សំនួរពីអ្នកអាន
តើសត្វពស់ក្នុងសួនច្បារអេដែននោះ បានបញ្ចេញគំនិតដោយរបៀបណាឲ្យនាងអេវ៉ាបំពានលើច្បាប់របស់ព្រះស្តីអំពីដើមដឹងខុសត្រូវ?
លោកុប្បត្តិ ៣:១ចែងថា៖ «ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វានិយាយទៅកាន់ស្ត្រីថា៖ ‹តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?›»។ គឺមានយោបល់ផ្សេងៗអំពីរបៀបដែលសត្វពស់នោះអាចទាក់ទងនឹងនាងអេវ៉ា។ មានគំនិតមួយថា វាបានធ្វើដូច្នេះដោយចលនាដងខ្លួនរបស់វា ឬកាយវិការ។ ដូចបព្វជិតជនជាតិអង់គ្លេសម្នាក់ ឈ្មោះយ៉ូសែបបេនសុន បានមានប្រសាសន៍ថា៖ «វាទំនងជាបានប្រើកាយវិការបែបផ្សេងៗ។ អ្នកខ្លះអះអាងថា នៅគ្រានោះសត្វពស់មានលក្ខណៈចេះវែកញែក ក៏ចេះនិយាយផង . . . តែគ្មានភស្តុតាងដែលបញ្ជាក់ដូច្នោះឡើយ»។
ក៏ប៉ុន្តែ បើសត្វពស់បានប្រើតែចលនាដងខ្លួនប៉ុណ្ណោះ តើវាអាចបញ្ចេញគំនិតដោយរបៀបណា ឲ្យនាងអេវ៉ាគិតថាខ្លួននាងនឹងបានដូចជាព្រះដែរ ដោយទទួលទានផ្លែដែលបានត្រូវហាមឃាត់នោះ និងអាចសម្រេចចិត្តអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ? ម្យ៉ាងទៀត នាងអេវ៉ាបានសន្ទនាឆ្លើយឆ្លង ដោយឆ្លើយសំនួរដែលសត្វពស់បានចោទឡើង។ (លោកុប្បត្តិ ៣:២-៥) បើមានទស្សនៈថា សត្វពស់បានទាក់ទងនាងដោយចលនាដងខ្លួនឬកាយវិការប៉ុណ្ណោះ នោះត្រូវនាំឲ្យសន្និដ្ឋានថា នាងអេវ៉ាបានតបឆ្លើយដោយកាយវិការដែរ តែព្រះគម្ពីរចែងថា នាងបាននិយាយ។
ក្នុងការនិយាយសំដៅទៅលើព្រឹត្ដិការណ៍នោះ សាវ័កប៉ុលបានព្រមានគ្រីស្ទានគ្នីគ្នារបស់គាត់ថា៖ «ខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ»។ ប៉ុលបានរៀបរាប់អំពីគ្រោះថ្នាក់ដែលមកពី«សាវកក្លែងក្លាយជាអ្នកឆបោក»។ គ្រោះថ្នាក់ដែលបណ្ដាលមកដោយសារ«ពួកសាវកយ៉ាងធំ»បែបនោះ គ្មានល័ក្ខខ័ណ្ឌជាចលនាដងខ្លួននិងកាយវិការប៉ុណ្ណោះទេ តែរួមទាំងសំដីរបស់គេ គឺប្រើពាក្យដែលបង្កប់ដោយឧបាយកលដើម្បីនាំអ្នកដទៃវង្វេង។—កូរិនថូសទី២ ១១:៣-៥, ១៣
ថ្វីបើក្នុងសួនច្បារអេដែនមានពាក្យសំដីនាំឲ្យនាងអេវ៉ាវង្វេងក្ដី គឺគ្មានអ្វីដែលបញ្ជាក់ថា សត្វពស់នោះឯងមានបំពង់សម្លេងទេ។ តាមការពិត វាមិនត្រូវការបំពង់សម្លេងទេ។ ពេលដែលទេវតាមួយរូបបាននិយាយជាមួយលោកបាឡាមតាមរយៈសត្វលាញីនោះ សត្វនោះមិនត្រូវការបំពង់សម្លេងស្មុគស្មាញដូចមនុស្សទេ។ (ជនគណនា ២២:២៦-៣១) នៅពេលដែល«សត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស» អំណាចធ្វើដូច្នេះច្បាស់ជាមកពីវិស័យវិញ្ញាណ។—ពេត្រុសទី២ ២:១៦
សត្តនិករវិញ្ញាណដែលបានប្រើសត្វពស់នោះ ដើម្បីនិយាយជាមួយនាងអេវ៉ា ត្រូវសម្គាល់ក្នុងព្រះគម្ពីរជា«ពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង»។ (វិវរណៈ ១២:៩) សំដីឮៗដែលនាងអេវ៉ាអាចស្ដាប់ ថែមទាំងតបឆ្លើយចំពោះនោះ បានត្រូវបណ្ដាលមកពីសាតាំង ដែល«ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺ»។—កូរិនថូសទី២ ១១:១៤
[រូបភាពនៅទំព័រ៣២]
«អ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»