បងប្អូនប្រុសពីរនាក់កើតមានចិត្តគំនិតខុសគ្នា
ការសម្រេចចិត្តរបស់មាតាបិតាពិតជាមានអានុភាពទៅលើកូនរបស់ពួកគាត់ជាក់ជាពុំខាន។ នេះជាហេតុការណ៍ពិតនៅសព្វថ្ងៃនេះ ហើយនៅសួនច្បារអេដែនក៏ដូចគ្នាដែរ។ ការបះបោរប្រឆាំងរបស់អ័ដាមនិងអេវ៉ាបានមានអានុភាពយ៉ាងខ្លាំងមកលើមនុស្សជាតិទាំងឡាយ។ (លោកុប្បត្តិ ២:១៥, ១៦; ៣:១-៦; រ៉ូម ៥:១២) ប៉ុន្តែបើសិនជាយើងចង់ នោះយើងម្នាក់ៗអាចមានឱកាសដើម្បីកសាងទំនាក់ទំនងដ៏ល្អជាមួយនឹងអ្នកដែលបានបង្កើតយើងមក។ ជាក់ស្តែងដូចជាករណីរបស់កាអ៊ីននិងអេបិលជាបងប្អូនប្រុសពីរនាក់ដែលកើតមុនគេបង្អស់ក្នុងប្រវត្ដិសាស្ត្រ។
គ្មានកំណត់ហេតុណាក្នុងព្រះគម្ពីរដែលចែងថា ព្រះបានមានបន្ទូលទៅកាន់អ័ដាមនិងអេវ៉ា ក្រោយពួកគាត់បានត្រូវបណ្ដេញចេញពីសួនច្បារអេដែននោះទេ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់កូនប្រុសរបស់ពួកគាត់។ កាអ៊ីននិងអេបិលច្បាស់ជាបានដឹងបានឮពីមាតាបិតារបស់ពួកគេអំពីអ្វីដែលបានកើតឡើងនៅសួនច្បារអេដែនហើយ។ កាអ៊ីននិងអេបិលអាចឃើញ«ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ ដែលជាអណ្ដាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត»។ (លោកុប្បត្តិ ៣:២៤) បុរសទាំងពីរនាក់នេះក៏អាចឃើញថាបន្ទូលរបស់ព្រះបានសម្រេចមែន ពេលទ្រង់មានបន្ទូលថាការឈឺចាប់និងការបែកញើសដោយការនឿយហត់នឹងក្លាយជាផ្នែកធម្មតានៃជីវិតមនុស្ស។—លោកុប្បត្តិ ៣:១៦, ១៩
កាអ៊ីននិងអេបិលប្រាកដជាដឹងអំពីបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់ពស់ថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) អ្វីៗដែលកាអ៊ីននិងអេបិលដឹងអំពីព្រះយេហូវ៉ា នឹងផ្ដល់ឲ្យពួកគាត់មានសមត្ថភាពបណ្ដុះបណ្ដាលទំនាក់ទំនងដ៏ល្អជាមួយនឹងទ្រង់។
ដោយព្រោះកាអ៊ីននិងអេបិលបានគិតអំពីទំនាយនិងគុណសម្បត្ដិរបស់ព្រះយេហូវ៉ា ជាអ្នកដែលផ្ដល់ប្រយោជន៍ដល់មនុស្សដោយសេចក្ដីស្រឡាញ់នោះ ពួកគាត់ទំនងជាចាប់ផ្ដើមប៉ងប្រាថ្នាចង់ពេញព្រះហឫទ័យព្រះ។ ក៏ប៉ុន្តែ តើពួកគាត់នឹងបណ្ដុះបណ្ដាលសេចក្ដីប៉ងប្រាថ្នានេះដល់កំរិតណា? តើពួកគាត់នឹងប្រព្រឹត្តតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដែលមានតាំងពីកំណើតនោះ ជាចំណង់ថ្វាយបង្គំព្រះហើយបណ្ដុះបណ្ដាលភាពខាងវិញ្ញាណរបស់ពួកគេរហូតដល់ពួកគេអាចអនុវត្តជំនឿទៅលើព្រះឬទេ?—ម៉ាថាយ ៥:៣
បងប្អូនពីរនាក់នេះនាំយកដង្វាយមក
ក្រោយមក កាអ៊ីននិងអេបិលនាំយកដង្វាយមកថ្វាយចំពោះព្រះ។ កាអ៊ីនបានយកផលដែលកើតពីដីមកថ្វាយ ហើយអេបិលយកកូនសត្វដំបូងពីហ្វូងសត្វរបស់គាត់មកថ្វាយ។ (លោកុប្បត្តិ ៤:៣, ៤) នៅពេលនោះ បុរសទាំងពីរនាក់នេះប្រហែលជាមានអាយុ១០០ឆ្នាំទៅហើយ ដ្បិតអ័ដាមមានអាយុ១៣០ឆ្នាំពេលគាត់មានកូនប្រុសម្នាក់ឈ្មោះសេត។—លោកុប្បត្តិ ៤:២៥; ៥:៣
ដង្វាយរបស់កាអ៊ីននិងអេបិលបញ្ជាក់ថាពួកគាត់ទទួលស្គាល់ថា ខ្លួនមានបាបនិងពួកគាត់ចង់គាប់ព្រះហឫទ័យព្រះ។ យ៉ាងហោចណាស់ ពួកគាត់បានគិតបន្ដិចបន្តួចពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្តីអំពីពស់និងពូជរបស់ស្ត្រី។ គ្មានចំណែងណាដែលថា កាអ៊ីននិងអេបិលបានចំណាយពេលប៉ុន្មានក្នុងការបំពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ានោះទេ។ ប៉ុន្តែ របៀបព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះដង្វាយរបស់កាអ៊ីននិងអេបិលជួយបំភ្លឺឲ្យដឹងអំពីចិត្តគំនិតសម្ងាត់របស់ពួកគាត់។
បណ្ឌិតខ្លះមានយោបល់ថា អេវ៉ាបានចាត់ទុកកាអ៊ីនជា«ពូជ»ដែលនឹងបំផ្លាញចោលពស់នោះ ដ្បិតពេលកាអ៊ីនកើតមកអេវ៉ាពោលថា៖ «អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន»។ (លោកុប្បត្តិ ៤:១) បើសិនជាកាអ៊ីនបានជឿដូច្នេះដែរ នោះគាត់ពិតជាច្រឡំធំហើយ។ ម្យ៉ាងវិញទៀត អេបិលបានថ្វាយដង្វាយរបស់គាត់ដោយជំនឿ។ ដូច្នេះ«ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន»។—ហេព្រើរ ១១:៤
បងប្អូនប្រុសពីរនាក់នេះមិនគ្រាន់តែខុសគ្នា ដោយសារអេបិលមានសមត្ថភាពយល់ធ្លុះជ្រៅខាងវិញ្ញាណ ហើយកាអ៊ីនគ្មានសមត្ថភាពនោះទេ។ ពួកគេក៏ខុសគ្នាត្រង់ឯចិត្តគំនិតផងដែរ។ ម្ល៉ោះហើយបានជា«ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ»។ កាអ៊ីនទំនងជាមិនបានគិតជ្រៅជ្រះទេអំពីដង្វាយរបស់គាត់ ហើយគាត់គ្រាន់តែនាំយកមកជាការបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ព្រះមិនពេញព្រះហឫទ័យនឹងការធ្វើតាមក្បួនតម្រាសាសនាដោយមិនគិតនោះទេ។ កាអ៊ីនបានកើតមានចិត្តគំនិតអាក្រក់ ហើយព្រះយេហូវ៉ាក៏បានជ្រាបថាគាត់មានបំណងអាក្រក់ផងដែរ។ ប្រតិកម្មរបស់កាអ៊ីនចំពោះការបដិសេធនូវដង្វាយរបស់គាត់បានបញ្ជាក់ពីចិត្តគំនិតពិតរបស់គាត់។ «កាអ៊ីនក៏ក្ដៅក្រហាយ ហើយឡើងទឹកមុខក្រញូវ»ជាជាងចង់កែតម្រង់ចិត្តគំនិតរបស់ខ្លួន។ (លោកុប្បត្តិ ៤:៥) បំណងចិត្តនិងគំនិតទុច្ចរិតរបស់កាអ៊ីនគឺសឲ្យឃើញដោយសារការប្រព្រឹត្តរបស់គាត់។
ការព្រមាននិងប្រតិកម្ម
ព្រះជ្រាបពីចិត្តគំនិតរបស់កាអ៊ីននិងទូន្មានគាត់ថា៖ «ហេតុអ្វីបានជាឯងឆួលក្ដៅឡើងដោយកំហឹង? ហើយហេតុអ្វីបានជាឯងមានទឹកមុខក្រញូវដូច្នេះ? បើឯងបែរទៅប្រព្រឹត្តអំពើល្អ តើនឹងមិនបានការសរសើរទេឬ? តែបើឯងមិនបែរទៅប្រព្រឹត្តអំពើល្អទេ អំពើបាបនឹងសម្ងំចាំនៅមាត់ទ្វារ ហើយឯងជារបស់ដែលវាចង់បានយ៉ាងខ្លាំង ហើយតើឯងនឹងទៅជាចៅហ្វាយលើវាបានទេ?»។—លោកុប្បត្តិ ៤:៦, ៧, ព.ថ.
នេះបង្កប់មេរៀនមួយសំរាប់យើង។ ជាការពិត បាបក្រាបនៅមាត់ទ្វារប្រុងប្រៀបត្របាក់ស៊ីយើងតែម្ដង។ ប៉ុន្តែ ព្រះបានផ្ដល់ឲ្យយើងនូវចិត្តសេរី ហើយយើងអាចសម្រេចចិត្តធ្វើល្អបាន។ ព្រះយេហូវ៉ាមានបន្ទូលអញ្ជើញកាអ៊ីនឲ្យ«បែរទៅប្រព្រឹត្តល្អ» តែទ្រង់មិនបានបង្ខំកាអ៊ីនឲ្យប្រែចិត្តនោះទេ។ កាអ៊ីនបានសម្រេចចិត្តខ្លួនឯង។
កំណត់ហេតុក្នុងព្រះគម្ពីរចែងតទៅទៀតថា៖ «កាអ៊ីន ក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ»។ (លោកុប្បត្តិ ៤:៨) ដូច្នេះ កាអ៊ីនបានក្លាយជាឃាតករដ៏គ្មានមេត្ដានិងមិនចេះស្ដាប់បង្គាប់។ គាត់មិនបង្ហាញការសោកស្ដាយសោះឡើយ ពេលព្រះយេហូវ៉ាមានបន្ទូលសួរគាត់ថា៖ ‹អេបិលប្អូនអ្នកនៅឯណា?›។ កាអ៊ីនឆ្លើយយ៉ាងគំរោះគំរើយដោយគ្មានអារម្មណ៍សោកស្ដាយនិងថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកថែរក្សាប្អូនឬ?»។ (លោកុប្បត្តិ ៤:៩) ការប្រព្រឹត្តរបស់កាអ៊ីនសឲ្យឃើញថា គាត់ជាមនុស្សគ្មានបេះដូងហើយភូតមិនសមសោះដូច្នេះនេះ និងការបដិសេធមិនព្រមទទួលខុសត្រូវនោះ។
ព្រះយេហូវ៉ាបានដាក់បណ្ដាសាកាអ៊ីន និងបណ្ដេញគាត់ពីតំបន់សួនច្បារអេដែន។ បណ្ដាសាដែលមានចំពោះដីហើយនោះ នឹងទៅជាខ្លាំងជាងចំពោះកាអ៊ីន ហើយដីនឹងមិនបង្កើតផលសំរាប់គាត់ឡើយ។ គាត់ត្រូវក្លាយជាអ្នកដើរខ្ចាត់ព្រាត់និងតែលតោលក្នុងផែនដីវិញ។ ពេលកាអ៊ីនត្អូញត្អែរអំពីទណ្ឌកម្មដែលគាត់បានទទួល នោះបញ្ជាក់ថាគាត់ខ្លាចថាមនុស្សនឹងសងសឹកទៅលើគាត់ចំពោះការសម្លាប់អេបិល ហើយមិនមែនបញ្ជាក់ពីការប្រែចិត្តស្មោះនោះទេ។ ព្រះយេហូវ៉ាបាន«ដៅចំណាំ»កាអ៊ីន។ នេះសំដៅទៅលើការប្រកាសមួយដែលមនុស្សទូទៅបានដឹងឮនិងធ្វើតាម ហើយដែលនឹងការពារកាអ៊ីនពីអ្នកដែលចង់សម្លាប់គាត់ដើម្បីសងសឹកនោះ។—លោកុប្បត្តិ ៤:១០-១៥
លុះក្រោយមក កាអ៊ីន«ចេញពីចំពោះព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ»។ (លោកុប្បត្តិ ៤:១៦) ក្រោយកាអ៊ីនយកប្អូនស្រីឬក្មួយស្រីម្នាក់របស់គាត់ធ្វើជាប្រពន្ធហើយនោះ គាត់កសាងទីក្រុងមួយហើយដាក់ឈ្មោះតាមកូនច្បងរបស់គាត់ឈ្មោះអេណុក។ លោកឡាមេកដែលជាកូនចៅម្នាក់របស់កាអ៊ីននោះ ក៏បានក្លាយជាមនុស្សឃោរឃៅដូចជាបុព្វបុរសរបស់គាត់ដែលមិនស្ដាប់តាមព្រះ។ ប៉ុន្តែ ខ្សែស្រឡាយរបស់កាអ៊ីនបានត្រូវបំផ្លាញចោលក្នុងទឹកជំនន់នៅសម័យលោកណូអេ។—លោកុប្បត្តិ ៤:១៧-២៤
មេរៀនសំរាប់យើង
យើងអាចរៀនចំណុចសំខាន់ៗពីកំណត់ហេតុអំពីកាអ៊ីននឹងអេបិល។ សាវ័កប៉ុលបានដាស់តឿនគ្រីស្ទានទាំងឡាយឲ្យស្រឡាញ់គ្នា«មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ»។ «ការរបស់»កាអ៊ីន«សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញ»។ យ៉ូហានក៏មានប្រសាសន៍ថា៖ «អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»។ ពិតមែនហើយ របៀបយើងប្រព្រឹត្តទៅលើគ្រីស្ទានគ្នីគ្នាមានអានុភាពទៅលើទំនាក់ទំនងរបស់យើងជាមួយព្រះនិងសេចក្ដីសង្ឃឹមរបស់យើងចំពោះជីវិតជារៀងរហូត។ យើងមិនអាចស្អប់អ្នកជឿគ្នីគ្នាណាម្នាក់ហើយពេញព្រះហឫទ័យរបស់ព្រះបានឡើយ។—យ៉ូហានទី១ ៣:១១-១៥; ៤:២០
កាអ៊ីននិងអេបិលបានមានការចិញ្ចឹមអប់រំស្រដៀងគ្នា តែកាអ៊ីនគ្មានជំនឿទៅលើព្រះទេ។ តាមពិតទៅ គាត់បានបង្ហាញចិត្តគំនិតដូចជាអារក្សវិញ ពីព្រោះអារក្សជាអ្នក‹សំឡាប់គេតាំងពីដើមមកនិងជាឪពុកនៃសេចក្ដីភូតភរ›។ (យ៉ូហាន ៨:៤៤) ខ្សែជីវិតរបស់កាអ៊ីនបង្ហាញថាយើងទាំងអស់គ្នាអាចសម្រេចចិត្តបាន ហើយក៏បង្ហាញថាអ្នកដែលធ្វើបាបពិតជាចង់ពង្រាត់ខ្លួនឲ្យឆ្ងាយពីព្រះហើយ ថែមទាំងបង្ហាញទៀតថាព្រះយេហូវ៉ាដាក់ទោសចំពោះអ្នកដែលមិនប្រែចិត្តវិញ។
ម្យ៉ាងវិញទៀតនោះ អេបិលបានអនុវត្តជំនឿទៅលើព្រះយេហូវ៉ា។ ពិតមែនហើយ «ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង»។ ទោះជាបទគម្ពីរគ្មានពាក្យណាសោះដែលអេបិលបានពោលនោះ តែគាត់«គង់តែនៅមាននិយាយទៅទៀត»តាមរយៈជំនឿរបស់គាត់ដែលជាគំរូដ៏ប្រសើរមួយ។—ហេព្រើរ ១១:៤
អេបិលគឺជាអ្នកស្មោះត្រង់មុនគេ។ ឈាមរបស់គាត់ដែលជា‹សំរែកពីដីឡើងទៅដល់ព្រះយេហូវ៉ា›នោះ មិនបានត្រូវបំភ្លេចចោលឡើយ។ (លោកុប្បត្តិ ៤:១០; លូកា ១១:៤៨-៥១) បើសិនជាយើងអនុវត្តជំនឿដូចអេបិលនោះ យើងក៏អាចរីករាយនឹងទំនាក់ទំនងដ៏ល្អជាមួយនឹងព្រះយេហូវ៉ាជារៀងរហូតបាន។
[ប្រអប់នៅទំព័រ៣១]
កសិករនិងអ្នកគង្វាលចៀម
ការដាំដុះនិងការថែរក្សាសត្វគឺជាកិច្ចការដំបូងខ្លះៗដែលព្រះបានប្រគល់ដល់អ័ដាម។ (លោកុប្បត្តិ ១:២៨; ២:១៥; ៣:២៣) កាអ៊ីនជាកូនប្រុសអ័ដាមបានធ្វើជាកសិករម្នាក់ ហើយអេបិលជាអ្នកគង្វាលចៀម។ (លោកុប្បត្តិ ៤:២) ក៏ប៉ុន្តែ ហេតុអ្វីពួកគេឃ្វាលចៀមដូច្នេះ បើការពិតម្ហូបអាហាររបស់មនុស្សជាតិគឺជាផ្លែឈើនិងបន្លែ រហូតទាល់តែក្រោយទឹកជំនន់ទើបបរិភោគសាច់បាននោះ?—លោកុប្បត្តិ ១:២៩; ៩:៣, ៤
ដើម្បីលូតលាស់ ចៀមត្រូវតែមានមនុស្សថែរក្សា។ មុខងាររបស់អេបិលជាភស្តុតាងបញ្ជាក់ថា មនុស្សបានចិញ្ចឹមសត្វតាំងពីដើមដំបូងនៃប្រវត្ដិសាស្ត្រមកម្ល៉េះ។ បទគម្ពីរមិនចែងថាតើមនុស្សនៅគ្រាដំបូងនោះធ្លាប់ប្រើទឹកដោះសត្វជាអាហារឬក៏យ៉ាងណាទេ តែសូម្បីតែអ្នកដែលបរិភោគតែបន្លែក៏អាចប្រើរោមចៀមបានដែរ។ ហើយពេលសត្វចៀមងាប់ទៅ ស្បែករបស់វាមានប្រយោជន៍ច្រើនយ៉ាងណាស់។ តួយ៉ាងដូចជាព្រះយេហូវ៉ាបានប្រើធ្វើជា«អាវពីស្បែក»សំរាប់ជាសំលៀកបំពាក់ឲ្យអ័ដាមនិងអេវ៉ា។—លោកុប្បត្តិ ៣:២១
ទោះជាយ៉ាងណាក៏ដោយ ការសន្និដ្ឋានថាកាអ៊ីននិងអេបិលធ្លាប់ធ្វើការនេះជាមួយគ្នាគឺជាគំនិតដ៏សមហេតុសមផល។ ពួកគាត់បានជួយផលិតអ្វីដែលសមាជិកក្រុមគ្រួសាររបស់គាត់ត្រូវការដើម្បីមានសំលៀកបំពាក់និងម្ហូបអាហារ។
[រូបភាពនៅទំព័រ៣២]
«ការរបស់»កាអ៊ីន«សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញ»។