អត្ថបទសិក្សា ៤២
តើអ្នក«រង់ចាំធ្វើតាមបង្គាប់»ឬទេ?
«ប្រាជ្ញាពីស្ថានលើ . . . [គឺ]រង់ចាំធ្វើតាមបង្គាប់»។—យ៉ា. ៣:១៧
ចម្រៀងលេខ១០១ ចូរបម្រើដោយសាមគ្គីភាព
សេចក្ដីសង្ខេបa
១. ហេតុអ្វីយើងប្រហែលជាពិបាកស្ដាប់បង្គាប់?
ជួនកាល តើអ្នកពិបាកស្ដាប់បង្គាប់ឬទេ? ស្ដេចដាវីឌធ្លាប់មានការពិបាកនេះ ហេតុនេះហើយគាត់អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមធ្វើឲ្យខ្ញុំមានចិត្តចង់ស្ដាប់បង្គាប់លោក»។ (ចសព. ៥១:១២) ដាវីឌស្រឡាញ់ព្រះយេហូវ៉ា។ ប៉ុន្តែជួនកាល គាត់ពិបាកស្ដាប់បង្គាប់ ហើយយើងក៏ពិបាកធ្វើដូច្នេះដែរ។ ហេតុអ្វី? ទី១ យើងកើតមកដោយមានទំនោរចិត្តមិនចង់ស្ដាប់បង្គាប់។ ទី២ សាថានតែងតែព្យាយាមធ្វើឲ្យយើងបះបោរប្រឆាំងព្រះយេហូវ៉ា ដូចដែលវាបានធ្វើ។ (២កូ. ១១:៣) ទី៣ យើងរស់នៅក្នុងពិភពលោកដែលពេញទៅដោយចិត្តគំនិតបះបោរ ជា«ចិត្តគំនិត ដែលមានឥទ្ធិពលលើពួកអ្នកមិនស្ដាប់បង្គាប់»។ (អេភ. ២:២) យើងមិនគ្រាន់តែត្រូវខំតយុទ្ធនឹងទំនោរចិត្តខុសឆ្គងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវទប់ទល់នឹងការបង្ខិតបង្ខំដែលមេកំណាចនិងពិភពលោកនេះព្យាយាមដាក់មកលើយើងដើម្បីឲ្យយើងមិនស្ដាប់បង្គាប់។ យើងត្រូវខំព្យាយាមស្ដាប់បង្គាប់ព្រះយេហូវ៉ានិងពួកអ្នកដែលលោកបានតែងតាំងឲ្យមានអំណាច។
២. តើការ«រង់ចាំធ្វើតាមបង្គាប់»មានន័យយ៉ាងណា? (យ៉ាកុប ៣:១៧)
២ សូមអាន យ៉ាកុប ៣:១៧។ យ៉ាកុបបានសរសេរក្រោមការដឹកនាំរបស់ព្រះថា មនុស្សដែលមានប្រាជ្ញាគឺ«រង់ចាំធ្វើតាមបង្គាប់»។ សូមគិតអំពីអត្ថន័យនៃពាក្យនេះ។ យើងគួរមានចិត្តចង់ហើយក៏ពេញចិត្តស្ដាប់បង្គាប់ពួកអ្នកដែលព្រះយេហូវ៉ាបានផ្ដល់អំណាចមួយកម្រិត។ ប៉ុន្តែ ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងស្ដាប់បង្គាប់បុគ្គលណាដែលសុំយើងឲ្យបំពានបញ្ញត្តិរបស់លោកទេ។—សកម្ម. ៤:១៨-២០
៣. ហេតុអ្វីការស្ដាប់បង្គាប់ពួកអ្នកដែលមានអំណាចលើយើងគឺសំខាន់ចំពោះព្រះយេហូវ៉ា?
៣ យើងប្រហែលជាមានអារម្មណ៍ថាយើងស្រួលស្ដាប់បង្គាប់ព្រះយេហូវ៉ាជាងមនុស្ស។ ដោយសារព្រះយេហូវ៉ាតែងតែផ្ដល់ការណែនាំដ៏ល្អឥតខ្ចោះ។ (ចសព. ១៩:៧) ប៉ុន្តែ មនុស្សដែលព្រះយេហូវ៉ាផ្ដល់អំណាចឲ្យមិនមែនល្អឥតខ្ចោះទេ។ ទោះជាយ៉ាងនេះក្ដី បិតារបស់យើងនៅស្ថានសួគ៌បានផ្ដល់អំណាចមួយកម្រិតដល់ឪពុកម្ដាយ ពួកអាជ្ញាធរ និងពួកអ្នកចាស់ទុំ។ (សុភ. ៦:២០; ១ថែ. ៥:១២; ១ពេ. ២:១៣, ១៤) ពេលយើងស្ដាប់បង្គាប់ពួកគេ យើងកំពុងស្ដាប់បង្គាប់ព្រះយេហូវ៉ា។ សូមយើងពិចារណាអំពីរបៀបដែលយើងអាចស្ដាប់បង្គាប់មនុស្សដែលព្រះយេហូវ៉ាបានឲ្យអំណាច ទោះជាពេលខ្លះយើងប្រហែលជាពិបាកទទួលយកនិងធ្វើតាមការណែនាំរបស់ពួកគេក្ដី។
ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់អ្នក
៤. ហេតុអ្វីកូនជាច្រើនមិនស្ដាប់បង្គាប់ឪពុកម្ដាយ?
៤ នៅជុំវិញប្អូនៗវ័យក្មេងមានមនុស្សស្រករគ្នាដែលច្រើនតែ«មិនស្ដាប់បង្គាប់ឪពុកម្ដាយ»។ (២ធី. ៣:១, ២) ហេតុអ្វីពួកគេជាច្រើននាក់មិនស្ដាប់បង្គាប់? ពួកគេខ្លះគិតថាឪពុកម្ដាយធ្វើផ្ទុយពីអ្វីដែលពួកគេប្រាប់កូនរបស់ពួកគេឲ្យធ្វើ ហើយកូនៗគិតថានេះគឺអយុត្តិធម៌។ ក្មេងខ្លះទៀតចាត់ទុកដំបូន្មានឪពុកម្ដាយរបស់ពួកគេថាហួសសម័យ គ្មានប្រយោជន៍ ឬតឹងរ៉ឹងហួសហេតុពេក។ បើអ្នកជាបុគ្គលវ័យក្មេង តើអ្នកធ្លាប់មានអារម្មណ៍បែបនេះឬទេ? កូនៗជាច្រើននាក់ពិបាកធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ាដែលថា៖ «ចូរស្ដាប់បង្គាប់ឪពុកម្ដាយស្របតាមបំណងប្រាថ្នារបស់លោកម្ចាស់ ព្រោះធ្វើដូច្នេះគឺសុចរិត»។ (អេភ. ៦:១) ប៉ុន្តែ តើអ្វីអាចជួយអ្នកឲ្យធ្វើដូច្នេះ?
៥. ហេតុអ្វីលោកយេស៊ូគឺជាគំរូដ៏ល្អបំផុតអំពីការស្ដាប់បង្គាប់ឪពុកម្ដាយ ពេលនៅក្មេង? (លូកា ២:៤៦-៥២)
៥ អ្នកអាចរៀនឲ្យចេះស្ដាប់បង្គាប់ពីគំរូដ៏ល្អបំផុត ពោលគឺលោកយេស៊ូ។ (១ពេ. ២:២១-២៤) លោកជាមនុស្សល្អឥតខ្ចោះដែលមានឪពុកម្ដាយមិនល្អឥតខ្ចោះ។ ប៉ុន្តែ លោកយេស៊ូនៅតែលើកកិត្តិយសពួកគាត់ ទោះជាជួនកាលពួកគាត់ធ្វើខុសឬយល់ច្រឡំអំពីលោកក៏ដោយ។ (ដច. ២០:១២) សូមគិតអំពីអ្វីដែលបានកើតឡើងពេលលោកយេស៊ូមានអាយុ១២ឆ្នាំ។ (សូមអាន លូកា ២:៤៦-៥២) យ៉ូសែបនិងម៉ារៀមានភារកិច្ចធ្វើឲ្យប្រាកដថាកូនទាំងអស់នៅក្នុងចំណោមក្រុមមនុស្សដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្រោយពីបុណ្យមួយនាក្រុងយេរូសាឡិម។ ប៉ុន្តែ ឪពុកម្ដាយរបស់លោកយេស៊ូបានទុកលោកចោលនៅទីនោះ។ ពេលដែលយ៉ូសែបនិងម៉ារៀបានរកឃើញលោកយេស៊ូ ម៉ារៀបានស្ដីបន្ទោសលោកចំពោះការធ្វើឲ្យពួកគាត់ពិបាក។ លោកយេស៊ូអាចលើកឡើងថានេះគឺអយុត្តិធម៌។ តែផ្ទុយទៅវិញ លោកបានតបឆ្លើយយ៉ាងខ្លីដោយការគោរព។ យ៉ាងណាក្ដី យ៉ូសែបនិងម៉ារៀ«មិនបានយល់អត្ថន័យនៃពាក្យរបស់កូនឡើយ»។ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូ«បន្តស្ដាប់បង្គាប់ពួកគាត់»។
៦-៧. តើអ្វីអាចជួយប្អូនៗវ័យក្មេងឲ្យស្ដាប់បង្គាប់ឪពុកម្ដាយ?
៦ ប្អូនៗវ័យក្មេង តើប្អូនធ្លាប់ពិបាកស្ដាប់បង្គាប់ឪពុកម្ដាយពេលពួកគេធ្វើខុសឬពេលពួកគេយល់ច្រឡំអំពីប្អូនឬទេ? បើដូច្នេះ តើអ្វីអាចជួយ? ទី១ សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ា។ គម្ពីរចែងថាពេលប្អូនស្ដាប់បង្គាប់ឪពុកម្ដាយ នេះ«នាំឲ្យលោកម្ចាស់ពេញចិត្ត»។ (កូឡ. ៣:២០) ព្រះយេហូវ៉ាដឹងពេលឪពុកម្ដាយរបស់ប្អូនយល់ច្រឡំអំពីប្អូន ឬពេលពួកគេបង្កើតច្បាប់ដែលមិនស្រួលធ្វើតាម។ ប៉ុន្តែ ពេលប្អូនសម្រេចចិត្តស្ដាប់បង្គាប់ពួកគេ ប្អូនធ្វើឲ្យលោកសប្បាយរីករាយ។
៧ ទី២ សូមគិតអំពីអារម្មណ៍របស់ឪពុកម្ដាយ។ ពេលប្អូនស្ដាប់បង្គាប់ឪពុកម្ដាយ ប្អូនធ្វើឲ្យពួកគេសប្បាយរីករាយ ហើយពួកគេទុកចិត្តប្អូនច្រើនជាង។ (សុភ. ២៣:២២-២៥) ប្អូនទំនងជានឹងកាន់តែជិតស្និទ្ធជាមួយពួកគេផងដែរ។ បងប្រុសម្នាក់ឈ្មោះអាឡិចសង់ដ្រឺ ពីប្រទេសបែលហ្ស៊ិកនិយាយថា៖ «ពេលខ្ញុំចាប់ផ្ដើមធ្វើតាមសំណូមពររបស់ឪពុកម្ដាយខ្ញុំច្រើនជាង យើងកាន់តែជិតស្និទ្ធគ្នា ហើយសប្បាយរីករាយជាងមុន»។b ទី៣ សូមគិតអំពីរបៀបដែលការស្ដាប់បង្គាប់របស់ប្អូននៅឥឡូវនេះនឹងជួយប្អូននៅពេលក្រោយមក។ ប្អូនប្រុសប៉ូឡូដែលរស់នៅប្រទេសប្រេស៊ីល និយាយថា៖ «ការរៀនឲ្យចេះស្ដាប់បង្គាប់ឪពុកម្ដាយខ្ញុំ បានជួយខ្ញុំឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ានិងអ្នកឯទៀតដែលមានអំណាច»។ បណ្ដាំព្រះផ្ដល់មូលហេតុដ៏មុតមាំឲ្យប្អូនស្ដាប់បង្គាប់ឪពុកម្ដាយ ដោយចែងថា៖ «ដើម្បីឲ្យអ្នកបានសេចក្ដីសុខ និងមានជីវិតយូរអង្វែងនៅផែនដី»។—អេភ. ៦:២, ៣
៨. ហេតុអ្វីយុវវ័យជាច្រើនសម្រេចចិត្តស្ដាប់បង្គាប់ឪពុកម្ដាយ?
៨ មនុស្សវ័យក្មេងជាច្រើនឃើញថាការស្ដាប់បង្គាប់នាំឲ្យទទួលលទ្ធផលល្អ។ ដំបូង ប្អូនស្រីឈ្មោះលូអ៊ីសាដែលមកពីប្រទេសប្រេស៊ីលដែរ មិនយល់អំពីមូលហេតុដែលឪពុកម្ដាយរបស់គាត់មិនអនុញ្ញាតឲ្យគាត់មានទូរស័ព្ទអស់មួយរយៈពេល។ គាត់បានវែកញែកថា ម៉េចមនុស្សភាគច្រើនស្រករគាត់អាចមានទូរស័ព្ទ តែគាត់មិនអាចមានបាន។ ប៉ុន្តែ ក្រោយមកគាត់បានទទួលស្គាល់ថាអ្វីដែលឪពុកម្ដាយគាត់ធ្វើគឺដើម្បីការពារគាត់។ ឥឡូវគាត់និយាយថា៖ «ខ្ញុំឃើញថាការស្ដាប់បង្គាប់ឪពុកម្ដាយមិនមែនដូចជាការពាក់អាវរឹបដែលរើមិនរួចទេ តែគឺដូចខ្សែក្រវ៉ាត់ការពារដែលអាចជួយសង្គ្រោះជីវិតខ្ញុំ»។ ប្អូនស្រីឈ្មោះអេលីសាបិតពីសហរដ្ឋអាម៉េរិកជួនកាលពិបាកស្ដាប់បង្គាប់ឪពុកម្ដាយ។ គាត់ពន្យល់ថា៖ «ពេលខ្ញុំមិនសូវយល់មូលហេតុដែលឪពុកម្ដាយរបស់ខ្ញុំបង្កើតច្បាប់នេះឬច្បាប់នោះ ខ្ញុំគិតអំពីពេលដែលច្បាប់របស់ពួកគាត់បានការពារខ្ញុំកន្លងមក»។ ប្អូនស្រីឈ្មោះម៉ូនីកាពីប្រទេសអាមេនី និយាយថាគាត់តែងតែទទួលលទ្ធផលល្អជាងពេលស្ដាប់បង្គាប់ឪពុកម្ដាយជាជាងមិនស្ដាប់បង្គាប់ពួកគេ។
ចូរស្ដាប់បង្គាប់«ពួកអាជ្ញាធរ»
៩. តើមនុស្សជាច្រើនមានអារម្មណ៍យ៉ាងណាអំពីការធ្វើតាមច្បាប់?
៩ មនុស្សជាច្រើនទទួលស្គាល់ថាយើងត្រូវការពួកអាជ្ញាធរ ហើយថាយើងគួរធ្វើតាមច្បាប់ខ្លះដែលបានកំណត់ពី«ពួកអាជ្ញាធរ»ទាំងនោះ។ (រ៉ូម ១៣:១) ប៉ុន្តែ មនុស្សទាំងនោះប្រហែលជាស្ទាក់ស្ទើរក្នុងការធ្វើតាមច្បាប់ដែលមើលទៅអយុត្តិធម៌ឬតម្រូវច្រើនពេក។ ជាឧទាហរណ៍ សូមគិតអំពីការបង់ពន្ធ។ នៅប្រទេសមួយនាទ្វីបអឺរ៉ុប មនុស្សជាច្រើនគិតថា «មិនបង់ពន្ធក៏មិនខុសដែរបើគិតថានោះគឺអយុត្តិធម៌»។ មិនគួរឲ្យភ្ញាក់ផ្អើលទេដែលប្រជាជននៅប្រទេសនោះបង់ពន្ធតែពីរភាគបីនៃពន្ធដែលត្រូវជូនដល់រដ្ឋាភិបាល។
១០. ហេតុអ្វីយើងធ្វើតាមច្បាប់ សូម្បីតែច្បាប់ដែលយើងមិនចូលចិត្ត?
១០ គម្ពីរទទួលស្គាល់ថារដ្ឋាភិបាលរបស់មនុស្សនៅក្រោមការគ្រប់គ្រងរបស់សាថាន នាំឲ្យមានទុក្ខវេទនា ហើយមិនយូរទៀតនឹងត្រូវបំផ្លាញចោល។ (ចសព. ១១០:៥, ៦; អទ. ៨:៩; លូក. ៤:៥, ៦) គម្ពីរក៏ប្រាប់ដែរថា៖ «អ្នកណាដែលប្រឆាំងអំណាចនោះ អ្នកនោះកំពុងតតាំងនឹងការរៀបចំរបស់ព្រះ»។ ឥឡូវ ព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកអាជ្ញាធរគ្រប់គ្រងដើម្បីរក្សាសណ្ដាប់ធ្នាប់ ហើយលោកតម្រូវឲ្យយើងស្ដាប់បង្គាប់ពួកគេ។ ដូច្នេះ យើងត្រូវ«ជូនពួកគេទាំងអស់គ្នានូវអ្វីដែលពួកគេគួរទទួល»រួមមានពន្ធ ការគោរព និងការស្ដាប់បង្គាប់។ (រ៉ូម ១៣:១-៧) យើងប្រហែលជាចាត់ទុកច្បាប់ណាមួយថាអយុត្តិធម៌ តម្រូវឲ្យបង់លុយច្រើន ឬមិនស្រួលធ្វើតាម។ ប៉ុន្តែ យើងស្ដាប់បង្គាប់ពួកអាជ្ញាធរទាំងនេះ ដោយសារព្រះយេហូវ៉ាប្រាប់យើងឲ្យធ្វើដូច្នេះ ដរាបណាពួកគេមិនសុំយើងឲ្យធ្វើអ្វីដែលបំពានបញ្ញត្តិរបស់លោក។—សកម្ម. ៥:២៩
១១-១២. តើយ៉ូសែបនិងម៉ារៀបានធ្វើអ្វីដើម្បីធ្វើតាមច្បាប់មួយ ហើយតើមានលទ្ធផលអ្វី? (លូកា ២:១-៦) (សូមមើលរូបភាពផងដែរ)
១១ យើងអាចរៀនពីគំរូរបស់យ៉ូសែបនិងម៉ារៀដែលរង់ចាំធ្វើតាមបង្គាប់ពួកអាជ្ញាធរ ទោះជាពេលមិនស្រួលឲ្យធ្វើដូច្នេះក្ដី។ (សូមអាន លូកា ២:១-៦) ពេលម៉ារៀមានផ្ទៃពោះប្រហែល៩ខែ ការស្ដាប់បង្គាប់របស់ម៉ារៀនិងយ៉ូសែបបានត្រូវសាកល្បង។ អធិរាជអូគូសបានចេញច្បាប់ដែលឲ្យមនុស្សទាំងអស់នៅចក្រភពរ៉ូមទៅចុះបញ្ជីឈ្មោះនៅស្រុកកំណើតរបស់ពួកគេ។ យ៉ូសែបនិងម៉ារៀត្រូវធ្វើដំណើរទៅក្រុងបេថ្លេហិម ដែលអាចមានចម្ងាយរហូតដល់១៥០គីឡូម៉ែត្រ ហើយតម្រូវឲ្យឆ្លងកាត់តំបន់ទីទួល។ ការធ្វើដំណើរនោះមិនស្រួលទេ ជាពិសេសសម្រាប់ម៉ារៀ។ គូប្ដីប្រពន្ធនោះប្រហែលជាបារម្ភអំពីសុវត្ថិភាពរបស់នាងនិងទារកនៅក្នុងផ្ទៃរបស់នាង។ ចុះបើនាងស្រាប់តែឈឺពោះកាលដែលកំពុងធ្វើដំណើរតាមផ្លូវ? នាងកំពុងពរពោះអនាគតមេស្ស៊ីក្នុងផ្ទៃរបស់នាង។ តើអ្វីទាំងនោះជាលេសឲ្យពួកគាត់មិនស្ដាប់បង្គាប់រដ្ឋាភិបាលឬទេ?
១២ ទោះជាយ៉ូសែបនិងម៉ារៀអាចមានការព្រួយបារម្ភផ្សេងៗក្ដី ពួកគាត់បានធ្វើតាមច្បាប់នោះ។ ព្រះយេហូវ៉ាបានឲ្យពរពួកគាត់ចំពោះការស្ដាប់បង្គាប់។ ម៉ារៀបានទៅដល់ក្រុងបេថ្លេហិមដោយសុវត្ថិភាព បានសម្រាលទារកដែលមានសុខភាពល្អ ហើយថែមទាំងបានជួយសម្រេចទំនាយមួយក្នុងគម្ពីរទៀតផង។—មីកា ៥:២
១៣. តើការស្ដាប់បង្គាប់របស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើបងប្អូនយើង?
១៣ ពេលយើងស្ដាប់បង្គាប់ពួកអាជ្ញាធរ យើងផ្ទាល់ទទួលប្រយោជន៍ ហើយអ្នកឯទៀតក៏ទទួលប្រយោជន៍ដែរ។ តើតាមរបៀបណា? របៀបមួយគឺ យើងជៀសវាងលទ្ធផលអាក្រក់ដែលមកពីការមិនធ្វើតាមច្បាប់។ (រ៉ូម ១៣:៤) ការស្ដាប់បង្គាប់របស់យើងម្នាក់ៗអាចមានឥទ្ធិពលទៅលើទស្សនៈរបស់ពួកអាជ្ញាធរទៅលើសាក្សីព្រះយេហូវ៉ា។ ជាឧទាហរណ៍ ច្រើនឆ្នាំមុននៅប្រទេសនីហ្សេរីយ៉ា ពួកទាហានបានចូលទៅសាលប្រជុំដើម្បីរកមើលពួកអ្នកដែលធ្វើបាតុកម្មមិនចង់បង់ពន្ធ។ ប៉ុន្តែ មេទាហានម្នាក់បានប្រាប់ពួកទាហានឲ្យចាកចេញ ហើយនិយាយថា៖ «សាក្សីព្រះយេហូវ៉ាតែងតែបង់ពន្ធ»។ រាល់ដងដែលអ្នកធ្វើតាមច្បាប់ អ្នកអាចជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់រាស្ត្រព្រះយេហូវ៉ាកាន់តែល្អប្រសើរឡើង ជាកេរ្តិ៍ឈ្មោះដែលប្រហែលជានៅថ្ងៃណាមួយអាចជួយការពារបងប្អូនរួមជំនឿរបស់យើង។—ម៉ាថ. ៥:១៦
១៤. តើអ្វីបានជួយបងស្រីម្នាក់ឲ្យ«រង់ចាំធ្វើតាមបង្គាប់»នៃពួកអាជ្ញាធរ?
១៤ ប៉ុន្តែ យើងប្រហែលជាមិនតែងតែចង់ស្ដាប់បង្គាប់ពួកអាជ្ញាធរទេ។ បងស្រីចូអាណានៅសហរដ្ឋអាម៉េរិកសារភាពថា៖ «គឺពិបាកណាស់ឲ្យខ្ញុំស្ដាប់បង្គាប់ ដោយសារសមាជិកខ្លះក្នុងក្រុមគ្រួសារខ្ញុំបានរងអំពើអយុត្តិធម៌ពីពួកអាជ្ញាធរ»។ ប៉ុន្តែ បងចូអាណាបានសម្រេចចិត្តថា គាត់ត្រូវផ្លាស់ប្ដូររបៀបគិតគូររបស់គាត់ចំពោះពួកអាជ្ញាធរ។ ដូច្នេះ គាត់បានធ្វើដូចតទៅនេះ៖ ទី១ គាត់ឈប់អានព័ត៌មានដែលគេបង្ហោះលើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាដែលនិយាយប្រឆាំងនឹងពួកអាជ្ញាធរ។ (សុភ. ២០:៣) ទី២ គាត់បានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីគាត់អាចមានទំនុកចិត្តលើលោក ជាជាងទៅលើការផ្លាស់ប្ដូរនៃរដ្ឋាភិបាលរបស់មនុស្ស។ (ចសព. ៩:៩, ១០) ទី៣ គាត់អានអត្ថបទក្នុងសៀវភៅរបស់យើងអំពីអព្យាក្រឹតភាព។ (យ៉ូន. ១៧:១៦) បងចូអាណានិយាយថា ដោយសារគាត់គោរពនិងស្ដាប់បង្គាប់ពួកអាជ្ញាធរ ឥឡូវគាត់មានអារម្មណ៍ស្ងប់ចិត្តនិងស្កប់ចិត្តជាខ្លាំង។
ចូរធ្វើតាមការណែនាំពីអង្គការព្រះយេហូវ៉ា
១៥. ហេតុអ្វីយើងប្រហែលជាពិបាកធ្វើតាមការណែនាំដែលមកពីអង្គការព្រះយេហូវ៉ា?
១៥ ព្រះយេហូវ៉ាសុំយើងឲ្យ«ស្ដាប់បង្គាប់ ហើយចុះចូលនឹងពួកអ្នកដែលនាំមុខ»ក្នុងក្រុមជំនុំ។ (ហេ. ១៣:១៧) ទោះជាអ្នកដឹកនាំរបស់យើងលោកយេស៊ូគឺល្អឥតខ្ចោះក្ដី ពួកអ្នកដែលលោកប្រើដើម្បីនាំមុខនៅផែនដីមិនល្អឥតខ្ចោះទេ។ យើងប្រហែលជាពិបាកស្ដាប់បង្គាប់ពួកគេ ជាពិសេសបើពួកគេសុំយើងឲ្យធ្វើអ្វីដែលយើងមិនចង់ធ្វើ។ សាវ័កពេត្រុសធ្លាប់ស្ទាក់ស្ទើរក្នុងការស្ដាប់បង្គាប់។ ពេលទេវតាមួយរូបបានប្រាប់គាត់ឲ្យបរិភោគសត្វដែលមិនស្អាតក្រោមច្បាប់ម៉ូសេ ពេត្រុសបានបដិសេធមិនមែនមួយដង តែបីដង។ (សកម្ម. ១០:៩-១៦) ហេតុអ្វី? ពីព្រោះការណែនាំថ្មីនោះមិនសមហេតុសមផលចំពោះគាត់ ហើយគឺខុសគ្នាពីអ្វីដែលគាត់ធ្លាប់ធ្វើពីមុន។ បើពេត្រុសពិបាកធ្វើតាមការណែនាំពីទេវតាល្អឥតខ្ចោះ គឺមិនគួរឲ្យភ្ញាក់ផ្អើលទេដែលជួនកាលយើងប្រហែលជាពិបាកធ្វើតាមការណែនាំពីបុរសមិនល្អឥតខ្ចោះ។
១៦. ទោះជាសាវ័កប៉ូលអាចចាត់ទុកការណែនាំដែលគាត់បានទទួលថាមិនសមហេតុសមផលក្ដី តើគាត់បានធ្វើអ្វី? (សកម្មភាព ២១:២៣, ២៤, ២៦)
១៦ សាវ័កប៉ូល«រង់ចាំធ្វើតាមបង្គាប់» ទោះជាពេលគាត់បានទទួលការណែនាំដែលគាត់ប្រហែលជាមានអារម្មណ៍ថាមិនសមហេតុសមផលក្ដី។ គ្រិស្តសាសនិកជនជាតិយូដាបានឮពាក្យចចាមអារ៉ាមអំពីប៉ូលថា គាត់កំពុងផ្សព្វផ្សាយ«ឲ្យបោះបង់ចោលច្បាប់ម៉ូសេ» និងមើលងាយច្បាប់នោះ។ (សកម្ម. ២១:២១) ពួកគ្រិស្តសាសនិកដែលជាបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានប្រាប់ប៉ូលឲ្យយកបុរសបួននាក់ទៅវិហារ និងសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ដើម្បីបង្ហាញថាគាត់ធ្វើតាមច្បាប់។ ប៉ុន្តែ ប៉ូលបានដឹងថាគ្រិស្តសាសនិកលែងនៅក្រោមច្បាប់នោះទៀតហើយ ហើយថាគាត់មិនបានធ្វើអ្វីខុសដូចដែលពាក្យចចាមអារ៉ាមនោះទេ។ ទោះជាយ៉ាងនេះក្ដី ប៉ូលមិនស្ទាក់ស្ទើរឡើយ។ «លុះស្អែកឡើង ប៉ូលបានយកបុរសទាំងនោះទៅជាមួយ ក៏បានសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ»។ (សូមអាន សកម្មភាព ២១:២៣, ២៤, ២៦) ការស្ដាប់បង្គាប់របស់ប៉ូលបានធ្វើឲ្យមានសាមគ្គីភាព។—រ៉ូម ១៤:១៩, ២១
១៧. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងស្តេហ្វានី?
១៧ នៅពេលមួយ បងស្រីម្នាក់ឈ្មោះស្តេហ្វានីពិបាកទទួលយកការសម្រេចចិត្តរបស់បងប្រុសៗនៅការិយាល័យសាខា។ គាត់និងប្ដីរបស់គាត់បម្រើយ៉ាងសប្បាយក្នុងក្រុមភាសាបរទេសមួយ។ បន្ទាប់មក ការិយាល័យសាខាបានរំសាយក្រុមនោះ ហើយប្ដីប្រពន្ធនោះបានត្រូវចាត់ឲ្យត្រឡប់ទៅក្រុមជំនុំដែលនិយាយភាសាកំណើតរបស់ពួកគេវិញ។ បងស្តេហ្វានីសារភាពថា៖ «ខ្ញុំមិនសប្បាយចិត្តសោះ។ ខ្ញុំមិនជឿជាក់ថាក្រុមជំនុំដែលនិយាយភាសាកំណើតរបស់យើងមានសេចក្ដីត្រូវការច្រើនជាងទេ»។ ទោះជាយ៉ាងនេះក៏ដោយ គាត់បានសម្រេចចិត្តគាំទ្រការណែនាំថ្មីនោះ។ គាត់និយាយថា៖ «ក្រោយមក ខ្ញុំបានយល់អំពីមូលហេតុដែលការសម្រេចចិត្តរបស់បងប្រុសៗនោះគឺឈ្លាសវៃ។ ព្រោះឥឡូវយើងដូចជាឪពុកម្ដាយចំពោះបងប្អូនខ្លះនៅក្នុងក្រុមជំនុំរបស់យើងដែលមិនមានក្រុមគ្រួសារនៅក្នុងសេចក្ដីពិត។ ខ្ញុំកំពុងសិក្សាជាមួយបងស្រីដែលទើបតែមានសកម្មភាពឡើងវិញ ហើយឥឡូវខ្ញុំមានពេលច្រើនជាងសម្រាប់សិក្សាផ្ទាល់ខ្លួន»។ គាត់បន្ថែមថា៖ «ខ្ញុំមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសដោយដឹងថាខ្ញុំបានខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់»។
១៨. តើយើងទទួលប្រយោជន៍យ៉ាងណាពីការស្ដាប់បង្គាប់?
១៨ យើងអាចរៀនឲ្យចេះស្ដាប់បង្គាប់។ លោកយេស៊ូ«បានរៀនឲ្យចេះស្ដាប់បង្គាប់»មិនមែនដោយសារលោកស្ថិតក្នុងស្ថានភាពល្អទេ ប៉ុន្តែ«ដោយសារអ្វីៗដែលលោកបានរងទុក្ខ»។ (ហេ. ៥:៨) ដូចលោកយេស៊ូ យើងច្រើនតែរៀនឲ្យចេះស្ដាប់បង្គាប់ពេលស្ថិតក្នុងស្ថានភាពពិបាក។ ជាឧទាហរណ៍ ក្នុងអំឡុងពេលជំងឺកូវីដ-១៩បានផ្ទុះឡើងដំបូងៗ កាលដែលយើងបានត្រូវសុំឲ្យឈប់ជួបជុំគ្នានៅសាលប្រជុំ និងផ្អាកកិច្ចបម្រើផ្សាយរបស់យើងពីផ្ទះមួយទៅផ្ទះមួយ តើអ្នកពិបាកធ្វើតាមឬទេ? ទោះជាអ្នកមានអារម្មណ៍ពិបាកក្ដី ការស្ដាប់បង្គាប់របស់អ្នកបានការពារអ្នក បានជួយអ្នកឲ្យមានសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ និងបានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ឥឡូវ យើងទាំងអស់គ្នាបានត្រៀមខ្លួនល្អប្រសើរជាងដើម្បីធ្វើតាមការណែនាំណាដែលយើងទទួលក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ការធ្វើតាមការណែនាំទាំងនោះនឹងសង្គ្រោះជីវិតយើង។—យ៉ូប ៣៦:១១
១៩. ហេតុអ្វីអ្នកចង់ស្ដាប់បង្គាប់?
១៩ យើងបានរៀនថាការស្ដាប់បង្គាប់នាំឲ្យទទួលពរជាបរិបូរ។ ប៉ុន្តែ មូលហេតុសំខាន់ចម្បងដែលយើងសម្រេចចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ា គឺដោយសារយើងស្រឡាញ់លោក ហើយចង់ធ្វើឲ្យលោកពេញចិត្ត។ (១យ៉ូន. ៥:៣) យើងមិនអាចតបស្នងព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលលោកបានធ្វើសម្រាប់យើងទេ។ (ចសព. ១១៦:១២) ប៉ុន្តែ យើងអាចស្ដាប់បង្គាប់លោកនិងពួកអ្នកដែលមានអំណាចលើយើង។ បើយើងស្ដាប់បង្គាប់ យើងបង្ហាញថាយើងមានប្រាជ្ញា ហើយបុគ្គលដែលមានប្រាជ្ញាធ្វើឲ្យចិត្តព្រះយេហូវ៉ាត្រេកអរ។—សុភ. ២៧:១១
ចម្រៀងលេខ៨៩ បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
a ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលយើងពិបាកស្ដាប់បង្គាប់ សូម្បីតែពេលដែលបុគ្គលដែលឲ្យការណែនាំដល់យើងមានសិទ្ធិធ្វើដូច្នេះក្ដី។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីប្រយោជន៍ដែលយើងទទួលពេលស្ដាប់បង្គាប់ឪពុកម្ដាយ «ពួកអាជ្ញាធរ» និងបងប្រុសៗដែលនាំមុខក្នុងក្រុមជំនុំគ្រិស្តសាសនិក។
b ដើម្បីទទួលយោបល់អំពីរបៀបនិយាយជាមួយឪពុកម្ដាយអំពីច្បាប់ដែលប្អូនពិបាកធ្វើតាម សូមមើលសំណួរទី៣ «តើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្តខ្ញុំ?»ក្នុងសៀវភៅស្ដើងចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ។
c ការពណ៌នាអំពីរូបភាព៖ យ៉ូសែបនិងម៉ារៀបានធ្វើតាមបង្គាប់របស់សេសារដែលឲ្យទៅចុះបញ្ជីនៅក្រុងបេថ្លេហិម។ នៅសព្វថ្ងៃនេះ គ្រិស្តសាសនិកធ្វើតាមច្បាប់ចរាចរណ៍ ច្បាប់អំពីការបង់ពន្ធ និងការណែនាំអំពីសុខភាពដែល«ពួកអាជ្ញាធរ»កំណត់ឲ្យ។