សំណួរពីយុវវ័យ
ការវិវត្តន៍ឬមានអ្នកបង្កើត? ភាគទី១: ហេតុអ្វីគួរជឿថាមានព្រះ?
ការវិវត្តន៍ឬមានអ្នកបង្កើត?
តើប្អូនជឿថាព្រះបានបង្កើតអ្វីៗទាំងអស់ទេ? បើប្អូនជឿ គឺមិនចម្លែកទេ ព្រោះមិនមែនមានតែប្អូនទេដែលជឿដូច្នោះ។ យុវវ័យជាច្រើន(និងមនុស្សពេញវ័យ)ក៏ជឿអ៊ីចឹងដែរ។ ប៉ុន្តែ អ្នកខ្លះទៀតនិយាយថាជីវិតនិងសកលលោកយើង បានវិវត្តដោយឯកឯង គ្មានជំនួយពីព្រះទេ។
តើប្អូនដឹងទេ? ក្រុមទាំងពីរដែលមានគំនិតខ្វែងគ្នានេះ ច្រើនតែនិយាយអ្វីដែលពួកគេជឿ តែមិនដឹងមូលហេតុដែលពួកគេជឿដូច្នោះឡើយ។
អ្នកខ្លះជឿថាព្រះបានបង្កើតអ្វីៗទាំងអស់ តាមមើលទៅ ពួកគេជឿដូច្នោះដោយសារពួកគេបានរៀនពីវិហារសាសនារបស់ពួកគេ។
រីឯមនុស្សជាច្រើនទៀតដែលជឿថាជីវិតទាំងឡាយបានកកើតឡើងដោយសារការវិវត្តន៍ តាមមើលទៅ ពួកគេជឿដូច្នោះព្រោះពួកគេបានរៀនពីសាលា។
អត្ថបទតភាគនេះនឹងជួយប្អូនឲ្យជឿជាក់ថាជីវិតគឺមានឡើងដោយសារមានព្រះបានបង្កើត ហើយក៏ជួយប្អូនឲ្យចេះពន្យល់អ្នកឯទៀតអំពីជំនឿនេះដែរ។ ប៉ុន្តែដំបូង ប្អូនត្រូវសួរខ្លួនឯងនូវសំណួរខ្លះៗ៖
ហេតុអ្វីខ្ញុំជឿថាមានព្រះ?
ហេតុអ្វីសំណួរនេះសំខាន់? ព្រោះគម្ពីរលើកទឹកចិត្តប្អូនឲ្យប្រើ«សមត្ថភាពរិះគិត»របស់ប្អូន។ (រ៉ូម ១២:១) នេះមានន័យថា ការជឿថាមានព្រះ មិនគួរផ្អែកទៅលើតែ
អារម្មណ៍ (ខ្ញុំមានអារម្មណ៍ថាត្រូវមានប្រភពថាមពលដែលខ្លាំងក្លា)
ឥទ្ធិពលពីអ្នកឯទៀត (ខ្ញុំរស់នៅតំបន់មួយដែលកាន់តាមសាសនា)
ការបង្ខិតបង្ខំ (ឪពុកម្ដាយខ្ញុំបង្គាប់ខ្ញុំថាត្រូវតែជឿថាមានព្រះ)
ផ្ទុយទៅវិញ ប្អូនផ្ទាល់គួរជឿជាក់ថាមានព្រះមែន ហើយការជឿដូច្នោះគួរតែសមហេតុផលសម្រាប់ប្អូន។
ដូច្នេះ តើអ្វីធ្វើឲ្យប្អូនជឿថាពិតជាមានព្រះមែន? ក្រដាសលំហាត់«ហេតុអ្វីខ្ញុំជឿថាមានព្រះ?» នឹងជួយឲ្យប្អូនមានការជឿជាក់អំពីនោះ។ បន្ថែមទៅទៀត ប្អូនប្រហែលជាឃើញថាក្រដាសលំហាត់នោះនឹងជួយប្អូនឲ្យគិតពិចារណាអំពីរបៀបដែលយុវវ័យឯទៀតរកឃើញចម្លើយអំពីសំណួរនេះ។
ប្អូនថេរេសាបានរៀបរាប់ថា៖«ពេលខ្ញុំនៅក្នុងថ្នាក់ស្ដាប់គ្រូពន្យល់អំពីដំណើរការក្នុងរាងកាយយើង ខ្ញុំជឿជាក់ទាំងស្រុងថាពិតជាមានព្រះមែន។ សរីរាង្គនីមួយៗក្នុងរាងកាយមានតួនាទីរៀងៗខ្លួន សូម្បីតែសរីរាង្គតូចក៏មានព័ត៌មានយ៉ាងល្អិតល្អន់ដែរ ហើយវាបំពេញតួនាទីរបស់វាទាំងយើងមិនដឹងខ្លួនទៀតផង។ រូបកាយមនុស្សយើងពិតជាស្មុគស្មាញណាស់!»។
ប្អូនរីឆឺដបានរៀបរាប់ថា៖«ពេលខ្ញុំឃើញប៉ម នាវា ឬឡាន ខ្ញុំសួរខ្លួនថា៖‹តើអ្នកណាបង្កើតវាឡើង›។ ជាឧទាហរណ៍ ដើម្បីមានឡានមួយគ្រឿង គឺត្រូវការមនុស្សដែលមានប្រាជ្ញាវាងវៃផលិតវាឡើង។ ព្រោះមានគ្រឿងតូចៗជាច្រើនត្រូវដំឡើងនៅកន្លែងត្រឹមត្រូវដើម្បីឲ្យឡាននោះដំណើរការបាន។ បើឡានមានអ្នកដែលគ្រោងបង្កើត នោះមនុស្សយើងក៏ត្រូវមានអ្នកគ្រោងបង្កើតដែរ»។
ប្អូនខារិនបានរៀបរាប់ថា៖«សូម្បីតែផ្នែកដ៏តូចបំផុតក្នុងសកលលោកក៏ត្រូវការរាប់រយឆ្នាំដើម្បីឲ្យមនុស្សដែលឈ្លាសវៃបំផុតស្វែងយល់អំពីវាដែរ។ ពេលយើងទទួលស្គាល់អំពីការពិតនេះ នោះយើងយល់ថាសកលលោកទាំងមូលមិនអាចកកើតឡើងដោយឯកឯងបានទេ ត្រូវតែមានបុគ្គលដែលប្រកបដោយប្រាជ្ញាបានបង្កើតវាឡើង»។
ប្អូនអានថូនីបានរៀបរាប់ថា៖«ពេលខ្ញុំសិក្សាអំពីវិទ្យាសាស្ត្រកាន់តែច្រើន នោះខ្ញុំកាន់តែពិបាកជឿថាជីវិតបានវិវត្តដោយឯកឯងណាស់។ ជាឧទាហរណ៍ ខ្ញុំឃើញភាពអស្ចារ្យក្នុងធម្មជាតិ គឺសុទ្ធតែទាក់ទងនឹងគណិតវិទ្យា។ ហើយខ្ញុំក៏កោតស្ងើចអំពីចំណុចវិសេសរបស់មនុស្សដែរ គឺការចង់ដឹងចង់យល់។ មានតែមនុស្សទេដែលចង់ដឹងថាខ្លួនមកពីណា និងជីវិតមានគោលបំណងអ្វី ហើយអនាគតនឹងទៅជាយ៉ាងណា។ ទ្រឹស្ដីវិវត្តន៍ខំបកស្រាយអំពីអ្វីទាំងអស់នោះឲ្យទាក់ទងនឹងសត្វ តែទ្រឹស្ដីនោះមិនអាចពន្យល់អំពីមូលហេតុដែលមនុស្សយើងវិសេសបែបនោះឡើយ។ ចំពោះខ្ញុំ ការជឿលើទ្រឹស្ដីវិវត្តន៍គឺពិបាកជាងការជឿថាមានព្រះជាអ្នកបង្កើត»។
ការពន្យល់ជំនឿរបស់ខ្លួន
ចុះបើសិស្សរួមថ្នាក់សើចចំអកឲ្យប្អូនដោយសារប្អូនជឿលើអ្វីដែលមើលមិនឃើញ? ចុះបើពួកគេនិយាយថាវិទ្យាសាស្ត្រមាន«ភ័ស្តុតាង»អំពីការវិវត្តន៍?
ដំបូង សូមមានទំនុកចិត្តចំពោះអ្វីដែលប្អូនជឿ។ កុំមានអារម្មណ៍ខ្មាសគេឡើយ។ (រ៉ូម ១:១៦) សូមប្អូនចាំចំណុចដូចតទៅ៖
១. មិនមែនមានតែប្អូនទេដែលជឿថាមានព្រះ មនុស្សជាច្រើនក៏ជឿអ៊ីចឹងដែរ។ នេះរួមបញ្ចូលអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់និងមានប្រាជ្ញា។ ជាឧទាហរណ៍ ពួកអ្នកវិទ្យាសាស្ត្រមួយចំនួនក៏ជឿថាមានព្រះដែរ។
២. ពេលអ្នកឯទៀតនិយាយថាពួកគេមិនជឿព្រះ ជួនកាលពួកគេចង់មានន័យថាពួកគេមិនយល់អំពីព្រះ។ ពួកគេគ្មានភ័ស្តុតាងដែលបង្ហាញថាទស្សនៈរបស់ពួកគេត្រឹមត្រូវទេ ពួកគេគ្រាន់តែលើកឡើងសំណួរដូចជា«បើមានព្រះមែន ម្ដេចក៏លោកឲ្យយើងរងទុក្ខវេទនា?»។ ក្នុងន័យម្យ៉ាង ពួកគេមិនចង់រកហេតុផលដែលបញ្ជាក់ថាមានព្រះទេ តែគ្រាន់តែសួរតាមអារម្មណ៍ពួកគេប៉ុណ្ណោះ។
៣. មនុស្សមានការ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ»។ (ម៉ាថាយ ៥:៣) នេះរួមបញ្ចូលការជឿថាមានព្រះ។ ដូច្នេះ បើបុគ្គលម្នាក់និយាយថាគ្មានព្រះទេ គាត់ត្រូវពន្យល់អំពីមូលហេតុដែលគាត់សន្និដ្ឋានដូច្នោះ។—រ៉ូម ១:១៨-២០
៤. ការជឿថាមានព្រះគឺសមហេតុសមផល។ ព្រោះមានភ័ស្តុតាងជាច្រើនដែលបញ្ជាក់ថាជីវិតមិនអាចកើតឡើងដោយឯកឯងបានឡើយ។ គ្មានភ័ស្តុតាងណាដែលគាំទ្រគំនិតថាអ្វីដែលមានជីវិតអាចកើតចេញពីអ្វីដែលគ្មានជីវិតទេ។
ចុះបើអ្នកណាម្នាក់សួរប្អូនអំពីមូលហេតុដែលប្អូនជឿថាមានព្រះ តើប្អូនអាចឆ្លើយយ៉ាងណា? សូមពិចារណាឧទាហរណ៍ខ្លះៗ។
បើនរណាម្នាក់និយាយថា៖«មានតែមនុស្សមិនសូវមានចំណេះដឹងប៉ុណ្ណោះដែលជឿថាមានព្រះ»។
ប្អូនអាចឆ្លើយថា៖«តើអ្នកពិតជាគិតបែបនេះមែន? សម្រាប់ខ្ញុំមិនគិតដូច្នេះទេ។ ការពិត តាមការស្ទង់មតិសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រជាង១.៦០០នាក់ពីសកលវិទ្យាល័យទំនើបៗ គេឃើញថាមួយភាគបីនៃសាស្ត្រាចារ្យទាំងនោះមិនបានអះអាងថាគ្មានព្រះទេ។a តើអ្នកនឹងហៅពួកគាត់ថាជាមនុស្សមិនចេះដឹងដោយសារពួកគាត់ជឿថាមានព្រះឬ?»។
បើនរណាម្នាក់និយាយថា៖ «បើមានព្រះមែន ម្ដេចក៏មានទុក្ខវេទនាច្រើនម្ល៉េះ?»។
ប្អូនអាចឆ្លើយថា៖ «តើអ្នកប្រហែលជាចង់បានន័យថាអ្នកមិនយល់អំពីមូលហេតុដែលព្រះមិនបានចាត់វិធានការចំពោះទុក្ខវេទនារបស់យើងមែន? [ទុកឲ្យគាត់ឆ្លើយ] ខ្ញុំបានរកឃើញចម្លើយដែលធ្វើឲ្យខ្ញុំស្កប់ចិត្តស្ដីអំពីមូលហេតុដែលមានទុក្ខវេទនាច្រើនម្ល៉េះ។ ប៉ុន្តែ ដើម្បីយល់អំពីនេះ យើងត្រូវពិនិត្យមើលសេចក្ដីបង្រៀនពីគម្ពីរ។ តើអ្នកចង់ស្វែងយល់ថែមទៀតទេ?»។
អត្ថបទបន្ទាប់នឹងបកស្រាយអំពីមូលហេតុដែលទ្រឹស្ដីវិវត្តន៍ មិនមានការពន្យល់សមហេតុសមផលអំពីមូលហេតុដែលយើងមានជីវិត។
a Source: Social Science Research Council, “Religion and Spirituality Among University Scientists,” by Elaine Howard Ecklund, February 5, 2007.