ត្រឹមត្រូវខាងវិជ្ជាពេទ្យ
‹ខ្ញុំបានកំណត់ទុកសេចក្ដីដ៏វិសេសសំរាប់អ្នក គឺជាសេចក្ដីទូន្មាន ហើយនឹងដំរិះ ប្រយោជន៍ឲ្យអ្នកបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកចិត្តជាប្រាកដហើយ ដើម្បីឲ្យអ្នកបាននាំពាក្យដ៏ពិតនោះ›។—សុភាសិត ២២:២០, ២១
លក្ខណៈខុសប្លែកនៃគម្ពីរបរិសុទ្ធ: សៀវភៅពេទ្យពីសម័យបុរាណច្រើនតែមានព័ត៌មានដែលមិនគួរឲ្យទុកចិត្ត និងនាំឲ្យមានគ្រោះថ្នាក់ ហើយវិជ្ជាពេទ្យសម័យទំនើបបានបង្ហាញឲ្យឃើញថា សៀវភៅទាំងនោះគឺខុសទាំងស្រុង។ សូម្បីតែអ្នកនិពន្ធនៅសព្វថ្ងៃនេះ ក៏ត្រូវកែប្រែសៀវភៅរបស់ពួកគេដើម្បីឲ្យសមស្របតាមការរកឃើញថ្មីៗដែរ។ ផ្ទុយទៅវិញ គម្ពីរបរិសុទ្ធបានបញ្ជាក់ថា គឺព្រះជាអ្នកនិពន្ធ ហើយថាបណ្ដាំរបស់លោក«ស្ថិតស្ថេរជារៀងរហូត»។—ពេត្រុសទី១ ១:២៥
ឧទាហរណ៍: ច្បាប់របស់ម៉ូសេបានបង្គាប់ឲ្យបណ្ដាជនអ៊ីស្រាអែលកប់លាមករបស់ពួកគេនៅ«ខាងក្រៅទីដំឡើងត្រសាល»។ (ចោទិយកថា ២៣:១២, ១៣) បើពួកគេប៉ះពាល់ខ្មោចសត្វឬក៏សាកសពមនុស្ស ពួកគេត្រូវតែបោកសម្លៀកបំពាក់ខ្លួន។ (លេវីវិន័យ ១១:២៧, ២៨; ជនគណនា ១៩:១៤-១៦) បន្ថែមទៅទៀត អ្នកកើតជំងឺឃ្លង់ត្រូវតែរស់នៅដាច់ដោយឡែកពីគេរហូតដល់ពួកគេបានត្រូវពិនិត្យសុខភាពថា ជំងឺនោះមិនអាចឆ្លងដល់អ្នកឯទៀត។—លេវីវិន័យ ១៣:១-៨
អ្វីដែលវិជ្ជាពេទ្យសម័យទំនើបបញ្ជាក់: ការបន្ទោបង់នៅកន្លែងត្រឹមត្រូវ ការលាងដៃ និងការដាក់ឲ្យរស់នៅដាច់ឡែកពីគេ នៅតែជាវិធីដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ។ អង្គការមួយរបស់សហរដ្ឋអាម៉េរិកដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺបានជូនយោបល់ថា បើគ្មានបង្គន់ត្រឹមត្រូវ ឬប្រព័ន្ធលូទេ «អ្នកគួរទៅបន្ទោបង់ឲ្យឆ្ងាយយ៉ាងហោចណាស់៣០ម៉ែត្រពីប្រភពទឹក ហើយជីកកប់លាមកនោះ»។ (U.S. Centers for Disease Control and Prevention) អង្គការសុខភាពពិភពលោកបានរាយការណ៍ថា កាលដែលសហគមន៍ចេះកប់លាមកឲ្យបានត្រឹមត្រូវ ពួកគេអាចកាត់បន្ថយជំងឺរាគរូសបាន៣៦ភាគរយ។ តិចជាង២០០ឆ្នាំមុន គ្រូពេទ្យបានរកឃើញថា ពួកគេបានចម្លងជំងឺដល់អ្នកជំងឺជាច្រើននាក់ ដោយសារពួកគេមិនបានលាងដៃក្រោយពេលប៉ះពាល់សាកសព។ អង្គការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនៅតែបញ្ជាក់ថា ការលាងដៃ«ជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់ការឆ្លងមេរោគ»។ ចុះយ៉ាងណាចំពោះការឲ្យអ្នកជំងឺឃ្លង់ ឬអ្នកដែលមានជំងឺឆ្លងឯទៀតនៅដាច់ដោយឡែកពីគេ? នៅពេលថ្មីៗនេះ ទស្សនាវដ្ដីមួយអំពីសុខភាពបានសរសេរថា៖ «ក្នុងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ការនៅឲ្យឆ្ងាយនិងការនៅដាច់ដោយឡែកពីគេ ប្រហែលជាវិធីតែមួយគត់ និងជាវិធីចុងក្រោយដែលអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនោះបាន» (Saudi Medical Journal)។
តើលោកអ្នកគិតយ៉ាងណា? តើលោកអ្នកគិតថាមានសៀវភៅបរិសុទ្ធពីសម័យបុរាណផ្សេងទៀត ដែលបញ្ជាក់ព័ត៌មានត្រឹមត្រូវខាងវិជ្ជាពេទ្យសម័យទំនើបនេះឬទេ? ឬក៏មានតែគម្ពីរបរិសុទ្ធមួយប៉ុណ្ណោះ?
[ឃ្លាអក្សរធំនៅទំព័រ៦]
«គ្មានអ្នកណាម្នាក់ដែលនឹងមិនកោតស្ងើចចំពោះវិធានការរក្សាអនាម័យ នៅសម័យម៉ូសេឡើយ» (MANUAL OF TROPICAL MEDICINE, BY DRS. ALDO CASTELLANI AND ALBERT J. CHALMERS)។