គុណដ៏វិសេសលើសលប់របស់ព្រះនាំឲ្យយើងមានចិត្តកតញ្ញូ
«យើងទាំងអស់គ្នាបានទទួល . . . គុណដ៏វិសេសលើសលប់ថែមលើគុណដ៏វិសេសលើសលប់»។—យ៉ូហាន ១:១៦
១, ២. (ក) សូមរៀបរាប់អំពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីម្ចាស់ចម្ការ។ (ខ) តើឧទាហរណ៍នេះបង្ហាញយ៉ាងណាអំពីចិត្តទូលាយនិងគុណដ៏វិសេសលើសលប់?
នៅព្រឹកព្រលឹមមួយ ម្ចាស់ចម្ការទំពាំងបាយជូរបានទៅផ្សារដែលជាកន្លែងកម្មកររង់ចាំទទួលការងារ។ គាត់ទៅទីនោះដើម្បីជួលកម្មករ។ គាត់បានប្រាប់អំពីប្រាក់ឈ្នួលដែលគាត់នឹងឲ្យដល់បុរសនៅទីនោះ ហើយពួកគេបានព្រមទទួល។ ប៉ុន្តែ ដោយសារម្ចាស់ចម្ការនោះត្រូវការកម្មករថែមទៀត គាត់បានត្រឡប់ទៅផ្សារប៉ុន្មានដងទៀតនៅថ្ងៃដដែលនោះដើម្បីជួលកម្មករថែមទៀត។ គាត់បានប្រាប់បុរសទាំងនោះថាគាត់នឹងឲ្យប្រាក់ឈ្នួលតាមអ្វីដែលត្រឹមត្រូវ។ នៅពេលល្ងាច ម្ចាស់ចម្ការបានប្រមូលកម្មករទាំងអស់ដើម្បីបើកប្រាក់ឈ្នួលឲ្យពួកគេ។ ទោះជាពួកគេបានធ្វើការពេញមួយថ្ងៃឬតែមួយម៉ោងក្ដី គាត់បានបើកប្រាក់ឈ្នួលដូចៗគ្នាឲ្យពួកគេ។ ប៉ុន្តែ ពេលបុរសដែលបានធ្វើការពេញមួយថ្ងៃចាប់ផ្ដើមត្អូញត្អែរ ម្ចាស់ចម្ការនោះបាននិយាយថា ‹អ្នកបានយល់ព្រមទទួលប្រាក់ឈ្នួលដែលខ្ញុំថានឹងឲ្យអ្នក មែនទេ? តើខ្ញុំមិនមានសិទ្ធិឲ្យប្រាក់ខ្ញុំដល់កម្មករទាំងអស់តាមចិត្តទេឬ? តើអ្នកច្រណែនដោយសារខ្ញុំមានចិត្តទូលាយឬ?›។—ម៉ាថាយ ២០:១-១៥
២ ឧទាហរណ៍នេះរបស់លោកយេស៊ូបង្រៀនយើងមេរៀនដ៏សំខាន់អំពី«គុណដ៏វិសេសលើសលប់»របស់ព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី២ ៦:១) តើតាមរបៀបណា? អ្នកខ្លះប្រហែលជាគិតថាបុរសដែលធ្វើការពេញមួយថ្ងៃសមនឹងទទួលប្រាក់ឈ្នួលច្រើនជាងបុរសឯទៀត។ ប៉ុន្តែ ម្ចាស់ចម្ការបានបង្ហាញគុណដ៏វិសេសលើសលប់ដល់កម្មករដែលមិនបានធ្វើការពេញមួយថ្ងៃ។ បណ្ឌិតម្នាក់បាននិយាយអំពីពាក្យ«គុណដ៏វិសេសលើសលប់»ដែលបានត្រូវប្រើក្នុងគម្ពីរថា៖«ពាក្យនេះចង់សំដៅទៅលើអំណោយដែលគេឲ្យដោយឥតគិតថ្លៃដែលលើសពីអ្វីដែលបុគ្គលម្នាក់សមនឹងទទួល»។
អំណោយដ៏សប្បុរសរបស់ព្រះយេហូវ៉ា
៣, ៤. តើព្រះយេហូវ៉ាបានបង្ហាញគុណដ៏វិសេសលើសលប់ចំពោះមនុស្សជាតិយ៉ាងដូចម្ដេច ហើយហេតុអ្វី?
៣ គម្ពីរប្រាប់យើងថាគុណដ៏វិសេសលើសលប់របស់ព្រះគឺជា«អំណោយទាន»។ (អេភេសូរ ៣:៧) ដោយសារយើងមិនអាចស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ នោះយើងមិនសមនឹងទទួលសេចក្ដីសប្បុរសពីព្រះទាល់តែសោះ។ តាមពិតយើងសមនឹងស្លាប់។ ស្តេចសាឡូម៉ូនបាននិយាយថា៖ «គ្មានមនុស្សសុចរិតណានៅផែនដីដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ»។ (សាស្ដា ៧:២០) ក្រោយមកសាវ័កប៉ូលបាននិយាយថា៖ «គ្រប់គ្នាធ្លាប់ធ្វើខុសក៏មិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះ» ហើយ«ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់»។—រ៉ូម ៣:២៣; ៦:២៣ក
៤ ពីព្រោះព្រះយេហូវ៉ាស្រឡាញ់មនុស្សដល់ម្ល៉េះបានជាលោកបានចាត់«បុត្រតែមួយរបស់លោក»ឲ្យស្លាប់ដើម្បីយើង។ នោះគឺជាការប្រព្រឹត្តដែលបង្ហាញអំពីគុណដ៏វិសេសលើសលប់ជាងគេដែលអាចមាន។ (យ៉ូហាន ៣:១៦) ប៉ូលបាននិយាយថា លោកយេស៊ូ«បានទទួលសិរីរុងរឿងនិងកិត្ដិយសជាមត៌ក ពីព្រោះលោកបានរងការឈឺចាប់រហូតដល់ស្លាប់ ដើម្បីលោកអាចឆ្លងកាត់សេចក្ដីស្លាប់ជាប្រយោជន៍ដល់មនុស្សគ្រប់រូប ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ»។ (ហេប្រឺ ២:៩) «អំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង»។—រ៉ូម ៦:២៣ខ
៥, ៦. (ក) ពេលយើងឲ្យភាពខុសឆ្គងគ្រប់គ្រងលើយើង តើនោះនាំឲ្យមានលទ្ធផលយ៉ាងណា? (ខ) ពេលយើងឲ្យគុណដ៏វិសេសលើសលប់គ្រប់គ្រងលើយើង តើនោះនាំឲ្យមានលទ្ធផលយ៉ាងណា?
៥ ហេតុអ្វីយើងមានភាពខុសឆ្គង ហើយស្លាប់? គម្ពីរចែងថា៖ «សេចក្ដីស្លាប់បានគ្រប់គ្រងជាស្តេចដោយសារបទរំលងរបស់មនុស្សម្នាក់»។ ដូច្នេះដោយសារយើងជាកូនចៅរបស់អាដាម យើងមានភាពខុសឆ្គង ហើយស្លាប់។ (រ៉ូម ៥:១២, ១៤, ១៧) ប៉ុន្តែ យើងនៅតែអាចសម្រេចចិត្តមិនឲ្យភាពខុសឆ្គងគ្រប់គ្រងឬកាន់កាប់លើយើងបាន។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ពេលយើងបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់គ្រិស្ត យើងទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។ គម្ពីរចែងថា៖ ‹នៅកន្លែងណាដែលភាពខុសឆ្គងមានកាន់តែច្រើន នៅកន្លែងនោះគុណដ៏វិសេសលើសលប់មានច្រើនជាងនោះទៅទៀត។ ដើម្បីអ្វី? ដើម្បីឲ្យគុណដ៏វិសេសលើសលប់គ្រប់គ្រងជាស្តេចតាមរយៈសេចក្ដីសុចរិត ដើម្បីឲ្យមានជីវិតដែលគ្មានទីបញ្ចប់ តាមរយៈលោកយេស៊ូគ្រិស្ត ដូចភាពខុសឆ្គងបានគ្រប់គ្រងជាស្តេចជាមួយនឹងសេចក្ដីស្លាប់ដែរ›។—រ៉ូម ៥:២០, ២១
៦ ទោះជាយើងនៅតែមានភាពខុសឆ្គងក៏ដោយ យើងមិនត្រូវឲ្យភាពខុសឆ្គងគ្រប់គ្រងលើយើងទេ។ ដូច្នេះ ពេលយើងធ្វើខុស យើងសុំព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ ប៉ូលបានព្រមានយើងថា៖ «ភាពខុសឆ្គងមិនត្រូវធ្វើជាម្ចាស់របស់អ្នករាល់គ្នាទៀតឡើយ ដោយឃើញថាអ្នករាល់គ្នាមិននៅក្រោមច្បាប់ តែនៅក្រោមគុណដ៏វិសេសលើសលប់»។ (រ៉ូម ៦:១៤) ដូច្នេះ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះ? ប៉ូលបាននិយាយថា៖«គុណដ៏វិសេសលើសលប់របស់ព្រះ . . . ណែនាំយើងឲ្យបដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ រួចរស់នៅដោយដឹងខុសត្រូវ ដោយមានសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះ ក្នុងរបៀបរបបពិភពលោកនេះ»។—ទីតុស ២:១១, ១២
គុណដ៏វិសេសលើសលប់«បានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ»
៧, ៨. តើពាក្យគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា«បានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ»មានន័យយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)
៧ សាវ័កពេត្រុសបានសរសេរថា៖ «ក្នុងនាមជាអ្នកបម្រើល្អប្រសើរដែលបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ នោះចូរបម្រើគ្នាទៅវិញទៅមកតាមអំណោយដែលអ្នករាល់គ្នាម្នាក់ៗបានទទួល»។ (ពេត្រុសទី១ ៤:១០) តើពាក្យដែលថាគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា«បានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ»មានន័យយ៉ាងណា? ពាក្យនេះមានន័យថាទោះជាយើងមានការពិបាកយ៉ាងណាក៏ដោយក្នុងជីវិតយើង ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីស៊ូទ្រាំ។ (ពេត្រុសទី១ ១:៦) លោកនឹងតែងតែផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីយើងអាចយកឈ្នះទុក្ខលំបាកនីមួយៗ។
ទោះជាយើងមានទុក្ខលំបាកឬការពិបាកយ៉ាងណាក៏ដោយក្នុងជីវិតរបស់យើង ព្រះយេហូវ៉ានឹងតែងតែផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការដើម្បីយើងអាចយកឈ្នះអ្វីទាំងនោះ
៨ សាវ័កយ៉ូហានបានសរសេរថា៖ «យើងទាំងអស់គ្នាបានទទួលពីភាពពេញបរិបូររបស់លោក នូវគុណដ៏វិសេសលើសលប់ថែមលើគុណដ៏វិសេសលើសលប់»។ (យ៉ូហាន ១:១៦) ដោយសារព្រះយេហូវ៉ាបង្ហាញគុណដ៏វិសេសលើសលប់របស់លោកតាមរបៀបផ្សេងៗ យើងទទួលពរជាច្រើន។ តើពរខ្លះទាំងនេះគឺជាអ្វី?
៩. តើយើងទទួលប្រយោជន៍យ៉ាងណាពីគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា ហើយតើយើងអាចបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះគុណដ៏វិសេសលើសលប់នេះយ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា លោកអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ ប៉ុន្តែ លោកធ្វើដូច្នេះលុះត្រាតែយើងប្រែចិត្ត ហើយបន្តតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង។ (សូមអាន យ៉ូហានទី១ ១:៨, ៩) ប៉ូលបានពន្យល់គ្រិស្តសាសនិកដែលបានត្រូវរើសតាំងអំពីរបៀបដែលព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គង។ គាត់បាននិយាយថា៖ «[ព្រះ]បានសង្គ្រោះយើងពីអំណាចនៃភាពងងឹត ហើយផ្លាស់យើងទៅនៅក្នុងរាជាណាចក្រនៃបុត្រជាទីស្រឡាញ់របស់លោក ដោយសារលោក យើងបានត្រូវលោះ ហើយនេះមានន័យថាការខុសឆ្គងរបស់យើងបានត្រូវអភ័យទោស»។ (កូឡុស ១:១៣, ១៤) យើងមានចិត្តកតញ្ញូខ្លាំងដល់ម្ល៉េះចំពោះចិត្តមេត្ដាករុណារបស់ព្រះបានជាយើងចង់សរសើរលោក។ ម្យ៉ាងទៀត ដោយសារព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់យើង យើងក៏អាចទទួលពរដ៏អស្ចារ្យជាច្រើនទៀតដែរ។
១០. តើយើងអាចមានអ្វីដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ?
១០ យើងអាចមានទំនាក់ទំនងសុខសាន្តជាមួយនឹងព្រះ។ យើងមានភាពខុសឆ្គង ដូច្នេះយើងជាសត្រូវរបស់ព្រះតាំងពីពេលយើងកើតមក។ ប៉ុន្តែប៉ូលបាននិយាយថា៖ «យើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ តាមរយៈសេចក្ដីស្លាប់នៃបុត្ររបស់លោក កាលដែលយើងនៅជាសត្រូវនៅឡើយ»។ (រ៉ូម ៥:១០) ដោយសារថ្លៃលោះ យើងអាចផ្សះផ្សាជាមួយនឹងព្រះ ពោលគឺយើងអាចមានសេចក្ដីសុខសាន្តជាមួយនឹងលោក ហើយក្លាយទៅជាមិត្តសម្លាញ់របស់លោក។ ប៉ូលបានពន្យល់អំពីសេចក្ដីសុខសាន្តនេះ និងអំពីរបៀបដែលនេះជាប់ទាក់ទងនឹងគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា ពេលគាត់បាននិយាយទៅកាន់បងប្អូនរួមជំនឿដែលជាអ្នករើសតាំងថា៖ «ដោយសារឥឡូវនេះយើងបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារជំនឿ ចូរយើងរក្សាខ្លួនជាអ្នកដែលមានសន្ដិភាពជាមួយនឹងព្រះ តាមរយៈលោកយេស៊ូគ្រិស្ត ជាម្ចាស់របស់យើង ដែលតាមរយៈជំនឿលើលោក ផ្លូវបានត្រូវបើកឲ្យយើងទទួលគុណដ៏វិសេសលើសលប់ដែលយើងកំពុងទទួលឥឡូវនេះ»។ (រ៉ូម ៥:១, ២) យើងមានចិត្តកតញ្ញូយ៉ាងខ្លាំងដែលយើងអាចមានទំនាក់ទំនងសុខសាន្តជាមួយនឹងព្រះយេហូវ៉ា!
១១. តើតាមរបៀបណាពួកអ្នកដែលព្រះបានរើសតាំងទាញនាំ«ចៀមឯទៀត»ឲ្យវិលមកឯសេចក្ដីសុចរិត?
១១ យើងអាចត្រូវរាប់ជាមនុស្សសុចរិតនៅចំពោះព្រះ។ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានសរសេរថា ក្នុងអំឡុងគ្រាចុងបញ្ចប់«ពួកអ្នកដែលមានប្រាជ្ញា»ពោលគឺពួកអ្នកដែលបានត្រូវរើសតាំង នឹង«ទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត»។ (សូមអាន ដានីយ៉ែល ១២:៣) តើពួកអ្នកដែលព្រះបានរើសតាំងធ្វើដូច្នេះយ៉ាងដូចម្ដេច? ពួកគាត់ផ្សព្វផ្សាយដំណឹងល្អនិងបង្រៀនច្បាប់ព្រះយេហូវ៉ាដល់«ចៀមឯទៀត»រាប់លាននាក់។ (យ៉ូហាន ១០:១៦) ពួកអ្នកដែលបានត្រូវរើសតាំងជួយពួកគេឲ្យទៅជាមនុស្សដែលព្រះយេហូវ៉ារាប់ជាសុចរិត នេះអាចកើតឡើងដោយសារតែគុណដ៏វិសេសលើសលប់របស់លោក។ ប៉ូលបានពន្យល់ថា៖ «ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ លោកបានធ្វើអំណោយទានដោយប្រកាសថាពួកគេគឺជាមនុស្សសុចរិត តាមរយៈការរំដោះដោយថ្លៃលោះដែលគ្រិស្តយេស៊ូបានបង់»។—រ៉ូម ៣:២៣, ២៤
១២. តើសេចក្ដីអធិដ្ឋានជាប់ទាក់ទងយ៉ាងណានឹងគុណដ៏វិសេសលើសលប់របស់ព្រះ?
១២ យើងអាចចូលទៅជិតព្រះតាមរយៈសេចក្ដីអធិដ្ឋាន។ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាដោយសារគុណដ៏វិសេសលើសលប់របស់លោក។ ប៉ូលបានហៅបល្ល័ង្ករបស់ព្រះយេហូវ៉ាថា«បល្ល័ង្កនៃគុណដ៏វិសេសលើសលប់» ហើយលោកអញ្ជើញយើងឲ្យ«ចូលទៅនិយាយដោយក្លាហាន»នៅមុខបល្ល័ង្កនោះ។ (ហេប្រឺ ៤:១៦ក) យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាតាមរយៈនាមលោកយេស៊ូនៅពេលណាក៏បាន។ នេះពិតជាឯកសិទ្ធិមែន! ប៉ូលបាននិយាយថា៖ «យើងអាចនិយាយដោយក្លាហាន ហើយតាមរយៈជំនឿរបស់យើងលើលោក យើងមានផ្លូវចូលទៅជិតព្រះដោយមានទំនុកចិត្ត»។—អេភេសូរ ៣:១២
១៣. តើគុណដ៏វិសេសលើសលប់អាចជួយយើងយ៉ាងណា«នៅពេលដែលយើងត្រូវការជំនួយ»?
១៣ យើងអាចទទួលជំនួយនៅពេលដែលយើងត្រូវការ។ ប៉ូលបានលើកទឹកចិត្តយើងឲ្យអធិដ្ឋានទៅព្រះយេហូវ៉ា«ដើម្បីយើងអាចទទួលសេចក្ដីមេត្ដាករុណានិងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ»។ (ហេប្រឺ ៤:១៦ខ) ពេលយើងមានទុក្ខលំបាកឬការពិបាកផ្សេងៗក្នុងជីវិត យើងអាចអង្វរសុំព្រះយេហូវ៉ាឲ្យជួយយើង។ ម្យ៉ាងទៀត លោកតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់យើង ទោះជាលោកមិនចាំបាច់ធ្វើដូច្នេះក៏ដោយ។ លោកច្រើនតែប្រើបងប្អូនរួមជំនឿដើម្បីជួយយើង។ ព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់យើង «ដើម្បីឲ្យយើងមានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន ហើយនិយាយថា៖ ‹ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?›»។—ហេប្រឺ ១៣:៦
១៤. តើគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍យ៉ាងណាដល់យើងខាងផ្លូវចិត្ត?
១៤ យើងអាចទទួលការសម្រាលទុក្ខ។ នៅពេលយើងកើតទុក្ខព្រះយេហូវ៉ាសម្រាលទុក្ខយើង នេះគឺជាពរដ៏វិសេស។ (ទំនុកតម្កើង ៥១:១៧) ពេលគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិចកំពុងទទួលការបៀតបៀន ប៉ូលបានសរសេរថា៖ «លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងនិងព្រះដែលជាបិតារបស់យើង ដែលបានស្រឡាញ់យើងព្រមទាំងផ្ដល់ឲ្យមានការសម្រាលទុក្ខជារៀងរហូតនិងសេចក្ដីសង្ឃឹមដ៏អស្ចារ្យ តាមរយៈគុណដ៏វិសេសលើសលប់ សូមឲ្យលោកសម្រាលទុក្ខអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាមាំមួនឡើង»។ (ថែស្សាឡូនិចទី២ ២:១៦, ១៧) ការដឹងថាព្រះយេហូវ៉ាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះយើង ដោយសារគុណដ៏វិសេសលើសលប់របស់លោក នោះពិតជាសម្រាលទុក្ខយើងណាស់!
១៥. ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ តើយើងមានសេចក្ដីសង្ឃឹមអ្វី?
១៥ យើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ ដោយសារយើងមានភាពខុសឆ្គង បើគ្មានជំនួយពីព្រះយេហូវ៉ាយើងគ្មានសេចក្ដីសង្ឃឹមទេ។ (សូមអាន ទំនុកតម្កើង ៤៩:៧, ៨) ប៉ុន្តែ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ។ តើនោះគឺជាអ្វី? លោកយេស៊ូបានមានប្រសាសន៍ថា៖ «នេះជាបំណងប្រាថ្នារបស់បិតាខ្ញុំ ពោលគឺ អស់អ្នកណាដែលឃើញបុត្ររបស់លោក ហើយអនុវត្តជំនឿលើបុត្រលោក អ្នកទាំងនោះត្រូវមានជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូហាន ៦:៤០) ដូច្នេះ យើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។ ប៉ូលបាននិយាយថា៖ «គុណដ៏វិសេសលើសលប់របស់ព្រះដែលនាំឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ នោះបានត្រូវសឲ្យឃើញ»។—ទីតុស ២:១១
ចូរកុំយកគុណដ៏វិសេសលើសលប់របស់ព្រះធ្វើជាលេសដើម្បីបណ្ដោយខ្លួនទៅតាមអំពើខុសឆ្គង
១៦. តើតាមរបៀបណាគ្រិស្តសាសនិកខ្លះនៅសម័យដើមបានបំពានលើគុណដ៏វិសេសលើសលប់របស់ព្រះ?
១៦ យើងទទួលពរជាច្រើនដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។ ប៉ុន្តែ យើងមិនគួរបំពានលើចិត្តសប្បុរសរបស់ព្រះ ពោលគឺឲ្យគុណដ៏វិសេសលើសលប់របស់លោកធ្វើជាលេសដើម្បីបណ្ដោយខ្លួនទៅតាមអំពើខុសឆ្គង។ មានអ្នកខ្លះក្នុងចំណោមគ្រិស្តសាសនិកសម័យដើម ដែលបានព្យាយាម«យកគុណដ៏វិសេសលើសលប់របស់ព្រះជាលេស ដើម្បីបណ្ដោយខ្លួនទៅតាមសីលធម៌ធូររលុង»។ (យូដាស ៤) តាមមើលទៅ គ្រិស្តសាសនិកមិនស្មោះត្រង់ទាំងនោះបានគិតថាពួកគេអាចប្រព្រឹត្តអំពើខុសឆ្គង ហើយព្រះយេហូវ៉ានឹងតែងតែអភ័យទោសឲ្យពួកគេ។ ពួកគេថែមទាំងបានព្យាយាមញុះញង់បងប្អូនឯទៀតឲ្យប្រព្រឹត្តអំពើខុសឆ្គងដូចពួកគេ។ ដូចគ្នាដែរ នៅសព្វថ្ងៃនេះ អ្នកណាដែលប្រព្រឹត្តដូច្នេះ«នឹងត្រូវចាត់ទុកថាសមនឹងទទួលទោសធ្ងន់»ចំពោះ«សកម្មពលនៃគុណដ៏វិសេសលើសលប់»។—ហេប្រឺ ១០:២៩
១៧. តើពេត្រុសបានឲ្យឱវាទដ៏ម៉ឺងម៉ាត់អ្វី?
១៧ សព្វថ្ងៃនេះ សាថានបានបោកបញ្ឆោតគ្រិស្តសាសនិកខ្លះឲ្យគិតថាពួកគេអាចប្រព្រឹត្តអំពើខុសឆ្គង ហើយព្រះយេហូវ៉ានឹងអភ័យទោសឲ្យពួកគេដោយស្វ័យប្រវត្ដិ។ ពិតមែនតែព្រះយេហូវ៉ាសុខចិត្តអភ័យទោសឲ្យអ្នកធ្វើខុសដែលប្រែចិត្ត ប៉ុន្តែលោកតម្រូវឲ្យយើងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង។ ព្រះយេហូវ៉ាបានដឹកនាំពេត្រុសឲ្យសរសេរថា៖ «បងប្អូនជាទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាដឹងអំពីការទាំងនេះជាមុន ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកបំពានច្បាប់ទាំងនោះ នាំអ្នករាល់គ្នាចេញទៅដោយការបោកបញ្ឆោតរបស់ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន។ ផ្ទុយទៅវិញ ចូរបន្តទទួលគុណដ៏វិសេសលើសលប់និងចំណេះពីលោកយេស៊ូគ្រិស្ត ដែលជាម្ចាស់និងជាអ្នកសង្គ្រោះរបស់យើង»។—ពេត្រុសទី២ ៣:១៧, ១៨
ការទទួលគុណដ៏វិសេសលើសលប់ពីព្រះនាំឲ្យមានភារកិច្ច
១៨. ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា តើយើងមានភារកិច្ចអ្វីខ្លះ?
១៨ យើងមានចិត្តកតញ្ញូយ៉ាងខ្លាំងចំពោះគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា។ ដូច្នេះ យើងគួរប្រើអំណោយទាំងនេះដើម្បីធ្វើឲ្យព្រះយេហូវ៉ាទទួលកិត្ដិយសនិងដើម្បីជួយអ្នកឯទៀត។ នេះជាភារកិច្ចរបស់យើងចំពោះលោកនិងអ្នកឯទៀត។ តើយើងអាចប្រើអំណោយទាំងនោះយ៉ាងដូចម្ដេច? ប៉ូលនិយាយថា៖ «ម្ល៉ោះហើយ ដោយសារយើងបានអំណោយផ្សេងៗពីគ្នា ស្របទៅតាមគុណដ៏វិសេសលើសលប់ដែលបានត្រូវផ្ដល់ឲ្យយើង . . . ទោះជាកិច្ចបម្រើក៏ដោយ ចូរបន្តបំពេញកិច្ចបម្រើនោះ ឬក៏អ្នកណាដែលបង្រៀន ចូរឲ្យអ្នកនោះបន្តបង្រៀនចុះ ឬអ្នកណាដែលបំផុសទឹកចិត្ត ចូរឲ្យអ្នកនោះបន្តបំផុសទឹកចិត្តទៅ . . . ឯអ្នកណាដែលបង្ហាញសេចក្ដីមេត្ដាករុណា ចូរឲ្យអ្នកនោះបង្ហាញដោយចិត្តរីករាយចុះ»។ (រ៉ូម ១២:៦-៨) ដូច្នេះ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា យើងមានភារកិច្ចខំប្រឹងក្នុងកិច្ចបម្រើផ្សាយ បង្រៀនគម្ពីរដល់អ្នកឯទៀត លើកទឹកចិត្តបងប្អូនរួមជំនឿ ហើយអភ័យទោសឲ្យអ្នកណាដែលធ្វើឲ្យយើងឈឺចិត្ត។
១៩. ក្នុងអត្ថបទបន្ទាប់ តើយើងនឹងពិចារណាភារកិច្ចអ្វី?
១៩ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាយើងបានទទួលពរ ដូច្នេះនោះគួរជំរុញចិត្តយើងឲ្យខំអស់ពីសមត្ថភាពដើម្បី«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អស្តីអំពីគុណដ៏វិសេសលើសលប់របស់ព្រះ»។ (សកម្មភាព ២០:២៤) យើងនឹងពិចារណាភារកិច្ចនេះក្នុងអត្ថបទបន្ទាប់។