មេរៀនទី៤០
តើយើងអាចមានភាពស្អាតស្អំតាមទស្សនៈរបស់ព្រះយ៉ាងដូចម្ដេច?
សូមស្រមៃគិតអំពីម្ដាយល្អម្នាក់ដែលកំពុងរៀបចំខ្លួនឲ្យកូនប្រុសតូចមុនទៅសាលារៀន។ គាត់តែងតែងូតទឹកឲ្យកូន ហើយស្លៀកពាក់ស្អាតបាតឲ្យកូន។ នេះជួយកូនឲ្យមានសុខភាពល្អ ហើយអ្នកឯទៀតអាចឃើញថាឪពុកម្ដាយចេះថែរក្សាកូនបានល្អ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាដែលជាបិតាជាទីស្រឡាញ់របស់យើង ចង់ឲ្យយើងមានភាពស្អាតស្អំខាងរូបកាយ ខាងចិត្តគំនិត ខាងពាក្យសម្ដី និងការប្រព្រឹត្ត។ ពេលយើងមានភាពស្អាតស្អំ នោះនាំឲ្យយើងទទួលប្រយោជន៍ និងនាំឲ្យអ្នកឯទៀតសរសើរព្រះយេហូវ៉ា។
១. តើយើងអាចមានភាពស្អាតស្អំខាងរូបកាយតាមរបៀបណាខ្លះ?
ព្រះយេហូវ៉ាប្រាប់យើងថា៖ «អ្នករាល់គ្នាត្រូវតែបរិសុទ្ធ»។ (ពេត្រុសទី១ ១:១៦) ភាពបរិសុទ្ធគឺជាប់ទាក់ទងនឹងភាពស្អាតស្អំខាងរូបកាយនិងខាងសីលធម៌។ យើងអាចមានភាពស្អាតស្អំខាងរូបកាយ ដោយងូតទឹកជាទៀងទាត់ ហើយបោកសម្លៀកបំពាក់ សម្អាតផ្ទះ និងសម្អាតយានជំនិះរបស់យើងឲ្យបានស្អាត។ យើងព្យាយាមធ្វើអ្វីៗទាំងអស់នោះឲ្យមានរបៀបរៀបរយ។ យើងក៏អាចជួយសម្អាតសាលប្រជុំរបស់យើងដែរ។ ពេលយើងរក្សាភាពស្អាតស្អំខាងរូបកាយ នោះយើងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង។—កូរិនថូសទី២ ៦:៣, ៤
២. ដើម្បីមានភាពស្អាតស្អំ តើយើងគួរជៀសវាងពីទម្លាប់បែបណា?
គម្ពីរលើកទឹកចិត្តយើងឲ្យ«សម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។ (កូរិនថូសទី២ ៧:១) នេះមានន័យថា យើងគួរជៀសវាងពីអ្វីក៏ដោយដែលអាចបង្ខូចចិត្តគំនិតនិងរូបកាយរបស់យើង។ អ្វីដែលយើងគិតគួរនាំឲ្យព្រះយេហូវ៉ាពេញចិត្ត ដូច្នេះយើងត្រូវខំអស់ពីសមត្ថភាពដើម្បីបដិសេធចិត្តគំនិតមិនត្រឹមត្រូវ។ (ចម្រៀងសរសើរព្រះ ១០៤:៣៤) ម្យ៉ាងទៀត យើងខំព្យាយាមនិយាយពាក្យសម្ដីល្អ។—សូមអាន កូឡុស ៣:៨
តើមានអ្វីទៀតដែលអាចធ្វើឲ្យយើងស្មោកគ្រោកខាងរូបកាយឬខាងសីលធម៌? មានអ្វីមួយចំនួនដែលអាចធ្វើឲ្យរូបកាយរបស់យើងស្មោកគ្រោកដូចជា ការជក់បារី ការប្រើថ្នាំជក់ ការទំពាស្លាម្លូ និងការប្រើថ្នាំខុសច្បាប់ឬថ្នាំដើម្បីកម្សាន្តជាដើម។ ដូច្នេះ ពេលយើងជៀសវាងពីអ្វីទាំងនេះ យើងមានសុខភាពល្អជាង ហើយបង្ហាញថាយើងឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ។ យើងក៏ខំព្យាយាមមានភាពស្អាតស្អំខាងសីលធម៌ដែរ ដោយខំយកឈ្នះទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនa និងទម្លាប់មើលរូបអាសអាភាស។ (ចម្រៀងសរសើរព្រះ ១១៩:៣៧; អេភេសូរ ៥:៥) ការផ្ដាច់ទម្លាប់ទាំងនេះមិនស្រួលទេ តែព្រះយេហូវ៉ាអាចជួយយើងឲ្យផ្ដាច់បាន។—សូមអាន អេសាយ ៤១:១៣
បង្កើនចំណេះ
សូមរៀនអំពីមូលហេតុដែលភាពស្អាតស្អំខាងរូបកាយលើកកិត្តិយសព្រះយេហូវ៉ា និងអំពីរបៀបផ្ដាច់ទម្លាប់ស្មោកគ្រោក។
៣. ភាពស្អាតស្អំខាងរូបកាយលើកកិត្តិយសព្រះយេហូវ៉ា
យើងអាចយល់ទស្សនៈរបស់ព្រះយេហូវ៉ា ដោយពិនិត្យមើលបង្គាប់ដែលលោកបានឲ្យដល់ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ។ សូមអាន ដំណើរចាកចេញ ១៩:១០ និង៣០:១៧-១៩ រួចពិភាក្សាសំណួរដូចតទៅ៖
តើខគម្ពីរទាំងនេះបង្ហាញយ៉ាងណាអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះភាពស្អាតស្អំខាងរូបកាយ?
តើអ្នកអាចធ្វើអ្វីជាទៀងទាត់ដើម្បីរក្សាភាពស្អាតស្អំខាងរូបកាយ?
ដើម្បីមានភាពស្អាតស្អំខាងរូបកាយគឺត្រូវការពេលនិងការខំប្រឹង។ ទោះជាយើងរស់នៅកន្លែងណា ជាអ្នកមាន ឬជាអ្នកក្រក៏ដោយ យើងអាចមានភាពស្អាតស្អំបាន។ លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីការថែរក្សាវត្ថុទ្រព្យរបស់យើងឲ្យស្អាតនិងរៀបរយ ធ្វើឲ្យអ្នកឯទៀតឲ្យតម្លៃកិច្ចផ្សព្វផ្សាយរបស់យើង?
៤. ចូរយកឈ្នះទម្លាប់អាក្រក់
បើអ្នកជក់ឬប្រើគ្រឿងញៀន អ្នកប្រហែលជាដឹងថាពិបាកផ្ដាច់ណាស់។ តើអ្វីអាចជួយអ្នកបាន? សូមពិចារណាថាទម្លាប់បែបនេះមានឥទ្ធិពលយ៉ាងណាមកលើអ្នក។ សូមអាន ម៉ាថាយ ២២:៣៧-៣៩ រួចពិភាក្សាសំណួរថា តើការប្រើថ្នាំជក់ឬគ្រឿងញៀនមានឥទ្ធិពលយ៉ាងណាមកលើ . . .
ចំណងមិត្តភាពរបស់អ្នកដែលប្រើនោះជាមួយនឹងព្រះយេហូវ៉ា?
ក្រុមគ្រួសារនិងមនុស្សដែលនៅជុំវិញអ្នកនោះ?
ចូរធ្វើគម្រោងដើម្បីផ្ដាច់ទម្លាប់អាក្រក់។b លេងវីដេអូ។
សូមអាន ភីលីព ៤:១៣ រួចពិភាក្សាសំណួរនេះ៖
តើទម្លាប់ល្អក្នុងការអធិដ្ឋាន ការសិក្សាគម្ពីរ និងការចូលរួមកិច្ចប្រជុំអាចផ្ដល់កម្លាំងឲ្យបុគ្គលម្នាក់យកឈ្នះទម្លាប់អាក្រក់យ៉ាងដូចម្ដេច?
៥. ចូរខំយកឈ្នះចិត្តគំនិតនិងការប្រព្រឹត្តស្មោកគ្រោក
សូមអាន កូឡុស ៣:៥ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីយើងដឹងថាការមើលរូបអាសអាភាស ការផ្ញើសារជាទម្រង់អាសអាភាស និងការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន គឺមិនស្អាតស្អំតាមទស្សនៈរបស់ព្រះយេហូវ៉ា?
តើអ្នកគិតថាសមហេតុសមផលឬទេ ដែលព្រះយេហូវ៉ាតម្រូវឲ្យយើងមានភាពស្អាតស្អំខាងសីលធម៌? ហេតុអ្វី?
សូមស្វែងយល់អំពីរបៀបយកឈ្នះចិត្តគំនិតស្មោកគ្រោក។ លេងវីដេអូ។
លោកយេស៊ូបានប្រើឧទាហរណ៍មួយ ដើម្បីបង្ហាញថាយើងត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីរក្សាភាពស្អាតស្អំខាងសីលធម៌។ សូមអាន ម៉ាថាយ ៥:២៩, ៣០ រួចពិភាក្សាសំណួរនេះ៖
តាមខទាំងនេះ លោកយេស៊ូមិនមានន័យថាឲ្យយើងកាត់ដៃ ឬខ្វេះភ្នែកមែនទែនទេ ប៉ុន្តែលោកចង់បញ្ជាក់ថាយើងត្រូវចាត់វិធានការ។ តើបុគ្គលម្នាក់អាចចាត់វិធានការតឹងរ៉ឹងយ៉ាងដូចម្ដេច ដើម្បីយកឈ្នះចិត្តគំនិតស្មោកគ្រោក?c
ពេលអ្នកខំយកឈ្នះចិត្តគំនិតមិនត្រឹមត្រូវ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះការខំប្រឹងរបស់អ្នក។ សូមអាន ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤ រួចពិភាក្សាសំណួរនេះ៖
បើអ្នកពិបាកផ្ដាច់ទម្លាប់ស្មោកគ្រោក តើខគម្ពីរទាំងនេះលើកទឹកចិត្តអ្នកឲ្យបន្តព្យាយាមយ៉ាងដូចម្ដេច?
បរាជ័យម្ដងមិនមានន័យថាបរាជ័យរហូតទេ!
ស្រួលឲ្យយើងគិតថា៖ ‹ខ្ញុំបរាជ័យហើយ ដូច្នេះខ្ញុំមិនចាំបាច់ព្យាយាមទៀតទេ›។ ប៉ុន្តែ សូមគិតឧទាហរណ៍នេះ: ទោះជាកីឡាកររត់ប្រណាំងជំពប់ដួលក៏ដោយ នេះមិនមានន័យថាគាត់ចាញ់ការរត់ប្រណាំងនោះទេ ហើយគាត់ក៏មិនចាំបាច់រត់ពីទីចាប់ផ្ដើមម្ដងទៀតដែរ។ ស្រដៀងគ្នាដែរ ការដួលឬការបរាជ័យមិនមានន័យថាអ្នកមិនអាចផ្ដាច់ទម្លាប់អាក្រក់បានឡើយ។ ផ្ទុយទៅវិញ អ្នកអាចសប្បាយចិត្តដែលអ្នកបានព្យាយាមមកដល់ត្រឹមនេះ។ ការបរាជ័យគឺជារឿងធម្មតា ដោយសារនេះជាកត្តាមួយដែលជួយអ្នកឲ្យបន្តតស៊ូទៅមុខទៀត។ ដូច្នេះ សូមកុំឈប់ព្យាយាម! ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចយកឈ្នះទម្លាប់អាក្រក់បាន។
មនុស្សខ្លះនិយាយថា៖ «ខ្ញុំញៀនហើយ ខ្ញុំមិនអាចឈប់បានទេ»។
តើអ្នកចង់ប្រើបទគម្ពីរមួយណាដើម្បីបង្ហាញថាព្រះយេហូវ៉ាអាចជួយគាត់ឲ្យផ្ដាច់ទម្លាប់អាក្រក់បាន?
សេចក្ដីសង្ខេប
យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដោយរក្សាភាពស្អាតស្អំខាងរូបកាយ ខាងចិត្តគំនិត និងការប្រព្រឹត្តរបស់យើង។
រៀនសាឡើងវិញ
ហេតុអ្វីភាពស្អាតស្អំសំខាន់ខ្លាំងម្ល៉េះ?
តើអ្នកអាចមានភាពស្អាតស្អំខាងរូបកាយយ៉ាងដូចម្ដេច?
តើតាមរបៀបណាអ្នកអាចរក្សាភាពស្អាតស្អំខាងចិត្តគំនិតនិងការប្រព្រឹត្ត?
ស្វែងយល់ថែមទៀត
ទោះជាអ្នកមិនសូវមានធនធានក៏ដោយ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីរក្សាអនាម័យក្នុងជីវភាពរស់នៅ?
សូមស្វែងយល់អំពីជំហានផ្សេងៗដែលអាចជួយអ្នកឲ្យផ្ដាច់បារី។
«របៀបផ្ដាច់បារី» (ទស្សនាវដ្ដីភ្ញាក់រឭក! ខែឧសភា ឆ្នាំ២០១០)
សូមពិនិត្យមើលឥទ្ធិពលអាក្រក់ដែលមកពីការមើលរូបអាសអាភាស។
សូមអានអំពីរបៀបដែលបុរសម្នាក់បានយកឈ្នះការញៀនមើលរូបអាសអាភាស។
a នេះសំដៅលើការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនក្នុងបំណងបំពេញចំណង់ផ្លូវភេទ។
b អត្ថបទ«របៀបផ្ដាច់បារី»នៅផ្នែកស្វែងយល់ថែមទៀតក្នុងមេរៀននេះ ពន្យល់អំពីជំហានផ្សេងៗដែលអាចជួយឲ្យយកឈ្នះការញៀនបារី។
c ដើម្បីផ្ដាច់ទម្លាប់ស្ទាបអង្អែលអវយវៈភេទ សូមមើលអត្ថបទ «តើតាមរបៀបណាខ្ញុំអាចផ្ដាច់ទម្លាប់ស្ទាបអង្អែលអវយវៈភេទ?» ក្នុងសៀវភៅសំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព ក្បាលទី១ ជំពូកទី២៥។