ព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខដល់យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង
«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង . . . សម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។—កូរិនថូសទី២ ១:៣, ៤
១, ២. តើតាមរបៀបណាព្រះយេហូវ៉ាសម្រាលទុក្ខយើងពីសេចក្ដីវេទនា ហើយតើលោកសន្យាអ្វីក្នុងបណ្ដាំរបស់លោក?
បុរសវ័យក្មេងម្នាក់ដែលនៅលីវបានគិតអំពីបទគម្ពីរនៅកូរិនថូសទី១ ៧:២៨ដែលចែងថាពួកអ្នកដែលរៀបការ«នឹងមានការលំបាកផ្សេងៗក្នុងជីវិត»។ បុរសនោះបាននិយាយជាមួយនឹងបងប្រុសម្នាក់ដែលជាអ្នកចាស់ទុំដែលបានរៀបការរួចហើយ។ គាត់បានសួរអ្នកចាស់ទុំនោះថា៖ «តើ‹ការលំបាក›នេះគឺជាអ្វី ហើយបើខ្ញុំរៀបការ តើខ្ញុំនឹងដោះស្រាយ‹ការលំបាក›នោះយ៉ាងដូចម្ដេច?»។ មុនអ្នកចាស់ទុំឆ្លើយសំណួរនោះ គាត់បានប្រាប់បុរសវ័យក្មេងនោះឲ្យគិតអំពីអ្វីមួយទៀតដែលសាវ័កប៉ូលបានសរសេរ។ ប៉ូលបានសរសេរថាព្រះយេហូវ៉ាគឺជា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនា»ឬការលំបាក«សព្វបែបយ៉ាង»។—កូរិនថូសទី២ ១:៣, ៤
២ យើងដឹងថាព្រះយេហូវ៉ាដែលជាបិតារបស់យើងស្រឡាញ់យើង ហើយលោកសម្រាលទុក្ខយើងពេលដែលយើងមានការពិបាក។ អ្នកប្រហែលជាបានចាំអំពីពេលខ្លះដែលព្រះយេហូវ៉ាបានគាំទ្រនិងណែនាំអ្នកតាមរយៈបណ្ដាំរបស់លោក។ យើងអាចជឿជាក់ថាលោកចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុតដូចដែលលោកចង់ឲ្យអ្នកបម្រើរបស់លោកនៅអតីតកាលទទួលប្រយោជន៍ច្រើនបំផុតដែរ។—សូមអាន យេរេមា ២៩:១១, ១២
៣. តើយើងនឹងឆ្លើយសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ តាមធម្មតា គឺស្រួលជាងឲ្យយើងស៊ូទ្រាំនឹងបញ្ហានិងការលំបាកពេលដែលយើងដឹងអំពីមូលហេតុដែលយើងមានបញ្ហានិងការលំបាកនោះ។ ដូច្នេះ តើមានមូលហេតុអ្វីខ្លះដែលយើងអាចមានការលំបាកក្នុងអាពាហ៍ពិពាហ៍ ឬក្នុងក្រុមគ្រួសាររបស់យើង? ម្យ៉ាងទៀត តើគំរូអ្វីខ្លះពីសម័យគម្ពីរនិងនៅសម័យយើងអាចជួយយើងឲ្យទទួលការសម្រាលទុក្ខដែលយើងត្រូវការ? សូមយើងឆ្លើយសំណួរទាំងនេះ ហើយពិចារណាអំពីរបៀបដែលយើងអាចស៊ូទ្រាំពេលយើងមានសេចក្ដីវេទនា។
បញ្ហាក្នុងអាពាហ៍ពិពាហ៍
៤, ៥. តើប្ដីប្រពន្ធប្រហែលជាមានការលំបាកអ្វីខ្លះ?
៤ ក្រោយពីព្រះយេហូវ៉ាបានបង្កើតស្ត្រីទី១ លោកបាននាំនាងទៅឲ្យបុរស ហើយនាងបានទៅជាប្រពន្ធរបស់គាត់។ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤) សព្វថ្ងៃនេះយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ។ (រ៉ូម ៣:២៣) ហេតុនេះពេលដែលបុរសនិងស្ត្រីរៀបការ ពួកគេអាចរំពឹងថាពួកគេនឹងមានបញ្ហា។ ជាឧទាហរណ៍ មុនពេលរៀបការ ស្ត្រីទំនងជាបានស្ដាប់បង្គាប់ឪពុកម្ដាយរបស់នាង។ ប៉ុន្តែ បណ្ដាំរបស់ព្រះចែងថាក្រោយពីរៀបការប្ដីទៅជាប្រមុខរបស់ប្រពន្ធ។ (កូរិនថូសទី១ ១១:៣) មុនដំបូង ប្ដីប្រហែលជាមិនស្រួលឲ្យការណែនាំដល់ប្រពន្ធទេ។ ម្យ៉ាងទៀត ប្រពន្ធក៏ប្រហែលជាមិនស្រួលទទួលយកការណែនាំពីប្ដីជាជាងពីឪពុកម្ដាយរបស់នាង។ មួយវិញទៀត ពេលបុរសនិងស្ត្រីទើបតែរៀបការ ពួកគេប្រហែលជាមានការខ្វែងគំនិតជាមួយនឹងសាច់ថ្លៃរបស់ពួកគេ ហើយនេះក៏អាចជាទុក្ខលំបាកមួយដែរ។
៥ សូមគិតផងដែរអំពីអារម្មណ៍របស់ប្ដីប្រពន្ធពេលដែលពួកគេដឹងថាពួកគេនឹងមានកូន។ ទោះជាពួកគេប្រហែលជាសប្បាយចិត្តខ្លាំងណាស់ក៏ដោយ តាមធម្មតាពួកគេក៏ខ្វល់ចិត្តដែរ។ ពួកគេប្រហែលជាចង់ដឹងថាក្នុងអំឡុងពេលដែលនាងមានផ្ទៃពោះតើនាងនឹងមានសុខភាពល្អឬយ៉ាងណា ហើយពួកគេក៏ប្រហែលជាបារម្ភអំពីសុខភាពរបស់កូនដែរ។ ពួកគេក៏ដឹងដែរថាពួកគេនឹងត្រូវចំណាយលុយច្រើនជាងមុន។ ក្រោយកូនកើតមក ប្ដីប្រពន្ធនឹងត្រូវធ្វើការផ្លាស់ប្ដូរផ្សេងទៀត។ ម្ដាយប្រហែលជាចំណាយពេលភាគច្រើនរបស់ខ្លួនក្នុងការមើលថែកូន។ ដូច្នេះ ប្ដីប្រពន្ធប្រហែលជាមិនអាចផ្ចង់អារម្មណ៍ច្រើនដូចដែលពួកគេធ្លាប់ធ្វើពីមុនចំពោះគ្នាទៅវិញទៅមកនោះទេ។ ឪពុកក៏នឹងមានភារកិច្ចកាន់តែច្រើនដែរ។ គាត់ត្រូវធ្វើឲ្យប្រាកដថាប្រពន្ធនិងកូនមានអ្វីដែលពួកគេត្រូវការ។
៦-៨. តើគូអាពាហ៍ពិពាហ៍ប្រហែលជាមានអារម្មណ៍យ៉ាងណាបើពួកគេមិនអាចមានកូន?
៦ គូអាពាហ៍ពិពាហ៍ខ្លះមានការលំបាកផ្សេងទៀត។ ពួកគេចង់បានកូនយ៉ាងខ្លាំង តែពួកគេមិនអាចមានកូនបានទេ។ ពេលប្រពន្ធមិនអាចមានផ្ទៃពោះ គាត់ប្រហែលជាឈឺចិត្តយ៉ាងខ្លាំង។ (សុភាសិត ១៣:១២) នៅសម័យគម្ពីរ គឺសំខាន់ណាស់ដែលស្ត្រីរៀបការ ហើយមានកូន។ នេះជាមូលហេតុដែលរ៉ាជែលដែលជាប្រពន្ធរបស់យ៉ាកុបធ្លាក់ទឹកចិត្តយ៉ាងខ្លាំងពេលដែលគាត់មិនអាចមានផ្ទៃពោះ តែបងស្រីរបស់គាត់អាចមាន។ (លោកុប្បត្តិ ៣០:១, ២) សព្វថ្ងៃនេះ នៅប្រទេសខ្លះមនុស្សជាច្រើនគិតថាការមានកូនច្រើនគឺសំខាន់ណាស់។ មនុស្សច្រើនតែសួរសាសនទូតដែលកំពុងរស់នៅប្រទេសទាំងនោះអំពីមូលហេតុដែលពួកគាត់មិនមានកូន។ សូម្បីតែក្រោយពីសាសនទូតនោះខំពន្យល់អំពីមូលហេតុដែលពួកគាត់មិនមានកូន អ្នកខ្លះនៅតែនិយាយថា៖ «អ៊ីចឹង យើងនឹងអធិដ្ឋានឲ្យអ្នក!»។
៧ សូមពិចារណាអំពីគំរូរបស់បងស្រីម្នាក់ដែលរស់នៅប្រទេសអង់គ្លេស។ គាត់ចង់មានកូនតាំងពីគាត់នៅក្មេង។ ពេលគាត់ដឹងថាគាត់មិនអាចមានកូនបាន គាត់ឈឺចិត្តជាខ្លាំង។ ក្រោយមក គាត់និងប្ដីរបស់គាត់បានសម្រេចចិត្តយកកូនអ្នកឯទៀតមកចិញ្ចឹម។ ប៉ុន្តែ គាត់នៅតែឈឺចិត្តអស់មួយរយៈពេល។ គាត់និយាយថា៖ «ខ្ញុំបានដឹងថាការយកកូនអ្នកឯទៀតមកចិញ្ចឹមច្បាស់ជាមិនដូចគ្នានឹងការបង្កើតកូនរបស់ខ្លួនទេ»។
៨ គម្ពីរចែងថា៖ «ការបង្កើតកូននឹងរក្សាការពារ»ស្ត្រី។ (ធីម៉ូថេទី១ ២:១៥) ប៉ុន្តែ នេះមិនមានន័យថាគាត់នឹងទទួលជីវិតដែលគ្មានទីបញ្ចប់ដោយសារគាត់មានកូនឡើយ។ ដូច្នេះ តើខគម្ពីរនេះចង់មានន័យយ៉ាងណា? តាមធម្មតា ម្ដាយជាប់រវល់ក្នុងការមើលថែកូននិងផ្ទះសម្បែងរបស់គាត់ ហើយនេះអាចជួយគាត់ឲ្យជៀសវាងពីអ្វីមួយចំនួនដូចជា ការនិយាយដើមអ្នកឯទៀត ឬការជ្រៀតជ្រែកក្នុងរឿងដែលមិនទាក់ទងនឹងគាត់។ (ធីម៉ូថេទី១ ៥:១៣) ទោះជាយ៉ាងនោះក៏ដោយ គាត់ប្រហែលជានៅតែមានបញ្ហាក្នុងអាពាហ៍ពិពាហ៍និងក្នុងក្រុមគ្រួសាររបស់គាត់។
ព្រះយេហូវ៉ាបានសន្យាអំពីអ្វីៗជាច្រើនដែលសម្រាលទុក្ខយើងក្នុងអំឡុងគ្រាដ៏ពិបាក
៩. តើមនុស្សខ្លះដែលបានរៀបការប្រហែលជានឹងមានការលំបាកអ្វីទៀត?
៩ ការលំបាកមួយទៀតដែលមនុស្សខ្លះដែលបានរៀបការប្រហែលជានឹងមានគឺពេលគូរបស់ពួកគេស្លាប់។ ទោះជាពួកគេប្រហែលជាបានគិតថានេះនឹងមិនកើតឡើងចំពោះពួកគេក៏ដោយ មនុស្សជាច្រើនបានប្រឈមមុខនឹងស្ថានភាពដ៏ពិបាកនេះ។ គ្រិស្តសាសនិកជឿលើសេចក្ដីសន្យាស្តីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយនេះសម្រាលទុក្ខពួកគេ។ (យ៉ូហាន ៥:២៨, ២៩) ព្រះយេហូវ៉ាដែលជាបិតារបស់យើងបានសន្យាអំពីអ្វីៗជាច្រើនក្នុងបណ្ដាំរបស់លោកដែលផ្ដល់ការសម្រាលទុក្ខដល់យើងក្នុងអំឡុងគ្រាដ៏ពិបាក។ ឥឡូវនេះ សូមយើងពិចារណាអំពីអ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ាដែលបានទទួលការសម្រាលទុក្ខ ហើយរបៀបដែលការសម្រាលទុក្ខនោះបានជួយពួកគេ។
ការសម្រាលទុក្ខនៅពេលដែលយើងមានសេចក្ដីវេទនា
១០. តើហាណាបានទទួលការសម្រាលទុក្ខយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
១០ សូមពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះហាណាដែលជាប្រពន្ធរបស់អែលកាណា។ គាត់ចង់មានកូន តែមិនអាចមានទេ។ ប៉ុន្តែ ពេនីណាដែលជាប្រពន្ធមួយទៀតរបស់អែលកាណាបានបង្កើតកូនជាច្រើន។ (សូមអាន សាំយូអែលទី១ ១:៤-៧) អ្វីដែលធ្វើឲ្យបញ្ហានេះកាន់តែពិបាកថែមទៀតគឺពេនីណាបានរិះគន់ហាណា«រាល់តែឆ្នាំ»ដោយសាររឿងនេះ។ នោះបានធ្វើឲ្យហាណាឈឺចិត្តយ៉ាងខ្លាំង។ តើគាត់បានធ្វើអ្វីដើម្បីទទួលការសម្រាលទុក្ខ? គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ា។ ហាណាថែមទាំងបានទៅទីកន្លែងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយបានអធិដ្ឋានយ៉ាងយូរ។ គាត់បានសុំព្រះយេហូវ៉ាផ្ដល់កូនប្រុសមួយឲ្យគាត់ ហើយគាត់បានទុកចិត្តថាលោកនឹងជួយគាត់។ ក្រោយពីគាត់បានអធិដ្ឋានចប់ គាត់មានអារម្មណ៍ធូរស្រាលជាង ហើយគាត់«ក៏បាត់ទឹកមុខព្រួយ»។ (សាំយូអែលទី១ ១:១២, ១៧, ១៨) គាត់បានជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់កូនប្រុសមួយឲ្យគាត់ ឬថាលោកនឹងសម្រាលទុក្ខគាត់តាមវិធីផ្សេងទៀត។
១១. តើសេចក្ដីអធិដ្ឋានអាចសម្រាលទុក្ខយើងយ៉ាងដូចម្ដេច?
១១ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយរស់នៅក្នុងពិភពលោករបស់សាថាន នោះយើងនឹងបន្តមានទុក្ខវេទនា។ (យ៉ូហានទី១ ៥:១៩) ប៉ុន្តែ យើងមានជំនួយ។ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាដែល«ជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ នេះជាអ្វីដែលហាណាបានធ្វើ។ គាត់បានប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់គាត់ ហើយបានអង្វរសុំលោកឲ្យជួយ។ ស្រដៀងគ្នាដែរ ពេលយើងរងទុក្ខ យើងមិនគ្រាន់តែគួរប្រាប់ព្រះយេហូវ៉ាអំពីបញ្ហារបស់យើងប៉ុណ្ណោះទេ។ តែយើងត្រូវអង្វរសុំលោកឲ្យជួយ ហើយប្រាប់លោកអំពីអារម្មណ៍របស់យើង។—ភីលីព ៤:៦, ៧
១២. សូម្បីតែអាណាមានទុក្ខវេទនាក្ដី តើអ្វីបានជួយគាត់ឲ្យមានអំណរ?
១២ យើងប្រហែលជាកើតទុក្ខយ៉ាងខ្លាំងដោយសារយើងមិនមានកូន ឬដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់។ ប៉ុន្តែ យើងនៅតែអាចទទួលការសម្រាលទុក្ខ។ សូមពិចារណាអំពីគំរូរបស់អាណាដែលបានរស់នៅសម័យលោកយេស៊ូ។ ក្រោយពីគាត់បានរៀបការតែ៧ឆ្នាំប៉ុណ្ណោះ ប្ដីរបស់គាត់បានស្លាប់។ ម្យ៉ាងទៀត តាមមើលទៅគាត់គ្មានកូនទេ។ ប៉ុន្តែ តើអ្វីបានជួយគាត់? គាត់«ពុំដែលខានទៅវិហារឡើយ»។ សូម្បីតែពេលអាណាមានអាយុ៨៤ឆ្នាំក្ដី គាត់នៅតែទៅវិហារដើម្បីអធិដ្ឋាននិងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ (លូកា ២:៣៧) នេះបានសម្រាលទុក្ខគាត់ ហើយបានជួយគាត់ឲ្យមានអំណរ សូម្បីតែគាត់មានទុក្ខវេទនាក្ដី។
១៣. បើសាច់ញាតិរបស់យើងធ្វើឲ្យយើងខកចិត្ត តើមិត្តភក្ដិពិតអាចសម្រាលទុក្ខយើងយ៉ាងដូចម្ដេច?
១៣ យើងក៏អាចទទួលការសម្រាលទុក្ខពីមិត្តភក្ដិពិតដែលយើងមានក្នុងក្រុមជំនុំ។ (សុភាសិត ១៨:២៤) ពេលបងស្រីផូឡាមានអាយុតែប្រាំឆ្នាំប៉ុណ្ណោះ ម្ដាយរបស់គាត់បានឈប់បម្រើព្រះយេហូវ៉ា។ បងផូឡាឈឺចិត្តយ៉ាងខ្លាំង ហើយការយកឈ្នះទុក្ខលំបាកនោះគឺមិនស្រួលសម្រាប់គាត់ទេ។ ប៉ុន្តែ ក្រោយមកបងស្រីម្នាក់ឈ្មោះអានដែលជាអ្នកត្រួសត្រាយបានលើកទឹកចិត្តគាត់ ហើយបានយកចិត្តទុកដាក់ចំពោះគាត់។ បងផូឡារៀបរាប់ថា៖ «ទោះជាបងអានមិនមែនជាសាច់ញាតិខ្ញុំក៏ដោយ ការយកចិត្តទុកដាក់របស់គាត់ដែលប្រកបដោយសេចក្ដីស្រឡាញ់បានជួយខ្ញុំជាច្រើនក្នុងការបន្តបម្រើព្រះយេហូវ៉ា»។ ក្រោយមក ម្ដាយរបស់បងផូឡាបានត្រឡប់មកក្រុមជំនុំវិញ ហើយនេះធ្វើឲ្យបងផូឡាសប្បាយចិត្តណាស់។ បងអានក៏សប្បាយចិត្តដែរដែលគាត់បានជួយបងផូឡាឲ្យបន្តបម្រើព្រះយេហូវ៉ា។
១៤. តើយើងទទួលប្រយោជន៍អ្វីពេលដែលយើងសម្រាលទុក្ខអ្នកឯទៀត?
១៤ ពេលយើងជាប់រវល់ក្នុងការធ្វើល្អដល់អ្នកឯទៀត យើងច្រើនតែភ្លេចអំពីបញ្ហារបស់ខ្លួន។ ជាឧទាហរណ៍ បងស្រីជាច្រើននាក់ទាំងអ្នកដែលនៅលីវទាំងអ្នកដែលបានរៀបការហើយ ដឹងថាពេលដែលពួកគេផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ពួកគេកំពុងរួមការងារជាមួយនឹងព្រះយេហូវ៉ា ហើយកំពុងធ្វើតាមបំណងប្រាថ្នារបស់លោក។ នេះធ្វើឲ្យពួកគេសប្បាយរីករាយ។ តាមពិត យើងទាំងអស់គ្នាអាចបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដោយផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ។ ម្យ៉ាងទៀត ពេលដែលយើងធ្វើល្អដល់បងប្អូនរបស់យើង យើងកាន់តែមានភាពជិតស្និទ្ធជាមួយនឹងពួកគេ។ (ភីលីព ២:៤) នេះជាអ្វីដែលសាវ័កប៉ូលបានធ្វើ។ គាត់បានយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដូច«ម្ដាយដែលបំបៅកូន ស្រឡាញ់ថ្នាក់ថ្នមកូន»។ ប៉ូលក៏បានសម្រាលទុក្ខនិងលើកទឹកចិត្តបងប្អូនរបស់គាត់«ដូចឪពុកប្រព្រឹត្តចំពោះកូន»ដែរ។—សូមអាន ថែស្សាឡូនិចទី១ ២:៧, ១១, ១២
ការសម្រាលទុក្ខចំពោះក្រុមគ្រួសារ
១៥. តើអ្នកណាមានភារកិច្ចបង្រៀនកូនៗអំពីព្រះយេហូវ៉ា?
១៥ តើតាមរបៀបណាយើងអាចសម្រាលទុក្ខក្រុមគ្រួសារក្នុងក្រុមជំនុំ? នៅពេលខ្លះ អ្នកថ្មីប្រហែលជាសុំយើងជួយពួកគេឲ្យបង្រៀនកូនៗរបស់ពួកគេអំពីព្រះយេហូវ៉ា ឬថែមទាំងសិក្សាគម្ពីរជាមួយនឹងកូនៗរបស់ពួកគេ។ គម្ពីរបង្ហាញថាព្រះយេហូវ៉ាឲ្យឪពុកម្ដាយនូវភារកិច្ចបង្រៀននិងអប់រំកូនរបស់ខ្លួន។ (សុភាសិត ២៣:២២; អេភេសូរ ៦:១-៤) ទោះជាមានករណីខ្លះដែលអ្នកឯទៀតអាចជួយអ្នកដែលជាឪពុកម្ដាយក្ដី គឺសំខាន់ណាស់ដែលឪពុកម្ដាយបង្រៀនកូនៗដោយផ្ទាល់។ ឪពុកម្ដាយត្រូវនិយាយជាមួយនឹងកូនៗជាទៀងទាត់។
ឪពុកម្ដាយត្រូវនិយាយជាមួយនឹងកូនៗជាទៀងទាត់
១៦. តើយើងគួរចាំអំពីអ្វីពេលយើងជួយកូនៗរបស់អ្នកឯទៀត?
១៦ ពេលដែលឪពុកឬម្ដាយសុំយើងឲ្យសិក្សាគម្ពីរជាមួយនឹងកូនរបស់គាត់ ជាការល្អដែលយើងចាំថាយើងមិនមានសិទ្ធិដូចឪពុកឬម្ដាយនោះទេ។ ជួនកាល យើងប្រហែលជាថែមទាំងសិក្សាគម្ពីរជាមួយនឹងកូនក្មេងណាម្នាក់ដែលមានឪពុកម្ដាយដែលមិននៅក្នុងសេចក្ដីពិត។ ពេលយើងសិក្សាគម្ពីរជាមួយនឹងកូនក្មេងដែលមិនមែនជាកូនរបស់យើង ជាការឈ្លាសវៃដែលយើងសិក្សាជាមួយនឹងពួកគេនៅក្នុងផ្ទះរបស់ពួកគេពេលដែលឪពុកម្ដាយរបស់ពួកគេនៅ ឬពេលដែលសាក្សីឯទៀតដែលមានភាពចាស់ទុំនៅជាមួយ ឬក៏ជាការឈ្លាសវៃដែលយើងសិក្សាគម្ពីរជាមួយនឹងពួកគេនៅកន្លែងសាធារណៈ។ តាមរបៀបនេះ យើងនឹងមិនធ្វើឲ្យបុគ្គលណាម្នាក់យល់ច្រឡំចំពោះយើងឡើយ។ ម្យ៉ាងទៀត នៅពេលក្រោយមក ប្រហែលជាឪពុកម្ដាយអាចបង្រៀនកូនៗរបស់ពួកគេដោយផ្ទាល់អំពីព្រះយេហូវ៉ា។
១៧. តើតាមរបៀបណាកូនៗអាចសម្រាលទុក្ខសមាជិកឯទៀតក្នុងក្រុមគ្រួសារ?
១៧ ប្អូនៗវ័យក្មេងដែលបានរៀនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ា អាចសម្រាលទុក្ខនិងលើកទឹកចិត្តសមាជិកក្រុមគ្រួសាររបស់ខ្លួន។ តើពួកគេអាចធ្វើដូច្នេះតាមរបៀបណា? គឺដោយគោរពឪពុកម្ដាយរបស់ខ្លួននិងខំប្រឹងជួយពួកគាត់តាមរបៀបផ្សេងៗ។ ម្យ៉ាងទៀត ពេលដែលកូនៗរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា នេះលើកទឹកចិត្តក្រុមគ្រួសារទាំងមូល។ មុនទឹកជំនន់ ឡាមេកបានគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយគាត់បាននិយាយអំពីណូអេដែលជាកូនប្រុសរបស់គាត់ថា៖ «កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។ ទំនាយនេះបានសម្រេចក្រោយពីទឹកជំនន់នៅពេលដែលព្រះយេហូវ៉ាបានដកបណ្ដាសាចេញពីផែនដី។ (លោកុប្បត្តិ ៥:២៩; ៨:២១) សព្វថ្ងៃនេះ កូនៗដែលរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏អាចសម្រាលទុក្ខក្រុមគ្រួសាររបស់ពួកគេដែរ។ ពួកគេអាចជួយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារឲ្យស៊ូទ្រាំនឹងទុក្ខលំបាកនៅឥឡូវនេះនិងនៅពេលអនាគត។
១៨. ទោះជាយើងមានទុក្ខវេទនាណាក៏ដោយ តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំ?
១៨ នៅសព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាកំពុងទទួលការសម្រាលទុក្ខតាមរយៈការអធិដ្ឋាន ការរំពឹងគិតអំពីគំរូក្នុងគម្ពីរ ហើយតាមរយៈការមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងបងប្អូនរួមជំនឿ។ (សូមអាន ទំនុកតម្កើង ១៤៥:១៨, ១៩) យើងដឹងថាព្រះយេហូវ៉ាតែងតែប្រុងប្រៀបសម្រាលទុក្ខយើង ហើយលោកពិតជានឹងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខវេទនាណាក៏ដោយដែលយើងមាន!