ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែមករា
it-1-E ទំ. ៥២៧-៥២៨
អ្វីៗដែលព្រះបានបង្កើត
ពេលព្រះមានប្រសាសន៍នៅថ្ងៃទី១ថា៖ «ចូរឲ្យមានពន្លឺឡើង» នោះពន្លឺដែលសាយភាយបានជ្រៀតចូលតាមស្រទាប់ពពកក្រាស់ ទោះជាមិនទាន់អាចឃើញប្រភពនៃពន្លឺនោះពីផ្ទៃផែនដីក៏ដោយ។ តាមមើលទៅនេះបានកើតឡើងបន្ដិចម្ដងៗ។ ព្រះបានញែកពន្លឺចេញពីងងឹត ហើយហៅពន្លឺថាជាថ្ងៃ និងងងឹតថាជាយប់។ នេះបង្ហាញថាផែនដីវិលលើអ័ក្សទ្រេត ហើយធ្វើដំណើរជុំវិញព្រះអាទិត្យ ដែលនេះបណ្ដាលឲ្យគ្រប់ទីកន្លែងមានថ្ងៃនិងយប់។—លោ. ១:៣, ៤
ទី២ ព្រះបានធ្វើឲ្យមានប្រឡោះនៅកណ្ដាលទឹកដោយ«ញែកទឹកចេញពីគ្នា»។ មានទឹកខ្លះសល់នៅផ្ទៃផែនដី តែទឹកភាគច្រើនបានត្រូវលើកឡើងទៅស្រទាប់ពពក ហើយរវាងផែនដីនិងពពកនោះគឺជាប្រឡោះ។ ព្រះបានហៅប្រឡោះនោះថាជាមេឃ។—លោ. ១:៦-៨
ថ្ងៃទី៣ ដោយឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះ ទឹកនៅផែនដីបានត្រូវប្រមូលទៅកន្លែងតែមួយ ហើយមានទីគោកដុះឡើង ព្រះបានហៅទីគោកនោះថាជាដី។ នៅថ្ងៃនេះដែរ ព្រះបានបង្កើតអាតូមនៃរូបធាតុផ្សេងៗ ដូចជាស្មៅ បន្លែ និងដើមឈើដែលមានផ្លែ អ្វីទាំងនេះអាចដុះលូតលាស់តាម«ពូជ»។ នេះមិនបានកើតឡើងដោយចៃដន្យឬការវិវត្តន៍ឡើយ។—លោ. ១:៩-១៣
it-1-E ទំ. ៥២៨ វ. ៥-៨
អ្វីៗដែលព្រះបានបង្កើត
គួរឲ្យចាប់អារម្មណ៍នៅលោកុប្បត្តិ ១:១៦ មិនបានប្រើពាក្យភាសាហេប្រឺថាបារ៉ាដែលមានន័យថា«បង្កើត»នោះទេ។ ផ្ទុយទៅវិញ ខនោះបានប្រើកិរិយាសព្ទភាសាហេប្រឺថាអាសា ដែលមានន័យថាធ្វើ«ឲ្យមាន»។ នៅលោកុប្បត្តិ ១:១រៀបរាប់អំពី«ផ្ទៃមេឃ»ដែលរួមបញ្ចូលព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ នោះបញ្ជាក់ថាអ្វីទាំងនោះបានត្រូវបង្កើតយូរមុនថ្ងៃទី៤។ នៅថ្ងៃទី៤ ព្រះបានចាប់ផ្ដើមធ្វើឲ្យអ្វីទាំងនោះមានឥទ្ធិពលលើផែនដីនិងមេឃ។ ខនោះចែងថា៖ «បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ» នេះបញ្ជាក់ថាចាប់ផ្ដើមឃើញព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយពីផែនដី។ ម្យ៉ាងទៀត តួពន្លឺក៏«សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ និងឆ្នាំ» ដែលក្រោយមកបានជួយមនុស្សតាមវិធីជាច្រើន។—លោ. ១:១៤
ថ្ងៃទី៥ ព្រះបានចាប់ផ្ដើមបង្កើតសត្វនានានៅផែនដី។ ព្រះមិនបានបង្កើតសត្វតែមួយដើម្បីឲ្យវាវិវត្តន៍ទៅសត្វប្រភេទផ្សេងៗទេ តែលោកបានបង្កើតសត្វជាបរិបូរ។ គម្ពីរចែងថា៖ ‹ទ្រង់ក៏បង្កើតសត្វសំបើមៗ និងជីវិតទាំងឡាយដែលកំរើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ›។ ព្រះពេញចិត្តនឹងអ្វីដែលលោកបានបង្កើត ផ្ដល់ពរឲ្យសត្វទាំងនោះ ហើយប្រាប់ពួកវាឲ្យ«ចំរើនជាច្រើនឡើង»។ សត្វទាំងនេះអាចធ្វើដូច្នេះ ដោយសារព្រះបានបង្កើតឲ្យពួកវាអាចបង្កើតកូន«តាមពូជ»។—លោ. ១:២០-២៣
ថ្ងៃទី៦ «ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវានៅដីគោកតាមពូជដែរ» រួចព្រះឃើញថាល្អ ដូចជាអ្វីៗទាំងអស់ដែលលោកបានបង្កើតនៅថ្ងៃមុនៗដែរ។—លោ. ១:២៤, ២៥
នៅចុងថ្ងៃទី៦ ព្រះបានបង្កើតសត្តនិករថ្មីមួយ ដែលប្រសើរជាងសត្វទាំងឡាយ តែទាបជាងបណ្ដាទេវតា ពោលគឺមនុស្ស ដែលលោកបានបង្កើតឲ្យដូចរូបលោកនិងមានភាពដូចលោក។ នៅលោកុប្បត្តិ ១:២៧ ចែងយ៉ាងខ្លីអំពីមនុស្សជាតិថាព្រះបាន«បង្កើតគេឡើងជាប្រុសជាស្រី» តែកំណត់ហេតុស្រដៀងគ្នានៅលោកុប្បត្តិ ២:៧-៩ បង្ហាញថាព្រះយេហូវ៉ាបានយកធូលីដីមកសូនធ្វើជាមនុស្ស ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ រួចបុរសមានជីវិត ហើយព្រះក៏បានផ្ដល់ឲ្យគាត់មានទីលំនៅដែលជាសួនឧទ្យាននិងអាហារដែរ។ ក្នុងករណីនេះ ព្រះយេហូវ៉ាបានប្រើធាតុផ្សេងៗនៃផែនដីដែលលោកបានបង្កើតនៅថ្ងៃមុនៗ រួចបង្កើតបុរស ហើយក្រោយមកលោកបានបង្កើតស្ត្រីដោយប្រើឆ្អឹងជំនីមួយរបស់អាដាម។ (លោ. ២:១៨-២៥) ដោយសារព្រះបានបង្កើតស្ត្រី នោះបុរសមានអ្វីសព្វគ្រប់។—លោ. ៥:១, ២
w១៥-E ១/៦ ទំ. ៥
របៀបដែលវិទ្យាសាស្ត្រមានឥទ្ធិពលលើជីវិតអ្នក
អាយុនៃផែនដីនិងសកលលោក
ពួកអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាផែនដីប្រហែលមានអាយុ៤ពាន់លានឆ្នាំ ហើយសកលលោកគឺ១៣ទៅ១៤ពាន់លានឆ្នាំ។ គម្ពីរមិនបានកំណត់ថ្ងៃខែនៃការបង្កើតសកលលោកទេ ហើយក៏គ្មានកំណត់ហេតុណាក្នុងគម្ពីរដែលបញ្ជាក់ថាផែនដីមានអាយុតែពីរបីពាន់ឆ្នាំប៉ុណ្ណោះទេ។ ខដំបូងក្នុងគម្ពីរថា«កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ (លោកុប្បត្តិ ១:១) ប្រយោគទូទៅនេះអនុញ្ញាតឲ្យពួកវិទ្យាសាស្ត្របញ្ជាក់អាយុនៃផែនដីនិងសកលលោក ស្របតាមទីសម្អាងដ៏ត្រឹមត្រូវខាងវិទ្យាសាស្ត្រ។
it-2-E ទំ. ៥២
លោកយេស៊ូគ្រិស្ត
មិនមែនជាអ្នកជួយបង្កើតទេ។ បុត្ររបស់ព្រះបានរួមចំណែកក្នុងការបង្កើត តែនេះមិនមានន័យថាលោកជាអ្នកជួយបង្កើតអ្វីៗទាំងអស់ជាមួយបិតាលោកទេ។ ឫទ្ធានុភាពដើម្បីបង្កើតគឺមកពីព្រះតាមរយៈសកម្មពលបរិសុទ្ធរបស់លោក។ (លោ. ១:២; ទំនុក. ៣៣:៦) ដោយសារព្រះយេហូវ៉ាជាប្រភពនៃជីវិតទាំងឡាយ នោះជីវិតសត្វនិងមនុស្សទាំងឡាយ រួមទាំងជីវិតបណ្ដាទេវតាទាំងឡាយគឺមកពីព្រះ។ (ទំនុក. ៣៦:៩) ដូច្នេះជាជាងជាអ្នកជួយបង្កើត បុត្រគឺជាភ្នាក់ងារឬឧបករណ៍មួយដែលព្រះយេហូវ៉ាជាអ្នកបង្កើតបានប្រើដើម្បីបង្កើតអ្វីៗទាំងអស់។ លោកយេស៊ូផ្ទាល់បានបញ្ជាក់ថាព្រះជាអ្នកបង្កើតអ្វីៗទាំងអស់ ដូចបទគម្ពីរទាំងអស់ក៏បញ្ជាក់ដែរ។—ម៉ាថ. ១៩:៤-៦
ថ្ងៃទី១៣-១៩ ខែមករា
w០០-E ១៥/១១ ទំ. ២៥-២៦
យើងអាចរៀនពីគូស្វាមីភរិយាដំបូង
តើអេវ៉ាមិនអាចគេចពីអំពើខុសឆ្គងរបស់គាត់ឬ? មិនមែនទេ! សូមស្រមៃថាអ្នកស្ថិតក្នុងស្ថានភាពរបស់នាង។ ការអះអាងរបស់សត្វពស់គឺផ្ទុយពីអ្វីដែលព្រះនិងអាដាមបានរៀបរាប់។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើបុគ្គលដែលអ្នកមិនស្គាល់ ចោទថាមនុស្សដែលអ្នកស្រឡាញ់និងទុកចិត្តគឺមិនទៀងត្រង់? អេវ៉ាគួរមានប្រតិកម្មខុសពីនេះ គឺគួរស្អប់ខ្ពើមនិងខឹង ថែមទាំងមិនព្រមស្ដាប់សត្វពស់ដែរ។ ម្យ៉ាងទៀត ពស់នោះគ្មានសិទ្ធិសង្ស័យទៅលើសេចក្ដីសុចរិតរបស់ព្រះ និងពាក្យរបស់ប្ដីនាងឡើយ។ បើនាងអេវ៉ាគិតអំពីគោលការណ៍នៃប្រមុខភាព នាងគួរសុំយោបល់មុនធ្វើការសម្រេចចិត្ត។ យើងក៏ត្រូវធ្វើដូចគ្នាដែរបើយើងទទួលព័ត៌មានដែលផ្ទុយពីការណែនាំរបស់ព្រះ។ ប៉ុន្តែ អេវ៉ាទុកចិត្តទៅលើពាក្យរបស់មេល្បួង ដោយចង់សម្រេចដោយខ្លួនឯងចំពោះអ្វីដែលត្រូវនិងអ្វីដែលខុស។ កាលដែលនាងគិតអំពីរឿងនេះកាន់តែច្រើន នេះកាន់តែទាក់ទាញចិត្តនាង។ ជាជាងឈប់គិតឬនិយាយជាមួយមេគ្រួសាររបស់នាង នាងបានធ្វើខុសយ៉ាងធ្ងន់ធ្ងរដោយគិតពិចារណាអំពីសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនេះ!—កូរិនថូសទី១ ១១:៣; យ៉ាកុប ១:១៤, ១៥
អាដាមស្ដាប់តាមប្រពន្ធគាត់
មិនយូរមិនឆាប់ អេវ៉ាបាននាំឲ្យអាដាមធ្វើខុសជាមួយនាង។ តើយើងអាចពន្យល់យ៉ាងដូចម្ដេចអំពីមូលហេតុដែលអាដាមសុខចិត្តធ្វើតាមនាងដោយគ្មានការប្រកែកសោះ? (លោកុប្បត្តិ ៣:៦, ១៧) អាដាមមានជម្រើសពីរ។ តើគាត់នឹងស្ដាប់បង្គាប់អ្នកដែលបង្កើតគាត់ ដែលបានផ្ដល់អ្វីៗទាំងអស់ឲ្យគាត់ រួមទាំងផ្ដល់ប្រពន្ធឲ្យគាត់ឬទេ? តើអាដាមនឹងសុំការណែនាំពីព្រះអំពីអ្វីដែលគាត់គួរធ្វើឬទេ? ឬក៏តើគាត់នឹងធ្វើតាមប្រពន្ធវិញ? អាដាមដឹងច្បាស់អំពីអ្វីដែលនាងគិតថានាងនឹងបានដោយសារបរិភោគផ្លែឈើដែលព្រះហាមមិនឲ្យបរិភោគនោះ គឺជាការចាញ់បោក។ សាវ័កប៉ូលបានត្រូវណែនាំឲ្យសរសេរថា៖ «អាដាមមិនបានត្រូវបោកបញ្ឆោតទេ តែស្ត្រីបានចាញ់បោកទាំងស្រុង រួចបានប្រព្រឹត្តបទរំលង»។ (ធីម៉ូថេទី១ ២:១៤) ដូច្នេះ អាដាមមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយចេតនា។ តាមមើលទៅ ការភ័យខ្លាចបែកពីប្រពន្ធគាត់ គឺខ្លាំងជាងជំនឿដែលគាត់មានទៅលើសមត្ថភាពរបស់ព្រះដើម្បីដោះស្រាយបញ្ហានោះ។
w១២-E ១/៩ ទំ. ៤ វ. ២
តើព្រះពិតជាយកចិត្តទុកដាក់ចំពោះស្ត្រីឬទេ?
តើព្រះបានដាក់បណ្ដាសាលើស្ត្រីឬទេ?
អត់ទេ។ ព្រះបានដាក់«បណ្ដាសា»លើ«ពស់ដំបូងបង្អស់ ជាអ្នកដែលត្រូវហៅថាមេកំណាច»។ (ការបើកបង្ហាញ ១២:៩; លោកុប្បត្តិ ៣:១៤) ពេលព្រះបានមានប្រសាសន៍ថាអាដាមនឹង«ត្រួតត្រា»លើប្រពន្ធគាត់ លោកមិនបញ្ជាក់ថាលោកពេញចិត្តឲ្យបុរសសង្កត់សង្កិនស្ត្រីទេ។ (លោកុប្បត្តិ ៣:១៦) លោកគ្រាន់តែទាយទុកអំពីផលវិបាកដែលគូស្វាមីភរិយាដំបូងនឹងមានដោយសារអំពើខុសឆ្គង។
it-2-E ទំ. ១៨៦
ការឈឺចាប់នៃការសម្រាលកូន
ក្រោយអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ព្រះបានប្រាប់ស្ត្រីដំបូងនោះអំពីលទ្ធផលនៃការសម្រាលកូន។ បើនាងស្ដាប់បង្គាប់ នាងនឹងបន្តទទួលពរពីព្រះ ហើយនាងនឹងមិនមានអ្វីក្រៅពីអំណរពេលនាងសម្រាលកូនទេ ព្រោះ«អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្ដីទុក្ខព្រួយផងទេ»។ (សុភ. ១០:២២) ប៉ុន្តែ ភាពមិនល្អឥតខ្ចោះនឹងនាំឲ្យមានការឈឺចាប់។ ដូច្នេះ ព្រះបានមានប្រសាសន៍ថា (ព្រោះភាគច្រើន អ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង គេចោទថាលោកបានបណ្ដាលដោយផ្ទាល់) ៖ «អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់»។—លោ. ៣:១៦
it-2-E ទំ. ១៩២ វ. ៥
ឡាមេក
ពាក្យកំណាព្យដែលឡាមេកបានតែងសម្រាប់ប្រពន្ធទាំងពីររបស់គាត់ (លោ. ៤:២៣, ២៤) បង្ហាញអំពីចិត្តគំនិតដ៏ឃោរឃៅនៅសម័យនោះ។ ឡាមេកនិយាយជាពាក្យកំណាព្យថា៖ «ម្នាលអ័ដានឹងស៊ីឡាអើយ ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យអញចុះ ដ្បិតអញបានសំឡាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំឡោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ។ បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ»។ តាមមើលទៅ ឡាមេកចង់និយាយការពារខ្លួន ដោយលើកបញ្ជាក់ថាការប្រព្រឹត្តរបស់គាត់គឺមិនមែនជាការធ្វើឃាតដោយចេតនាដូចកាអ៊ីននោះទេ។ ឡាមេកអះអាងថា ពេលគាត់ខំការពារខ្លួន គាត់បានសម្លាប់បុរសម្នាក់ដែលវាយគាត់ឲ្យជាំ។ ដូច្នេះ ពាក្យកំណាព្យរបស់គាត់គឺជាការសុំឲ្យរួចផុតពីការសងសឹក ដែលបុគ្គលម្នាក់ប្រហែលជាមានដោយសារគាត់បានសម្លាប់អ្នកដែលវាយប្រហារគាត់។
it-1-E ទំ. ៣៣៨ វ. ២
ការប្រមាថព្រះ
អេបិលប្រាកដជាបានទាក់ទងជាមួយព្រះដោយប្រើនាមរបស់លោកតាមរបៀបត្រឹមត្រូវ ហើយច្រើនឆ្នាំក្រោយមកនៅសម័យអេណុសក្នុងអំឡុងគ្រាមុនមានទឹកជំនន់ មនុស្សបានចាប់ផ្ដើម«អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា» តែតាមមើលទៅពួកគេមិនធ្វើតាមរបៀបត្រឹមត្រូវទេ។ (លោ. ៤:២៦; ហេ. ១១:៤) អ្នកប្រាជ្ញខ្លះថា ពួកគេបានហៅនាមរបស់ព្រះក្នុងបំណងបង្ខូចនាម ហៅមនុស្សឬរូបព្រះតាមនាមនោះ។ បើនេះជាការពិត ការប្រព្រឹត្តបែបនោះគឺជាការប្រមាថព្រះ។
ថ្ងៃទី២៧ ខែមករា–ថ្ងៃទី២ ខែកុម្ភៈ
it-1-E ទំ. ២៣៩
បាប៊ីឡូនដ៏ខ្លាំងក្លា
លក្ខណៈនៃបាប៊ីឡូនពីសម័យបុរាណ។ ទីចាប់ផ្ដើមនៃទីក្រុងបាប៊ីឡូននៅវាលនៃស្រុកស៊ីណើរ កើតឡើងដំណាលគ្នានឹងការប៉ុនប៉ងសាងសង់ប៉មនៃក្រុងបាបិល។ (លោ. ១១:២-៩) គោលបំណងនៃការសាងសង់ទីក្រុងនិងប៉ម គឺមិនមែនលើកតម្កើងនាមរបស់ព្រះទេ តែដើម្បីឲ្យអ្នកសាងសង់«បានកេរ្ដិ៍ឈ្មោះ»។ គេបានរកឃើញប្រាសាទបែកបាក់នៃប៉មដែលមានច្រើនជាន់នៅក្រុងបាប៊ីឡូន ហើយគេក៏បានរកឃើញនៅតំបន់មេសូប៉ូតាមៀដែរ តាមមើលទៅ នេះបញ្ជាក់ថាប៉មទាំងនោះពាក់ព័ន្ធនឹងសាសនា មិនថាប៉មនោះមានទម្រង់បែបណាក៏ដោយ។ ការដែលព្រះយេហូវ៉ាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីឲ្យបណ្ដាជនលះចោលការសាងសង់ប៉មនោះ នេះបញ្ជាក់យ៉ាងច្បាស់ថាព្រះបានផ្ដន្ទាទោសប៉មនោះគឺដោយសារមកពីសាសនាមិនពិត។ បាបិលដែលជាឈ្មោះនៃភាសាហេប្រឺរបស់ក្រុងនោះមានន័យថា«ការបំភាន់» ហើយពាក្យជាភាសាសាស៊ូមេរីនិងជាភាសាអាកាឌសម្រាប់ក្រុងនោះ ទាំងពីរមានន័យថា«ខ្លោងទ្វាររបស់ព្រះ»។ ហេតុនេះ អ្នកដែលបន្តរស់នៅទីក្រុងនោះបានប្ដូរឈ្មោះក្រុងដើម្បីកុំឲ្យគេគិតអំពីការថ្កោលទោសពីព្រះ តែឈ្មោះថ្មីនោះក៏នៅតែនាំឲ្យអ្នកឯទៀតសម្គាល់សាសនារបស់ក្រុងនោះដែរ។
it-2-E ទំ. ២០២ វ. ២
ភាសា
កំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិរៀបរាប់អំពីការបង្រួបបង្រួមក្រុមគ្រួសារនៃមនុស្សជាតិក្នុងគម្រោងសាងសង់មួយដែលប្រឆាំងនឹងបំណងប្រាថ្នារបស់ព្រះ ដូចដែលលោកបានប្រាប់ទៅដល់ណូអេនិងកូនប្រុសៗរបស់គាត់។ (លោ. ៩:១) ជាជាង«បាននៅពេញពាសលើផែនដី» ពួកគេតាំងចិត្តប្រមូលមនុស្សឲ្យនៅកន្លែងតែមួយ ដោយបង្កើតទីលំនៅនាកន្លែងមួយដែលហៅថាវាលនៃស្រុកស៊ីណើរនៅតំបន់មេសូប៉ូតាមៀ។ តាមមើលទៅ កន្លែងនេះបានក្លាយទៅជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំ ដោយមានប៉មសាសនាមួយ។—លោ. ១១:២-៤
it-2-E ទំ. ២០២ វ. ៣
ភាសា
ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានបំភាន់ភាសារបស់ពួកគេ នេះនាំឲ្យពួកគេបែកបាក់គ្នា។ ដោយមិនចេះនិយាយភាសាដូចគ្នា ពួកគេមិនអាចសហការគ្នា ហើយនាំឲ្យពួកគេខ្ចាត់ខ្ចាយទៅគ្រប់កន្លែងនៅផែនដី។ ការបំភាន់ភាសាក៏នឹងរារាំងការរីកចម្រើនណាដែលនឹងមាននៅថ្ងៃអនាគតដែលប្រឆាំងនឹងការណែនាំរបស់ព្រះ។ នេះគឺដោយសារការបំភាន់ភាសាដាក់កម្រិតទៅលើសមត្ថភាពរបស់មនុស្សជាតិក្នុងការប្រមូលបញ្ញានិងកម្លាំងដើម្បីមានគម្រោងបែបនេះ ហើយក៏នឹងធ្វើឲ្យពួកគេពិបាកប្រមូលចំណេះពីមនុស្សដែលនិយាយភាសាផ្សេងៗដែរ ដែលជាចំណេះដែលពួកគេបានពិសោធនិងស្រាវជ្រាវ មិនមែនជាចំណេះពីព្រះនោះទេ។ (សូមពិនិត្យបន្ថែម សាស្ដ. ៧:២៩; ចោ. ៣២:៥) ដូច្នេះ ការបំភាន់ភាសានាំឲ្យសង្គមមនុស្សបែកបាក់គ្នា តែតាមពិតនាំឲ្យមនុស្សទទួលប្រយោជន៍ដោយពន្យឺតការសម្រេចគោលដៅដែលគ្រោះថ្នាក់និងដែលនាំឲ្យឈឺចាប់។ (លោ. ១១:៥-៩; អេ. ៨:៩, ១០) បើគិតអំពីសម័យយើង យើងឃើញអំពីលទ្ធផលនៃការប្រមូលចំណេះវិជ្ជា និងការប្រើប្រាស់ចំណេះនោះដោយមិនត្រឹមត្រូវ ហើយនេះជួយឲ្យយើងទទួលស្គាល់ថាព្រះដឹងអំពីអ្វីដែលនឹងកើតឡើងបើលោកអនុញ្ញាតឲ្យមនុស្សបន្តសាងសង់ក្រុងបាបិល។
it-2-E ទំ. ៤៧២
ប្រជាជាតិ
ដោយមានភាសាខុសគ្នា នោះក្រុមភាសានីមួយៗបានបង្កើតវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ លក្ខណៈ និងសាសនា ហើយក៏មានការប្រព្រឹត្តខុសពីគ្នាដែរ។ (លេវី. ១៨:៣) ដោយនៅដាច់ឆ្ងាយពីព្រះ មនុស្សនានាបានធ្វើរូបព្រះជាច្រើនដើម្បីតំណាងព្រះរបស់ពួកគេ។—ចោ. ១២:៣០; ២ព. ១៧:២៩, ៣៣
it-1-E ទំ. ១០២៣ វ. ៤
ហាំ
កាណានផ្ទាល់ប្រហែលជាអ្នកដែលឃើញណូអេអាក្រាត ហើយហាំដែលជាឪពុកកាណាន មិនបានប្រដៅគាត់។ ឬក៏ណូអេដោយទាយទំនាយពីព្រះ បានឃើញលក្ខណៈអាក្រក់របស់ហាំ ដែលកូនចៅរបស់កាណាននឹងទទួលជាមរតក ព្រោះកាណានប្រហែលជាមានលក្ខណៈអាក្រក់នោះរួចទៅហើយ។ បណ្ដាសាបានសម្រេចមួយកម្រិតពេលសាសន៍កាណានស្ថិតក្រោមអំណាចជនជាតិអ៊ីស្រាអែល។ ពួកអ្នកដែលមិនបានត្រូវបំផ្លាញ (ជាឧទាហរណ៍ពួកគីបៀន [យ៉ូស. ជំពូក៩]) បានទុកជាខ្ញុំបម្រើរបស់អ៊ីស្រាអែល។ រាប់រយឆ្នាំក្រោយមក បណ្ដាសានេះបានត្រូវសម្រេចថែមទៀតពេលពូជពង្សរបស់កាណានដែលជាកូនរបស់ហាំ បានស្ថិតក្រោមការសង្កត់សង្កិនរបស់មហាអំណាចមេឌីពើស៊ី ក្រិច និងរ៉ូម ដែលទាំងអស់គឺជាពូជពង្សរបស់យ៉ាផែត។
it-2-E ទំ. ៥០៣
នីមរ៉ុឌ
ទីចាប់ផ្ដើមនៃរាជាណាចក្ររបស់នីមរ៉ុឌរួមបញ្ចូលទីក្រុងបាបិល អេរេក អាកាឌ និងកាលនេ ហើយទីក្រុងទាំងអស់ស្ថិតនៅស្រុកស៊ីណើរ។ (លោ. ១០:១០) ការបង្គាប់ឲ្យសាងសង់ទីក្រុងបាបិលនិងប៉មទំនងជាមកពីគាត់។ ការសន្និដ្ឋាននេះគឺស្របតាមប្រពៃណីជនជាតិយូដា។ អ្នកប្រវត្ដិវិទូម្នាក់ឈ្មោះយ៉ូសេហ្វឺសបានសរសេរថា៖ «[នីមរ៉ុឌ] បន្ដិចម្ដងៗបានកែប្រែស្ថានភាពនៅសម័យនោះទៅជាការមានអំណាចផ្ដាច់ការ ដោយលើកថាវិធីតែមួយគត់ដើម្បីឲ្យមនុស្សលែងកោតខ្លាចព្រះ គឺឲ្យពួកគេពឹងទៅលើអំណាចរបស់គាត់រហូត។ គាត់ថាគាត់នឹងសងសឹកព្រះបើលោកចង់ពន្លិចផែនដីម្ដងទៀត ហើយថាគាត់នឹងសង់ប៉មខ្ពង់ខ្ពស់មួយដែលគ្មានទឹកណាអាចពន្លិចបាន ហើយនឹងសងសឹកការបំផ្លាញចោលជីដូនជីតារបស់ពួកគេ។ បណ្ដាជនចង់ធ្វើតាមនីមរ៉ុឌដោយចាត់ទុកថាការចុះចូលនឹងព្រះគឺដូចជាខ្ញុំកញ្ជះ ដូច្នេះពួកគេចាប់ផ្ដើមសាងសង់ប៉ម . . . ហើយប៉មបានឡើងខ្ពស់យ៉ាងលឿនជាងការនឹកស្មាន»។—ប្រវត្ដិសាស្ត្របុរាណរបស់ជនជាតិយូដា ភាគទី១ ទំ. ១១៤, ១១៥