អត្ថបទសិក្សា ៤៧
មេរៀនដែលយើងអាចរៀនពីសៀវភៅលេវីវិន័យ
«គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍»។—២ធី. ៣:១៦
ចម្រៀងលេខ៩៨ បទគម្ពីរគឺមកពីព្រះ
សេចក្ដីសង្ខេបa
១-២. ហេតុអ្វីគ្រិស្តសាសនិកនៅសព្វថ្ងៃនេះគួរចាប់អារម្មណ៍សៀវភៅលេវីវិន័យ?
សាវ័កប៉ូលបានរំលឹកធីម៉ូថេដែលជាមិត្តភក្ដិវ័យក្មេងរបស់គាត់ថា៖ «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍»។ (២ធី. ៣:១៦) នោះរួមបញ្ចូលសៀវភៅលេវីវិន័យដែរ។ តើអ្នកមានទស្សនៈយ៉ាងណាចំពោះសៀវភៅនេះ? មនុស្សខ្លះចាត់ទុកថាសៀវភៅលេវីវិន័យគ្រាន់តែជាសៀវភៅដែលរៀបរាប់អំពីច្បាប់ជាច្រើនដែលគ្មានប្រយោជន៍សម្រាប់យើងនៅសព្វថ្ងៃនេះ ក៏ប៉ុន្តែគ្រិស្តសាសនិកពិតមិនគិតដូច្នេះឡើយ។
២ សៀវភៅលេវីវិន័យបានត្រូវសរសេរប្រហែលជា៣.៥០០ឆ្នាំមុន តែព្រះយេហូវ៉ាបានរក្សាទុកសៀវភៅនោះ«ដើម្បីណែនាំយើង»។ (រ៉ូម ១៥:៤) យើងគួរតែចាប់អារម្មណ៍សៀវភៅលេវីវិន័យ ដោយសារសៀវភៅនោះជួយយើងឲ្យយល់អំពីទស្សនៈនិងអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះរឿងជាច្រើន។ មានមេរៀនជាច្រើនដែលយើងអាចរៀនពីសៀវភៅនោះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ សូមយើងពិចារណាមេរៀនបួនក្នុងចំណោមមេរៀនទាំងនោះ។
របៀបទទួលការពេញចិត្តពីព្រះយេហូវ៉ា
៣. ជារៀងរាល់ឆ្នាំ ហេតុអ្វីគ្រឿងបូជាបានត្រូវជូននៅថ្ងៃជម្រះការខុសឆ្គង?
៣ មេរៀនទី១: យើងត្រូវធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងយើងដើម្បីឲ្យលោកទទួលយកគ្រឿងបូជារបស់យើង។ រាល់ឆ្នាំនៅថ្ងៃជម្រះការខុសឆ្គង ប្រជាជាតិអ៊ីស្រាអែលបានជួបជុំគ្នា ហើយសត្វបានត្រូវជូនជាគ្រឿងបូជា។ គ្រឿងបូជាទាំងនេះបានរំលឹកជនជាតិអ៊ីស្រាអែលថាពួកគេត្រូវជម្រះភាពខុសឆ្គង! ប៉ុន្តែ មុនសម្ដេចសង្ឃយកឈាមពីសត្វដែលជាគ្រឿងបូជាចូលទៅទីបរិសុទ្ធបំផុតនៅថ្ងៃនោះ ដំបូងគាត់ត្រូវធ្វើអ្វីមួយផ្សេងទៀតដែលសំខាន់ជាងការអភ័យទោសចំពោះភាពខុសឆ្គងរបស់ប្រជាជាតិអ៊ីស្រាអែល។
៤. ដូចបានត្រូវរៀបរាប់នៅលេវីវិន័យ ១៦:១២, ១៣ តើសម្ដេចសង្ឃបានធ្វើអ្វីពេលចូលទៅក្នុងទីបរិសុទ្ធបំផុតជាលើកទី១នៅថ្ងៃជម្រះការខុសឆ្គង? (សូមមើលរូបភាពនៅក្រប)
៤ សូមអាន លេវីវិន័យ ១៦:១២, ១៣។ សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃជម្រះការខុសឆ្គង។ ដំបូង សម្ដេចសង្ឃចូលទៅក្នុងត្រសាលរបស់ព្រះ។ នេះជាលើកទី១ក្នុងចំណោមបីលើកដែលគាត់ត្រូវចូលក្នុងទីបរិសុទ្ធបំផុតនៅថ្ងៃនោះ។ នៅដៃម្ខាង គាត់កាន់ប្រដាប់មួយដែលពេញដោយគ្រឿងក្រអូប ហើយនៅដៃម្ខាងទៀត គាត់កាន់ប្រដាប់ចូកដែលពេញដោយរងើកភ្លើង។ គាត់បានឈប់នៅមុខវាំងននដែលបាំងច្រកចូលទីបរិសុទ្ធបំផុត។ ដោយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ គាត់ចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយឈរនៅខាងមុខហឹបនៃកិច្ចព្រមព្រៀង។ នេះគឺហាក់ដូចជាគាត់កំពុងឈរនៅខាងមុខព្រះយេហូវ៉ា! ឥឡូវ សង្ឃនោះចាក់គ្រឿងក្រអូបបរិសុទ្ធដោយប្រុងប្រយ័ត្នទៅលើរងើកភ្លើង ហើយបន្ទប់នោះពេញទៅដោយក្លិនក្រអូបភាយ។b ក្រោយមក គាត់នឹងយកឈាមពីគ្រឿងបូជាសម្រាប់ការខុសឆ្គងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងទៀត។ សូមកត់សម្គាល់ថាគាត់ដុតគ្រឿងក្រអូបមុនគាត់ជូនឈាមជាគ្រឿងបូជាសម្រាប់ការខុសឆ្គង។
៥. តើយើងអាចរៀនអ្វីពីការប្រើគ្រឿងក្រអូបនៅថ្ងៃជម្រះការខុសឆ្គង?
៥ តើយើងអាចរៀនអ្វីពីការប្រើគ្រឿងក្រអូបនៅថ្ងៃជម្រះការខុសឆ្គង? គម្ពីរប្រាប់ថាសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាគឺប្រៀបដូចជាគ្រឿងក្រអូប។ (ទំនុក. ១៤១:២; បប. ៥:៨) សូមនឹកចាំថា សម្ដេចសង្ឃបានយកគ្រឿងក្រអូបទៅកន្លែងដែលមានវត្តមានរបស់ព្រះយេហូវ៉ាដោយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ។ ស្រដៀងគ្នាដែរ ពេលយើងអធិដ្ឋានទៅព្រះយេហូវ៉ា យើងបង្ហាញការគោរពយ៉ាងជ្រាលជ្រៅ។ យើងកោតស្ងើចលោក ហើយមានចិត្តកតញ្ញូជាខ្លាំងដែលអ្នកបង្កើតសកលលោកអនុញ្ញាតឲ្យយើងចូលទៅជិតលោក ដូចកូនចូលទៅជិតឪពុក។ (យ៉ា. ៤:៨) លោកទទួលយើងឲ្យធ្វើជាមិត្តសម្លាញ់របស់លោក! (ទំនុក. ២៥:១៤) យើងឲ្យតម្លៃចំពោះឯកសិទ្ធិនេះខ្លាំងណាស់ បានជាយើងនឹងមិនចង់ធ្វើឲ្យលោកខកចិត្តឡើយ។
៦. តើយើងអាចរៀនអ្វីពីការដែលសម្ដេចសង្ឃដុតគ្រឿងក្រអូបមុនគាត់ជូនគ្រឿងបូជា?
៦ សូមចាំថាសម្ដេចសង្ឃត្រូវដុតគ្រឿងក្រអូបមុនគាត់អាចជូនគ្រឿងបូជា។ តាមរបៀបនេះ គាត់បានធ្វើឲ្យប្រាកដថាព្រះពេញចិត្តគាត់ពេលជូនគ្រឿងបូជានោះ។ តើយើងអាចរៀនអ្វីពីរឿងនេះ? កាលដែលលោកយេស៊ូនៅផែនដី លោកត្រូវធ្វើអ្វីដ៏សំខាន់មុនលោកអាចបូជាជីវិតលោកជាគ្រឿងបូជា។ អ្វីនោះគឺសំខាន់ជាងការផ្ដល់សេចក្ដីសង្គ្រោះដល់មនុស្សជាតិ។ តើនោះជាអ្វី? គឺលោកត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ពេញមួយជីវិតរបស់លោកនៅផែនដី ដើម្បីឲ្យព្រះយេហូវ៉ាទទួលយកគ្រឿងបូជារបស់លោក។ តាមរបៀបនេះ លោកយេស៊ូបានបង្ហាញថាការមានរបៀបរស់នៅសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ។ លោកយេស៊ូបានបង្ហាញថាបិតាលោកមានសិទ្ធិគ្រប់គ្រង ហើយថារបៀបគ្រប់គ្រងរបស់បិតាលោកគឺយុត្ដិធម៌និងល្អបំផុត។
៧. ហេតុអ្វីរបៀបរស់នៅរបស់លោកយេស៊ូនៅផែនដីបានធ្វើឲ្យបិតាលោកពេញចិត្ត?
៧ អស់មួយជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាឥតចន្លោះ។ ទោះជាលោកបានជួបការល្បួងនិងការពិបាក ហើយដឹងថាលោកនឹងស្លាប់ដោយឈឺចាប់ក្ដី លោកបានតាំងចិត្តបង្ហាញថាមានតែរបៀបគ្រប់គ្រងរបស់បិតាលោកប៉ុណ្ណោះគឺល្អបំផុត។ (ភី. ២:៨) ពេលលោកយេស៊ូបានប្រឈមមុខនឹងស្ថានភាពដ៏ពិបាក លោកបានអធិដ្ឋាន«ដោយទឹកភ្នែកនិងបន្លឺសំឡេងយ៉ាងខ្លាំង»។ (ហេ. ៥:៧) សេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់លោកបង្ហាញថាលោកមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយនោះបានធ្វើឲ្យលោកតាំងចិត្តកាន់តែខ្លាំងដើម្បីស្ដាប់បង្គាប់ព្រះ។ ចំពោះព្រះយេហូវ៉ា សេចក្ដីអធិដ្ឋានរបស់លោកយេស៊ូប្រៀបដូចជាក្លិនដ៏ឈ្ងុយឈ្ងប់របស់គ្រឿងក្រអូប។ អ្វីទាំងអស់ដែលលោកយេស៊ូបានធ្វើក្នុងជីវិតនៅផែនដី បានធ្វើឲ្យបិតាលោកពេញចិត្តខ្លាំងណាស់ ហើយបង្ហាញថាបិតាលោកមានសិទ្ធិគ្រប់គ្រង ហើយថារបៀបគ្រប់គ្រងរបស់បិតាលោកគឺល្អបំផុត។
៨. តើយើងអាចមានរបៀបរស់នៅដូចលោកយេស៊ូយ៉ាងដូចម្ដេច?
៨ យើងអាចយកតម្រាប់លោកយេស៊ូ ដោយខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ា និងមានភក្ដីភាពចំពោះលោក។ ពេលយើងជួបទុក្ខលំបាក យើងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ពីព្រោះយើងចង់ធ្វើឲ្យលោកពេញចិត្ត។ តាមរបៀបទាំងនេះ យើងបង្ហាញថាយើងគាំទ្ររបៀបគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ យើងទទួលស្គាល់ថាព្រះយេហូវ៉ានឹងមិនព្រមទទួលសេចក្ដីអធិដ្ឋានរបស់យើងទេ ប្រសិនបើយើងកំពុងធ្វើអ្វីដែលលោកស្អប់។ ក៏ប៉ុន្តែ បើយើងរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា យើងអាចជឿជាក់ថាសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់យើងនឹងប្រៀបដូចជាក្លិនដ៏ឈ្ងុយឈ្ងប់របស់គ្រឿងក្រអូបចំពោះព្រះយេហូវ៉ា។ ម្យ៉ាងទៀត យើងអាចប្រាកដថាចិត្តស្មោះឥតងាករេនិងការស្ដាប់បង្គាប់យ៉ាងស្មោះត្រង់របស់យើង ធ្វើឲ្យបិតាយើងនៅស្ថានសួគ៌ពេញចិត្ត។—សុភ. ២៧:១១
ចិត្តកតញ្ញូនិងសេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យបម្រើព្រះយេហូវ៉ា
៩. ហេតុអ្វីជនជាតិអ៊ីស្រាអែលបានជូនគ្រឿងបូជាមេត្រី?
៩ មេរៀនទី២: យើងបម្រើព្រះយេហូវ៉ា ដោយសារយើងមានចិត្តកតញ្ញូចំពោះលោក។ ដើម្បីលើកបញ្ជាក់ចំណុចនេះ សូមយើងពិចារណាអំពីគ្រឿងបូជាមេត្រីដែលជនជាតិអ៊ីស្រាអែលបានជូននៅសម័យបុរាណ។c ក្នុងសៀវភៅលេវីវិន័យ យើងរៀនថាជនជាតិអ៊ីស្រាអែលអាចជូនគ្រឿងបូជាមេត្រីទុកសម្រាប់«អរព្រះគុណ»។ (លេវី. ៧:១១-១៣, ១៦-១៨) គាត់ជូនគ្រឿងបូជានោះ មិនមែនដោយសារជាកាតព្វកិច្ចទេ តែដោយសារគាត់ចង់ធ្វើដោយស្ម័គ្រពីចិត្ត។ នេះមានន័យថាគាត់ស្រឡាញ់ព្រះយេហូវ៉ាដែលជាព្រះរបស់គាត់។ បុគ្គលដែលជូនគ្រឿងបូជា ក្រុមគ្រួសាររបស់គាត់ និងពួកសង្ឃបានបរិភោគសាច់សត្វដែលជាគ្រឿងបូជានោះ។ ប៉ុន្តែ ផ្នែកខ្លះនៃសត្វនោះបានត្រូវជូនចំពោះតែព្រះយេហូវ៉ាប៉ុណ្ណោះ។ តើផ្នែកនោះជាអ្វី?
១០. តើគ្រឿងបូជាមេត្រីដែលបានត្រូវរៀបរាប់នៅលេវីវិន័យ ៣:៦, ១២, ១៤-១៦ បង្រៀនយើងយ៉ាងណាអំពីបំណងចិត្តរបស់លោកយេស៊ូក្នុងការធ្វើតាមបំណងប្រាថ្នារបស់បិតាលោក?
១០ មេរៀនទី៣: ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា យើងជូនអ្វីដែលល្អបំផុតទៅលោក។ ព្រះយេហូវ៉ាបានចាត់ទុកខ្លាញ់ថាជាផ្នែកល្អបំផុតរបស់សត្វ។ លោកក៏បានបញ្ជាក់ដែរថាគ្រឿងក្នុងខ្លះគឺពិសេស។ (សូមអាន លេវីវិន័យ ៣:៦, ១២, ១៤-១៦) ដូច្នេះ ព្រះយេហូវ៉ាពេញចិត្តជាខ្លាំង ពេលជនជាតិអ៊ីស្រាអែលស្ម័គ្រចិត្តជូនខ្លាញ់និងគ្រឿងក្នុងទាំងនោះដល់លោក។ ជនជាតិអ៊ីស្រាអែលណាម្នាក់ដែលបានជូនគ្រឿងបូជាបែបនេះ បានបង្ហាញថាគាត់ចង់ជូនអ្វីដែលល្អបំផុតទៅព្រះ។ ស្រដៀងគ្នាដែរ លោកយេស៊ូស្ម័គ្រចិត្តជូនព្រះយេហូវ៉ាអ្វីដែលល្អបំផុត គឺដោយខំអស់ពីសមត្ថភាពបម្រើលោក ពីព្រោះលោកស្រឡាញ់ព្រះយេហូវ៉ា។ (យ៉ូន. ១៤:៣១) លោកយេស៊ូពេញចិត្តនឹងធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយលោកមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះច្បាប់របស់ព្រះ។ (ទំនុក. ៤០:៨) ព្រះយេហូវ៉ាច្បាស់ជារីករាយខ្លាំងណាស់ពេលឃើញលោកយេស៊ូបម្រើលោកដោយស្ម័គ្រពីចិត្ត!
១១. តើកិច្ចបម្រើរបស់យើងប្រៀបដូចជាគ្រឿងបូជាមេត្រីយ៉ាងដូចម្ដេច ហើយតើនោះអាចសម្រាលទុក្ខយើងយ៉ាងណា?
១១ ដូចគ្រឿងបូជាមេត្រីទាំងនោះ កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា គឺជារបៀបស្ម័គ្រពីចិត្តមួយដែលយើងបង្ហាញអារម្មណ៍របស់យើងចំពោះលោក។ យើងជូនព្រះយេហូវ៉ាអ្វីដែលល្អបំផុត ហើយយើងធ្វើដូច្នេះដោយសារយើងស្រឡាញ់លោកអស់ពីចិត្ត។ ព្រះយេហូវ៉ាច្បាស់ជាពេញចិត្តណាស់ ពេលលោកឃើញអ្នកគោរពប្រណិប័តន៍របស់លោករាប់លាននាក់ស្ម័គ្រចិត្តបម្រើលោក ដោយព្រោះស្រឡាញ់លោកនិងខ្នាតតម្រារបស់លោកយ៉ាងជ្រាលជ្រៅ! យើងអាចទទួលការសម្រាលទុក្ខ ដោយចាំថាព្រះយេហូវ៉ាមិនគ្រាន់តែឃើញនិងឲ្យតម្លៃចំពោះការប្រព្រឹត្តរបស់យើងប៉ុណ្ណោះទេ តែលោកក៏ឃើញនិងឲ្យតម្លៃចំពោះបំណងចិត្តរបស់យើងផងដែរ។ ជាឧទាហរណ៍ បើអ្នកជាមនុស្សវ័យចាស់ ហើយមិនអាចធ្វើបានច្រើនដូចដែលអ្នកចង់ធ្វើ សូមប្រាកដថាព្រះយេហូវ៉ាយល់អំពីសមត្ថភាពរបស់អ្នក។ ប្រហែលជាអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើច្រើនសម្រាប់ព្រះយេហូវ៉ាទេ តែលោកឃើញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អ្នកដែលជំរុញចិត្តអ្នកឲ្យធ្វើអ្វីដែលអ្នកអាចធ្វើបាន។ លោកពេញចិត្តទទួលអ្វីដែលអ្នកធ្វើដោយអស់ពីសមត្ថភាព។
១២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះគ្រឿងបូជាមេត្រី ហើយតើនេះលើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
១២ តើយើងអាចរៀនអ្វីពីគ្រឿងបូជាមេត្រី? កាលដែលភ្លើងឆេះផ្នែកល្អបំផុតនៃសត្វ ផ្សែងបានហុយឡើងទៅលើ ហើយនោះធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ សូមប្រាកដថាព្រះយេហូវ៉ាពេញចិត្តនឹងកិច្ចបម្រើស្ម័គ្រចិត្តដែលអ្នកធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត។ (កូឡ. ៣:២៣) សូមស្រមៃគិតអំពីស្នាមញញឹមរបស់លោកដែលបង្ហាញពីក្ដីពេញចិត្ត! លោកចាត់ទុកថាការខំប្រឹងរបស់អ្នកក្នុងកិច្ចបម្រើលោក ដែលអ្នកធ្វើដោយសេចក្ដីស្រឡាញ់ មិនថាច្រើនឬតិចក្ដី ជាទ្រព្យដែលលោកនឹងនឹកចាំ ហើយឲ្យតម្លៃជារៀងរហូត។—ម៉ាថ. ៦:២០; ហេ. ៦:១០
ព្រះយេហូវ៉ាឲ្យពរដល់អង្គការរបស់លោក
១៣. យោងទៅតាមលេវីវិន័យ ៩:២៣, ២៤ តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកពេញចិត្តនឹងសង្ឃ?
១៣ មេរៀនទី៤: ព្រះយេហូវ៉ាកំពុងឲ្យពរដល់អង្គការរបស់លោកផ្នែកនៅផែនដី។ សូមពិចារណាអំពីអ្វីដែលបានកើតឡើងនៅឆ្នាំ១៥១២មុន គ.ស. ពេលត្រសាលបានត្រូវដំឡើងនៅជើងភ្នំស៊ីណាយ។ (និក្ខ. ៤០:១៧) ម៉ូសេបានចាត់ចែងក្នុងវិធីតែងតាំងអេរ៉ុននិងកូនប្រុសរបស់គាត់ឲ្យធ្វើជាសង្ឃ។ ប្រជាជាតិអ៊ីស្រាអែលបានមកជួបជុំគ្នាដើម្បីមើលសង្ឃជូនសត្វជាគ្រឿងបូជាលើកទី១។ (លេវី. ៩:១-៥) តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកពេញចិត្តនឹងពួកសង្ឃដែលទើបតែបានត្រូវតែងតាំងនេះ? កាលដែលអេរ៉ុននិងម៉ូសេឲ្យពរដល់បណ្ដាជន ព្រះយេហូវ៉ាបានទម្លាក់ភ្លើងពីមេឃដើម្បីដុតគ្រឿងបូជាលើទីបូជា។—សូមអាន លេវីវិន័យ ៩:២៣, ២៤
១៤. ហេតុអ្វីការដែលព្រះយេហូវ៉ាពេញចិត្តនឹងពួកសង្ឃពីក្រុមគ្រួសារអេរ៉ុនគឺសំខាន់សម្រាប់យើងនៅសព្វថ្ងៃនេះ?
១៤ តើភ្លើងដែលធ្លាក់ពីមេឃបង្ហាញអំពីអ្វី? ព្រះយេហូវ៉ាទម្លាក់ភ្លើងដើម្បីបង្ហាញថាលោកពេញចិត្តនិងគាំទ្រអេរ៉ុនព្រមទាំងកូនប្រុសគាត់ដែលលោកបានជ្រើសរើសឲ្យធ្វើជាសង្ឃ។ ពេលជនជាតិអ៊ីស្រាអែលបានឃើញច្បាស់ថាព្រះយេហូវ៉ាគាំទ្រពួកសង្ឃ នោះពួកគេយល់ថាពួកគេក៏ត្រូវគាំទ្រពួកសង្ឃដែរ។ តើនេះជាប់ទាក់ទងនឹងយើងឬទេ? មែន! ពួកសង្ឃនៅអ៊ីស្រាអែលជាតំណាងសង្ឃដែលប្រសើរជាងនិងសំខាន់ជាង។ លោកយេស៊ូគ្រិស្តគឺជាសម្ដេចសង្ឃឧត្តុង្គឧត្តម ហើយ១៤៤.០០០នាក់នឹងបម្រើជាសង្ឃនិងជាស្តេចជាមួយនឹងលោកនៅស្ថានសួគ៌។—ហេ. ៤:១៤; ៨:៣-៥; ១០:១
១៥-១៦. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោកពេញចិត្តនឹង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»?
១៥ នៅឆ្នាំ១៩១៩ លោកយេស៊ូបានតែងតាំងបងប្រុសមួយក្រុមតូចដែលបានត្រូវរើសតាំងឲ្យធ្វើជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ខ្ញុំបម្រើនោះនាំមុខក្នុងកិច្ចការផ្សព្វផ្សាយ ហើយផ្ដល់‹អាហារតាមត្រូវពេល›ដល់ពួកអ្នកកាន់តាមគ្រិស្ត។ (ម៉ាថ. ២៤:៤៥) តើយើងឃើញភ័ស្តុតាងយ៉ាងច្បាស់ថាព្រះយេហូវ៉ាពេញចិត្តនឹងខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាឬទេ?
១៦ សាថាននិងអ្នកគាំទ្ររបស់វាកំពុងព្យាយាមបញ្ឈប់កិច្ចការរបស់ខ្ញុំបម្រើដ៏ស្មោះត្រង់។ បើខ្ញុំបម្រើនោះមិនមានជំនួយពីព្រះយេហូវ៉ាទេ ពួកគាត់មិនអាចបំពេញកិច្ចការបានឡើយ។ ទោះជាមានសង្គ្រាមលោកលើកទី១និងទី២ ការបៀតបៀនឥតស្រាកស្រាន្ត បញ្ហាសេដ្ឋកិច្ចសកល និងអំពើអយុត្ដិធម៌ក្ដី ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបន្តផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់អ្នកកាន់តាមគ្រិស្តដែលនៅលើផែនដី។ សូមគិតអំពីសៀវភៅនិងអ្វីផ្សេងទៀតជាច្រើននៅសព្វថ្ងៃនេះដែលបានត្រូវចែកចាយដោយឥតគិតថ្លៃជាង៩០០ភាសា! នេះគឺជាភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថាព្រះកំពុងគាំទ្រយើង។ កិច្ចការផ្សព្វផ្សាយក៏ជាភ័ស្តុតាងមួយទៀតដែលបង្ហាញថាព្រះយេហូវ៉ាកំពុងឲ្យពរដែរ។ យើងកំពុងផ្សព្វផ្សាយដំណឹងល្អ«នៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថ. ២៤:១៤) យើងឃើញថាព្រះយេហូវ៉ាពិតជាកំពុងដឹកនាំនិងឲ្យពរជាបរិបូរដល់អង្គការរបស់លោកនៅសព្វថ្ងៃនេះ។
១៧. តើយើងអាចបង្ហាញយ៉ាងណាថាយើងគាំទ្រអង្គការដែលព្រះយេហូវ៉ាកំពុងប្រើ?
១៧ ជាការល្អដែលយើងសួរខ្លួនយើងថា ‹តើខ្ញុំមានចិត្តកតញ្ញូដែលខ្ញុំនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាឬទេ?›។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវភ័ស្តុតាងច្បាស់ ដូចភ្លើងដែលធ្លាក់ពីមេឃនៅសម័យរបស់ម៉ូសេនិងអេរ៉ុន។ យើងប្រាកដជាមានអ្វីជាច្រើនដើម្បីបង្ហាញអំណរគុណ។ (១ថែ. ៥:១៨, ១៩) តើយើងអាចបង្ហាញយ៉ាងណាថាយើងគាំទ្រអង្គការដែលព្រះយេហូវ៉ាកំពុងប្រើ? គឺដោយធ្វើតាមការណែនាំដែលមានមូលដ្ឋានលើគម្ពីរដែលយើងទទួលតាមរយៈសៀវភៅផ្សេងៗ កិច្ចប្រជុំ សន្និបាត និងមហាសន្និបាតរបស់យើងជាដើម។ បន្ថែមទៅទៀត យើងអាចបង្ហាញការគាំទ្ររបស់យើងដោយរួមចំណែកឲ្យបានច្រើនបំផុតក្នុងការផ្សព្វផ្សាយនិងការបង្រៀន។—១កូ. ១៥:៥៨
១៨. តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ សូមយើងតាំងចិត្តធ្វើតាមមេរៀនដែលយើងបានរៀនពីសៀវភៅលេវីវិន័យ។ យើងចង់ឲ្យព្រះយេហូវ៉ាទទួលយកគ្រឿងបូជារបស់យើង។ យើងបម្រើព្រះយេហូវ៉ា ដោយសារយើងមានចិត្តកតញ្ញូចំពោះលោក។ យើងបន្តជូនព្រះយេហូវ៉ានូវអ្វីដែលល្អបំផុត ពីព្រោះយើងស្រឡាញ់លោកអស់ពីចិត្ត។ ម្យ៉ាងទៀត យើងខំអស់ពីសមត្ថភាពដើម្បីគាំទ្រអង្គការដែលលោកកំពុងប្រើនៅសព្វថ្ងៃនេះ។ ដោយធ្វើដូច្នេះ យើងអាចបង្ហាញព្រះយេហូវ៉ាថា យើងឲ្យតម្លៃចំពោះឯកសិទ្ធិបម្រើលោកក្នុងនាមជាសាក្សីរបស់លោក!
ចម្រៀងលេខ៩៦ សៀវភៅរបស់ព្រះជាសម្បត្ដិវិសេស
a សៀវភៅលេវីវិន័យរៀបរាប់អំពីច្បាប់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យជនជាតិអ៊ីស្រាអែលសម័យបុរាណ។ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងមិននៅក្រោមច្បាប់ទាំងនោះទេ ប៉ុន្តែច្បាប់ទាំងនោះនៅតែមានប្រយោជន៍ចំពោះយើង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមេរៀនដ៏សំខាន់ដែលយើងអាចរៀនពីសៀវភៅលេវីវិន័យ។
b គ្រឿងក្រអូបដែលដុតនៅត្រសាលបានត្រូវចាត់ទុកជាអ្វីដែលពិសិដ្ឋ ហើយនៅអ៊ីស្រាអែលសម័យបុរាណ គ្រឿងក្រអូបនោះអាចប្រើបានតែក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាប៉ុណ្ណោះ។ (និក្ខ. ៣០:៣៤-៣៨) គ្មានអ្វីដែលបញ្ជាក់ថាគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ បានដុតគ្រឿងក្រអូបជាផ្នែកនៃការគោរពប្រណិប័តន៍របស់ពួកគេនោះទេ។
c ដើម្បីទទួលព័ត៌មានថែមទៀតអំពីគ្រឿងបូជាមេត្រី សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ទំព័រ២១ វគ្គ១១។
d ការពណ៌នាអំពីរូបភាពនៅថ្ងៃជម្រះការខុសឆ្គង សម្ដេចសង្ឃជនជាតិអ៊ីស្រាអែលបានយកគ្រឿងក្រអូបនិងរងើកភ្លើង ចូលទៅក្នុងទីបរិសុទ្ធបំផុត ដើម្បីធ្វើឲ្យបន្ទប់នោះពេញទៅដោយក្លិនក្រអូបភាយ។ ក្រោយមក គាត់បានចូលក្នុងទីបរិសុទ្ធបំផុតម្ដងទៀតដោយយកឈាមពីគ្រឿងបូជាសម្រាប់ការខុសឆ្គង
e ការពណ៌នាអំពីរូបភាព: ជនជាតិអ៊ីស្រាអែលម្នាក់ឲ្យចៀមជាគ្រឿងបូជាមេត្រីដល់សង្ឃ ដើម្បីបង្ហាញថាគាត់និងក្រុមគ្រួសារមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។
f ការពណ៌នាអំពីរូបភាព: ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូនៅផែនដី លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ា ដោយបន្តធ្វើតាមបង្គាប់របស់ព្រះ និងដោយជួយអ្នកកាន់តាមលោកឲ្យធ្វើតាមបង្គាប់ទាំងនោះដែរ។
g ការពណ៌នាអំពីរូបភាព: ទោះជាបងស្រីវ័យចាស់ម្នាក់មានបញ្ហាសុខភាពក្ដី គាត់បានជូននូវអ្វីដែលល្អបំផុតដល់ព្រះយេហូវ៉ា ដោយផ្សព្វផ្សាយតាមរយៈការសរសេរសំបុត្រ។
h ការពណ៌នាអំពីរូបភាព: នៅខែកុម្ភៈ ឆ្នាំ២០១៩ បងប្រុសហ្គារីត ឡឹស ដែលជាសមាជិកគណៈអភិបាលបានចេញផ្សាយសេចក្ដីបកប្រែពិភពលោកថ្មី កំណែថ្មី ជាភាសាអាល្លឺម៉ង់ ដល់អ្នកចូលរួមដែលមានចិត្តកតញ្ញូនិងខ្នះខ្នែង។ សព្វថ្ងៃនេះ អ្នកផ្សាយនៅប្រទេសអាល្លឺម៉ង់ដូចជាបងស្រីទាំងពីរនាក់នេះ សប្បាយប្រើគម្ពីរថ្មីក្នុងកិច្ចបម្រើផ្សាយ។