តើលោកអ្នកដឹងឬទេ?
តើតាមរបៀបណាមនុស្សនៅសម័យបុរាណបង្កាត់ភ្លើងពេលពួកគេធ្វើដំណើរ?
នៅលោកុប្បត្តិ ជំពូក២២ គម្ពីររៀបរាប់ថាព្រះបានបង្គាប់អាប្រាហាំឲ្យធ្វើដំណើរទៅកន្លែងមួយដែលនៅឆ្ងាយពីផ្ទះរបស់គាត់ដើម្បីជូនគ្រឿងបូជា។ គម្ពីរចែងថា៖ «គាត់ចាប់យកឧសដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើងនឹងកាំបិតកាន់នៅដៃ បណ្ដើរគ្នាទៅ»។—លោកុប្បត្តិ ២២:៦
គម្ពីរមិនបានពន្យល់អំពីរបៀបដែលមនុស្សនៅសម័យបុរាណបង្កាត់ភ្លើងទេ។ ដូច្នេះ តើអាប្រាហាំនិងអ៊ីសាកបានដុតភ្លើងរួចយកភ្លើងនោះទៅជាមួយនឹងពួកគាត់ឬទេ? អ្នកអត្ថាធិប្បាយខាងគម្ពីរម្នាក់បាននិយាយថា អណ្ដាតភ្លើងប្រហែលជាមិនអាច«បន្តឆេះពេលធ្វើដំណើរឆ្ងាយបានឡើយ»។ ផ្ទុយទៅវិញ អាប្រាហាំនិងកូនប្រុសរបស់គាត់ប្រហែលជាបានយកអ្វីៗដែលពួកគេត្រូវការដើម្បីបង្កាត់ភ្លើង។
ប៉ុន្តែ អ្នកឯទៀតនិយាយថាគឺមិនងាយស្រួលបង្កាត់ភ្លើងនៅសម័យនោះទេ។ ដូច្នេះមនុស្សច្រើនតែរកភ្លើង ជាឧទាហរណ៍ប្រហែលជាពីភ្លើងរបស់អ្នកជិតខាងណាម្នាក់ រួចយករងើកពីភ្លើងនោះមកបង្កាត់ភ្លើងមួយទៀត។ បណ្ឌិតជាច្រើនជឿថាមុនអាប្រាហាំធ្វើដំណើរ គាត់បានយករងើកពីភ្លើងមួយ។ គាត់ប្រហែលជាបានដាក់រងើកភ្លើងនោះនៅក្នុងក្រឡមួយ នេះប្រហែលជាក្អមដែលមានច្រវាក់សម្រាប់យួរ ហើយគាត់បានយកក្អមនោះទៅជាមួយនឹងគាត់ពេលដែលគាត់ធ្វើដំណើរ។ (អេសាយ ៣០:១៤) ក្រោយមក គាត់អាចប្រើរងើកភ្លើងនោះនិងកម្ទេចឈើស្ងួតនៅពេលដែលគាត់ត្រូវបង្កាត់ភ្លើង។