«ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះ
«បិតារបស់ខ្ញុំទទួលការលើកតម្កើងដោយការនេះឯង ពោលគឺ អ្នករាល់គ្នាមានផលផ្លែជាច្រើនជានិច្ច»។—យ៉ូន. ១៥:៨
១, ២. (ក) តើយើងមានឱកាសអ្វីដើម្បីលើកទឹកចិត្តដល់បងប្អូនរួមជំនឿ? (ខ) តើព្រះយេហូវ៉ាឲ្យយើងនូវអំណោយអ្វីដែលជួយបង្កើនសមត្ថភាពរបស់យើងក្នុងការបម្រើលោក?
សូមពិចារណានូវកាលៈទេសៈពីរយ៉ាងដូចតទៅនេះ។ នៅឯសាលប្រជុំ បងស្រីគ្រិស្តសាសនិកម្នាក់សង្កេតឃើញថាប្អូនស្រីម្នាក់ខ្វល់ខ្វាយអំពីអ្វីមួយ។ គាត់បានណាត់ប្អូនស្រីនោះដើម្បីផ្សព្វផ្សាយជាមួយគ្នា។ ក្នុងពេលដែលពួកគេដើរពីផ្ទះមួយទៅផ្ទះមួយទៀត ពួកគេបាននិយាយជាមួយគ្នា ហើយប្អូនស្រីនោះចាប់ផ្ដើមប្រាប់អំពីអ្វីដែលធ្វើឲ្យនាងខ្វល់ខ្វាយ។ ក្រោយមក ពេលដែលនាងអធិដ្ឋាននៅថ្ងៃនោះ នាងអរគុណព្រះយេហូវ៉ាចំពោះការយកចិត្តទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់បងស្រីដែលមានភាពចាស់ទុំនោះ ពីព្រោះនេះជាអ្វីដែលនាងពិតជាត្រូវការ។ នៅកន្លែងមួយទៀត ប្ដីប្រពន្ធមួយគូទើបតែត្រឡប់មកពីផ្សព្វផ្សាយនៅប្រទេសផ្សេង។ ពេលពួកគាត់ញ៉ាំបាយជាមួយបងប្អូនរួមជំនឿមួយចំនួន ពួកគាត់និយាយដោយរំភើបចិត្តអំពីបទពិសោធន៍នានាប្រាប់បងប្អូនទាំងនោះ។ នៅពេលនោះមានប្អូនប្រុសម្នាក់បានស្ដាប់យ៉ាងយកចិត្តទុកដាក់។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលដែលប្អូនប្រុសនេះកំពុងរៀបចំចាកចេញទៅប្រទេសផ្សេងដើម្បីធ្វើជាសាសនទូត នោះគាត់បានគិតអំពីគូប្ដីប្រពន្ធនេះនិងអំពីការសន្ទនារបស់ពួកគេដែលបានបណ្ដាលចិត្តគាត់ឲ្យចង់ផ្សព្វផ្សាយនៅប្រទេសផ្សេង។
២ ប្រហែលជាកាលៈទេសៈទាំងនេះរំលឹកអ្នកអំពីបងប្អូនរួមជំនឿណាម្នាក់ដែលមានឥទ្ធិពលល្អទៅលើជីវិតអ្នក។ ពិតមែន បើយើងនិយាយជាមួយអ្នកឯទៀតបានតែមួយដង នោះកម្រធ្វើឲ្យជីវិតរបស់អ្នកនោះផ្លាស់ប្ដូរណាស់។ ប៉ុន្តែ ជារៀងរាល់ថ្ងៃ យើងនៅតែមានឱកាសដើម្បីលើកទឹកចិត្តនិងពង្រឹងកម្លាំងរបស់អ្នកឯទៀត។ សូមស្រមៃគិតថាមានអ្វីមួយដែលអាចបង្កើនសមត្ថភាពនិងគុណសម្បត្ដិរបស់អ្នក ដើម្បីឲ្យអ្នកអាចជួយច្រើនថែមទៀតដល់បងប្អូនរួមជំនឿ ហើយដើម្បីឲ្យព្រះអាចប្រើអ្នកយ៉ាងពេញលេញបាន។ បើមានអ្វីមួយបែបនោះពិតជាល្អមែន មែនទេ? តាមការពិត ព្រះយេហូវ៉ាឲ្យអំណោយបែបនោះមកយើងមែន ពោលគឺសកម្មពលបរិសុទ្ធរបស់លោក។ (លូក. ១១:១៣) កាលដែលសកម្មពលរបស់ព្រះមានឥទ្ធិពលមកលើជីវិតយើង នោះនឹងបង្កើតឲ្យមានគុណសម្បត្ដិដ៏ថ្លៃថ្លា ដែលនាំឲ្យគ្រប់ផ្នែកនៃកិច្ចបម្រើរបស់យើងកាន់តែប្រសើរឡើង។ នេះពិតជាអំណោយដ៏អស្ចារ្យមែន!—សូមអាន កាឡាទី ៥:២២, ២៣
៣. (ក) តើការបណ្ដុះឲ្យមានគុណសម្បត្ដិនៃ«ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ គុណសម្បត្ដិដែលបង្កើតដោយសកម្មពលបរិសុទ្ធគឺបង្ហាញពីបុគ្គលិកលក្ខណៈព្រះយេហូវ៉ាដែលជាប្រភពនៃសកម្មពលនោះ។ (កូឡ. ៣:៩, ១០) លោកយេស៊ូបញ្ជាក់អំពីមូលហេតុសំខាន់បំផុតដែលគ្រិស្តសាសនិកត្រូវព្យាយាមយកតម្រាប់តាមព្រះ ពេលលោកប្រាប់ពួកសាវ័កថា៖ «បិតារបស់ខ្ញុំទទួលការលើកតម្កើងដោយការនេះឯង ពោលគឺ អ្នករាល់គ្នាមានផលផ្លែជាច្រើនជានិច្ច»។a (យ៉ូន. ១៥:៨) ពេលដែលយើងបណ្ដុះឲ្យមាន«ផលដែលបង្កើតដោយសកម្មពល» នោះយើងឃើញលទ្ធផលយ៉ាងជាក់ស្តែងក្នុងរបៀបដែលយើងប្រព្រឹត្តនិងនិយាយ ហើយនេះនាំឲ្យគេសរសើរព្រះ។ (ម៉ាថ. ៥:១៦) តើគុណសម្បត្ដិនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះខុសគ្នាយ៉ាងណាពីចរិតលក្ខណៈរបស់មនុស្សក្នុងពិភពលោកសាថាន? តើយើងអាចបណ្ដុះឲ្យមានគុណសម្បត្ដិនៃផលដែលបានបង្កើតដោយសកម្មពលយ៉ាងដូចម្ដេច? ហេតុអ្វីយើងប្រហែលជាពិបាកធ្វើដូច្នេះ? យើងនឹងពិចារណាសំណួរទាំងនេះកាលដែលយើងពិភាក្សាអំពីគុណសម្បត្ដិបីដំបូងនៃផលដែលបានបង្កើតដោយសកម្មពលរបស់ព្រះ ពោលគឺសេចក្ដីស្រឡាញ់ អំណរ និងសេចក្ដីសុខសាន្ត។
សេចក្ដីស្រឡាញ់ដែលឆ្លុះបញ្ចាំង ពីសេចក្ដីស្រឡាញ់របស់ព្រះ
៤. តើលោកយេស៊ូបង្រៀនអ្នកកាន់តាមលោកឲ្យបង្ហាញសេចក្ដីស្រឡាញ់បែបណា?
៤ សេចក្ដីស្រឡាញ់ដែលបានត្រូវបង្កើតដោយសកម្មពលបរិសុទ្ធគឺខុសគ្នាឆ្ងាយពីសេចក្ដីស្រឡាញ់ដែលមានជាទូទៅក្នុងពិភពលោកនេះ។ ហេតុអ្វី? ពីព្រោះសេចក្ដីស្រឡាញ់នេះឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់ព្រះ។ លោកយេស៊ូបានដៅបញ្ជាក់អំពីភាពខុសគ្នានេះពេលលោកថ្លែងសុន្ទរកថានៅលើភ្នំ។ (សូមអាន ម៉ាថាយ ៥:៤៣-៤៨) ធម្មតាមនុស្សប្រព្រឹត្តទៅលើអ្នកឯទៀតដូចគេប្រព្រឹត្តទៅលើខ្លួន ហើយលោកយេស៊ូបានកត់សម្គាល់ឃើញថា សូម្បីតែអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងក៏ធ្វើដូច្នេះដែរ។ ប៉ុន្តែ «សេចក្ដីស្រឡាញ់»បែបនេះមិនមែនជាសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនពិតនោះទេ នេះគ្រាន់តែជាការហុតទឹកសម្លឹងកាកតែប៉ុណ្ណោះ។ ប្រសិនបើយើងចង់‹បង្ហាញថាយើងជាកូននៃបិតារបស់យើងដែលនៅស្ថានសួគ៌› នោះយើងមិនត្រូវធ្វើដូច្នេះទេ។ ជាជាងប្រព្រឹត្តទៅលើអ្នកឯទៀតដូចគេប្រព្រឹត្តមកលើយើង នោះយើងត្រូវមានទស្សនៈនិងប្រព្រឹត្តទៅលើអ្នកឯទៀតដូចរបៀបដែលព្រះយេហូវ៉ាមានទស្សនៈនិងប្រព្រឹត្តទៅលើពួកគេវិញ។ ប៉ុន្តែ ដូចអ្វីដែលលោកយេស៊ូបង្គាប់យើង តើយើងអាចស្រឡាញ់សត្រូវរបស់យើងយ៉ាងដូចម្ដេច?
៥. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកដែលបៀតបៀនយើងយ៉ាងដូចម្ដេច?
៥ សូមពិចារណាអំពីគំរូមួយក្នុងគម្ពីរ។ ក្នុងអំឡុងពេលដែលផ្សព្វផ្សាយនៅក្រុងភីលីព ប៉ូលនិងស៊ីឡាសបានត្រូវគេចាប់ខ្លួន គេវាយធ្វើបាបពួកគាត់យ៉ាងសាហាវ បោះពួកគាត់ចូលក្នុងគុកងងឹត ហើយដាក់ខ្នោះជើង។ ក្នុងអំឡុងពេលនោះអ្នកយាមគុកក៏ប្រហែលជាធ្វើបាបពួកគាត់ដែរ។ នៅពេលដែលមានរញ្ជួយដីដែលបើកឱកាសឲ្យពួកគាត់អាចរត់ចេញពីគុកបាន តើពួកគាត់រីករាយដោយសារពួកគាត់អាចសងសឹកអ្នកយាមគុកនោះឬទេ? មិនមែនទេ។ ពួកគាត់មានសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន ដោយពួកគាត់បារម្ភយ៉ាងខ្លាំងចំពោះជីវិតរបស់អ្នកយាមគុកនោះ។ នេះជំរុញពួកគាត់ឲ្យចាត់វិធានការណ៍ភ្លាមៗដើម្បីជាប្រយោជន៍ដល់អ្នកយាមគុកនោះ ហើយបើកឱកាសឲ្យគាត់និងអ្នកផ្ទះទាំងអស់របស់គាត់ក្លាយទៅជាអ្នកជឿព្រះ។ (សកម្ម. ១៦:១៩-៣៤) ស្រដៀងគ្នាដែរ នៅបច្ចុប្បន្ននេះបងប្អូនជាច្រើនក៏បាន«ឲ្យពរអ្នកដែលបៀតបៀន»ពួកគាត់ដែរ។—រ៉ូម ១២:១៤
៦. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនចំពោះបងប្អូនរួមជំនឿតាមវិធីណា? (សូមមើលប្រអប់នៅទំព័រ២២)
៦ សេចក្ដីស្រឡាញ់ដែលយើងមានចំពោះបងប្អូនរួមជំនឿ នោះជ្រាលជ្រៅជាង។ គម្ពីរចែងថា៖ «យើងក៏មានកាតព្វកិច្ចលះបង់ជីវិតដើម្បីបងប្អូនយើងដែរ»។ (សូមអាន យ៉ូហានទី១ ៣:១៦-១៨) ប៉ុន្តែ ជាញឹកញយយើងអាចបង្ហាញសេចក្ដីស្រឡាញ់តាមវិធីឯទៀតដែរ។ ជាឧទាហរណ៍ ប្រសិនបើយើងនិយាយអ្វីឬប្រព្រឹត្តអ្វីដែលធ្វើឲ្យបងប្អូនណាម្នាក់ទើសចិត្ត នោះយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដោយទៅរកជានឹងបងប្អូននោះមុន។ (ម៉ាថ. ៥:២៣, ២៤) ចុះយ៉ាងណាបើមានបងប្អូនណាម្នាក់ធ្វើឲ្យយើងទើសចិត្តវិញ? តើយើង«បំរុងតែនឹងអត់ទោស» ឬក៏ជួនកាលយើងបែរជាមានចិត្តចងគំនុំវិញ? (ទំនុក. ៨៦:៥) សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលបង្កើតដោយសកម្មពលបរិសុទ្ធអាចជួយយើងឲ្យគ្របបាំងនូវកំហុសតូចតាច ហើយអភ័យទោសឲ្យអ្នកឯទៀតដោយគ្មានល័ក្ខខ័ណ្ឌ ដូច‹ព្រះយេហូវ៉ាបានអភ័យទោសឲ្យយើងដោយគ្មានល័ក្ខខ័ណ្ឌ›ដែរ។—កូឡ. ៣:១៣, ១៤; ១ពេ. ៤:៨
៧, ៨. (ក) តើសេចក្ដីស្រឡាញ់ចំពោះព្រះនិងសេចក្ដីស្រឡាញ់ចំពោះបងប្អូនទាក់ទងគ្នាយ៉ាងណា? (ខ) តើយើងអាចមានសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅទំព័រ២០)
៧ តើយើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនចំពោះបងប្អូនរួមជំនឿតាមវិធីណា? គឺដោយមានសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះព្រះ។ (អេភ. ៥:១, ២; ១យ៉ូន. ៤:៩-១១, ២០, ២១) ពេលដែលយើងចំណាយពេលផ្ទាល់ខ្លួនក្នុងការអានគម្ពីរ រំពឹងគិត និងអធិដ្ឋាន នោះប្រៀបដូចជាយើងចំណាយពេលជាមួយនឹងព្រះយេហូវ៉ាដែរ។ ពេលយើងធ្វើដូច្នេះ នោះនឹងជួយលើកទឹកចិត្តយើង ថែមទាំងជួយយើងឲ្យស្រឡាញ់បិតានៅស្ថានសួគ៌កាន់តែច្រើនឡើងៗ។ ប៉ុន្តែ យើងត្រូវលៃទុកពេលក្នុងការធ្វើដូច្នេះដើម្បីចូលទៅជិតលោក។
៨ ជាឧទាហរណ៍ សូមស្រមៃគិតថាអ្នកអាចអានគម្ពីរ រំពឹងគិតអំពីអ្វីដែលអ្នកអាន និងអធិដ្ឋានទៅព្រះយេហូវ៉ាក្នុងរយៈពេលមួយតែប៉ុណ្ណោះជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាការពារពេលវេលានោះទុកដើម្បីកុំឲ្យអ្វីមករំខានដល់ពេលវេលាដែលអ្នកចំណាយជាមួយនឹងព្រះយេហូវ៉ា មែនទេ? ពិតមែន គ្មាននរណាម្នាក់អាចដាក់កម្រិតអំពីពេលវេលាដែលយើងអធិដ្ឋានទៅព្រះឡើយ ហើយយើងភាគច្រើនអាចអានគម្ពីរនៅពេលណាដែលយើងចង់អានបាន។ ប៉ុន្តែ យើងប្រហែលជាត្រូវចាត់វិធានការដើម្បីកុំឲ្យកិច្ចការប្រចាំថ្ងៃដែលរវល់វក់វីមករំខានដល់ពេលវេលារបស់យើងជាមួយនឹងព្រះ។ ដូច្នេះ ជារៀងរាល់ថ្ងៃ តើអ្នកលៃទុកពេលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានដើម្បីចូលទៅជិតព្រះយេហូវ៉ាឬទេ?
«អំណរដែលមកពីសកម្មពលបរិសុទ្ធ»
៩. តើសកម្មពលបរិសុទ្ធអាចជួយយើងឲ្យនៅតែមានអំណរ ទោះជាយើងស្ថិតក្រោមកាលៈទេសៈបែបណា?
៩ អំណរគឺជាគុណសម្បត្ដិមួយនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។ ទោះជាយើងជួបប្រទះការពិបាកក្នុងជីវិតក៏ដោយ យើងនៅតែអាចមានអំណរបាន។ អំណរប្រៀបដូចជារុក្ខជាតិដែលអាចលូតលាស់បានទោះជាអាកាសធាតុហួតហែងក៏ដោយ។ ទូទាំងផែនដី អ្នកបម្រើព្រះជាច្រើន‹បានទទួលបណ្ដាំរបស់ព្រះដោយអំណរដែលមកពីសកម្មពលបរិសុទ្ធ ទោះបីមានសេចក្ដីវេទនាជាច្រើនក៏ដោយ›។ (១ថែ. ១:៦) បងប្អូនឯទៀតជួបទុក្ខលំបាកនិងភាពខ្វះខាត។ ប៉ុន្តែ ព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យពួកគេតាមរយៈសកម្មពលរបស់លោក‹ដើម្បីឲ្យពួកគេស៊ូទ្រាំនឹងការទាំងអស់ ហើយមានចិត្តធ្ងន់ដោយអំណរ›។ (កូឡ. ១:១១) តើអ្វីជាប្រភពនៃអំណរនេះ?
១០. តើអ្វីជាប្រភពនៃអំណររបស់យើង?
១០ ពរដែលយើងទទួលពីព្រះយេហូវ៉ាដែលប្រៀបដូចជាកំណប់ទ្រព្យ នោះមានតម្លៃជារៀងរហូត មិនដូច«ទ្រព្យដែលមិនទៀង»ក្នុងពិភពលោករបស់សាថានទេ។ (១ធី. ៦:១៧; ម៉ាថ. ៦:១៩, ២០) ព្រះយេហូវ៉ាផ្ដល់ក្ដីសង្ឃឹមអស្ចារ្យមួយឲ្យយើង គឺជាជីវិតដែលគ្មានទីបញ្ចប់។ យើងមានអំណរដោយសារយើងរួមចំណែកជាមួយនឹងបងប្អូនរួមជំនឿដែលមានទូទាំងពិភពលោក។ សំខាន់បំផុត អំណររបស់យើងមានមូលដ្ឋានលើចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ យើងក៏មានអារម្មណ៍ដូចដាវីឌដែរ ដែលទោះជាគាត់ត្រូវរស់នៅជាជនភៀសខ្លួនក៏ដោយ គាត់បានច្រៀងសរសើរព្រះយេហូវ៉ាថា៖ «ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់ គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ»។ (ទំនុក. ៦៣:៣, ៤) ដូច្នេះ ទោះជាយើងជួបទុក្ខលំបាកក៏ដោយ យើងនៅតែអាចសរសើរព្រះដោយអំណរបាន។
១១. ហេតុអ្វីជាការសំខាន់ដែលយើងបម្រើព្រះយេហូវ៉ាដោយអំណរ?
១១ សាវ័កប៉ូលដាស់តឿនពួកគ្រិស្តសាសនិកថា៖ «ចូរអរសប្បាយដោយសារលោកម្ចាស់ជានិច្ច។ ខ្ញុំសូមនិយាយម្ដងទៀតថា ចូរអរសប្បាយចុះ!»។ (ភី. ៤:៤) ហេតុអ្វីជាការសំខាន់ឲ្យពួកគ្រិស្តសាសនិកបំពេញកិច្ចបម្រើចំពោះព្រះយេហូវ៉ាដោយអំណរ? ពីព្រោះ សាថានបានចោទអំពីរឿងដែលទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ សាថានវាចោទថាគ្មានមនុស្សណាម្នាក់ដែលស្ម័គ្រចិត្តបម្រើព្រះនោះទេ។ (យ៉ូប ១:៩-១១) ប្រសិនបើយើងបម្រើព្រះយេហូវ៉ាតាមភារកិច្ច ប៉ុន្តែគ្មានអំណរ នោះគ្រឿងបូជារបស់យើងដែលជាការសរសើរព្រះនឹងមិនពេញលក្ខណៈទេ។ ដូច្នេះ យើងព្យាយាមធ្វើតាមការដាស់តឿនរបស់អ្នកតែងទំនុកតម្កើងដែលថា៖ «ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ដោយច្រៀងចំរៀងចុះ»។ (ទំនុក. ១០០:២) ដូច្នេះបើយើងស្ម័គ្រចិត្តបម្រើព្រះដោយអំណរ នោះនឹងលើកតម្កើងលោក។
១២, ១៣. តើយើងអាចធ្វើយ៉ាងណាដើម្បីទប់ទល់នឹងអារម្មណ៍ធ្លាក់ទឹកចិត្ត?
១២ ប៉ុន្តែ ជួនកាលសូម្បីតែអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាក៏ធ្លាក់ទឹកចិត្ត ហើយត្រូវតស៊ូដើម្បីរក្សាឲ្យមានចិត្តគំនិតត្រឹមត្រូវដែរ។ (ភី. ២:២៥-៣០) ក្នុងកាលៈទេសៈបែបនោះ តើអ្វីអាចជួយយើងបាន? អេភេសូរ ៥:១៨, ១៩ចែងថា៖ «ចូរឲ្យបានពេញទៅដោយសកម្មពលរបស់ព្រះជានិច្ច និយាយគ្នាដោយបទទំនុកតម្កើង ពាក្យសរសើរព្រះ ចម្រៀងគោរពប្រណិប័តន៍ ហើយច្រៀងនិងលេងភ្លេងបន្ទរតាមជូនព្រះយេហូវ៉ាក្នុងចិត្ត»។ តើយើងអាចអនុវត្តតាមឱវាទនេះយ៉ាងណា?
១៣ ពេលមានអារម្មណ៍ធ្លាក់ទឹកចិត្ត នោះយើងអាចអធិដ្ឋានអង្វរព្រះយេហូវ៉ា និងព្យាយាមរំពឹងគិតអំពីអ្វីៗដែលគួរឲ្យសរសើរ។ (សូមអាន ភីលីព ៤:៦-៩) បងប្អូនខ្លះគ្រហឹមតាមបទភ្លេងនៃចម្រៀងរាជាណាចក្រ ហើយនេះបានជួយលើកទឹកចិត្តពួកគាត់ និងជួយពួកគាត់ឲ្យមានចិត្តគំនិតត្រឹមត្រូវ។ បងប្រុសម្នាក់ដែលជួបប្រទះនឹងបញ្ហាដែលច្រើនតែធ្វើឲ្យគាត់មួម៉ៅនិងធ្លាក់ទឹកចិត្ត បាននឹកចាំថា៖ «ក្រៅពីការអធិដ្ឋានអស់ពីចិត្ត ខ្ញុំទន្ទេញឲ្យចាំពាក្យក្នុងចម្រៀងខ្លះពីចម្រៀងនៃរាជាណាចក្រព្រះ។ នេះបានធ្វើឲ្យខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្តដោយច្រៀងពាក្យសរសើរដ៏ពីរោះជូនព្រះយេហូវ៉ាមិនថាជាសំឡេងលឺៗឬខ្សឹបៗក្ដី។ ម្យ៉ាងទៀត នៅពេលនោះសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ាបានចេញថ្មី។ នៅឆ្នាំក្រោយដែលសៀវភៅនោះចេញមក ខ្ញុំបានអានចប់ពីរដងហើយ។ សៀវភៅនោះប្រៀបដូចជាថ្នាំផ្សះដែលលាបចិត្តរបស់ខ្ញុំ។ ខ្ញុំដឹងថាព្រះយេហូវ៉ាបានឲ្យពរដល់ការខំប្រឹងប្រែងរបស់ខ្ញុំមែន»។
«សេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»
១៤. តើសេចក្ដីសុខសាន្តដែលបង្កើតដោយសកម្មពលបរិសុទ្ធនាំឲ្យមានអ្វី?
១៤ ក្នុងមហាសន្និបាតអន្តរជាតិរបស់យើង មានបងប្អូនរួមជំនឿដែលមកពីប្រទេសផ្សេងៗបានមកជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយនឹងបងប្អូនឯទៀត។ ការជួបជុំគ្នានេះបង្ហាញឲ្យឃើញផ្នែកមួយនៃសេចក្ដីសុខសាន្ត ដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ ពោលគឺឯកភាពទូទាំងពិភពលោករបស់យើង។ ពេលអ្នកឯទៀតឃើញមនុស្សដែលធម្មតាគួរតែស្អប់គ្នា តែបែរជា«ព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»ទៅវិញ នោះធ្វើឲ្យគេភ្ញាក់ផ្អើលមែន។ (អេភ. ៤:៣) បងប្អូនជាច្រើនត្រូវយកឈ្នះឧបសគ្គនានាដើម្បីមានឯកភាពគ្នា។ ហេតុនេះឯកភាពរបស់យើងគឺជាអ្វីដ៏អស្ចារ្យណាស់!
១៥, ១៦. (ក) តើពេត្រុសជឿយ៉ាងណាតាំងពីតូចមក? ហើយតើនេះធ្វើឲ្យគាត់មានការពិបាកយ៉ាងណា? (ខ) តើព្រះយេហូវ៉ាជួយពេត្រុសឲ្យកែប្រែចិត្តគំនិតរបស់គាត់យ៉ាងដូចម្ដេច?
១៥ ការបង្រួបបង្រួមមនុស្សដែលមានប្រវត្ដិក្រុមគ្រួសារខុសៗគ្នា នោះជាអ្វីដែលពិបាកមែន។ ដើម្បីជួយយើងឲ្យយល់អំពីអ្វីដែលមនុស្សត្រូវយកឈ្នះដើម្បីមានឯកភាពបែបនេះ សូមឲ្យយើងពិចារណាអំពីគំរូរបស់បុគ្គលម្នាក់នៅសតវត្សរ៍ទី១ គឺសាវ័កពេត្រុស។ យើងអាចឃើញពីចិត្តគំនិតរបស់គាត់ចំពោះជនជាតិដទៃដែលមិនកាត់ចុងស្បែក ពេលគាត់និយាយថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ជនជាតិយូដាគ្មានច្បាប់ចូលទៅជិតឬទាក់ទងជាមួយនឹងជាតិសាសន៍ដទៃទេ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានបង្ហាញខ្ញុំថា ខ្ញុំមិនគួរហៅមនុស្សណាម្នាក់មិនស្អាតឬស្មោកគ្រោកឡើយ»។ (សកម្ម. ១០:២៤-២៩; ១១:១-៣) នៅសម័យនោះជនជាតិយូដាជឿថាច្បាប់បង្គាប់ឲ្យស្រឡាញ់តែជនរួមជាតិតែប៉ុណ្ណោះ។ តាមមើលទៅ ពេត្រុសបានជឿដូច្នេះតាំងពីតូចមក ហើយប្រហែលជាការធម្មតាទេដែលគាត់គិតថាជនជាតិដទៃគឺជាសត្រូវដែលគាត់គួរតែស្អប់។b
១៦ សូមស្រមៃគិតថាពេត្រុសមានអារម្មណ៍ពិបាកប៉ុណ្ណាពេលដែលគាត់ចូលទៅក្នុងផ្ទះរបស់កូនេលាស។ តើពេត្រុសដែលធ្លាប់តែមានចិត្តគំនិតមិនត្រឹមត្រូវចំពោះជនជាតិដទៃ អាចនៅ«ជាប់គ្នាយ៉ាងល្អ»ជាមួយពួកគេ«ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»បានឬទេ? (អេភ. ៤:៣, ១៦) ពិតជាបានមែន។ ពីព្រោះពីរបីថ្ងៃមុននោះ សកម្មពលរបស់ព្រះបានបើកចិត្តរបស់ពេត្រុសឲ្យគាត់ចាប់ផ្ដើមកែប្រែចិត្តគំនិតរបស់គាត់ ហើយលែងប្រកាន់ពូជសាសន៍ទៀត។ តាមរយៈការឃើញក្នុងគំនិត ព្រះយេហូវ៉ាបានបញ្ជាក់ឲ្យគាត់យល់ច្បាស់ថាទស្សនៈរបស់លោកចំពោះមនុស្សមិនផ្អែកលើជាតិសាសន៍នោះទេ។ (សកម្ម. ១០:១០-១៥) យ៉ាងនេះ ពេត្រុសអាចប្រាប់ដល់កូនេលាសថា៖ «ខ្ញុំយល់ឃើញច្បាស់ថា ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។ (សកម្ម. ១០:៣៤, ៣៥) ពេត្រុសបានកែប្រែចិត្តគំនិតរបស់គាត់ទាំងស្រុង ហើយក្រោយមក គាត់មានឯកភាពយ៉ាងពិតប្រាកដជាមួយនឹង«បងប្អូនរួមជំនឿទាំងអស់គ្នា»មែន។—១ពេ. ២:១៧
១៧. ហេតុអ្វីឯកភាពដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះជាអ្វីដ៏អស្ចារ្យ?
១៧ បទពិសោធន៍របស់ពេត្រុសជួយយើងឲ្យមានចិត្តដឹងគុណចំពោះការកែប្រែយ៉ាងអស្ចារ្យដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ។ (សូមអាន អេសាយ ២:៣, ៤) មនុស្សរាប់លាននាក់ដែល«ចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»បានកែប្រែចិត្តគំនិតរបស់ពួកគាត់ឲ្យសមស្របនឹង«បំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។ (បប. ៧:៩; រ៉ូម ១២:២) បងប្អូនជាច្រើនទាំងនេះធ្លាប់ទទួលឥទ្ធិពលយ៉ាងខ្លាំងពីពិភពលោករបស់សាថានដែលពោរពេញទៅដោយភាពស្អប់គ្នា គំនុំ និងការបែកបាក់គ្នា។ ប៉ុន្តែ ដោយពួកគាត់បានសិក្សាបណ្ដាំរបស់ព្រះនិងទទួលជំនួយពីសកម្មពលបរិសុទ្ធ នោះពួកគាត់បាន«ស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព»។ (រ៉ូម ១៤:១៩) ដោយធ្វើដូច្នេះពួកគាត់មានឯកភាពគ្នា ហើយនេះនាំឲ្យអ្នកឯទៀតសរសើរព្រះ។
១៨, ១៩. (ក) តើយើងម្នាក់ៗអាចធ្វើយ៉ាងណាដើម្បីពង្រឹងសេចក្ដីសុខសាន្តនិងឯកភាពគ្នាដែលមានក្នុងក្រុមជំនុំ? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទបន្ទាប់?
១៨ តើយើងម្នាក់ៗអាចធ្វើយ៉ាងណាដើម្បីពង្រឹងសេចក្ដីសុខសាន្តនិងឯកភាពគ្នាដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះ? ក្រុមជំនុំជាច្រើនមានបងប្អូនប្រុសស្រីដែលមកពីប្រទេសផ្សេងៗ។ បងប្អូនខ្លះប្រហែលជាមានទំនៀមទម្លាប់ខុសៗគ្នា ឬមិនសូវចេះនិយាយភាសាយើងប៉ុន្មានទេ។ តើយើងខំស្គាល់ពួកគាត់ឲ្យបានច្បាស់ឬទេ? បណ្ដាំរបស់ព្រះលើកទឹកចិត្តយើងឲ្យធ្វើដូច្នេះ។ ប៉ូលបានសរសេរសំបុត្រទៅក្រុមជំនុំនៅទីក្រុងរ៉ូមដែលមានបងប្អូនរួមជំនឿជនជាតិយូដានិងជនជាតិដទៃ ដោយថា៖ «ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក ដូចគ្រិស្តបានទទួលស្វាគមន៍យើង ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»។ (រ៉ូម ១៥:៧) តើមានបងប្អូនណាម្នាក់ក្នុងក្រុមជំនុំដែលអ្នកអាចស្គាល់គាត់ឲ្យបានច្បាស់ជាងឬទេ?
១៩ តើយើងអាចធ្វើអ្វីថែមទៀតដើម្បីអនុញ្ញាតឲ្យសកម្មពលបរិសុទ្ធមានឥទ្ធិពលមកលើជីវិតរបស់យើង? អត្ថបទបន្ទាប់នឹងពិចារណាអំពីសំណួរនេះ ហើយក៏ពិគ្រោះអំពីគុណសម្បត្ដិឯទៀតនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះដែរ។
[កំណត់សម្គាល់]
a ផលដែលលោកយេស៊ូរៀបរាប់រួមមាន«ផលដែលបង្កើតដោយសកម្មពល»និង«ផលនៃបបូរមាត់»ដែលគ្រិស្តសាសនិកជូនព្រះតាមរយ:កិច្ចបម្រើផ្សាយ។—ហេ. ១៣:១៥
b លេវីវិន័យ ១៩:១៨ចែងថា៖ «មិនត្រូវសងសឹក ឬចងគំនុំគុំកួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ អ្នកដឹកនាំសាសនាយូដាជឿថា«កូនចៅរបស់សាសន៍ឯង»និង«អ្នកជិតខាង»សំដៅទៅលើជនជាតិយូដាតែប៉ុណ្ណោះ។ ច្បាប់តម្រូវឲ្យជនជាតិអ៊ីស្រាអែលញែកខ្លួនដោយឡែកពីជនជាតិឯទៀត។ ក៏ប៉ុន្តែ ច្បាប់មិនបានគាំទ្រចំពោះទស្សនៈនៃអ្នកដឹកនាំសាសនានៅសតវត្សរ៍ទី១ ដែលថាជនជាតិដទៃទាំងអស់គឺជាសត្រូវ ហើយត្រូវតែស្អប់ពួកគេនោះទេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនដល់បងប្អូនរួមជំនឿយ៉ាងដូចម្ដេច?
• ហេតុអ្វីសំខាន់ឲ្យយើងបម្រើព្រះដោយមានអំណរ?
• តើយើងអាចធ្វើយ៉ាងណាដើម្បីពង្រឹងសេចក្ដីសុខសាន្តនិងឯកភាពគ្នាដែលមានក្នុងក្រុមជំនុំ?
[ប្រអប់/រូបភាពនៅទំព័រ២២]
«ពួកគាត់ជាគ្រិស្តសាសនិកពិត»
សៀវភៅមួយបានពណ៌នាអំពីអ្នកជាប់គុកវ័យក្មេងម្នាក់ដែលជាជនជាតិយូដា។ (Between Resistance and Martyrdom—Jehovah’s Witnesses in the Third Reich) ក្នុងសៀវភៅនោះគាត់បានរៀបរាប់អំពីពេលដែលគាត់ជួបសាក្សីព្រះយេហូវ៉ាជាលើកដំបូងក្រោយពីគេបញ្ជូនគាត់ទៅជំរំឃុំឃាំងនៅក្រុងណូអេនហ្គាមេក្នុងប្រទេសអាឡឺម៉ង់។ គាត់បានរៀបរាប់ថា៖
«កាលដែលពួកយើងជាជនជាតិយូដាមកពីក្រុងដាឈូចូលក្នុងជំរំ ភ្លាមៗនោះជនជាតិយូដាដែលមកមុនយើងលាក់អ្វីៗទាំងអស់ដែលពួកគេមាន ដោយសារពួកគេមិនចង់ចែករំលែកអ្វីៗទាំងនោះជាមួយពួកយើងទេ . . . តែនៅខាងក្រៅ[ជំរំឃុំឃាំង]មុនពេលដែលគេចាប់យើង នោះយើងទាំងអស់គ្នាតែងតែជួយគ្នាទៅវិញទៅមក។ ប៉ុន្តែក្នុងជំរំឃុំឃាំង ស្ថានភាពគឺខុសគ្នាឆ្ងាយណាស់ដោយសារយើងមិនដឹងថាត្រូវស្លាប់ឬរស់ ហេតុនេះមនុស្សទាំងអស់គិតតែពីជីវិតរបស់ខ្លួនមិនគិតពីជីវិតរបស់អ្នកដទៃទេ។ ប៉ុន្តែនិស្សិតគម្ពីរមិនបានធ្វើដូច្នេះឡើយ។ នៅពេលនោះពួកគាត់ត្រូវធ្វើការយ៉ាងធ្ងន់ ដែលត្រូវជួសជុលទុយោទឹក។ អាកាសធាតុត្រជាក់ខ្លាំងណាស់ ហើយពួកគាត់ត្រូវឈរក្នុងទឹកដែលត្រជាក់ដូចទឹកកកពេញមួយថ្ងៃ។ គ្មាននរណាអាចយល់ថាតាមរបៀបណាដែលពួកគាត់អាចស៊ូទ្រាំបែបនេះបានទេ។ ពួកគាត់ប្រាប់ថាព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យពួកគាត់។ ពួកគាត់ក៏ឃ្លាន ហើយត្រូវការនំប៉័ងជាចាំបាច់ដូចយើងដែរ។ ប៉ុន្តែ តើពួកគាត់បានជួយគ្នាយ៉ាងណា? ពួកគាត់ប្រមូលនំប៉័ងដែលពួកគាត់មានមកកាច់ជាពីរដុំទុកមួយដុំសម្រាប់ខ្លួន ហើយមួយដុំទៀតចែកឲ្យដល់បងប្អូនរួមជំនឿដែលទើបតែមកពីក្រុងដាឈូដែរ។ បន្ថែមទៅទៀត ពួកគាត់ស្វាគមន៍គ្នាយ៉ាងកក់ក្ដៅ។ មុនពួកគាត់បរិភោគ ពួកគាត់អធិដ្ឋាន។ បន្ទាប់មក ពួកគាត់ទាំងអស់គ្នាបានស្កប់ចិត្តនិងសប្បាយចិត្ត។ ពួកគាត់និយាយថាពួកគាត់លែងឃ្លានហើយ។ ពេលនោះជាពេលដែលខ្ញុំគិតថាពួកគាត់ជាគ្រិស្តសាសនិកពិត»។
[រូបភាពនៅទំព័រ២០]
ជារៀងរាល់ថ្ងៃ តើអ្នកលៃទុកពេលពីកិច្ចការឯទៀត ដើម្បីចូលទៅជិតព្រះយេហូវ៉ាឬទេ?