៀបដែលលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស ក៏បានជំរុញចិត្តលោកឲ្យផ្ដល់អាហារដល់អ្នកស្រេកឃ្លាន ហើយធ្វើឲ្យអ្នកកើតជំងឺឃ្លង់ជាសះស្បើយ។ (ម៉ាថ. ១៥:៣២; ម៉ាក. ១:៤១) យើងអាចប្រាកដថាព្រះយេហូវ៉ាដែលជាព្រះនៃ«សេចក្ដីអាណិតមេត្តា»និងបុត្ររបស់លោកស្រឡាញ់យើងខ្លាំងណាស់ ហើយឈឺចាប់ពេលដែលយើងរងទុក្ខ។ (លូក. ១:៧៨; ១ពេ. ៥:៧) លោកទាំងពីរពិតជាចង់បំបាត់ចោលបញ្ហាទាំងអស់ដែលមានឥទ្ធិពលលើមនុស្សជាតិ។
៦. តើព្រះបានឲ្យលោកយេស៊ូមានឫទ្ធានុភាពធ្វើអ្វី?
៦ ទី២ ព្រះបានឲ្យលោកយេស៊ូមានឫទ្ធានុភាពដើម្បីដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។ ពេលលោកយេស៊ូបានធ្វើអព្ភូតហេតុ លោកបានបង្ហាញថាលោកអាចដោះស្រាយបញ្ហាទាំងអស់ដែលយើងមិនអាចដោះស្រាយដោយខ្លួនឯង។ ជាឧទាហរណ៍ លោកមានឫទ្ធានុភាពដើម្បីរំដោះយើងឲ្យរួចពីភាពខុសឆ្គងដែលយើងបានទទួល ដែលជាដើមហេតុនៃបញ្ហារបស់យើង ហើយពីលទ្ធផលនៃភាពខុសឆ្គងនោះដែលរួមមានជំងឺនិងសេចក្ដីស្លាប់។ (ម៉ាថ. ៩:១-៦; រ៉ូម ៥:១២, ១៨, ១៩) អព្ភូតហេតុរបស់លោកបង្ហាញថាលោកអាចធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺ«គ្រប់ប្រភេទ» ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ម៉ាថ. ៤:២៣; យ៉ូន. ១១:៤៣, ៤៤) លោកក៏មានឫទ្ធានុភាពដើម្បីគ្រប់គ្រងខ្យល់ព្យុះដ៏ខ្លាំង ហើយរំដោះមនុស្សឲ្យរួចពីឥទ្ធិពលនៃពួកវិញ្ញាណអាក្រក់។ (ម៉ាក. ៤:៣៧-៣៩; លូក. ៨:២) ការដឹងថាព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពបែបនេះដល់បុត្ររបស់លោក គឺគួរឲ្យលើកទឹកចិត្តណាស់!
៧-៨. (ក) តើអព្ភូតហេតុរបស់លោកយេស៊ូធ្វើឲ្យយើងមានទំនុកចិត្តអ្វី? (ខ) តើអ្នកទន្ទឹងរង់ចាំអព្ភូតហេតុអ្វីក្នុងពិភពលោកថ្មី?
៧ ទី៣ យើងអាចមានទំនុកចិត្តទាំងស្រុងថាពរនៅថ្ងៃអនាគតក្រោមរាជាណាចក្រព្រះនឹងក្លាយជាការពិត។ អព្ភូតហេតុដែលលោកយេស៊ូបានធ្វើកាលដែលនៅផែនដី បង្រៀនយើងអំពីអ្វីដែលលោកនឹងធ្វើនៅទូទាំងផែនដីក្នុងនាមជាស្ដេចនៃរាជាណាចក្រព្រះ។ សូមគិតអំពីអ្វីដែលយើងនឹងទទួលមិនយូរទៀតក្រោមការគ្រប់គ្រងរបស់គ្រិស្ត។ យើងនឹងមានសុខភាពល្អឥតខ្ចោះ ដោយសារលោកនឹងបំបាត់ចោលជំងឺនិងពិការភាពទាំងអស់ដែលបាននាំឲ្យមនុស្សរងទុក្ខ។ (អេ. ៣៣:២៤; ៣៥:៥, ៦; បប. ២១:៣, ៤) យើងនឹងមិនដាច់ពោះដោយសារឃ្លាន ឬរងទុក្ខដោយសារមហន្តរាយធម្មជាតិទេ។ (អេ. ២៥:៦; ម៉ាក. ៤:៤១) យើងនឹងមានអំណរជាខ្លាំងពីការស្វាគមន៍បុគ្គលជាទីស្រឡាញ់របស់យើងដែលនឹងចេញពី«ផ្នូរសម្រាប់ជាទីរំលឹក»។ (យ៉ូន. ៥:២៨, ២៩) តើអព្ភូតហេតុអ្វីក្នុងពិភពលោកថ្មីដែលនឹងមកដល់ដែលអ្នកទន្ទឹងរង់ចាំជាពិសេស?
៨ ពេលធ្វើអព្ភូតហេតុ លោកយេស៊ូបានបង្ហាញចិត្តរាបទាបនិងសេចក្ដីអាណិតមេត្តាជាខ្លាំង។ យើងគួរមានគុណសម្បត្តិទាំងនេះដែរ។ សូមយើងពិចារណាឧទាហរណ៍ពីរ។ យើងនឹងចាប់ផ្ដើមដោយមើលកំណត់ហេតុអំពីពិធីរៀបអាពាហ៍ពិពាហ៍នៅភូមិកាណា។
មេរៀនអំពីចិត្តរាបទាប
៩. ហេតុអ្វីលោកយេស៊ូបានធ្វើអព្ភូតហេតុនៅពិធីរៀបអាពាហ៍ពិពាហ៍នាភូមិកាណា? (យ៉ូហាន ២:៦-១០)
៩ សូមអាន យ៉ូហាន ២:៦-១០។ ពេលស្រាអស់នៅពិធីរៀបអាពាហ៍ពិពាហ៍ តើលោកយេស៊ូត្រូវធ្វើអ្វីឬទេ? មិនមែនទេ។ គ្មានទំនាយណាដែលប្រាប់ទុកជាមុនថាមេស្ស៊ីនឹងធ្វើអព្ភូតហេតុឲ្យមានស្រាឡើយ។ ប៉ុន្តែសូមស្រមៃគិតថា បើអស់ភេសជ្ជៈនៅពិធីមង្គលការរបស់អ្នក តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? លោកយេស៊ូទំនងជាមានចិត្តអាណិតមេត្តាចំពោះក្រុមគ្រួសារនោះ ជាពិសេសកូនកំលោះនិងកូនក្រមុំ ហើយលោកមិនចង់ឲ្យពួកគេខ្មាសគេទេ។ ដូច្នេះ ដូចបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ លោកបានធ្វើអព្ភូតហេតុ។ លោកបានធ្វើឲ្យទឹកប្រហែលជា៣៩០លីត្រទៅជាស្រាដែលមានគុណភាពល្អណាស់។ ប្រហែលជាលោកបានផ្ដល់ស្រាច្រើនបែបនេះដើម្បីឲ្យមានសល់ខ្លះសម្រាប់ប្រើនៅថ្ងៃក្រោយ ឬគេថែមទាំងអាចលក់វាដើម្បីជួយប្ដីប្រពន្ធថ្មីនោះមានប្រាក់ថែមទៀត។ គូប្ដីប្រពន្ធថ្មីថ្មោងនោះច្បាស់ជាមានអំណរគុណក្រៃលែង។
១០. តើព័ត៌មានខ្លះដែលមានន័យខ្លឹមសារក្នុងកំណត់ហេតុដែលបានត្រូវកត់ទុកនៅយ៉ូហាន ជំពូក២គឺជាអ្វី? (សូមមើលរូបភាពផងដែរ)
១០ សូមពិចារណាអំពីព័ត៌មានខ្លះដែលមានក្នុងកំណត់ហេតុនៅយ៉ូហាន ជំពូក២។ តើអ្នកបានកត់សម្គាល់ថាលោកយេស៊ូមិនមែនជាអ្នកដែលបានចាក់ទឹកឲ្យពេញពាងឬទេ? ជាជាងធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍មកលើលោក លោកបានប្រាប់ពួកអ្នកបម្រើឲ្យចាក់ទឹកឲ្យពេញពាងទាំងនោះ។ (ខ៦, ៧) ម្យ៉ាងទៀត ក្រោយពីលោកយេស៊ូបានធ្វើឲ្យទឹកទៅជាស្រា លោកមិនបានយកស្រាខ្លះទៅឲ្យអ្នកចាត់ចែងពិធីដោយផ្ទាល់ទេ។ ផ្ទុយទៅវិញ លោកបានប្រាប់ពួកអ្នកបម្រើឲ្យធ្វើដូច្នេះ។ (ខ៨) លោកយេស៊ូក៏ច្បាស់ជាមិនយកស្រាមួយកែវកាន់នៅមុខភ្ញៀវ ហើយអួតថា ‹សូមភ្លក់ស្រាដែលខ្ញុំទើបតែបានធ្វើនេះ!›។
១១. តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?
១១ តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូអំពីការធ្វើឲ្យទឹកទៅជាស្រា? គឺយើងរៀនអំពីចិត្តរាបទាប។ លោកយេស៊ូមិនអួតខ្លួនអំពីការធ្វើអព្ភូតហេតុនោះទេ។ តាមពិត លោកមិនដែលអួតអំពីអ្វីណាដែលលោកបានធ្វើឡើយ។ ផ្ទុយទៅវិញ ម្ដងហើយម្ដងទៀតដោយចិត្តរាបទាប លោកបានឲ្យការសរសើរតម្កើងនិងកិត្តិយសទាំងអស់ទៅបិតារបស់លោក។ (យ៉ូន. ៥:១៩, ៣០; ៨:២៨) បើយើងយកតម្រាប់លោកយេស៊ូដោយរក្សាចិត្តរាបទាប យើងនឹងមិនអួតអំពីអ្វីណាដែលយើងធ្វើឡើយ។ មិនថាយើងធ្វើអ្វីក្នុងកិច្ចបម្រើព្រះយេហូវ៉ាក៏ដោយ សូមយើងកុំអួតខ្លួន តែអួតអំពីព្រះដ៏អស្ចារ្យដែលយើងមានឯកសិទ្ធិបម្រើ។ (យេ. ៩:២៣, ២៤) សូមយើងឲ្យកិត្តិយសទៅលោកដែលលោកសមនឹងទទួល។ យើងមិនអាចសម្រេចអ្វីណាក៏ដោយបានទេ បើគ្មានជំនួយពីព្រះយេហូវ៉ា។—១កូ. ១:២៦-៣១
១២. តើយើងអាចមានចិត្តរាបទាបដូចលោកយេស៊ូតាមរបៀបណាទៀត? សូមលើកឧទាហរណ៍។
១២ សូមគិតអំពីរបៀបផ្សេងទៀតដែលយើងអាចមានចិត្តរាបទាបដូចលោកយេស៊ូ។ សូមស្រមៃគិតអំពីស្ថានភាពនេះ៖ អ្នកចាស់ទុំម្នាក់ចំណាយពេលជាច្រើនដើម្បីជួយជំនួយការខាងកិច្ចបម្រើវ័យក្មេងម្នាក់ឲ្យរៀបចំសុន្ទរកថាសាធារណៈជាលើកដំបូង។ ជាលទ្ធផល បងប្រុសវ័យក្មេងនោះបានថ្លែងសុន្ទរកថាដ៏គួរឲ្យលើកទឹកចិត្ត ដែលនាំឲ្យក្រុមជំនុំសប្បាយស្ដាប់។ ក្រោយពីកិច្ចប្រជុំ បុគ្គលម្នាក់មកជួបអ្នកចាស់ទុំនោះ ហើយនិយាយថា៖ ‹ប្អូនប្រុសនោះបានថ្លែងសុន្ទរកថាល្អណាស់ មែនទេ?›។ តើអ្នកចាស់ទុំនោះនឹងនិយាយថា៖ ‹បាទមែន តែដោយសារខ្ញុំចំណាយពេលច្រើនជួយគាត់ ទើបគាត់ថ្លែងបានល្អអ៊ីចឹង›ឬទេ? ឬតើគាត់គួរនិយាយដោយចិត្តរាបទាបថា៖ ‹បាទ គាត់ធ្វើបានល្អមែន។ ខ្ញុំមានមោទនភាពចំពោះគាត់ណាស់›? ពេលយើងមានចិត្តរាបទាប យើងមិនចាំបាច់ឲ្យគេសរសើរយើងចំពោះអ្វីល្អដែលយើងធ្វើសម្រាប់អ្នកឯទៀតឡើយ។ យើងស្កប់ចិត្តដោយដឹងថាព្រះយេហូវ៉ាឃើញនិងឲ្យតម្លៃចំពោះអ្វីដែលយើងធ្វើ។ (សូមពិនិត្យបន្ថែម ម៉ាថាយ ៦:២-៤; ហេប្រឺ ១៣:១៦) យើងពិតជាធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តពេលដែលយើងយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញចិត្តរាបទាប។—១ពេ. ៥:៦
មេរៀនអំពីចិត្តអាណិតមេត្តា
១៣. តើលោកយេស៊ូបានឃើញអ្វីនៅជិតក្រុងណេអ៊ីន ហើយតើលោកបានធ្វើអ្វី? (លូកា ៧:១១-១៥)
១៣ សូមអាន លូកា ៧:១១-១៥។ សូមស្រមៃគិតអំពីស្ថានភាពនេះដែលបានកើតឡើងប្រហែលជាពីរឆ្នាំក្រោយពីលោកយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើរបស់លោក។ លោកបានធ្វើដំណើរទៅក្រុងណេអ៊ីននាស្រុកកាលីឡេ ដែលមិនឆ្ងាយពីក្រុងស៊ូណែម ជាកន្លែងដែលអ្នកប្រកាសទំនាយអេលីសេបានប្រោសកូនប្រុសរបស់ស្ត្រីម្នាក់ឲ្យរស់ឡើងវិញប្រហែលជា៩០០ឆ្នាំមុននោះ។ (២បស. ៤:៣២-៣៧) កាលដែលលោកយេស៊ូចូលទៅជិតដល់ខ្លោងទ្វារ លោកឃើញគេហែសពចេញពីក្រុងនោះ។ ទិដ្ឋភាពនោះគឺគួរឲ្យអាណិតខ្លោចចិត្ត ដោយសារស្ត្រីមេម៉ាយម្នាក់បានបាត់បង់កូនតែមួយគត់របស់គាត់។ ប៉ុន្តែ ម្ដាយដែលកើតទុក្ខនោះមិននៅម្នាក់ឯងទេ មានមនុស្សមួយក្រុមធំពីក្រុងនោះនៅជាមួយគាត់ដែរ។ លោកយេស៊ូបានបញ្ឈប់ការដង្ហែសព ហើយធ្វើអ្វីដ៏អស្ចារ្យសម្រាប់ម្ដាយដែលកើតទុក្ខនោះ គឺលោកប្រោសកូនប្រុសរបស់គាត់ឲ្យរស់ឡើងវិញ។ នេះគឺជាការប្រោសឲ្យរស់ឡើងវិញដំបូងក្នុងចំណោមការប្រោសឲ្យរស់ឡើងវិញបីរបស់លោកយេស៊ូដែលបានត្រូវកត់ទុកក្នុងសៀវភៅដំណឹងល្អ។
១៤. តើព័ត៌មានខ្លះដ៏មានន័យខ្លឹមសារក្នុងកំណត់ហេតុដែលបានត្រូវកត់ទុកនៅលូកា ជំពូក៧គឺជាអ្វី? (សូមមើលរូបភាពផងដែរ)
១៤ សូមពិចារណាអំពីព័ត៌មានខ្លះដ៏មានន័យក្នុងកំណត់ហេតុនៅលូកា ជំពូក៧។ តើអ្នកបានកត់សម្គាល់ថាលោកយេស៊ូ«ក្រឡេកទៅឃើញ»ម្ដាយដែលកើតទុក្ខនោះសិន រួចមក«លោកមានចិត្តក្ដួលអាណិត»ឬទេ? (ខ១៣) ប្រហែលជាលោកយេស៊ូបានឃើញនាងយំកាលដែលនាងដើរនៅក្បែរសពរបស់កូនប្រុសនាង ហើយលោកអាណិតនាង។ លោកយេស៊ូមិនគ្រាន់តែមានចិត្តក្ដួលអាណិតចំពោះម្ដាយនោះប៉ុណ្ណោះទេ តែលោកក៏បានបង្ហាញចិត្តអាណិតមេត្តាចំពោះនាងដែរ។ លោកបានមានប្រសាសន៍ទៅនាង ទំនងជាដោយសំឡេងដ៏គួរឲ្យលើកទឹកចិត្តថា៖ «ឈប់យំទៅ»។ បន្ទាប់មក លោកបានធ្វើអ្វីមួយដើម្បីជួយនាង។ លោកបានប្រោសកូនប្រុសនោះឲ្យមានជីវិតឡើងវិញ ហើយ«ប្រគល់គាត់ឲ្យម្ដាយគាត់វិញ»។—ខ១៤, ១៥
១៥. តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?
១៥ តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូអំពីការប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ? យើងរៀនមេរៀនអំពីការបង្ហាញចិត្តអាណិតមេត្តាចំពោះពួកអ្នកដែលកើតទុក្ខ។ ពិតមែនថាយើងមិនអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដូចលោកយេស៊ូបានធ្វើទេ។ ប៉ុន្តែដូចលោកយេស៊ូ យើងអាចបណ្ដុះឲ្យមានចិត្តអាណិតមេត្តាចំពោះពួកអ្នកដែលកើតទុក្ខ ដោយសង្កេតមើលស្ថានភាពរបស់ពួកគេ។ យើងអាចចាត់វិធានការទុកជាមុនដើម្បីបង្ហាញចិត្តអាណិតមេត្តា តាមរយៈការនិយាយនិងការធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយពួកគេ ហើយសម្រាលទុក្ខពួកគេ។d (សុភ. ១៧:១៧; ២កូ. ១:៣, ៤; ១ពេ. ៣:៨) សូម្បីតែពាក្យសាមញ្ញនិងការប្រព្រឹត្តបន្តិចបន្តួច ក៏អាចលើកទឹកចិត្តនិងសម្រាលទុក្ខពួកគេខ្លាំងណាស់។
១៦. ដូចបានត្រូវសម្ដែងក្នុងរូបភាព តើអ្នករៀនអ្វីពីបទពិសោធន៍របស់ម្ដាយដែលបាត់បង់កូនគាត់នៅថ្មីៗនោះក្នុងសេចក្ដីស្លាប់?
១៦ សូមគិតអំពីបទពិសោធន៍មួយ។ កាលពីប៉ុន្មានឆ្នាំមុន ពេលកំពុងច្រៀងចម្រៀងនៅកិច្ចប្រជុំក្រុមជំនុំ បងស្រីម្នាក់បានសង្កេតឃើញម្ដាយម្នាក់ដែលនៅជិតគាត់យំ។ បទចម្រៀងនោះរៀបរាប់អំពីសេចក្ដីសង្ឃឹមនៃការប្រោសឲ្យរស់ឡើងវិញ ហើយម្ដាយនោះបានបាត់បង់កូនស្រីវ័យក្មេងរបស់គាត់ក្នុងសេចក្ដីស្លាប់នាពេលថ្មីៗនោះ។ ដោយដឹងដូច្នេះ ភ្លាមៗបងស្រីនោះបានទៅឈរនៅក្បែរម្ដាយដែលកំពុងយំ កៀកស្មាគាត់ ហើយបានបន្តច្រៀងចម្រៀងនោះជាមួយគាត់។ ក្រោយមក ម្ដាយនោះនិយាយថា៖ «ខ្ញុំមានអារម្មណ៍ពេញទៅដោយសេចក្ដីស្រឡាញ់ជាខ្លាំងចំពោះបងប្អូន»។ គាត់មានអំណរគុណខ្លាំងណាស់ដែលគាត់បានទៅកិច្ចប្រជុំ។ គាត់និយាយថា៖ «សាលប្រជុំគឺជាកន្លែងដែលយើងទទួលជំនួយ»។ យើងអាចប្រាកដថាព្រះយេហូវ៉ាកត់សម្គាល់និងឲ្យតម្លៃ សូម្បីតែចំពោះអ្វីសាមញ្ញដែលយើងធ្វើដើម្បីបង្ហាញចិត្តអាណិតមេត្តាចំពោះពួកអ្នកដែល«បាក់ទឹកចិត្ត» ដោយសារពួកគេបានបាត់បង់បុគ្គលជាទីស្រឡាញ់។—ចសព. ៣៤:១៨
ការសិក្សាស្រាវជ្រាវដែលនឹងពង្រឹងជំនឿ
១៧. តើយើងបានរៀនអ្វីខ្លះក្នុងអត្ថបទនេះ?
១៧ យើងអាចទទួលការលើកទឹកចិត្តជាខ្លាំង ពេលយើងសិក្សាកំណត់ហេតុក្នុងគម្ពីរអំពីអព្ភូតហេតុរបស់លោកយេស៊ូ។ កំណត់ហេតុទាំងនោះបង្រៀនយើងថាព្រះយេហូវ៉ានិងលោកយេស៊ូស្រឡាញ់យើងជាខ្លាំង ថាលោកយេស៊ូមានឫទ្ធានុភាពដើម្បីដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ ហើយថាយើងអាចមានទំនុកចិត្តទាំងស្រុងលើសេចក្ដីសន្យាដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគត ដែលមិនយូរទៀតនឹងក្លាយជាការពិតពេលរាជាណាចក្រព្រះគ្រប់គ្រងលើផែនដី។ កាលដែលយើងពិនិត្យមើលកំណត់ហេតុទាំងនោះ យើងអាចរំពឹងគិតអំពីរបៀបដែលយើងអាចមានគុណសម្បត្តិដូចលោកយេស៊ូ។ ប្រហែលជាអ្នកអាចរៀបចំសិក្សាផ្ទាល់ខ្លួនឬគោរពប្រណិប័តន៍ជាក្រុមគ្រួសារដែលផ្ដោតទៅលើអព្ភូតហេតុផ្សេងទៀតរបស់លោកយេស៊ូ។ សូមរកមើលមេរៀនដែលអ្នកអាចទាញយកពីកំណត់ហេតុនោះ ហើយបន្ទាប់មកសូមប្រាប់អ្នកឯទៀតអំពីអ្វីដែលអ្នករៀន។ ដោយធ្វើដូច្នេះ អ្នកនឹងអាចមានការសន្ទនាដែលគួរឲ្យលើកទឹកចិត្តជាច្រើន។—រ៉ូម ១:១១, ១២
១៨. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?
១៨ នៅជិតទីបញ្ចប់នៃកិច្ចបម្រើរបស់លោកយេស៊ូ លោកបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញជាលើកទី៣ដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ ប៉ុន្តែលើកនេះគឺខុសគ្នា ដោយសារលោកបានប្រោសបុគ្គលដែលជាមិត្តជាទីស្រឡាញ់ម្នាក់របស់លោក ហើយលោកបានធ្វើដូច្នេះក្រោមស្ថានភាពដ៏ចម្លែក។ តើយើងអាចរៀនអ្វីពីកំណត់ហេតុក្នុងសៀវភៅដំណឹងល្អអំពីអព្ភូតហេតុនេះ? ម្យ៉ាងទៀត តើយើងអាចពង្រឹងជំនឿរបស់យើងទៅលើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច? ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះ។
ចម្រៀងលេខ២០ លោកបានឲ្យបុត្រជាទីស្រឡាញ់
a លោកយេស៊ូបានធ្វើឲ្យខ្យល់ព្យុះដ៏ខ្លាំងទៅជាស្ងប់ អ្នកដែលឈឺជាសះស្បើយ និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ គឺគួរឲ្យរំភើបចិត្តណាស់ឲ្យអានអំពីអព្ភូតហេតុរបស់លោកយេស៊ូ! កំណត់ហេតុទាំងនោះបានត្រូវកត់ទុកក្នុងគម្ពីរ មិនមែនជាការកម្សាន្តទេ តែដើម្បីបង្រៀនយើង។ កាលដែលយើងពិចារណាឡើងវិញអំពីកំណត់ហេតុទាំងនោះ យើងរៀនមេរៀនដែលពង្រឹងជំនឿរបស់យើងអំពីព្រះយេហូវ៉ានិងលោកយេស៊ូ ព្រមទាំងគុណសម្បត្តិដែលយើងគួរបណ្ដុះឲ្យមាន។
b បណ្ឌិតម្នាក់ខាងគម្ពីរពន្យល់ថា៖ «នៅស្រុកផ្សេងៗដែលរៀបរាប់ក្នុងគម្ពីរ មនុស្សបានគិតថាការទទួលអ្នកឯទៀតដោយរាក់ទាក់គឺជាភារកិច្ចរបស់ពួកគេ ហើយអ្នកទទួលភ្ញៀវត្រូវធ្វើឲ្យប្រាកដថាភ្ញៀវរបស់ពួកគេមានអ្វីលើសពីសេចក្ដីត្រូវការ។ អ្នកទទួលភ្ញៀវល្អ ជាពិសេសនៅពិធីរៀបអាពាហ៍ពិពាហ៍ត្រូវឲ្យភ្ញៀវរបស់ពួកគេនូវម្ហូបអាហារនិងភេសជ្ជៈជាបរិបូរ»។
c សៀវភៅដំណឹងល្អរៀបរាប់អំពីអព្ភូតហេតុដ៏ជាក់លាក់របស់លោកយេស៊ូជាង៣០។ លោកយេស៊ូបានធ្វើអព្ភូតហេតុជាច្រើនទៀត ប៉ុន្តែជួនកាលកំណត់ហេតុគម្ពីរមិនបានរៀបរាប់អំពីអព្ភូតហេតុនីមួយៗទាំងនោះទេ។ មានពេលមួយដែល‹អ្នកនៅក្រុងមួយទាំងអស់›បានមកឯលោក ហើយ«លោកបានធ្វើឲ្យមនុស្សជាច្រើនដែលមានជំងឺផ្សេងៗជាសះស្បើយ»។—ម៉ាក. ១:៣២-៣៤
d មានយោបល់អំពីអ្វីដែលអ្នកអាចនិយាយឬធ្វើដើម្បីសម្រាលទុក្ខពួកអ្នកដែលកើតទុក្ខនៅក្នុងអត្ថបទដែលមានចំណងជើងថា «វិធីសម្រាលទុក្ខអ្នកដែលមានទុក្ខសោក»ក្នុងទស្សនាវដ្ដីប៉មយាមលេខ៣ ឆ្នាំ២០១៦ ទំព័រ៦-៧។
e ការពណ៌នាអំពីរូបភាព: កាលដែលលោកយេស៊ូនៅខាងក្រោយ កូនកំលោះនិងកូនក្រមុំព្រមទាំងភ្ញៀវរបស់ពួកគេអរសប្បាយពិសាស្រាដែលមានគុណភាពល្អ។