សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញគឺពិតប្រាកដមែន!
‹ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា នឹងមានដំណើររស់ឡើងវិញ›។—កិច្ចការ ២៤:១៥
១. ហេតុអ្វីក៏យើងអាចមានសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ?
ព្រះយេហូវ៉ាបានប្រទានឲ្យយើងនូវមូលហេតុដ៏ល្អ ចំពោះសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។ ទ្រង់សន្យាថា ទ្រង់នឹងធ្វើឲ្យមនុស្សស្លាប់ងើបឡើង គឺក្រោកឈរមានជីវិតម្ដងទៀត។ ហើយរាជបំណងរបស់ទ្រង់ស្តីអំពីអស់អ្នកដែលស្លាប់ទៅនោះ គឺប្រាកដនឹងបានសម្រេចជាពុំខាន។ (អេសាយ ៥៥:១១; លូកា ១៨:២៧) តាមការពិត ព្រះបានបង្ហាញនូវព្រះចេស្ដារបស់ទ្រង់ ក្នុងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
២. តើសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញអាចមានប្រយោជន៍ដល់យើងយ៉ាងដូចម្ដេច?
២ ជំនឿលើសំវិធានការរបស់ព្រះចំពោះការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ តាមរយៈបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ អាចទ្រទ្រង់យើងពេលមានការតានតឹងក្នុងជីវិត។ ភាពប្រាកដនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ ក៏អាចជួយយើងឲ្យរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យើងចំពោះព្រះវរបិតានៅស្ថានសួគ៌ ទោះជារហូតដល់ស្លាប់ក៏ដោយ។ សេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញរបស់យើង ប្រហែលជានឹងពង្រឹងថែមទៀត កាលដែលយើងពិនិត្យមើលនូវការស្ដារឡើងវិញនូវជីវិត ដែលបានកត់ទុកនៅក្នុងព្រះគម្ពីរនោះ។ អព្ភូតហេតុទាំងនេះបានត្រូវសម្រេចតាមរយៈព្រះចេស្ដាពីព្រះអម្ចាស់មហាក្សត្រ គឺព្រះយេហូវ៉ា។
ពួកគេបានទទួលពួកមនុស្សស្លាប់របស់គេដោយដំណើររស់ឡើងវិញ
៣. តើអេលីយ៉ាមានអំណាច ដើម្បីធ្វើអ្វីពេលដែលកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅក្រុងសារិបតាបានស្លាប់នោះ?
៣ ក្នុងការពិនិត្យមើលឡើងវិញដ៏រំភើបចិត្តស្តីអំពីជំនឿ ដែលបានសម្ដែងដោយពួកស្មរបន្ទាល់ព្រះយេហូវ៉ាមុនសម័យគ្រីស្ទាន នោះសាវ័កប៉ុលបានសរសេរថា៖ «ពួកស្រីៗបានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ»។ (ហេព្រើរ ១១:៣៥; ១២:១) ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះ គឺជាស្ត្រីមេម៉ាយដ៏ក្រម្នាក់ពីក្រុងសារិបតានៅស្រុកភេនីស។ ដោយសារនាងមានចិត្តដ៏រាក់ទាក់នឹងព្យាការីរបស់ព្រះ ឈ្មោះអេលីយ៉ា ដោយសារអព្ភូតហេតុ នោះម្សៅនិងប្រេង ឥតបានរលោះឡើយក្នុងកំឡុងពេលទុរភិក្ស ដែលប្រហែលជាអាចបណ្ដាលឲ្យគាត់និងកូនប្រុសគាត់ស្លាប់ទៅបាន។ ក្រោយមក នៅពេលដែលកូនប្រុសនេះស្លាប់ទៅ នោះអេលីយ៉ាបានផ្ដេកកូននេះទៅលើគ្រែ រួចអធិស្ឋាន ទាំងទ្រោបលើកូននោះបីដង ហើយបានអង្វរថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ»។ ព្រះទ្រង់បានធ្វើឲ្យព្រលឹងឬក៏ជីវិតឲ្យត្រឡប់មកក្នុងក្មេងប្រុសនេះវិញ។ (ពង្សាវតារក្សត្រទី១ ១៧:៨-២៤) ចូរគិតនូវអំណររបស់ស្ត្រីមេម៉ាយនេះ កាលដែលនាងបានទទួលផលល្អដោយសារជំនឿរបស់នាង ស្តីអំពីការកត់ទុកដំបូងនៃដំណើររស់ឡើងវិញ គឺអំពីកូនប្រុសស្ងួនភ្ងារបស់នាងហ្ន៎!
៤. តើអព្ភូតហេតុអ្វីដែលអេលីសេបានធ្វើនៅក្រុងស៊ូណែម?
៤ ស្ត្រីម្នាក់ទៀតដែលបានទទួលមនុស្សស្លាប់របស់គាត់មកវិញតាមរយៈដំណើររស់ឡើងវិញ បានរស់នៅក្រុងស៊ូណែម។ ជាប្រពន្ធរបស់បុរសដ៏ចាស់ម្នាក់ នោះគាត់បានបង្ហាញនូវចិត្តសប្បុរសដល់ព្យាការីអេលីសេនិងអ្នកបំរើរបស់លោក។ គាត់បានទទួលពរជាកូនប្រុសមួយ។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គាត់បានហៅព្យាការីនេះមក ពេលដែលព្យាការីមកដល់បានឃើញថា កូនប្រុសនេះបានស្លាប់រួចទៅហើយនៅឯផ្ទះស្ត្រីនោះ។ ក្រោយពីអេលីសេបានអធិស្ឋាននិងចាត់វិធានការជាក់លាក់ហើយ នោះ«សាច់កូននោះក៏ក្ដៅឧណ្ហឡើង»។ កូននេះ«កណ្ដាស់៧ដង រួចបើកភ្នែកឡើង»។ យ៉ាងច្បាស់ណាស់ ដំណើររស់ឡើងវិញនេះបានធ្វើឲ្យទាំងម្ដាយនិងកូនប្រុសរបស់គាត់ សប្បាយរីករាយយ៉ាងខ្លាំង។ (ពង្សាវតារក្សត្រទី២ ៤:៨-៣៧; ៨:១-៦) ក៏ប៉ុន្តែ ពួកគេនឹងសប្បាយច្រើនជាងពេលដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី ដែលជា‹ដំណើររស់ឡើងវិញបែបប្រសើរជាង› ដែលឲ្យគេមានលទ្ធភាពមិនចេះស្លាប់ម្ដងទៀតនោះ! នេះជាមូលហេតុចំពោះការដឹងគុណដល់ព្រះនៃដំណើររស់ឡើងវិញ គឺព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់!—ហេព្រើរ ១១:៣៥
៥. តើអេលីសេបានជាប់ទាក់ទងនឹងអព្ភូតហេតុមួយយ៉ាងដូចម្ដេច ទោះជាបានស្លាប់ទៅហើយនោះ?
៥ ទោះបីក្រោយពីមរណភាពនិងពិធីបញ្ចុះសពរបស់អេលីសេក៏ដោយ ក៏ព្រះបានធ្វើឲ្យឆ្អឹងរបស់គាត់មានអំណាចយ៉ាងខ្លាំងដោយវិញ្ញាណបរិសុទ្ធ។ យើងអានថា៖ «ហើយកាលមនុស្ស[ជនជាតិអ៊ីស្រាអែល]កំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកង១[នៃសាសន៍ម៉ូអាប់]។ រួចគេបោះខ្មោចនោះ ទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង»។ (ពង្សាវតារក្សត្រទី២ ១៣:២០, ២១) បុរសនោះច្បាស់ជាមានការភ្ញាក់ផ្អើលនិងសប្បាយចិត្តយ៉ាងណាទៅហ្ន៎! ចូរគិតនូវអំណរដែលនឹងមានឡើង ពេលដែលពួកបុគ្គលស្ងួនភ្ងារបស់យើងបានត្រូវប្រោសឲ្យរស់ឡើងវិញ ដែលសមស្របនឹងបំណងដ៏ពិតប្រាកដរបស់ព្រះយេហូវ៉ា!
រាជបុត្រារបស់ព្រះបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
៦. តើអព្ភូតហេតុអ្វីដែលព្រះយេស៊ូបានធ្វើជិតទីក្រុងណាអ៊ីន ហើយតើព្រឹត្ដិការណ៍នេះអាចមានអានុភាពលើយើងយ៉ាងដូចម្ដេច?
៦ ព្រះយេស៊ូគ្រីស្ទដ៏ជាបុត្រារបស់ព្រះ បានផ្ដល់ឲ្យយើងនូវមូលហេតុដ៏ល្អ ចំពោះការជឿថា មនុស្សស្លាប់អាចមានជីវិតរស់ឡើងវិញ ដោយមានសេចក្ដីសង្ឃឹមរស់នៅអស់កល្បជានិច្ច។ ព្រឹត្ដិការណ៍មួយដែលបានកើតឡើងជិតទីក្រុងណាអ៊ីន អាចជួយយើងឲ្យដឹងថា អព្ភូតហេតុបែបនេះគឺអាចមានបាន តាមរយៈព្រះចេស្ដាដែលព្រះប្រទានមក។ នៅគ្រាមួយ ព្រះយេស៊ូបានជួបពួកអ្នកកាន់ទុក្ខ ដែលសែងសពនៃយុវបុរសម្នាក់ ចេញទៅក្រៅទីក្រុងដើម្បីធ្វើពិធីបញ្ចុះសព។ ក្មេងនោះជាកូនតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់។ ព្រះយេស៊ូបានមានបន្ទូលប្រាប់គាត់ថា៖ «កុំយំអី»។ រួចមក ទ្រង់បានពាល់ក្ដារមឈូសនោះ ហើយបានមានបន្ទូលថា៖ «អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!»។ ពេលនោះគាត់ក៏ក្រោកឡើងហើយចាប់តាំងនិយាយទៅ។ (លូកា ៧:១១-១៥) អព្ភូតហេតុនេះប្រាកដជាពង្រឹងជំនឿរបស់យើង ថាសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញគឺពិតជាអាចទុកចិត្តបាន។
៧. តើមានអ្វីបានកើតឡើងដែលទាក់ទងនឹងកូនស្រីរបស់លោកយ៉ៃរ៉ុសនោះ?
៧ ចូរពិចារណាមើលដែរ អំពីព្រឹត្ដិការណ៍មួយដែលទាក់ទងនឹងយ៉ៃរ៉ុស ដែលជាមេសាលាប្រជុំនៅកាពើណិម។ លោកបានអញ្ជើញព្រះយេស៊ូឲ្យមកជួយកូនស្រីដ៏ស្ងួនភ្ងារបស់លោក ដែលមានអាយុ១២ឆ្នាំ ដែលជិតនឹងស្លាប់ទៅនោះ។ មិនយូរប៉ុន្មានមក ក៏បានត្រូវប្រាប់ថា ក្មេងស្រីនេះបានស្លាប់ទៅហើយ។ ដោយដាស់តឿនលោកយ៉ៃរ៉ុសដ៏មានទុក្ខសោកនេះឲ្យមានសេចក្ដីជំនឿ នោះព្រះយេស៊ូបានយាងទៅជាមួយលោកទៅឯផ្ទះរបស់គាត់ ហើយឃើញមនុស្សជាច្រើនកំពុងតែយំសោក។ ពួកគេបានសើចចំអកដាក់ព្រះយេស៊ូ ពេលទ្រង់បានមានបន្ទូលប្រាប់ពួកគេថា៖ «កូននេះមិនមែនស្លាប់ទេ គឺវាដេកលក់ទេតើ»។ ប្រាកដហើយ នាងបានស្លាប់មែន ក៏ប៉ុន្តែព្រះយេស៊ូហៀបនឹងបង្ហាញថា មនុស្សអាចត្រូវប្រោសឲ្យរស់ឡើងវិញ ដូចជាពួកគេអាចត្រូវដាស់ពីការគេងនោះដែរ។ ទ្រង់ចាប់ដៃក្មេងនេះ ហើយបានមានបន្ទូលថា៖ «កូនស្រីអើយ! អញប្រាប់ឲ្យឯងក្រោកឡើង» ស្រាប់តែកូនស្រីនេះក្រោកឡើងភ្លាម ហើយ«ឪពុកម្ដាយនាងក៏កើតមានសេចក្ដីអស្ចារ្យ»ជាខ្លាំងក្រៃលែង។ (ម៉ាកុស ៥:៣៥-៤៣; លូកា ៨:៤៩-៥៦) យ៉ាងប្រាកដហើយ សមាជិកគ្រួសារនឹងមាន‹ចិត្តអស្ចារ្យយ៉ាងក្រៃលែង› ពេលដែលពួកស្ងួនភ្ងារបស់គេដែលបានស្លាប់ហើយ បានត្រូវប្រោសឲ្យរស់ឡើងវិញលើផែនដីមនោរម្យ។
៨. តើព្រះយេស៊ូបានធ្វើអ្វីនៅឯផ្នូររបស់ឡាសារ?
៨ ឡាសារបានស្លាប់អស់រយៈបួនថ្ងៃហើយ ពេលដែលព្រះយេស៊ូបានយាងមកឯផ្នូររបស់គាត់ ហើយបានបញ្ជាឲ្យយកថ្មចេញពីរូង។ ក្រោយពីអធិស្ឋាននៅសាធារណៈ ដើម្បីឲ្យពួកអ្នកមើលដឹងថា ទ្រង់បានពឹងលើអំណាចរបស់ព្រះ នោះព្រះយេស៊ូបានបន្លឺវាចាថា៖ «ឡាសារអើយ! ចូរចេញមក»។ ហើយគាត់ក៏ចេញមកមែន! ទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរស្រាយគាត់ឲ្យដើរទៅចុះ»។ ដោយបានឃើញនូវអព្ភូតហេតុនេះ មនុស្សជាច្រើននាក់ដែលបាននៅទីនោះដើម្បីសម្រាលទុក្ខបងប្អូនស្រីរបស់ឡាសារគឺម៉ារានិងម៉ាថា ក៏មានជំនឿលើព្រះយេស៊ូទៅ។ (យ៉ូហាន ១១:១-៤៥) តើដំណើររឿងនេះមិនធ្វើឲ្យអ្នកពេញដោយសេចក្ដីសង្ឃឹមថា ពួកស្ងួនភ្ងារបស់អ្នកនឹងអាចត្រូវប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកថ្មីរបស់ព្រះនោះទេឬ?
៩. ហេតុអ្វីក៏យើងអាចប្រាកដក្នុងចិត្តថា ព្រះយេស៊ូអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញឥឡូវបាន?
៩ នៅពេលដែលយ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យ បានជាប់គុក នោះព្រះយេស៊ូបានបញ្ជូនឲ្យគាត់នូវសារដ៏លើកទឹកចិត្តនេះថា៖ «មនុស្សខ្វាក់បានភ្លឺ . . . មនុស្សស្លាប់បានរស់ឡើងវិញ»។ (ម៉ាថាយ ១១:៤-៦) ដោយព្រោះព្រះយេស៊ូ កាលដែលគង់លើផែនដីបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ នោះយ៉ាងប្រាកដណាស់ ទ្រង់ជាសត្តវិញ្ញាណដ៏ខ្លាំងក្លាដែលព្រះប្រគល់អំណាចឲ្យទ្រង់នោះ ទ្រង់ក៏អាចធ្វើអ៊ីចឹងដែរ។ ព្រះយេស៊ូជា«សេចក្ដីរស់ឡើងវិញ ហើយជាជីវិត» ហើយជាការសម្រាលទុក្ខមែន ដោយដឹងថានៅនាអនាគតនេះ «អស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»!—យ៉ូហាន ៥:២៨, ២៩; ១១:២៥
ដំណើររស់ឡើងវិញឯទៀតពង្រឹងសេចក្ដីសង្ឃឹមរបស់យើង
១០. តើអ្នកនឹងរៀបរាប់យ៉ាងណា លើដំណើររស់ឡើងវិញដំបូងនេះដែលបានរាយការណ៍ដោយសាវ័កម្នាក់?
១០ នៅពេលដែលព្រះយេស៊ូបញ្ជូនពួកសាវ័ករបស់ទ្រង់ទៅ ជាពួកអ្នកផ្សព្វផ្សាយសារព្រះរាជាណាចក្រ នោះទ្រង់បានមានបន្ទូលថា៖ «ចូរប្រោស . . . មនុស្សស្លាប់ឲ្យរស់ឡើងវិញ»។ (ម៉ាថាយ ១០:៥-៨) ប្រាកដហើយ ដើម្បីធ្វើអ៊ីចឹង ពួកគេត្រូវតែពឹងពាក់លើព្រះចេស្ដារបស់ព្រះ។ នៅទីក្រុងយ៉ុបប៉េនៅក្នុងឆ្នាំ៣៦ ស.យ. ស្ត្រីម្នាក់ឈ្មោះឌ័រកាស(តេប៊ីថា) ជាអ្នកកោតខ្លាចព្រះ បានស្លាប់ទៅ។ អំពើល្អរបស់នាងបានរួមបញ្ចូលការដេរកាត់ខោអាវឲ្យពួកស្ត្រីមេម៉ាយដ៏ក្រខ្សត់ ហើយដោយមរណភាពរបស់នាងនោះ ធ្វើឲ្យពួកមេម៉ាយបានយំសោកយ៉ាងខ្លាំង។ ពួកសិស្សរៀបចំពិធីបញ្ចុះសពឲ្យនាង ហើយក៏បានអញ្ជើញសាវ័កពេត្រុសឲ្យមក ប្រហែលជាចង់បានការសម្រាលទុក្ខ។ (កិច្ចការ ៩:៣២-៣៨) គាត់បានឲ្យមនុស្សគ្រប់គ្នាចេញពីបន្ទប់ខាងលើ រួចមកក៏អធិស្ឋានហើយមានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ចូរនាងក្រោកឡើង»។ នាងក៏បើកភ្នែក រួចឡើងអង្គុយ ហើយបានកាន់ដៃរបស់ពេត្រុសហើយគាត់បានឲ្យនាងតោងឡើង។ ដំណើររស់ឡើងវិញដំបូងនេះដែលបានរាយការណ៍ដោយសាវ័កម្នាក់ បានធ្វើឲ្យមានច្រើននាក់ទៅជាពួកអ្នកជឿ។ (កិច្ចការ ៩:៣៩-៤២) នេះក៏ផ្ដល់ឲ្យយើងនូវមូលហេតុទៀត ចំពោះសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។
១១. តើដំណើររស់ឡើងវិញចុងក្រោយដែលមានក្នុងព្រះគម្ពីរជាអ្វី?
១១ ដំណើររស់ឡើងវិញចុងក្រោយដែលកត់ក្នុងព្រះគម្ពីរ បានកើតឡើងនៅទីក្រុងទ្រអាស។ នៅពេលដែលប៉ុលបានឈប់នៅទីនោះ ពេលធ្វើដំណើរជាសាសនទូតលើកទីបីរបស់គាត់ គាត់បានថ្លែងសុន្ទរកថារបស់គាត់យូររហូតដល់អធ្រាត្រ។ ក្មេងជំទង់ម្នាក់ឈ្មោះអ៊ើទីកុសបានដេកលក់ ហើយបានធ្លាក់ពីបង្អួចមួយនៅជាន់ទីបី ប្រហែលជាដោយការអស់កម្លាំង ឬដោយកំដៅចង្កៀង និងស្ថានភាពដ៏កកកុញនៅឯកន្លែងប្រជុំនោះ។ «នោះគេលើកវាឡើងបានស្លាប់ហើយ» មិនមែនគ្រាន់តែឥតដឹងខ្លួននោះទេ។ ប៉ុលបានទ្រោបពីលើអ៊ើទីកុសឱបត្រកង ហើយបានប្រាប់ពួកអ្នកមើលនោះថា៖ «កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ»។ ប៉ុលចង់មានន័យថា ជីវិតរបស់ក្មេងជំទង់នេះបានត្រូវស្ដារឡើងវិញហើយ។ អស់អ្នកដែលមានវត្តមាន«គេបានក្សាន្តចិត្តជាខ្លាំង»។ (កិច្ចការ ២០:៧-១២) សព្វថ្ងៃនេះ ពួករាស្ត្ររបស់ព្រះមានការសម្រាលទុក្ខជាខ្លាំង ដោយដឹងថា អតីតគូកនរបស់គេដែលបំរើព្រះ នឹងពិសោធនូវការសម្រេចនេះស្តីអំពីសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។
ដំណើររស់ឡើងវិញ ជាសេចក្ដីសង្ឃឹមដែលមានជាយូរយារមកហើយ
១២. តើជំនឿស៊ប់អ្វីដែលប៉ុលបានសម្ដែងប្រាប់នៅពីមុខចៅហ្វាយភេលីចជាតិរ៉ូម៉ាំង?
១២ កាលដែលកំពុងតែត្រូវតុលាការវិនិច្ឆ័យទោសឲ្យនៅពីមុខចៅហ្វាយភេលីចជាតិរ៉ូម៉ាំង នោះប៉ុលបានផ្ដល់ភស្តុតាងថា៖ «ខ្ញុំប្របាទ . . . មានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យ នឹងក្នុងគម្ពីរពួកហោរា ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៤, ១៥) តើផ្នែកខ្លះនៃបន្ទូលរបស់ព្រះ ដូចជា«ក្រិត្យវិន័យ» ចង្អុលទៅលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?
១៣. ហេតុអ្វីក៏អាចនិយាយថា ព្រះបានសំដៅទៅឯដំណើររស់ឡើងវិញ ពេលដែលទ្រង់បានប្រទានមកនូវទំនាយដំបូង?
១៣ ព្រះទ្រង់ផ្ទាល់ក៏បានសំដៅទៅដំណើររស់ឡើងវិញ ពេលដែលទ្រង់បានប្រទាននូវទំនាយដំបូងនៅក្នុងសួនអេដែន។ ពេលដែលវិនិច្ឆ័យទោស«ពស់ពីបុរាណ» ដែលជាអារក្សសាតាំង នោះព្រះបានមានបន្ទូលថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (វិវរណៈ ១២:៩; លោកុប្បត្តិ ៣:១៤, ១៥) ការចឹកកែងជើងរបស់ពូជស្ត្រីនោះ មានន័យថាការធ្វើគុតដល់ព្រះយេស៊ូគ្រីស្ទ។ បើពូជនោះនឹងត្រូវកិនក្បាលរបស់ពស់នៅក្រោយមក នោះនឹងត្រូវប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញ។
១៤. តើព្រះយេហូវ៉ា«មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ»យ៉ាងដូចម្ដេច?
១៤ ព្រះយេស៊ូបានប្រកាសថា៖ «រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់[ព្រះយេហូវ៉ា] ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់[នេះ]រស់សំរាប់ទ្រង់»។ (លូកា ២០:២៧, ៣៧, ៣៨; និក្ខមនំ ៣:៦) លោកអ័ប្រាហាំ លោកអ៊ីសាក ហើយលោកយ៉ាកុបបានស្លាប់ទៅហើយ ក៏ប៉ុន្តែគោលបំណងរបស់ព្រះដើម្បីប្រោសឲ្យគេរស់ឡើងវិញ នឹងបានសម្រេចជាប្រាកដដល់ម្ល៉េះ ដែលពួកគេហាក់ដូចជានៅរស់អ៊ីចឹងចំពោះទ្រង់។
១៥. ហេតុអ្វីក៏លោកអ័ប្រាហាំមានមូលហេតុចំពោះជំនឿលើដំណើររស់ឡើងវិញ?
១៥ លោកអ័ប្រាហាំមានមូលហេតុចំពោះសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ ដ្បិតពេលដែលលោកនិងភរិយា សារ៉ា គឺមានអាយុចាស់ណាស់ ហើយស្លាប់ទៅហើយស្តីអំពីសមត្ថភាពខាងការបង្កើតកូន តែដោយអព្ភូតហេតុ ព្រះបានស្ដារឡើងវិញនូវអំណាចខាងការបន្តពូជរបស់គេ។ នេះគឺហាក់ដូចជាដំណើររស់ឡើងវិញមួយអ៊ីចឹង។ (លោកុប្បត្តិ ១៨:៩-១១; ២១:១-៣; ហេព្រើរ ១១:១១, ១២) ពេលដែលកូនប្រុសរបស់គេមានអាយុ២៥ឆ្នាំ នោះព្រះបានមានបន្ទូលប្រាប់លោកអ័ប្រាហាំឲ្យបូជាកូននេះ។ ប៉ុន្តែកាលដែលលោកអ័ប្រាហាំហៀបនឹងសម្លាប់អ៊ីសាក នោះទេវតារបស់ព្រះយេហូវ៉ាបានបញ្ឈប់លោកទៅ។ លោកអ័ប្រាហាំ«បានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ»។—ហេព្រើរ ១១:១៧-១៩; លោកុប្បត្តិ ២២:១-១៨
១៦. ឥឡូវនេះអ័ប្រាហាំដេកលក់ក្នុងសេចក្ដីស្លាប់រង់ចាំអ្វី?
១៦ លោកអ័ប្រាហាំបានមានសង្ឃឹមលើដំណើររស់ឡើងវិញ ក្រោមការគ្រប់គ្រងរបស់ព្រះមេស្ស៊ី ជាពូជដែលបានសន្យាមក។ ពីទស្សនៈរបស់ទ្រង់មុនកើតជាមនុស្ស នោះបុត្រារបស់ព្រះបានកត់សម្គាល់នូវជំនឿរបស់អ័ប្រាហាំ។ ដូច្នេះ ជាព្រះយេស៊ូគ្រីស្ទដ៏ជាបុរសម្នាក់ នោះទ្រង់បានមានបន្ទូលប្រាប់ពួកយូដាថា៖ «លោកអ័ប្រាហាំ ជាឰយុកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ»។ (យ៉ូហាន ៨:៥៦-៥៨; សុភាសិត ៨:៣០, ៣១) ឥឡូវនេះ អ័ប្រាហាំដេកលក់ក្នុងសេចក្ដីស្លាប់ហើយរង់ចាំដំណើររស់ឡើងវិញ នៅលើផែនដីក្រោមព្រះរាជាណាចក្រនៃព្រះមេស្ស៊ីរបស់ព្រះ។—ហេព្រើរ ១១:៨-១០, ១៣
សក្ខីភាពពីក្រិត្យវិន័យនិងទំនុកដំកើង
១៧. តើ«អស់ទាំងសេចក្ដីដែលចែងទុកមកក្នុងក្រិត្យវិន័យ» បានចង្អុលទៅដំណើររស់ឡើងវិញនៃព្រះយេស៊ូគ្រីស្ទយ៉ាងដូចម្ដេច?
១៧ សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញរបស់ប៉ុល បានសមស្របនឹង«អស់ទាំងសេចក្ដីដែលចែងទុកមកក្នុងក្រិត្យវិន័យ»។ ព្រះបានមានបន្ទូលប្រាប់ពួកអ៊ីស្រាអែលថា៖ «ឯងរាល់គ្នា . . . ត្រូវយកកណ្ដាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ [ហើយខែណែសានថ្ងៃទី១៦]ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្ដាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា»។ (លេវីវិន័យ ២៣:៩-១៤) ប្រហែលជាដោយដឹងអំពីក្រិត្យវិន័យនេះ នោះប៉ុលបានសរសេរថា៖ «ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ»។ ជា«ផលដំបូង» នោះព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទី១៦ ខែណែសាន ឆ្នាំ៣៣ ស.យ.។ ក្រោយមក ក្នុងកំឡុងវត្តមានរបស់ទ្រង់ នោះនឹងមានដំណើររស់ឡើងវិញនៃ‹ផលជាបន្ទាប់› គឺពួកអ្នកកាន់តាមដ៏ជាអ្នកចាក់ប្រេងតាំងដោយវិញ្ញាណរបស់ទ្រង់។—កូរិនថូសទី១ ១៥:២០-២៣; កូរិនថូសទី២ ១:២១; យ៉ូហានទី១ ២:២០, ២៧
១៨. តើពេត្រុសបានបង្ហាញថាដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ បានទាយប្រាប់ជាមុននៅទំនុកដំកើងយ៉ាងដូចម្ដេច?
១៨ សៀវភៅទំនុកដំកើងក៏ផ្ដល់ការគាំទ្រនឹងដំណើររស់ឡើងវិញនោះដែរ។ នៅបុណ្យថ្ងៃទី៥០ឆ្នាំ៣៣ ស.យ. នោះសាវ័កពេត្រុសបានដកស្រង់ពីទំនុកដំកើង ១៦:៨-១១ ដោយមានប្រសាសន៍ថា៖ «ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់[ព្រះគ្រីស្ទ]ថា៖ ‹ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្ដាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្ដាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ›»។ ពេត្រុសបាននិយាយទៀតថា៖ «លោក[ដាវីឌ]បានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ»។—កិច្ចការ ២:២៥-៣២
១៩, ២០. តើពេត្រុសបានដកស្រង់ចេញពីទំនុកដំកើង ១១៨:២២នៅពេលណា ហើយតើនេះបានទាក់ទងនឹងការសោយទិវង្គតនិងដំណើររស់ឡើងវិញរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៩ ប៉ុន្មានថ្ងៃក្រោយមក នោះពេត្រុសបានឈរនៅពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ ហើយក៏បានដកស្រង់ពីសៀវភៅទំនុកដំកើងម្ដងទៀត។ ពេលបានត្រូវគេសួរនូវរបៀបដែលគាត់បានប្រោសអ្នកសុំទានដែលខ្វិនឲ្យជា នោះសាវ័កនេះបានមានប្រសាសន៍ថា៖ «នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។—កិច្ចការ ៤:១០-១២
២០ នៅទីនេះ ពេត្រុសបានដកស្រង់ចេញពីទំនុកដំកើង ១១៨:២២ ហើយពន្យល់របៀបដែលទាក់ទងនឹងអ្វីដែលចែងមកអំពីការសោយទិវង្គតរបស់ព្រះយេស៊ូ និងដំណើររស់ឡើងវិញរបស់ទ្រង់។ ដោយបានចាក់រុកពីមេដឹកនាំសាសនា នោះពួកសាសន៍យូដាបានបដិសេធចោលព្រះយេស៊ូ។ (យ៉ូហាន ១៩:១៤-១៨; កិច្ចការ ៣:១៤, ១៥) ‹ពួកអ្នកសាងសង់បដិសេធចោលថ្ម› ដែលបាននាំឲ្យព្រះគ្រីស្ទសោយទិវង្គត ប៉ុន្តែ‹ថ្មនេះដែលបានទៅជាថ្មជ្រុងយ៉ាងឯក› ឲ្យសញ្ញាថាទ្រង់បានត្រូវប្រោសឲ្យបានរុងរឿងខាងវិញ្ញាណនៅស្ថានសួគ៌។ ដូច្នេះជាអ្នកតែងបទទំនុកដំកើងបានទាយប្រាប់មក «នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ»។ (ទំនុកដំកើង ១១៨:២៣) ការធ្វើ«ថ្ម» ជាថ្មជ្រុងយ៉ាងឯក បានទាក់ទងការដំកើងទ្រង់ជាស្តេចដែលបានតែងតាំងឡើង។—អេភេសូរ ១:១៩, ២០
បានទ្រទ្រង់ដោយសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ
២១, ២២. តើសេចក្ដីសង្ឃឹមអ្វីដែលយ៉ូបបានសម្ដែងប្រាប់ ដូចបានកត់ទុកនៅយ៉ូប ១៤:១៣-១៥ ហើយតើនេះអាចសម្រាលទុក្ខពួកអ្នកកាន់ទុក្ខនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេចបាន?
២១ ទោះជាយើងមិនដែលឃើញបុគ្គលណាម្នាក់បានប្រោសឲ្យរស់ពីស្លាប់មកវិញក៏ដោយ ក៏យើងមានដំណើរដ៏ជាក់លាក់ក្នុងបទគម្ពីរ ដែលបានធានារ៉ាប់រងយើងលើដំណើររស់ឡើងវិញ។ ដូច្នេះយើងអាចមានសេចក្ដីសង្ឃឹម ដែលបានសម្ដែងឡើងដោយយ៉ូបដ៏ជាបុរសទៀងត្រង់។ នៅពេលដែលគាត់រងទុក្ខវេទនា នោះលោកបានអង្វរថា៖ «ឱបើទ្រង់[ព្រះយេហូវ៉ា]នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ . . . ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ? . . . នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។ (យ៉ូប ១៤:១៣-១៥) ព្រះទ្រង់នឹង‹មានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់ធ្វើ› ដោយមានចំណង់ប្រោសយ៉ូបឲ្យមានជីវិតរស់ឡើងវិញ។ នេះផ្ដល់ឲ្យយើងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!
២២ ដូចយ៉ូបដែរ នោះសមាជិកម្នាក់ក្នុងក្រុមគ្រួសារដែលកោតខ្លាចព្រះ ប្រហែលជាឈឺយ៉ាងខ្លាំង ហើយប្រហែលជារហូតដល់ចុះចាញ់នឹងសេចក្ដីស្លាប់ដ៏ជាសត្រូវនេះផង។ ពួកអ្នកកាន់ទុក្ខប្រហែលជាយំសោក ដូចជាព្រះយេស៊ូទ្រង់បានព្រះកន្សែងពេលឡាសារស្លាប់ទៅនោះដែរ។ (យ៉ូហាន ១១:៣៥) ក៏ប៉ុន្តែជាការសម្រាលទុក្ខយ៉ាងណាទៅហ្ន៎! ដោយដឹងថា ព្រះទ្រង់នឹងហៅ ហើយពួកអ្នកក្នុងសេចក្ដីនឹកចាំរបស់ទ្រង់ គេនឹងឆ្លើយតប! នេះគឺហាក់ដូចជាពួកគេបានត្រឡប់ពីការធ្វើដំណើរមកវិញ មិនមែនដោយឈឺឬមានរបួសនោះទេ ប៉ុន្តែដោយមានសុខភាពយ៉ាងល្អវិញ។
២៣. តើមនុស្សខ្លះបានសម្ដែងការទុកចិត្ត នឹងសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញយ៉ាងដូចម្ដេច?
២៣ មរណភាពនៃគ្រីស្ទានដ៏ស្មោះត្រង់យ៉ាងចំណាស់ម្នាក់ បានជំរុញពួកអ្នកជឿគ្នីគ្នាឲ្យសរសេរថា៖ «សូមអ្នកទទួលនូវសមានចិត្តយ៉ាងជ្រាលជ្រៅរបស់យើង ដោយម្ដាយរបស់អ្នកបានស្លាប់ទៅនោះ។ នឹងគឺជាពេលវេលាដ៏ខ្លីទេ! រហូតដល់យើងនឹងស្វាគមន៍គាត់មកវិញ ទាំងស្អាតហើយដែលមានពេញដោយកម្លាំងនោះ។ មាតាបិតាដែលមានកូនរបស់គាត់ស្លាប់ទៅ បានមានប្រសាសន៍ថា៖ «យើងទន្ទឹងចាំនូវថ្ងៃដែលជេសិននឹងភ្ញាក់ឡើងវិញ! គាត់នឹងមើលជុំវិញហើយឃើញសួនមនោរម្យ ដែលគាត់ចង់បានជាខ្លាំងនោះ . . . នេះជាការជំរុញទឹកចិត្តចំពោះយើងរាល់គ្នាដែលស្រឡាញ់គាត់ ឲ្យបាននៅទីនោះដែរ»។ ត្រូវហើយ យើងអាចមានអំណរគុណយ៉ាងណាទៅហ្ន៎! ដែលសេចក្ដីសង្ឃឹមលើដំណើររស់ឡើងគឺពិតប្រាកដនោះ។
តើចម្លើយរបស់អ្នកជាអ្វី?
• តើជំនឿលើសំវិធានការរបស់ព្រះចំពោះការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ អាចមានប្រយោជន៍សំរាប់យើងយ៉ាងដូចម្ដេច?
• តើព្រឹត្ដិការណ៍ដែលកត់ទុកក្នុងបទគម្ពីរផ្ដល់ឲ្យយើងនូវមូលហេតុ ចំពោះសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញយ៉ាងណា?
• ហេតុអ្វីក៏អាចនិយាយថា ដំណើររស់ឡើងវិញជាសេចក្ដីសង្ឃឹមដែលមានជាយូរយារមកហើយ?
• តើសេចក្ដីសង្ឃឹមទ្រទ្រង់អ្វី ដែលយើងអាចមានស្តីអំពីមនុស្សស្លាប់ទេ?
[រូបភាពនៅទំព័រ២៣]
ដោយមានអំណាចពីព្រះយេហូវ៉ា នោះអេលីយ៉ាបានប្រោសឲ្យកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់រស់ឡើងវិញ
[រូបភាពនៅទំព័រ២៤]
នៅពេលដែលព្រះយេស៊ូប្រោសឲ្យកូនស្រីរបស់យ៉ៃរ៉ុសរស់ឡើងវិញ នោះឪពុកម្ដាយរបស់នាងបានសប្បាយចិត្តយ៉ាងក្រៃលែង
[រូបភាពនៅទំព័រ២៦]
នៅបុណ្យថ្ងៃទី៥០ឆ្នាំ៣៣ ស.យ. នោះសាវ័កពេត្រុសបានផ្ដល់ភស្តុតាងយ៉ាងអង់អាចថា ព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ