«យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»
«យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាការី ៨:២៣
១, ២. (ក) តើព្រះយេហូវ៉ាបានមានប្រសាសន៍ថាអ្វីនឹងកើតឡើងនៅសម័យយើង? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
ព្រះយេហូវ៉ាបានមានប្រសាសន៍ថា នៅសម័យរបស់យើង «មនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (សាការី ៨:២៣) «សាសន៍យូដា»នោះជាតំណាងពួកអ្នកដែលព្រះបានរើសតាំងដោយសកម្មពលបរិសុទ្ធ។ ពួកគាត់ក៏បានត្រូវហៅថា«អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦) «មនុស្ស១០នាក់»ជាតំណាងអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ ពួកគេដឹងថាព្រះយេហូវ៉ាបានឲ្យពរដល់ក្រុមនៃអ្នកដែលបានត្រូវរើសតាំងនេះ ហើយយល់ថាការគោរពប្រណិប័តន៍លោកជាមួយនឹងពួកគាត់គឺជាកិត្ដិយសមួយ។
២ ដូចអ្នកប្រកាសទំនាយសាការីដែរ លោកយេស៊ូបានមានប្រសាសន៍ថារាស្ត្ររបស់ព្រះនឹងមានសាមគ្គីភាព។ លោកបានរៀបរាប់អំពីអ្នកដែលទន្ទឹងរង់ចាំរស់ជារៀងរហូតនៅស្ថានសួគ៌ថាជា«ហ្វូងតូច» ហើយអ្នកដែលទន្ទឹងរង់ចាំរស់ជារៀងរហូតនៅផែនដីថាជា«ចៀមឯទៀត»។ ប៉ុន្តែ លោកយេស៊ូបានមានប្រសាសន៍ថាពួកគេទាំងអស់នឹងទៅជា«ហ្វូងតែមួយ» ហើយនឹងតាមលោក ដែលជា«គង្វាលតែម្នាក់»របស់ពួកគេ។ (លូកា ១២:៣២; យ៉ូហាន ១០:១៦) ដោយសារមានពីរក្រុម អ្នកខ្លះប្រហែលជាឆ្ងល់ថា៖ (១) តើចៀមឯទៀតត្រូវស្គាល់ឈ្មោះនៃអស់អ្នកដែលបានត្រូវរើសតាំងនៅសព្វថ្ងៃនេះឬទេ? (២) តើពួកអ្នកដែលបានត្រូវរើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន? (៣) បើបុគ្គលណាម្នាក់ក្នុងក្រុមជំនុំរបស់ខ្ញុំចាប់ផ្ដើមបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹក តើខ្ញុំគួរប្រព្រឹត្តយ៉ាងណាចំពោះគាត់? (៤) ពេលខ្ញុំឃើញចំនួននៃអ្នកដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកចេះតែកើនឡើង តើខ្ញុំត្រូវបារម្ភឬទេ? អត្ថបទនេះនឹងឆ្លើយសំណួរទាំងនេះ។
តើយើងត្រូវស្គាល់ឈ្មោះនៃអស់អ្នកដែលបានត្រូវរើសតាំងនៅសព្វថ្ងៃនេះឬទេ?
៣. ហេតុអ្វីយើងមិនអាចដឹងប្រាកដថាអ្នកណានឹងទៅជាសមាជិកនៃពួក១៤៤.០០០នាក់?
៣ តើចៀមឯទៀតត្រូវស្គាល់ឈ្មោះនៃអស់អ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីនៅឡើយនាសព្វថ្ងៃនេះឬទេ? ទេ។ ហេតុអ្វី? ពីព្រោះគ្មានអ្នកណាម្នាក់អាចដឹងប្រាកដថាអ្នកទាំងនោះនឹងទទួលរង្វាន់របស់ពួកគាត់ឡើយ។[១] (សូមមើលកំណត់នៅចុងអត្ថបទ) ទោះជាព្រះបានអញ្ជើញពួកគាត់ឲ្យទៅស្ថានសួគ៌ក្ដី ពួកគាត់នឹងទទួលរង្វាន់របស់ពួកគាត់ លុះត្រាតែពួកគាត់នៅស្មោះត្រង់។ សាថានដឹងអំពីរឿងនេះ ហើយវាប្រើ«អ្នកប្រកាសទំនាយមិនពិត»ដើម្បីព្យាយាម«បំភាន់»ពួកគាត់។ (ម៉ាថាយ ២៤:២៤) គ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនអាចដឹងប្រាកដថាពួកគាត់នឹងទទួលរង្វាន់របស់ពួកគាត់ឬយ៉ាងណាទេ រហូតដល់ព្រះយេហូវ៉ាបញ្ជាក់ឲ្យពួកគាត់ដឹងថាលោកបានវិនិច្ឆ័យពួកគាត់ថាជាមនុស្សស្មោះត្រង់។ ព្រះយេហូវ៉ានឹងធ្វើការបញ្ជាក់ចុងក្រោយនេះថាលោកពេញចិត្តនឹងពួកគាត់ ឬបោះត្រាជាលើកចុងក្រោយ នៅពេលមុនពួកគាត់ស្លាប់ ឬក៏បន្ដិចមុន«គ្រាទុក្ខវេទនាដ៏ខ្លាំង»ចាប់ផ្ដើម។—ការបើកបង្ហាញ ២:១០; ៧:៣, ១៤
លោកយេស៊ូគឺជាអ្នកដឹកនាំរបស់យើង ហើយយើងត្រូវកាន់តាមតែលោកប៉ុណ្ណោះ
៤. បើយើងមិនអាចស្គាល់ឈ្មោះនៃអស់អ្នកដែលបានត្រូវរើសតាំងដែលកំពុងរស់នៅផែនដីនៅសព្វថ្ងៃនេះ តើតាមរបៀបណាយើងអាច«ទៅជាមួយនឹង»ពួកគាត់?
៤ បើចៀមឯទៀតមិនអាចស្គាល់ឈ្មោះនៃអស់អ្នកដែលបានត្រូវរើសតាំងដែលកំពុងរស់នៅផែនដីនៅសព្វថ្ងៃនេះ តើតាមរបៀបណាពួកគេអាច«ទៅជាមួយនឹង»ពួកគាត់? គម្ពីរចែងថា«មនុស្ស១០នាក់»នោះនឹង«ចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ ខគម្ពីរនេះចែងអំពីជនជាតិយូដាម្នាក់។ ប៉ុន្តែ ពាក្យថា«អ្នក»និង«អ្នករាល់គ្នា» សំដៅលើមនុស្សលើសពីម្នាក់។ នេះមានន័យថាជនជាតិយូដានោះគឺមិនគ្រាន់តែជាមនុស្សម្នាក់ទេ តែជាតំណាងក្រុមទាំងមូលនៃអ្នកដែលព្រះបានរើសតាំង។ ចៀមឯទៀតដឹងអំពីរឿងនេះ ហើយពួកគេបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមនោះ។ ពួកគេមិនចាំបាច់ស្គាល់ឈ្មោះនៃសមាជិកទាំងអស់នៃក្រុមនោះ ហើយកាន់តាមពួកគាត់ម្នាក់ៗឡើយ។ លោកយេស៊ូគឺជាអ្នកដឹកនាំរបស់យើង ហើយគម្ពីរប្រាប់យើងឲ្យកាន់តាមតែលោកប៉ុណ្ណោះ។—ម៉ាថាយ ២៣:១០
តើពួកអ្នកដែលបានត្រូវរើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន?
៥. តើអ្នកដែលបានត្រូវរើសតាំងគួរគិតឲ្យបានដិតដល់អំពីការព្រមានអ្វី ហើយហេតុអ្វី?
៥ អ្នកដែលបានត្រូវរើសតាំងគួរគិតឲ្យបានដិតដល់អំពីការព្រមាននៅកូរិនថូសទី១ ១១:២៧-២៩។ (សូមអាន) តើតាមរបៀបណាអ្នកដែលបានត្រូវរើសតាំងម្នាក់អាចបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹក«ដោយខ្លួនមិនសមនឹងទទួល»? បើគាត់មិនរក្សាចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា ហើយមិនស្មោះត្រង់នឹងលោក នោះពេលគាត់បរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរ គាត់មិនបង្ហាញការគោរពឡើយ។ (ហេប្រឺ ៦:៤-៦; ១០:២៦-២៩) ការព្រមានដ៏ម៉ឺងម៉ាត់នេះរំលឹកអ្នកដែលព្រះបានរើសតាំងថាពួកគាត់ត្រូវនៅស្មោះត្រង់ បើពួកគាត់ចង់ទទួល«រង្វាន់ ពោលគឺ ព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌តាមរយៈគ្រិស្តយេស៊ូ»។—ភីលីព ៣:១៣-១៦
៦. តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន?
៦ ប៉ូលបានប្រាប់គ្រិស្តសាសនិកដែលបានត្រូវរើសតាំងថា៖ «ខ្ញុំ ដែលជាអ្នកទោសដើម្បីលោកម្ចាស់ សូមអង្វរអ្នករាល់គ្នាឲ្យប្រព្រឹត្តសមជាអ្នកដែលបានត្រូវហៅ»។ តើពួកគាត់គួរធ្វើដូច្នេះយ៉ាងដូចម្ដេច? ប៉ូលបានពន្យល់ថា៖ «ដោយមានចិត្តរាបទាបនិងចិត្តស្លូតបូតជានិច្ច ថែមទាំងមានចិត្តធ្ងន់ ហើយទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ព្រមទាំងព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភេសូរ ៤:១-៣) សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយអ្នកបម្រើរបស់លោកឲ្យមានចិត្តរាបទាប មិនមែនមានអំណួតទេ។ (កូឡុស ៣:១២) ហេតុនេះ អ្នកដែលបានត្រូវរើសតាំងមិនគិតថាពួកគាត់ល្អប្រសើរជាងអ្នកឯទៀតឡើយ។ ពួកគាត់ដឹងថាព្រះយេហូវ៉ាមិនចាំបាច់ឲ្យសកម្មពលបរិសុទ្ធដល់អ្នកដែលបានត្រូវរើសតាំងច្រើនជាងឲ្យអ្នកបម្រើឯទៀតរបស់លោកទេ។ ម្យ៉ាងទៀត ពួកគាត់មិនគិតថាពួកគាត់អាចយល់សេចក្ដីពិតពីគម្ពីរជ្រាលជ្រៅជាងអ្នកផ្សេងទៀតឡើយ។ ពួកគាត់ក៏នឹងមិនប្រាប់អ្នកណាម្នាក់ទៀតថាគាត់ក៏បានត្រូវរើសតាំងដែរ ហើយគួរចាប់ផ្ដើមបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹក។ ផ្ទុយទៅវិញ ពួកគាត់មានចិត្តរាបទាប ហើយដឹងថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចអញ្ជើញមនុស្សឲ្យទៅស្ថានសួគ៌។
៧, ៨. តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនរំពឹងអំពីអ្វីខ្លះ ហើយហេតុអ្វី?
៧ ទោះបីជាអ្នកដែលបានត្រូវរើសតាំងមានអារម្មណ៍ថាគឺជាកិត្ដិយសមួយដែលព្រះបានអញ្ជើញពួកគាត់ឲ្យទៅស្ថានសួគ៌ក្ដី ពួកគាត់មិនរំពឹងថាអ្នកឯទៀតនឹងប្រព្រឹត្តចំពោះពួកគាត់តាមរបៀបពិសេសណាមួយឡើយ។ (អេភេសូរ ១:១៨, ១៩; សូមអាន ភីលីព ២:២, ៣) ពួកគាត់ក៏ដឹងដែរថាពេលព្រះយេហូវ៉ាបានរើសតាំងពួកគាត់ លោកមិនបានឲ្យមនុស្សទាំងអស់ដឹងនោះទេ។ ដូច្នេះ បុគ្គលដែលបានត្រូវរើសតាំងមិនភ្ញាក់ផ្អើលឡើយ បើបងប្អូនខ្លះមិនជឿភ្លាមៗថាគាត់ជាអ្នកដែលព្រះបានរើសតាំង។ គាត់ដឹងថាគម្ពីរប្រាប់យើងមិនឲ្យឆាប់ជឿអ្នកណាម្នាក់ដែលនិយាយថាគាត់បានទទួលការតែងតាំងពិសេសពីព្រះឡើយ។ (ការបើកបង្ហាញ ២:២) ដោយសារបុគ្គលដែលបានត្រូវរើសតាំងមិនរំពឹងថាអ្នកឯទៀតនឹងយកចិត្តទុកដាក់ខ្លាំងពេកចំពោះគាត់ នោះគាត់នឹងមិនប្រាប់ពួកអ្នកដែលគាត់ជួបជាលើកដំបូងថាគាត់ជាអ្នកដែលព្រះបានរើសតាំងទេ។ តាមពិត គាត់ទំនងជាមិនប្រាប់ដូច្នេះដល់អ្នកឯទៀតឡើយ។ គាត់ក៏នឹងមិនអួតអំពីអ្វីៗអស្ចារ្យដែលគាត់នឹងធ្វើនៅស្ថានសួគ៌ដែរ។—កូរិនថូសទី១ ១:២៨, ២៩; សូមអាន កូរិនថូសទី១ ៤:៦-៨
៨ គ្រិស្តសាសនិកដែលព្រះបានរើសតាំងមិនគិតថាពួកគាត់គួរចំណាយពេលតែជាមួយនឹងអ្នកឯទៀតដែលបានត្រូវរើសតាំងនោះទេ ហាក់ដូចជាពួកគាត់មានក្រុមមួយសម្រាប់តែអ្នកដែលបានត្រូវរើសតាំង។ ពួកគាត់មិនព្យាយាមរកអ្នកឯទៀតដែលបានត្រូវរើសតាំងដើម្បីពួកគាត់អាចនិយាយគ្នាអំពីការធ្វើជាអ្នកដែលព្រះបានរើសតាំង ឬជួបជុំគ្នាជាក្រុមៗដើម្បីសិក្សាគម្ពីរឡើយ។ (កាឡាទី ១:១៥-១៧) ក្រុមជំនុំនឹងមិនមានសាមគ្គីភាពឡើយ បើពួកគាត់ធ្វើដូច្នេះ។ ពួកគាត់នឹងប្រឆាំងសកម្មពលបរិសុទ្ធដែលជួយឲ្យរាស្ត្ររបស់ព្រះមានសាមគ្គីភាពនិងសេចក្ដីសុខសាន្ត។—សូមអាន រ៉ូម ១៦:១៧, ១៨
តើអ្នកគួរប្រព្រឹត្តយ៉ាងណាចំពោះពួកគាត់?
៩. ហេតុអ្វីអ្នកត្រូវប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះពួកអ្នកដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹក? (សូមមើលប្រអប់ដែលមានចំណងជើងថា«សេចក្ដីស្រឡាញ់‹មិនប្រព្រឹត្តឥតសមរម្យ›»)
៩ តើអ្នកគួរប្រព្រឹត្តយ៉ាងណាចំពោះបងប្អូនដែលបានត្រូវរើសតាំង? លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាជាបងប្អូននឹងគ្នា»។ លោកបានប្រាប់តទៅទៀតថា៖ «អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។ (ម៉ាថាយ ២៣:៨-១២) ដូច្នេះ ការស្ងើចសរសើរបុគ្គលម្នាក់ខ្លាំងពេកគឺជាការខុស ទោះជាបុគ្គលនោះគឺជាបងប្អូនដែលបានត្រូវរើសតាំងរបស់គ្រិស្តក៏ដោយ។ ពេលគម្ពីរចែងអំពីអ្នកចាស់ទុំ គម្ពីរលើកទឹកចិត្តយើងឲ្យយកតម្រាប់តាមជំនឿរបស់ពួកគាត់ ប៉ុន្តែគម្ពីរមិនប្រាប់យើងថាយើងអាចលើកមនុស្សណាម្នាក់ឲ្យធ្វើជាអ្នកដឹកនាំយើងឡើយ។ (ហេប្រឺ ១៣:៧) ពិតមែនតែគម្ពីរចែងថាអ្នកខ្លះ«គួរនឹងទទួលកិត្ដិយសមួយជាពីរ» ប៉ុន្តែនេះគឺដោយសារពួកគេ«ដឹកនាំយ៉ាងល្អប្រសើរ» ហើយ«ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ» មិនមែនដោយសារពួកគេជាអ្នកដែលបានត្រូវរើសតាំងទេ។ (ធីម៉ូថេទី១ ៥:១៧) បើយើងលើកសរសើរនិងយកចិត្តទុកដាក់ខ្លាំងពេកចំពោះអ្នកដែលព្រះបានរើសតាំង យើងនឹងធ្វើឲ្យពួកគាត់អៀនខ្មាស ឬក៏អាក្រក់ជាងនេះទៅទៀត យើងអាចធ្វើឲ្យពួកគាត់ទៅជាមនុស្សមានអំណួត។ (រ៉ូម ១២:៣) យើងមិនចង់ធ្វើអ្វីណាក៏ដោយដែលអាចនាំឲ្យបងប្អូនដែលបានត្រូវរើសតាំងម្នាក់របស់គ្រិស្តប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរបែបនោះឡើយ!—លូកា ១៧:២
១០. តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកគោរពគ្រិស្តសាសនិកដែលបានត្រូវរើសតាំង?
១០ តើតាមរបៀបណាយើងអាចបង្ហាញថាយើងគោរពពួកអ្នកដែលព្រះយេហូវ៉ាបានរើសតាំង? យើងនឹងមិនសួរពួកគាត់អំពីរបៀបដែលពួកគាត់បានទៅជាអ្នកដែលបានត្រូវរើសតាំងឡើយ។ នេះជារឿងផ្ទាល់ខ្លួនរបស់ពួកគាត់ ដែលយើងមិនមានសិទ្ធិដឹងទេ។ (ថែស្សាឡូនិចទី១ ៤:១១; ថែស្សាឡូនិចទី២ ៣:១១) ម្យ៉ាងទៀត យើងមិនគួរគិតថាប្ដី ប្រពន្ធ ឪពុកម្ដាយ ឬសមាជិកឯទៀតនៃក្រុមគ្រួសាររបស់ពួកគាត់ក៏ជាអ្នកដែលបានត្រូវរើសតាំងដែរនោះទេ។ បុគ្គលម្នាក់មិនទទួលសេចក្ដីសង្ឃឹមជាមត៌កពីក្រុមគ្រួសាររបស់គាត់ឡើយ។ (ថែស្សាឡូនិចទី១ ២:១២) យើងក៏គួរជៀសវាងការសួរសំណួរផ្សេងៗដែលអាចធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ ជាឧទាហរណ៍ យើងនឹងមិនសួរប្រពន្ធរបស់បងប្រុសដែលព្រះបានរើសតាំងថាគាត់មានអារម្មណ៍យ៉ាងណាអំពីការរស់នៅជារៀងរហូតនៅផែនដីដោយគ្មានប្ដីរបស់គាត់។ យ៉ាងណាមិញ យើងអាចប្រាកដថានៅពិភពលោកថ្មី ព្រះយេហូវ៉ានឹង«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។—ទំនុកតម្កើង ១៤៥:១៦
១១. បើយើងជៀសវាង«ផ្គាប់ផ្គុនអ្នកដទៃ» តើយើងការពារខ្លួនយើងយ៉ាងដូចម្ដេច?
១១ បើយើងមិនប្រព្រឹត្តចំពោះអ្នកដែលបានត្រូវរើសតាំងដូចជាពួកគាត់សំខាន់ជាងអ្នកឯទៀត យើងក៏ការពារខ្លួនយើងដែរ។ តើតាមរបៀបណា? គម្ពីរប្រាប់យើងថាក្នុងក្រុមជំនុំអាចមាន«បងប្អូនក្លែងក្លាយ»ដែលប្រហែលជានិយាយថាពួកគេគឺជាអ្នកដែលព្រះបានរើសតាំងទៀតផង។ (កាឡាទី ២:៤, ៥; យ៉ូហានទី១ ២:១៩) ម្យ៉ាងទៀត អ្នកខ្លះដែលបានត្រូវរើសតាំងប្រហែលជានឹងមិននៅស្មោះត្រង់។ (ម៉ាថាយ ២៥:១០-១២; ពេត្រុសទី២ ២:២០, ២១) ប៉ុន្តែ បើយើងជៀសវាង«ផ្គាប់ផ្គុនអ្នកដទៃ» យើងនឹងមិនកាន់តាមមនុស្សឯទៀតឡើយ ទោះជាពួកគេគឺជាពួកអ្នកដែលបានត្រូវរើសតាំង ឬបុគ្គលដែលបងប្អូនស្គាល់ជាទូទៅ ឬក៏ពួកអ្នកដែលបានបម្រើព្រះយេហូវ៉ាជាយូរឆ្នាំហើយក្ដី។ បើពួកគាត់ទៅជាមនុស្សមិនស្មោះត្រង់ ឬចាកចេញពីក្រុមជំនុំ នោះយើងនឹងមិនបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា ឬឈប់បម្រើលោកឡើយ។—យូដាស ១៦
តើយើងត្រូវបារម្ភអំពីចំនួននៃអ្នកដែលបរិភោគវត្ថុតំណាងឬទេ?
១២, ១៣. ហេតុអ្វីយើងមិនគួរបារម្ភអំពីចំនួននៃអ្នកដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹក?
១២ អស់ជាច្រើនឆ្នាំ ចំនួននៃអ្នកដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកចេះតែថយចុះ។ ប៉ុន្តែ នៅពេលថ្មីៗនេះ ចំនួននោះបានកើនឡើងរាល់ឆ្នាំ។ តើយើងត្រូវបារម្ភអំពីរឿងនេះឬទេ? ទេ។ សូមឲ្យយើងពិចារណាអំពីមូលហេតុដែលយើងមិនត្រូវបារម្ភអំពីរឿងនេះ។
១៣ «ព្រះយេហូវ៉ាស្គាល់ពួកអ្នកដែលជារបស់លោក»។ (ធីម៉ូថេទី២ ២:១៩) ខុសពីព្រះយេហូវ៉ា បងប្អូនប្រុសដែលរាប់ចំនួននៃមនុស្សដែលបរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹកមិនដឹងថាអ្នកណាដែលព្រះពិតជាបានរើសតាំងនោះទេ។ ដូច្នេះ ចំនួននោះរួមបញ្ចូលពួកអ្នកដែលគិតថាពួកគេគឺជាអ្នកដែលព្រះបានរើសតាំង ប៉ុន្តែពួកគេមិនមែនទេ។ ជាឧទាហរណ៍ អ្នកខ្លះដែលធ្លាប់បរិភោគនំប៉័ងនិងពិសាស្រាទំពាំងបាយជូរ ក្រោយមកបានឈប់។ អ្នកខ្លះទៀតប្រហែលជាមានជំងឺសរសៃប្រសាទ ឬបញ្ហាខាងផ្លូវចិត្ត ហើយគិតថាពួកគេនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌។ យើងអាចឃើញច្បាស់ថា យើងមិនដឹងប្រាកដថាអ្នកដែលព្រះបានរើសតាំងដែលនៅសល់នៅផែនដីមានចំនួនប៉ុន្មាននាក់ឡើយ។
១៤. តើគម្ពីរចែងយ៉ាងណាអំពីចំនួននៃពួកអ្នកដែលបានត្រូវរើសតាំងដែលនឹងនៅផែនដីពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម?
១៤ អ្នកដែលព្រះបានរើសតាំងនឹងមាននៅតំបន់ជាច្រើននៅផែនដី ពេលលោកយេស៊ូមកដើម្បីនាំពួកគាត់ទៅស្ថានសួគ៌។ គម្ពីរចែងថា៖ «នឹងមានសូរសំឡេងត្រែលាន់ឮយ៉ាងខ្លាំង ហើយលោក[យេស៊ូ]នឹងចាត់បណ្ដាទេវតារបស់លោកឲ្យទៅប្រមូលអ្នករើសតាំងរបស់លោកពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង»។ (ម៉ាថាយ ២៤:៣១) គម្ពីរក៏បង្ហាញដែរថាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ នឹងមានអ្នកដែលបានត្រូវរើសតាំងមួយចំនួនតូចដែលនៅសល់នៅផែនដី។ (ការបើកបង្ហាញ ១២:១៧) ប៉ុន្តែ គម្ពីរមិនបានចែងថាពួកគាត់ប៉ុន្មាននាក់នឹងនៅសល់ពេលគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមឡើយ។
១៥, ១៦. តើយើងត្រូវយល់យ៉ាងណាអំពីពួក១៤៤.០០០នាក់ដែលព្រះយេហូវ៉ាជ្រើសរើស?
១៥ ព្រះយេហូវ៉ាសម្រេចចិត្តថាពេលណាដែលលោកនឹងជ្រើសរើសអ្នកដែលបានត្រូវរើសតាំង។ (រ៉ូម ៨:២៨-៣០) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ាបានចាប់ផ្ដើមជ្រើសរើសមនុស្សដើម្បីឲ្យពួកគេមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ តាមមើលទៅនៅសតវត្សរ៍ទី១ គ្រិស្តសាសនិកពិតទាំងអស់បានត្រូវរើសតាំង។ អស់រាប់រយឆ្នាំក្រោយមក មនុស្សភាគច្រើនដែលអះអាងថាខ្លួនជាគ្រិស្តសាសនិក តាមពិតមិនបានកាន់តាមគ្រិស្តទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងឆ្នាំទាំងនោះ ព្រះយេហូវ៉ាបានរើសតាំងបុគ្គលមួយចំនួនតូចដែលជាគ្រិស្តសាសនិកពិត។ ពួកគាត់គឺប្រៀបដូចជាស្រូវសាលីដែលលោកយេស៊ូបានមានប្រសាសន៍ថានឹងដុះក្នុងចំណោមស្រងែ។ (ម៉ាថាយ ១៣:២៤-៣០) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ព្រះយេហូវ៉ាបន្តជ្រើសរើសមនុស្សដែលនឹងធ្វើជាសមាជិកនៃពួក១៤៤.០០០នាក់។[២] (សូមមើលកំណត់នៅចុងអត្ថបទ) ហេតុនេះ បើព្រះសម្រេចចិត្តជ្រើសរើសអ្នកខ្លះនៃពួកអ្នកទាំងនេះបន្ដិចមុនទីបញ្ចប់មកដល់ យើងប្រាកដជានឹងទុកចិត្តថាលោកកំពុងធ្វើអ្វីដែលត្រឹមត្រូវ។ (អេសាយ ៤៥:៩; ដានីយ៉ែល ៤:៣៥; សូមអាន រ៉ូម ៩:១១, ១៦) យើងត្រូវប្រយ័ត្នមិនប្រព្រឹត្តដូចកម្មករដែលបានត្អូញត្អែរអំពីរបៀបដែលម្ចាស់របស់ពួកគាត់បានប្រព្រឹត្តទៅលើពួកអ្នកដែលបានចាប់ផ្ដើមធ្វើការពីម៉ោងទី១១។—សូមអាន ម៉ាថាយ ២០:៨-១៥
១៦ មិនមែនមនុស្សទាំងអស់ដែលមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌គឺជាសមាជិកនៃ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ឡើយ។ (ម៉ាថាយ ២៤:៤៥-៤៧) ដូចនៅសតវត្សរ៍ទី១ដែរ សព្វថ្ងៃនេះព្រះយេហូវ៉ានិងលោកយេស៊ូកំពុងប្រើមនុស្សមួយចំនួនតូចដើម្បីផ្ដល់អាហារ ឬបង្រៀនមនុស្សជាច្រើន។ នៅសតវត្សរ៍ទី១ មានគ្រិស្តសាសនិកដែលបានត្រូវរើសតាំងតែប៉ុន្មាននាក់ប៉ុណ្ណោះដែលព្រះបានប្រើដើម្បីសរសេរបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ នៅសព្វថ្ងៃនេះ មានគ្រិស្តសាសនិកដែលបានត្រូវរើសតាំងតែប៉ុន្មាននាក់ប៉ុណ្ណោះដែលមានភារកិច្ចឲ្យ‹អាហារតាមត្រូវពេល›ដល់រាស្ត្ររបស់ព្រះ។
១៧. តើអ្នកបានរៀនអ្វីពីអត្ថបទនេះ?
១៧ តើយើងបានរៀនអ្វីពីអត្ថបទនេះ? ព្រះយេហូវ៉ាបានសម្រេចចិត្តផ្ដល់ជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដល់រាស្ត្រភាគច្រើនរបស់លោក ហើយជីវិតនៅស្ថានសួគ៌ដល់ពួកអ្នកដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូ។ ព្រះយេហូវ៉ាឲ្យរង្វាន់ដល់អ្នកបម្រើទាំងអស់របស់លោក ទាំង«សាសន៍យូដា»ទាំង«មនុស្ស១០នាក់» ហើយលោកតម្រូវឲ្យពួកគេធ្វើតាមច្បាប់ដូចគ្នា និងនៅស្មោះត្រង់នឹងលោក។ យើងទាំងអស់គ្នាត្រូវមានចិត្តរាបទាបជានិច្ច។ យើងទាំងអស់គ្នាក៏ត្រូវបម្រើលោកជាមួយគ្នា ហើយមានសាមគ្គីភាព។ ម្យ៉ាងទៀត យើងទាំងអស់គ្នាត្រូវខំព្យាយាមរក្សាសេចក្ដីសុខសាន្តក្នុងក្រុមជំនុំ។ កាលដែលទីបញ្ចប់កាន់តែជិតមកដល់ សូមឲ្យយើងទាំងអស់គ្នាបន្តបម្រើព្រះយេហូវ៉ា ហើយបន្តកាន់តាមគ្រិស្តដូចជាហ្វូងតែមួយ។
^ [១] (វគ្គ៣) យោងទៅតាមទំនុកតម្កើង ៨៧:៥, ៦ នៅពេលអនាគត ព្រះប្រហែលជានឹងបើកបង្ហាញឈ្មោះនៃអស់អ្នកដែលកំពុងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។—រ៉ូម ៨:១៩
^ [២] (វគ្គ១៥) ទោះជាសកម្មភាព ២:៣៣បង្ហាញថាព្រះបានចាក់សកម្មពលបរិសុទ្ធតាមរយៈលោកយេស៊ូក៏ដោយ ព្រះយេហូវ៉ាគឺជាអ្នកដែលជ្រើសរើសបុគ្គលដែលនឹងត្រូវរើសតាំងដោយសកម្មពលរបស់លោក។