មុខនាទីដ៏ថ្លៃថ្នូរនៃពួកស្ត្រីក្នុងចំណោមពួកអ្នកបំរើព្រះនៅជំនាន់ដើម
«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា៖ ‹គឺមិនជាការល្អទេដែលបុរសនេះបន្តរស់នៅតែម្នាក់ឯង។ អញនឹងបង្កើតអ្នកជំនួយម្នាក់សំរាប់វា ដើម្បីជាគូបង្គ្រប់ចំពោះវា›»។—លោកុប្បត្តិ ២:១៨, ព.ថ.
១. តើវចនានុក្រមព្រះគម្ពីរមួយបានរៀបរាប់យ៉ាងណាខ្លះ អំពីជីវភាពរបស់ពួកស្ត្រីនៅសម័យបុរាណ?
«នៅក្នុងប្រទេសទាំងឡាយដែលមានព្រំប្រទល់ជាប់នឹងសមុទ្រម៉េឌីតែរ៉ាណេ ឬក្នុងមជ្ឈិមបូព៌ាប្រទេសនានាពីបុរាណ គ្មានកន្លែងណាមួយដែលពួកស្ត្រីបានមានសេរីភាពដូចពួកស្ត្រីនៅក្នុងសង្គមទំនើបនៃបស្ចិមប្រទេសឡើយ។ លំនាំទូទៅគឺថា មនុស្សស្រីនៅក្រោមបង្គាប់មនុស្សប្រុស ដូចជាពួកបាវនៅក្រោមបង្គាប់ពួកចៅហ្វាយ ពួកក្មេងៗនៅក្រោមបង្គាប់មនុស្សចាស់ . . . កូនប្រុសៗត្រូវបានគេចាត់ទុកជាមានតម្លៃជាងកូនស្រីៗ ហើយជួនកាល កូនង៉ែតស្រីត្រូវបានគេទុកចោលឲ្យស្លាប់ដោយមិនចិញ្ចឹមផង»។ នេះហើយជារបៀបដែលវចនានុក្រមគម្ពីររៀបរាប់ប្រាប់អំពីជីវភាពរបស់ពួកស្ត្រីនៅសម័យបុរាណ។
២, ៣. (ក) យោងទៅតាមរបាយការណ៍មួយ តើមានស្ថានភាពយ៉ាងណាចំពោះពួកស្ត្រីជាច្រើននៅសព្វថ្ងៃនេះ? (ខ) តើមានសំនួរណាខ្លះដែលបានចោទឡើង?
២ នៅទីកន្លែងជាច្រើនក្នុងពិភពលោកសព្វថ្ងៃនេះ ស្ថានភាពបែបនេះក៏មិនប្រសើរណាស់ណាទេ។ នៅឆ្នាំ១៩៩៤ របាយការណ៍ប្រចាំឆ្នាំអំពីសិទ្ធិមនុស្សនៃរដ្ឋាភិបាលសហរដ្ឋបានយកចិត្តទុកដាក់ជាលើកដំបូង ចំពោះការប្រព្រឹត្តទៅលើពួកស្ត្រី។ ចំណងជើងដែលស្តីអំពីរបាយការណ៍នេះក្នុងសារពត៌មានញូវយ៉កថែម្សបានថ្លែងថា៖ «ពត៌មានស្រង់ពី១៩៣ប្រទេសបង្ហាញឲ្យឃើញថា ការប្រកាន់ភេទជាហេតុការណ៍ដែលមានជារៀងរាល់ថ្ងៃ»។
៣ ដោយសារតែមានស្ត្រីជាច្រើនដែលមានវប្បធម៌ខុសៗគ្នា បានចូលរួបរួមជាមួយក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅជុំវិញពិភពលោក សំនួរខ្លះៗត្រូវបានចោទឡើង៖ តើការប្រព្រឹត្តដែលទើបតែបានរៀបរាប់មកនេះ ជាអ្វីដែលព្រះគ្រោងទុកសំរាប់ពួកស្ត្រីឬ? នៅក្នុងចំណោមពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ានៅសម័យព្រះគម្ពីរ តើគេបានប្រព្រឹត្តយ៉ាងណាចំពោះពួកស្ត្រី? ហើយតើគួរតែប្រព្រឹត្តយ៉ាងណាចំពោះពួកស្ត្រីនៅសព្វថ្ងៃនេះ?
«អ្នកជំនួយ»និង«គូបង្គ្រប់»
៤. តើព្រះយេហូវ៉ាបានសង្កេតឃើញអ្វី ក្រោយពីបុរសទីមួយបានរស់នៅក្នុងសួនអេដែនតែម្នាក់ឯងអស់មួយរយៈហើយនោះ ហើយរួចមកតើព្រះបានធ្វើអ្វី?
៤ ក្រោយពីអ័ដាមបានរស់នៅក្នុងសួនអេដែនតែម្នាក់ឯងអស់មួយរយៈមក ព្រះយេហូវ៉ាបានសង្កេតឃើញថា៖ «គឺមិនជាការល្អទេដែលបុរសនេះបន្តរស់នៅតែម្នាក់ឯង។ អញនឹងបង្កើតអ្នកជំនួយម្នាក់សំរាប់វា ដើម្បីជាគូបង្គ្រប់ចំពោះវា»។ (លោកុប្បត្តិ ២:១៨, ព.ថ.) ថ្វីបើអ័ដាមជាមនុស្សប្រុសដ៏ល្អឥតខ្ចោះក្ដី ក៏នៅតែត្រូវការអ្វីផ្សេងទៀតជាចាំបាច់ ដើម្បីនឹងសម្រេចគោលបំណងរបស់ព្រះ។ ដើម្បីនឹងបំពេញសេចក្ដីត្រូវការនេះ ព្រះយេហូវ៉ាបានបង្កើតស្ត្រី ហើយក៏បានរៀបអាពាហ៍ពិពាហ៍ជាលើកទីមួយ។—លោកុប្បត្តិ ២:២១-២៤
៥. (ក) តើតាមរបៀបណា ដែលអ្នកសរសេរព្រះគម្ពីរតែងតែប្រើសព្ទនាមហេព្រើរដែលប្រែជា«អ្នកជំនួយ»? (ខ) ព្រះយេហូវ៉ាបានសំដៅចំពោះស្ត្រីទីមួយជា«គូបង្គ្រប់» តើនេះបង្ហាញឲ្យឃើញយ៉ាងណា?
៥ តើពាក្យ«អ្នកជំនួយ»និង«គូបង្គ្រប់» បង្ហាញថា មុខនាទីរបស់ស្ត្រីដែលព្រះផ្ដល់ឲ្យជាអ្វីដែលថោកទាបឬ? ទេ គឺផ្ទុយទៅវិញ។ ពួកអ្នកសរសេរព្រះគម្ពីរតែងតែសំដៅទៅព្រះជា«អ្នកជំនួយ» ដោយប្រើសព្ទនាមហេព្រើរ (ʽeʹzer)។ ឧទាហរណ៍ ព្រះយេហូវ៉ាបានសម្ដែងឲ្យឃើញថា ទ្រង់ជា«ជំនួយ ហើយជាខែលរបស់យើងខ្ញុំ»។ (ទំនុកដំកើង ៣៣:២០; និក្ខមនំ ១៨:៤; ចោទិយកថា ៣៣:៧) នៅហូសេ ១៣:៩ ព្រះយេហូវ៉ាបានសំដៅទៅអង្គទ្រង់ផ្ទាល់ជា«អ្នកដែលជួយ»របស់សាសន៍អ៊ីស្រាអែល។ រីឯពាក្យហេព្រើរ (neʹghedh) ដែលប្រែជា «គូបង្គ្រប់» វិជ្ជាករខាងព្រះគម្ពីរម្នាក់ពន្យល់ថា៖ «ជំនួយដែលរកនោះ គឺមិនមែនគ្រាន់តែជាការជួយក្នុងកិច្ចការប្រចាំថ្ងៃរបស់គាត់ ឬការបង្កើតកូនចៅប៉ុណ្ណោះទេ . . . ប៉ុន្តែជាការជួយផ្គត់ផ្គង់គ្នាទៅវិញទៅមក ដែលបានមកពីការមានគ្នីគ្នា»។
៦. តើបានមានប្រសាសន៍យ៉ាងណា ក្រោយពីការបង្កើតស្ត្រីនោះ ហើយហេតុអ្វី?
៦ ដូច្នេះគឺគ្មានអ្វីថោកទាបទេ ដែលព្រះយេហូវ៉ាបានរៀបរាប់អំពីស្ត្រីជា«អ្នកជំនួយ»និង«គូបង្គ្រប់»នោះ។ សមាសភាពរបស់ស្ត្រីខាងគំនិត ផ្លូវចិត្ត និងរូបរាងកាយជាអ្វីដ៏ប្លែកដាច់គេ។ នាងជាគូបង្គ្រប់ដ៏សមត្រឹមត្រូវ ជាគូដ៏គាប់ចិត្តដល់បុរស។ ម្នាក់ៗមានសភាពខុសៗគ្នា តែម្នាក់ៗត្រូវការគ្នា ដើម្បីនឹងបង្កើតកូន«ឲ្យមានពេញពាសលើផែនដី»ឲ្យស្របទៅតាមគោលបំណងរបស់ព្រះ។ យ៉ាងច្បាស់ណាស់ គឺក្រោយពីការបង្កើតបុរសនិងស្ត្រីរួចហើយ ទើប«ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្តិ ១:២៨, ៣១
៧, ៨. (ក) ក្រោយពីបានប្រព្រឹត្តអំពើបាបជាលើកដំបូងក្នុងសួនអេដែនមក តើមុខនាទីរបស់ស្ត្រីបានប្រែប្រួលយ៉ាងណា? (ខ) តើសំនួរណាខ្លះដែលត្រូវបានចោទឡើង អំពីការបំពេញបទគម្ពីរលោកុប្បត្តិ ៣:១៦ ក្នុងចំណោមពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា?
៧ ក្រោយពីបានប្រព្រឹត្តអំពើបាបជាលើកដំបូង ស្ថានការណ៍ក៏បានប្រែប្រួលចំពោះបុរសនិងស្ត្រី។ ព្រះយេហូវ៉ាបានកាត់ទោសពួកគេទាំងពីរជាអ្នកមានបាប។ ក្នុងការមានបន្ទូលអំពីលទ្ធផលដែលទ្រង់នឹងអនុញ្ញាតឲ្យមាន ដែលហាក់បីដូចជាទ្រង់បានធ្វើឡើង ព្រះយេហូវ៉ាបានមានបន្ទូលទៅនាងអេវ៉ាថា៖ «អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ»។ រួចទ្រង់មានបន្ទូលទៀតថា៖ «ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង»។ (លោកុប្បត្តិ ៣:១៦) តាំងពីពេលនោះមក ប្រពន្ធជាច្រើនត្រូវបានប្ដីរបស់គេត្រួតត្រាលើយ៉ាងឃោរឃៅ។ ជាជាងចាត់ទុកជាអ្នកជំនួយនិងជាគូបង្គ្រប់ ពួកស្ត្រីតែងតែត្រូវបានគេប្រព្រឹត្តមកលើ ហាក់បីដូចជាអ្នកបំរើ ឬជាខ្ញុំគេ។
៨ អញ្ចឹង តើការបំពេញនៃទំនាយលោកុប្បត្តិ ៣:១៦ មានន័យយ៉ាងណា ចំពោះពួកអ្នកថ្វាយបង្គំភេទស្រីរបស់ព្រះយេហូវ៉ា? តើពួកគេត្រូវបានទំលាក់ដល់ឋានៈទន់ទាប និងភាពអាម៉ាសមុខឬ? ប្រាកដជាមិនមែនទេ! ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះដំណើររឿងនៃព្រះគម្ពីរដែលបានប្រាប់អំពីទំនៀមទម្លាប់ដែលប៉ះពាល់ដល់ពួកស្ត្រី ដែលហាក់បីដូចជាមិនសមរម្យនៅក្នុងសង្គមណាមួយនៅសព្វថ្ងៃនេះ?
ការយល់ដឹងអំពីទំនៀមទម្លាប់នៅសម័យព្រះគម្ពីរ
៩. នៅពេលដែលយើងពិចារណាអំពីទំនៀមទម្លាប់ដែលទាក់ទងនឹងស្ត្រីនៅសម័យព្រះគម្ពីរ តើកត្ដាបីណាដែលយើងត្រូវតែចងចាំ?
៩ នៅសម័យព្រះគម្ពីរ ពួកស្ត្រីត្រូវបានគេប្រព្រឹត្តចំពោះយ៉ាងប្រសើរក្នុងចំណោមពួកបំរើរបស់ព្រះ។ ពិតមែនហើយ ក្នុងការពិចារណាមើលទំនៀមទម្លាប់ដែលទាក់ទងពួកស្ត្រីនៅសម័យនោះ ជាការប្រសើរបើយើងចងចាំនូវកត្ដាខ្លះៗ។ ទីមួយ នៅពេលណាដែលព្រះគម្ពីរចែងអំពីស្ថានការណ៍មិនគប្បីណាមួយ ដែលបានលូតលាស់ឡើងដោយសារការត្រួតត្រាអាត្មានិយមនៃពួកបុរសដ៏អាក្រក់ នោះមិនមែនមានន័យថា ព្រះសព្វព្រះហឫទ័យនឹងការប្រព្រឹត្តបែបនោះមកលើពួកស្ត្រីទេ។ ទីពីរ ថ្វីបើព្រះយេហូវ៉ាបានអត់ទ្រាំនឹងទំនៀមទម្លាប់ណាមួយរបស់ពួកអ្នកបំរើទ្រង់នៅគ្រាមួយ ទ្រង់បានដាក់កំរិតដល់ទំនៀមទម្លាប់នោះ ដើម្បីការពារពួកស្ត្រី។ ទីបី យើងត្រូវតែប្រយ័ត្នប្រយែង ដែលយើងមិនត្រូវវិនិច្ឆ័យទំនៀមទម្លាប់ពីសម័យបុរាណនឹងបមាណីយនៅសម័យនេះ។ ទំនៀមទម្លាប់ដែលមើលទៅដូចជាមិនសូវល្អចំពោះមនុស្សខ្លះនៅសព្វថ្ងៃនេះ មិនតែងតែចាត់ទុកថាជាការថោកទាបដោយពួកស្ត្រីនៅសម័យនោះទេ។ ចូរឲ្យយើងពិចារណាមើលនូវឧទាហរណ៍ខ្លះៗ។
១០. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណា ចំពោះការប្រព្រឹត្តពហុពន្ធភាព ហើយតើអ្វីបង្ហាញថា ទ្រង់មិនបានលះបង់ចោលបមាណីយដើមនៃឯកពន្ធភាពរបស់ទ្រង់?
១០ ពហុពន្ធភាព:a យោងទៅតាមគោលបំណងដើមនៃព្រះយេហូវ៉ា ប្រពន្ធមិនត្រូវចែកប្ដីនាងជាមួយនឹងស្ត្រីណាឡើយ។ ព្រះបានបង្កើតប្រពន្ធតែមួយឲ្យអ័ដាម។ (លោកុប្បត្តិ ២:២១, ២២) ក្រោយពីការបះបោរនៅក្នុងសួនអេដែន ការអនុវត្តពហុពន្ធភាពបានចាប់ផ្ដើមឡើងជាលើកដំបូងក្នុងតំណកាអ៊ីន។ យូរៗទៅ នេះក៏បានក្លាយទៅជាទំនៀមទម្លាប់មួយ ហើយពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាខ្លះក៏បានចាប់ប្រើទំនៀមទម្លាប់នេះដែរ។ (លោកុប្បត្តិ ៤:១៩; ១៦:១-៣; ២៩:២១-២៨) ថ្វីបើព្រះយេហូវ៉ាអនុញ្ញាតឲ្យមានពហុពន្ធភាពក្ដី ហើយនេះសំរាប់បង្កើនចំនួនប្រជាជនអ៊ីស្រាអែល ទ្រង់បានសម្ដែងសេចក្ដីយោគយល់ដល់ពួកស្ត្រី ដោយបានចុះច្បាប់ចំពោះទំនៀមទម្លាប់នេះ ដើម្បីនឹងការពារពួកប្រពន្ធនិងកូនចៅ។ (និក្ខមនំ ២១:១០, ១១; ចោទិយកថា ២១:១៥-១៧) ម្យ៉ាងវិញទៀត ព្រះយេហូវ៉ាមិនដែលលះបង់ចោលបមាណីយនៃឯកពន្ធភាពដើមរបស់ទ្រង់ឡើយ។ លោកណូអេនិងកូនប្រុសៗរបស់គាត់ ដែលត្រូវបានបញ្ជាឲ្យ‹បង្កើតកូនជាច្រើនឡើងឲ្យមានពាសពេញលើផែនដី› ទាំងអស់គ្នាជាអ្នកមានប្រពន្ធតែមួយ។ (លោកុប្បត្តិ ៧:៧; ៩:១; ពេត្រុសទី២ ២:៥) ព្រះបានពិពណ៌នាអំពីអង្គទ្រង់ជាប្ដីឯកពន្ធ នៅពេលដែលទ្រង់តំណាងទំនាក់ទំនងរបស់ទ្រង់ជាមួយសាសន៍អ៊ីស្រាអែល។ (អេសាយ ៥៤:១, ៥) បន្ទាប់មក បមាណីយនៃឯកពន្ធភាពដើមរបស់ព្រះ ក៏ត្រូវបានស្ថាបនាឡើងវិញដោយព្រះយេស៊ូគ្រីស្ទ ហើយក៏ត្រូវបានអនុវត្តនៅក្នុងក្រុមជំនុំគ្រីស្ទានពីដើមដែរ។—ម៉ាថាយ ១៩:៤-៨; ធីម៉ូថេទី១ ៣:២, ១២
១១. ហេតុអ្វីបានជាត្រូវតែបង់តម្លៃកូនក្រមុំនៅសម័យព្រះគម្ពីរ ហើយតើនេះជាការថោកទាបដល់ពួកស្ត្រីឬ?
១១ ការបង់ថ្លៃកូនក្រមុំ: សៀវភៅឈ្មោះអ៊ីស្រាអែលពីបុរាណ—ជីវិតនិងគ្រឹះស្ថានថ្លែងថា៖ «កាតព្វកិច្ចនេះ ដែលត្រូវបង់លុយមួយចំនួនធំ ឬអ្វីដែលស្មើនោះ ដល់គ្រួសាររបស់កូនក្រមុំ ច្បាស់ជាធ្វើឲ្យអាពាហ៍ពិពាហ៍នៃអ៊ីស្រាអែលមានទំនងដូចជាការទិញដូរហើយ។ ប៉ុន្តែ [តម្លៃកូនក្រមុំ] មិនមែនជាតម្លៃដែលបង់សំរាប់ស្រីជាការសងដល់ក្រុមគ្រួសារនោះទេ»។ (អក្សរទ្រេតជារបស់យើង) ដូច្នេះ ការបង់ថ្លៃកូនក្រមុំ គឺជាការសងដល់គ្រួសាររបស់ស្រី ចំពោះការបាត់បង់នូវកិច្ចបំរើរបស់នាង និងចំពោះការខំប្រឹងប្រែងនិងការចំណាយលុយកាក់ដែលគ្រួសាររបស់នាងបានមើលថែរក្សានាង។ ដូច្នេះ ជាជាងបន្ថោកដល់ស្ត្រី ការនេះបញ្ជាក់នូវតម្លៃរបស់នាងដល់គ្រួសាររបស់នាងទៅវិញ។—លោកុប្បត្តិ ៣៤:១១, ១២; និក្ខមនំ ២២:១៦; សូមមើលទស្សនាវដ្ដី ប៉មយាម មករា ១៥ ឆ្នាំ១៩៨៩ ទំព័រ ២១-៤។ (ជាភាសាអង់គ្លេស)
១២. (ក) នៅពេលខ្លះ តើបុរសនិងស្ត្រីដែលរៀបការត្រូវបានហៅជាអ្វី ហើយតើពួកស្ត្រីបានអាក់អន់ចិត្តនឹងពាក្យទាំងនេះទេ? (ខ) តើអ្វីដែលគួរឲ្យកត់សម្គាល់អំពីពាក្យដែលព្រះយេហូវ៉ាបានប្រើនៅក្នុងសួនអេដែន? (សូមមើល កំណត់ចំណាំ)
១២ ប្ដីជា«ម្ចាស់»: ឧប្បត្ដិហេតុមួយនៅក្នុងជីវិតរបស់លោកអ័ប្រាហាំនិងសារ៉ានៅឆ្នាំ១៩១៨ ម.ស.យ. បង្ហាញថានៅសម័យនោះ ពួកគេបានឃើញថា ជាទំនៀមទម្លាប់របស់គេក្នុងការចាត់ទុកប្ដីជា«ម្ចាស់» (ពាក្យហេព្រើរ baʹʽal) ហើយប្រពន្ធជា‹របស់គេ› (ពាក្យហេព្រើរ beʽu·lahʹ)។ (លោកុប្បត្តិ ២០:៣) ក្រោយមកគេបានប្រើពាក្យទាំងនេះនៅក្នុងបទគម្ពីរនៅពេលខ្លះ ហើយគ្មានអ្វីបង្ហាញថា ពួកស្ត្រីមុនសម័យគ្រីស្ទានបានអាក់អន់ចិត្តនឹងពាក្យទាំងនេះឡើយ។b (ចោទិយកថា ២២:២២) ប៉ុន្តែ មិនត្រូវប្រព្រឹត្តមកលើប្រពន្ធហាក់បីដូចជារបស់ប្រើប្រាស់ឡើយ។ របស់របរឬទ្រព្យសម្បត្ដិអាចយកទៅលក់ ទិញ ហើយអាចទុកជាមរដកបាន តែមិនត្រូវធ្វើយ៉ាងនេះចំពោះប្រពន្ធឡើយ។ សុភាសិតនៅក្នុងព្រះគម្ពីរចែងថា៖ «ផ្ទះសំបែង នឹងទ្រព្យសម្បត្ដិ ជាមរដកមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា»។—សុភាសិត ១៩:១៤; ចោទិយកថា ២១:១៤
មុខនាទីដ៏ថ្លៃថ្នូរ
១៣. នៅពេលដែលពួកបុរសកោតខ្លាចព្រះកាន់តាមគំរូរបស់ព្រះយេហូវ៉ា ហើយធ្វើតាមច្បាប់របស់ទ្រង់ តើមានលទ្ធផលយ៉ាងណាមកលើស្ត្រី?
១៣ បើអញ្ចឹង តើមុខនាទីរបស់ស្ត្រីក្នុងចំណោមពួកអ្នកបំរើព្រះមុនសម័យគ្រីស្ទានជាអ្វី? តើពួកគេត្រូវបានចាត់ទុក និងប្រព្រឹត្តមកលើយ៉ាងណា? បើនិយាយឲ្យស្រួលទៅ នៅពេលបុរសណាដែលកោតខ្លាចព្រះកាន់តាមគំរូរបស់ព្រះយេហូវ៉ាផ្ទាល់ ហើយគោរពតាមច្បាប់របស់ទ្រង់នោះ ស្ត្រីនឹងរក្សាភាពថ្លៃថ្នូររបស់គេ ហើយក៏មានសិទ្ធិនិងឯកសិទ្ធិជាច្រើនដែរ។
១៤, ១៥. តើអ្វីបង្ហាញថា ពួកស្ត្រីនៅជំនាន់អ៊ីស្រាអែលត្រូវបានគេគោរពនោះ ហើយហេតុអ្វីបានជាព្រះយេហូវ៉ាតម្រូវពួកអ្នកថ្វាយបង្គំប្រុសៗឲ្យគោរពពួកស្ត្រី?
១៤ ពួកស្ត្រីត្រូវតែទទួលការគោរព។ ច្បាប់របស់ព្រះទៅសាសន៍អ៊ីស្រាអែលបានបញ្ជាថា ឱពុកនិងម្ដាយត្រូវតែទទួលការគោរព។ (និក្ខមនំ ២០:១២; ២១:១៥, ១៧) លេវីវិន័យ ១៩:៣ចែងថា «ត្រូវឲ្យឯងរាល់គ្នាកោតខ្លាចដល់ឱពុកម្ដាយឯងរៀងខ្លួន»។ នៅពេលដែលបាតសេបាបានចូលមកគាល់សាឡូម៉ូន ជាបុត្រារបស់នាង «ឯស្តេចទ្រង់ក្រោកឡើងទទួល ក៏ឱនព្រះអង្គគោរព» ជាកាយវិការនៃការគោរព។ (ពង្សាវតារក្សត្រទី១ ២:១៩) សព្វវចនានុក្រមនៃសាសនាយូដាបានចែងថា៖ «ការប្រៀបធៀបនៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះសាសន៍អ៊ីស្រាអែល ទៅនឹងសេចក្ដីស្រឡាញ់របស់ប្ដីចំពោះប្រពន្ធ អាចធ្វើទៅបានតែក្នុងសង្គមណាដែលមានសេចក្ដីគោរពដល់ពួកស្ត្រី»។
១៥ ព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកថ្វាយបង្គំភេទប្រុសរបស់ទ្រង់គោរពដល់ពួកស្ត្រី ដ្បិតទ្រង់គោរពពួកគេដែរ។ សេចក្ដីសំអាងអំពីរឿងនេះ អាចរកឃើញនៅក្នុងបទគម្ពីរជាច្រើន ដែលទ្រង់ប្រើការពិសោធន៍របស់ពួកស្ត្រីសំរាប់ជាការពន្យល់ ហើយទ្រង់ប្រដូចព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ទៅនឹងអារម្មណ៍របស់ស្ត្រី។ (អេសាយ ៤២:១៤; ៤៩:១៥; ៦៦:១៣) នេះអាចជួយពួកអ្នកអានឲ្យយល់អំពីរបៀបដែលព្រះយេហូវ៉ាមានព្រះហឫទ័យអំពីអ្វីមួយ។ ជាការគួរឲ្យចាប់អារម្មណ៍ដែរ ពាក្យហេព្រើរដែលប្រែជា«សេចក្ដីមេត្ដាករុណា»ឬ«សេចក្ដីអាណិតអាសូរ» ដែលព្រះយេហូវ៉ាសំដៅពាក្យទាំងនេះមកលើអង្គទ្រង់ គឺជាប់ទាក់ទងនឹងពាក្យដែលប្រែជា«ស្បូន» ហើយពាក្យនេះក៏អាចរៀបរាប់ជា«អារម្មណ៍របស់ម្ដាយ»។—និក្ខមនំ ៣៣:១៩; អេសាយ ៥៤:៧
១៦. តើមានឧទាហរណ៍ណាខ្លះ ដែលបង្ហាញថាយោបល់របស់ពួកស្ត្រីដែលកោតខ្លាចព្រះគឺមានតម្លៃនោះ?
១៦ យោបល់របស់ស្ត្រីដែលកោតខ្លាចព្រះត្រូវបានចាត់ទុកជាមានតម្លៃ។ នៅពេលដែលលោកអ័ប្រាហាំ ដែលជាអ្នកកោតខ្លាចព្រះ មានការស្ទាក់ស្ទើរក្នុងការស្ដាប់តាមយោបល់របស់សារ៉ាដែលជាប្រពន្ធរបស់គាត់នៅគ្រាមួយ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់ថា៖ «ត្រូវស្ដាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ»។ (លោកុប្បត្តិ ២១:១០-១២) ប្រពន្ធរបស់អេសាវដែលជាសាសន៍ហេត «នាំឲ្យអ៊ីសាកហើយនឹងរេបិកាពិបាកចិត្តណាស់»។ នៅគ្រាក្រោយមក រេបិកាបានសម្ដែងប្រាប់អំពីទុក្ខលំបាកដែលនាងមុខជានឹងពិសោធ បើសិនជាកូនប្រុសរបស់នាង យ៉ាកុបនឹងរៀបការជាមួយស្ត្រីសាសន៍ហេត។ តើលោកអ៊ីសាកមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ? ដំណើររឿងនេះក៏បានចែងតទៅទៀតថា «អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្ដាំថា៖ ‹កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ›»។ មែនហើយ ថ្វីបើរេបិកាពុំបានឲ្យយោបល់ផ្ទាល់ខ្លួនក្ដី ប្ដីរបស់នាងបានសម្រេចចិត្ត ដោយយោគយល់ដល់អារម្មណ៍របស់នាងដែរ។ (លោកុប្បត្តិ ២៦:៣៤, ៣៥; ២៧:៤៦; ២៨:១) ក្រោយមក ស្តេចដាវីឌបានចៀសផុតពីកំហុសនៃការបង្ហូរឈាម ពីព្រោះទ្រង់បានស្ដាប់តាមការអង្វរកររបស់នាងអ័ប៊ីកែល។—សាំយូអែលទី១ ២៥:៣២-៣៥
១៧. តើអ្វីដែលបង្ហាញថា ស្ត្រីមានអំណាចខ្លះនៅក្នុងក្រុមគ្រួសារនោះ?
១៧ ពួកស្ត្រីមានអំណាចខ្លះដែរនៅក្នុងក្រុមគ្រួសារ។ ពួកក្មេងៗត្រូវបានដាស់តឿនថា៖ «នែ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្ដីដំបូន្មានរបស់ម្ដាយឯងឡើយ»។ (សុភាសិត ១:៨) សេចក្ដីរៀបរាប់អំពី«ស្ត្រីគ្រប់លក្ខណ៍» នៅក្នុងសុភាសិតជំពូក៣១ បង្ហាញឲ្យឃើញថា ប្រពន្ធដែលឧស្សាហ៍ មិនត្រឹមតែចេះចាត់ចែងផ្ទះសម្បែងប៉ុណ្ណោះទេ តែថែមទាំងអាចមើលការខុសត្រូវនឹងកិច្ចការខាងអសង្ហាររិមភណ្ឌ ស្ថាបនាស្រែផលិតកម្ម ធ្វើជំនួញតូចតាច ហើយនិងបានគេស្គាល់ដោយពាក្យដ៏មានប្រាជ្ញារបស់នាង។ ការសំខាន់ជាងគេនោះ គឺការកោតខ្លាចដ៏គួរឲ្យសរសើរនៃពួកស្ត្រីដល់ព្រះយេហូវ៉ា។ ដូច្នេះហើយបានជាស្ត្រីបែបនេះ«មានតំឡៃជាជាងត្បូងទទឹមទៅទៀត»! ត្បូងទទឹមក្រហមមានតម្លៃខ្ពស់ណាស់ សំរាប់ប្រើជាគ្រឿងអលង្ការនិងការប្រើផ្សេងៗ។—សុភាសិត ៣១:១០-៣១
ពួកស្ត្រីដែលបានទទួលព្រះគុណពិសេសពីព្រះ
១៨. តើតាមរបៀបណាដែលព្រះគុណពិសេសត្រូវបានប្រទានឲ្យទៅស្ត្រីខ្លះនៅសម័យព្រះគម្ពីរ?
១៨ សេចក្ដីគោរពរបស់ព្រះយេហូវ៉ាចំពោះស្ត្រី បានឃើញមក នៅពេលដែលទ្រង់បានប្រទានឲ្យព្រះគុណដ៏ពិសេសដល់ពួកគេខ្លះនៅសម័យព្រះគម្ពីរ។ នាងហាការ សារ៉ា និងប្រពន្ធរបស់លោកម៉ាណូអា ត្រូវបានទេវតាមកជួបដើម្បីនាំសារពីព្រះមកឲ្យពួកគេ។ (លោកុប្បត្តិ ១៦:៧-១២; ១៨:៩-១៥; ពួកចៅហ្វាយ ១៣:២-៥) នៅក្នុងរោងឧបោសថ មាន‹អ្នកបំរើស្រី› និងអ្នកច្រៀងស្រីនៅឯព្រះរាជវាំងរបស់ស្តេចសាឡូម៉ូន។—និក្ខមនំ ៣៨:៨; សាំយូអែលទី១ ២:២២; របាក្សត្រទី១ ២៥:៥, ៦
១៩. នៅពេលខ្លះ តើព្រះយេហូវ៉ាបានប្រើស្ត្រីឲ្យតំណាងទ្រង់តាមរបៀបណា?
១៩ បីបួនដងក្នុងប្រវត្ដិសាស្ត្រនៃសាសន៍អ៊ីស្រាអែល ព្រះយេហូវ៉ាបានប្រើស្ត្រីឲ្យតំណាងទ្រង់ ឬធ្វើជាអ្នកនាំពាក្យឲ្យទ្រង់។ ចំពោះព្យាការិនីឈ្មោះដេបូរ៉ា យើងអានថា៖ «ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជំរះរឿងគេ»។ (ពួកចៅហ្វាយ ៤:៥) បន្ទាប់ពីសាសន៍អ៊ីស្រាអែលបានវាយឈ្នះស្តេចសាសន៍កាណាន ឈ្មោះយ៉ាប៊ីន នាងដេបូរ៉ាបានទទួលឯកសិទ្ធិដ៏ពិសេសមែន។ នាងច្បាស់ជាអ្នកដែលតែងចំរៀងជ័យជំនះនោះហើយ យ៉ាងហោចណាស់ក៏មានចំណែកក្នុងនោះដែរ ដែលក្រោយមកចំរៀងនោះបានក្លាយទៅជាផ្នែកនៃសេចក្ដីសរសេរដែលព្រះយេហូវ៉ាបានបញ្ចេញព្រះវិញ្ញាណឲ្យតែង។c (ពួកចៅហ្វាយជំពូក៥) ជាច្រើនសតវត្សកន្លងមក ដើម្បីនឹងស៊ើបសួរពីព្រះយេហូវ៉ា ស្តេចយ៉ូសៀសបានចាត់គណៈប្រតិភូរបស់ទ្រង់ រួមទាំងសម្ដេចសង្ឃ ឲ្យទៅជួបព្យាការិនីឈ្មោះហ៊ុលដា។ នាងហ៊ុលដាអាចតបឆ្លើយដោយមានអំណាចថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ»។ (ពង្សាវតារក្សត្រទី២ ២២:១១-១៥) នៅគ្រានោះ ស្តេចបានបញ្ជាឲ្យគណៈប្រតិភូទៅជួបព្យាការិនី ប៉ុន្តែនេះត្រូវបានធ្វើឡើងដើម្បីនឹងទទួលសេចក្ដីណែនាំពីព្រះយេហូវ៉ា។—ប្រៀបធៀបម៉ាឡាគី ២:៧
២០. តើមានឧទាហរណ៍ណាខ្លះដែលបង្ហាញថា ព្រះយេហូវ៉ាខ្វល់ខ្វាយចំពោះអារម្មណ៍និងសុខុមាលភាពរបស់ស្ត្រី?
២០ ការខ្វល់ខ្វាយនៃព្រះយេហូវ៉ាចំពោះសុខុមាលភាពរបស់ពួកស្ត្រី បានឃើញមកនៅឱកាស ដែលទ្រង់បានធ្វើអន្តរាគមន៍ដើម្បីជាប្រយោជន៍ដល់អ្នកបំរើស្រីខ្លះរបស់ទ្រង់។ ទ្រង់បានធ្វើអន្តរាគមន៍ពីរដង ដើម្បីនឹងការពារនាងសារ៉ា ជាប្រពន្ធដ៏ស្អាតរបស់លោកអ័ប្រាហាំ ពីការរំលោភមកលើនាង។ (លោកុប្បត្តិ ១២:១៤-២០; ២០:១-៧) ព្រះបានសម្ដែងព្រះគុណដល់នាងលេអា ជាប្រពន្ធដែលយ៉ាកុបមិនសូវស្រឡាញ់ ដោយបាន‹បើកស្បូនរបស់នាង› ដើម្បីឲ្យនាងអាចមានកូនប្រុសមួយ។ (លោកុប្បត្តិ ២៩:៣១, ៣២) នៅពេលដែលពួកឆ្មបអ៊ីស្រាអែលពីរនាក់ដែលកោតខ្លាចព្រះ បានប្រថុយជីវិតរបស់គេ ដើម្បីជួយរក្សាទុកកូនប្រុសៗរបស់ពួកហេព្រើរឲ្យរស់ពីការប្រល័យកូនង៉ែតនៅប្រទេសអេស៊ីប ព្រះយេហូវ៉ាមានព្រះទ័យដឹងគុណ ដោយ«ចំរើនពូជឲ្យគេ»។ (និក្ខមនំ ១:១៧, ២០, ២១) ទ្រង់ក៏បានឆ្លើយនឹងសេចក្ដីអធិស្ឋានដែលប្រកបដោយចិត្តក្លៀវក្លារបស់នាងហាណាដែរ។ (សាំយូអែលទី១ ១:១០, ២០) ហើយនៅពេលដែលស្ត្រីមេម៉ាយនៃព្យាការីម្នាក់ប្រឈមមុខនឹងម្ចាស់បំណុល ដែលបំរុងនឹងយកកូនរបស់នាងដើម្បីជាសំណងបំណុលនោះ ព្រះយេហូវ៉ាមិនបានលះបង់នាងចោលទេ។ ដោយមានសេចក្ដីស្រឡាញ់ ព្រះបានបណ្ដាលឲ្យព្យាការីអេលីសេធ្វើឲ្យនាងមានប្រេងជាច្រើន ដើម្បីឲ្យនាងអាចសងបំណុលទាំងអស់បាន។ ដូច្នេះ នាងបានរក្សាទុកគ្រួសារនិងភាពថ្លៃថ្នូររបស់នាង។—និក្ខមនំ ២២:២២, ២៣; ពង្សាវតារក្សត្រទី២ ៤:១-៧
២១. តើបទគម្ពីរហេព្រើរបានបង្ហាញឲ្យឃើញរូបភាពស្មើត្រឹមត្រូវអ្វី អំពីជីវភាពរបស់ពួកស្ត្រី?
២១ ដូច្នេះ ជាជាងលើកផ្សព្វផ្សាយពីទស្សនៈថោកទាបអំពីពួកស្ត្រី បទគម្ពីរហេព្រើរបង្ហាញឲ្យឃើញរូបភាពស្មើត្រឹមត្រូវនៃជីវិតរបស់ពួកគេក្នុងចំណោមពួកអ្នកបំរើរបស់ព្រះ។ ថ្វីបើព្រះយេហូវ៉ាពុំបានជួយបាំងពួកអ្នកថ្វាយបង្គំភេទស្រីរបស់ទ្រង់ពីការបំពេញបទគម្ពីរលោកុប្បត្តិ ៣:១៦ក្ដី តែបុរសកោតខ្លាចព្រះ ដែលកាន់តាមគំរូរបស់ព្រះយេហូវ៉ា ហើយធ្វើតាមច្បាប់របស់ទ្រង់ បានប្រព្រឹត្តមកលើពួកស្ត្រីដោយភាពថ្លៃថ្នូរនិងសេចក្ដីគោរព។
២២. មកដល់សម័យដែលព្រះយេស៊ូគង់នៅលើផែនដី តើមុខនាទីរបស់ស្ត្រីបានប្រែប្រួលយ៉ាងណា ហើយសំនួរណាខ្លះដែលបានចោទឡើង?
២២ ជាច្រើនសតវត្សក្រោយពីការបញ្ចប់នៃបទគម្ពីរហេព្រើរមក មុខនាទីរបស់ស្ត្រីបានប្រែប្រួលនៅក្នុងចំណោមពួកយូដា។ មកដល់សម័យដែលព្រះយេស៊ូគង់នៅលើផែនដី ទំនៀមទម្លាប់នៃពួកអាចារ្យបានដាក់កំរិតយ៉ាងខ្លាំងមកលើជីវភាពខាងសាសនានិងខាងសង្គមរបស់ពួកស្ត្រី។ តើទំនៀមទម្លាប់បែបនេះមានឥទ្ធិពលមកលើរបៀបដែលព្រះយេស៊ូប្រព្រឹត្តចំពោះស្ត្រីទេ? នៅសព្វថ្ងៃនេះ តើគួរតែប្រព្រឹត្តយ៉ាងណាចំពោះស្ត្រីគ្រីស្ទាន? សំនួរទាំងនេះនឹងត្រូវពិភាក្សានៅក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a យោងទៅតាមវេចនានុក្រម Webster’s Ninth New Collegiate «ពហុពន្ធភាព»សំដៅទៅលើ«អាពាហ៍ពិពាហ៍ដែលប្ដីឬប្រពន្ធអាចមានគូលើសពីម្នាក់នៅពេលដំណាលគ្នា»។ ពាក្យដែលច្បាស់ជាងនោះគឺ «ផូលីជិនី» មានន័យថា«សភាព ឬទំលាប់នៃការមានប្រពន្ធឬគូស្រីច្រើនជាងម្នាក់នៅពេលដំណាលគ្នា»។
b នៅក្នុងទូទាំងបទគម្ពីរហេព្រើរ បុរសនិងស្ត្រីដែលរៀបការ ជាញឹកញាប់ត្រូវបានសំដៅជា«ប្ដី» (ពាក្យហេព្រើរ ʼish) និង «ប្រពន្ធ» (ពាក្យហេព្រើរ ʼish·shahʹ)។ ឧទាហរណ៍ នៅក្នុងសួនអេដែន ពាក្យដែលព្រះយេហូវ៉ាប្រើ គឺមិនមែន «ម្ចាស់» និង ‹របស់គេ›ទេ តែជា«ប្ដី»និង«ប្រពន្ធ»។ (លោកុប្បត្តិ ២:២៤; ៣:១៦, ១៧) ទំនាយរបស់ហូសេបានទាយមកថា ក្រោយពីបានត្រឡប់មកពីនិរទេសវិញ សាសន៍អ៊ីស្រាអែលបានទូលហៅព្រះយេហូវ៉ាដោយចិត្តសារភាពថា «អ្នកប្ដី» ហើយលែងហៅជា «លោកម្ចាស់»។ នេះប្រហែលជាសម្ដែងថា ពាក្យ«ប្ដី» មានអត្ថន័យទន់ភ្លន់ជាង«លោកម្ចាស់»។—ហូសេ ២:១៦
c គួរកត់សម្គាល់អំពីការប្រើបុរិសៈនៅពួកចៅហ្វាយ ៥:៧ ក្នុងការសំដៅទៅនាងដេបូរ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើពាក្យ«អ្នកជំនួយ»និង«គូបង្គ្រប់» បង្ហាញយ៉ាងណា អំពីមុខនាទីដែលព្រះផ្ដល់ឲ្យស្ត្រីនោះ?
◻ នៅពេលពិចារណាអំពីទំនៀមទម្លាប់ដែលទាក់ទងនឹងស្ត្រីនៅសម័យព្រះគម្ពីរ តើយើងគួរតែចងចាំអ្វី?
◻ តើអ្វីដែលបង្ហាញថា ពួកស្ត្រីមានមុខនាទីដ៏ថ្លៃថ្នូរនៅក្នុងចំណោមពួកអ្នកបំរើព្រះនៅសម័យដើម?
◻ តើតាមរបៀបណា ដែលព្រះយេហូវ៉ាបានប្រទានឲ្យព្រះគុណពិសេសដល់ស្ត្រីនៅគ្រាមុនសម័យគ្រីស្ទាននោះ?