អត្ថបទសិក្សា ២៣
«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»
«ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរនៅជាដរាប»។—ទំនុក. ១៣៥:១៣
ចម្រៀងលេខ១០ ចូរសរសើរព្រះយេហូវ៉ាជាព្រះរបស់យើង!
សេចក្ដីសង្ខេបa
១-២. តើសាក្សីព្រះយេហូវ៉ាចាប់អារម្មណ៍រឿងបែបណាខ្លះ?
នៅសព្វថ្ងៃនេះ មានរឿងសំខាន់ៗដែលជាប់ទាក់ទងនឹងយើង។ នោះគឺសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងការធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ យើងដែលជាសាក្សីព្រះយេហូវ៉ាចូលចិត្តនិយាយអំពីរឿងដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ។ តើសិទ្ធិគ្រប់គ្រងរបស់ព្រះនិងការធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធគឺជារឿងផ្សេងពីគ្នាឬទេ? មិនមែនទេ!
២ យើងទាំងអស់គ្នាដឹងថានាមរបស់ព្រះត្រូវតែលើកតម្កើងឲ្យបានបរិសុទ្ធ។ យើងក៏ដឹងដែរថារបៀបគ្រប់គ្រងរបស់ព្រះយេហូវ៉ាត្រូវឲ្យគេទទួលស្គាល់ថាគឺល្អបំផុត។ រឿងទាំងពីរនេះសំខាន់។
៣. តើនាមរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ?
៣ តាមពិត នាមរបស់ព្រះយេហូវ៉ារួមបញ្ចូលអ្វីទាំងអស់អំពីលោក រួមទាំងរបៀបគ្រប់គ្រងរបស់លោក។ ដូច្នេះ ការជម្រះអស់ទាំងការតិះដៀលចំពោះនាមរបស់ព្រះយេហូវ៉ា រួមបញ្ចូលការបញ្ជាក់ថារបៀបគ្រប់គ្រងរបស់លោកគឺល្អបំផុត។ នាមរបស់ព្រះយេហូវ៉ាជាប់ទាក់ទងយ៉ាងខ្លាំងនឹងរបៀបគ្រប់គ្រងរបស់លោកជាមហាក្សត្រនៃសកលលោក (សូមមើលប្រអប់ដែលមានចំណងជើងថា«លក្ខណៈនៃរឿងដ៏សំខាន់មួយ»)។
៤. តើទំនុកតម្កើង ១៣៥:១៣រៀបរាប់យ៉ាងណាអំពីនាមរបស់ព្រះ ហើយតើយើងនឹងឆ្លើយសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៤ នាមរបស់ព្រះយេហូវ៉ាគឺពិសេស។ (សូមអាន ទំនុកតម្កើង ១៣៥:១៣) ហេតុអ្វីនាមរបស់ព្រះគឺសំខាន់ម្ល៉េះ? តើនាមរបស់លោកបានត្រូវបង្កាច់បង្ខូចជាលើកដំបូងយ៉ាងដូចម្ដេច? តើលោកធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធតាមរបៀបណា? តើយើងអាចធ្វើអ្វីដើម្បីជួយការពារនាមរបស់លោក? សូមយើងរកចម្លើយចំពោះសំណួរទាំងនេះ។
តើឈ្មោះគឺសំខាន់យ៉ាងណា?
៥. តើអ្នកខ្លះប្រហែលជាឆ្ងល់អ្វី ពេលពួកគេឮថានាមរបស់ព្រះត្រូវធ្វើឲ្យបរិសុទ្ធ?
៥ លោកយេស៊ូបានមានប្រសាសន៍ថា៖ «សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (ម៉ាថ. ៦:៩) លោកបង្ហាញថា នេះគួរជារឿងសំខាន់បំផុតមួយក្នុងសេចក្ដីអធិដ្ឋានរបស់យើង។ ក៏ប៉ុន្តែ តើពាក្យរបស់លោកយេស៊ូមានន័យយ៉ាងណា? ពាក្យបរិសុទ្ធអាចមានន័យថាធ្វើឲ្យស្អាតស្អំ ឥតមន្ទិល ឬឥតសៅហ្មង។ មនុស្សខ្លះប្រហែលជាឆ្ងល់ថា ‹បើនាមរបស់ព្រះយេហូវ៉ាគឺស្អាតស្អំ ឥតមន្ទិល ឬឥតសៅហ្មងរួចហើយ ចុះហេតុអ្វីត្រូវធ្វើឲ្យនាមលោកបានបរិសុទ្ធទៀត?›។ ដើម្បីឆ្លើយសំណួរនេះ យើងត្រូវយល់ថាឈ្មោះរួមបញ្ចូលអ្វីខ្លះ។
៦. ស្ដីអំពីឈ្មោះ តើអ្វីសំខាន់បំផុត?
៦ ឈ្មោះមិនមែនជាពាក្យពីរោះដែលសម្រាប់ឲ្យគេហៅប៉ុណ្ណោះទេ។ គម្ពីរចែងថា៖ «នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន»។ (សុភ. ២២:១; សាស្ដ. ៧:១) ហេតុអ្វីការមានឈ្មោះគឺសំខាន់? ដោយសារឈ្មោះរួមបញ្ចូលកេរ្តិ៍ឈ្មោះ ពោលគឺទស្សនៈរបស់អ្នកឯទៀតទៅលើបុគ្គលដែលមានឈ្មោះនោះ។ ដូច្នេះ ការមានឈ្មោះពីរោះគឺមិនមែនជាអ្វីដែលសំខាន់បំផុតទេ តែអ្វីដែលសំខាន់បំផុតគឺទស្សនៈរបស់អ្នកឯទៀតពេលពួកគេឮឈ្មោះនោះ។
៧. តើមនុស្សបានបង្ខូចនាមរបស់ព្រះតាមរបៀបណា?
៧ ពេលមនុស្សនិយាយកុហកអំពីព្រះយេហូវ៉ា ពួកគេកំពុងព្យាយាមធ្វើឲ្យអ្នកឯទៀតគិតមិនល្អអំពីលោក។ ពេលពួកគេធ្វើដូច្នេះ ពួកគេកំពុងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ លើកដំបូងដែលបុគ្គលម្នាក់និយាយមិនល្អអំពីព្រះ ហើយព្យាយាមធ្វើឲ្យអ្នកឯទៀតគិតមិនល្អអំពីលោក គឺនៅសួនអេដែន។ សូមគិតអំពីអ្វីដែលយើងអាចរៀនពីការបង្កាច់បង្ខូចនេះ។
របៀបដែលនាមព្រះបានត្រូវបង្កាច់បង្ខូចជាលើកដំបូង
៨. តើអាដាមនិងអេវ៉ាបានដឹងអំពីអ្វី ហើយតើនេះនាំឲ្យមានសំណួរអ្វីខ្លះ?
៨ អាដាមនិងអេវ៉ាបានដឹងថានាមរបស់ព្រះគឺយេហូវ៉ា ហើយពួកគេក៏ស្គាល់អ្វីៗសំខាន់ជាច្រើនអំពីលោកដែរ។ ពួកគេដឹងថាលោកជាអ្នកបង្កើត ជាអ្នកដែលផ្ដល់ជីវិតឲ្យពួកគេ និងផ្ដល់ទីលំនៅដ៏ស្រស់ស្អាតដល់ពួកគេ ព្រមទាំងគូដ៏ល្អឥតខ្ចោះ។ (លោ. ១:២៦-២៨; ២:១៨) ប៉ុន្តែ តើពួកគេបន្តគិតអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់ពួកគេឬទេ? តើពួកគេបន្តបង្កើនសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាឬទេ? សំណួរទាំងនេះបានត្រូវឆ្លើយពេលដែលសត្រូវរបស់ព្រះបានសាកល្បងពួកគេ។
៩. យោងទៅតាមលោកុប្បត្តិ ២:១៦, ១៧ និង៣:១-៥ តើព្រះយេហូវ៉ាបានប្រាប់អ្វីដល់ប្ដីប្រពន្ធដំបូង ហើយតើសាថានបានបង្ខុសការពិតយ៉ាងដូចម្ដេច?
៩ សូមអាន លោកុប្បត្តិ ២:១៦, ១៧ និង៣:១-៥។ ដោយធ្វើឲ្យសត្វពស់មើលទៅចេះនិយាយ សាថានបានសួរអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ សំណួរនេះបង្កប់ការកុហកដែលនាំឲ្យអេវ៉ាចាប់ផ្ដើមគិតមិនល្អអំពីព្រះ។ តាមការពិត ព្រះបានមានប្រសាសន៍ថាពួកគេអាចបរិភោគផលពីគ្រប់ទាំងដើមឈើ លើកលែងតែមួយដើម។ ដូច្នេះ នេះមានន័យថាអាដាមនិងអេវ៉ាមានអាហារជាបរិបូរដើម្បីបរិភោគ។ (លោ. ២:៩) ពិតមែនថាព្រះយេហូវ៉ាមានចិត្តទូលាយ ប៉ុន្តែលោកបានហាមមិនឲ្យអាដាមនិងអេវ៉ាបរិភោគផ្លែពីដើមឈើមួយ។ ដូច្នេះ សំណួររបស់សាថានបង្ខុសការពិត។ វាធ្វើឲ្យមើលទៅព្រះគ្មានចិត្តទូលាយទៅវិញ។ នេះប្រហែលជានាំឲ្យអេវ៉ាឆ្ងល់ថា ‹តើមានអ្វីល្អដែលព្រះមិនអនុញ្ញាតឲ្យខ្ញុំឬទេ?›។
១០. តើសាថានបាននិយាយបង្កាច់បង្ខូចចំៗទៅលើនាមរបស់ព្រះតាមរបៀបណា ហើយតើនោះមានលទ្ធផលយ៉ាងណា?
១០ នៅពេលនោះ អេវ៉ានៅតែចាត់ទុកព្រះយេហូវ៉ាជាអ្នកគ្រប់គ្រង។ គាត់បានប្រាប់សាថានអំពីការណែនាំដ៏ច្បាស់លាស់របស់ព្រះ។ គាត់បាននិយាយបន្តថាពួកគាត់ថែមទាំងមិនគួរប៉ះដើមឈើនោះទៀតផង។ គាត់បានដឹងអំពីការព្រមានរបស់ព្រះដែលថា ការមិនស្ដាប់បង្គាប់នឹងនាំឲ្យស្លាប់។ ប៉ុន្តែ សាថានបានតបថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ (លោ. ៣:២-៤) សាថានលែងនិយាយបញ្ឆិតបញ្ឆៀងទៀត។ ផ្ទុយទៅវិញ វានិយាយបង្កាច់បង្ខូចចំៗទៅលើនាមរបស់ព្រះ ហាក់ដូចជាវាកំពុងនិយាយប្រាប់អេវ៉ាថាព្រះយេហូវ៉ាគឺជាអ្នកកុហក។ ដូច្នេះ សាថានបានទៅជាមេកំណាច ឬអ្នកបង្កាច់បង្ខូច។ អេវ៉ាបានចាញ់បោកទាំងស្រុង ដោយសារគាត់បានជឿសាថាន។ (១ធី. ២:១៤) គាត់បានទុកចិត្តវាជាងព្រះយេហូវ៉ា។ យ៉ាងនេះ គាត់ស្រួលធ្វើការសម្រេចចិត្តដ៏អាក្រក់បំផុត ពោលគឺមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ គាត់បានចាប់ផ្ដើមបរិភោគផ្លែដែលព្រះយេហូវ៉ាបានហាម ហើយក្រោយមកគាត់ក៏ឲ្យទៅអាដាម។—លោ. ៣:៦
១១. តើអាដាមនិងអេវ៉ាអាចប្រព្រឹត្តយ៉ាងណា? តើពួកគេមិនបានធ្វើអ្វី?
១១ សូមគិតអំពីអ្វីដែលអេវ៉ាគួរនិយាយទៅសាថាន។ ឧបមាថាគាត់និយាយដូចតទៅនេះ៖ «ខ្ញុំមិនស្គាល់អ្នកជាអ្នកណាទេ ប៉ុន្តែខ្ញុំស្គាល់ព្រះយេហូវ៉ាជាបិតារបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់និងទុកចិត្តលោក។ អ្វីទាំងអស់ដែលខ្ញុំនិងប្ដីខ្ញុំមានគឺមកពីលោក។ ម៉េចហ៊ាននិយាយអាក្រក់អំពីលោក? ចេញឲ្យឆ្ងាយពីខ្ញុំទៅ!»។ បើព្រះយេហូវ៉ាឮពាក្យដ៏ស្មោះត្រង់ទាំងនេះចេញពីមាត់របស់កូនស្រីជាទីស្រឡាញ់ នោះលោកច្បាស់ជាសប្បាយចិត្តយ៉ាងណាទៅ! (សុភ. ២៧:១១) ប៉ុន្តែអេវ៉ាគ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ ហើយអាដាមក៏គ្មានដែរ។ ដោយសារអាដាមនិងអេវ៉ាគ្មានសេចក្ដីស្រឡាញ់បែបនេះចំពោះបិតា នោះពួកគេមិនបាននិយាយការពារនាមរបស់លោកពីការបង្កាច់បង្ខូចឡើយ។
១២. តើសាថានបានធ្វើអ្វីដើម្បីឲ្យអេវ៉ាចាប់ផ្ដើមសង្ស័យ ហើយតើអាដាមនិងអេវ៉ាមិនបានធ្វើអ្វី?
១២ ដូចយើងបានរៀន សាថានបានចាប់ផ្ដើមធ្វើឲ្យអេវ៉ាបង្កើតចិត្តសង្ស័យ។ វាបានធ្វើឲ្យគាត់សង្ស័យថាព្រះយេហូវ៉ាមិនមែនជាបិតាដ៏ល្អទេ។ បន្ទាប់មក អាដាមនិងអេវ៉ាមិនបាននិយាយការពារនាមនិងកេរ្តិ៍ឈ្មោះរបស់ព្រះយេហូវ៉ាឡើយ។ ជាលទ្ធផល ពួកគេស្រួលស្ដាប់តាមសាថាន និងបះបោរប្រឆាំងបិតារបស់ពួកគេ។ នៅសព្វថ្ងៃនេះ សាថានប្រើមធ្យោបាយស្រដៀងនឹងនេះ។ វាបង្កាច់បង្ខូចឈ្មោះរបស់ព្រះយេហូវ៉ា។ មនុស្សដែលជឿពាក្យកុហករបស់សាថានស្រួលទទួលឥទ្ធិពលពីវា ហើយមិនព្រមចុះចូលក្រោមការគ្រប់គ្រងដ៏សុចរិតរបស់ព្រះយេហូវ៉ាទេ។
ព្រះយេហូវ៉ាធ្វើឲ្យនាមរបស់លោក បានបរិសុទ្ធ
១៣. តើអេសេគាល ៣៦:២៣លើកបញ្ជាក់យ៉ាងណាអំពីគោលរឿងក្នុងគម្ពីរ?
១៣ តើព្រះយេហូវ៉ាគ្រាន់តែទ្រាំឲ្យគេបង្កាច់បង្ខូចនាមរបស់លោកដោយមិនធ្វើអ្វីសោះឬទេ? មិនមែនទេ! គម្ពីរទាំងមូលប្រាប់អំពីរបៀបដែលព្រះយេហូវ៉ាបានជម្រះការតិះដៀលពីនាមរបស់លោកតាំងពីសួនអេដែន។ (លោ. ៣:១៥) គោលរឿងនៃគម្ពីរគឺព្រះយេហូវ៉ាធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធតាមរយៈរាជាណាចក្រដែលគ្រប់គ្រងដោយបុត្រលោក ហើយធ្វើឲ្យមានសេចក្ដីសុចរិតនិងសេចក្ដីសុខសាន្តឡើងវិញនៅផែនដី។ គម្ពីរមានព័ត៌មានដែលជួយយើងឲ្យយល់អំពីរបៀបដែលព្រះយេហូវ៉ាធ្វើឲ្យនាមលោកបានបរិសុទ្ធ។—សូមអាន អេសេគាល ៣៦:២៣
១៤. តើប្រតិកម្មរបស់ព្រះយេហូវ៉ាចំពោះការបះបោរនៅសួនអេដែនធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធយ៉ាងដូចម្ដេច?
១៤ សាថានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីមិនឲ្យព្រះយេហូវ៉ាសម្រេចគោលបំណងរបស់លោក។ ប៉ុន្តែ សាថានបរាជ័យម្ដងហើយម្ដងទៀត។ គម្ពីរបង្ហាញអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើ ហើយនោះសឲ្យឃើញថាព្រះយេហូវ៉ាពិតជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ និងជាអ្នកគ្រប់គ្រងដ៏ល្អបំផុត។ ការបះបោររបស់សាថាននិងពួកអ្នកដែលនៅខាងវាបានធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តខ្លាំងណាស់។ (ទំនុក. ៧៨:៤០) ក៏ប៉ុន្តែ លោកបានចាត់វិធានការចំពោះរឿងនេះដោយប្រាជ្ញា ចិត្តអត់ធ្មត់ និងយុត្តិធម៌។ លោកក៏បានបង្ហាញឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់លោកតាមរបៀបជាច្រើនរាប់មិនអស់។ សំខាន់បំផុត អ្វីទាំងអស់ដែលលោកធ្វើឆ្លុះបញ្ចាំងអំពីសេចក្ដីស្រឡាញ់របស់លោក។ (១យ៉ូន. ៤:៨) ព្រះយេហូវ៉ាមិនដែលឈប់ធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធទេ។
១៥. តើសាថានកំពុងមួលបង្កាច់នាមរបស់ព្រះយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ ហើយតើនោះមានលទ្ធផលយ៉ាងណា?
១៥ សាថាននៅតែមួលបង្កាច់នាមរបស់ព្រះនៅសព្វថ្ងៃនេះ។ វាបញ្ឆោតមនុស្សឲ្យសង្ស័យថាព្រះគ្មានឫទ្ធានុភាព គ្មានយុត្តិធម៌ គ្មានប្រាជ្ញា និងគ្មានសេចក្ដីស្រឡាញ់ឡើយ។ ជាឧទាហរណ៍ សាថានព្យាយាមធ្វើឲ្យមនុស្សជឿថាព្រះយេហូវ៉ាមិនមែនជាអ្នកបង្កើតអ្វីៗទាំងអស់ទេ។ ម្យ៉ាងទៀត ទោះជាមនុស្សជឿថាមានព្រះក៏ដោយ សាថានព្យាយាមធ្វើឲ្យពួកគេជឿថាព្រះនិងខ្នាតតម្រារបស់លោកគឺតឹងរ៉ឹងនិងអយុត្តិធម៌។ វាថែមទាំងបង្រៀនមនុស្សថាព្រះយេហូវ៉ាជាព្រះគ្មានមេត្តានិងឃោរឃៅដែលដុតមនុស្សក្នុងភ្លើងនរក ក្រោយពីពួកគេស្លាប់។ ពេលពួកគេជឿពាក្យបង្កាច់បង្ខូចបែបនេះ ពួកគេទំនងជាស្រួលបដិសេធការគ្រប់គ្រងដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ទម្រាំតែព្រះយេហូវ៉ាបំផ្លាញសាថាន វានឹងបន្តបង្កាច់បង្ខូចលោក ហើយវានឹងព្យាយាមធ្វើឲ្យអ្នកលះចោលលោក។ តើវានឹងទទួលជោគជ័យឬទេ?
តួនាទីរបស់អ្នកក្នុងរឿង ដ៏សំខាន់នេះ
១៦. អ្នកអាចធ្វើអ្វីមួយដែលអាដាមនិងអេវ៉ាមិនបានធ្វើ តើនោះជាអ្វី?
១៦ ព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សមិនល្អឥតខ្ចោះរួមចំណែកក្នុងការធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ ដូច្នេះ អ្នកអាចធ្វើអ្វីមួយដែលអាដាមនិងអេវ៉ាមិនបានធ្វើ។ ទោះជាអ្នករស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយមនុស្សដែលបង្កាច់បង្ខូចនិងប្រមាថនាមរបស់ព្រះយេហូវ៉ាក្ដី អ្នកមានឱកាសនិយាយការពារសេចក្ដីពិតអំពីព្រះយេហូវ៉ាថា លោកគឺបរិសុទ្ធ សុចរិត ល្អ និងប្រកបដោយសេចក្ដីស្រឡាញ់។ (អេ. ២៩:២៣; យ៉ូប ៣៦:៣) អ្នកអាចគាំទ្រការគ្រប់គ្រងរបស់លោក។ អ្នកអាចជួយមនុស្សឲ្យយល់ថាមានតែការគ្រប់គ្រងរបស់ព្រះយេហូវ៉ាប៉ុណ្ណោះដែលពិតជាសុចរិត ហើយអាចនាំឲ្យមានសន្តិភាពនិងសុភមង្គលដល់បុគ្គលគ្រប់រូប។—ទំនុក. ៣៧:៩, ៣៧; ១៤៦:៥, ៦, ១០
១៧. តើលោកយេស៊ូបានសម្ដែងឲ្យអ្នកឯទៀតស្គាល់នាមរបស់បិតាលោកយ៉ាងដូចម្ដេច?
១៧ យើងធ្វើតាមគំរូរបស់លោកយេស៊ូគ្រិស្ត ពេលយើងនិយាយការពារនាមរបស់ព្រះយេហូវ៉ា។ (យ៉ូន. ១៧:២៦) លោកយេស៊ូមិនគ្រាន់តែសម្ដែងឲ្យអ្នកឯទៀតស្គាល់នាមរបស់បិតាលោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បាននិយាយការពារកេរ្តិ៍ឈ្មោះរបស់ព្រះយេហូវ៉ាដែរ។ ជាឧទាហរណ៍ ពួកផារិស៊ីបានធ្វើឲ្យអ្នកឯទៀតគិតថាព្រះយេហូវ៉ាជាបុគ្គលដែលទាមទារហួសហេតុពេក មិនអាចនៅជិតស្និទ្ធ និងគ្មានមេត្តា។ ខុសពីពួកគេ លោកយេស៊ូបានជួយមនុស្សឲ្យឃើញថាបិតារបស់លោកគឺសមហេតុផល អត់ធ្មត់ ប្រកបដោយសេចក្ដីស្រឡាញ់ និងអភ័យទោស។ លោកក៏បានជួយមនុស្សឲ្យស្គាល់ព្រះយេហូវ៉ា ដោយបង្ហាញគុណសម្បត្តិដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះក្នុងរបៀបរស់នៅប្រចាំថ្ងៃរបស់លោក។—យ៉ូន. ១៤:៩
១៨. តើយើងអាចបកអាក្រាតពាក្យកុហកនិងការបង្កាច់បង្ខូចអំពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៨ ដូចលោកយេស៊ូ យើងអាចប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ាដោយបង្រៀនពួកគេថាលោកជាព្រះដែលមានសេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរស។ ដោយធ្វើដូច្នេះ យើងបកអាក្រាតពាក្យកុហកនិងការបង្កាច់បង្ខូចអំពីព្រះយេហូវ៉ា។ យើងធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ ដោយជួយអ្នកឯទៀតឲ្យចាត់ទុកនាមរបស់លោកថាបរិសុទ្ធ។ យើងក៏អាចយកតម្រាប់ព្រះយេហូវ៉ាដែរ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ។ (អេភ. ៥:១, ២) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង អ្នកឯទៀតអាចឃើញថាព្រះយេហូវ៉ាជាព្រះបែបណា។ យ៉ាងនេះយើងជួយធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ។ យើងក៏ចូលរួមក្នុងការជម្រះនាមរបស់ព្រះពីការតិះដៀល ដោយជួយមនុស្សឯទៀតឲ្យស្គាល់សេចក្ដីពិតអំពីលោក។ ម្យ៉ាងទៀត យើងធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ពេលយើងដែលជាមនុស្សមិនល្អឥតខ្ចោះរក្សាចិត្តស្មោះឥតងាករេចំពោះលោក។—យ៉ូប ២៧:៥
១៩. តើអេសាយ ៦៣:៧ជួយយើងឲ្យយល់យ៉ាងណាអំពីគោលបំណងចម្បងរបស់យើង ពេលយើងបង្រៀនអ្នកឯទៀត?
១៩ មានអ្វីផ្សេងទៀតដែលយើងអាចធ្វើដើម្បីឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។ ពេលយើងបង្រៀនសេចក្ដីពិតពីគម្ពីរដល់អ្នកឯទៀត យើងច្រើនតែលើកឡើងអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះថា ព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងលើសកលលោក ហើយនេះគឺត្រឹមត្រូវ។ ទោះជាការបង្រៀនអ្នកឯទៀតអំពីច្បាប់របស់ព្រះគឺសំខាន់ក្ដី គោលដៅចម្បងរបស់យើងគឺជួយពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ាដែលជាបិតារបស់យើង និងមានភក្ដីភាពចំពោះលោក។ យ៉ាងនេះ យើងត្រូវលើកឡើងអំពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់ព្រះយេហូវ៉ា ហើយបញ្ជាក់ថាលោកជាបុគ្គលបែបណា។ (សូមអាន អេសាយ ៦៣:៧) កាលដែលយើងបង្រៀនអ្នកឯទៀតតាមរបៀបនេះ យើងនឹងជួយពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ានិងស្ដាប់បង្គាប់លោក ដោយសារពួកគេចង់បង្ហាញភក្ដីភាពចំពោះលោក។
២០. តើយើងនឹងទទួលចម្លើយចំពោះសំណួរអ្វីក្នុងអត្ថបទបន្ទាប់?
២០ តើតាមរបៀបណាយើងអាចធ្វើឲ្យប្រាកដថារបៀបដែលយើងប្រព្រឹត្តនិងបង្រៀនអ្នកឯទៀតលើកតម្កើងនាមព្រះយេហូវ៉ា និងទាក់ទាញពួកគេឲ្យចូលទៅជិតលោក? អត្ថបទបន្ទាប់នឹងផ្ដល់ចម្លើយចំពោះសំណួរនេះ។
ចម្រៀងលេខ២ នាមលោកគឺយេហូវ៉ា
a តើអ្វីជារឿងដ៏សំខាន់ចំពោះមនុស្សនិងទេវតា? ហេតុអ្វីរឿងនេះសំខាន់ម្ល៉េះ ហើយតើនេះជាប់ទាក់ទងនឹងយើងយ៉ាងណា? ការយល់អំពីចម្លើយចំពោះសំណួរទាំងនេះនិងសំណួរដែលជាប់ទាក់ទងនឹងរឿងនេះ នឹងជួយយើងឲ្យពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។
b ការពណ៌នាអំពីរូបភាព: មេកំណាចបាននិយាយបង្កាច់បង្ខូចព្រះ ដោយប្រាប់អេវ៉ាថាលោកគឺជាអ្នកកុហក។ អស់ជាច្រើនសតវត្សរ៍ សាថានបានលើកស្ទួយសេចក្ដីបង្រៀនមិនពិត ដូចជាព្រះគឺគ្មានមេត្តា ហើយថាលោកមិនបានបង្កើតមនុស្សជាតិទេ។
c ការពណ៌នាអំពីរូបភាព: កាលដែលបងប្រុសម្នាក់កំពុងបង្រៀនគម្ពីរ គាត់លើកឡើងអំពីបុគ្គលិកលក្ខណៈរបស់ព្រះ។