គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ឥឡូវខ្ញុំអាចជួយអ្នកឯទៀត
ឆ្នាំកំណើត: ១៩៨១
ប្រទេសកំណើត: ក្វាតេម៉ាឡា
ប្រវត្តិ: កុមារភាពសោកនាដកម្ម
អតីតកាលរបស់ខ្ញុំ:
ខ្ញុំកើតនៅភូមិដាច់ស្រយាលមួយ ឈ្មោះអាកល់ ដែលស្ថិតនៅតំបន់ជួរភ្នំភាគខាងលិចនៃប្រទេសក្វាតេម៉ាឡា។ ក្រុមគ្រួសារខ្ញុំជាជនជាតិអាយសិល ដែលជាជនជាតិភាគតិចរបស់ក្រុមម៉ាយ៉ា។ ក្រៅពីភាសាអេស្ប៉ាញ ខ្ញុំធំឡើងចេះនិយាយភាសាជនជាតិភាគតិចរបស់ខ្ញុំ។ ខ្ញុំកើតមកក្នុងអំឡុងពេលដែលប្រទេសក្វាតេម៉ាឡាមានសង្គ្រាមស៊ីវិល ហើយសង្គ្រាមនោះមានរយៈពេល៣៦ឆ្នាំ។ ពេលនោះ ជនជាតិអាយសិលជាច្រើនបានស្លាប់។
ពេលខ្ញុំអាយុបួនឆ្នាំ បងប្រុសខ្ញុំមានអាយុប្រាំពីរឆ្នាំកំពុងតែលេងជាមួយនឹងគ្រាប់បែកម្យ៉ាង។ ប៉ុន្តែ គ្រាប់បែកនោះបានផ្ទុះដោយចៃដន្យ។ ជាលទ្ធផល ខ្ញុំទៅជាងងឹតភ្នែក ហើយគួរឲ្យសោកស្ដាយណាស់បងប្រុសខ្ញុំបានស្លាប់។ ក្រោយមក ខ្ញុំបានចំណាយពេលច្រើនឆ្នាំនៅវិទ្យាស្ថានមួយសម្រាប់កុមារពិការភ្នែកនៅទីក្រុងក្វាតេម៉ាឡា ជាកន្លែងដែលខ្ញុំរៀនអក្សរសម្រាប់មនុស្សងងឹតភ្នែក។ នៅទីនោះ ខ្ញុំមិនយល់មូលហេតុទេ ដែលបុគ្គលិកបានហាមមិនឲ្យខ្ញុំនិយាយលេងជាមួយកូនក្មេងឯទៀត ហើយសិស្សរួមថ្នាក់ក៏មិនរាប់អានខ្ញុំដែរ។ ខ្ញុំតែងតែឯកោ តែពីរខែក្នុងមួយឆ្នាំ ខ្ញុំអាចទៅនៅជាមួយម្ដាយខ្ញុំ ដែលតែងតែសប្បុរសនិងមានចិត្តអាណិតអាសូរ។ ខ្ញុំរង់ចាំពេលនោះខ្លាំងណាស់។ តែគួរឲ្យសោកស្ដាយ គាត់ស្លាប់ពេលខ្ញុំអាយុដប់ឆ្នាំ។ ខ្ញុំឈឺចិត្តខ្លាំងណាស់ ដោយសារខ្ញុំបាត់បង់មនុស្សតែម្នាក់ក្នុងពិភពលោកដែលស្រឡាញ់ខ្ញុំ។
ពេលខ្ញុំអាយុ១១ឆ្នាំ ខ្ញុំទៅស្រុកកំណើតវិញ ហើយរស់នៅជាមួយបងប្រុសខ្ញុំនិងក្រុមគ្រួសារគាត់។ ពួកគាត់បានជួយចិញ្ចឹមខ្ញុំ តែគ្មានអ្នកណាអាចជួយខ្ញុំខាងផ្លូវចិត្តទេ។ ជួនកាលខ្ញុំស្រែកយំទៅព្រះថា៖«ហេតុអីម៉ាក់ខ្ញុំស្លាប់? ហេតុអីខ្ញុំត្រូវងងឹតភ្នែក?»។ មនុស្សផ្សេងៗប្រាប់ខ្ញុំថាសោកនាដកម្មទាំងនោះគឺជាបំណងរបស់ព្រះ។ ដូច្នេះ ខ្ញុំសន្និដ្ឋានថាព្រះគ្មានមេត្តានិងអយុត្តិធម៌។ មូលហេតុតែមួយគត់ដែលខ្ញុំមិនធ្វើអត្តឃាតគឺដោយសារខ្ញុំគ្មានមធ្យោបាយធ្វើដូច្នេះ។
ដោយសារខ្ញុំងងឹតភ្នែក ខ្ញុំមិនអាចការពារខ្លួនឡើយ។ ពេលនៅក្មេង គេបានរំលោភខ្ញុំពីរបីដង។ ខ្ញុំមិនដែលរាយការណ៍អំពីឧក្រិដ្ឋកម្មទាំងនេះទេ ព្រោះខ្ញុំបានគិតថាគ្មានអ្នកណាម្នាក់ខ្វល់អំពីខ្ញុំឡើយ។ មនុស្សកម្រមកនិយាយជាមួយខ្ញុំណាស់ ហើយខ្ញុំក៏មិននិយាយជាមួយអ្នកណាដែរ។ ខ្ញុំនៅតែម្នាក់ឯង ធ្លាក់ទឹកចិត្ត ហើយខ្ញុំមិនទុកចិត្តនរណាម្នាក់ឡើយ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ពេលខ្ញុំអាយុ១៣ឆ្នាំ សាក្សីព្រះយេហូវ៉ាពីរនាក់ដែលជាប្ដីប្រពន្ធបានជួបខ្ញុំក្នុងអំឡុងពេលសម្រាកនៅឯសាលារៀន។ អ្នកគ្រូម្នាក់នៅសាលាអាណិតខ្ញុំ ហើយបានសុំឲ្យពួកគេមកជួបខ្ញុំ។ ពួកគេបានប្រាប់ខ្ញុំអំពីសេចក្ដីសន្យាក្នុងគម្ពីរដែលថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនៅថ្ងៃមួយ មនុស្សងងឹតភ្នែកនឹងអាចមើលឃើញម្ដងទៀត។ (អេសាយ ៣៥:៥; យ៉ូហាន ៥:២៨, ២៩) ខ្ញុំចូលចិត្តអ្វីដែលពួកគេបង្រៀនខ្ញុំ តែដោយសារខ្ញុំមិនធ្លាប់និយាយច្រើន ខ្ញុំពិបាកនិយាយជាមួយពួកគាត់ណាស់។ ក៏ប៉ុន្តែ ទោះជាខ្ញុំអៀនខ្មាសខ្លាំងក៏ដោយ ពួកគេបង្ហាញចិត្តសប្បុរសនិងចិត្តអត់ធ្មត់ដោយបន្តបង្រៀនគម្ពីរដល់ខ្ញុំ។ ប្ដីប្រពន្ធនេះបានដើរឆ្លងកាត់ភ្នំដប់គីឡូម៉ែត្រ ទើបដល់ភូមិខ្ញុំ។
បងប្រុសខ្ញុំបានពណ៌នាពួកគេឲ្យខ្ញុំដឹងថា ពួកគេស្លៀកពាក់ស្អាត តែមិនសូវមានលុយច្រើនទេ។ យ៉ាងណាក៏ដោយ ពួកគេយកចិត្តទុកដាក់នឹងខ្ញុំរហូត ហើយយកអំណោយតូចៗមកឲ្យខ្ញុំ។ ខ្ញុំគិតថា មានតែគ្រិស្តសាសនិកពិតទេដែលនឹងលះបង់ប្រយោជន៍បែបនេះ។
ខ្ញុំរៀនគម្ពីរដោយប្រើសៀវភៅដែលមានអក្សរសម្រាប់មនុស្សងងឹតភ្នែក។ ខ្ញុំយល់អំពីអ្វីដែលខ្ញុំកំពុងរៀន តែចិត្តខ្ញុំពិបាកទទួលយកអ្វីទាំងនោះ។ ជាឧទាហរណ៍ ខ្ញុំពិបាកជឿថាព្រះពិតជាយកចិត្តទុកនឹងខ្ញុំ ហើយថាអ្នកឯទៀតនឹងមានអារម្មណ៍ដូចនោះចំពោះខ្ញុំដែរ។ ខ្ញុំយល់ពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើទុច្ចរិតជាបណ្ដោះអាសន្ន តែខ្ញុំពិបាកចាត់ទុកលោកថាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។a
បន្តិចម្ដងៗ អ្វីដែលខ្ញុំរៀនពីគម្ពីរបានជួយខ្ញុំឲ្យផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំ។ ជាឧទាហរណ៍ ខ្ញុំរៀនថាព្រះពិតជាអាណិតអាសូរអស់អ្នកដែលរងទុក្ខណាស់។ ព្រះបានមានប្រសាសន៍អំពីអ្នកគោរពប្រណិប័តន៍លោកដែលគេកំពុងធ្វើបាបថា៖«អញបានឃើញសេចក្ដីវេទនារបស់រាស្ដ្រអញ...អញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ»។ (និក្ខមនំ ៣:៧) ពេលខ្ញុំចាប់ផ្ដើមឲ្យតម្លៃចំពោះគុណសម្បត្តិដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ា នេះបានជំរុញចិត្តខ្ញុំឲ្យប្រគល់ជីវិតខ្ញុំជូនលោក។ ដូច្នេះ នៅឆ្នាំ១៩៩៨ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ប្រហែលមួយឆ្នាំក្រោយខ្ញុំបានទទួលការជ្រមុជទឹក ខ្ញុំបានចូលរួមវគ្គសិក្សាមួយសម្រាប់អ្នកងងឹតភ្នែកនៅជិតទីក្រុងអេស្កិនថ្លា។ អ្នកចាស់ទុំម្នាក់នៅក្រុងនោះបានដឹងអំពីការពិបាកដែលខ្ញុំមានដើម្បីចូលរួមកិច្ចប្រជុំកាលដែលខ្ញុំរស់នៅភូមិខ្ញុំ។ ដើម្បីចូលរួមកិច្ចប្រជុំ ខ្ញុំត្រូវដើរឆ្លងកាត់ភ្នំដូចប្ដីប្រពន្ធដែលបង្រៀនគម្ពីរដល់ខ្ញុំ ហើយនេះពិតជាពិបាកណាស់។ ដើម្បីជួយខ្ញុំ អ្នកចាស់ទុំនោះរកឃើញក្រុមគ្រួសារមួយពីក្រុងអេស្កិនថ្លាដែលស្ម័គ្រចិត្តឲ្យខ្ញុំស្នាក់នៅផ្ទះរបស់ពួកគេ ហើយជួយខ្ញុំឲ្យចូលរួមកិច្ចប្រជុំផងដែរ។ មកដល់សព្វថ្ងៃនេះ ពួកគេមើលថែខ្ញុំដូចជាសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់ពួកគេដែរ។
ខ្ញុំអាចប្រាប់បទពិសោធន៍ជាច្រើនទៀតអំពីសេចក្ដីស្រឡាញ់ស្មោះត្រង់ដែលបងប្អូនក្នុងក្រុមជំនុំបានបង្ហាញចំពោះខ្ញុំ។ បទពិសោធន៍ទាំងនេះធ្វើឲ្យខ្ញុំជឿជាក់ថាជាសាក្សីព្រះយេហូវ៉ា ខ្ញុំកំពុងតែនៅក្នុងចំណោមគ្រិស្តសាសនិកពិតមែន។—យ៉ូហាន ១៣:៣៤, ៣៥
ផលប្រយោជន៍ដែលខ្ញុំទទួល:
ឥឡូវនេះ ជីវិតរបស់ខ្ញុំមានន័យខ្លឹមសារ ហើយខ្ញុំលែងមានអារម្មណ៍ថាខ្ញុំគ្មានតម្លៃនិងអស់សង្ឃឹមទៀតហើយ។ ការធ្វើជាអ្នកផ្សព្វផ្សាយពេញពេលបានជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ទៅលើការបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិតពីគម្ពីរ ជាជាងផ្ដោតអារម្មណ៍ទៅលើពិការភាពរបស់ខ្លួន។ បន្ថែមទៅទៀត ខ្ញុំមានឯកសិទ្ធបម្រើជាអ្នកចាស់ទុំ ហើយថ្លែងសុន្ទរកថាជាសាធារណៈក្នុងក្រុមជំនុំផ្សេងៗ។ ខ្ញុំក៏មានឯកសិទ្ធថ្លែងសុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរនៅមហាសន្និបាតដែលមានមនុស្សរាប់ពាន់អ្នកចូលរួមផងដែរ។
នៅឆ្នាំ២០១០ ខ្ញុំបានបញ្ចប់វគ្គសិក្សានៅសាលាបង្ហាត់ខាងកិច្ចបម្រើ (ឥឡូវហៅថាសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ) ដែលបានត្រូវធ្វើឡើងនៅប្រទេសអែលសាល់វ៉ាឌ័រ។ សាលានេះបានជួយខ្ញុំបំពេញភារកិច្ចក្នុងក្រុមជំនុំឲ្យកាន់តែប្រសើរជាង។ ការបង្ហាត់បង្រៀននេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាឲ្យតម្លៃនិងស្រឡាញ់ខ្ញុំយ៉ាងជ្រាលជ្រៅ ដោយសារលោកអាចធ្វើឲ្យអ្នកណាក៏ដោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការដែលលោកផ្ដល់ឲ្យ។
លោកយេស៊ូមានប្រសាសន៍ថា៖«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) ខ្ញុំអាចនិយាយថាខ្ញុំពិតជារីករាយណាស់ ហើយឥឡូវខ្ញុំអាចជួយអ្នកឯទៀតបាន ទោះបីជាពីមុនខ្ញុំគិតថានេះមិនអាចទៅរួចក៏ដោយ។
a ដើម្បីបានព័ត៌មានបន្ថែមអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនា សូមមើលជំពូកទី១១ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។