តើមានចំណុចខ្លះក្នុងគម្ពីរដែលផ្ទុយគ្នាឬទេ?
ចម្លើយពីគម្ពីរ
អត់ទេ គម្ពីរទាំងមូលគឺស្របគ្នា។ ទោះបីជាផ្នែកខ្លះក្នុងគម្ពីរមើលទៅផ្ទុយគ្នាក៏ដោយ តែយើងនឹងយល់កាន់តែច្បាស់អំពីអ្វីទាំងនោះពេលយើងធ្វើតាមគោលការណ៍ខ្លះៗនៅខាងក្រោមនេះ៖
១. ពិចារណាអំពីបរិបទ។ បើគេដកស្រង់អ្វីដែលអ្នកនិពន្ធណាម្នាក់បានសរសេរដោយមិនគិតអំពីបរិបទ នោះអ្វីដែលគាត់បានសរសេរអាចមើលទៅផ្ទុយពីគ្នា។
២. ពិចារណាអំពីទស្សនៈរបស់អ្នកសរសេរ។ ពេលដែលមនុស្សឃើញព្រឹត្តិការណ៍មួយកើតឡើង ពួកគេម្នាក់ៗអាចរៀបរាប់យ៉ាងត្រឹមត្រូវអំពីអ្វីដែលពួកគេបានឃើញ ប៉ុន្តែពួកគេប្រហែលជាមិនប្រើពាក្យដូចគ្នា ឬប្រាប់អំពីព័ត៌មានដូចគ្នាទាំងស្រុងនោះទេ។
៣. គិតអំពីប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់។
៤. យល់អំពីពេលដែលគម្ពីរប្រើពាក្យន័យធៀបនិងពាក្យន័យត្រង់។
៥. គេអាចនិយាយថាបុគ្គលម្នាក់បានធ្វើឬសម្រេចអ្វីមួយ ទោះជាគាត់មិនបានធ្វើដោយផ្ទាល់ក៏ដោយ។a
៦. អានគម្ពីរដែលមានការបកប្រែត្រឹមត្រូវ។
៧. ជៀសវាងពីការធ្វើឲ្យគម្ពីរស្របនឹងសេចក្ដីបង្រៀនខាងសាសនាដែលមិនត្រឹមត្រូវ។
ឧទាហរណ៍បន្តបន្ទាប់នេះនឹងបង្ហាញអំពីរបៀបដែលគោលការណ៍នៅខាងលើអាចជួយពន្យល់ចំណុចខ្លះៗដែលមើលទៅផ្ទុយគ្នានៅក្នុងគម្ពីរ។
គោលការណ៍ទី១៖ បរិបទ
បើព្រះបានសម្រាកនៅថ្ងៃទី៧ ហេតុអ្វីគម្ពីរចែងថាលោកនៅតែធ្វើការរហូតដល់ឥឡូវ? កំណត់ហេតុនៅដើមកំណើតអំពីការបង្កើតរៀបរាប់ថា៖«នៅថ្ងៃទី៧ . . . លោកបានសម្រាកពីកិច្ចការទាំងអស់»។ យោងទៅតាមបរិបទនៃកំណត់ហេតុនេះ ព្រះបានសម្រាកពីកិច្ចការបង្កើត ពោលគឺការបង្កើតផែនដី និងជីវិតទាំងឡាយនៅលើផែនដី។ (ដើមកំណើត ២:២-៤) ដូច្នេះពេលលោកយេស៊ូមានប្រសាសន៍ថាព្រះ«នៅតែធ្វើការរហូតដល់ឥឡូវនេះ» លោកមិនបាននិយាយផ្ទុយពីកំណត់ហេតុនោះទេ ដោយសារលោកចង់បញ្ជាក់អំពីកិច្ចការផ្សេងទៀតរបស់ព្រះ។ (យ៉ូហាន ៥:១៧) កិច្ចការរបស់ព្រះរួមមានការបណ្ដាលមនុស្សឲ្យសរសេរគម្ពីរ ហើយផ្ដល់ការណែនាំនិងមើលថែមនុស្សជាតិ។—ចម្រៀងសរសើរព្រះ ២០:៦; ១០៥:៥; ពេត្រុសទី២ ១:២១
គោលការណ៍ទី២និងទី៣៖ ទស្សនៈរបស់អ្នកសរសេរនិងប្រវត្តិសាស្ត្រ
តើលោកយេស៊ូបានធ្វើឲ្យបុរសដែលងងឹតភ្នែកជាសះស្បើយនៅឯណា? សៀវភៅលូកាបានសរសេរថាលោកយេស៊ូបានធ្វើឲ្យបុរសដែលងងឹតភ្នែកម្នាក់ជាសះស្បើយកាលដែលលោក«មកជិតដល់ក្រុងយេរីខូ» តែសៀវភៅម៉ាថាយបានសរសេរថាលោកបានព្យាបាលបុរសងងឹតភ្នែកពីរនាក់ពេលដែលលោកកំពុង«ចេញពីក្រុងយេរីខូ»។ (លូកា ១៨:៣៥-៤៣; ម៉ាថាយ ២០:២៩-៣៤) សៀវភៅទាំងពីរនេះមានព័ត៌មានដែលជួយយើងឲ្យយល់ស្ថានភាពនៅពេលនោះកាន់តែច្បាស់។ ម៉ាថាយផ្ដោតអារម្មណ៍ទៅលើចំនួនបុរសដែលនៅទីនោះ រីឯលូកាផ្ដោតអារម្មណ៍ទៅលើបុរសដែលបានសន្ទនាជាមួយលោកយេស៊ូ។ ស្ដីអំពីទីកន្លែងដែលលោកយេស៊ូបានធ្វើអព្ភូតហេតុនេះ បុរាណវត្ថុវិទូបានរកឃើញថានៅសម័យលោកយេស៊ូ យេរីខូមានក្រុងពីរ គឺក្រុងចាស់និងក្រុងថ្មី។ ក្រុងចាស់ដែលបានសាងសង់ដោយជនជាតិយូដាមានចម្ងាយ១.៥គីឡូម៉ែត្រពីក្រុងថ្មីដែលបានសាងសង់នៅសម័យរ៉ូម។ លោកយេស៊ូប្រហែលជានៅពាក់កណ្ដាលរវាងក្រុងទាំងពីរនេះពេលដែលលោកបានធ្វើអព្ភូតហេតុនោះ។
គោលការណ៍ទី៤៖ ពាក្យន័យធៀបនិងពាក្យន័យត្រង់
តើផែនដីនឹងត្រូវបំផ្លាញឬទេ? នៅអ្នកទូន្មាន ១:៤ គម្ពីរចែងថា៖«ផែនដីនៅស្ថិតស្ថេរជារៀងរហូត»។ ប៉ុន្តែមនុស្សខ្លះគិតថា នេះគឺផ្ទុយគ្នាពីបទគម្ពីរមួយទៀតដែលចែងថា៖«ផែនដីនិងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»។ (ពេត្រុសទី២ ៣:១០; សមាគមព្រះគម្ពីរកម្ពុជា) គម្ពីរប្រើពាក្យ«ផែនដី»ក្នុងន័យត្រង់ដោយសំដៅទៅលើភពផែនដីរបស់យើង ប៉ុន្តែពេលប្រើពាក្យផែនដីក្នុងន័យធៀប គម្ពីរចង់សំដៅទៅលើមនុស្សដែលរស់នៅលើផែនដីវិញ។ (ដើមកំណើត ១:១; ១១:១) ការបំផ្លាញ«ផែនដី»ដែលបានរៀបរាប់នៅពេត្រុសទី២ ៣:១០ មិនមានន័យថាបំផ្លាញផែនដីក្នុងន័យត្រង់នោះទេ ប៉ុន្តែនេះចង់សំដៅទៅលើ‹ការបំផ្លាញមនុស្សដែលមិនកោតខ្លាចព្រះ›។—ពេត្រុសទី២ ៣:៧
គោលការណ៍ទី៥៖ អ្នកដែលបានសម្រេចអ្វីមួយ
នៅក្រុងកាពើណិម តើអ្នកណាបានប្រាប់លោកយេស៊ូអំពីសំណូមពររបស់នាយទាហាន? ម៉ាថាយ ៨:៥, ៦ ចែងថា នាយទាហានម្នាក់បានមកអង្វរលោកយេស៊ូ រីឯលូកា ៧:៣ ចែងថានាយទាហាននោះបានចាត់ពួកបុរសចាស់ទុំជនជាតិយូដាខ្លះឲ្យទៅជួបលោកយេស៊ូ។ នេះមើលទៅគឺផ្ទុយគ្នា តែយើងអាចយល់ថានោះគឺជាសំណូមពររបស់នាយទាហាន តែគាត់មិនបានទៅជួបលោកយេស៊ូដោយផ្ទាល់ទេ គាត់បានចាត់ពួកបុរសចាស់ទុំឲ្យទៅជួបលោកយេស៊ូជាតំណាងរបស់គាត់។
គោលការណ៍ទី៦៖ សេចក្ដីបកប្រែគម្ពីរដែលត្រឹមត្រូវ
តើយើងទាំងអស់គ្នាមានភាពខុសឆ្គងឬទេ? គម្ពីរបង្រៀនថាភាពខុសឆ្គងបានចូលក្នុងពិភពលោកនេះតាមរយៈបុរសដំបូង ពោលគឺអាដាម។ (រ៉ូម ៥:១២) សេចក្ដីបកប្រែខ្លះធ្វើឲ្យមនុស្សគិតថាគម្ពីរមានសេចក្ដីបង្រៀនផ្ទុយគ្នា ដោយបកថាមនុស្សល្អ«មិនប្រព្រឹត្តអំពើបាប» ឬ«មិនដែលធ្វើបាបទេ»។ (យ៉ូហានទី១ ៣:៦; ព្រះគម្ពីរភាសាខ្មែរសម្រាយ; សមាគមព្រះគម្ពីរកម្ពុជា) ប៉ុន្តែ ក្នុងភាសាដើម កិរិយាសព្ទភាសាក្រិចសម្រាប់ពាក្យ«អំពើខុសឆ្គង» បង្កប់អត្ថន័យថា នេះគឺជាអ្វីមួយដែលកំពុងតែកើតឡើង។ ភាពខុសឆ្គងដែលយើងបានទទួលពីអាដាមដែលយើងមិនអាចគេចផុតបាន គឺខុសគ្នាពីអំពើខុសឆ្គងដែលមកពីការមិនធ្វើតាមច្បាប់របស់ព្រះដោយចេតនា។ ដូច្នេះ សេចក្ដីបកប្រែឯទៀតជួយឲ្យលែងមានការយល់ច្រឡំនេះ ដោយប្រើពាក្យត្រឹមត្រូវដែលថា មនុស្សល្អ«មិនប្រព្រឹត្តអំពើខុសឆ្គងទេ»។—សេចក្ដីបកប្រែពិភពលោកថ្មី
គោលការណ៍ទី៧៖ សេចក្ដីបង្រៀនពីគម្ពីរជាជាងសេចក្ដីបង្រៀនរបស់សាសនា
តើលោកយេស៊ូមានឋានៈស្មើនឹងព្រះឬទាបជាង? លោកយេស៊ូមានប្រសាសន៍ថា៖«ខ្ញុំនិងបិតានៅស្ថានសួគ៌គឺតែមួយ» ហើយនេះស្ដាប់ទៅគឺផ្ទុយគ្នាពីពាក្យរបស់លោកដែលថា៖«បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។ (យ៉ូហាន ១០:៣០; ១៤:២៨) ដើម្បីយល់បទគម្ពីរទាំងនេះ យើងត្រូវពិនិត្យមើលអ្វីដែលគម្ពីរចែងអំពីព្រះយេហូវ៉ានិងលោកយេស៊ូ ជាជាងព្យាយាមធ្វើឲ្យបទគម្ពីរស្របគ្នានឹងសេចក្ដីបង្រៀនព្រះបីរួមគ្នាជាព្រះតែមួយ ដែលមិនមានមូលដ្ឋានទៅលើគម្ពីរ។ គម្ពីរបង្ហាញថាព្រះយេហូវ៉ាមិនគ្រាន់តែជាបិតារបស់លោកយេស៊ូប៉ុណ្ណោះទេ តែលោកក៏ជាព្រះរបស់លោកយេស៊ូដែរ និងជាបុគ្គលដែលលោកយេស៊ូគោរពប្រណិប័តន៍។ (ម៉ាថាយ ៤:១០; ម៉ាកុស ១៥:៣៤; យ៉ូហាន ១៧:៣; ២០:១៧; កូរិនថូសទី២ ១:៣) ដូច្នេះ លោកយេស៊ូមិនមានឋានៈស្មើនឹងព្រះទេ។
ដោយពិនិត្យមើលបរិបទ យើងឃើញថាពេលលោកយេស៊ូមានប្រសាសន៍ថា៖«ខ្ញុំនិងបិតានៅស្ថានសួគ៌គឺតែមួយ» លោកចង់បញ្ជាក់ថាលោកមានគោលបំណងដូចបិតារបស់លោក គឺព្រះយេហូវ៉ា។ ក្រោយមក លោកយេស៊ូមានប្រសាសន៍ថា៖«បិតានៅស្ថានសួគ៌រួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំក៏រួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ដែរ»។ (យ៉ូហាន ១០:៣៨) លោកយេស៊ូក៏មានគោលបំណងដូចអ្នកកាន់តាមលោកដែរ ដោយសារលោកអធិដ្ឋានទៅព្រះអំពីពួកគាត់ថា៖«ខ្ញុំបានតម្កើងពួកគាត់ ដូចលោកបានតម្កើងខ្ញុំដែរ ដើម្បីឲ្យពួកគាត់រួមគ្នាតែមួយ ដូចយើងរួមគ្នាតែមួយ។ ខ្ញុំរួបរួមជាមួយនឹងពួកគាត់ ហើយលោករួបរួមជាមួយនឹងខ្ញុំ»។—យ៉ូហាន ១៧:២២, ២៣
a ជាឧទាហរណ៍ សព្វវចនាធិប្បាយប៊្រីធែណនីកាបានរៀបរាប់អំពីប្រាសាទបុរាណតាច ម៉ាហាល (Taj Mahal) ថា៖«ប្រាសាទនេះបានត្រូវសាងសង់ដោយអធិរាជមូហ្គលម្នាក់ ឈ្មោះសាចាហាន»។ តែតាមពិត គាត់មិនបានសាងសង់ប្រាសាទនេះដោយខ្លួនឯងទេ។ អត្ថបទពីសព្វវចនាធិប្បាយនោះបានបន្ថែមថា៖«មានកម្មករច្រើនជាង២០.០០០នាក់»ដែលបានធ្វើកិច្ចការសាងសង់នេះ។