ចូរមានចិត្តអាណិតមេត្ដាចំពោះ«មនុស្សគ្រប់ប្រភេទ»
ពេលលោកយេស៊ូបង្រៀនអ្នកកាន់តាមលោកអំពីរបៀបផ្សព្វផ្សាយដំណឹងល្អ លោកបានព្រមានពួកគេថាមនុស្សនឹងមិនតែងតែចង់ស្ដាប់ពួកគេឡើយ។ (លូកា ១០:៣, ៥, ៦) នេះគឺស្រដៀងគ្នានឹងកិច្ចបម្រើផ្សាយរបស់យើង។ មនុស្សខ្លះដែលយើងជួបប្រហែលជាប្រព្រឹត្តមិនគួរសម ឬថែមទាំងជាមនុស្សដែលឆេវឆាវទៀតផង។ ម្យ៉ាងទៀត ពេលពួកគេមានប្រតិកម្មបែបនេះ គឺប្រហែលជាពិបាកឲ្យយើងបង្ហាញចិត្តអាណិតមេត្ដានិងចង់ផ្សព្វផ្សាយដល់ពួកគេ។
បុគ្គលដែលមានចិត្តអាណិតមេត្ដាកត់សម្គាល់អំពីសេចក្ដីត្រូវការនិងបញ្ហារបស់អ្នកឯទៀត អាណិតអាសូរចំពោះពួកគេ ហើយចង់ជួយពួកគេ។ ប៉ុន្តែ តើអ្វីនឹងកើតឡើងបើយើងបាត់បង់ចិត្តអាណិតមេត្ដារបស់យើងចំពោះមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ? យើងនឹងបាត់បង់ចិត្តខ្នះខ្នែង ពោលគឺយើងនឹងមិនសូវមានចិត្តចង់ផ្សព្វផ្សាយដល់ពួកគេ ហើយយើងនឹងមិនអាចជួយពួកគេផងដែរ។ យើងអាចប្រៀបប្រដូចចិត្តខ្នះខ្នែងរបស់យើងទៅនឹងភ្លើង។ ដើម្បីឲ្យភ្លើងឆេះខ្លាំង គឺត្រូវថែមឧស។ ស្រដៀងគ្នាដែរ ដើម្បីឲ្យចិត្តខ្នះខ្នែងរបស់យើងមានកាន់តែខ្លាំងឡើង យើងត្រូវមានចិត្តអាណិតមេត្ដា!—ថែស្សាឡូនិចទី១ ៥:១៩
សូម្បីតែពិបាកឲ្យយើងបង្ហាញចិត្តអាណិតមេត្ដាក្ដី តើយើងអាចរៀនឲ្យមានចិត្តអាណិតមេត្ដាថែមទៀតតាមរបៀបណា? សូមយើងពិចារណាអំពីគំរូបីដែលយើងអាចធ្វើតាម គឺព្រះយេហូវ៉ា លោកយេស៊ូ និងសាវ័កប៉ូល។
ចូរយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា
អស់រាប់ពាន់ឆ្នាំមកហើយ មនុស្សបាននិយាយកុហកអំពីព្រះយេហូវ៉ា។ ប៉ុន្តែ លោកនៅតែ«មានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត»។ (លូកា ៦:៣៥) តើលោកបង្ហាញចិត្តសប្បុរសយ៉ាងដូចម្ដេច? លោកអត់ធ្មត់ចំពោះមនុស្សទាំងអស់។ ព្រះយេហូវ៉ាចង់ឲ្យ«មនុស្សគ្រប់ប្រភេទ»ទទួលសេចក្ដីសង្គ្រោះ។ (ធីម៉ូថេទី១ ២:៣, ៤) ទោះជាព្រះស្អប់អំពើអាក្រក់ក៏ដោយ មនុស្សមានតម្លៃចំពោះលោក ហើយលោកមិនចង់ឲ្យអ្នកណាម្នាក់ស្លាប់ឡើយ។—ពេត្រុសទី២ ៣:៩
ព្រះយេហូវ៉ាដឹងថាសាថានពូកែធ្វើឲ្យមនុស្សជឿពាក្យកុហករបស់វា។ (កូរិនថូសទី២ ៤:៣, ៤) មនុស្សជាច្រើនបានត្រូវគេបង្រៀនសេចក្ដីភូតភរអំពីព្រះ តាំងពីពួកគេនៅក្មេង។ ដូច្នេះ របៀបគិតគូរនិងអារម្មណ៍របស់ពួកគេប្រហែលជាធ្វើឲ្យពួកគេពិបាកទទួលយកសេចក្ដីពិត។ ប៉ុន្តែ ព្រះយេហូវ៉ាចង់ជួយពួកគេ។ ហេតុអ្វីយើងដឹងដូច្នេះ?
ជាឧទាហរណ៍ សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះមនុស្សនៅក្រុងនីនីវេ។ ទោះជាពួកគេជាមនុស្សឃោរឃៅក៏ដោយ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យ៉ូណាសថា៖ «តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ?»។ (យ៉ូណាស ៤:១១) ព្រះយេហូវ៉ាមានចិត្តអាណិតអាសូរចំពោះមនុស្សទាំងនោះដែលមិនស្គាល់សេចក្ដីពិតអំពីលោក។ ដូច្នេះ លោកបានចាត់យ៉ូណាសឲ្យទៅព្រមានពួកគេ។
យើងមានអារម្មណ៍ដូចព្រះយេហូវ៉ាមានចំពោះមនុស្ស ពោលគឺពួកគេមានតម្លៃ។ ដូចព្រះយេហូវ៉ា យើងចង់ជួយពួកគេឲ្យរៀនអំពីលោក ទោះជាតាមមើលទៅពួកគេនឹងមិនព្រមទទួលសេចក្ដីពិតក៏ដោយ។
ចូរយកតម្រាប់លោកយេស៊ូក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា
ដូចបិតារបស់លោក លោកយេស៊ូមានចិត្តអាណិតអាសូរចំពោះមនុស្ស«ពីព្រោះពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ (ម៉ាថាយ ៩:៣៦) លោកយេស៊ូបានយល់អំពីមូលហេតុដែលពួកគេស្ថិតក្នុងស្ថានភាពនោះ។ នេះគឺដោយសារពួកអ្នកដឹកនាំសាសនាបានប្រព្រឹត្តយ៉ាងអាក្រក់មកលើពួកគេ ហើយបានបង្រៀនពួកគេនូវសេចក្ដីភូតភរ។ ម្យ៉ាងទៀត សូម្បីតែលោកយេស៊ូបានដឹងថាមនុស្សជាច្រើនដែលបានមកស្ដាប់លោកនឹងមិនទៅជាអ្នកកាន់តាមលោកដោយសារមូលហេតុផ្សេងៗ ក៏លោកនៅតែបង្រៀនពួកគេនូវអ្វីៗជាច្រើន។—ម៉ាកុស ៤:១-៩
ពេលមនុស្សមានប្រតិកម្មមិនល្អចំពោះដំណឹងដែលយើងផ្សាយ យើងត្រូវព្យាយាមស្វែងយល់អំពីមូលហេតុដែលពួកគេមានប្រតិកម្មដូច្នេះ។ ប្រហែលជាពួកគេមានទស្សនៈមិនល្អអំពីគម្ពីរ ឬអំពីគ្រិស្តសាសនិក ដោយសារពួកគេបានឃើញថាមនុស្សខ្លះដែលហៅខ្លួនថាជាគ្រិស្តសាសនិកធ្វើអ្វីៗដ៏អាក្រក់។ អ្នកឯទៀតប្រហែលជាបានឮពាក្យភូតភរអំពីសេចក្ដីបង្រៀនរបស់យើង។ ប៉ុន្តែ អ្នកខ្លះទៀតប្រហែលជាខ្លាចថាសាច់ញាតិ ឬមនុស្សដែលមកពីសហគមន៍របស់ពួកគេនឹងសើចចំអកពួកគេបើពួកគេនិយាយរកយើង។
មនុស្សខ្លះដែលយើងជួបប្រហែលជាធ្លាប់ឆ្លងកាត់រឿងដ៏ខ្លោចផ្សាដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើពួកគេ។ ជាឧទាហរណ៍ បងស្រីឃីមដែលជាសាសនទូតម្នាក់និយាយថា មនុស្សជាច្រើនក្នុងតំបន់ផ្សាយរបស់គាត់ធ្លាប់ឆ្លងកាត់សង្គ្រាម ហើយពួកគេបានបាត់បង់អ្វីៗទាំងអស់ដែលពួកគេមាន។ ហេតុនេះហើយ ពួកគេគ្មានសេចក្ដីសង្ឃឹមសម្រាប់អនាគតទេ។ ពួកគេខកចិត្តនិងខឹង ហើយមិនទុកចិត្តអ្នកណាឡើយ។ មនុស្សនៅក្នុងតំបន់ផ្សាយនោះ ច្រើនតែព្យាយាមបញ្ឈប់សាក្សីព្រះយេហូវ៉ាមិនឲ្យផ្សព្វផ្សាយ។ នៅពេលមួយ បងឃីមថែមទាំងបានត្រូវគេធ្វើបាបកាលដែលគាត់ផ្សព្វផ្សាយ។
តើបងឃីមរក្សាចិត្តអាណិតមេត្ដាយ៉ាងដូចម្ដេច សូម្បីតែនៅពេលដែលមនុស្សប្រព្រឹត្តអាក្រក់មកលើគាត់? គាត់តែងតែព្យាយាមនឹកចាំបទគម្ពីរនៅសុភាសិត ១៩:១១ដែលចែងថា៖ «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»។ ពេលគាត់គិតអំពីបញ្ហាដែលមនុស្សក្នុងតំបន់ផ្សាយរបស់គាត់បានឆ្លងកាត់ នោះជួយគាត់ឲ្យមានចិត្តអាណិតមេត្ដាចំពោះពួកគេ។ ម្យ៉ាងទៀត ក្នុងកិច្ចបម្រើផ្សាយ គាត់ក៏ជួបមនុស្សរួសរាយរាក់ទាក់ដែរ។ នៅតំបន់ផ្សាយនោះ គាត់មានការត្រឡប់ទៅជួបខ្លះដ៏ល្អ។
យើងអាចសួរខ្លួនយើងថា ‹បើខ្ញុំមិនស្គាល់សេចក្ដីពិត តើខ្ញុំនឹងប្រព្រឹត្តយ៉ាងណាពេលសាក្សីព្រះយេហូវ៉ាមកផ្សព្វផ្សាយដល់ខ្ញុំ?›។ ជាឧទាហរណ៍ ចុះយ៉ាងណាបើយើងបានឮការភូតភរជាច្រើនអំពីសាក្សី? យើងក៏ប្រហែលជានឹងមានប្រតិកម្មមិនល្អ ហើយនឹងត្រូវការឲ្យអ្នកឯទៀតបង្ហាញចិត្តអាណិតមេត្ដាចំពោះយើងដែរ។ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវប្រព្រឹត្តចំពោះអ្នកឯទៀតដូចយើងចង់ឲ្យពួកគេប្រព្រឹត្តមកលើយើងដែរ។ ដូច្នេះ យើងត្រូវព្យាយាមយល់អារម្មណ៍របស់អ្នកឯទៀត ហើយបង្ហាញចិត្តអត់ធ្មត់ចំពោះពួកគេ ទោះជាការធ្វើដូច្នេះគឺពិបាកក្ដី។—ម៉ាថាយ ៧:១២
ចូរយកតម្រាប់ប៉ូលក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា
សាវ័កប៉ូលបានបង្ហាញសេចក្ដីអាណិតមេត្ដាចំពោះមនុស្ស ទោះជាពួកគេបានប្រព្រឹត្តយ៉ាងឃោរឃៅពេលគាត់ផ្សព្វផ្សាយក្ដី។ ហេតុអ្វី? ពីព្រោះគាត់បាននឹកចាំថាគាត់ក៏ធ្លាប់ប្រព្រឹត្តដូច្នោះដែរ។ គាត់បាននិយាយថា៖ ‹ខ្ញុំធ្លាប់ជាអ្នកប្រមាថព្រះ ជាអ្នកបៀតបៀនរាស្ត្ររបស់លោក និងជាមនុស្សព្រហើន។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំបានទទួលសេចក្ដីមេត្ដាករុណា ពីព្រោះខ្ញុំធ្លាប់ល្ងង់ខ្លៅ ហើយបានប្រព្រឹត្តដោយគ្មានជំនឿ›។ (ធីម៉ូថេទី១ ១:១៣) ប៉ូលដឹងថាព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះគាត់។ គាត់អាចយល់អំពីអារម្មណ៍របស់មនុស្សដែលចង់បញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់គាត់ ដោយសារគាត់ធ្លាប់មានអារម្មណ៍ដូចពួកគេដែរ។
នៅពេលខ្លះ ប៉ូលបានជួបមនុស្សដែលមានជំនឿមុតមាំទៅលើសេចក្ដីបង្រៀនមិនពិត។ តើនេះធ្វើឲ្យគាត់មានអារម្មណ៍យ៉ាងណា? សកម្មភាព ១៧:១៦ចែងថាកាលដែលគាត់នៅក្រុងអាថែន គាត់«ចាប់ផ្ដើមទើសចិត្តដោយសារឃើញថាក្រុងនោះពេញទៅដោយរូបព្រះ»។ ទោះជាយ៉ាងនោះក៏ដោយ ប៉ូលបានប្រើអ្វីដែលបានធ្វើឲ្យគាត់ទើសចិត្តដើម្បីបង្រៀនមនុស្ស។ (សកម្មភាព ១៧:២២, ២៣) គាត់បានកែប្រែពាក្យផ្សាយ ហើយគាត់បាននិយាយតាមរបៀបផ្សេងៗទៅកាន់មនុស្សដែលមានប្រវត្ដិខុសៗគ្នា ដើម្បីគាត់«អាចសង្គ្រោះពួកគេខ្លះតាមគ្រប់មធ្យោបាយទាំងអស់»។—កូរិនថូសទី១ ៩:២០-២៣
ពេលយើងផ្សព្វផ្សាយដល់មនុស្សដែលមានប្រតិកម្មមិនល្អ ឬមានជំនឿលើសេចក្ដីបង្រៀនមិនពិត យើងអាចធ្វើអ្វីដូចដែលប៉ូលបានធ្វើ។ យើងអាចប្រើអ្វីដែលយើងស្គាល់អំពីពួកគេ ដើម្បីជួយពួកគេឲ្យរៀនអំពី«ដំណឹងល្អពីការប្រសើរ»។ (អេសាយ ៥២:៧) បងស្រីដ័ររ៉ឺធីនិយាយថា៖ «ក្នុងតំបន់ផ្សាយរបស់យើង មនុស្សជាច្រើនបានត្រូវបង្រៀនថាព្រះគ្មានមេត្ដានិងចាំតែដាក់ទោសមនុស្ស។ ខ្ញុំសរសើរមនុស្សបែបនេះដែលមានជំនឿដ៏មុតមាំទៅលើព្រះ ហើយរួចមកខ្ញុំណែនាំពួកគេឲ្យមើលអ្វីដែលគម្ពីរចែងអំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយអំពីសេចក្ដីសន្យារបស់លោកសម្រាប់ថ្ងៃអនាគត»។
«ចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ»
កាលដែលទីបញ្ចប់កាន់តែជិតមកដល់ យើងអាចរំពឹងថាចិត្តគំនិតរបស់មនុស្សខ្លះនឹង«កាន់តែអាក្រក់ទៅៗ»។ (ធីម៉ូថេទី២ ៣:១, ១៣) ប៉ុន្តែ យើងមិនគួរបាត់បង់ចិត្តអាណិតមេត្ដាឬអំណររបស់យើងដោយសារប្រតិកម្មរបស់ពួកគេឡើយ។ ព្រះយេហូវ៉ាអាចផ្ដល់កម្លាំងឲ្យយើងដើម្បី«បន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ»។ (រ៉ូម ១២:២១) បងស្រីម្នាក់ឈ្មោះជេស៊ីកាដែលជាអ្នកត្រួសត្រាយនិយាយថាគាត់ច្រើនតែជួបមនុស្សដែលមានអំណួត ហើយដែលចំអកមើលងាយយើងនិងដំណឹងដែលយើងផ្សាយ។ គាត់បន្ថែមថា៖ «នេះអាចធ្វើឲ្យយើងធុញទ្រាន់។ ពេលខ្ញុំចាប់ផ្ដើមការសន្ទនា ខ្ញុំអធិដ្ឋានក្នុងចិត្តទៅព្រះយេហូវ៉ា ហើយសុំជំនួយពីលោកដើម្បីមានទស្សនៈដូចលោកចំពោះអ្នកនោះ»។ នេះជួយបងជេស៊ីកាមិនឲ្យផ្ដោតអារម្មណ៍ទៅលើអារម្មណ៍របស់គាត់ ប៉ុន្តែជួយគាត់ឲ្យគិតអំពីរបៀបជួយអ្នកឯទៀត។
យើងក៏គួរព្យាយាមលើកទឹកចិត្តបងប្អូនរបស់យើង កាលដែលយើងផ្សព្វផ្សាយជាមួយនឹងពួកគេ។ បងជេស៊ីកានិយាយថា ពេលគាត់ផ្សព្វផ្សាយជាមួយនឹងបងប្អូនឯទៀត ហើយមានម្នាក់ក្នុងចំណោមពួកគេដែលជួបមនុស្សដែលមានប្រតិកម្មមិនល្អ បងជេស៊ីកាព្យាយាមមិនផ្ដោតអារម្មណ៍ទៅលើរឿងនោះទេ។ ផ្ទុយទៅវិញ គាត់និយាយអំពីអ្វីល្អៗ ដូចជាលទ្ធផលល្អដែលមកពីកិច្ចបម្រើផ្សាយរបស់យើង ទោះជាអ្នកខ្លះមានប្រតិកម្មមិនល្អក្ដី។
ព្រះយេហូវ៉ាដឹងច្បាស់ថា នៅពេលខ្លះយើងពិបាកផ្សព្វផ្សាយ។ ប៉ុន្តែ លោកសប្បាយរីករាយណាស់ពេលដែលយើងយកតម្រាប់លោកក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា! (លូកា ៦:៣៦) ព្រះយេហូវ៉ានឹងមិនបង្ហាញចិត្តអត់ធ្មត់និងចិត្តអាណិតមេត្ដាចំពោះមនុស្សក្នុងពិភពលោកនេះជារៀងរហូតទេ។ យើងអាចប្រាកដថាលោកដឹងច្បាស់អំពីពេលដែលទីបញ្ចប់ត្រូវមកដល់។ ទម្រាំដល់ពេលនោះ យើងគួរចាត់ទុកកិច្ចផ្សព្វផ្សាយរបស់យើងថាជាកិច្ចការបន្ទាន់។ (ធីម៉ូថេទី២ ៤:២) ដូច្នេះ សូមឲ្យយើងបន្តផ្សព្វផ្សាយដោយចិត្តខ្នះខ្នែង និងបង្ហាញចិត្តអាណិតមេត្ដាចំពោះ«មនុស្សគ្រប់ប្រភេទ»។