អត្ថបទសិក្សា ៤៤
ចូរពង្រឹងចំណងមិត្តភាពមុនទីបញ្ចប់មកដល់
«មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា»។—សុភ. ១៧:១៧
ចម្រៀងលេខ១០១ ចូរបម្រើដោយសាមគ្គីភាព
សេចក្ដីសង្ខេបa
១-២. យោងទៅតាមពេត្រុសទី១ ៤:៧, ៨ តើអ្វីនឹងជួយយើងឲ្យស៊ូទ្រាំនឹងការពិបាក?
កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់» យើងប្រហែលជាជួបប្រទះនឹងទុក្ខលំបាកផ្សេងៗ។ (២ធី. ៣:១) ជាឧទាហរណ៍ ក្រោយការបោះឆ្នោត អំពើហិង្សានិងភាពជ្រួលច្របល់បានកើតឡើងក្នុងប្រទេសមួយនៅទ្វីបអាហ្វ្រិកភាគខាងលិច។ អស់រយៈពេលជាង៦ខែ បងប្អូនរបស់យើងមិនអាចទៅណាដោយសេរីបានទេ ដោយសារពួកគេស្ថិតក្នុងតំបន់ដែលមានការប្រយុទ្ធគ្នា។ តើអ្វីបានជួយពួកគេឲ្យស៊ូទ្រាំនឹងការលំបាកបែបនេះ? បងប្អូនខ្លះអាចស្នាក់នៅផ្ទះរបស់បងប្អូនក្នុងតំបន់ដែលមានសុវត្ថិភាពជាង។ បងប្រុសម្នាក់បាននិយាយថា៖ «ក្នុងស្ថានភាពនោះ ខ្ញុំធូរចិត្តដែលខ្ញុំមានមិត្តភក្ដិនៅជាមួយខ្ញុំ។ យើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក»។
២ ពេល«គ្រាទុក្ខវេទនាដ៏ខ្លាំង»ចាប់ផ្ដើម យើងនឹងសប្បាយចិត្តដែលយើងមានមិត្តភក្ដិល្អដែលស្រឡាញ់យើង។ (បប. ៧:១៤) ដូច្នេះគឺជាការសំខាន់ដែលយើងពង្រឹងចំណងមិត្តភាពជាមួយបងប្អូនយើងនៅឥឡូវនេះ។ (សូមអាន ពេត្រុសទី១ ៤:៧, ៨) យើងអាចរៀនច្រើនពីបទពិសោធន៍របស់យេរេមា ហើយការដែលមិត្តជិតស្និទ្ធរបស់គាត់បានជួយគាត់ឲ្យរួចជីវិតនៅគ្រាមុនការបំផ្លាញក្រុងយេរូសាឡិម។b តើយើងអាចយកតម្រាប់យេរេមាយ៉ាងដូចម្ដេច?
ចូររៀនពីគំរូរបស់យេរេមា
៣. (ក) តើមានអ្វីកើតឡើងដែលអាចធ្វើឲ្យយេរេមាផ្ដាច់ខ្លួននៅតែឯង? (ខ) តើយេរេមាបានប្រាប់បារូកអំពីអ្វីខ្លះ ហើយតើនោះមានលទ្ធផលយ៉ាងណា?
៣ អស់រយៈពេលជាង៤០ឆ្នាំ យេរេមាបានរស់នៅក្នុងចំណោមមនុស្សមិនស្មោះត្រង់ ដែលរួមមានអ្នកជិតខាង និងប្រហែលជាសាច់ញាតិខ្លះរបស់គាត់ពីក្រុងអាន៉ាថោតដែលជាស្រុកកំណើតគាត់។ (យេ. ១១:២១; ១២:៦) ប៉ុន្តែ គាត់មិនបានផ្ដាច់ខ្លួននៅតែឯងទេ។ តាមពិត គាត់បានប្រាប់អំពីអារម្មណ៍របស់គាត់ទៅបារូកដែលជាលេខាដ៏ស្មោះត្រង់របស់គាត់។ យើងក៏ដឹងអំពីអារម្មណ៍របស់យេរេមាដែរ ដោយសារនោះបានត្រូវកត់ទុកក្នុងគម្ពីរ។ (យេ. ៨:២១; ៩:១; ២០:១៤-១៨; ៤៥:១) កាលដែលបារូកបានសរសេររឿងរ៉ាវដែលបានកើតឡើងចំពោះយេរេមា នោះច្បាស់ជានាំឲ្យពួកគាត់ទាំងពីរនាក់មានសេចក្ដីស្រឡាញ់និងការគោរពយ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។—យេ. ២០:១, ២; ២៦:៧-១១
៤. តើព្រះយេហូវ៉ាបានសុំយេរេមាឲ្យធ្វើអ្វី ហើយតើភារកិច្ចនេះបានពង្រឹងចំណងមិត្តភាពរវាងយេរេមានិងបារូកយ៉ាងដូចម្ដេច?
៤ អស់ជាច្រើនឆ្នាំ យេរេមាបានព្រមានជនជាតិអ៊ីស្រាអែលដោយចិត្តក្លាហានអំពីអ្វីដែលនឹងកើតឡើងចំពោះក្រុងយេរូសាឡិម។ (យេ. ២៥:៣) នៅលើកមួយដែលព្រះយេហូវ៉ាលើកទឹកចិត្តបណ្ដាជនឲ្យប្រែចិត្ត លោកបានសុំយេរេមាឲ្យសរសេរការព្រមានរបស់លោកនៅលើរមូរមួយ។ (យេ. ៣៦:១-៤) អស់រយៈពេលប្រហែលជាច្រើនខែ កាលដែលយេរេមានិងបារូកបានសហការគ្នាយ៉ាងល្អដើម្បីបំពេញភារកិច្ចដែលព្រះបានផ្ដល់ឲ្យនេះ ពួកគាត់ច្បាស់ជាបាននិយាយគ្នា ហើយនោះបានពង្រឹងជំនឿរបស់ពួកគាត់។
៥. តើបារូកបានបង្ហាញថាគាត់គឺជាមិត្តល្អរបស់យេរេមាយ៉ាងដូចម្ដេច?
៥ ក្រោយពីពួកគាត់បានសរសេររមូរនោះចប់ហើយ យេរេមាបានឲ្យបារូកដែលជាមិត្តសម្លាញ់របស់គាត់ប្រកាសដំណឹងក្នុងរមូរនោះ។ នេះបង្ហាញថាយេរេមាត្រូវតែទុកចិត្តបារូក។ (យេ. ៣៦:៥, ៦) ដោយចិត្តក្លាហាន បារូកបានបំពេញភារកិច្ចដែលនាំឲ្យមានគ្រោះថ្នាក់នេះ។ តើអ្នកអាចស្រមៃឃើញឬទេថា យេរេមាច្បាស់ជាមានមោទនភាពយ៉ាងណា ពេលដែលបារូកបានទៅទីធ្លាវិហារ ហើយបានធ្វើអ្វីដែលគាត់បានត្រូវសុំឲ្យធ្វើ? (យេ. ៣៦:៨-១០) ពួកចៅហ្វាយនៃស្រុកយូដាបានឮអំពីអ្វីដែលបារូកបានធ្វើ ហើយពួកគេបានបង្គាប់គាត់ឲ្យអានរមូរនោះឮៗឲ្យពួកគេស្ដាប់! (យេ. ៣៦:១៤, ១៥) ពួកចៅហ្វាយបានប្រាប់ស្តេចយេហូយ៉ាគីមនូវអ្វីដែលយេរេមាបាននិយាយ។ ដោយបង្ហាញការយកចិត្តទុកដាក់ចំពោះបារូក ពួកគេបានប្រាប់គាត់ថា៖ «ចូរឯងនឹងយេរេមាទៅពួនខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។ (យេ. ៣៦:១៦-១៩) នោះគឺជាការណែនាំដ៏ល្អមែន!
៦. តើយេរេមានិងបារូកបានធ្វើអ្វីពេលដែលពួកគាត់ជួបការប្រឆាំង?
៦ ពេលស្តេចយេហូយ៉ាគីមបានឮពាក្យដែលបានត្រូវសរសេរដោយយេរេមា គាត់ខឹងខ្លាំងដល់ម្ល៉េះបានជាគាត់ដុតរមូរនោះ ហើយបញ្ជាគេឲ្យចាប់ខ្លួនយេរេមានិងបារូក។ ក៏ប៉ុន្តែ យេរេមាមិនបានភ័យខ្លាចទេ។ គាត់បានយករមូរមួយទៀត រួចឲ្យទៅបារូក ហើយកាលដែលយេរេមាប្រាប់បារូកអំពីដំណឹងពីព្រះយេហូវ៉ា បារូកបាន«សរសេរទុកអស់ទាំងពាក្យនោះតាមមាត់យេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីមស្តេចយូដា បានដុតចោលនោះ»។—យេ. ៣៦:២៦-២៨, ៣២
៧. តើអ្វីទំនងជាបានកើតឡើងកាលដែលយេរេមានិងបារូករួមធ្វើកិច្ចការជាមួយគ្នា?
៧ មនុស្សដែលឆ្លងកាត់ការលំបាកជាមួយគ្នា ច្រើនតែទៅជាមិត្តភក្ដិជិតស្និទ្ធ។ ដូច្នេះយើងអាចស្រមៃឃើញថា កាលដែលយេរេមានិងបារូករួមសហការគ្នាដើម្បីសរសេររមូរមួយទៀតជំនួសរមូរដែលស្តេចយេហូយ៉ាគីមបានបំផ្លាញ នោះពួកគាត់ទាំងពីរកាន់តែឲ្យតម្លៃចំពោះគុណសម្បត្ដិដែលគាត់ម្នាក់ៗមាន។ តើគំរូរបស់បុរសស្មោះត្រង់ទាំងពីរនាក់នេះអាចជួយយើងយ៉ាងណា?
ចូរនិយាយគ្នាដោយអស់ពីចិត្ត
៨. តើអ្វីប្រហែលជារារាំងយើងពីការមានមិត្តភាពជិតស្និទ្ធ ហើយហេតុអ្វីយើងមិនគួរឈប់ព្យាយាម?
៨ បើយើងធ្លាប់មានប្រវត្ដិត្រូវគេធ្វើឲ្យឈឺចិត្ត យើងប្រហែលជាពិបាកនិយាយអស់ពីចិត្តដល់អ្នកឯទៀត។ (សុភ. ១៨:១៩, ២៤) ឬយើងប្រហែលជាមានអារម្មណ៍ថាយើងគ្មានពេលនិងកម្លាំងដើម្បីពង្រឹងចំណងមិត្តភាពជិតស្និទ្ធជាមួយអ្នកឯទៀតឡើយ។ ទោះជាយ៉ាងនេះក្ដី យើងមិនគួរឈប់ព្យាយាមទេ។ បើយើងចង់ឲ្យបងប្អូនគាំទ្រយើងពេលយើងមានទុក្ខលំបាក យើងត្រូវព្យាយាមមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងពួកគេនៅឥឡូវនេះ។ របៀបដ៏សំខាន់មួយដើម្បីធ្វើដូច្នេះគឺប្រាប់ពួកគេអំពីគំនិតនិងអារម្មណ៍របស់យើង។—១ពេ. ១:២២
៩. (ក) តើលោកយេស៊ូបានបង្ហាញយ៉ាងណាថាលោកទុកចិត្តមិត្តសម្លាញ់របស់លោក? (ខ) ហេតុអ្វីការប្រាប់អំពីគំនិតនិងអារម្មណ៍របស់អ្នកអាចជួយអ្នកឲ្យមានមិត្តជិតស្និទ្ធ? សូមលើកឧទាហរណ៍មួយ។
៩ លោកយេស៊ូបានបង្ហាញថាលោកទុកចិត្តមិត្តសម្លាញ់របស់លោក ដោយប្រាស្រ័យទាក់ទងជាមួយនឹងពួកគេដោយឥតលាក់លៀម។ (យ៉ូន. ១៥:១៥) យើងអាចយកតម្រាប់លោកដោយប្រាប់អ្នកឯទៀតអំពីអំណរ ការព្រួយបារម្ភ និងការខកចិត្តរបស់យើង។ ចូរស្ដាប់ដោយយកចិត្តទុកដាក់កាលដែលអ្នកណាម្នាក់និយាយមកអ្នក យ៉ាងនេះអ្នកប្រហែលជាឃើញថាគាត់មានគំនិត អារម្មណ៍ និងគោលដៅជាច្រើនដែលដូចអ្នក។ សូមពិចារណាអំពីគំរូរបស់បងស្រីស៊ីនឌី ដែលមានអាយុជិត៣០ឆ្នាំ។ គាត់បានរាប់អានបងស្រីដែលជាអ្នកត្រួសត្រាយម្នាក់ឈ្មោះមេរី ឡូអ៊ីស ដែលមានអាយុ៦៧ឆ្នាំ។ បងស៊ីនឌីនិងបងមេរី ឡូអ៊ីសផ្សព្វផ្សាយជាមួយគ្នារៀងរាល់ព្រឹកថ្ងៃព្រហស្បតិ៍ ហើយពួកគាត់និយាយគ្នាដោយឥតលាក់លៀមអំពីរឿងផ្សេងៗ។ បងស៊ីនឌីនិយាយថា៖ «ខ្ញុំចូលចិត្តនិយាយអំពីរឿងសំខាន់ៗជាមួយមិត្តភក្ដិ ដោយសារនេះជួយខ្ញុំឲ្យស្គាល់និងយល់អំពីពួកគេច្បាស់ជាង»។ ចំណងមិត្តភាពរបស់យើងនឹងកាន់តែមាំមួន បើយើងប្រាស្រ័យទាក់ទងគ្នាដោយឥតលាក់លៀម។ ដូចបងស៊ីនឌី បើអ្នកនិយាយប្រាប់មិត្តសម្លាញ់អ្នកអំពីគំនិតនិងអារម្មណ៍របស់អ្នក ហើយស្ដាប់ពេលពួកគេនិយាយ នោះមិត្តភាពរបស់អ្នកកាន់តែជិតស្និទ្ធ។—សុភ. ២៧:៩
ចូរផ្សព្វផ្សាយជាមួយគ្នា
១០. យោងទៅតាមសុភាសិត ២៧:១៧ តើមានលទ្ធផលយ៉ាងណាពេលយើងផ្សព្វផ្សាយជាមួយនឹងបងប្អូនរួមជំនឿ?
១០ ស្រដៀងនឹងអ្វីដែលបានកើតឡើងចំពោះយេរេមានិងបារូក ពេលយើងរួមការងារជាមួយនឹងបងប្អូនរួមជំនឿ ហើយឃើញគុណសម្បត្ដិរបស់ពួកគេ នោះយើងអាចរៀនពីពួកគេនិងកាន់តែជិតស្និទ្ធនឹងគ្នា។ (សូមអាន សុភាសិត ២៧:១៧) ជាឧទាហរណ៍ ក្នុងកិច្ចផ្សព្វផ្សាយ ពេលអ្នកឮមិត្តរបស់អ្នកនិយាយការពារជំនឿរបស់គាត់ដោយចិត្តក្លាហាន ឬនិយាយដោយការជឿជាក់អំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោក តើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកទំនងជាមានអារម្មណ៍ជិតស្និទ្ធនឹងគាត់ជាងមុនទៅទៀត។
១១-១២. សូមលើកឧទាហរណ៍មួយអំពីរបៀបដែលការផ្សព្វផ្សាយជាមួយមិត្តសម្លាញ់អាចជួយពង្រឹងចំណងមិត្តភាពរបស់យើង។
១១ សូមពិចារណាអំពីបទពិសោធន៍ពីរដែលបង្ហាញថាការបំពេញកិច្ចបម្រើផ្សាយជាមួយគ្នាធ្វើឲ្យយើងកាន់តែស្រឡាញ់គ្នា។ បងស្រីអេដឺលីនដែលមានអាយុ២៣ឆ្នាំ បានសុំមិត្តភក្ដិរបស់គាត់ឈ្មោះខាន់ឌីសឲ្យទៅផ្សព្វផ្សាយជាមួយនឹងគាត់នៅតំបន់ដែលមិនសូវមានអ្នកផ្សាយ។ បងអេដឺលីននិយាយថា៖ «យើងចង់ផ្សព្វផ្សាយដោយមានចិត្តខ្នះខ្នែងជាង ហើយមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ យើងទាំងពីរត្រូវការការលើកទឹកចិត្តដើម្បីយើងអាចបន្តជូនអ្វីដែលល្អបំផុតដល់ព្រះយេហូវ៉ា»។ តើពួកគាត់បានទទួលប្រយោជន៍យ៉ាងណាពីការបំពេញកិច្ចបម្រើផ្សាយជាមួយគ្នា? បងអេដឺលីននិយាយថា៖ «រាល់ថ្ងៃក្រោយឈប់កិច្ចបម្រើផ្សាយ យើងនិយាយគ្នាអំពីអារម្មណ៍របស់យើង អ្វីដែលលើកទឹកចិត្តយើងអំពីការសន្ទនាជាមួយម្ចាស់ផ្ទះ និងរបៀបដែលយើងឃើញថាព្រះយេហូវ៉ាណែនាំយើងក្នុងកិច្ចបម្រើផ្សាយ។ ពេលយើងនិយាយគ្នាដូចនេះ នោះធ្វើឲ្យយើងសប្បាយចិត្តនិងកាន់តែស្គាល់គ្នា»។
១២ បងស្រីនៅលីវពីរនាក់ពីប្រទេសបារាំង ឈ្មោះឡេយ៉ាឡានិងម៉ារីយ៉ាន់ បានទៅផ្សព្វផ្សាយអស់ប្រាំសប្ដាហ៍នៅក្រុងបង់ហ្គីដែលមានមនុស្សកកកុញ។ ក្រុងនោះជារដ្ឋធានីនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ បងឡេយ៉ាឡានឹកចាំថា៖ «ខ្ញុំនិងបងម៉ារីយ៉ាន់មិនសូវស៊ីគ្នាទេ ប៉ុន្តែដោយសារយើងមានសេចក្ដីស្រឡាញ់ដ៏ស្មោះ ហើយបានប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ នោះមិត្តភាពរបស់ពួកយើងកាន់តែមាំមួន។ កាលដែលខ្ញុំឃើញថាបងម៉ារីយ៉ាន់ឆាប់សម្របខ្លួននឹងកាលៈទេសៈថ្មី ស្រឡាញ់មនុស្សដែលនៅតំបន់ផ្សាយ និងមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ នោះខ្ញុំកាន់តែកោតស្ងើចគាត់»។ អ្នកមិនចាំបាច់រើទៅប្រទេសផ្សេងដើម្បីទទួលប្រយោជន៍ទាំងនេះទេ។ រាល់ដងដែលអ្នកផ្សព្វផ្សាយជាមួយនឹងបងប្អូនណាម្នាក់ អ្នកមានឱកាសដើម្បីស្គាល់គាត់ច្បាស់ជាង និងពង្រឹងចំណងមិត្តភាពជាមួយគ្នា។
ចូរផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិនិងអភ័យទោសឲ្យគ្នា
១៣. តើយើងប្រហែលជាឃើញអ្វីពេលដែលយើងជិតស្និទ្ធជាមួយមិត្តសម្លាញ់យើង?
១៣ ជួនកាល ពេលយើងជិតស្និទ្ធជាមួយមិត្តសម្លាញ់របស់យើង យើងមិនគ្រាន់តែឃើញគុណសម្បត្ដិរបស់គាត់ប៉ុណ្ណោះទេ តែក៏ឃើញភាពទន់ខ្សោយរបស់គាត់ដែរ។ តើអ្វីអាចជួយយើងឲ្យនៅតែរាប់អានគាត់ ទោះជាគាត់មានកំហុសក្ដី? សូមពិចារណាម្ដងទៀតអំពីគំរូរបស់យេរេមា។ តើអ្វីបានជួយគាត់ឲ្យឃើញគុណសម្បត្ដិរបស់អ្នកឯទៀត ហើយមិនផ្ដោតទៅលើភាពទន់ខ្សោយរបស់ពួកគេ?
១៤. តើយេរេមាបានរៀនអ្វីអំពីព្រះយេហូវ៉ា ហើយតើនេះបានជួយគាត់យ៉ាងដូចម្ដេច?
១៤ យេរេមាបានសរសេរសៀវភៅយេរេមា ហើយគាត់ក៏ទំនងជាបានសៀវភៅពង្សាវតារក្សត្រទី១និងទី២ដែរ។ ភារកិច្ចនេះប្រាកដជាបានជួយគាត់ឲ្យឃើញយ៉ាងច្បាស់អំពីចិត្តមេត្ដាករុណាដ៏ធំធេងរបស់ព្រះយេហូវ៉ាចំពោះមនុស្សមិនល្អឥតខ្ចោះ។ ជាឧទាហរណ៍ យេរេមាបានដឹងថាពេលស្តេចអ័ហាប់បានប្រែចិត្តពីអំពើអាក្រក់ ព្រះយេហូវ៉ាមិនទាមទារឲ្យគាត់ឃើញក្រុមគ្រួសារទាំងអស់របស់គាត់ត្រូវគេបំផ្លាញទេ។ (១ព. ២១:២៧-២៩) យេរេមាក៏បានដឹងដែរថាអ្វីដែលម៉ាណាសេបានធ្វើគឺអាក្រក់ជាងអ្វីដែលអ័ហាប់បានធ្វើទៅទៀត។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានអភ័យទោសឲ្យម៉ាណាសេ ដោយសារគាត់បានប្រែចិត្ត។ (២ព. ២១:១៦, ១៧; ២រប. ៣៣:១០-១៣) កំណត់ហេតុទាំងនេះច្បាស់ជាបានជួយយេរេមាឲ្យមានចិត្តអត់ធ្មត់និងសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ា ក្នុងការប្រព្រឹត្តចំពោះមិត្តសម្លាញ់គាត់។—ទំនុក. ១០៣:៨, ៩
១៥. ពេលដែលបារូកឈប់ផ្ដោតអារម្មណ៍ទៅលើភារកិច្ចរបស់គាត់អស់មួយរយៈពេល តើយេរេមាមានចិត្តអត់ធ្មត់ដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៥ សូមពិចារណាអំពីរបៀបដែលយេរេមាបានជួយបារូក ពេលដែលបារូកឈប់ផ្ដោតអារម្មណ៍ទៅលើភារកិច្ចរបស់គាត់អស់មួយរយៈពេល។ ជាជាងឆាប់គិតថាបារូកកែលែងឡើង យេរេមាបានជួយបារូកដោយប្រាប់គាត់នូវដំណឹងចំៗដែលបង្ហាញអំពីចិត្តសប្បុរសរបស់ព្រះ។ (យេ. ៤៥:១-៥) តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ?
១៦. ដូចបានត្រូវបង្ហាញនៅសុភាសិត ១៧:៩ តើយើងត្រូវធ្វើអ្វីដើម្បីរក្សាមិត្តភាពរបស់យើងឲ្យនៅគង់វង្ស?
១៦ យើងមិនអាចតម្រូវឲ្យបងប្អូនយើងធ្វើជាមនុស្សល្អឥតខ្ចោះទេ។ ហេតុនេះហើយ ពេលដែលយើងរាប់អានអ្នកណាម្នាក់ យើងត្រូវខំព្យាយាមរក្សាមិត្តភាពនោះឲ្យនៅគង់វង្ស។ បើមិត្តរបស់យើងធ្វើខុស ដោយបង្ហាញចិត្តសប្បុរស យើងប្រហែលជាត្រូវឲ្យឱវាទចំៗដែលមានមូលដ្ឋានពីបណ្ដាំរបស់ព្រះ។ (ទំនុក. ១៤១:៥) ម្យ៉ាងទៀត បើពួកគេធ្វើឲ្យយើងឈឺចិត្ត យើងត្រូវអភ័យទោសឲ្យពួកគេ។ កាលដែលយើងអភ័យទោសឲ្យពួកគេរួចហើយ យើងមិនគួរលើករឿងកន្លងហួសនោះមកនិយាយម្ដងទៀតប្រាប់ពួកគេ ឬអ្នកផ្សេងឡើយ។ សុភាសិត ១៧:៩ ពីព្រះគម្ពីរភាសាខ្មែរសម្រាយ ចែងថា៖ «អ្នកចង់បានមិត្តភាព តែងតែបំភ្លេចកំហុស រីឯអ្នកដែលរំឭកកំហុស រមែងធ្វើអោយមិត្តភាពរលាយ»។ ក្នុងអំឡុងគ្រាដ៏លំបាកនេះ គឺជាការសំខាន់ណាស់ដែលយើងផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិរបស់បងប្អូនយើង ជាជាងភាពទន់ខ្សោយរបស់ពួកគេ! បើយើងធ្វើដូច្នេះ យើងនឹងមានចំណងមិត្តភាពកាន់តែមាំមួនជាមួយនឹងពួកគេ ហើយនេះជាអ្វីដែលយើងគួរធ្វើនៅឥឡូវនេះ ពីព្រោះយើងនឹងត្រូវការមិត្តសម្លាញ់ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។
ចូរបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះ
១៧. ហេតុអ្វីយើងអាចនិយាយថាយេរេមាគឺជាមិត្តពិតក្នុងគ្រាលំបាក?
១៧ យេរេមាដែលជាអ្នកប្រកាសទំនាយ បានបង្ហាញថាគាត់ជាមិត្តពិតក្នុងគ្រាលំបាក។ ជាឧទាហរណ៍ ក្រោយពីមន្ត្រីអេបេឌមេលេកបានជួយសង្គ្រោះយេរេមាពីអណ្ដូងដ៏ជ្រៅដែលពេញដោយភក់ អេបេឌមេលេកភ័យខ្លាចថាពួកចៅហ្វាយនឹងធ្វើបាបគាត់។ ពេលដែលយេរេមាបានឮអំពីរឿងនេះ គាត់មិនបាននៅស្ងៀម ដោយសង្ឃឹមថាមិត្តរបស់គាត់អាចស៊ូទ្រាំដោយខ្លួនឯងបាននោះទេ។ ទោះជាយេរេមាជាប់គុកក្ដី គាត់បានធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីលើកទឹកចិត្តអេបេឌមេលេក ដោយប្រាប់អំពីសេចក្ដីសន្យាពីព្រះយេហូវ៉ាដែលអាចសម្រាលទុក្ខ។—យេ. ៣៨:៧-១៣; ៣៩:១៥-១៨
១៨. យោងទៅតាមសុភាសិត ១៧:១៧ តើយើងគួរប្រព្រឹត្តយ៉ាងណាពេលមិត្តរបស់យើងជួបទុក្ខលំបាក?
១៨ នៅសព្វថ្ងៃនេះ បងប្អូនរបស់យើងមានបញ្ហាខុសៗគ្នា។ ជាឧទាហរណ៍ បងប្អូនជាច្រើនរងទុក្ខដោយសារសង្គ្រាម មហន្តរាយធម្មជាតិ ឬបញ្ហាផ្សេងទៀត។ ពេលដែលនេះកើតឡើង បងប្អូនខ្លះប្រហែលជាអាចអញ្ជើញបងប្អូនទាំងនេះឲ្យស្នាក់នៅផ្ទះរបស់ពួកគេ។ បងប្អូនខ្លះទៀតប្រហែលជាអាចជួយជាលុយ។ ប៉ុន្តែ យើងទាំងអស់គ្នាអាចសុំព្រះយេហូវ៉ាឲ្យជួយបងប្អូនរបស់យើង។ បើយើងដឹងថាបងប្អូនណាម្នាក់ធ្លាក់ទឹកចិត្ត យើងប្រហែលជាមិនដឹងគួរនិយាយអ្វី ឬប្រព្រឹត្តយ៉ាងណាទេ។ ក៏ប៉ុន្តែយើងទាំងអស់គ្នាអាចជួយបាន។ ជាឧទាហរណ៍ យើងអាចចំណាយពេលជាមួយនឹងបងប្អូនទាំងនោះ។ យើងអាចស្ដាប់ដោយបង្ហាញការយល់អារម្មណ៍ពេលគាត់និយាយ។ មួយវិញទៀត យើងអាចប្រាប់អំពីបទគម្ពីរសម្រាលទុក្ខដែលយើងចូលចិត្ត។ (អេ. ៥០:៤) អ្វីដ៏សំខាន់បំផុតគឺយើងនៅក្បែរមិត្តសម្លាញ់របស់យើងពេលដែលពួកគេត្រូវការជំនួយពីយើង។—សូមអាន សុភាសិត ១៧:១៧
១៩. តើការពង្រឹងចំណងមិត្តភាពជាមួយបងប្អូនយើងនៅឥឡូវនេះនឹងជួយយើងយ៉ាងណានៅថ្ងៃអនាគត?
១៩ យើងត្រូវតាំងចិត្តរក្សានិងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងបងប្អូនយើងនៅឥឡូវនេះ។ ហេតុអ្វី? ពីព្រោះសត្រូវរបស់យើងនឹងព្យាយាមបំបែកបំបាក់យើង ដោយប្រើពាក្យកុហកនិងព័ត៌មានមិនពិត។ ពួកគេនឹងព្យាយាមធ្វើឲ្យយើងលែងទុកចិត្តគ្នានិងគាំទ្រគ្នាទៀត។ ប៉ុន្តែការព្យាយាមរបស់ពួកគេគឺគ្មានប្រយោជន៍ឡើយ។ ពួកគេនឹងមិនអាចធ្វើឲ្យយើងឈប់ស្រឡាញ់គ្នាទៅវិញទៅមកបានទេ។ គ្មានអ្វីដែលពួកគេអាចធ្វើដើម្បីបំផ្លាញចំណងមិត្តភាពរបស់យើងបានឡើយ។ តាមពិត យើងមានមិត្តភាពជាមួយនឹងបងប្អូនយើងមិនគ្រាន់តែរហូតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះទេ តែជារៀងរហូត!
ចម្រៀងលេខ២៤ ចូរឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
a កាលដែលទីបញ្ចប់កាន់តែជិតមកដល់ យើងទាំងអស់គ្នាត្រូវពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងបងប្អូនរួមជំនឿ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់យេរេមា។ យើងក៏នឹងពិចារណាអំពីរបៀបដែលការបណ្ដុះចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងបងប្អូននៅឥឡូវនេះ នឹងជួយយើងក្នុងអំឡុងគ្រាលំបាក។
b ព្រឹត្ដិការណ៍ក្នុងសៀវភៅយេរេមាមិនបានត្រូវរៀបរាប់តាមលំដាប់លំដោយទេ។
c ការពណ៌នាអំពីរូបភាព: នេះបង្ហាញអំពីអ្វីដែលប្រហែលជានឹងកើតឡើងក្នុងអំឡុង«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ បងប្អូនខ្លះជួបជុំគ្នាដោយសុវត្ថិភាពក្នុងបន្ទប់នៅដំបូល។ ដោយសារពួកគេជាមិត្តនឹងគ្នា ពួកគេអាចសម្រាលទុក្ខគ្នាទៅវិញទៅមកក្នុងអំឡុងពេលលំបាកនោះ។ រូបភាពបន្តបន្ទាប់ទាំងបីនេះបង្ហាញថាបងប្អូនដដែលនោះបានបណ្ដុះឲ្យមានចំណងមិត្តភាពដ៏មាំមួនជាមួយគ្នាអស់រយៈពេលជាយូរមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។