ប្អូនៗវ័យក្មេង «សូមបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច»
«ដូចអ្នករាល់គ្នាតែងស្ដាប់បង្គាប់ពីមុន . . . សូមបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច ដោយកោតខ្លាចញាប់ញ័រ»។—ភីលីព ២:១២
១. ហេតុអ្វីការទទួលការជ្រមុជទឹកគឺជាអ្វីដ៏សំខាន់? (សូមមើលរូបភាពនៅដើមអត្ថបទ)
ជារៀងរាល់ឆ្នាំសិស្សគម្ពីររាប់ពាន់នាក់ទទួលការជ្រមុជទឹក។ ពួកគេជាច្រើននាក់ជាមនុស្សវ័យក្មេង វ័យជំទង់ ឬក៏ក្មេងជាងនេះទៅទៀត។ ពួកគេប្រហែលជាបានត្រូវចិញ្ចឹមអប់រំក្នុងសេចក្ដីពិត។ តើអ្នកជាបុគ្គលម្នាក់ក្នុងចំណោមពួកគេដែរឬទេ? បើមែន អ្នកបានធ្វើអ្វីដែលល្អប្រសើរណាស់។ គ្រិស្តសាសនិកទាំងអស់ត្រូវទទួលការជ្រមុជទឹក។ ម្យ៉ាងទៀត ការជ្រមុជទឹកគឺជាអ្វីដែលសំខាន់ចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះនិងរស់ជារៀងរហូត។—ម៉ាថាយ ២៨:១៩, ២០; ពេត្រុសទី១ ៣:២១
២. ហេតុអ្វីអ្នកមិនគួរភ័យខ្លាចប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
២ ព្រះយេហូវ៉ាបានចាប់ផ្ដើមឲ្យពរជាច្រើនដល់អ្នកពេលដែលអ្នកបានទទួលការជ្រមុជទឹក។ ប៉ុន្តែ អ្នកក៏មានភារកិច្ចថ្មីដែរ។ តើក្នុងន័យអ្វី? នៅថ្ងៃដែលអ្នកទទួលការជ្រមុជទឹក បងប្រុសដែលថ្លែងសុន្ទរកថាអំពីការជ្រមុជទឹកបានសួរអ្នកថា៖ «ដោយមានមូលដ្ឋានលើការបូជាជីវិតរបស់លោកយេស៊ូគ្រិស្ត តើអ្នកបានប្រែចិត្តពីអំពើខុសឆ្គងរបស់អ្នក ហើយបានប្រគល់ខ្លួនអ្នកជូនព្រះយេហូវ៉ា ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកឬទេ?»។ អ្នកបានឆ្លើយថា បាទឬចាស។ ដោយធ្វើដូច្នេះ អ្នកបានសន្យាថាអ្នកនឹងស្រឡាញ់ព្រះយេហូវ៉ា ហើយចាត់ទុកការបម្រើលោកថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ តើអ្នកគួរស្ដាយក្រោយដែលអ្នកបានធ្វើសេចក្ដីសន្យាដ៏សំខាន់នេះឬទេ? ច្បាស់ជាមិនមែនទេ! អ្នកនឹងមិនដែលស្ដាយក្រោយដែលអ្នកឲ្យព្រះយេហូវ៉ាណែនាំជីវិតរបស់អ្នកឡើយ។ ពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ាគឺនៅខាងពិភពលោករបស់សាថានហើយ។ មេកំណាចមិនយកចិត្តទុកដាក់ចំពោះពួកគេឬចំពោះអ្នកទាល់តែសោះ។ តាមពិត វានឹងសប្បាយរីករាយបើអ្នកបាត់បង់សេចក្ដីសង្ឃឹមរស់ជារៀងរហូត ដោយសារអ្នកគាំទ្រវា ហើយបានបោះបង់ចោលព្រះយេហូវ៉ា។
៣. ដោយសារអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា តើលោកបានឲ្យពរអ្វីខ្លះដល់អ្នក?
៣ សូមគិតអំពីពរដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យអ្នកដោយសារអ្នកបានប្រគល់ខ្លួនជូនលោកនិងបានទទួលការជ្រមុជទឹក។ អ្នកបានប្រគល់ជីវិតរបស់ខ្លួនជូនព្រះយេហូវ៉ា ដូច្នេះអ្នកអាចនិយាយដោយមានទំនុកចិត្តថា៖ «ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន?»។ (ទំនុកតម្កើង ១១៨:៦) គ្មានឯកសិទ្ធិណាដែលអស្ចារ្យជាងការនៅខាងព្រះយេហូវ៉ា ហើយការដឹងថាលោកមានមោទនភាពចំពោះយើងនោះទេ។
ភារកិច្ចរបស់ខ្លួន
៤, ៥. (ក) ហេតុអ្វីយើងអាចនិយាយថាការប្រគល់ខ្លួនជូនព្រះយេហូវ៉ាគឺជាភារកិច្ចផ្ទាល់ខ្លួន? (ខ) តើគ្រិស្តសាសនិកគ្រប់វ័យជួបប្រទះនឹងការពិបាកអ្វីខ្លះ?
៤ អ្នកមិនអាចចាត់ទុកថាចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាគឺដូចជាផ្ទះសម្បែងឬដីធ្លីរបស់ក្រុមគ្រួសារដែលអ្នកអាចទទួលជាមរតកឡើយ។ ទោះជាអ្នកនៅតែរស់នៅជាមួយនឹងឪពុកម្ដាយរបស់អ្នកក៏ដោយ ចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាគឺជាភារកិច្ចរបស់ខ្លួនអ្នកផ្ទាល់។ ហេតុអ្វីគឺសំខាន់ឲ្យអ្នកចាំអំពីចំណុចនេះ? គ្មានយើងណាម្នាក់ដែលអាចដឹងច្បាស់អំពីរបៀបដែលជំនឿរបស់យើងនឹងត្រូវសាកល្បងនៅពេលអនាគតបានទេ។ ជាឧទាហរណ៍ អ្នកប្រហែលជាបានទទួលការជ្រមុជទឹកមុនដែលអ្នកមានវ័យជំទង់។ ប៉ុន្តែ ឥឡូវអ្នកមានវ័យជំទង់ ដូច្នេះអ្នកមានអារម្មណ៍ដែលអ្នកមិនធ្លាប់មានពីមុន ហើយក៏មានបញ្ហាខុសពីមុនដែរ។ ប្អូនស្រីវ័យជំទង់ម្នាក់បាននិយាយថា៖ «តាមធម្មតា កូនក្មេងដែលជាសាក្សីព្រះយេហូវ៉ានឹងមិនតូចចិត្តដោយសារតែគាត់មិនអាចញ៉ាំនំខួបកំណើតនៅសាលារៀនទេ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក ពេលដែលមានចំណង់ផ្លូវភេទខ្លាំងជាង គាត់ត្រូវមានការជឿជាក់ទាំងស្រុងថាការធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាគឺតែងតែជាជម្រើសដ៏ល្អបំផុត»។
៥ មិនគ្រាន់តែប្អូនៗវ័យក្មេងប៉ុណ្ណោះទេដែលនឹងជួបការពិបាកដែលមិនធ្លាប់មានពីមុន សូម្បីតែពួកអ្នកដែលបានទទួលការជ្រមុជទឹកនៅពេលដែលពួកគេជាមនុស្សពេញវ័យក៏ដោយ ក៏ប្រឈមមុខនឹងការសាកល្បងជំនឿរបស់ពួកគេតាមរបៀបដែលពួកគេមិនបានរំពឹងទុកដែរ។ ការសាកល្បងនេះអាចមកពីបញ្ហាសុខភាព បញ្ហាអាពាហ៍ពិពាហ៍ ឬបញ្ហាការងារ។ ទោះជាយើងមានវ័យណាក៏ដោយ យើងម្នាក់ៗត្រូវចេះស្មោះត្រង់ចំពោះព្រះយេហូវ៉ាក្នុងស្ថានភាពផ្សេងៗជាច្រើន។—យ៉ាកុប ១:១២-១៤
៦. (ក) តើការប្រគល់ខ្លួនជូនព្រះយេហូវ៉ាដោយគ្មានល័ក្ខខ័ណ្ឌមានន័យយ៉ាងណា? (ខ) តើអ្នកអាចរៀនអ្វីពីភីលីព ៤:១១-១៣?
៦ ដើម្បីជួយអ្នកឲ្យនៅស្មោះត្រង់ សូមចាំជានិច្ចថាសេចក្ដីសន្យាដែលអ្នកបានធ្វើចំពោះព្រះយេហូវ៉ាគឺគ្មានល័ក្ខខ័ណ្ឌ។ នេះមានន័យថាអ្នកបានសន្យានឹងព្រះដ៏ខ្ពង់ខ្ពស់បំផុតថាអ្នកនឹងបម្រើលោកទោះជាមានអ្វីកើតឡើងក៏ដោយ សូម្បីតែមិត្តភក្ដិឬឪពុកម្ដាយរបស់អ្នកឈប់បម្រើលោកក្ដី។ (ទំនុកតម្កើង ២៧:១០) នៅគ្រប់ស្ថានភាពទាំងអស់ សូមធ្វើឲ្យប្រាកដថាអ្នកសុំព្រះយេហូវ៉ាជួយអ្នកឲ្យរក្សាសេចក្ដីសន្យារបស់អ្នកចំពោះលោក។—សូមអាន ភីលីព ៤:១១-១៣
៧. តើការធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច«ដោយកោតខ្លាចញាប់ញ័រ»មានន័យយ៉ាងណា?
៧ ព្រះយេហូវ៉ាចង់ឲ្យអ្នកធ្វើជាមិត្តសម្លាញ់របស់លោក។ ប៉ុន្តែ ការរក្សាមិត្តភាពនេះឲ្យរឹងមាំ ហើយធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច គឺតម្រូវឲ្យយើងខំប្រឹងយ៉ាងខ្លាំង។ ភីលីព ២:១២ចែងថា៖ «សូមបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច ដោយកោតខ្លាចញាប់ញ័រ»។ នេះមានន័យថាយើងត្រូវគិតឲ្យបានដិតដល់អំពីរបៀបដែលយើងអាចរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយរក្សាភាពស្មោះត្រង់ចំពោះលោកទោះជាមានអ្វីកើតឡើងក៏ដោយ។ យើងមិនអាចសន្និដ្ឋានថាខ្លួននឹងធ្វើដូច្នេះឡើយ។ សូមចាំថាសូម្បីតែអ្នកខ្លះដែលបានបម្រើព្រះអស់ជាច្រើនឆ្នាំក្ដី មិនបានរក្សាភាពស្មោះត្រង់ចំពោះលោកទេ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច?
ការសិក្សាគម្ពីរគឺសំខាន់
៨. តើការសិក្សាផ្ទាល់ខ្លួនរួមបញ្ចូលអ្វីខ្លះ? ហេតុអ្វីការសិក្សាផ្ទាល់ខ្លួនគឺសំខាន់?
៨ ដើម្បីធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា យើងត្រូវស្ដាប់លោក ហើយត្រូវនិយាយជាមួយនឹងលោក។ របៀបដែលសំខាន់បំផុតដែលយើងស្ដាប់ព្រះយេហូវ៉ាគឺដោយសិក្សាគម្ពីរ។ នេះរួមបញ្ចូលការអាននិងការរំពឹងគិតអំពីបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ ប៉ុន្តែ ការសិក្សាគម្ពីរគឺមិនដូចជាការចាំព័ត៌មានផ្សេងៗដូចដែលយើងធ្វើសម្រាប់ការប្រឡងនៅសាលារៀននោះទេ។ ផ្ទុយទៅវិញ នេះប្រៀបដូចជាការធ្វើដំណើរដ៏គួរឲ្យរំភើបចិត្តដែលអ្នករកឃើញព័ត៌មានថ្មីៗអំពីព្រះយេហូវ៉ា។ អ្នកនឹងចូលទៅជិតព្រះ ហើយលោកក៏នឹងចូលមកជិតអ្នកដែរ។—យ៉ាកុប ៤:៨
៩. តើឧបករណ៍អ្វីខ្លះបានជួយអ្នកក្នុងការសិក្សាផ្ទាល់ខ្លួន?
៩ អង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឧបករណ៍ជាច្រើនដែលអាចជួយអ្នកពេលធ្វើការសិក្សាផ្ទាល់ខ្លួន។ ជាឧទាហរណ៍ នៅគេហទំព័រjw.org/kmក្រោមផ្នែក«យុវវ័យ»មានអត្ថបទដែលហៅថា «លំហាត់សិក្សាគម្ពីរ»ដែលអាចជួយអ្នកឲ្យធ្វើតាមអ្វីដែលអ្នករៀនពីកំណត់ហេតុក្នុងគម្ពីរ។ ម្យ៉ាងទៀត នៅគេហទំព័រjw.org/kmមានជំនួយសិក្សា«តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?»។ នេះអាចជួយអ្នកឲ្យពង្រឹងជំនឿរបស់អ្នកនិងពន្យល់អ្នកឯទៀតអំពីជំនឿរបស់អ្នក។ អ្នកក៏អាចរកឃើញព័ត៌មានថែមទៀតអំពីការសិក្សាផ្ទាល់ខ្លួននៅក្នុងអត្ថបទដែលមានចំណងជើងថា «ចូរពេញចិត្តនឹងការសិក្សាផ្ទាល់ខ្លួនក្នុងបន្ទូលរបស់ព្រះ»ក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមីនា ឆ្នាំ២០០៣ ទំព័រ១២-១៦។ ការសិក្សានិងការរំពឹងគិតគឺសំខាន់ដើម្បីធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច។—សូមអាន ទំនុកតម្កើង ១១៩:១០៥
ការអធិដ្ឋានគឺសំខាន់ចាំបាច់
១០. ហេតុអ្វីគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹកត្រូវអធិដ្ឋាន?
ពេលអ្នកខ្វល់ខ្វាយអំពីអ្វីណាក៏ដោយ ចូរ«ផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»
១០ ពេលយើងសិក្សាគម្ពីរយើងកំពុងស្ដាប់ព្រះយេហូវ៉ា ហើយពេលយើងអធិដ្ឋានយើងកំពុងនិយាយទៅកាន់លោក។ យើងមិនគួរគិតថាការអធិដ្ឋានគ្រាន់តែជាទម្លាប់ឬជាអ្វីដែលស័ក្ដិសិទ្ធិឡើយ។ សេចក្ដីអធិដ្ឋានគឺជាការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកបង្កើតរបស់យើង។ ព្រះយេហូវ៉ាចង់ស្ដាប់អ្វីដែលអ្នកនិយាយ នេះពិតជាអស្ចារ្យណាស់! (សូមអាន ភីលីព ៤:៦) ដូច្នេះពេលអ្នកខ្វល់ខ្វាយអំពីអ្វីណាក៏ដោយ គម្ពីរចែងថា៖ «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»។ (ទំនុកតម្កើង ៥៥:២២) បងប្អូនរាប់លាននាក់បានឃើញថាយោបល់នេះបានជួយពួកគេ ហើយយោបល់នេះក៏អាចជួយអ្នកដែរ!
១១. ហេតុអ្វីអ្នកគួរអរគុណព្រះយេហូវ៉ាជានិច្ច?
១១ ប៉ុន្តែ យើងមិនគ្រាន់តែគួរអធិដ្ឋាននៅពេលដែលយើងចង់ឲ្យព្រះយេហូវ៉ាជួយយើងប៉ុណ្ណោះទេ។ គម្ពីររំលឹកយើងថា៖ «ចូរបង្ហាញអំណរគុណ»។ (កូឡុស ៣:១៥) ជួនកាលយើងបារម្ភច្រើនពេកអំពីបញ្ហារបស់យើងរហូតដល់យើងមិនចាប់អារម្មណ៍ចំពោះអ្វីល្អៗដែលយើងមាន។ ដូច្នេះជារៀងរាល់ថ្ងៃ សូមព្យាយាមគិតយ៉ាងហោចណាស់អំពីអ្វីបីយ៉ាងដែលអ្នកចង់អរគុណដល់ព្រះយេហូវ៉ា ហើយបន្ទាប់មកអរគុណលោកចំពោះអ្វីទាំងនោះ។ ប្អូនស្រីអាបឺហ្គេលដែលមានវ័យជំទង់ ហើយដែលបានទទួលការជ្រមុជទឹកពេលគាត់មានអាយុ១២ឆ្នាំ និយាយថា៖ «ខ្ញុំគិតថាព្រះយេហូវ៉ាសមនឹងទទួលអំណរគុណពីយើងច្រើនជាងអ្នកឯទៀតក្នុងសកលលោក។ យើងគួរអរគុណលោកនៅគ្រប់ឱកាសចំពោះអំណោយដែលលោកបានផ្ដល់ឲ្យយើង»។ ជួនកាលប្អូនអាបឺហ្គេលសួរខ្លួនគាត់នូវសំណួរមួយដែលគាត់ធ្លាប់ឮគេនិយាយពីមុនថា ‹បើខ្ញុំក្រោកពីគេងនៅថ្ងៃស្អែកដោយមានតែអ្វីដែលខ្ញុំបានអរគុណព្រះយេហូវ៉ានៅថ្ងៃនេះ តើខ្ញុំនឹងមានអ្វីខ្លះ?›។
ការពិសោធដោយខ្លួនឯង គឺសំខាន់
១២, ១៣. តើតាមរបៀបណាអ្នកបានភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាគឺល្អ ហើយហេតុអ្វីគឺសំខាន់ឲ្យអ្នកគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នក?
១២ ព្រះយេហូវ៉ាបានជួយស្តេចដាវីឌឲ្យស៊ូទ្រាំនឹងស្ថានភាពពិបាកជាច្រើន។ ដូច្នេះពីបទពិសោធន៍ផ្ទាល់ខ្លួន ដាវីឌបាននិយាយថា៖ «សូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់»។ (ទំនុកតម្កើង ៣៤:៨) ខគម្ពីរនេះបង្ហាញថា យើងត្រូវពិសោធឲ្យដឹងអំពីគុណធម៌របស់ព្រះយេហូវ៉ាដោយខ្លួនឯង។ ពេលយើងអានគម្ពីរនិងសៀវភៅផ្សេងៗរបស់យើង ព្រមទាំងចូលរួមកិច្ចប្រជុំរបស់យើង យើងរៀនអំពីរបៀបដែលព្រះបានជួយអ្នកឯទៀតឲ្យរក្សាភាពស្មោះត្រង់។ ប៉ុន្តែ កាលដែលចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ាកាន់តែមាំមួនឡើង អ្នកត្រូវយល់របៀបដែលព្រះយេហូវ៉ាកំពុងជួយអ្នក។ តើអ្នកបានសាកមើលឲ្យដឹងថាព្រះយេហូវ៉ាគឺល្អតាមរបៀបណាខ្លះ?
ចូរឲ្យតម្លៃជានិច្ចទៅលើឯកសិទ្ធិធ្វើជាសមាជិកអង្គការរបស់ព្រះយេហូវ៉ា
១៣ គ្រិស្តសាសនិកទាំងអស់បានពិសោធគុណធម៌របស់ព្រះយេហូវ៉ាតាមរបៀបដ៏ពិសេសមួយ។ លោកបានអញ្ជើញយើងម្នាក់ៗឲ្យចូលទៅជិតលោកនិងបុត្ររបស់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូហាន ៦:៤៤) តើអ្នកគិតថាព្រះយេហូវ៉ាបានទាញនាំអ្នកឲ្យមកឯលោកឬទេ? ឬតើអ្នកគិតថា ‹ព្រះយេហូវ៉ាបានទាញនាំឪពុកម្ដាយខ្ញុំឲ្យមកឯលោក ហើយខ្ញុំគ្រាន់តែមកតាមពួកគាត់?›។ សូមចាំថា ពេលអ្នកបានប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងបានទទួលការជ្រមុជទឹក នេះធ្វើឲ្យអ្នកមានចំណងមិត្តភាពដ៏ពិសេសជាមួយនឹងលោក។ គម្ពីរចែងថា៖ «ប្រសិនបើអ្នកណាស្រឡាញ់ព្រះ នោះព្រះស្គាល់អ្នកនោះ»។ (កូរិនថូសទី១ ៨:៣) ចូរឲ្យតម្លៃជានិច្ចទៅលើឯកសិទ្ធិធ្វើជាសមាជិកអង្គការរបស់ព្រះយេហូវ៉ា។
១៤, ១៥. តើតាមរបៀបណាកិច្ចបម្រើផ្សាយអាចជួយអ្នកឲ្យមានជំនឿមាំមួនជាង?
១៤ អ្នកក៏ទទួលគុណធម៌ពីព្រះយេហូវ៉ាពេលដែលលោកឲ្យអ្នកមានចិត្តក្លាហានដើម្បីនិយាយអំពីជំនឿរបស់អ្នកក្នុងកិច្ចបម្រើផ្សាយឬនៅសាលា។ គឺមិនតែងតែស្រួលផ្សព្វផ្សាយដល់សិស្សរួមថ្នាក់ទេ។ ប្រហែលជាអ្នកខ្វល់អំពីប្រតិកម្មរបស់ពួកគេ។ ជាពិសេស អ្នកប្រហែលជាពិបាកពន្យល់អំពីជំនឿរបស់អ្នកនៅមុខមនុស្សមួយក្រុមធំ។ តើអ្វីអាចជួយអ្នក?
១៥ សូមគិតអំពីមូលហេតុដែលអ្នកជឿជាក់ថាអ្វីដែលអ្នកជឿគឺជាសេចក្ដីពិត។ សូមប្រើជំនួយសិក្សាយ៉ាងពេញលេញដែលមាននៅក្នុងគេហទំព័រjw.org/km។ ជំនួយសិក្សាទាំងនោះអាចជួយអ្នកឲ្យគិតអំពីជំនឿរបស់អ្នក មូលហេតុដែលអ្នកមានជំនឿនោះ ហើយរបៀបដែលអ្នកអាចពន្យល់អ្នកឯទៀតអំពីជំនឿរបស់អ្នក។ ពេលអ្នកពិតជាជឿជាក់ ហើយបានរៀបចំយ៉ាងល្អ អ្នកនឹងចង់ផ្សព្វផ្សាយអំពីព្រះយេហូវ៉ា។—យេរេមា ២០:៨, ៩
១៦. តើអ្វីអាចជួយអ្នកឲ្យមានចិត្តក្លាហានដើម្បីនិយាយអំពីជំនឿរបស់អ្នក?
១៦ ទោះជាអ្នកបានរៀបចំយ៉ាងល្អក៏ដោយ អ្នកប្រហែលជានៅតែភ័យពេលពន្យល់អំពីជំនឿរបស់អ្នក។ ប្អូនស្រីម្នាក់ដែលមានអាយុ១៨ឆ្នាំ ហើយដែលបានទទួលការជ្រមុជទឹកពេលគាត់មានអាយុ១៣ឆ្នាំបាននិយាយថា៖ «ខ្ញុំយល់ច្បាស់អំពីជំនឿរបស់ខ្ញុំ ប៉ុន្តែជួនកាលខ្ញុំពិបាករកពាក្យពន្យល់អ្នកឯទៀត»។ ដូច្នេះ គាត់ព្យាយាមនិយាយអំពីសេចក្ដីពិតពេលដែលគាត់និយាយលេងជាមួយនឹងអ្នកឯទៀត ហើយគាត់ក៏មិនបង្ខំឲ្យមានការសន្ទនាអំពីសេចក្ដីពិតឡើយ។ គាត់និយាយថា៖ «សិស្សរួមថ្នាក់ខ្ញុំ និយាយអំពីអ្វីដែលពួកគេធ្វើ ហើយខ្ញុំមិនគួរស្ទាក់ស្ទើរឲ្យធ្វើដូចពួកគេទេ។ ដូច្នេះ ដំបូងខ្ញុំនិយាយដូចជា‹នៅថ្ងៃមុន ពេលខ្ញុំបង្រៀនគម្ពីរ . . . › ហើយក្រោយមកបន្តនិយាយអំពីរឿងដែលខ្ញុំចង់និយាយ។ ទោះជារឿងដែលខ្ញុំនិយាយមិនមែនអំពីគម្ពីរក៏ដោយ អ្នកឯទៀតច្រើនតែចាប់អារម្មណ៍អំពីអ្វីដែលខ្ញុំធ្វើពេលបង្រៀនគម្ពីរ។ ជួនកាល ពួកគេសួរសំណួរផ្សេងៗដែរ។ ពេលខ្ញុំធ្វើដូច្នេះកាន់តែច្រើនដង នោះខ្ញុំកាន់តែស្រួល ហើយក្រោយមកខ្ញុំតែងតែសប្បាយចិត្ត!»។
១៧. តើអ្វីផ្សេងទៀតអាចជួយអ្នកឲ្យនិយាយជាមួយនឹងអ្នកឯទៀត?
១៧ ពេលអ្នកឯទៀតមានអារម្មណ៍ថាអ្នកពិតជាគោរពនិងយកចិត្តទុកដាក់ចំពោះពួកគេ ពួកគេស្រួលគោរពអ្នកនិងជំនឿរបស់អ្នកជាង។ ប្អូនស្រីអូលីវាដែលមានអាយុ១៧ឆ្នាំ ហើយដែលបានទទួលការជ្រមុជទឹកពេលគាត់នៅក្មេង និយាយថា៖ «ខ្ញុំធ្លាប់ខ្លាចថាបើខ្ញុំនិយាយអំពីគម្ពីរ មនុស្សនឹងគិតថាខ្ញុំជាអ្នកជ្រុលនិយមខាងសាសនា»។ ប៉ុន្តែក្រោយមក គាត់ចាប់ផ្ដើមមានទស្សនៈផ្សេង។ ជាជាងគិតច្រើនពេកអំពីការភ័យខ្លាច គាត់បានគិតថា «មនុស្សវ័យក្មេងជាច្រើនមិនដឹងអ្វីសោះអំពីសាក្សីព្រះយេហូវ៉ាទេ។ មានតែយើងប៉ុណ្ណោះដែលពួកគេជួប។ ដូច្នេះ ការប្រព្រឹត្តរបស់យើងអាចនាំឲ្យពួកគេចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍ចំពោះសេចក្ដីពិត។ ចុះយ៉ាងណាបើយើងជាមនុស្សអៀនខ្មាស ឬមិនសូវហ៊ាននិយាយអំពីជំនឿរបស់យើង ឬចុះបើយើងខ្មាសគេពេលនិយាយអំពីជំនឿរបស់យើង តើអ្នកឯទៀតនឹងគិតយ៉ាងណាអំពីយើង? ពួកគេប្រហែលជានឹងគិតថាយើងមិនមានមោទនភាពធ្វើជាសាក្សីព្រះយេហូវ៉ានោះទេ។ ពួកគេក៏ប្រហែលជាថែមទាំងនិយាយមិនសប្បុរសមកលើយើងដោយសារយើងគ្មានទំនុកចិត្ត។ ក៏ប៉ុន្តែ បើយើងនិយាយដោយមានទំនុកចិត្តអំពីអ្វីដែលយើងជឿ ហើយធ្វើដូចជាការសន្ទនាធម្មតា នោះពួកគេទំនងជានឹងគោរពយើងជាង»។
ចូរបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច
១៨. តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច?
១៨ ក្នុងអត្ថបទនេះយើងបានឃើញថាការធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេចគឺជាអ្វីដ៏សំខាន់ណាស់។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះយេហូវ៉ា អធិដ្ឋានទៅលោក ហើយគិតយ៉ាងជ្រាលជ្រៅអំពីរបៀបផ្សេងៗដែលលោកបានជួយអ្នកផ្ទាល់។ ការធ្វើអ្វីទាំងនេះនឹងជួយអ្នកឲ្យកាន់តែមានទំនុកចិត្តថាព្រះយេហូវ៉ាជាមិត្តសម្លាញ់របស់អ្នក។ នេះនឹងជំរុញចិត្តអ្នកឲ្យចង់ប្រាប់អ្នកឯទៀតអំពីជំនឿរបស់អ្នក។—សូមអាន ទំនុកតម្កើង ៧៣:២៨
១៩. ហេតុអ្វីយើងគួរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច?
១៩ លោកយេស៊ូបានមានប្រសាសន៍ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ ហើយលីបង្គោលទារុណកម្មរបស់ខ្លួន រួចមកតាមខ្ញុំជាដរាប»។ (ម៉ាថាយ ១៦:២៤) ដើម្បីធ្វើជាអ្នកកាន់តាមលោកយេស៊ូ គ្រិស្តសាសនិកម្នាក់ៗត្រូវប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក។ នេះជាការចាប់ផ្ដើមនៃជីវិតដ៏ល្អប្រសើរនៅសព្វថ្ងៃ ហើយនេះក៏នឹងនាំឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់នៅក្នុងពិភពលោកថ្មីរបស់ព្រះ។ ដូច្នេះ ចូរខំអស់ពីសមត្ថភាពដើម្បីបន្តធ្វើឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនបានសម្រេច!