ជំពូកទី៦
ហេតុអ្វីយើងក្លាយជាចាស់ជរាហើយស្លាប់ទៅ?
១. តើពួកអ្នកវិទ្យាសាស្ត្រមិនអាចពន្យល់អ្វីបានអំពីជីវិតមនុស្ស?
ពួកអ្នកវិទ្យាសាស្ត្រមិនដឹងហេតុអ្វីបានជាមនុស្សក្លាយជាចាស់ជរា ហើយស្លាប់ទៅឡើយ។ មើលទៅហាក់ដូចជាកោសិកាយើង គួរតែត្រូវប្រែជាថ្មីឡើងវិញជាដរាប ហើយយើងគួររស់នៅជារៀងរហូត។ សៀវភៅ ហ៊ីយ៉ូជុន សូស៊ីគីហ្គាគូ(ជាលិកាសាស្ត្រទូទៅ)និយាយថា៖ «របៀបដែលកោសិកាចាស់ទៅ មានជាប់ទាក់ទងនឹងការចាស់ជរា និងសេចក្ដីស្លាប់នៃបុគ្គលនិមួយៗ គឺជាអាថ៌កំបាំងក្រៃលែង»។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ជីវិតមានកំរិត«ពីធម្មជាតិ ពីពូជកំណើតមក»។ តើអ្នកយល់ថា ពួកគេត្រូវឬទេ?
២. តើអ្នកខ្លះបានធ្វើដូចម្ដេច ដោយព្រោះជីវិតគង់នៅមិនបានយូរ?
២ មនុស្សតែងតែប៉ងចង់បានជាខ្លាំងនូវអាយុវែង ហើយទាំងខំឲ្យបានជីវិតអមតៈទៀតផង។ តាំងពីសតវត្សទីបួន ម.ស.យ. ថ្នាំដែលគេស្មានថាបង្កើតមក ដើម្បីធ្វើឲ្យមនុស្សមិនចេះស្លាប់ បានចាប់អារម្មណ៍ពួកអភិជនចិន។ អធិរាជចិនក្រោយៗខ្លះពិសាថ្នាំដែលល្បីហៅថា ស្រាថ្នាំជីវិត—ដែលធ្វើពីជាតិបារត— ហើយពុលស្លាប់ទៅ! ទូទាំងផែនដី មនុស្សជឿថា សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នៃការគង់នៅរបស់គេឡើយ។ អ្នកកាន់ពុទ្ធសាសនា សាសនាហិណ្ឌូ ម៉ូស្លឹម និងសាសនាឯទៀត សុទ្ធតែសង្ឃឹមយ៉ាងខ្លាំង ថាមានជីវិតតទៀតក្រោយពេលស្លាប់។ ក្នុងពិភពគ្រីស្ទាន មនុស្សជាច្រើននឹកក្នុងចិត្ត អំពីបរមសុខក្នុងស្ថានសួគ៌ក្រោយពេលស្លាប់ទៅ។
៣. (ក) ហេតុអ្វីមនុស្សចង់បានជាខ្លាំងនូវជីវិតអស់កល្បជានិច្ច? (ខ) តើសំនួរយ៉ាងណាខ្លះអំពីសេចក្ដីស្លាប់ ដែលយើងត្រូវឆ្លើយ?
៣ គំនិតអំពីសុភមង្គលក្រោយពេលស្លាប់ បង្ហាញឲ្យឃើញនូវការចង់បានជាខ្លាំង នូវជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរប្រាប់អំពីគំនិតនៃភាពអស់កល្បជានិច្ច ដែលព្រះបានតាំងទុកក្នុងយើងថា៖ «ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ»។ (សាស្ដា ៣:១១) ទ្រង់បង្កើតមនុស្សដំបូងប្រកបដោយសេចក្ដីសង្ឃឹមថា អាចរស់នៅជារៀងរហូតលើផែនដី។ (លោកុប្បត្តិ ២:១៦, ១៧) ដូច្នេះ ហេតុអ្វីបានមនុស្សស្លាប់? តើសេចក្ដីស្លាប់បានចូលមកក្នុងលោកនេះយ៉ាងដូចម្ដេច? ចំណេះអំពីព្រះនឹងជួយសម្រាយសំនួរទាំងនេះ។—ទំនុកដំកើង ១១៩:១០៥
គម្រោងការណ៍អាក្រក់
៤. តាមរបៀបណាដែលព្រះយេស៊ូសម្គាល់ឧក្រិដ្ឋជន ដែលបានធ្វើឲ្យមនុស្សស្លាប់?
៤ ឧក្រិដ្ឋជនខំរកគ្របបាំងភស្តុតាងរបស់គេ។ គឺយ៉ាងដូច្នេះដែរ ចំពោះបុគ្គលមួយរូបដែលបង្កបទឧក្រិដ្ឋ ដែលបានបណ្ដាលឲ្យមនុស្សរាប់រយកោដិស្លាប់បាត់បង់ជីវិត។ វាបានប្រើកលល្បិចគ្របបាំងសេចក្ដីស្លាប់របស់មនុស្សក្នុងអាថ៌កំបាំង។ ព្រះយេស៊ូគ្រីស្ទបានសម្គាល់ឧក្រិដ្ឋជននេះ ពេលទ្រង់មានបន្ទូលប្រាប់ពួកអ្នកដែលរកធ្វើគត់ទ្រង់ថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ»។—យ៉ូហាន ៨:៣១, ៤០, ៤៤
៥. (ក) តើអ្វីជាដើមកំណើតរបស់បុគ្គលដែលក្លាយជាអារក្សសាតាំងនោះ? (ខ) តើពាក្យ«សាតាំង»និង«អារក្ស»មានន័យដូចម្ដេច?
៥ ត្រូវហើយ អារក្សគឺជា«អ្នកសំឡាប់គេ» ចង់ឲ្យគេវិនាសសាបសូន្យ។ ព្រះគម្ពីរបង្ហាញឲ្យឃើញថា វាជាបុគ្គលមែនទែនម្នាក់ មិនមែនគ្រាន់តែជាគំនិតអាក្រក់ក្នុងចិត្តនរណាម្នាក់ឡើយ។ (ម៉ាថាយ ៤:១-១១) ទោះបីបង្កើតមកជាទេវតាសុចរិត «វាមិនបាននៅជាប់ក្នុងសេចក្ដីពិត»ទេ។ គឺសមត្រឹមត្រូវណាស់ ដែលវាមានឈ្មោះជាអារក្សសាតាំង! (វិវរណៈ ១២:៩) គេហៅវា «សាតាំង» ឬ «អ្នកប្រឆាំង» ពីព្រោះវាបានជំទាស់ហើយប្រឆាំងនឹងព្រះយេហូវ៉ា។ ឧក្រិដ្ឋជននេះ ក៏ត្រូវគេហៅថា «អារក្ស» មានន័យថា «អ្នកនិយាយបង្ខូច» ដ្បិតវាបានសម្ដែងអំពីព្រះដោយមិនត្រឹមត្រូវ ទាំងប្រមាថមើលងាយ។
៦. ហេតុអ្វីសាតាំងបះបោរប្រឆាំងនឹងព្រះ?
៦ តើអ្វីជំរុញចិត្តសាតាំងឲ្យបះបោរប្រឆាំងនឹងព្រះ? គឺសេចក្ដីលោភលន់។ វាលោភចង់បានការថ្វាយបង្គំ ដែលព្រះយេហូវ៉ាទទួលពីមនុស្សលោក។ អារក្សនេះ មិនព្រមលះបង់ចោលទេ នូវសេចក្ដីប៉ងប្រាថ្នាចង់បានការថ្វាយបង្គំបែបនេះ ដែលមានតែព្រះទេ ដែលមានសិទ្ធិសមនឹងទទួល។ (ប្រៀបធៀប អេសេគាល ២៨:១២-១៩) តែផ្ទុយទៅវិញ ទេវតានេះដែលក្លាយជាសាតាំង បំប៉នសេចក្ដីប្រាថ្នាលោភលន់ ដរាបដល់ជាប់មានផ្ទៃ ហើយសំរាលចេញមកជាអំពើបាប។—យ៉ាកុប ១:១៤, ១៥
៧. (ក) តើអ្វីបណ្ដាលឲ្យមនុស្សស្លាប់? (ខ) តើបាបជាអ្វី?
៧ យើងបានសម្គាល់ឃើញហើយ ជនមានទោសប្រព្រឹត្តបទឧក្រិដ្ឋ ដែលនាំឲ្យមនុស្សលិចលង់ក្នុងសេចក្ដីស្លាប់។ ប៉ុន្តែ តើអ្វីជាបុព្វហេតុដ៏ជាក់លាក់ ដែលបណ្ដាលឲ្យមនុស្សស្លាប់នោះ? ព្រះគម្ពីរប្រាប់ថា៖ «ទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប»។ (កូរិនថូសទី១ ១៥:៥៦) ហើយបាបជាអ្វីទៅ? ដើម្បីយល់ពាក្យនេះ សូមយើងពិចារណាមើលន័យរបស់ពាក្យ តាមភាសាដើមនៃព្រះគម្ពីរ។ កិរិយាស័ព្ទហេព្រើរនិងក្រិកដែលធម្មតាបកប្រែជា«ប្រព្រឹត្តអំពើបាប» មានន័យថា «ប្រព្រឹត្តខុស» ក្នុងន័យជាខុសគន្លង ឬមិនបានសំម្រេចគោលបំណង។ តើយើងទាំងអស់គ្នាធ្វើខុសគន្លងអ្វី? គន្លងនោះ គឺជាការស្ដាប់បង្គាប់ព្រះឲ្យបានល្អឥតខ្ចោះ។ ប៉ុន្តែ តើបាបបានត្រូវនាំចូលមកក្នុងលោកនេះយ៉ាងដូចម្ដេចទៅ?
របៀបដែលគម្រោងការណ៍បានត្រូវចាប់អនុវត្តឡើង
៨. តើសាតាំងខំធ្វើយ៉ាងដូចម្ដេចឲ្យមនុស្សថ្វាយបង្គំវា?
៨ សាតាំងបានប្រយ័ត្នប្រយែងតែងគម្រោងការណ៍មួយ ដែលវាគិតថានឹងនាំឲ្យវាគ្រប់គ្រងលើអស់ទាំងមនុស្សលោក ហើយទទួលការថ្វាយបង្គំពីពួកគេផង។ វាសម្រេចចិត្តធ្វើឲ្យប្ដីប្រពន្ធពីរនាក់ដំបូង គឺអ័ដាមនិងអេវ៉ា ឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះ។ ព្រះយេហូវ៉ាបានប្រទានឲ្យឪពុកម្ដាយដំបូងរបស់យើងនូវចំណេះ ដែលនឹងនាំឲ្យបានជីវិតអស់កល្បជានិច្ច។ ពួកគេដឹងថាព្រះអាទិទេព គឺជាព្រះដ៏ល្អ ពីព្រោះទ្រង់បានដាក់ពួកគេក្នុងសួនច្បារអេដែនដ៏ល្អស្អាត។ អ័ដាមជាពិសេសបានដឹងថា ព្រះវរបិតាស្ថានសួគ៌របស់គាត់ គឺពិតជាល្អមែន ពេលព្រះប្រទានឲ្យគាត់ប្រពន្ធមួយយ៉ាងស្អាត ហើយមានប្រយោជន៍ផង។ (លោកុប្បត្តិ ១:២៦, ២៩; ២:៧-៩, ១៨-២៣) ជីវិតតរៀងទៅរបស់គូប្ដីប្រពន្ធដំបូង គឺពឹងពាក់លើការស្ដាប់បង្គាប់ដល់ព្រះ។
៩. តើព្រះប្រាប់បង្គាប់អ្វីដល់មនុស្សដំបូង ហើយហេតុអ្វីបានជាបង្គាប់នេះ សមហេតុសមផល?
៩ ព្រះបង្គាប់ទៅអ័ដាមថា៖ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផងឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៦, ១៧) ជាព្រះអាទិទេព ព្រះយេហូវ៉ាមានសិទ្ធិតាំងខ្នាតតម្រាសីលធម៌ ហើយកំណត់ថាអ្វីជាការល្អ អ្វីជាការអាក្រក់ សំរាប់ជីវិតទាំងឡាយដែលទ្រង់បានបង្កើតមក។ បង្គាប់របស់ទ្រង់គឺសមហេតុសមផលទេ ពីព្រោះអ័ដាមនិងអេវ៉ាអាចបរិភោគតាមចិត្តនូវផ្លែពីអស់ទាំងដើមឈើផ្សេងៗឯទៀតក្នុងសួនច្បារ។ ពួកគេអាចសម្ដែងសេចក្ដីអបអរចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដោយស្ដាប់តាមក្រិត្យវិន័យនេះ ជាជាងក្រអឺតក្រអោងដាក់តាំងខ្នាតតម្រាសីលធម៌សំរាប់ខ្លួនឯង។
១០. (ក) តើសាតាំងចូលទាក់ទាញមនុស្សឲ្យមកខាងវាយ៉ាងដូចម្ដេច? (ខ) តើសាតាំងចោទថាព្រះយេហូវ៉ាមានបំណងគំនិតអ្វី? (គ) តើអ្នកយល់យ៉ាងណា អំពីសាតាំងទិតៀនលើព្រះ?
១០ អារក្សចាត់គម្រោងការណ៍ទាក់ទាញមនុស្សដំបូងឲ្យចេញពីព្រះ។ ដើម្បីទាក់ចិត្តពួកគេឲ្យចូលមកខាងវា សាតាំងបានប្រើពាក្យកុហក។ ដោយប្រើសត្វពស់ ដែលដូចអ្នកបញ្ចេញសម្លេងប្រើរូបសំណាក នោះអារក្សសួរដល់នាងអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគ ផ្លែឈើណានៅក្នុងសួនច្បារមែនឬ»? ពេលអេវ៉ាថ្លែងប្រាប់ពីបង្គាប់នៃព្រះ នោះសាតាំងក៏និយាយឡើងថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ រួចមកវាចោទដល់ព្រះយេហូវ៉ា ថាព្រះអង្គមានបំណងគំនិតអាក្រក់ ដោយប្រាប់ថា៖ «ព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោកុប្បត្តិ ៣:១-៥) ដូច្នេះ អារក្សក៏និយាយបញ្ឆៀងថា ព្រះទ្រង់កំពុងដកហូតយកអ្វីល្អចេញហើយ។ នេះគឺចំជាពាក្យបង្ខូចមែន ដែលអារក្សបញ្ចេញប្រឆាំងនឹងព្រះយេហូវ៉ា ព្រះវរបិតាស្ថានសួគ៌ដ៏ពិតត្រង់ ដ៏ប្រកបដោយសេចក្ដីស្រឡាញ់!
១១. តើតាមរបៀបណាដែលអ័ដាមនិងអេវ៉ាបានក្លាយជាអ្នកសមគំនិតជាមួយសាតាំង?
១១ នាងអេវ៉ាសម្លឹងមើលដើមនោះម្ដងទៀត ឃើញថាផ្លែវាល្អគួរចង់បានមែន។ ដូច្នេះ នាងក៏បេះផ្លែនោះមកបរិភោគទៅ។ ក្រោយមកប្ដីនាងក៏សុខចិត្តចូលរួមជាមួយនាងក្នុងអំពើបាបនេះដែរ គឺមិនស្ដាប់បង្គាប់ព្រះ។ (លោកុប្បត្តិ ៣:៦) ថ្វីបើអេវ៉ាបានត្រូវបញ្ឆោតក៏ដោយ នាងនិងអ័ដាមទាំងពីរនាក់បានជួយសាតាំងក្នុងគម្រោងការណ៍គ្រប់គ្រងមនុស្សជាតិ។ នេះគឺដូចជាពួកគេបានសមគំនិតជាមួយអារក្សអញ្ចឹងដែរ។—រ៉ូម ៦:១៦; ធីម៉ូថេទី១ ២:១៤
១២. តើការមនុស្សបះបោរប្រឆាំងនឹងព្រះបាននាំឲ្យមានលទ្ធផលអ្វី?
១២ អ័ដាមនិងអេវ៉ា ត្រូវតែប្រឈមនឹងលទ្ធផលនៃអំពើរបស់ខ្លួន។ ពួកគេមិនបានក្លាយដូចជាព្រះ ទាំងមានចំណេះពិសេសអ្វីឡើយ។ ផ្ទុយទៅវិញ ពួកគេទៅជាខ្មាស ហើយលាក់ខ្លួនពួនប្រាណ។ ព្រះយេហូវ៉ាហៅអ័ដាមមកសម្រេចទោស ហើយប្រកាសសេចក្ដីវិនិច្ឆ័យ ដូចនេះថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) «នៅថ្ងៃ» ដែលឪពុកម្ដាយដំបូងរបស់យើងបរិភោគផ្លែពីដើមដឹងខុសត្រូវ នោះពួកគេបានត្រូវព្រះកាត់ទោស ព្រមទាំងស្លាប់ទៅហើយ តាមទស្សនៈរបស់ទ្រង់។ បន្ទាប់មក ពួកគេបានត្រូវបណ្ដេញឲ្យចេញពីសួនមនោរម្យ ហើយក៏ចាប់ផ្ដើមលិចលង់ដុនដាបទៅក្នុងសេចក្ដីស្លាប់ទៅ។
របៀបដែលបាបនិងសេចក្ដីស្លាប់រាលដាល
១៣. តើបាបបានរាលដាលដល់មនុស្សជាតិទាំងអស់យ៉ាងដូចម្ដេច?
១៣ គម្រោងការណ៍សាតាំងដើម្បីឲ្យមនុស្សគោរពថ្វាយបង្គំវា គឺឃើញថាបានសម្រេចជោគជ័យ។ ប៉ុន្តែ វាមិនអាចទុកឲ្យពួកអ្នកថ្វាយបង្គំវាមានជីវិតរស់នៅឡើយ។ ពេលបាបចាប់មានអនុភាពក្នុងគូប្ដីប្រពន្ធដំបូង នោះពួកគេលែងផ្ដល់ភាពគ្រប់ល័ក្ខណ៍ដល់កូនចៅរបស់គេបានទៀតហើយ។ ដូចអក្សរចារឹកលើផ្ទាំងថ្ម បាបគឺបានត្រូវចារជាប់យ៉ាងជ្រៅ ក្នុងពន្ធុនៃឪពុកម្ដាយដំបូងរបស់យើង។ ម្ល៉ោះហើយពួកគេបង្កើតបានតែកូនចៅមិនគ្រប់ល័ក្ខណ៍ប៉ុណ្ណោះ ពីព្រោះកូនទាំងអស់របស់គេចាប់កើតក្នុងផ្ទៃ ក្រោយពេលអ័ដាមនិងអេវ៉ាបានប្រព្រឹត្តអំពើបាប នោះកូនចៅរបស់គេក៏បានទទួលបាបនិងសេចក្ដីស្លាប់នេះតាមពូជមកដែរ។—ទំនុកដំកើង ៥១:៥; រ៉ូម ៥:១២
១៤. (ក) ពួកអ្នកប្រកែកថាខ្លួនគ្មានបាប តើយើងអាចប្រៀបគេនឹងអ្នកណា? (ខ) តើតាមរបៀបណាដែលសាសន៍អ៊ីស្រាអែលបានត្រូវប្រាប់ឲ្យដឹងថា គេជាអ្នកមានបាប?
១៤ ប៉ុន្តែ សព្វថ្ងៃនេះមនុស្សជាច្រើនមិនជឿថា ខ្លួនគេជាមនុស្សមានបាបឡើយ។ នៅចំណែកខ្លះនៃពិភពលោក គំនិតដែលថា បាបគឺមានមកតាមពូជ ធម្មតាឥតមានគេដឹងទេ។ ប៉ុន្តែឥតមានភស្តុតាងណា ដែលបង្ហាញថា គ្មានបាបនោះឡើយ។ កុមារម្នាក់ដែលមានមុខប្រឡាក់ ប្រហែលអះអាងថា មុខមាត់វាស្អាតបាតទេ ហើយប្រហែលនឹងជឿថា មុខវាប្រឡាក់ លុះត្រាតែវាឆ្លុះកញ្ចក់មើល។ សាសន៍អ៊ីស្រាអែលជំនាន់បុរាណ គឺប្រៀបដូចជាកុមារនេះអញ្ចឹង កាលគេទទួលក្រិត្យវិន័យព្រះ តាមរយៈលោកម៉ូសេដែលជាព្យាការីទ្រង់។ ក្រិត្យវិន័យនេះបង្ហាញយ៉ាងច្បាស់ថា មានបាបជាពិតមែន។ សាវ័កប៉ុលពន្យល់ថា៖ «ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ»។ (រ៉ូម ៧:៧-១២) ដូចកុមារដែលឆ្លុះកញ្ចក់មើលនេះ សាសន៍អ៊ីស្រាអែលដោយប្រើក្រិត្យវិន័យឆ្លុះមើលខ្លួនគេ ក៏អាចឃើញថា ខ្លួនគេគឺមិនស្អាតបរិសុទ្ធដែរ នៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា។
១៥. តើសម្លឹងមើលក្នុងបន្ទូលនៃព្រះ ទុកដូចជាកញ្ចក់ នោះនឹងបង្ហាញឲ្យឃើញអ្វី?
១៥ ដោយសម្លឹងមើលក្នុងបន្ទូលនៃព្រះ ទុកដូចជាកញ្ចក់ ហើយកត់សម្គាល់នូវខ្នាតតម្រាក្នុងព្រះបន្ទូល នោះយើងអាចឃើញថា យើងមិនមែនគ្រប់ល័ក្ខណ៍ទេ។ (យ៉ាកុប ១:២៣-២៥) ជាឧទាហរណ៍ សូមយើងពិចារណាមើលបន្ទូលនៃព្រះយេស៊ូគ្រីស្ទប្រាប់ដល់ពួកសិស្សទ្រង់ អំពីការស្រឡាញ់ព្រះនិងអ្នកជិតខាងគេ ដូចកត់ទុកនៅម៉ាថាយ ២២:៣៧-៤០។ ចំពោះការស្រឡាញ់នេះ មនុស្សបានធ្វើខុសគន្លងញឹកញយម្ល៉េះហ្ន៎! ពួកគេជាច្រើនមិនទាំងទើសទាស់មនសិការដល់បន្ដិចផង ចំពោះការមិនបានសម្ដែងសេចក្ដីស្រឡាញ់ដល់ព្រះ និងអ្នកជិតខាងរបស់គេ។—លូកា ១០:២៩-៣៧
សូមប្រយ័ត្ននឹងស្នៀតរបស់សាតាំង!
១៦. តើយើងអាចធ្វើអ្វី ដើម្បីជៀសវាងកុំឲ្យត្រូវរងគ្រោះដោយព្រោះស្នៀតរបស់សាតាំង ហើយហេតុអ្វីបានជាពិបាកធ្វើ?
១៦ សាតាំងស្វែងរកល្បិចនាំឲ្យយើងប្រព្រឹត្តអំពើបាបដោយចេតនា។ (យ៉ូហានទី១ ៣:៨) តើមានវិធីណាដែលយើងអាចជៀសវាង កុំឲ្យត្រូវរងគ្រោះដោយព្រោះស្នៀតរបស់វាឬទេ? គឺមាន ប៉ុន្តែនេះតម្រូវឲ្យយើងតយុទ្ធនឹងសេចក្ដីលំអៀង ទៅរកប្រព្រឹត្តអំពើបាបដោយចេតនា។ នេះមិនមែនស្រួលទេ ពីព្រោះសេចក្ដីលំអៀងទៅរកប្រព្រឹត្តអំពើបាបពីកំណើតមករបស់យើង គឺខ្លាំងណាស់។ (អេភេសូរ ២:៣) ប៉ុលត្រូវតែតស៊ូខំប្រឹងតយុទ្ធជានិច្ច។ តើមកពីហេតុអ្វី? ពីព្រោះបាបស្ថិតនៅក្នុងគាត់។ បើយើងចង់ឲ្យព្រះសព្វព្រះទ័យនឹងយើង នោះយើងក៏ត្រូវតែតយុទ្ធដែរ នឹងសេចក្ដីលំអៀងដ៏មានបាប ដែលមាននៅក្នុងយើង។—រ៉ូម ៧:១៤-២៤; កូរិនថូសទី២ ៥:១០
១៧. តើអ្វីធ្វើឲ្យការតយុទ្ធនឹងសេចក្ដីលំអៀងដ៏មានបាបរបស់យើងរឹតតែពិបាកឡើង?
១៧ ពីព្រោះសាតាំងតែងរកឱកាសជានិច្ច ដើម្បីទាក់ចិត្តយើងឲ្យបំពានលើក្រិត្យវិន័យព្រះ នោះការតយុទ្ធរបស់យើងប្រឆាំងនឹងបាប គឺមិនមែនស្រួលទេ។ (ពេត្រុសទី១ ៥:៨) ប៉ុលបាននិយាយ ទាំងខ្វល់ខ្វាយដល់ពួកគ្រីស្ទានគ្នាឯង ថា៖ «ខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ»។ (កូរិនថូសទី២ ១១:៣) សាតាំងក៏ប្រើស្នៀតស្រដៀងគ្នាដែរសព្វថ្ងៃនេះ។ វាខំបង្កហេតុធ្វើឲ្យមនុស្សសង្ស័យនឹងសេចក្ដីល្អនៃព្រះយេហូវ៉ា ហើយនឹងផលប្រយោជន៍ពីការស្ដាប់តាមបង្គាប់ព្រះ។ អារក្សវាខំយកផលប្រយោជន៍ ពីសេចក្ដីលំអៀងដ៏មានបាប ដែលយើងមានមកតាមពូជ ហើយនាំយើងឲ្យទៅតាមផ្លូវនៃសេចក្ដីក្រអឺតក្រអោង សេចក្ដីលោភលន់ សេចក្ដីស្អប់ និងការប្រកាន់ពូជសាសន៍។
១៨. តើសាតាំងប្រើលោកីយ៍នេះមកលើកដំកើងបាបយ៉ាងដូចម្ដេច?
១៨ របស់មួយដែលអារក្សប្រើប្រឆាំងនឹងយើង គឺលោកីយ៍នេះ ដែលស្ថិតនៅក្រោមអំណាចរបស់វា។ (យ៉ូហានទី១ ៥:១៩) បើយើងមិនប្រយ័ត្នខ្លួនទេ នោះមនុស្សពុករលួយនិងមិនទៀងត្រង់ ក្នុងលោកីយ៍ជុំវិញយើងនេះ នឹងបង្ខំយើងឲ្យប្រព្រឹត្តអំពើបាប ដែលបំពានលើខ្នាតតម្រាសីលធម៌របស់ព្រះ។ (ពេត្រុសទី១ ៤:៣-៥) មនុស្សជាច្រើនមិនអើពើនឹងក្រិត្យវិន័យរបស់ព្រះឡើយ ហើយមិនទាំងកត់សម្គាល់ដល់ការទើសទាស់មនសិការរបស់គេផង ដរាបដល់ធ្វើឲ្យមនសិការរបស់គេលែងដឹងខុសត្រូវអ្វីទាំងអស់។ (រ៉ូម ២:១៤, ១៥; ធីម៉ូថេទី១ ៤:១, ២) អ្នកខ្លះទៀតចាប់ប្រព្រឹត្តបន្ដិចម្ដងៗនូវអំពើដែលមនសិការដ៏មិនគ្រប់ល័ក្ខណ៍របស់គេ មិនទាំងអនុញ្ញាតឲ្យគេប្រព្រឹត្តផងកាលពីមុន។—រ៉ូម ១:២៤-៣២; អេភេសូរ ៤:១៧-១៩
១៩. ហេតុអ្វីការរស់នៅតាមតែសីលធម៌ថ្លៃថ្នូរគឺមិនគ្រប់គ្រាន់?
១៩ ការរស់នៅតាមសីលធម៌ថ្លៃថ្នូរ គឺជាការសម្រេចជោគជ័យហើយ ក្នុងលោកីយ៍នេះ។ ប៉ុន្តែ ដើម្បីផ្គាប់ព្រះហឫទ័យនៃព្រះអាទិទេពយើង នោះមានរបស់ផ្សេងទៀតដែលយើងត្រូវធ្វើ។ យើងក៏ត្រូវមានជំនឿលើព្រះ ហើយដឹងនូវការទទួលខុសត្រូវចំពោះទ្រង់។ (ហេព្រើរ ១១:៦) សិស្សយ៉ាកុបសរសេរថា៖ «ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ»។ (យ៉ាកុប ៤:១៧) ត្រូវហើយ មិនអើពើដល់ព្រះនិងសេចក្ដីបញ្ញត្តនៃទ្រង់ ក៏រាប់ជាបាបម្យ៉ាងដែរ។
២០. តើតាមរបៀបណាដែលសាតាំងខំរារាំងមិនឲ្យអ្នកប្រព្រឹត្តការត្រឹមត្រូវ ប៉ុន្តែមានអ្វីជួយអ្នកឲ្យតទល់នឹងការបង្ខិតបង្ខំនេះបាន?
២០ សាតាំងប្រហែលនឹងធ្វើឲ្យមានការជំទាស់ច្រើនឡើងប្រឆាំងនឹងអ្នក ដែលខំរកចំណេះអំពីព្រះ តាមរយៈការរៀនសូត្រព្រះគម្ពីរ។ សង្ឃឹមថា អ្នកនឹងមិនឲ្យការបង្ខិតបង្ខំនេះមករារាំង មិនឲ្យអ្នកអនុវត្តការត្រឹមត្រូវឡើយ។ (យ៉ូហាន ១៦:២) ថ្វីបើអ្នកគ្រប់គ្រងជាច្រើននាក់ជឿដល់ព្រះយេស៊ូ កាលទ្រង់កំពុងតែបំពេញកិច្ចបំរើនៃទ្រង់ ពួកគេមិនសារភាពទទួលទ្រង់សោះ ព្រោះខ្លាចត្រូវសហគមន៍របស់គេស្អប់។ (យ៉ូហាន ១២:៤២, ៤៣) សាតាំងខំប្រឹងឥតត្រាប្រណី រកបំភ័យអស់អ្នកណាដែលស្វែងរកចំណេះអំពីព្រះ។ ប៉ុន្តែ អ្នកគួរតែងចាំ ហើយអបអរជានិច្ច ចំពោះរបស់ដ៏ល្អ ដែលព្រះយេហូវ៉ាបានធ្វើ។ អ្នកប្រហែលអាចជួយពួកអ្នកដែលទាស់ប្រឆាំង ឲ្យគេមានសេចក្ដីអបអរដូចនេះដែរ។
២១. តើយើងអាចឈ្នះយ៉ាងដូចម្ដេច លើលោកីយ៍និងសេចក្ដីលំអៀងដ៏មានបាបរបស់យើង?
២១ ដរាបណាយើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ នោះយើងនឹងប្រព្រឹត្តអំពើបាបជានិច្ច។ (យ៉ូហានទី១ ១:៨) ប៉ុន្តែ យើងមានជំនួយក្នុងការតយុទ្ធនេះ។ ត្រូវហើយ យើងអាចទទួលជ័យជំនះបាន ក្នុងការតយុទ្ធប្រឆាំងនឹងមេកំណាច អារក្សសាតាំងនេះ។ (រ៉ូម ៥:២១) នៅទីបញ្ចប់នៃកិច្ចបំរើរបស់ព្រះយេស៊ូលើផែនដី ទ្រង់លើកទឹកចិត្តពួកអ្នកកាន់តាមទ្រង់ ដូចនេះថា៖ «នៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ»។ (យ៉ូហាន ១៦:៣៣) សូម្បីតែចំពោះមនុស្សមិនគ្រប់ល័ក្ខណ៍ គេក៏អាចឈ្នះលោកីយ៍បានដែរ ដោយសារព្រះទ្រង់ជួយ។ សាតាំងមិនអាចគ្របសង្កត់ពួកអ្នកដែលប្រឆាំងនឹងវា ហើយ«ចុះចូលចំពោះព្រះ»ឡើយ។ (យ៉ាកុប ៤:៧; យ៉ូហានទី១ ៥:១៨) ដូចយើងនឹងឃើញថែមទៀត ព្រះទ្រង់បានប្រទានវិធីមួយ ឲ្យយើងចេញរួចពីបាបនិងសេចក្ដីស្លាប់។
សាកល្បងចំណេះរបស់អ្នក
តើអារក្សសាតាំងជាអ្នកណា?
ហេតុអ្វីមនុស្សក្លាយជាចាស់ជរាហើយស្លាប់ទៅ?
តើបាបជាអ្វី?
តើតាមរបៀបណាដែលសាតាំងទាក់ទាញមនុស្ស ឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះដោយចេតនា?
[រូបភាពពេញមួយទំព័រនៅទំព័រ៥៤]