ថ្ងៃសុក្រ ទី១៧ ខែមេសា
កុំឲ្យអ្នកណានាំអ្នករាល់គ្នាវង្វេងចេញឲ្យសោះ។—២ថែ. ២:៣
តើយើងរៀនអ្វីពីពាក្យរបស់សាវ័កប៉ូលដែលបានសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច? ពេលយើងឮអ្វីមួយដែលមិនស្របនឹងអ្វីដែលយើងបានរៀនពីគម្ពីរ ឬពេលយើងឮរឿងដ៏គួរឲ្យភ្ញាក់ផ្អើល យើងត្រូវប្រើសមត្ថភាពវែកញែក។ នៅអតីតសហភាពសូវៀត សត្រូវរបស់យើងធ្លាប់ផ្ញើសំបុត្រដល់បងប្អូនដែលមើលទៅមកពីមន្ទីរចាត់ការពិភពលោក។ សំបុត្រនោះបានលើកទឹកចិត្តបងប្អូនឲ្យញែកខ្លួន ហើយបង្កើតអង្គការថ្មីមួយ។ សំបុត្រនោះមើលទៅដូចជាសំបុត្រផ្លូវការពិតមែន។ ប៉ុន្តែ បងប្អូនដ៏ស្មោះត្រង់មិនបានចាញ់បោកទេ។ ពួកគេយល់ថាពាក្យនៅក្នុងសំបុត្រនោះមិនស្របនឹងអ្វីដែលពួកគេបានរៀនឡើយ។ នៅសព្វថ្ងៃនេះ ជួនកាលសត្រូវនៃសេចក្ដីពិតប្រើអ្វីដូចជាប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញសង្គម ដើម្បីព្យាយាមបំភាន់និងបំបាក់បំបែកយើង។ ជាជាង«ឲ្យការវែកញែក[របស់យើង]ងាយរង្គោះរង្គើ» យើងអាចការពារខ្លួនដោយពិចារណាថាអ្វីដែលយើងឮឬអ្វីដែលយើងអានគឺស្របនឹងសេចក្ដីពិតដែលយើងបានរៀនរួចហើយឬយ៉ាងណា។—២ថែ. ២:២; ១យ៉ូន. ៤:១ w២៤.០៧ ទំ.១២ វ.១៤-១៥
ថ្ងៃសៅរ៍ ទី១៨ ខែមេសា
ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្ត . . . នឹងជួយយើង។—១យ៉ូន. ២:១
ការសម្រេចចិត្តដ៏សំខាន់បំផុតដែលមនុស្សម្នាក់អាចធ្វើគឺប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទៅជាសមាជិកក្រុមគ្រួសារដែលជាអ្នកគោរពប្រណិប័តន៍លោក។ ព្រះយេហូវ៉ាចង់ឲ្យមនុស្សគ្រប់រូបធ្វើដូច្នេះ។ ហេតុអ្វី? លោកចង់ឲ្យយើងមានចំណងមិត្តភាពជាមួយនឹងលោក ហើយរស់នៅជារៀងរហូត។ (បច. ៣០:១៩, ២០; កាឡ. ៦:៧, ៨) ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមិនបង្ខំអ្នកណាម្នាក់ឲ្យបម្រើលោកទេ។ លោកអនុញ្ញាតឲ្យបុគ្គលម្នាក់ៗសម្រេចចិត្តថាគាត់នឹងធ្វើអ្វី។ ប៉ុន្តែ ចុះយ៉ាងណាបើគ្រិស្តសាសនិកណាម្នាក់ដែលបានទទួលការជ្រមុជទឹកបានបំពានច្បាប់របស់ព្រះដោយប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ? បើគាត់មិនប្រែចិត្តទេ គាត់ត្រូវដកចេញពីក្រុមជំនុំ។ (១កូ. ៥:១៣) ប៉ុន្តែ សូម្បីតែពេលនោះ ក៏ព្រះយេហូវ៉ានៅតែសង្ឃឹមថាបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងនោះនឹងត្រឡប់មកឯលោកវិញ។ តាមពិត នេះគឺជាមូលហេតុដ៏សំខាន់មួយដែលលោកផ្ដល់ថ្លៃលោះ ពោលគឺដើម្បីលោកអាចអភ័យទោសឲ្យបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ ព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីស្រឡាញ់ជាបរិបូរ ហើយលោកដាស់តឿនពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរឲ្យប្រែចិត្ត។—សាក. ១:៣; រ៉ូម ២:៤; យ៉ា. ៤:៨ w២៤.០៨ ទំ.១៤ វ.១-២
ថ្ងៃអាទិត្យ ទី១៩ ខែមេសា
បើកូនមានប្រាជ្ញា នោះឪពុកនឹងរីករាយត្រេកអរ។—សុភ. ២៣:១៥
នៅពេលដែលសាវ័កយ៉ូហានសរសេរសំបុត្រទី៣របស់គាត់ អ្នកខ្លះបានផ្សាយសេចក្ដីបង្រៀនមិនពិត ហើយបង្កឲ្យមានការបែកបាក់គ្នា។ ប៉ុន្តែ អ្នកខ្លះទៀតបន្ត«ប្រព្រឹត្តតាមសេចក្ដីពិត»។ ពួកគេស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយ«កាន់តាមបញ្ញត្តិរបស់លោក»។ (២យ៉ូន. ៤, ៦) បងប្អូនគ្រិស្តសាសនិកស្មោះត្រង់ទាំងនេះបានធ្វើឲ្យយ៉ូហាននិងព្រះយេហូវ៉ាសប្បាយចិត្តខ្លាំងណាស់។ (សុភ. ២៧:១១) តើមានមេរៀនអ្វីសម្រាប់យើង? ភាពស្មោះត្រង់នាំឲ្យអរសប្បាយ។ (១យ៉ូន. ៥:៣) ជាឧទាហរណ៍ យើងសប្បាយចិត្តដោយដឹងថាការប្រព្រឹត្តរបស់យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ លោកក៏សប្បាយចិត្តខ្លាំងណាស់ដែរ ពេលឃើញយើងព្យាយាមយកឈ្នះការល្បងលនិងបន្តស្ដាប់បង្គាប់លោក។ សូម្បីតែទេវតាក៏ត្រេកអរដែរ ពេលឃើញដូច្នេះ។ (លូក. ១៥:១០) ម្យ៉ាងទៀត យើងសប្បាយចិត្តពេលឃើញបងប្អូនឯទៀតរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ (២ថែ. ១:៤) នៅទីបំផុត ពេលរបៀបរបបពិភពលោកនេះកន្លងផុតទៅ យើងនឹងសប្បាយចិត្តកាន់តែខ្លាំងដោយដឹងថាយើងបន្តនៅស្មោះត្រង់ចំពោះព្រះ។ w២៤.១១ ទំ.១២-១៣ វ.១៧-១៨