តើកិច្ចការរបស់សាក្សីព្រះយេហូវ៉ាទទួលប្រាក់ឧបត្ថម្ភយ៉ាងដូចម្ដេច?
សំខាន់ចម្បង កិច្ចការទូទាំងពិភពលោករបស់យើងបានទទួលប្រាក់ឧបត្ថម្ភពីវិភាគទានស្ម័គ្រចិត្តពីសាក្សីព្រះយេហូវ៉ា។a នៅសាលប្រជុំរបស់យើង មានប្រអប់មួយសម្រាប់ដាក់វិភាគទាន ហើយយើងក៏មានវិធីផ្សេងទៀតដើម្បីធ្វើវិភាគទានដែរ គឺនៅក្នុងគេហទំព័រសម្រាប់ធ្វើវិភាគទាន«Donations» របស់យើង។ អ្នកដែលមានបំណងធ្វើវិភាគទានអាចជ្រើសរើសបានថា គាត់ចង់ធ្វើវិភាគសម្រាប់កិច្ចការទូទាំងពិភពលោក ឬសម្រាប់កិច្ចការក្នុងតំបន់ ឬចង់ធ្វើទាំងពីរ។
សាក្សីព្រះយេហូវ៉ាមិនតម្រូវឲ្យបង់១ភាគក្នុង១០ ឬតម្រូវឲ្យបង់នូវចំនួនជាក់លាក់ណាមួយពីប្រាក់ចំណូលរបស់ពួកគេទេ។ (កូរិនថូសទី២ ៩:៧) នៅកិច្ចប្រជុំរបស់យើងគ្មានការប្រមូលឬរៃអង្គាសប្រាក់ឡើយ ហើយយើងក៏មិនគិតប្រាក់សម្រាប់ការជ្រមុជទឹក បុណ្យសព រៀបការ ឬកិច្ចការផ្សេងទៀតខាងសាសនាដែរ។ ម្យ៉ាងទៀត យើងមិនរៃអង្គាសប្រាក់តាមរយៈការលក់អីវ៉ាន់ ល្បែងប៊ីងហ្គោ ចាប់ឆ្នោត ឬពិធីកម្សាន្តផ្សេងៗឡើយ ហើយក៏គ្មានការបង្ហាញឬប្រកាសឈ្មោះរបស់អ្នកធ្វើវិភាគទានដែរ។ (ម៉ាថាយ ៦:២-៤) ក្នុងគេហទំព័រនិងសៀវភៅផ្សេងៗរបស់យើងគ្មានការផ្សាយពាណិជ្ជកម្មសម្រាប់រកប្រាក់ចំណូលឡើយ។
ជារៀងរាល់ខែ ក្រុមជំនុំទាំងអស់របស់សាក្សីព្រះយេហូវ៉ាតែងតែប្រកាសប្រាប់នូវរបាយការណ៍អំពីគណនេយ្យរបស់ក្រុមជំនុំនៅឯកិច្ចប្រជុំ។ បញ្ជីគណនេយ្យក្នុងក្រុមជំនុំនីមួយៗបានត្រូវពិនិត្យមើលជាទៀងទាត់ដើម្បីប្រាកដថាថវិកាដែលបានមកពីវិភាគទាន គឺបានត្រូវប្រើប្រាស់យ៉ាងត្រឹមត្រូវ។—កូរិនថូសទី២ ៨:២០,២១
វិធីផ្សេងៗដើម្បីធ្វើវិភាគទាន
ប្រអប់វិភាគទាន: អ្នកអាចធ្វើវិភាគទានជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រនៅក្នុងប្រអប់ដែលនៅឯសាលប្រជុំ សាលសន្និបាត ឬកន្លែងផ្សេងទៀតដែលមានកិច្ចប្រជុំរបស់យើង។
វិភាគទានតាមអ៊ីនធឺណិត: នៅប្រទេសជាច្រើន អ្នកអាចប្រើគេហទំព័រ«វិភាគទានសម្រាប់សាក្សីព្រះយេហូវ៉ា» ដើម្បីធ្វើវិភាគទានតាមរយៈប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ តាមរយៈធនាគារ និងតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត។b ជារៀងរាល់ខែ សាក្សីព្រះយេហូវ៉ាខ្លះបាន«ទុករបស់ទ្រព្យខ្លះដោយឡែក»សម្រាប់ធ្វើវិភាគទាន ដោយប្រើវិធីណាមួយក្នុងចំណោមវិធីទាំងនេះ។—កូរិនថូសទី១ ១៦:២
ការរៀបចំទុកជាមុនក្នុងការឲ្យ: អ្នកខ្លះប្រើវិធីបរិច្ចាគដោយរៀបចំផែនការទុកជាមុន ឬដោយប្រឹក្សាយោបល់ផ្នែកច្បាប់។ ការរៀបចំទុកជាមុនអាចជួយអ្នកឲ្យទទួលបានការលើកលែងពន្ធក្នុងប្រទេសរបស់អ្នក។ មនុស្សជាច្រើនទទួលប្រយោជន៍ កាលដែលពួកគេយល់កាន់តែច្បាស់អំពីការរៀបចំឬវិធីជូនអំណោយសប្បុរសដែលពួកគេចង់ឲ្យពេលនៅរស់ ឬនៅពេលដែលពួកគេស្លាប់។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមទាក់ទងការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ាដែលនៅប្រទេសរបស់អ្នក ប្រសិនបើអ្នកចង់ធ្វើវិភាគទានតាមរយៈវិធីដូចខាងក្រោមនេះ៖
គណនីធនាគារ
ប្រាក់ធានារ៉ាប់រងនិងប្រាក់ចូលនិវត្តន៍
ចលនទ្រព្យនិងអចលនទ្រព្យ
ភាគហ៊ុននិងប័ណ្ណខ្ចីប្រាក់
បណ្ដាំមត៌កនិងកេរ្តិ៍មត៌ក
ដើម្បីបានព័ត៌មានថែមទៀតអំពីវិធីធ្វើវិភាគទានដែលមានក្នុងប្រទេសរបស់អ្នក សូមមើលគេហទំព័រ«វិភាគទានសម្រាប់សាក្សីព្រះយេហូវ៉ា»។
a អ្នកដែលមិនមែនជាសាក្សីព្រះយេហូវ៉ាក៏អាចធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការរបស់យើងដែរ។
b សូមមើលព័ត៌មានថែមទៀតក្នុងវីដេអូរបៀបដាក់វិភាគទានតាមប្រព័ន្ធអេឡិចត្រូនិក។