ចូរយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញសេចក្ដីអាណិតមេត្ដា
«ព្រះយេហូវ៉ា . . . មានព្រះហឫទ័យអាណិតមេត្ដាដល់រាស្ត្រទ្រង់»។—របាក្សត្រទី២ ៣៦:១៥
១. តើព្រះយេហូវ៉ាបានឲ្យម៉ូសេដឹងអំពីអ្វី? ហេតុអ្វីនេះគឺសំខាន់?
នៅពេលមួយ ព្រះបានបើកបង្ហាញឲ្យម៉ូសេស្គាល់លោកដោយប្រកាសនាមរបស់លោកនិងគុណសម្បត្ដិខ្លះរបស់លោក។ ទោះជាព្រះយេហូវ៉ាអាចលើកបញ្ជាក់អំពីឫទ្ធានុភាពឬប្រាជ្ញារបស់លោកក្ដី លោកបានមានប្រសាសន៍មុនបង្អស់អំពីសេចក្ដីមេត្ដាករុណានិងចិត្តទន់សន្ដោសឬចិត្តអាណិតអាសូររបស់លោក។ (សូមអាន និក្ខមនំ ៣៤:៥-៧) ម៉ូសេចង់ដឹងថាតើព្រះយេហូវ៉ានឹងគាំទ្រគាត់ឬទេ? ដូច្នេះ ព្រះយេហូវ៉ាបានលើកបញ្ជាក់អំពីគុណសម្បត្ដិដែលបង្ហាញថាលោកពិតជាចង់ជួយពួកអ្នកបម្រើរបស់លោក។ (និក្ខមនំ ៣៣:១៣) តើការដឹងថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើងធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? អត្ថបទនេះនឹងផ្ដោតទៅលើចិត្តអាណិតមេត្ដា ដែលជាការអាណិតអាសូរចំពោះពួកអ្នកដែលកំពុងរងទុក្ខនិងការចង់ជួយពួកគេ។
២, ៣. (ក) តើអ្វីបង្ហាញថាគឺជាការធម្មតាដែលមនុស្សមានចិត្តអាណិតមេត្ដា? (ខ) ហេតុអ្វីអ្នកគួរចាប់អារម្មណ៍ចំពោះអ្វីដែលគម្ពីរចែងអំពីចិត្តអាណិតមេត្ដា?
២ ព្រះយេហូវ៉ាមានចិត្តអាណិតមេត្ដា ហើយមនុស្សជាតិបានត្រូវបង្កើតឲ្យមានភាពដូចលោក។ ដូច្នេះ ជាការធម្មតាទេដែលមនុស្សយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ សូម្បីតែពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ាក្ដី ក៏ច្រើនតែបង្ហាញចិត្តអាណិតមេត្ដាដែរ។ (លោកុប្បត្តិ ១:២៦) ក្នុងគម្ពីរមានកំណត់ហេតុជាច្រើនអំពីមនុស្សដែលបានបង្ហាញចិត្តអាណិតមេត្ដា។ ជាឧទាហរណ៍ ពេលដែលសាឡូម៉ូនត្រូវស្វែងយល់ថាស្ត្រីមួយណាក្នុងចំណោមស្ត្រីពីរនាក់គឺជាម្ដាយរបស់ទារកមួយ គាត់បានសាកល្បងពួកគេដោយបញ្ជាគេឲ្យពុះទារកនោះជាពីរចំណែក។ ម្ដាយពិតប្រាកដមានចិត្តអាណិតមេត្ដាយ៉ាងជ្រាលជ្រៅចំពោះកូនរបស់ខ្លួន ដូច្នេះនាងបានអង្វរសុំឲ្យស្តេចប្រគល់ទារកនោះឲ្យស្ត្រីម្នាក់ទៀតចុះ។ (ពង្សាវតារក្សត្រទី១ ៣:២៣-២៧) ឧទាហរណ៍មួយទៀតអំពីការបង្ហាញចិត្តអាណិតមេត្ដាគឺកូនស្រីរបស់ផារ៉ូ។ ពេលគាត់បានឃើញម៉ូសេដែលជាទារក គាត់បានដឹងថាទារកនោះជាជនជាតិហេប្រឺ ហើយថាគេត្រូវតែសម្លាប់ទារកនោះ។ ប៉ុន្តែ គាត់«មានព្រះទ័យផ្ដួចអាណិត»ដល់ទារកនោះ ហើយគាត់បានសម្រេចចិត្តយកកូននោះមកចិញ្ចឹមធ្វើជាកូនរបស់ខ្លួន។—និក្ខមនំ ២:៥, ៦
៣ ហេតុអ្វីយើងគួររៀនថែមទៀតអំពីចិត្តអាណិតមេត្ដា? ពីព្រោះព្រះយេហូវ៉ាចង់ឲ្យយើងយកតម្រាប់លោក។ (អេភេសូរ ៥:១) ទោះជាយើងបានត្រូវបង្កើតឲ្យមានចិត្តអាណិតមេត្ដាក្ដី យើងជាមនុស្សមិនល្អឥតខ្ចោះ ហើយច្រើនតែគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ជួនកាល យើងប្រហែលជាមិនស្រួលសម្រេចចិត្តថាយើងគួរជួយអ្នកឯទៀត ឬគិតអំពីខ្លួនយើងឡើយ។ តើអ្វីអាចជួយយើងឲ្យកាន់តែចេះយកចិត្តទុកដាក់ចំពោះអ្នកឯទៀត? ទី១ សូមយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ានិងអ្នកឯទៀតបានបង្ហាញចិត្តអាណិតមេត្ដា។ ទី២ សូមយើងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះក្នុងការបង្ហាញចិត្តអាណិតមេត្ដា ហើយអំពីមូលហេតុដែលការធ្វើដូច្នេះគឺមានប្រយោជន៍សម្រាប់យើង។
ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អឥតខ្ចោះស្តីអំពីចិត្តអាណិតមេត្ដា
៤. (ក) ហេតុអ្វីព្រះយេហូវ៉ាចាត់ទេវតាឲ្យទៅក្រុងសូដុម? (ខ) តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់ក្រុមគ្រួសារឡុត?
៤ គម្ពីររៀបរាប់ច្រើនដងអំពីចិត្តអាណិតមេត្ដារបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ សូមគិតអំពីអ្វីដែលលោកបានធ្វើចំពោះឡុត។ ឡុតជាមនុស្សសុចរិតដែល«បានកើតទុក្ខយ៉ាងខ្លាំង»ដោយសារមនុស្សដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌នៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ មនុស្សទាំងនោះមិនបង្ហាញការគោរពចំពោះព្រះ ហើយព្រះយេហូវ៉ាបានសម្រេចចិត្តថាពួកគេសមនឹងស្លាប់។ (ពេត្រុសទី២ ២:៧, ៨) ព្រះយេហូវ៉ាបានចាត់ទេវតាឲ្យទៅជួបឡុតដើម្បីប្រាប់គាត់ថាក្រុងសូដុមនិងក្រុងកូម៉ូរ៉ានឹងត្រូវបំផ្លាញចោល ហើយថាគាត់ត្រូវរត់ចេញពីទីនោះ។ គម្ពីរចែងថា៖ «តែ[ឡុត]នៅបង្អែបង្អង់។ នោះទេវតាក៏ចាប់ដៃគាត់នឹងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្ដាប្រណីដល់គាត់»។ (លោកុប្បត្តិ ១៩:១៦) ដូចដែលព្រះយេហូវ៉ាបានយល់អំពីស្ថានភាពរបស់ឡុត យើងអាចប្រាកដថាលោកក៏យល់អំពីទុក្ខលំបាកណាក៏ដោយដែលយើងជួបប្រទះដែរ។—អេសាយ ៦៣:៧-៩; យ៉ាកុប ៥:១១; ពេត្រុសទី២ ២:៩
ព្រះយេហូវ៉ាយល់ទាំងស្រុងអំពីទុក្ខលំបាកដែលយើងជួបប្រទះ
៥. តើបណ្ដាំរបស់ព្រះបង្រៀនយើងយ៉ាងណាអំពីរបៀបបង្ហាញចិត្តអាណិតមេត្ដា?
៥ ព្រះយេហូវ៉ាក៏បានបង្រៀនរាស្ត្ររបស់លោកឲ្យបង្ហាញចិត្តអាណិតមេត្ដាផងដែរ។ សូមគិតអំពីច្បាប់មួយដែលលោកបានឲ្យជនជាតិអ៊ីស្រាអែល។ បើបុគ្គលណាម្នាក់បានជំពាក់ប្រាក់គេ ម្ចាស់បំណុលនោះអាចយកសម្លៀកបំពាក់ក្រៅរបស់បុគ្គលនោះទុកជាការធានាមួយថាគាត់នឹងសងប្រាក់នោះមកវិញ។ (សូមអាន និក្ខមនំ ២២:២៦, ២៧) ប៉ុន្តែ ម្ចាស់បំណុលត្រូវឲ្យសម្លៀកបំពាក់ក្រៅទៅបុគ្គលនោះវិញមុនថ្ងៃលិច ដើម្បីគាត់អាចកក់ក្ដៅនៅពេលយប់។ បុគ្គលដែលគ្មានចិត្តអាណិតមេត្ដាប្រហែលជាមិនចង់ឲ្យសម្លៀកបំពាក់ក្រៅនោះវិញទេ ប៉ុន្តែព្រះយេហូវ៉ាបានបង្រៀនរាស្ត្ររបស់លោកឲ្យបង្ហាញចិត្តអាណិតមេត្ដា។ តើយើងរៀនអ្វីពីគោលការណ៍ដែលមានក្នុងច្បាប់នេះ? យើងមិនត្រូវព្រងើយកន្តើយចំពោះសេចក្ដីត្រូវការរបស់បងប្អូនរួមជំនឿឡើយ។ ពេលយើងអាចជួយបងប្អូនណាម្នាក់ដែលកំពុងរងទុក្ខ យើងចង់ធ្វើដូច្នេះ។—កូឡុស ៣:១២; យ៉ាកុប ២:១៥, ១៦; សូមអាន យ៉ូហានទី១ ៣:១៧
៦. តើយើងអាចរៀនអ្វីពីចិត្តអាណិតមេត្ដារបស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលដែលបានប្រព្រឹត្តអំពើខុសឆ្គង?
៦ ព្រះយេហូវ៉ាមានចិត្តអាណិតមេត្ដាចំពោះជនជាតិអ៊ីស្រាអែល សូម្បីតែនៅពេលដែលពួកគេបានប្រព្រឹត្តអំពើខុសឆ្គងនឹងលោក។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្ដាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់»។ (របាក្សត្រទី២ ៣៦:១៥) ស្រដៀងគ្នាដែរ យើងគួរមានចិត្តអាណិតមេត្ដាចំពោះពួកអ្នកដែលមិនទាន់ស្គាល់ព្រះយេហូវ៉ាដែលប្រហែលជានឹងប្រែចិត្តនិងទៅជាមិត្តសម្លាញ់របស់លោក។ ព្រះយេហូវ៉ាមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលក្នុងការវិនិច្ឆ័យទោសដែលជិតមកដល់នោះទេ។ (ពេត្រុសទី២ ៣:៩) ដូច្នេះ កាលដែលនៅតែមានពេលនៅឡើយ យើងចង់ផ្សព្វផ្សាយអំពីការព្រមានរបស់ព្រះដល់មនុស្សច្រើនបំផុត ហើយជួយពួកគេឲ្យទទួលប្រយោជន៍ពីចិត្តអាណិតមេត្ដារបស់លោក។
៧, ៨. ហេតុអ្វីក្រុមគ្រួសារមួយជឿថាព្រះយេហូវ៉ាបានបង្ហាញចិត្តអាណិតមេត្ដាចំពោះពួកគេ?
៧ សព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាជាច្រើននាក់បានឃើញសេចក្ដីអាណិតមេត្ដារបស់លោក។ ជាឧទាហរណ៍ នៅប្រទេសបូស៊្នីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ជាតិសាសន៍ផ្សេងៗបានប្រយុទ្ធនិងសម្លាប់គ្នាទៅវិញទៅមក។ នៅក្នុងក្រុមគ្រួសារមួយដែលរស់នៅទីនោះមានប្អូនប្រុសម្នាក់ដែលមានអាយុ១២ឆ្នាំដែលក្នុងអត្ថបទនេះយើងនឹងហៅថាមិឡាន។ ប្អូនមិឡាន ប្អូនប្រុសរបស់គាត់ ឪពុកម្ដាយរបស់គាត់ និងសាក្សីព្រះយេហូវ៉ាឯទៀតបានធ្វើដំណើរតាមឡានក្រុងមួយពីប្រទេសបូស៊្នីទៅប្រទេសស៊ែប៊ី។ ពួកគេទៅចូលរួមមហាសន្និបាតមួយដែលឪពុកម្ដាយរបស់ប្អូនមិឡាននឹងទទួលការជ្រមុជទឹក។ នៅឯព្រំដែន ទាហានមួយក្រុមបានកត់សម្គាល់ឃើញថាក្រុមគ្រួសារនោះមកពីពូជសាសន៍ផ្សេង ហើយទាហាននោះតម្រូវឲ្យពួកគេចុះពីឡានក្រុង។ បន្ទាប់មក ទាហានទាំងនោះបានឲ្យបងប្អូនឯទៀតនៅក្នុងឡានក្រុងបន្តធ្វើដំណើរ។ អស់ពីរថ្ងៃ ពួកទាហានមិនបានអនុញ្ញាតឲ្យក្រុមគ្រួសារនោះចាកចេញទេ។ នៅទីបំផុត ទាហានដែលជាអ្នកទទួលខុសត្រូវនៅទីនោះបានទូរស័ព្ទទៅថ្នាក់លើ ហើយបានសុំយោបល់អំពីអ្វីដែលគាត់គួរធ្វើចំពោះក្រុមគ្រួសារនោះ។ ក្រុមគ្រួសារនោះនៅជិតគាត់ ហើយអាចឮថ្នាក់លើនោះឆ្លើយថា៖ «យកពួកវាចេញទៅក្រៅ ហើយបាញ់ចោលទៅ!»។
៨ កាលដែលពួកទាហានកំពុងនិយាយគ្នា មនុស្សពីរនាក់ដែលក្រុមគ្រួសារនោះមិនធ្លាប់ស្គាល់បានដើរតម្រង់ទៅពួកគេ។ បុគ្គលពីរនាក់នោះខ្សឹបប្រាប់ថាពួកគាត់ក៏ជាសាក្សីព្រះយេហូវ៉ាដែរ ហើយថាបងប្អូនក្នុងឡានក្រុងបានប្រាប់ពួកគាត់អំពីអ្វីដែលបានកើតឡើង។ សាក្សីពីរនាក់នោះបានប្រាប់ប្អូនមិឡាននិងប្អូនប្រុសរបស់គាត់ឲ្យចូលក្នុងឡានរបស់ពួកគាត់ដើម្បីឆ្លងកាត់ព្រំដែន ដោយសារទាហានមិនឆែកឆេររកឯកសាររបស់កូនក្មេងទេ។ បន្ទាប់មក បងប្រុសពីរនាក់នោះបានប្រាប់ឪពុកម្ដាយរបស់ប្អូនមិឡានឲ្យដើរខាងក្រោយប៉ុស្តិ៍ឆែកឆេរនៅព្រំដែន ហើយជួបពួកគាត់ក្រោយពីឆ្លងព្រំដែនរួចហើយ។ ប្អូនមិឡានភ័យខ្លាចជាខ្លាំងរហូតដល់គាត់មិនដឹងថាគួរសើចឬគួរយំទេ។ ឪពុកម្ដាយរបស់គាត់បានសួរថា៖ «តើពួកគេពិតជានឹងឲ្យយើងដើរចេញឬ?»។ ប៉ុន្តែ កាលដែលពួកគេបានដើរចេញ គឺហាក់ដូចជាទាហានទាំងនោះមិនបានឃើញពួកគេ។ ប្អូនមិឡាននិងប្អូនប្រុសរបស់គាត់បានជួបឪពុកម្ដាយពេលដែលពួកគេបានឆ្លងផុតព្រំដែន ហើយពួកគេទាំងអស់គ្នាបានចូលរួមមហាសន្និបាត។ ពួកគេជឿជាក់ថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគេ! យើងដឹងពីគម្ពីរថាព្រះយេហូវ៉ាមិនតែងតែចាត់វិធានការដើម្បីការពារជីវិតរបស់អ្នកបម្រើលោកទេ។ (សកម្មភាព ៧:៥៨-៦០) ប៉ុន្តែ ក្នុងករណីនេះ ប្អូនមិឡានបាននិយាយថា៖ «ខ្ញុំគិតថាទេវតាបានធ្វើឲ្យពួកទាហានមើលមិនឃើញយើង ហើយថាព្រះយេហូវ៉ាបានជួយសង្គ្រោះយើង»។—ទំនុកតម្កើង ៩៧:១០
តើអ្នកមានចិត្តចង់ជួយអ្នកឯទៀតជាខ្លាំង ហើយបង្រៀនពួកគេអំពីព្រះយេហូវ៉ាដូចលោកយេស៊ូបានធ្វើឬទេ?
៩. តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះមនុស្ស? (សូមមើលរូបភាពនៅដើមអត្ថបទ)
៩ លោកយេស៊ូជាគំរូដ៏ល្អប្រសើរស្តីអំពីចិត្តអាណិតមេត្ដា។ លោកមានចិត្តអាណិតអាសូរចំពោះមនុស្សពីព្រោះលោកបានឃើញថា«ពួកគេបានត្រូវគេធ្វើទុក្ខ និងទុកចោលឲ្យនៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ ដូច្នេះ តើលោកបានធ្វើអ្វី? «លោកចាប់ផ្ដើមបង្រៀនពួកគេអ្វីៗជាច្រើន»។ (ម៉ាថាយ ៩:៣៦; សូមអាន ម៉ាកុស ៦:៣៤) ផ្ទុយពីលោកយេស៊ូ ពួកផារិស៊ីមិនមានចិត្តអាណិតមេត្ដា ហើយមិនចង់ជួយអ្នកឯទៀតទេ។ (ម៉ាថាយ ១២:៩-១៤; ២៣:៤; យ៉ូហាន ៧:៤៩) តើអ្នកមានចិត្តចង់ជួយអ្នកឯទៀតជាខ្លាំង ហើយបង្រៀនពួកគេអំពីព្រះយេហូវ៉ាដូចលោកយេស៊ូបានធ្វើឬទេ?
១០, ១១. តើការបង្ហាញចិត្តអាណិតមេត្ដាជានិច្ចជាអ្វីដែលសមត្រឹមត្រូវឬទេ? សូមពន្យល់។
១០ នេះមិនមានន័យថាគឺសមត្រឹមត្រូវឲ្យយើងបង្ហាញចិត្តអាណិតមេត្ដាជានិច្ចនោះទេ។ ជាឧទាហរណ៍ ស្តេចសុលប្រហែលជាបានគិតថាគាត់បានបង្ហាញចិត្តអាណិតមេត្ដា ពេលគាត់មិនបានសម្លាប់អ័កាក់ដែលជាស្តេចនៃជនជាតិអាម៉ាលេក ហើយជាសត្រូវរបស់រាស្ត្រព្រះ។ សុលក៏មិនបានសម្លាប់សត្វរបស់ជនជាតិអាម៉ាលេកឲ្យអស់ដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់សុលឲ្យសម្លាប់ជនជាតិអាម៉ាលេកទាំងអស់និងសត្វទាំងអស់របស់ពួកគេ។ ដោយសារសុលមិនស្ដាប់បង្គាប់ ព្រះយេហូវ៉ាលែងទទួលស្គាល់គាត់ជាស្តេចទៀត។ (សាំយូអែលទី១ ១៥:៣, ៩, ១៥) ព្រះយេហូវ៉ាជាចៅក្រមដ៏សុចរិត។ លោកអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស ហើយលោកដឹងថានៅពេលណាដែលលោកមិនគួរបង្ហាញចិត្តអាណិតមេត្ដា។ (បរិទេវ ២:១៧; អេសេគាល ៥:១១) មិនយូរទៀត លោកនឹងវិនិច្ឆ័យទោសអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់លោក។ (ថែស្សាឡូនិចទី២ ១:៦-១០) នោះមិនមែនជាពេលដែលព្រះយេហូវ៉ានឹងបង្ហាញចិត្តអាណិតមេត្ដាចំពោះមនុស្សអាក្រក់ឡើយ។ ប៉ុន្តែ ដោយបំផ្លាញពួកគេ លោកនឹងបង្ហាញចិត្តអាណិតមេត្ដាចំពោះមនុស្សសុចរិតដែលលោកនឹងសង្គ្រោះ។
១១ យើងមិនមានភារកិច្ចវិនិច្ឆ័យមនុស្សថាពួកគេគួររស់ឬគួរស្លាប់ទេ។ ផ្ទុយទៅវិញ យើងត្រូវខំអស់ពីសមត្ថភាពនៅឥឡូវនេះដើម្បីជួយមនុស្ស។ តើយើងអាចបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀតតាមរបៀបណា? សូមពិចារណាអំពីយោបល់ខ្លះ។
របៀបដែលយើងអាចបង្ហាញចិត្តអាណិតមេត្ដា
១២. តើអ្នកអាចបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀតយ៉ាងដូចម្ដេច?
១២ ចូរជួយអ្នកឯទៀតក្នុងជីវិតប្រចាំថ្ងៃ។ ព្រះយេហូវ៉ាតម្រូវឲ្យគ្រិស្តសាសនិកបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកជិតខាងនិងចំពោះបងប្អូនរួមជំនឿ។ (យ៉ូហាន ១៣:៣៤, ៣៥; ពេត្រុសទី១ ៣:៨) អត្ថន័យមួយនៃចិត្តអាណិតមេត្ដាគឺ«រងទុក្ខជាមួយគ្នា»។ បុគ្គលម្នាក់ដែលបង្ហាញចិត្តអាណិតមេត្ដាព្យាយាមជួយពួកអ្នកដែលរងទុក្ខ។ ដូច្នេះ យើងគួរស្វែងរកឱកាសដើម្បីជួយអ្នកឯទៀត ប្រហែលជាដោយស្នើសុំធ្វើកិច្ចការណាមួយឲ្យពួកគេ។—ម៉ាថាយ ៧:១២
១៣. តើរាស្ត្ររបស់ព្រះធ្វើអ្វីក្រោយពីគ្រោះមហន្តរាយ?
១៣ ចូររួមចំណែកក្នុងកិច្ចការផ្ដល់ជំនួយ។ ពេលដែលយើងឃើញមនុស្សកំពុងរងទុក្ខដោយសារគ្រោះមហន្តរាយ យើងចង់បង្ហាញចិត្តអាណិតមេត្ដាចំពោះពួកគេ។ រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវគេស្គាល់ជាទូទៅថាជាអ្នកផ្ដល់ជំនួយក្នុងគ្រាបែបនេះ។ (ពេត្រុសទី១ ២:១៧) ជាឧទាហរណ៍ នៅឆ្នាំ២០១១ បងស្រីជនជាតិជប៉ុនម្នាក់បានរស់នៅតំបន់ដែលបានត្រូវបំផ្លិចបំផ្លាញដោយរញ្ជួយដីនិងរលកយក្សស៊ូណាមី។ គាត់បាននិយាយថា ពេលដែលគាត់ឃើញអ្នកស្ម័គ្រចិត្តដែលមកពីតំបន់ផ្សេងៗនៃប្រទេសជប៉ុននិងពីប្រទេសឯទៀតបានមកជួយជួសជុលផ្ទះនិងសាលប្រជុំ នោះ«បានលើកទឹកចិត្តនិងសម្រាលទុក្ខ»គាត់ជាខ្លាំង។ គាត់បានបន្ថែមទៀតថា៖ «បទពិសោធន៍នេះបានជួយខ្ញុំឲ្យយល់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយថាបងប្អូនរួមជំនឿក៏យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដែរ។ បងប្អូនជាច្រើននាក់នៅទូទាំងពិភពលោកកំពុងអធិដ្ឋានឲ្យយើង»។
១៤. តើអ្នកអាចជួយពួកអ្នកដែលឈឺនិងពួកអ្នកដែលមានវ័យចាស់យ៉ាងដូចម្ដេច?
១៤ ចូរជួយពួកអ្នកដែលឈឺនិងពួកអ្នកដែលមានវ័យចាស់។ ពេលយើងឃើញមនុស្សរងទុក្ខដោយសារជំងឺនិងដោយសារភាពចាស់ជរា យើងមានចិត្តអាណិតមេត្ដា។ យើងចង់ឃើញបញ្ហាទាំងនេះលែងមានទៀត ដូច្នេះយើងអធិដ្ឋានសូមឲ្យរាជាណាចក្ររបស់ព្រះមកដល់។ តែទម្រាំដល់ពេលនោះ យើងខំអស់ពីសមត្ថភាពដើម្បីជួយអ្នកដែលឈឺនិងអ្នកដែលមានវ័យចាស់។ អ្នកនិពន្ធម្នាក់បានសរសេរថា នៅថ្ងៃមួយម្ដាយរបស់គាត់ដែលមានវ័យចាស់និងដែលមានជំងឺភ្លេចភ្លាំង បានជុះដាក់សម្លៀកបំពាក់របស់ខ្លួន។ កាលដែលគាត់កំពុងព្យាយាមលាងសម្អាត មានគេចុចកណ្ដឹងផ្ទះរបស់គាត់។ អ្នកនោះគឺសាក្សីព្រះយេហូវ៉ាពីរនាក់ដែលមកលេងគាត់ជាទៀងទាត់។ បងស្រីពីរនាក់នោះបានសួរថាតើពួកគេអាចជួយបានឬទេ? ម្ដាយរបស់អ្នកនិពន្ធនោះបានឆ្លើយថា៖ «ចាស តែគួរឲ្យខ្មាសគេណាស់»។ ដូច្នេះបងស្រីពីរនាក់នោះបានជួយគាត់ក្នុងការលាងសម្អាត។ បន្ទាប់មក ពួកគេបានឆុងតែឲ្យគាត់ ហើយបានជជែកលេងជាមួយនឹងគាត់។ អ្នកនិពន្ធនោះមានចិត្តកតញ្ញូជាខ្លាំង ហើយបាននិយាយថាសាក្សី«ធ្វើតាមអ្វីដែលពួកគេផ្សព្វផ្សាយ»។ តើចិត្តអាណិតមេត្ដារបស់អ្នកចំពោះពួកអ្នកដែលឈឺនិងពួកអ្នកដែលមានវ័យចាស់ ជំរុញចិត្តអ្នកឲ្យខំអស់ពីសមត្ថភាពដើម្បីជួយពួកគេឬទេ?—ភីលីព ២:៣, ៤
១៥. តើកិច្ចបម្រើផ្សាយរបស់យើងជួយអ្នកឯទៀតយ៉ាងដូចម្ដេច?
១៥ ចូរជួយមនុស្សឲ្យស្គាល់ព្រះយេហូវ៉ា។ របៀបដ៏ល្អបំផុតដែលយើងអាចជួយមនុស្សគឺដោយបង្រៀនពួកគេអំពីព្រះនិងរាជាណាចក្ររបស់លោក។ របៀបមួយទៀតគឺជួយពួកគេឲ្យយល់អំពីមូលហេតុដែលការធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ានាំឲ្យពួកគេទទួលប្រយោជន៍។ (អេសាយ ៤៨:១៧, ១៨) កិច្ចបម្រើផ្សាយគឺជាវិធីមួយដ៏អស្ចារ្យដើម្បីលើកកិត្ដិយសព្រះយេហូវ៉ា ហើយបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀត។ តើអ្នកអាចធ្វើច្រើនជាងក្នុងកិច្ចបម្រើផ្សាយឬទេ?—ធីម៉ូថេទី១ ២:៣, ៤
ការបង្ហាញចិត្តអាណិតមេត្ដាក៏មានប្រយោជន៍សម្រាប់អ្នកដែរ!
១៦. តើយើងទទួលប្រយោជន៍យ៉ាងណាពេលយើងមានចិត្តអាណិតមេត្ដា?
១៦ អ្នកជំនាញខាងសុខភាពផ្លូវចិត្តនិយាយថា ការបង្ហាញចិត្តអាណិតមេត្ដាអាចធ្វើឲ្យសុខភាពរបស់យើងនិងចំណងមិត្តភាពរបស់យើងជាមួយនឹងអ្នកឯទៀតកាន់តែល្អប្រសើរឡើង។ ពេលអ្នកជួយពួកអ្នកដែលរងទុក្ខ អ្នកនឹងសប្បាយជាង កាន់តែមានសេចក្ដីសង្ឃឹម មិនសូវមានអារម្មណ៍ឯកោ និងមិនសូវមានទស្សនៈមិនល្អ។ ការបង្ហាញចិត្តអាណិតមេត្ដាមានប្រយោជន៍សម្រាប់អ្នក។ (អេភេសូរ ៤:៣១, ៣២) ពេលសេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យជួយអ្នកឯទៀត នោះនាំឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដោយសារយើងដឹងថាយើងកំពុងធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ ចិត្តអាណិតមេត្ដានឹងជួយយើងឲ្យធ្វើជាឪពុកម្ដាយ គូអាពាហ៍ពិពាហ៍ និងមិត្តភក្ដិល្អប្រសើរជាង។ ម្យ៉ាងទៀត តាមធម្មតាមនុស្សដែលបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀត ទទួលជំនួយពេលដែលពួកគេត្រូវការ។—សូមអាន ម៉ាថាយ ៥:៧; លូកា ៦:៣៨
១៧. ហេតុអ្វីអ្នកចង់បង្ហាញចិត្តអាណិតមេត្ដា?
១៧ ទោះជាការបង្ហាញចិត្តអាណិតមេត្ដាមានប្រយោជន៍សម្រាប់យើងក្ដី មូលហេតុដ៏សំខាន់ចម្បងដែលយើងបង្ហាញចិត្តអាណិតមេត្ដាគឺយើងចង់យកតម្រាប់ព្រះយេហូវ៉ានិងឲ្យលោកទទួលការសរសើរតម្កើង។ លោកជាប្រភពនៃសេចក្ដីស្រឡាញ់និងសេចក្ដីអាណិតមេត្ដា។ (សុភាសិត ១៤:៣១) លោកទុកគំរូដ៏ល្អឥតខ្ចោះឲ្យយើង។ ដូច្នេះ សូមយើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់ព្រះដោយបង្ហាញចិត្តអាណិតមេត្ដា។ យ៉ាងនេះ យើងនឹងចូលកាន់តែជិតបងប្អូនរបស់យើង ហើយមានចំណងមិត្តភាពល្អប្រសើរជាងជាមួយនឹងមនុស្សដែលនៅជុំវិញយើង។—កាឡាទី ៦:១០; យ៉ូហានទី១ ៤:១៦