ចូរយកតម្រាប់តាមជំនឿរបស់ពួកគាត់
‹ទោះជាគាត់បានស្លាប់ហើយក្ដី ក៏គាត់និយាយនៅឡើយ›
អេបិលមើលហ្វូងចៀមរបស់គាត់ដែលកំពុងស៊ីស្មៅយ៉ាងស្ងៀមស្ងាត់នៅជម្រាលភ្នំ។ ក្រោយមក គាត់ប្រហែលជាមើលទៅឆ្ងាយហួសហ្វូងសត្វ ទៅកន្លែងមួយដែលមានពន្លឺភ្លឺព្រឹមៗ។ អេបិលដឹងថានៅទីនោះមានដាវ ដែលជាអណ្ដាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីបិទផ្លូវចូលសួនអេដែន។ ឪពុកម្ដាយរបស់គាត់ធ្លាប់រស់នៅក្នុងសួនអេដែន ប៉ុន្តែឥឡូវពួកគាត់មិនអាចចូលទៅបានទេ ហើយកូនរបស់ពួកគាត់ក៏មិនអាចចូលទៅបានដែរ។ សូមនឹកស្រមៃថាគឺពេលរសៀល ហើយខ្យល់បក់ប៊ើងសក់អេបិលកាលដែលគាត់ងើយមើលទៅលើ រួចគិតអំពីព្រះដែលបានបង្កើតគាត់។ គាត់ប្រហែលឆ្ងល់ថា ‹តើមនុស្សនឹងអាចជានាជាមួយនឹងព្រះឡើងវិញបានទេ?›។ គ្មានអ្វីដែលអេបិលចង់បានខ្លាំងជាងចំណងមិត្តភាពជាមួយនឹងព្រះទេ។
អេបិលកំពុងនិយាយទៅកាន់អ្នកសព្វថ្ងៃនេះ។ តើអ្នកអាចឮសំឡេងរបស់គាត់ទេ? អ្នកប្រហែលជាគិតថា នេះមិនអាចកើតឡើងបានឡើយ ពីព្រោះអេបិលដែលជាកូនទី២របស់អាដាមបានស្លាប់យូរហើយ។ សូម្បីតែសពអេបិលក៏បានរលាយសាបសូន្យជាធូលីដីអស់ជិត៦.០០០ឆ្នាំហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ គម្ពីរបញ្ជាក់អំពីមនុស្សស្លាប់ថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ (សាស្ដា ៩:៥, ១០) ម្យ៉ាងទៀត គម្ពីរគ្មានចែងសោះអំពីអ្វីដែលអេបិលបាននិយាយ សូម្បីតែមួយម៉ាត់ក៏ដោយ។ ដូច្នេះ តើអេបិលអាចនិយាយមកកាន់យើងយ៉ាងដូចម្ដេចបាន?
សាវ័កប៉ូលបានត្រូវដឹកនាំឲ្យសរសេរថា៖ «ទោះជាអេបិលបានស្លាប់ហើយក៏ដោយ ក៏គាត់និយាយនៅឡើយ តាមរយៈជំនឿរបស់គាត់»។ (ហេប្រឺ ១១:៤) ដូច្នេះ តើអេបិលនិយាយមកយើងយ៉ាងដូចម្ដេច? គឺតាមរយៈជំនឿរបស់គាត់។ អេបិលជាមនុស្សជាតិដំបូងដែលមានគុណសម្បត្ដិដ៏ប្រសើរឯក ពោលគឺជំនឿ។ គាត់បានបង្ហាញឲ្យឃើញជំនឿរបស់គាត់ច្បាស់ដ៏ម្ល៉េះ ដែលគំរូរបស់គាត់ហាក់ដូចជានៅរស់នៅឡើយ ហើយយើងអាចធ្វើតាមគំរូនោះនៅសព្វថ្ងៃនេះដែរ។ បើយើងទាញយកមេរៀនពីគំរូរបស់អេបិលស្តីអំពីជំនឿ ហើយព្យាយាមធ្វើតាមគំរូរបស់គាត់ នោះមានន័យថាយើងកំពុងស្ដាប់អ្វីដែលអេបិលកំពុងនិយាយមកកាន់យើងមែន។
ក៏ប៉ុន្តែ គម្ពីរចែងតិចណាស់អំពីអេបិល ដូច្នេះតើយើងអាចរៀនអ្វីខ្លះពីអេបិលនិងគំរូស្តីអំពីជំនឿរបស់គាត់? សូមពិចារណាព័ត៌មានតទៅនេះ។
ការធំឡើងនៅដើមប្រវត្ដិសាស្ត្រមនុស្សជាតិ
អេបិលបានកើតនៅជិតដើមប្រវត្ដិសាស្ត្រមនុស្សជាតិ។ លោកយេស៊ូបានមានប្រសាសន៍ថា អេបិលរស់នៅ«កំណើតពិភពលោក»។ (លូកា ១១:៥០, ៥១) តាមមើលទៅ លោកយេស៊ូប្រើពាក្យថាពិភពលោកសំដៅទៅលើមនុស្សដែលអាចត្រូវលោះឲ្យរួចពីភាពខុសឆ្គង។ ពិតមែនតែអេបិលជាមនុស្សទី៤ដែលរស់នៅផែនដី ប៉ុន្តែតាមមើលទៅគាត់ជាមនុស្សដំបូងដែលព្រះចាត់ទុកថាសមនឹងលោះ។a ដូច្នេះនេះបញ្ជាក់យ៉ាងច្បាស់ថា អេបិលមិនបានធំឡើងក្នុងចំណោមមនុស្សដែលជាគំរូល្អនោះទេ។
ទោះបីគ្រានោះជាដើមប្រវត្ដិសាស្ត្រមនុស្សជាតិក៏ដោយ ក៏មនុស្សមានជីវិតកម្សត់ណាស់។ ឪពុកម្ដាយរបស់អេបិល គឺអាដាមនិងអេវ៉ាទំនងជាស្អាតណាស់ ហើយមានកម្លាំងច្រើន។ ប៉ុន្តែពួកគាត់បានធ្វើខុស ហើយដឹងថាកំហុសនោះធ្ងន់ប៉ុនណា។ ពីមុន អាដាមនិងអេវ៉ាធ្លាប់ល្អឥតខ្ចោះ ដោយមានលទ្ធភាពរស់ជារៀងរហូត។ តែក្រោយមកពួកគាត់បែរជាប្រឆាំងព្រះយេហូវ៉ា ហើយបានត្រូវបណ្ដេញចេញពីសួនឧទ្យានអេដែនដែលជាលំនៅរបស់ពួកគាត់។ អាដាមនិងអេវ៉ាបានចាត់ទុកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនថាសំខាន់ជាងអ្វីឯទៀតទាំងអស់ សូម្បីតែសេចក្ដីត្រូវការរបស់កូនចៅពួកគាត់ក៏មិនសំខាន់ដូចសេចក្ដីប៉ងប្រាថ្នារបស់ពួកគាត់ដែរ។ ដោយហេតុនោះពួកគាត់បានបាត់បង់នូវភាពល្អឥតខ្ចោះនិងជីវិតដែលគ្មានទីបញ្ចប់។—លោកុប្បត្តិ ២:១៥–៣:២៤
ក្រោយពីបានត្រូវបណ្ដេញចេញពីសួន អាដាមនិងអេវ៉ាមានជីវិតពិបាកណាស់ដែលត្រូវរស់នៅខាងក្រៅ។ ប៉ុន្តែ ពេលដែលកូនច្បងបានកើតមក ពួកគាត់ដាក់ឈ្មោះកូននោះថាកាអ៊ីនដែលមានន័យថា«អ្វីដែលបានត្រូវបង្កើត» ហើយអេវ៉ាបានពោលថា៖ «អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន»។ សម្ដីរបស់នាងប្រហែលជាមានន័យថា នាងបាននឹកឃើញសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅសួនអេដែន ដែលបានប្រកាសទុកជាមុនថានឹងមានស្ត្រីម្នាក់បង្កើត«ពូជ»មួយ ហើយនៅថ្ងៃមួយពូជនោះនឹងបំផ្លាញបុគ្គលទុច្ចរិតនោះដែលបាននាំឲ្យអាដាមនិងអេវ៉ាវង្វេង។ (លោកុប្បត្តិ ៣:១៥; ៤:១) តើអេវ៉ាបាននឹកស្មានថានាងជាស្ត្រីក្នុងទំនាយនោះ ហើយកាអ៊ីនជា«ពូជ»ដែលព្រះបានសន្យាចាត់ឲ្យមកឬទេ?
បើនាងគិតដូច្នេះ នាងច្រឡំធំមែន។ ម្យ៉ាងទៀត បើនាងនិងអាដាមបានបញ្ចេះកាអ៊ីនឲ្យគិតដូច្នេះដែរកាលដែលគាត់កំពុងធំឡើង នោះប្រាកដជាមិនបានធ្វើឲ្យកាអ៊ីនមានចិត្តរាបទាបទេ។ ក្រោយមក អេវ៉ាមានកូនប្រុសមួយទៀត ប៉ុន្តែយើងមិនឃើញថាអេវ៉ាបាននិយាយសរសើរតម្កើងកូនទី២នោះទេ។ ពួកគាត់ដាក់ឈ្មោះកូនប្រុសទី២នេះថា«ខ្យល់ដង្ហើម»ឬ«អសារឥតការ»។ (លោកុប្បត្តិ ៤:២) តើពួកគាត់ដាក់ឈ្មោះកូនដូច្នេះដោយសារមិនសូវសង្ឃឹមលើកូនប្រុសនេះប៉ុន្មានទេ តែសង្ឃឹមលើកាអ៊ីនច្រើនជាងឬទេ? យើងមិនដឹងប្រាកដទេ។
យ៉ាងណាមិញ ឪពុកម្ដាយសព្វថ្ងៃនេះអាចរៀនច្រើនដោយមើលគំរូឪពុកម្ដាយដំបូងនោះ។ ដោយពាក្យសម្ដីនិងការប្រព្រឹត្ត តើអ្នកនឹងធ្វើឲ្យកូនរបស់អ្នកមានអំណួត មហិច្ឆតា និងអាត្មានិយមឬទេ? ឬតើអ្នកនឹងបង្រៀនកូនឲ្យស្រឡាញ់ព្រះយេហូវ៉ានិងខំឲ្យមានមិត្តភាពជាមួយនឹងលោកវិញ? គួរឲ្យស្ដាយណាស់ ឪពុកម្ដាយដំបូងបានខកខានបំពេញភារកិច្ចរបស់ពួកគាត់។ តែកូនរបស់ពួកគាត់នៅមានសង្ឃឹម។
តើអ្វីធ្វើឲ្យអេបិលមានជំនឿ?
កាលដែលអេបិលនិងកាអ៊ីនកំពុងធំឡើង អាដាមទំនងជាបានបង្រៀនពួកគាត់ឲ្យចេះធ្វើកិច្ចការចាំបាច់ផ្សេងៗជាប្រយោជន៍ដល់ក្រុមគ្រួសារ។ កាអ៊ីនបានធ្វើកសិកម្ម ហើយអេបិលបានឃ្វាលសត្វ។
ក៏ប៉ុន្តែ អេបិលបានធ្វើអ្វីមួយដែលសំខាន់ជាងនោះទៅទៀត។ ពីមួយឆ្នាំទៅមួយឆ្នាំគាត់ចាប់ផ្ដើមមានជំនឿ ជាគុណសម្បត្ដិដ៏ប្រសើរឯកដែលសាវ័កប៉ូលបានរៀបរាប់ក្រោយមក។ សូមគិតអំពីរឿងនោះ។ អេបិលគ្មានគំរូល្អជាមនុស្សដែលគាត់អាចធ្វើតាមទេ។ បើដូច្នេះតើអ្វីបានធ្វើឲ្យគាត់មានជំនឿលើព្រះយេហូវ៉ា? សូមពិចារណាចំណុចបីយ៉ាងដែលទំនងជាមូលដ្ឋានរឹងមាំនៃជំនឿរបស់អេបិល។
អ្វីដែលព្រះយេហូវ៉ាបានបង្កើត។ ព្រះយេហូវ៉ាបានដាក់បណ្ដាសាលើដី ធ្វើឲ្យដុះជាបន្លានិងអញ្ចាញដែលធ្វើឲ្យពិបាកធ្វើកសិកម្ម។ ទោះជាយ៉ាងនោះក៏ដោយ ដីនៅតែបង្កើតផលបរិបូរដែលក្រុមគ្រួសារអេបិលត្រូវការដើម្បីរស់។ ម្យ៉ាងទៀត គ្មានបណ្ដាសាណាលើសត្វផ្សេងៗ ដូចជាសត្វស្លាបនិងត្រី ឬលើបឹង ស្ទឹង សមុទ្រ ភ្នំ មេឃ ពពក ផ្កាយ ខែ និងថ្ងៃទេ។ គ្រប់កន្លែងដែលអេបិលមើល គាត់ឃើញភ័ស្តុតាងបញ្ជាក់ថាព្រះយេហូវ៉ា ដែលជាអ្នកបង្កើតអ្វីៗទាំងអស់ មានសេចក្ដីស្រឡាញ់ គុណធម៌ និងប្រាជ្ញាដ៏ជ្រាលជ្រៅ។ (រ៉ូម ១:២០) ការរំពឹងគិតអំពីអ្វីៗទាំងនេះដោយមានចិត្តកតញ្ញូបានពង្រឹងជំនឿរបស់គាត់។
អេបិលប្រាកដជាបានចំណាយពេលរំពឹងគិតអំពីព្រះយេហូវ៉ា។ សូមនឹកស្រមៃអំពីគាត់កំពុងថែហ្វូងសត្វរបស់គាត់។ ជីវិតរបស់គង្វាលម្នាក់តម្រូវឲ្យដើរច្រើនណាស់។ គាត់នាំសត្វស្លូតទាំងនោះឡើងលើភ្នំតូចៗ ទៅក្នុងជ្រលងផ្សេងៗ ឆ្លងកាត់ទន្លេ ដោយខំរកវាលស្មៅខៀវខ្ចីបំផុត ទឹកច្រើនបំផុត និងទីមានជម្រកល្អបំផុត។ ក្នុងចំណោមសត្វទាំងអស់ដែលព្រះបានបង្កើត សត្វចៀមមើលទៅដូចជាសត្វដែលត្រូវការជំនួយច្រើនជាងគេ ដូចជាសត្វនោះបានត្រូវបង្កើតឲ្យត្រូវការមនុស្សដើម្បីនាំនិងការពារពួកវា។ តើអេបិលបាននឹកឃើញថាគាត់ក៏ត្រូវការអ្នកដែលមានប្រាជ្ញានិងឫទ្ធានុភាពច្រើនជាងមនុស្សឆ្ងាយណាស់ ដើម្បីណែនាំ ការពារ និងថែរក្សាគាត់ឬ? គាត់ច្បាស់ជាបានអធិដ្ឋានច្រើនហើយបញ្ជាក់គំនិតបែបនេះ ហើយជាលទ្ធផលជំនឿរបស់គាត់ក៏កាន់តែរឹងមាំទៅ។
សេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ អាដាមនិងអេវ៉ាប្រាកដជាបានប្រាប់កូនប្រុសៗអំពីអ្វីដែលបានកើតឡើងក្នុងសួនអេដែនដែលនាំឲ្យព្រះបណ្ដេញពួកគាត់ចេញ។ ដូច្នេះ អេបិលមានរឿងច្រើនដែលគាត់អាចរំពឹងគិត។
ព្រះយេហូវ៉ាបានមានប្រសាសន៍ថាដីនឹងត្រូវបណ្ដាសា។ អេបិលអាចឃើញបន្លានិងអញ្ចាញច្បាស់ណាស់ ហើយនេះបញ្ជាក់ថាប្រសាសន៍របស់ព្រះយេហូវ៉ាបានកើតឡើងមែន។ ព្រះយេហូវ៉ាក៏បានប្រកាសជាមុនថាអេវ៉ានឹងឈឺចាប់ពេលមានទម្ងន់និងសម្រាលកូន។ កាលដែលប្អូនៗរបស់អេបិលបានកើតមក គាត់ច្បាស់ជាឃើញថាពាក្យនោះបានទៅជាការពិតមែន។ ព្រះយេហូវ៉ាក៏បានជ្រាបនិងប្រកាសទុកជាមុនថា អេវ៉ានិងត្រូវការហួសហេតុនូវសេចក្ដីស្រឡាញ់និងការថែរក្សាពីប្ដី ហើយអាដាមនិងត្រួតត្រានាង។ អេបិលឃើញការពិតដ៏គួរឲ្យស្ដាយនោះដោយផ្ទាល់ភ្នែក។ ក្នុងករណីទាំងអស់ អេបិលឃើញថា ប្រសាសន៍របស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្តទាំងស្រុង។ ដូច្នេះ អេបិលមានមូលហេតុច្បាស់លាស់ដើម្បីមានជំនឿលើសេចក្ដីសន្យារបស់ព្រះស្តីអំពី«ពូជ»ដែលនៅថ្ងៃមួយនឹងកែតម្រូវអ្វីៗដែលខុសតាំងពីសួនអេដែនមក។—លោកុប្បត្តិ ៣:១៥-១៩
អ្នកបម្រើព្រះយេហូវ៉ា។ គ្មានមនុស្សជាតិណាដែលអាចធ្វើជាគំរូល្អសម្រាប់អេបិលបានឡើយ ប៉ុន្តែមិនមានតែមនុស្សប៉ុណ្ណោះនៅផែនដីនៅពេលនោះទេ។ ពេលដែលអាដាមនិងអេវ៉ាបានត្រូវបណ្ដេញចេញពីសួនអេដែន ព្រះយេហូវ៉ាបានការពារកុំឲ្យពួកគាត់ឬកូនណាមួយរបស់ពួកគាត់ចូលក្នុងសួនឧទ្យាននោះម្ដងទៀតឡើយ។ ដើម្បីការពារច្រកចូល ព្រះយេហូវ៉ាបានចាត់ចេរូប៊ីន ដែលជាទេវតាមានឋានៈខ្ពស់ ព្រមទាំងដាក់ដាវជាអណ្ដាតភ្លើងដែលវិលជានិច្ច។—លោកុប្បត្តិ ៣:២៤
សូមស្រមៃគិតអំពីអេបិលកំពុងមើលចេរូប៊ីនទាំងនោះពេលដែលគាត់នៅជាក្មេងតូច។ ដោយសារទេវតាទាំងនោះបានកាឡាខ្លួនជាមនុស្ស អេបិលអាចមើលឃើញពួកគេបាន ហើយអាចឃើញថាពួកគេមានឫទ្ធានុភាពខ្លាំងក្លា។ ម្យ៉ាងទៀត «ដាវដែលជាអណ្ដាតភ្លើង»ដែលវិលឥតឈប់នោះ គឺអស្ចារ្យគួរឲ្យខ្លាចផងដែរ។ កាលដែលអេបិលកំពុងធំឡើង តើគាត់ធ្លាប់ឃើញថាចេរូប៊ីនទាំងនោះទៅជាអផ្សុក ហើយចេញពីកន្លែងភារកិច្ចរបស់ពួកគេឬទេ? មិនមែនទេ ទាំងយប់ទាំងថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ បុគ្គលវិញ្ញាណខ្លាំងក្លាទាំងនោះមិនបានចេញពីកន្លែងសោះ។ យ៉ាងនោះ អេបិលដឹងថាព្រះយេហូវ៉ាមានអ្នកបម្រើដែលសុចរិតនិងស្មោះត្រង់ជានិច្ច។ គំរូរបស់ចេរូប៊ីនទាំងនោះបានបង្ហាញអេបិលអំពីភាពស្មោះត្រង់និងការស្ដាប់បង្គាប់ព្រះយេហូវ៉ា។ គ្មានអ្នកណាក្នុងក្រុមគ្រួសារអេបិលបានទុកគំរូបែបនោះទេ។ គំរូរបស់ទេវតាទាំងនោះច្បាស់ជាបានពង្រឹងជំនឿរបស់គាត់។
ពេលដែលអេបិលរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបើកបង្ហាញអំពីខ្លួនលោកតាមរយៈអ្វីដែលលោកបានបង្កើត សេចក្ដីសន្យាទាំងប៉ុន្មានរបស់លោក និងគំរូរបស់អ្នកបម្រើលោក នោះបានធ្វើឲ្យជំនឿរបស់អេបិលកាន់តែរឹងមាំទៅៗ។ យើងច្បាស់ជាអាចរៀនច្រើនពីគំរូរបស់គាត់ មែនទេ? ជាពិសេសយុវជនប្រហែលជាទទួលការលើកទឹកចិត្តដោយដឹងថា ពួកគេអាចមានជំនឿពិតប្រាកដទៅលើព្រះយេហូវ៉ា ទោះជាសមាជិកក្រុមគ្រួសាររបស់ពួកគេធ្វើយ៉ាងណាក៏ដោយ។ ដោយសារនៅជុំវិញយើងមានអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើត ហើយយើងមានគម្ពីរទាំងមូល និងគំរូជាច្រើនក្នុងចំណោមមនុស្សដែលមានជំនឿ នោះយើងមានមូលដ្ឋានច្រើនសម្រាប់កសាងជំនឿសព្វថ្ងៃនេះ។
មូលហេតុគ្រឿងបូជារបស់អេបិលគឺប្រសើរ
កាលដែលជំនឿរបស់អេបិលមានកាន់តែខ្លាំងឡើង នោះគាត់ចង់រកវិធីដើម្បីបង្ហាញជំនឿនោះ។ ប៉ុន្តែ តើមនុស្សជាតិម្នាក់អាចឲ្យអ្វីដល់ព្រះដែលបានបង្កើតសកលលោកទាំងមូល? ព្រះប្រាកដជាមិនត្រូវការអំណោយឬជំនួយពីមនុស្សទេ។ នៅពេលក្រោយមក អេបិលចាប់ផ្ដើមយល់សេចក្ដីពិតដ៏ជ្រាលជ្រៅមួយ គឺ បើគាត់មានបំណងចិត្តល្អ គាត់អាចត្រឹមតែជូនអ្វីល្អបំផុតដែលគាត់មានចំពោះព្រះយេហូវ៉ា ហើយបិតារបស់គាត់នៅស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងពេញចិត្តទទួល។
ដូច្នេះអេបិលរៀបចំបូជាចៀមខ្លះពីហ្វូងរបស់គាត់។ គាត់បានជ្រើសរើសកូនចៀមដ៏ល្អបំផុត ជាកូនចៀមច្បង ហើយបានបូជាផ្នែកដែលគាត់គិតថាល្អបំផុតនៃចៀមទាំងនោះ។ ចន្លោះពេលនោះ កាអ៊ីនក៏បានព្យាយាមទទួលពរនិងការពេញចិត្តពីព្រះដែរ ដោយរៀបចំគ្រឿងបូជាពីផលដំណាំរបស់គាត់។ ប៉ុន្តែគាត់គ្មានបំណងចិត្តដូចអេបិលឡើយ។ ភាពខុសគ្នានោះបានសឲ្យឃើញច្បាស់ពេលដែលបងប្អូនទាំងពីរនាក់នោះផ្ដល់គ្រឿងបូជា។
កូនទាំងពីរនាក់របស់អាដាមប្រហែលជាប្រើទីបូជានិងភ្លើងសម្រាប់គ្រឿងបូជារបស់ពួកគាត់ ប្រហែលជាមិនឆ្ងាយពីចេរូប៊ីនទាំងពីរនោះទេ ព្រោះមានតែចេរូប៊ីនទាំងពីរនោះជាតំណាងព្រះយេហូវ៉ានៅផែនដីនៅពេលនោះ។ ព្រះយេហូវ៉ាបានតប! គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់សព្វ ព្រះហឫទ័យចំពោះអេបិល នឹងដង្វាយរបស់គាត់»។ (លោកុប្បត្តិ ៤:៤) គម្ពីរមិនបញ្ជាក់ថាព្រះបង្ហាញថាលោកពេញចិត្តយ៉ាងដូចម្ដេចទេ។ ប៉ុន្តែ ហេតុអ្វីបានជាលោកពេញចិត្តនឹងគ្រឿងបូជារបស់អេបិល?
តើដោយសារគាត់បានបូជាកូនចៀមទេ? អេបិលបានបូជាសត្វដែលមានជីវិត ហើយបានបង្ហូរឈាមវិសេសរបស់វា។ តើអេបិលដឹងថាគ្រឿងបូជាបែបនោះមានតម្លៃឬទេ? រាប់សតវត្សរ៍ក្រោយសម័យរបស់អេបិល ព្រះធ្លាប់ប្រើគ្រឿងបូជាជាកូនចៀមឥតខ្ចោះជាតំណាងការបូជាបុត្រល្អឥតខ្ចោះរបស់លោក ជា«កូនចៀមរបស់ព្រះ» ដែលឈាមរបស់លោកនឹងត្រូវបង្ហូរទោះជាលោកគ្មានទោសក៏ដោយ។ (យ៉ូហាន ១:២៩; និក្ខមនំ ១២:៥-៧) ក៏ប៉ុន្តែ ព័ត៌មានភាគច្រើននោះច្បាស់ជាហួសពីការយល់ដឹងរបស់អេបិល។
អ្វីដែលយើងដឹងប្រាកដគឺថា អេបិលបានជូនអ្វីល្អបំផុតដែលគាត់មាន។ ព្រះយេហូវ៉ាមិនត្រឹមតែពេញចិត្តនឹងគ្រឿងបូជារបស់អេបិលប៉ុណ្ណោះទេ តែក៏ពេញចិត្តនឹងអេបិលដែរ។ អេបិលបានធ្វើដូច្នេះដោយសារសេចក្ដីស្រឡាញ់និងជំនឿពិតប្រាកដទៅលើព្រះយេហូវ៉ាបានជំរុញចិត្តគាត់។
ករណីរបស់កាអ៊ីនគឺខុសគ្នា។ ព្រះយេហូវ៉ា«មិនសព្វព្រះហឫទ័យចំពោះដង្វាយរបស់កាអ៊ីនទេ»។ (លោកុប្បត្តិ ៤:៥) មិនមែនដោយសារគ្រឿងបូជារបស់កាអ៊ីនគឺមិនល្អនោះទេ ព្រោះក្រោយមកច្បាប់របស់ព្រះអនុញ្ញាតឲ្យជូនផលដំណាំជាគ្រឿងបូជា។ (លេវីវិន័យ ៦:១៤, ១៥) ប៉ុន្តែគម្ពីរចែងអំពីកាអ៊ីនថា៖ «អំពើដែលគាត់ធ្លាប់ធ្វើសុទ្ធតែទុច្ចរិត»។ (យ៉ូហានទី១ ៣:១២) តាមមើលទៅ កាអ៊ីនគឺដូចមនុស្សជាច្រើនសព្វថ្ងៃនេះ ដែលគិតថាការបង្ហាញថាមានភក្ដីភាពចំពោះព្រះតែសម្បកក្រៅគឺគ្រប់គ្រាន់។ មិនយូរក្រោយនោះ ការប្រព្រឹត្តរបស់គាត់បានបង្ហាញថាគាត់គ្មានជំនឿលើព្រះយេហូវ៉ាហើយក៏មិនស្រឡាញ់លោកដែរ។
ពេលដែលកាអ៊ីនឃើញថាព្រះមិនពេញចិត្តនឹងគាត់ តើគាត់ខំរៀនពីគំរូរបស់អេបិលទេ? មិនមែនទេ។ គាត់ក្ដៅចិត្តខ្លាំងណាស់ចំពោះប្អូនគាត់។ ព្រះយេហូវ៉ាឃើញអ្វីដែលនៅក្នុងចិត្តរបស់កាអ៊ីន ហើយបានវែកញែកជាមួយគាត់ដោយចិត្តអត់ធ្មត់។ លោកបានព្រមានកាអ៊ីនថា គាត់កំពុងដើរក្នុងផ្លូវដែលនាំឲ្យធ្វើអំពើខុសធ្ងន់ ហើយលោកក៏បានបញ្ជាក់ថាគាត់នឹង«រីករាយ»ឬទទួលការពេញចិត្តពីលោក បើគាត់កែខ្លួន។—លោកុប្បត្តិ ៤:៦, ៧
កាអ៊ីនមិនអើពើនឹងការព្រមានរបស់ព្រះឡើយ។ ផ្ទុយទៅវិញ កាអ៊ីនអញ្ជើញប្អូនរបស់គាត់ឲ្យដើរជាមួយនឹងគាត់ក្នុងវាល។ អេបិលបានទុកចិត្តបងរបស់គាត់ ក៏ដើរជាមួយគាត់ទៅ។ លុះទៅដល់វាលហើយ កាអ៊ីនសម្លាប់អេបិល។ (លោកុប្បត្តិ ៤:៨) ហេតុនេះ ក្នុងន័យមួយ អេបិលក្លាយទៅជាអ្នកមុនគេដែលទទួលរងការបៀតបៀននិងត្រូវគេសម្លាប់ដោយសារជំនឿសាសនា។ ពិតមែនតែគាត់បានស្លាប់ ប៉ុន្តែរឿងរបស់គាត់មិនបានចប់ត្រឹមនោះទេ។
ឈាមរបស់អេបិលហាក់ដូចជាស្រែកសុំព្រះយេហូវ៉ាសងសឹកឬរកយុត្ដិធម៌ឲ្យគាត់។ ម្ល៉ោះហើយ ព្រះបានរកយុត្ដិធម៌ឲ្យគាត់មែន ពេលលោកដាក់ទោសកាអ៊ីនដ៏ទុច្ចរិតនោះដោយសារអំពើអាក្រក់របស់គាត់។ (លោកុប្បត្តិ ៤:៩-១២) សំខាន់ជាងនោះទៅទៀត គំរូរបស់អេបិលស្តីអំពីជំនឿហាក់ដូចជានិយាយមកយើងសព្វថ្ងៃនេះនៅឡើយ។ ជីវិតរបស់គាត់ ដែលប្រហែលជាត្រឹមតែ១០០ឆ្នាំប៉ុណ្ណោះ គឺខ្លីណាស់សម្រាប់មនុស្សនៅសម័យនោះ ប៉ុន្តែគាត់បានប្រើជីវិតនោះតាមរបៀបដែលធ្វើឲ្យព្រះពេញចិត្ត។ ពេលគាត់ស្លាប់ គាត់ដឹងថាព្រះយេហូវ៉ាដែលជាបិតារបស់គាត់នៅស្ថានសួគ៌ បានពេញចិត្តនិងស្រឡាញ់គាត់។ (ហេប្រឺ ១១:៤) ដូច្នេះ យើងអាចជឿជាក់ថា គាត់នៅក្នុងសេចក្ដីនឹកចាំរបស់ព្រះយេហូវ៉ា ចាំទទួលការប្រោសឲ្យរស់ឡើងវិញក្នុងសួនឧទ្យាននៅផែនដី។ (យ៉ូហាន ៥:២៨, ២៩) តើអ្នកនឹងជួបអេបិលនៅទីនោះទេ? អ្នកនឹងអាចជួបគាត់បាន បើអ្នកតាំងចិត្តស្ដាប់អេបិលពេលគាត់និយាយមកកាន់អ្នក រួចអ្នកធ្វើតាមគំរូដ៏ប្រសើររបស់គាត់ស្តីអំពីជំនឿ។
[កំណត់សម្គាល់]
a ក្នុងភាសាដើម ពាក្យថា«កំណើតពិភពលោក»មានន័យជាបឋមថា «សាបព្រោះពូជ» ហើយរួមបញ្ចូលអត្ថន័យអំពីការបង្កើតកូន។ ដូច្នេះ ពាក្យនោះទាក់ទងនឹងកំណើតមនុស្សជាតិដំបូង។ ប៉ុន្តែហេតុអ្វីលោកយេស៊ូបានបញ្ជាក់អំពីអេបិលថា ធ្លាប់រស់នៅ«កំណើតពិភពលោក»ជាជាងកាអ៊ីនជាកូនដំបូងដែលកើតនៅផែនដី? តាមមើលទៅ ការសម្រេចចិត្តនិងការប្រព្រឹត្តរបស់កាអ៊ីនជាការប្រឆាំងព្រះយេហូវ៉ាដោយចេតនា។ កាអ៊ីនក៏ដូចជាឪពុកម្ដាយរបស់គាត់ដែរ ពោលគឺមិនអាចទទួលការប្រោសឲ្យរស់ឡើងវិញនិងការលោះបានឡើយ។
[រូបភាពនៅទំព័រ១២]
[រូបភាពនៅទំព័រ១៣]
អស់មួយជីវិត អេបិលអាចឃើញថាពួកចេរូប៊ីនបម្រើព្រះយេហូវ៉ាដោយស្ដាប់បង្គាប់យ៉ាងស្មោះភក្ដី
[ឃ្លាអក្សរធំនៅទំព័រ១៤]
ពេលអេបិលមើលអ្វីដែលព្រះបង្កើត នោះធ្វើឲ្យគាត់មានជំនឿរឹងមាំទៅលើ អ្នកបង្កើតដែលមានសេចក្ដីស្រឡាញ់
[រូបភាពនៅទំព័រ១៥]
អេបិលបានជូនគ្រឿងបូជាដោយមានជំនឿ តែកាអ៊ីនគ្មានជំនឿទេ