អត្ថបទសិក្សា ៥០
ជំនឿនិងការប្រព្រឹត្តអាចនាំឲ្យសុចរិត
«[ចូរ]ដើរតាមលំអានដាននៃជំនឿដែលអាប្រាហាំជាឪពុកយើងធ្លាប់មាន»។—រ៉ូម ៤:១២
ចម្រៀងលេខ១១៩ យើងត្រូវតែមានជំនឿ
សេចក្ដីសង្ខេបa
១. ពេលយើងគិតអំពីជំនឿរបស់អាប្រាហាំ តើយើងអាចសួរសំណួរអ្វី?
ទោះជាមនុស្សជាច្រើនធ្លាប់ឮអំពីអាប្រាហាំក្ដី ពួកគេភាគច្រើនមិនសូវស្គាល់គាត់ទេ។ ក៏ប៉ុន្តែអ្នកស្គាល់ច្រើនអំពីអាប្រាហាំ។ ជាឧទាហរណ៍ អ្នកដឹងថាអាប្រាហាំបានត្រូវហៅថា៖ «ឪពុករបស់អស់អ្នកដែលមានជំនឿ»។ (រ៉ូម ៤:១១) ទោះជាយ៉ាងនេះក្ដី អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចដើរតាមលំអានដានរបស់អាប្រាហាំ ហើយមានជំនឿដូចគាត់ឬទេ?›។ មែន អ្នកអាចធ្វើដូច្នេះបាន។
២. ហេតុអ្វីគឺសំខាន់ឲ្យសិក្សាគំរូរបស់អាប្រាហាំ? (យ៉ាកុប ២:២២, ២៣)
២ របៀបមួយដែលយើងអាចបណ្ដុះឲ្យមានជំនឿដូចអាប្រាហាំ គឺដោយសិក្សាគំរូរបស់គាត់។ អាប្រាហាំតែងតែធ្វើតាមអ្វីដែលព្រះបានប្រាប់គាត់ឲ្យធ្វើ។ គាត់បានរើទៅតំបន់ដែលឆ្ងាយពីផ្ទះរបស់គាត់ រស់នៅក្នុងត្រសាលអស់ជាច្រើនឆ្នាំ និងសុខចិត្តជូនអ៊ីសាកជាកូនជាទីស្រឡាញ់ជាគ្រឿងបូជា។ ការប្រព្រឹត្តទាំងនោះបង្ហាញថាគាត់មានជំនឿដ៏មុតមាំ។ ជំនឿនិងការប្រព្រឹត្តរបស់អាប្រាហាំនាំឲ្យគាត់ទទួលការពេញចិត្តពីព្រះ ហើយទៅជាមិត្តសម្លាញ់របស់លោក។ (សូមអាន យ៉ាកុប ២:២២, ២៣) ព្រះយេហូវ៉ាក៏ចង់ឲ្យយើងទាំងអស់គ្នារួមទាំងអ្នក ទទួលការពេញចិត្តពីលោកនិងទៅជាមិត្តសម្លាញ់របស់លោកដែរ។ ហេតុនេះហើយ លោកបានដឹកនាំប៉ូលនិងយ៉ាកុបដែលជាអ្នកសរសេរគម្ពីរឲ្យលើកឡើងអំពីគំរូរបស់អាប្រាហាំ។ យើងនឹងពិចារណាអំពីអ្វីដែលរ៉ូម ជំពូក៤និងយ៉ាកុប ជំពូក២ចែងអំពីអាប្រាហាំ។ ជំពូកទាំងពីរនេះលើកឡើងអំពីពាក្យដ៏សំខាន់ស្ដីអំពីអាប្រាហាំ។
៣. តើទាំងប៉ូលទាំងយ៉ាកុបបានដកស្រង់បទគម្ពីរមួយណា?
៣ ទាំងប៉ូលទាំងយ៉ាកុបបានដកស្រង់ពាក្យនៅដើមកំណើត ១៥:៦ ដែលចែងថា៖ «អាប់រ៉ាមបានជឿអ្វីដែលព្រះយេហូវ៉ាប្រាប់គាត់។ ហេតុនេះហើយបានជាលោកចាត់ទុកគាត់ជាមនុស្សសុចរិត»។ ព្រះយេហូវ៉ាចាត់ទុកបុគ្គលណាម្នាក់ជាមនុស្សសុចរិត ឬគ្មានកន្លែងបន្ទោសពេលលោកពេញចិត្តនឹងបុគ្គលនោះ។ គឺអស្ចារ្យមែនដែលព្រះអាចចាត់ទុកមនុស្សមិនល្អឥតខ្ចោះនិងដែលមានការខុសឆ្គង ជាមនុស្សដែលគ្មានកន្លែងបន្ទោស! អ្នកច្បាស់ជាចង់ឲ្យព្រះចាត់ទុកអ្នកជាមនុស្សសុចរិត ហើយនេះអាចកើតឡើងបាន។ ឥឡូវ សូមយើងរៀនអំពីមូលហេតុដែលព្រះយេហូវ៉ាបានចាត់ទុកអាប្រាហាំថាជាមនុស្សសុចរិត និងអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យលោកចាត់ទុកយើងថាជាមនុស្សសុចរិត។
ជំនឿគឺចាំបាច់ដើម្បីព្រះចាត់ទុកជាមនុស្សសុចរិត
៤. តើអ្វីរារាំងមនុស្សមិនឲ្យទៅជាសុចរិត?
៤ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់បងប្អូននៅក្រុងរ៉ូម គាត់បាននិយាយថាមនុស្សទាំងអស់មានការខុសឆ្គង។ (រ៉ូម ៣:២៣) យ៉ាងនេះ តើតាមរបៀបណាអ្នកណាម្នាក់អាចត្រូវចាត់ទុកថាជាមនុស្សសុចរិត ឬគ្មានកន្លែងបន្ទោស ហើយទទួលការពេញចិត្តពីព្រះ? ដើម្បីជួយគ្រិស្តសាសនិកដែលមានចិត្តស្មោះទាំងអស់ឲ្យឆ្លើយសំណួរនេះ ប៉ូលបានលើកឡើងអំពីអាប្រាហាំ។
៥. ហេតុអ្វីព្រះយេហូវ៉ាបានហៅអាប្រាហាំថាជាមនុស្សសុចរិត? (រ៉ូម ៤:២-៤)
៥ ព្រះយេហូវ៉ាបានហៅអាប្រាហាំថាជាមនុស្សសុចរិតពេលដែលគាត់រស់នៅស្រុកកាណាន។ ហេតុអ្វីលោកអាចចាត់ទុកថាអាប្រាហាំជាមនុស្សសុចរិត? តើនេះគឺដោយសារអាប្រាហាំបានធ្វើតាមច្បាប់ម៉ូសេយ៉ាងល្អឥតខ្ចោះឬ? ប្រាកដជាមិនមែនទេ។ (រ៉ូម ៤:១៣) ប្រជាជាតិអ៊ីស្រាអែលទទួលច្បាប់នោះជាង៤០០ឆ្នាំក្រោយពីព្រះបានហៅអាប្រាហាំថាជាមនុស្សសុចរិត។ ដូច្នេះ ហេតុអ្វីព្រះយេហូវ៉ាហៅអាប្រាហាំថាជាមនុស្សសុចរិត? ព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់ដល់អាប្រាហាំ ហើយហៅគាត់ថាជាមនុស្សសុចរិតដោយសារជំនឿរបស់គាត់។—សូមអាន រ៉ូម ៤:២-៤
៦. ហេតុអ្វីព្រះអាចចាត់ទុកបុគ្គលដែលមានការខុសឆ្គងថាជាមនុស្សសុចរិត?
៦ ប៉ូលបាននិយាយថាពេលបុគ្គលម្នាក់មានជំនឿលើព្រះ «នោះលោកចាត់ទុកគាត់ថាជាមនុស្សសុចរិតដោយសារជំនឿ»។ (រ៉ូម ៤:៥) ប៉ូលបានបន្ថែមថា៖ «ដូចដាវីឌក៏បាននិយាយដែរអំពីសុភមង្គលរបស់អ្នកដែលព្រះចាត់ទុកថាជាមនុស្សសុចរិត ដោយមិនអាងលើអ្វីដែលអ្នកនោះធ្វើ។ គាត់និយាយថា៖ ‹អ្នកណាដែលបានត្រូវលើកលែងទោសចំពោះការប្រព្រឹត្តអាក្រក់ ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង អ្នកនោះមានសុភមង្គលហើយ។ អ្នកណាដែលព្រះយេហូវ៉ាមិនកត់ទុកការខុសឆ្គងរបស់គាត់ អ្នកនោះមានសុភមង្គលហើយ›»។ (រ៉ូម ៤:៦-៨; ចសព. ៣២:១, ២) ព្រះអភ័យទោសឬគ្របបាំងការខុសឆ្គងរបស់ពួកអ្នកដែលមានជំនឿលើលោក។ លោកអភ័យទោសឲ្យពួកគេទាំងស្រុង ហើយលែងកត់ទុកការខុសឆ្គងរបស់ពួកគេទៀត។ លោកចាត់ទុកបុគ្គលបែបនេះថាជាមនុស្សដែលគ្មានកន្លែងបន្ទោស ហើយជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេ។
៧. ហេតុអ្វីយើងអាចនិយាយថាអ្នកបម្រើរបស់ព្រះនៅអតីតកាលគឺជាមនុស្សសុចរិត?
៧ ទោះជាអាប្រាហាំ ដាវីឌ និងអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់ឯទៀតរបស់ព្រះបានត្រូវចាត់ទុកថាជាមនុស្សសុចរិតក្ដី ពួកគេនៅតែជាអ្នកដែលមានការខុសឆ្គងនិងជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្តែដោយសារជំនឿរបស់ពួកគេ ព្រះចាត់ទុកពួកគេថាជាមនុស្សដែលគ្មានកន្លែងបន្ទោស ជាពិសេសពេលប្រៀបធៀបជាមួយនឹងបុគ្គលដែលគ្មានជំនឿលើលោក។ (អេភ. ២:១២) នៅក្នុងសំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងរ៉ូម គាត់ពន្យល់ថាយើងត្រូវមានជំនឿដើម្បីទៅជាមិត្តសម្លាញ់របស់ព្រះ។ អាប្រាហាំនិងដាវីឌគឺជាមិត្តសម្លាញ់របស់ព្រះ ដោយសារពួកគាត់មានជំនឿលើលោក។ យើងក៏អាចទៅជាមិត្តសម្លាញ់របស់ព្រះដោយសារជំនឿរបស់យើងដែរ។
តើជំនឿនិងការប្រព្រឹត្តជាប់ទាក់ទងគ្នាយ៉ាងណា?
៨-៩. តើអ្នកខ្លះបានយល់ខុសយ៉ាងណាពីសំណេររបស់ប៉ូលនិងយ៉ាកុប ហើយហេតុអ្វី?
៨ អស់រាប់រយឆ្នាំ ទំនាក់ទំនងរវាងជំនឿនិងការប្រព្រឹត្តបានត្រូវជជែកតវ៉ាក្នុងពិភពគ្រិស្តសាសនា។ បព្វជិតខ្លះបង្រៀនថាអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលសេចក្ដីសង្គ្រោះ គឺគ្រាន់តែជឿលើលោកម្ចាស់យេស៊ូគ្រិស្ត។ អ្នកប្រហែលជាបានឮពួកគេនិយាយថា៖ «ចូរជឿលើព្រះយេស៊ូ ហើយអ្នកនឹងទទួលសេចក្ដីសង្គ្រោះ»។ បព្វជិតប្រហែលជាថែមទាំងដកស្រង់ពាក្យរបស់ប៉ូលដែលថា៖ «ព្រះចាត់ទុកថាជាមនុស្សសុចរិត ដោយមិនអាងលើអ្វីដែលអ្នកនោះធ្វើ»។ (រ៉ូម ៤:៦) ប៉ុន្តែ អ្នកឯទៀតនិយាយថាអ្នកអាចសង្គ្រោះខ្លួនឯង ដោយទៅកន្លែងផ្សេងៗដែលវិហារចាត់ទុកថាបរិសុទ្ធ ហើយដោយធ្វើអំពើល្អ។ ពួកគេប្រហែលជាដកស្រង់ពាក្យនៅយ៉ាកុប ២:២៤ ដែលថា៖ «មនុស្សម្នាក់នឹងត្រូវប្រកាសថា ជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត មិនគ្រាន់តែដោយសារជំនឿប៉ុណ្ណោះទេ»។
៩ ដោយសារមានទស្សនៈខុសៗគ្នាទាំងនេះ បណ្ឌិតខាងគម្ពីរខ្លះគិតថាប៉ូលនិងយ៉ាកុបមិនយល់ស្របគ្នាអំពីអ្វីដែលបុគ្គលម្នាក់ត្រូវធ្វើដើម្បីទទួលការពេញចិត្តពីព្រះ។ អ្នកបង្រៀនខាងសាសនាខ្លះអះអាងថាប៉ូលជឿថា បុគ្គលម្នាក់ត្រូវការតែជំនឿប៉ុណ្ណោះដើម្បីទទួលការពេញចិត្តពីព្រះ តែយ៉ាកុបជឿថាបុគ្គលម្នាក់ត្រូវប្រព្រឹត្តអំពើល្អដើម្បីទទួលការពេញចិត្តពីព្រះ។ សាស្ត្រាចារ្យម្នាក់ខាងសាសនាបាននិយាយថា យ៉ាកុបមិនយល់អំពីមូលហេតុដែលប៉ូលបានបញ្ជាក់ថាបុគ្គលម្នាក់ត្រូវការតែជំនឿប៉ុណ្ណោះដើម្បីទៅជាមនុស្សសុចរិតទេ ហើយថាយ៉ាកុបមិនយល់ស្របនឹងការពន្យល់របស់ប៉ូលឡើយ។ ប៉ុន្តែទាំងប៉ូលទាំងយ៉ាកុបបានសរសេរក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ (២ធី. ៣:១៦) ដូច្នេះ ច្បាស់ជាមានរបៀបដ៏សាមញ្ញមួយដើម្បីធ្វើឲ្យពាក្យរបស់ពួកគាត់ស៊ីគ្នា។ នោះគឺដោយពិចារណាអំពីអ្វីផ្សេងទៀតដែលពួកគាត់បានសរសេរនៅក្នុងសំបុត្ររបស់ពួកគាត់។
១០. តើប៉ូលនិយាយអំពី«ការប្រព្រឹត្ត»ណាជាពិសេស? (រ៉ូម ៣:២០, ២១, ២៨) (សូមមើលរូបភាពផងដែរ)
១០ តើប៉ូលបាននិយាយអំពី«ការប្រព្រឹត្ត»អ្វីនៅរ៉ូម ជំពូក៣និង៤? គាត់សំដៅជាពិសេសទៅលើ«ការប្រព្រឹត្តតាមច្បាប់» ពោលគឺច្បាប់ម៉ូសេដែលបានត្រូវឲ្យនៅភ្នំស៊ីណាយ។ (សូមអាន រ៉ូម ៣:២០, ២១, ២៨) តាមមើលទៅនៅសម័យប៉ូល គ្រិស្តសាសនិកជនជាតិយូដាខ្លះបានជឿថាពួកគេនៅតែត្រូវធ្វើតាមច្បាប់ម៉ូសេ។ ហេតុនេះហើយ ប៉ូលបានលើកឡើងអំពីគំរូរបស់អាប្រាហាំដើម្បីបង្ហាញថាការដែលព្រះរាប់ជាមនុស្សសុចរិតមិនអាស្រ័យលើ«ការប្រព្រឹត្តតាមច្បាប់»នោះទេ តែអាស្រ័យលើជំនឿ។ នេះគួរឲ្យលើកទឹកចិត្តមែន ដោយសារនេះបង្រៀនយើងថាបើយើងមានជំនឿទៅលើព្រះនិងគ្រិស្ត យើងអាចទទួលការពេញចិត្តពីព្រះ។
១១. តើយ៉ាកុបបានលើកឡើងអំពី«ការប្រព្រឹត្ត»បែបណា?
១១ ផ្ទុយទៅវិញ «ការប្រព្រឹត្ត»នៅយ៉ាកុប ជំពូកទី២ មិនមែនជា«ការប្រព្រឹត្តតាមច្បាប់»ដែលប៉ូលបានរៀបរាប់នោះទេ។ យ៉ាកុបសំដៅទៅលើការប្រព្រឹត្ត ឬសកម្មភាពដែលគ្រិស្តសាសនិកធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការប្រព្រឹត្តបែបនេះបង្ហាញថា តើគ្រិស្តសាសនិកម្នាក់មានជំនឿពិតប្រាកដទៅលើព្រះឬមិនមាន។ សូមពិចារណាឧទាហរណ៍ពីរដែលយ៉ាកុបបានប្រើ។
១២. តើយ៉ាកុបបានពន្យល់យ៉ាងណាអំពីទំនាក់ទំនងរវាងជំនឿនិងការប្រព្រឹត្ត? (សូមមើលរូបភាពផងដែរ)
១២ ក្នុងឧទាហរណ៍ទី១ យ៉ាកុបបាននិយាយថាគ្រិស្តសាសនិកត្រូវប្រព្រឹត្តដោយមិនរើសមុខចំពោះអ្នកឯទៀត។ គាត់បង្ហាញចំណុចនេះដោយលើកឡើងអំពីបុរសដែលបានបង្ហាញចិត្តសប្បុរសចំពោះអ្នកមាន តែមើលងាយអ្នកក្រ។ យ៉ាកុបលើកឡើងថាបុរសបែបនេះប្រហែលជាអះអាងថាខ្លួនមានជំនឿ ប៉ុន្តែការប្រព្រឹត្តរបស់គាត់គឺផ្ទុយស្រឡះ។ (យ៉ា. ២:១-៥, ៩) ក្នុងឧទាហរណ៍ទី២ យ៉ាកុបបានលើកឡើងអំពីបុគ្គលដែលបានឃើញ«បងប្អូនប្រុសឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ឬអាហារគ្រប់គ្រាន់» ប៉ុន្តែមិនបានផ្ដល់ជំនួយទេ។ ទោះជាបុគ្គលនោះអះអាងថាគាត់មានជំនឿក្ដី ការប្រព្រឹត្តរបស់គាត់បានបង្ហាញថាគាត់គ្មានជំនឿឡើយ។ ដូចយ៉ាកុបបានសរសេរ «ប្រសិនបើមានជំនឿ តែគ្មានការប្រព្រឹត្ត ជំនឿនោះគឺស្លាប់ហើយ»។—យ៉ា. ២:១៤-១៧
១៣. តើយ៉ាកុបបានលើកឧទាហរណ៍អ្វីដើម្បីបង្ហាញថាយើងត្រូវការជំនឿនិងការប្រព្រឹត្ត? (យ៉ាកុប ២:២៥, ២៦)
១៣ យ៉ាកុបបានលើកឡើងថារ៉ាហាបជាគំរូដ៏ល្អស្ដីអំពីជំនឿដែលមានការប្រព្រឹត្ត។ (សូមអាន យ៉ាកុប ២:២៥, ២៦) រ៉ាហាបបានឮអំពីព្រះយេហូវ៉ា ហើយបានទទួលស្គាល់ថាលោកកំពុងគាំទ្រជនជាតិអ៊ីស្រាអែល។ (យ៉ូស. ២:៩-១១) គាត់បានបង្ហាញជំនឿដោយការប្រព្រឹត្ត ពោលគឺគាត់បានការពារអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលពីរនាក់ពេលដែលពួកគេស្ថិតក្នុងគ្រោះថ្នាក់។ ជាលទ្ធផល ស្ត្រីមិនល្អឥតខ្ចោះដែលមិនមែនជាជនជាតិអ៊ីស្រាអែលនេះបានត្រូវចាត់ទុកជាមនុស្សសុចរិត ដូចដែលអាប្រាហាំបានត្រូវចាត់ទុកដែរ។ គំរូរបស់ស្ត្រីនោះបញ្ជាក់ថាជំនឿដែលមានការប្រព្រឹត្តគឺសំខាន់ណាស់។
១៤. ហេតុអ្វីយើងអាចនិយាយថាសំណេររបស់ប៉ូលនិងរបស់យ៉ាកុបមិនប្រឆាំងគ្នា?
១៤ ដូច្នេះ ប៉ូលនិងយ៉ាកុបកំពុងពន្យល់អំពីជំនឿនិងការប្រព្រឹត្តតាមរបៀបពីរផ្សេងគ្នា។ ប៉ូលកំពុងប្រាប់គ្រិស្តសាសនិកជនជាតិយូដាថាពួកគេនឹងមិនអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដោយសារតែធ្វើតាមច្បាប់ម៉ូសេឡើយ។ យ៉ាកុបបញ្ជាក់ថាគ្រិស្តសាសនិកទាំងអស់ត្រូវបង្ហាញជំនឿរបស់ពួកគេដោយធ្វើល្អចំពោះអ្នកឯទៀត។
១៥. តើយើងអាចបង្ហាញថាយើងមានជំនឿដោយការប្រព្រឹត្តរបស់យើងតាមរបៀបណាខ្លះ? (សូមមើលរូបភាពផងដែរ)
១៥ ព្រះយេហូវ៉ាមិនបានមានប្រសាសន៍ថា ដើម្បីឲ្យលោកចាត់ទុកយើងជាមនុស្សសុចរិត យើងត្រូវតែធ្វើដូចអាប្រាហាំបេះបិទនោះទេ។ តាមពិត មានរបៀបជាច្រើនដែលយើងអាចបង្ហាញដោយការប្រព្រឹត្តថាយើងមានជំនឿ។ ជាឧទាហរណ៍ យើងអាចស្វាគមន៍អ្នកថ្មីនៅក្រុមជំនុំ ជួយបងប្អូនដែលពិតជាត្រូវការជំនួយ និងធ្វើល្អដល់សមាជិកក្រុមគ្រួសាររបស់យើង។ អ្វីទាំងអស់នេះជាការប្រព្រឹត្តដែលនាំឲ្យព្រះពេញចិត្តនិងនាំឲ្យទទួលពរ។ (រ៉ូម ១៥:៧; ១ធី. ៥:៤, ៨; ១យ៉ូន. ៣:១៨) របៀបដ៏សំខាន់បំផុតមួយដែលយើងអាចបង្ហាញថាយើងមានជំនឿ គឺដោយប្រាប់ដំណឹងល្អដល់អ្នកឯទៀតយ៉ាងខ្នះខ្នែង។ (១ធី. ៤:១៦) យើងទាំងអស់គ្នាអាចបង្ហាញដោយការប្រព្រឹត្តថា យើងមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថានឹងមកជាពិត ហើយថាផ្លូវរបស់លោកគឺល្អបំផុត។ បើយើងធ្វើដូច្នេះ យើងអាចជឿជាក់យ៉ាងមុតមាំថាព្រះនឹងរាប់យើងជាមនុស្សសុចរិត ហើយហៅយើងជាមិត្តសម្លាញ់របស់លោក។
សេចក្ដីសង្ឃឹមគឺចាំបាច់ដើម្បីមានជំនឿ
១៦. តើសេចក្ដីសង្ឃឹមជាប់ទាក់ទងយ៉ាងណានឹងជំនឿរបស់អាប្រាហាំ?
១៦ រ៉ូម ជំពូក៤ លើកបញ្ជាក់អំពីមេរៀនដ៏សំខាន់ចាំបាច់ផ្សេងទៀតដែលយើងអាចរៀនពីអាប្រាហាំ គឺសារៈសំខាន់នៃសេចក្ដីសង្ឃឹម។ ព្រះយេហូវ៉ាបានសន្យាថាតាមរយៈអាប្រាហាំ «ប្រជាជាតិជាច្រើន»នឹងទទួលពរ។ សូមស្រមៃគិតអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលអាប្រាហាំមាន។ (ដក. ១២:៣; ១៥:៥; ១៧:៤; រ៉ូម ៤:១៧) ប៉ុន្តែ ទោះជាអាប្រាហាំមានអាយុ១០០ឆ្នាំ ហើយសារ៉ាមានអាយុ៩០ឆ្នាំក្ដី កូនដែលបានត្រូវសន្យានោះមិនទាន់កើតមកទេ។ តាមទស្សនៈរបស់មនុស្ស មើលទៅអាប្រាហាំនិងសារ៉ាមិនអាចមានកូនឡើយ។ នេះជាការល្បងលសម្រាប់អាប្រាហាំមែន។ ទោះជាយ៉ាងនោះក្ដី «គាត់បានជឿជាក់ថាគាត់នឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន»។ (រ៉ូម ៤:១៨, ១៩) នៅទីបំផុត អ្វីដែលអាប្រាហាំបានសង្ឃឹមបានក្លាយជាការពិតមែន។ គាត់បានទៅជាឪពុករបស់អ៊ីសាកជាកូនប្រុសដែលគាត់បានទន្ទឹងរង់ចាំដោយក្ដីសង្ឃឹម។—រ៉ូម ៤:២០-២២
១៧. តើយើងដឹងយ៉ាងដូចម្ដេចថាយើងអាចត្រូវរាប់ជាមនុស្សសុចរិតជាមិត្តសម្លាញ់របស់ព្រះ?
១៧ យើងអាចទទួលការពេញចិត្តពីព្រះនិងរាប់ជាមនុស្សសុចរិត ព្រមទាំងជាមិត្តសម្លាញ់របស់លោក ដូចអាប្រាហាំ។ តាមពិត នេះជាអ្វីដែលប៉ូលបានលើកបញ្ជាក់ពេលគាត់សរសេរថា៖ «ពាក្យក្នុងបទគម្ពីរដែលថា៖ ‹គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត› គឺមិនមែនសម្រាប់តែ[អាប្រាហាំ]ប៉ុណ្ណោះទេ។ តែក៏សម្រាប់យើងដែរ ជាអ្នកដែលព្រះនឹងកំណត់ថាត្រូវចាត់ទុកជាមនុស្សសុចរិត ពីព្រោះយើងបានជឿលោកដែលបានប្រោសលោកយេស៊ូ . . . ឲ្យរស់ពីស្លាប់ឡើងវិញ»។ (រ៉ូម ៤:២៣, ២៤) ដូចអាប្រាហាំ យើងត្រូវមានទាំងជំនឿទាំងការប្រព្រឹត្ត ព្រមទាំងមានសេចក្ដីសង្ឃឹមផងដែរ។ ប៉ូលបន្តនិយាយអំពីសេចក្ដីសង្ឃឹមរបស់យើងនៅរ៉ូម ជំពូកទី៥ ហើយនេះជាអ្វីដែលយើងនឹងពិចារណាក្នុងអត្ថបទបន្ទាប់។
ចម្រៀងលេខ២៨ ការចងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា
a យើងចង់ទទួលការពេញចិត្តពីព្រះនិងឲ្យលោកចាត់ទុកយើងថាជាមនុស្សសុចរិត។ ក្នុងអត្ថបទនេះ យើងនឹងប្រើសំណេររបស់ប៉ូលនិងយ៉ាកុបដើម្បីពិចារណាអំពីរបៀបធ្វើដូច្នេះបាន ហើយអំពីមូលហេតុដែលយើងត្រូវមានទាំងជំនឿទាំងការប្រព្រឹត្តដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា។
b ការពណ៌នាអំពីរូបភាព៖ ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិយូដាឲ្យផ្ដោតអារម្មណ៍ទៅលើជំនឿ មិនមែនទៅលើ«ការប្រព្រឹត្តតាមច្បាប់»ទេ ដូចជាការពាក់ខ្សែពណ៌ខៀវនៅលើរំយោលជាយអាវ ធ្វើបុណ្យរំលង និងការលាងសម្អាតតាមទំនៀមទម្លាប់សាសនា។
c ការពណ៌នាអំពីរូបភាព៖ យ៉ាកុបបានលើកទឹកចិត្តឲ្យបង្ហាញជំនឿដោយប្រព្រឹត្តល្អចំពោះអ្នកឯទៀត ដូចជាជួយជនក្រីក្រ។