ម៉ាកុស
១ ដំណឹងល្អអំពីលោកយេស៊ូគ្រិស្ត* ចាប់ផ្ដើមដូចតទៅនេះ៖ ២ ដូចអេសាយដែលជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុន ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក។* ៣ ឮទេ? មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យផ្លូវទាំងនោះត្រង់›»។ ៤ យ៉ូហានដែលជាអ្នកជ្រមុជទឹក បានលេចមុខនៅតំបន់ស្ងាត់ជ្រងំ ប្រកាសប្រាប់មនុស្សឲ្យទទួលការជ្រមុជទឹក* ដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត ដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង* របស់ខ្លួន។ ៥ ជាលទ្ធផល មនុស្សទាំងអស់នៅតំបន់យូឌា និងមនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិម បានចេញទៅជួបយ៉ូហាន។ គាត់បានជ្រមុជទឹកឲ្យពួកគេក្នុងទន្លេយ៉ូដាន់ ហើយពួកគេបានសារភាពនូវការខុសឆ្គងរបស់ខ្លួនជាសាធារណៈ។ ៦ យ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ឯខ្សែក្រវាត់ធ្វើពីស្បែក ហើយអាហាររបស់គាត់គឺជាសត្វកណ្ដូបនិងទឹកឃ្មុំព្រៃ។ ៧ គាត់ធ្លាប់ប្រកាសថា៖ «លោកដែលនឹងមកក្រោយខ្ញុំ គឺខ្លាំងជាងខ្ញុំ។ ខ្ញុំមិនសមនឹងឱនស្រាយខ្សែស្បែកជើងជូនលោកផង។ ៨ ខ្ញុំបានជ្រមុជអ្នករាល់គ្នាក្នុងទឹក តែលោកនឹងជ្រមុជអ្នករាល់គ្នាក្នុងសកម្មពល* បរិសុទ្ធ»។
៩ នៅគ្រានោះ លោកយេស៊ូបានមកពីក្រុងណាសារ៉ែតនៅស្រុកកាលីឡេ ហើយយ៉ូហានបានជ្រមុជទឹកឲ្យលោកក្នុងទន្លេយ៉ូដាន់។ ១០ ក្រោយពីងើបឡើងពីទឹកមកភ្លាម លោកក៏ឃើញមេឃបើកចំហ ហើយឃើញសកម្មពលរបស់ព្រះដូចជាសត្វព្រាប ចុះមកសណ្ឋិតលើលោក។ ១១ ហើយមានសំឡេងមួយមកពីលើមេឃថា៖ «អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តនឹងអ្នកណាស់»។
១២ រំពេចនោះ សកម្មពលរបស់ព្រះបានបណ្ដាលចិត្តលោកឲ្យទៅតំបន់ស្ងាត់ជ្រងំ។ ១៣ ម្ល៉ោះហើយ លោកបាននៅទីនោះអស់សែសិបថ្ងៃ។ សាថាន* បានល្បួងលោក ហើយលោកក៏នៅជាមួយនឹងសត្វព្រៃ តែពួកទេវតាបានមកបម្រើលោក។
១៤ ក្រោយពេលដែលយ៉ូហានត្រូវគេចាប់ឃុំឃាំងនោះ លោកយេស៊ូបានទៅស្រុកកាលីឡេ ហើយផ្សព្វផ្សាយដំណឹងល្អរបស់ព្រះ ១៥ ដោយពោលថា៖ «គ្រាកំណត់បានមកដល់ហើយ រាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ។ ចូរប្រែចិត្ត ហើយមានជំនឿលើដំណឹងល្អចុះ!»។
១៦ កាលដែលលោកកំពុងដើរតាមឆ្នេរសមុទ្រ* កាលីឡេ នោះលោកឃើញស៊ីម៉ូននិងអនទ្រេកំពុងបង់សំណាញ់ក្នុងសមុទ្រ ពីព្រោះពួកគាត់ជាអ្នកនេសាទ។ ១៧ ដូច្នេះលោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរមកតាមខ្ញុំចុះ! ហើយខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាអ្នកនេសាទមនុស្សវិញ»។ ១៨ ពួកគាត់បានទុកសំណាញ់ចោលភ្លាម ហើយទៅតាមលោក។ ១៩ ពេលលោកបានដើរទៅមុខបន្ដិចទៀត ក៏ឃើញកូនប្រុសរបស់សេបេដេពីរនាក់ គឺយ៉ាកុបនិងប្អូនរបស់គាត់ឈ្មោះយ៉ូហាន។ ពួកគាត់នៅក្នុងទូកកំពុងជួសជុលសំណាញ់។ ២០ រំពេចនោះ លោកក៏បានហៅពួកគាត់។ ពួកគាត់ក៏បានទុកសេបេដេជាឪពុកក្នុងទូកជាមួយនឹងពួកកូនឈ្នួល រួចហើយបានចេញទៅតាមលោក។ ២១ ក្រោយមក ពួកគាត់បានទៅដល់ក្រុងកាពើណិមជាមួយនឹងលោក។
ពេលថ្ងៃឈប់សម្រាក* មកដល់ភ្លាម លោកបានចូលទៅសាលាប្រជុំ* ហើយចាប់ផ្ដើមបង្រៀន។ ២២ ហើយមនុស្សបាននឹកអស្ចារ្យនឹងសេចក្ដីបង្រៀនរបស់លោក ពីព្រោះរបៀបដែលលោកបង្រៀនពួកគេគឺប្រកបដោយអំណាច មិនមែនដូចពួកអ្នកជំនាញខាងច្បាប់* បង្រៀននោះទេ។ ២៣ ម្យ៉ាងទៀត នៅចំពេលនោះ ក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលមានវិញ្ញាណ* អសោចមួយចូល ហើយគាត់បានស្រែក ២៤ សួរថា៖ «នែ! យេស៊ូពីក្រុងណាសារ៉ែត! តើអ្នកមករំខានពួកយើងធ្វើអ្វី? តើអ្នកមកបំផ្លាញយើងឬ? ខ្ញុំដឹងច្បាស់ថាអ្នកជាអ្នកណា។ អ្នកជាអ្នកបរិសុទ្ធរបស់ព្រះ»។ ២៥ តែលោកយេស៊ូស្តីបន្ទោសវា ដោយពោលថា៖ «ស្ងៀមទៅ! ហើយចេញពីគាត់!»។ ២៦ រួចវិញ្ញាណអសោចបានចេញពីបុរសនោះ ក្រោយពីបានស្រែកអស់សំឡេងហើយធ្វើឲ្យគាត់ដួលប្រកាច់។ ២៧ មនុស្សទាំងឡាយនឹកស្ងើចក្នុងចិត្តដល់ម្ល៉េះ បានជាពួកគេចាប់ផ្ដើមនិយាយគ្នាថា៖ «តើនេះជាអ្វីទៅ? នេះជាសេចក្ដីបង្រៀនថ្មី! លោកមានអំណាចអាចបង្គាប់ទាំងវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់តាមលោកដែរ»។ ២៨ ដូច្នេះ ដំណឹងអំពីលោកបានចាប់ផ្ដើមឮសុសសាយទូទាំងស្រុកកាលីឡេភ្លាម។
២៩ ភ្លាមៗនោះ លោកនិងពួកគាត់បានចេញពីសាលាប្រជុំ រួចចូលផ្ទះរបស់ស៊ីម៉ូននិងអនទ្រេជាមួយនឹងយ៉ាកុបនិងយ៉ូហាន។ ៣០ ពេលនោះ ម្ដាយក្មេករបស់ស៊ីម៉ូនកំពុងសម្រាន្តលើគ្រែដោយសារឈឺគ្រុនក្ដៅ។ ពួកគាត់បានជម្រាបលោកភ្លាមអំពីគាត់។ ៣១ លោកបានដើរទៅជិត ហើយចាប់ដៃគាត់ឲ្យងើបឡើង។ គ្រុននោះក៏បាត់ទៅ រួចគាត់ចាប់ផ្ដើមធ្វើអាហារជូនលោកនិងពួកគាត់។
៣២ លុះពេលល្ងាចមកដល់ ក្រោយថ្ងៃលិច មនុស្សចាប់ផ្ដើមនាំអស់អ្នកដែលឈឺ និងអ្នកដែលមានវិញ្ញាណកំណាច* ចូល ឲ្យមកជួបលោក ៣៣ អ្នកនៅក្រុងនោះទាំងអស់ បានមកមូលគ្នានៅមាត់ទ្វារផ្ទះតែម្ដង។ ៣៤ ដូច្នេះ លោកបានធ្វើឲ្យមនុស្សជាច្រើនដែលមានជំងឺផ្សេងៗ បានជាសះស្បើយ ហើយក៏បានបណ្ដេញវិញ្ញាណកំណាចជាច្រើនចេញដែរ តែលោកមិនឲ្យវិញ្ញាណកំណាចទាំងនោះនិយាយទេ ពីព្រោះពួកវាដឹងថាលោកគឺជាគ្រិស្ត។
៣៥ រួចពេលព្រលឹមស្រាងៗ កាលមេឃងងឹតនៅឡើយ លោកបានភ្ញាក់ពីសម្រាន្ត ហើយចេញទៅរកកន្លែងមួយឆ្ងាយពីគេ នៅទីនោះលោកចាប់ផ្ដើមអធិដ្ឋាន។ ៣៦ ក៏ប៉ុន្តែស៊ីម៉ូននិងអ្នកដែលនៅជាមួយនឹងគាត់ បានតាមរកលោក ៣៧ លុះរកឃើញហើយ ពួកគាត់ប្រាប់លោកថា៖ «មនុស្សទាំងអស់កំពុងរកលោក»។ ៣៨ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយើងទៅកន្លែងផ្សេងវិញ ទៅឃុំនៅជិតៗនេះ ដើម្បីខ្ញុំអាចផ្សព្វផ្សាយនៅទីនោះដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានមក»។ ៣៩ រួចលោកបានទៅផ្សព្វផ្សាយក្នុងសាលាប្រជុំពេញស្រុកកាលីឡេទាំងមូល ថែមទាំងបានបណ្ដេញវិញ្ញាណកំណាចទៀតផង។
៤០ មានបុរសកើតជំងឺឃ្លង់ម្នាក់មករកលោក ហើយលុតជង្គង់អង្វរថា៖ «បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។ ៤១ ឃើញដូច្នេះ លោកមានចិត្តក្ដួលអាណិត រួចលូកដៃទៅពាល់គាត់ដោយពោលថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ ៤២ រំពេចនោះ ជំងឺឃ្លង់បានបាត់ពីខ្លួនគាត់ទៅ ហើយគាត់បានជាស្អាត។ ៤៣ រួចលោកបានបង្គាប់គាត់យ៉ាងម៉ឺងម៉ាត់ ហើយប្រាប់ឲ្យគាត់ចេញទៅភ្លាម ៤៤ ដោយពោលថា៖ «កុំប្រាប់អ្នកណាឲ្យសោះ តែដោយសារអ្នកបានជាស្អាត ចូរទៅបង្ហាញខ្លួនអ្នកដល់ពួកសង្ឃ ថែមទាំងជូនអ្វីដែលម៉ូសេបានបង្គាប់ ដើម្បីឲ្យពួកគាត់ធ្វើជាសាក្សី»។ ៤៥ ប៉ុន្តែក្រោយពីគាត់បានចេញទៅ គាត់ចាប់ផ្ដើមប្រកាសឲ្យមនុស្សឮសុសសាយនៅទីជិតឆ្ងាយអំពីរឿងនោះ រហូតដល់លោកយេស៊ូមិនអាចចូលក្នុងក្រុងមួយដោយឥតលាក់លៀមទៀតឡើយ តែលោកត្រូវនៅខាងក្រៅ នាកន្លែងឆ្ងាយពីគេវិញ។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សនៅតែមករកលោកពីគ្រប់ទិសទី។