ប្អូនៗវ័យក្មេង ចូរធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីបម្រើព្រះយេហូវ៉ា!
«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។—សាស្ដ. ១២:១
១. តើសេចក្ដីអញ្ជើញអ្វីដែលរួមបញ្ចូលក្មេងៗដែរនៅប្រទេសអ៊ីស្រាអែល?
ប្រហែល៣.៥០០ឆ្នាំមុន ម៉ូសេដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា បានបង្គាប់ពួកសង្ឃនិងបុរសចាស់ទុំនៃប្រទេសអ៊ីស្រាអែលថា៖ «ត្រូវឲ្យប្រមូលបណ្ដាជនទាំងប្រុសទាំងស្រីនឹងកូនក្មេង . . . ដើម្បីឲ្យគេស្ដាប់ ហើយបានរៀន ព្រមទាំងកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រិត្យវិន័យនេះ»។ (ចោ. ៣១:១២) សូមកត់សម្គាល់ថា អ្នកដែលបានត្រូវបង្គាប់ឲ្យមកជួបជុំដើម្បីគោរពបូជាព្រះ គឺបុរស ស្ត្រី និងក្មេងៗ។ ត្រូវហើយ ក្នុងចំណោមពួកអ្នកដែលម៉ូសេបានប្រាប់ឲ្យស្ដាប់ រៀន និងធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា គឺមានក្មេងៗផងដែរ។
២. តើព្រះយេហូវ៉ាបានបង្ហាញការយកចិត្តទុកដាក់យ៉ាងដូចម្ដេចចំពោះប្អូនៗវ័យក្មេងក្នុងក្រុមជំនុំពួកគ្រិស្តសាសនិកនៅសម័យដើម?
២ នៅសតវត្សរ៍ទី១ ព្រះយេហូវ៉ានៅតែបង្ហាញការយកចិត្តទុកដាក់ចំពោះប្អូនៗវ័យក្មេងក្នុងចំណោមរាស្ត្ររបស់លោក។ ជាឧទាហរណ៍ លោកបានដឹកនាំសាវ័កប៉ូលឲ្យសរសេរអំពីការណែនាំយ៉ាងជាក់លាក់សម្រាប់ប្អូនៗវ័យក្មេងក្នុងសំបុត្រខ្លះដែលគាត់ផ្ញើជូនក្រុមជំនុំនានា។ (សូមអាន អេភេសូរ ៦:១; កូឡុស ៣:២០) ពួកគ្រិស្តសាសនិកវ័យក្មេងដែលបានអនុវត្តតាមដំបូន្មាននោះ បានដឹងគុណកាន់តែច្រើនឡើងចំពោះបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយបានទទួលពរពីលោក។
៣. សព្វថ្ងៃនេះ តើប្អូនៗវ័យក្មេងបង្ហាញយ៉ាងដូចម្ដេចថាពួកគេចង់បម្រើព្រះ?
៣ សព្វថ្ងៃនេះ តើប្អូនៗវ័យក្មេងបានត្រូវអញ្ជើញឲ្យមកជួបជុំដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាឬទេ? អញ្ជើញមែន! នេះពិតជាធ្វើឲ្យរាស្ត្រទាំងអស់របស់ព្រះមានអំណរណាស់ ដោយឃើញប្អូនៗវ័យក្មេងជាច្រើននាក់ដែលបម្រើព្រះនៅទូទាំងពិភពលោក ធ្វើតាមការដាស់តឿនរបស់ប៉ូលដែលថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។ (ហេ. ១០:២៤, ២៥) បន្ថែមទៅទៀត ប្អូនៗវ័យក្មេងជាច្រើនចូលរួមជាមួយឪពុកម្ដាយក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ២៤:១៤) ម្យ៉ាងទៀត រាល់ឆ្នាំប្អូនៗវ័យក្មេងច្រើនពាន់នាក់បង្ហាញសេចក្ដីស្រឡាញ់អស់ពីដួងចិត្តចំពោះព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក ហើយទទួលពរដែលបានមកពីការកាន់តាមគ្រិស្ត។—ម៉ាថ. ១៦:២៤; ម៉ាក. ១០:២៩, ៣០
សូមធ្វើតាមសេចក្ដីអញ្ជើញរបស់ព្រះ នៅពេលឥឡូវនេះ
៤. តើប្អូនៗវ័យក្មេងត្រូវមានអាយុប៉ុន្មានមុនអាចធ្វើតាមសេចក្ដីអញ្ជើញរបស់ព្រះឲ្យបម្រើលោក?
៤ សាស្ដា ១២:១ចែងថា៖ «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ តើប្អូនៗវ័យក្មេងត្រូវមានអាយុប៉ុន្មានទើបអាចធ្វើតាមសេចក្ដីអញ្ជើញដ៏កក់ក្ដៅឲ្យគោរពប្រណិប័តន៍និងបម្រើព្រះយេហូវ៉ា? គម្ពីរមិនបានបញ្ជាក់ពីអាយុទេ។ ដូច្នេះ កុំរារង់ដោយគិតថាប្អូននៅក្មេងពេកដើម្បីស្ដាប់និងបម្រើព្រះយេហូវ៉ាឡើយ។ ទោះជាប្អូនមានអាយុប៉ុន្មានក៏ដោយ ប្អូនបានត្រូវលើកទឹកចិត្តឲ្យធ្វើតាមសេចក្ដីអញ្ជើញនេះដោយមិនបង្អង់យូរ។
៥. តើឪពុកម្ដាយអាចជួយកូនយ៉ាងដូចម្ដេចឲ្យមានជំនឿនក្នុងសេចក្ដីពិត?
៥ ប្អូនៗជាច្រើននាក់មានជំនឿនក្នុងសេចក្ដីពិតដោយសារឪពុកឬម្ដាយ ឬក៏ពួកគាត់ទាំងពីរនាក់បានជួយប្អូន។ តាមរបៀបនេះ ប្អូនៗគឺដូចធីម៉ូថេនៅសម័យគម្ពីរ។ កាលដែលគាត់នៅជាទារកនៅឡើយ អឺនីសជាម្ដាយនិងឡូអ៊ីសជាជីដូនគាត់បានបង្រៀនគាត់នូវឯកសារបរិសុទ្ធនានា។ (២ធី. ៣:១៤, ១៥) ឪពុកម្ដាយប្អូនទំនងជាបានអប់រំប្អូនតាមរបៀបស្រដៀងនេះដែរ ដោយសិក្សាគម្ពីរជាមួយប្អូន អធិដ្ឋានជាមួយប្អូន នាំប្អូនទៅកិច្ចប្រជុំរបស់ក្រុមជំនុំ និងសន្និបាតផ្សេងៗរបស់រាស្ត្រព្រះ ព្រមទាំងចូលរួមកិច្ចផ្សព្វផ្សាយជាមួយប្អូន។ ពិតមែន ការបង្រៀនប្អូនអំពីផ្លូវរបស់ព្រះ គឺជាភារកិច្ចដ៏សំខាន់ចម្បងដែលឪពុកម្ដាយប្អូនបានទទួលពីព្រះយេហូវ៉ាផ្ទាល់។ តើប្អូនដឹងគុណចំពោះសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់របស់ពួកគាត់ឬទេ?—សុភ. ២៣:២២
៦. (ក) យោងទៅតាមទំនុកតម្កើង ១១០:៣ តើព្រះយេហូវ៉ាពេញចិត្តនឹងការគោរពប្រណិប័តន៍បែបណា? (ខ) តើយើងនឹងពិចារណាអ្វីឥឡូវនេះ?
៦ ទោះជាយ៉ាងណាក៏ដោយ កាលដែលប្អូនៗធំឡើង ព្រះយេហូវ៉ាចង់ឲ្យប្អូន«ពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ» ដូចធីម៉ូថេបានធ្វើ។ (រ៉ូម ១២:២) បើប្អូនធ្វើដូច្នេះ ប្អូននឹងចូលរួមក្នុងកិច្ចការរបស់ក្រុមជំនុំ មិនមែនដោយសារឪពុកម្ដាយប្អូនលើកទឹកចិត្តឲ្យប្អូនធ្វើទេ តែដោយសារប្អូនចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ បើប្អូនបម្រើព្រះយេហូវ៉ាដោយស្ម័គ្រចិត្ត នោះនឹងធ្វើឲ្យលោកពេញចិត្ត។ (ទំនុក. ១១០:៣) បើដូច្នេះ តើប្អូនអាចបង្ហាញយ៉ាងដូចម្ដេចថាប្អូនចង់ធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីស្ដាប់ព្រះយេហូវ៉ា ហើយធ្វើតាមការណែនាំរបស់លោក? យើងនឹងពិចារណាវិធីសំខាន់បីយ៉ាងដែលប្អូនអាចធ្វើដូច្នេះបាន ពោលគឺការសិក្សាគម្ពីរ ការអធិដ្ឋាន និងការប្រព្រឹត្ត។ សូមឲ្យយើងពិនិត្យមើលវិធីទាំងនេះម្ដងមួយៗ។
ស្គាល់ព្រះយេហូវ៉ាឲ្យបានច្បាស់
៧. តើលោកយេស៊ូបានទុកគំរូយ៉ាងដូចម្ដេចជាអ្នកសិក្សាគម្ពីរ? ហើយតើអ្វីបានជួយលោកឲ្យធ្វើដូច្នេះ?
៧ វិធីដំបូងដែលប្អូនបង្ហាញថាប្អូនចង់ធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងដើម្បីបម្រើព្រះយេហូវ៉ាគឺដោយអានគម្ពីររាល់ថ្ងៃ។ ប្អូនអាចបំពេញសេចក្ដីត្រូវការនូវការណែនាំពីព្រះ ហើយទទួលចំណេះដែលមានតម្លៃអំពីគម្ពីរដោយអានបណ្ដាំរបស់ព្រះជាទៀងទាត់។ (ម៉ាថ. ៥:៣) លោកយេស៊ូបានទុកគំរូស្តីអំពីរឿងនេះ។ នៅពេលមួយ ពេលលោកយេស៊ូមានអាយុ១២ឆ្នាំ ឪពុកម្ដាយលោកបានរកឃើញលោកក្នុងវិហារនៅ«ក្នុងចំណោមពួកគ្រូ កំពុងអង្គុយស្ដាប់ពួកគេថែមទាំងសួរពួកគេនូវសំណួរផ្សេងៗ»។ (លូក. ២:៤៤-៤៦) តាំងពីលោកយេស៊ូនៅក្មេងម្ល៉េះ លោកបានបណ្ដុះឲ្យមានចិត្តប្រាថ្នាចង់ដឹងអំពីគម្ពីរ ហើយលោកក៏យល់ដឹងអំពីបទគម្ពីរផងដែរ។ តើអ្វីបានជួយលោកឲ្យធ្វើដូច្នេះ? ម៉ារៀជាម្ដាយ និងយ៉ូសែបជាឪពុកចិញ្ចឹមរបស់លោក ពិតជាមានតួនាទីសំខាន់ណាស់។ ពួកគេជាអ្នកបម្រើព្រះដែលបានបង្រៀនលោកយេស៊ូអំពីព្រះតាំងពីលោកនៅក្មេងនៅឡើយ។—ម៉ាថ. ១:១៨-២០; លូក. ២:៤១, ៥១
៨. (ក) តើឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះឲ្យកូនមានសេចក្ដីស្រឡាញ់ចំពោះបណ្ដាំរបស់ព្រះនៅពេលណា? (ខ) សូមរៀបរាប់បទពិសោធន៍មួយដែលបញ្ជាក់ពីសារៈសំខាន់នៃការអប់រំកូនតាំងពីពួកគេនៅក្មេងនៅឡើយ។
៨ ដូចគ្នាដែរ សព្វថ្ងៃនេះ ឪពុកម្ដាយដែលកោតខ្លាចព្រះទទួលស្គាល់សារៈសំខាន់នៃការបណ្ដុះក្នុងចិត្តកូនឲ្យមានចិត្តប្រាថ្នាចង់ដឹងអំពីសេចក្ដីពិតក្នុងគម្ពីរតាំងពីពួកគេនៅក្មេងនៅឡើយ។ (ចោ. ៦:៦-៩) នេះជាអ្វីដែលបងស្រីជាគ្រិស្តសាសនិកម្នាក់ឈ្មោះរូប៊ីបានធ្វើតាំងពីកូនប្រុសទី១របស់គាត់ឈ្មោះយ៉ូសែបបានកើតមកម្ល៉េះ។ រៀងរាល់ថ្ងៃ គាត់អានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំឲ្យកូនគាត់ស្ដាប់។ ពេលដែលកូនធំឡើងបន្ដិច គាត់បានជួយកូនឲ្យចាំបទគម្ពីរផ្សេងៗ។ តើយ៉ូសែបបានទទួលប្រយោជន៍ពីការអប់រំបែបនេះឬទេ? ពេលយ៉ូសែបចេះនិយាយ គាត់អាចរៀបរាប់រឿងជាច្រើនក្នុងគម្ពីរដោយខ្លួនគាត់បាន។ ពេលគាត់មានអាយុប្រាំឆ្នាំ គាត់ថ្លែងសុន្ទរកថាទី១របស់គាត់នៅសាលាកិច្ចបម្រើផ្សាយ។
៩. ហេតុអ្វីសំខាន់ឲ្យប្អូនអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលប្អូនបានអាន?
៩ ដើម្បីមានជំនឿនទៅមុខក្នុងសេចក្ដីពិតថែមទៀត ប្អូនៗវ័យក្មេងគួរមានទម្លាប់អានគម្ពីររាល់ថ្ងៃ ហើយប្អូនត្រូវរក្សាទម្លាប់នោះក្នុងពេលដែលប្អូនមានវ័យជំទង់រហូតដល់ប្អូនពេញវ័យ។ (ទំនុក. ៧១:១៧) ហេតុអ្វីការអានគម្ពីរជួយប្អូនឲ្យជឿនទៅមុខ? សូមកត់សម្គាល់អ្វីដែលលោកយេស៊ូបានមានប្រសាសន៍ក្នុងសេចក្ដីអធិដ្ឋានរបស់លោកទៅបិតានៅស្ថានសួគ៌ថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់»។ (យ៉ូន. ១៧:៣) ពិតមែន កាលដែលប្អូនមានចំណេះអំពីព្រះយេហូវ៉ាកាន់តែច្រើនឡើង ប្អូននឹងស្គាល់លោកកាន់តែច្បាស់ ហើយសេចក្ដីស្រឡាញ់របស់ប្អូនចំពោះលោកនឹងកាន់តែជ្រាលជ្រៅ។ (ហេ. ១១:២៧) ដូច្នេះ រាល់ដងដែលប្អូនអានគម្ពីរ សូមយកឱកាសនោះដើម្បីរៀនថែមទៀតអំពីព្រះយេហូវ៉ា។ សូមសួរខ្លួនប្អូនថា‹តើកំណត់ហេតុនេះបង្រៀនឲ្យខ្ញុំស្គាល់ព្រះយេហូវ៉ាច្បាស់ជាងយ៉ាងដូចម្ដេច? តើបទគម្ពីរនេះបង្ហាញថាព្រះស្រឡាញ់និងយកចិត្តទុកដាក់នឹងខ្ញុំយ៉ាងណា?›។ ការចំណាយពេលរំពឹងគិតអំពីសំណួរទាំងនេះនិងជួយប្អូនឲ្យរៀនស្គាល់ទស្សនៈនិងអារម្មណ៍របស់ព្រះយេហូវ៉ា និងអ្វីដែលលោកចង់ឲ្យប្អូនធ្វើ។ (សូមអាន សុភាសិត ២:១-៥) ដូចធីម៉ូថេ ដែល«បានត្រូវនាំឲ្យជឿជាក់»លើអ្វីដែលគាត់បានរៀនពីគម្ពីរ ប្អូនក៏នឹងដូច្នេះដែរ ហើយនេះនឹងជំរុញទឹកចិត្តប្អូនឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយស្ម័គ្រចិត្ត។—២ធី. ៣:១៤
របៀបដែលសេចក្ដីអធិដ្ឋាន ធ្វើឲ្យប្អូនស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង
១០, ១១. តើការអធិដ្ឋានជួយប្អូនធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីបម្រើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០ វិធីទី២ដែលប្អូនអាចធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីបម្រើព្រះយេហូវ៉ាអស់ពីចិត្តគឺតាមរយៈការអធិដ្ឋានរបស់ប្អូន។ នៅទំនុកតម្កើង ៦៥:២ យើងអានថា៖ «ឱព្រះដែលស្ដាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្សនឹងមូលមកឯទ្រង់»។ ក្នុងអំឡុងពេលដែលអ៊ីស្រាអែលជារាស្ត្រដែលមានកិច្ចព្រមព្រៀងជាមួយនឹងព្រះ សូម្បីតែជនជាតិដទៃដែលបានមកវិហារព្រះយេហូវ៉ាក៏អាចអធិដ្ឋានទៅលោកដែរ។ (១ព. ៨:៤១, ៤២) ព្រះមិនលម្អៀងទេ។ ពួកអ្នកដែលធ្វើតាមបញ្ញត្ដិរបស់លោកមានទំនុកចិត្តថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ។ (សុភ. ១៥:៨) ច្បាស់ណាស់ «អស់ទាំងមនុស្ស»គឺរួមបញ្ចូលប្អូនៗវ័យក្មេងដែរ។
១១ ប្អូនៗដឹងថាការប្រាស្រ័យទាក់ទងគ្នាល្អជាមូលដ្ឋាននៃមិត្តភាពពិតប្រាកដ។ ប្អូនទំនងជាសប្បាយនឹងប្រាប់មិត្តជិតស្និទ្ធណាម្នាក់អំពីគំនិត អារម្មណ៍របស់ប្អូននិងអំពីអ្វីដែលប្អូនចាត់ទុកថាសំខាន់។ ស្រដៀងគ្នាដែរ ប្អូនអាចប្រាស្រ័យទាក់ទងជាមួយនឹងព្រះដែលជាអ្នកបង្កើតដ៏ឧត្តមដោយអធិដ្ឋានអស់ពីចិត្ត។ (ភី. ៤:៦, ៧) សូមជម្រាបព្រះយេហូវ៉ាអំពីអារម្មណ៍ដែលគ្មាននរណាដឹង ដែលនៅជ្រៅក្នុងចិត្តប្អូន ហាក់ដូចជាប្អូនប្រាប់ឪពុកម្ដាយដែលស្រឡាញ់ប្អូន ឬមិត្តជិតស្និទ្ធណាម្នាក់។ ពិតមែន របៀបដែលប្អូនអធិដ្ឋាន និងមនោសញ្ចេតនារបស់ប្អូនចំពោះព្រះយេហូវ៉ាគឺជាប់ទាក់ទងគ្នាយ៉ាងខ្លាំង។ ប្អូននឹងកត់សម្គាល់ថាកាលណាចំណងមេត្រីភាពរបស់ប្អូនជាមួយនឹងព្រះយេហូវ៉ាគឺកាន់តែខ្លាំង នោះសេចក្ដីអធិដ្ឋានរបស់ប្អូនគឺកាន់តែមានន័យខ្លឹមសារជាង។
១២. (ក) ហេតុអ្វីសេចក្ដីអធិដ្ឋានដែលមានន័យខ្លឹមសាររួមបញ្ចូលអ្វីផ្សេងទៀតក្រៅពីពាក្យសម្ដី? (ខ) តើអ្វីនឹងជួយប្អូនឲ្យទទួលស្គាល់ថាព្រះយេហូវ៉ាលោកនៅជិតប្អូន?
១២ ទោះជាយ៉ាងណាក្ដី ចូរចាំថាសេចក្ដីអធិដ្ឋានដែលមានន័យខ្លឹមសាររួមបញ្ចូលអ្វីផ្សេងទៀតក្រៅពីពាក្យសម្ដី។ នេះរួមបញ្ចូលអារម្មណ៍ដែលគ្មាននរណាដឹង ដែលកប់ជ្រៅក្នុងចិត្តប្អូន។ ក្នុងសេចក្ដីអធិដ្ឋានរបស់ប្អូន សូមជម្រាបព្រះយេហូវ៉ាអំពីសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ ការគោរពដ៏ជ្រាលជ្រៅ និងទំនុកចិត្តទាំងស្រុងរបស់ប្អូនចំពោះលោក។ ពេលដែលប្អូនដឹងថាព្រះយេហូវ៉ាធ្វើតាមសេចក្ដីអធិដ្ឋានរបស់ប្អូនយ៉ាងណា នោះប្អូននឹងទទួលស្គាល់ដោយផ្ទាល់ជាងពេលណាទាំងអស់ថា «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់»។ (ទំនុក. ១៤៥:១៨) មែនហើយ ព្រះយេហូវ៉ានឹងចូលមកជិតប្អូនៗដោយពង្រឹងកម្លាំងប្អូនឲ្យតស៊ូនឹងមេកំណាច ហើយធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងជីវិត។—សូមអាន យ៉ាកុប ៤:៧, ៨
១៣. (ក) តើចំណងមិត្តភាពជាមួយនឹងព្រះបានជួយប្អូនស្រីម្នាក់យ៉ាងណា? (ខ) តើចំណងមិត្តភាពជាមួយនឹងព្រះជួយប្អូនឲ្យប្រឈមមុខនឹងការបង្ខិតបង្ខំរបស់មិត្តរួមថ្នាក់យ៉ាងដូចម្ដេច?
១៣ សូមពិចារណាពីរបៀបដែលប្អូនស្រីសេរីទទួលបានកម្លាំងពីការមានចំណងមេត្រីភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ នៅវិទ្យាល័យ នាងបានរង្វាន់ពីព្រោះនាងរៀនពូកែនៅសាលា ហើយពូកែខាងកីឡាដែរ។ ពេលដែលនាងរៀនចប់នៅវិទ្យាល័យ គេបានស្នើផ្ដល់អាហារូបករណ៍ដល់នាងដើម្បីនាងអាចបន្តការសិក្សានៅសាកលវិទ្យាល័យតទៅទៀត។ ប្អូនស្រីសេរីពោលថា៖ «សំណើនេះទាក់ទាញចិត្តមែន ហើយគ្រូបង្វឹកនិងនិស្សិតរួមថ្នាក់បានបង្ខិតបង្ខំខ្ញុំខ្លាំងណាស់ឲ្យទទួលយក»។ ក៏ប៉ុន្តែនាងបានដឹងថាការបន្តការសិក្សានៅសាកលវិទ្យាល័យតម្រូវឲ្យនាងចំណាយពេលភាគច្រើនដើម្បីសិក្សា ហើយការរៀបចំដើម្បីប្រកួតកីឡាធ្វើឲ្យនាងមានតែពេលបន្ដិចបន្តួចដើម្បីបម្រើព្រះយេហូវ៉ា។ តើនាងសម្រេចចិត្តយ៉ាងណា? នាងនិយាយថា៖ «បន្ទាប់ពីបានអធិដ្ឋានដល់ព្រះយេហូវ៉ា ខ្ញុំបានបដិសេធមិនទទួលយកអាហារូបករណ៍ ហើយចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេល»។ មកដល់ពេលនេះ នាងត្រួសត្រាយបានប្រាំឆ្នាំហើយ។ នាងមានវាចាថា៖ «ខ្ញុំគ្មានការស្ដាយក្រោយសោះ។ ដោយដឹងថាខ្ញុំបានធ្វើការសម្រេចចិត្តមួយដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត នេះធ្វើឲ្យខ្ញុំមានសុភមង្គល។ ពិតណាស់ បើអ្នកទុករាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុត នោះលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។—ម៉ាថ. ៦:៣៣
ការប្រព្រឹត្តល្អសឲ្យឃើញថាប្អូនមាន«ចិត្តបរិសុទ្ធ»
១៤. ហេតុអ្វីការប្រព្រឹត្តដ៏ល្អរបស់ប្អូនគឺសំខាន់ចំពោះព្រះយេហូវ៉ា?
១៤ របៀបទី៣ដែលប្អូនអាចបង្ហាញថាប្អូនកំពុងបម្រើព្រះយេហូវ៉ាដោយចិត្តស្ម័គ្រស្មោះគឺតាមរយៈការប្រព្រឹត្តរបស់ប្អូន។ ព្រះយេហូវ៉ាឲ្យពរដល់ប្អូនៗវ័យក្មេងដែលរក្សាសីលធម៌ស្អាតស្អំ។ (សូមអាន ទំនុកតម្កើង ២៤:៣-៥) យុវជនសាំយូអែលបានបដិសេធមិនយកតម្រាប់តាមការប្រព្រឹត្តដែលប្រាសចាកសីលធម៌របស់កូនប្រុសទាំងពីររបស់សម្ដេចសង្ឃអេលី។ ការប្រព្រឹត្តដ៏ល្អរបស់សាំយូអែលបានត្រូវកត់សម្គាល់។ កំណត់ហេតុគម្ពីរចែងថា៖ «ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចំរើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង»។—១សាំ. ២:២៦
១៥. តើមានមូលហេតុអ្វីខ្លះដែលប្អូនរក្សាការប្រព្រឹត្តដ៏ល្អរបស់ប្អូន?
១៥ យើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយមនុស្សដែលស្រឡាញ់តែខ្លួនឯង ក្រអឺតក្រទម មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មិនស្មោះត្រង់ កាចសាហាវ មានមោទនភាពហួសហេតុពេក ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ។ នេះជាចរិតលក្ខណៈខ្លះៗដែលប៉ូលបានសរសេរ។ (២ធី. ៣:១-៥) ដូច្នេះ ពិតជាពិបាកសម្រាប់ប្អូនឲ្យរក្សាការប្រព្រឹត្តដ៏ល្អប្រសើរដើម្បីប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់នេះដែលនៅជុំវិញប្អូន។ ក៏ប៉ុន្តែ រាល់ដងដែលប្អូនធ្វើអ្វីដែលត្រឹមត្រូវ ហើយបដិសេធមិនរួមចំណែកក្នុងការប្រព្រឹត្តខុសឆ្គង នោះប្អូនបញ្ជាក់ថាប្អូននៅខាងព្រះយេហូវ៉ាចំពោះរឿងដែលទាក់ទងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាលើសកលលោកទាំងមូល។ (យ៉ូប ២:៣, ៤) ប្អូនក៏គាប់ចិត្តដោយដឹងថាប្អូនកំពុងធ្វើតាមពាក្យអង្វររបស់ព្រះយេហូវ៉ាថា៖ «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ (សុភ. ២៧:១១) ម្យ៉ាងទៀត ដោយដឹងថាប្អូនទទួលការពេញចិត្តពីព្រះយេហូវ៉ា នេះនឹងជួយប្អូនធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីបម្រើលោក។
១៦. តើបងស្រីម្នាក់បានធ្វើឲ្យព្រះយេហូវ៉ារីករាយយ៉ាងដូចម្ដេច?
១៦ បងស្រីជាគ្រិស្តសាសនិកម្នាក់ឈ្មោះខារ៉ូលបានកាន់ខ្ជាប់នឹងគោលការណ៍គម្ពីរកាលនាងនៅរៀនឯសាលាពេលនៅវ័យជំទង់ ហើយការប្រព្រឹត្តដ៏ល្អរបស់នាងបានត្រូវកត់សម្គាល់។ តើមានអ្វីកើតឡើង? បងស្រីខារ៉ូលបានប្រឈមមុខនឹងការចំអករបស់មិត្តរួមថ្នាក់ដោយសារសមត្ថភាពវិនិច្ឆ័យរបស់គាត់ដែលបានត្រូវអប់រំដោយគម្ពីរ មិនអនុញ្ញាតឲ្យគាត់ចូលរួមពិធីបុណ្យផ្សេងៗនិងពិធីដែលទាក់ទងនឹងជាតិនិយម។ ជួនកាល នៅក្នុងពិធីនោះ គាត់មានឱកាសពន្យល់អំពីជំនឿរបស់គាត់ដល់អ្នកឯទៀត។ ច្រើនឆ្នាំក្រោយមក បងស្រីខារ៉ូលបានទទួលសំបុត្រមួយពីអតីតសិស្សរួមថ្នាក់ម្នាក់ដែលបានសរសេរថា៖ «ខ្ញុំបានសង្ឃឹមជានិច្ចថាអាចទាក់ទងនឹងអ្នក ហើយដើម្បីអរគុណអ្នក។ ការប្រព្រឹត្តដ៏ល្អរបស់អ្នក និងគំរូជាគ្រិស្តសាសនិកវ័យក្មេង ព្រមទាំងការកាន់ជំហរដ៏អង់អាចរបស់អ្នកស្តីអំពីពិធីបុណ្យផ្សេងៗបានត្រូវកត់សម្គាល់។ អ្នកជាសាក្សីព្រះយេហូវ៉ាទី១ដែលខ្ញុំធ្លាប់ជួប»។ គំរូរបស់បងស្រីខារ៉ូលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសិស្សរួមថ្នាក់នេះដែលក្រោយមកបានចាប់ផ្ដើមសិក្សាគម្ពីរ។ នាងបានសរសេរសំបុត្រទៅបងស្រីខារ៉ូលថានាងបានទទួលការជ្រមុជទឹកជាសាក្សីម្នាក់ជាង៤០ឆ្នាំមកហើយ! ដូចបងស្រីខារ៉ូល ប្អូនៗដែលមានវ័យក្មេងសព្វថ្ងៃនេះដែលកាន់ខ្ជាប់នឹងគោលការណ៍គម្ពីរយ៉ាងក្លាហាន ប្រហែលជំរុញទឹកចិត្តអ្នកដែលមានចិត្តស្មោះត្រង់ឲ្យចង់រៀនអំពីព្រះយេហូវ៉ា។
ប្អូនៗវ័យក្មេងកំពុងសរសើរព្រះយេហូវ៉ា
១៧, ១៨. (ក) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះប្អូនៗវ័យក្មេងក្នុងក្រុមជំនុំរបស់អ្នក? (ខ) តើប្អូនៗវ័យក្មេងដែលកោតខ្លាចព្រះនឹងមានអនាគតយ៉ាងណា?
១៧ យើងទាំងអស់គ្នាដែលនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាដែលមានទូទាំងពិភពលោកមានចិត្តរំភើបឃើញប្អូនៗវ័យក្មេងរាប់ពាន់នាក់ខ្នះខ្នែងចូលរួមក្នុងការគោរពប្រណិប័តន៍ពិត! ប្អូនៗវ័យក្មេងទាំងនោះធ្វើឲ្យសេចក្ដីប្រាថ្នារបស់ពួកគេមានកាន់តែខ្លាំងឡើងដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយអានគម្ពីររាល់ថ្ងៃ អធិដ្ឋាន និងដោយប្រព្រឹត្តសមស្របតាមបំណងប្រាថ្នារបស់ព្រះ។ ប្អូនៗវ័យក្មេងដែលជាគំរូល្អបែបនេះជាប្រភពនៃកម្លាំងចិត្តសម្រាប់ឪពុកម្ដាយនិងរាស្ត្រទាំងឡាយរបស់ព្រះយេហូវ៉ា។—សុភ. ២៣:២៤, ២៥
១៨ នៅអនាគត ប្អូនៗវ័យក្មេងដ៏ស្មោះត្រង់នឹងនៅក្នុងចំណោមពួកអ្នកដែលនឹងរួចជីវិតដើម្បីចូលទៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។ (បប. ៧:៩, ១៤) នៅទីនោះ ពួកគេនឹងទទួលពរដ៏អស្ចារ្យជាច្រើន កាលដែលពួកគេមានចិត្តដឹងគុណកាន់តែច្រើនចំពោះព្រះយេហូវ៉ា ហើយពួកគេនឹងអាចសរសើរលោកជារៀងរហូត។—ទំនុក. ១៤៨:១២, ១៣
តើអ្នកអាចពន្យល់ឬទេ?
• តើប្អូនៗវ័យក្មេងសព្វថ្ងៃនេះអាចចូលរួមក្នុងការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
• ដើម្បីទទួលប្រយោជន៍ពីការអានគម្ពីរ ហេតុអ្វីជាការសំខាន់ចាំបាច់ឲ្យប្អូនរំពឹងគិត?
• តើការអធិដ្ឋានជួយប្អូនយ៉ាងដូចម្ដេចឲ្យចូលទៅជិតព្រះយេហូវ៉ា?
• តើការប្រព្រឹត្តល្អរបស់គ្រិស្តសាសនិកនាំឲ្យមានលទ្ធផលអ្វី?
[រូបភាពនៅទំព័រ១៧]
តើប្អូនមានទម្លាប់អានគម្ពីររាល់ថ្ងៃឬទេ?