ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែកក្កដា
it-2-E ទំ.១០០៧ វ.៤
ព្រលឹងឬកម្លាំងកាយ
ការបម្រើព្រះអស់ពីកម្លាំងកាយ។ ពាក្យ«ព្រលឹង»ឬកម្លាំងកាយសំដៅទៅលើមនុស្សទាំងមូល។ តែខគម្ពីរខ្លះដាស់តឿនយើងឲ្យស្រឡាញ់និងបម្រើព្រះ«អស់ពីចិត្ត ហើយអស់ពីព្រលឹង» (ចោ. ៤:២៩; ១១:១៣, ១៨) កាលដែលចោទិយកថា ៦:៥ចែងថា៖ «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង»។ លោកយេស៊ូមានប្រសាសន៍ថាជាការចាំបាច់ឲ្យយើងបម្រើព្រះអស់ពីជីវិត និងអស់ពីកម្លាំងកាយ ថែមទាំង«អស់ពីសមត្ថភាពរិះគិត»។ (ម៉ាក. ១២:៣០; លូក. ១០:២៧) ប៉ុន្តែ បើព្រលឹងឬកម្លាំងកាយសំដៅទៅលើមនុស្សទាំងមូល ហេតុអ្វីត្រូវរៀបរាប់អ្វីទាំងនេះផ្សេងៗពីគ្នា? ជាឧទាហរណ៍ បុគ្គលម្នាក់ប្រហែលលក់ខ្លួនធ្វើជាខ្ញុំបម្រើ ដូច្នេះមានបុគ្គលម្នាក់ទៀតជាម្ចាស់លើគាត់។ តែគាត់ប្រហែលជាមិនបម្រើម្ចាស់អស់ពីចិត្តនោះទេ ហេតុនេះគាត់មិនបានប្រើកម្លាំងឬស្មារតីយ៉ាងពេញលេញដើម្បីជាប្រយោជន៍ដល់ម្ចាស់គាត់ឡើយ។ (សូមពិនិត្យបន្ថែម អេភ. ៦:៥; កូឡ. ៣:២២) ដូច្នេះ តាមមើលទៅផ្នែកផ្សេងៗទាំងនេះរបស់មនុស្សបានត្រូវរៀបរាប់ដើម្បីជួយឲ្យយើងចាំ និងគិតពិចារណាអំពីផ្នែកទាំងនោះក្នុងកិច្ចបម្រើព្រះដែលជាម្ចាស់យើង និងក្នុងកិច្ចបម្រើបុត្រលោក ដែលបានបង់ថ្លៃលោះសម្រាប់យើង។ កាបម្រើព្រះ«អស់ពីកម្លាំងកាយ»សំដៅទៅលើមនុស្សទាំងមូល នេះមានន័យថាមិនមានផ្នែកណាមួយដែលសេសសល់ឡើយ។—សូមពិនិត្យបន្ថែម ម៉ាថ. ៥:២៨-៣០; លូក. ២១:៣៤-៣៦; អេភ. ៦:៦-៩; ភី. ៣:១៩; កូឡ. ៣:២៣, ២៤
it-1-E ទំ.៨៤ វ.៣
ទីបូជា
ព្រះបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យបំផ្លាញចោលទីបូជាទាំងអស់របស់ព្រះមិនពិត ព្រមទាំបង្គោលថ្មពិសិដ្ឋ និងបង្គោលឈើពិសិដ្ឋផងដែរ។ (និក្ខ. ៣៤:១៣; ចោ. ៧:៥, ៦; ១២:១-៣) ពួកគេមិនត្រូវធ្វើតាមសាសន៍ទាំងនេះ ឬបូជាកូនដោយភ្លើងដូចជនជាតិកាណាននោះទេ។ (ចោ. ១២:៣០, ៣១; ១៦:២១) ជាជាងមានទីបូជាច្រើន ជនជាតិអ៊ីស្រាអែលត្រូវមានទីបូជាតែមួយប៉ុណ្ណោះសម្រាប់ការគោរពប្រណិប័តន៍ព្រះពិតតែមួយ ហើយព្រះយេហូវ៉ានឹងជ្រើសរើសទីតាំងនៃទីបូជានោះ។ (ចោ. ១២:២-៦, ១៣, ១៤, ២៧; នេះផ្ទុយពីសាសន៍បាប៊ីឡូនដែលមានទីបូជា១៨០កន្លែងសម្រាប់តែព្រះអ៊ីស្តាមួយប៉ុណ្ណោះ) ពេលជនជាតិអ៊ីស្រាអែលឆ្លងទន្លេយ៉ូដាន់ ព្រះបានណែនាំពួកគេឲ្យរៀបថ្មធ្វើជាទីបូជា (ចោ. ២៧:៤-៨) ហើយយ៉ូស្វេបានរៀបថ្មនោះនៅលើភ្នំអេបាល។ (យ៉ូស. ៨:៣០-៣២) បន្ទាប់ពីពួកគេបានទទួលទឹកដី កុលសម្ព័ន្ធរូបេន កាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេបានសង់ទីបូជាចម្លែកមួយនៅក្បែរទន្លេយ៉ូដាន់។ នេះបានធ្វើឲ្យកុលសម្ព័ន្ធឯទៀតខឹងសម្បារយ៉ាងខ្លាំង រហូតដល់ពួកគេបានដឹងប្រាកដថាទីបូជានោះគឺគ្រាន់តែដើម្បីរំលឹកពីភាពស្មោះត្រង់របស់ពួកគេចំពោះព្រះយេហូវ៉ាជាព្រះពិតប៉ុណ្ណោះ មិនមែនជាការក្បត់ជំនឿទេ។—យ៉ូស. ២២:១០-៣៤
it-1-E ទំ.៩២៥-៩២៦
ភ្នំកេរិស៊ីម
ស្របទៅតាមការបង្គាប់របស់ម៉ូសេ កុលសម្ព័ន្ធនៃអ៊ីស្រាអែលបានជួបជុំគ្នានៅភ្នំកេរិស៊ីមនិងអេបាលក្រោមការណែនាំរបស់យ៉ូស្វេ មិនយូរក្រោយពីពួកគេបានច្បាំងឈ្នះទីក្រុងអៃយ។ នៅទីនោះបណ្ដាជនបានឮការអានអំពីពរដែលពួកគេនឹងទទួលបើស្ដាប់តាមព្រះយេហូវ៉ា និងបណ្ដាសា បើគេមិនស្ដាប់តាមលោក។ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីនបានឈរនៅមុខភ្នំកេរិស៊ីម។ ពួកលេវីនិងហឹបនៃកិច្ចព្រមព្រៀងនៅឯជ្រលងភ្នំ ហើយកុលសម្ព័ន្ធ៦ផ្សេងទៀតបានឈរនៅមុខភ្នំអេបាល។ (ចោ. ១១:២៩, ៣០; ២៧:១១-១៣; យ៉ូស. ៨:២៨-៣៥) តាមមើលទៅ កុលសម្ព័ន្ធនៅមុខភ្នំកេរិស៊ីមឆ្លើយតបចំពោះពរដែលគេបានឮ រីឯកុលសម្ព័ន្ធឯទៀតឆ្លើយតបចំពោះបណ្ដាសាដែលគេបានឮនៅភ្នំអេបាល។ អ្នកខ្លះលើកឡើងថាភ្នំកេរិស៊ីមបានពរដោយសារតែភាពស្រស់ស្អាត និងដីដ៏ល្អនៅលើភ្នំនោះ ផ្ទុយពីភ្នំអេបាលដែលមានថ្មច្រើនហើយមានដីដែលគ្មានអំណោយផល។ ប៉ុន្តែ គម្ពីរគ្មានព័ត៌មានបន្ថែមអំពីរឿងនេះទេ។ គ្រប់បញ្ញត្តិទាំងអស់បានត្រូវអានដោយសំឡេងឮៗ«នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នា... ហើយក៏មានពួកស្រីៗ ពួកក្មេងៗ នឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ»។ (យ៉ូស. ៨:៣៥) មិនថាពួកគេឈរនៅមុខភ្នំណាក៏ដោយ ពួកគេនៅតែអាចឮពាក្យទាំងនេះបាន។ នេះអាចកើតឡើងបានប្រហែលជាដោយសារតំបន់នោះធ្វើឲ្យសំឡេងឮខ្ទរយ៉ាងល្អ។
ថ្ងៃទី១២-១៨ ខែកក្កដា
it-2-E ទំ.១១១០ វ.៣
១ភាគក្នុង១០
តាមមើលទៅ មានដង្វាយ១ភាគក្នុង១០មួយទៀតដែលត្រូវទុកដោយឡែករៀងរាល់ឆ្នាំសម្រាប់អ្វីផ្សេងទៀតក្រៅពីសម្រាប់ការគាំទ្រពួកសង្ឃ។ ធម្មតា ដង្វាយនេះបានត្រូវប្រើសម្រាប់ក្រុមគ្រួសារនៃសាសន៍អ៊ីស្រាអែលពេលដែលពួកគេមកជួបជុំគ្នាពេលមានបុណ្យផ្សេងៗ។ ក្នុងករណីដែលក្រុងយេរូសាឡិមមានចម្ងាយឆ្ងាយពេក ហើយពួកគេពិបាកធ្វើដំណើរដើម្បីយកដង្វាយទៅជូន នោះពួកគេអាចលក់ដង្វាយហើយយកប្រាក់មកប្រើនៅក្រុងយេរូសាឡិមដើម្បីទិញម្ហូបអាហារសម្រាប់ក្រុមគ្រួសារវិញ ដើម្បីឲ្យពួកគេអាចអរសប្បាយក្នុងអំឡុងបុណ្យដ៏បរិសុទ្ធនៅពេលនោះ។ (ចោ. ១២:៤-៧, ១១, ១៧, ១៨; ១៤:២២-២៧) រួចមក រាល់ដំណាច់៣ឆ្នាំម្ដង និងរាល់ដំណាច់៦ឆ្នាំម្ដងនៃឆ្នាំឈប់សម្រាក ដង្វាយទាំងនេះត្រូវយកទៅប្រគល់ឲ្យពួកលេវី ព្រមទាំងជនបរទេស ស្ត្រីមេម៉ាយ និងកូនកំព្រានៅតំបន់ដែលពួកគេរស់នៅ ជាជាងយកទៅប្រើសម្រាប់បុណ្យបរិសុទ្ធផ្សេងៗ។—ចោ. ១៤:២៨, ២៩; ២៦:១២
it-2-E ទំ.៨៣៣
ឆ្នាំឈប់សម្រាក
ឆ្នាំឈប់សម្រាកត្រូវហៅថា«ឆ្នាំដែលត្រូវលើកលែង»។ (ចោ. ១៥:៩; ៣១:១០) ក្នុងអំឡុងឆ្នាំនោះ ដីត្រូវទុកឲ្យនៅទំនេរ ហើយមិនបានត្រូវសាបព្រោះទេ។ (និក្ខ. ២៣:១១) បំណុលដែលជំពាក់ក៏ត្រូវលុបចោលដែរ។ បំណុលទាំងអស់បានត្រូវ«ប្រោសលែងផងព្រះយេហូវ៉ា» ដើម្បីលើកតម្កើងលោក។ (ចោ. ១៥:១-៣) អ្នកខ្លះនិយាយថា បំណុលទាំងនោះមិនបានត្រូវលុបចោលទាំងស្រុងទេ គ្រាន់តែម្ចាស់បំណុលមិនទារប្រាក់សងពីជនរួមជាតិនៅឆ្នាំនោះប៉ុណ្ណោះ ដោយសារពួកគេមិនធ្វើស្រែចំការ ហើយគ្មានប្រាក់ចំណូល។ ប៉ុន្តែចំពោះបំណុលរបស់ជនបរទេស ម្ចាស់បំណុលអាចទារបាន។
it-2-E ទំ.៩៧៨ វ.៦
ខ្ញុំបម្រើ
ច្បាប់អំពីខ្ញុំបម្រើនិងម្ចាស់។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល ខ្ញុំបម្រើហេប្រឺមានឋានៈខុសគ្នាពីខ្ញុំបម្រើដែលជាជនបរទេស និងជនជាតិដ៏ទៃដែលស្នាក់នៅក្នុងចំណោមពួកគេ។ រីឯអស់អ្នកដែលមិនមែនជាជនជាតិហេប្រឺនឹងនៅតែជាខ្ញុំបម្រើរបស់ម្ចាស់ពួកគេ ហើយអាចបន្តបម្រើដល់កូនចៅជំនាន់ក្រោយ (លេវី. ២៥:៤៤-៤៦) ខ្ញុំបម្រើហេប្រឺនឹងត្រូវដោះលែងក្រោយបម្រើអស់៧ឆ្នាំ ឬនៅពេលឆ្នាំសោមនស្សមកដល់។ ក្នុងអំឡុងការបម្រើរបស់គាត់ ម្ចាស់ត្រូវប្រព្រឹត្តចំពោះគាត់ដូចប្រព្រឹត្តចំពោះកម្មករដែរ។ (និក្ខ. ២១:២; លេវី. ២៥:១០; ចោ. ១៥:១២) ជនជាតិហេប្រឺដែលបានលក់ខ្លួនបម្រើជនបរទេសឬបម្រើសមាជិកក្រុមគ្រួសារជនបរទេស អាចមានសិទ្ធិលោះខ្លួនវិញ ឬសាច់ញាតិជិតរបស់គាត់ក៏អាចមានសិទ្ធិលោះគាត់នៅពេលណាក៏បានដែរ។ តម្លៃលោះអាស្រ័យទៅលើចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំទី៧នៃការបម្រើឬរហូតដល់ឆ្នាំសោមនស្ស។ (លេវី. ២៥:៤៧-៥២; ចោ. ១៥:១២) ពេលដោះលែងខ្ញុំបម្រើហេប្រឺឲ្យមានសេរីភាពឡើងវិញ ម្ចាស់របស់គាត់ត្រូវឲ្យអំណោយដើម្បីជួយគាត់។ (ចោ. ១៥:១៣-១៥) បើខ្ញុំបម្រើមានប្រពន្ធមុនគាត់ចាប់ផ្ដើមបម្រើ នោះប្រពន្ធរបស់គាត់ក៏នឹងត្រូវដោះលែងជាមួយគាត់ដែរ។ ប៉ុន្តែ បើម្ចាស់ឲ្យប្រពន្ធដល់គាត់ (ជាជនបរទេសដែលមិនមានសិទ្ធិបានទទួលការដោះលែងនៅឆ្នាំទី៧) នោះប្រពន្ធនិងកូនៗនឹងនៅជាកម្មសិទ្ធិរបស់ម្ចាស់គាត់ដដែល។ ក្នុងករណីនេះ ខ្ញុំបម្រើហេប្រឺអាចជ្រើសរើសនៅជាមួយម្ចាស់របស់គាត់។ ត្រចៀករបស់គាត់នឹងត្រូវចោះដោយដែក ហើយនេះបញ្ជាក់ថាគាត់នឹងបម្រើម្ចាស់គាត់អស់មួយជីវិត។—និក្ខ. ២១:២-៦; ចោ. ១៥:១៦, ១៧
w០៦-E ១/៤ ទំ.៣១
សំណួរពីអ្នកអាន
តើយើងអាចរៀនអ្វីពីច្បាប់នៅនិក្ខមនំ ២៣:១៩ដែលថា៖ «កុំឲ្យស្ងោរកូនពពែក្នុងទឹកដោះរបស់មេវា»?
ការណែនាំនេះក្នុងច្បាប់ម៉ូសេដែលមានបីដងក្នុងគម្ពីរ ជួយយើងឲ្យឃើញថាព្រះយេហូវ៉ាសមហេតុសមផល មានចិត្តអាណិតអាសូរ និងមានសេចក្ដីមេត្តាករុណា។ នេះក៏បញ្ជាក់ថាលោកស្អប់ខ្ពើមចំពោះការគោរពប្រណិប័តន៍មិនពិតដែរ។—និក្ខមនំ ៣៤:២៦; ចោទិយកថា ១៤:២១
ការស្ងោរកូនពពែឬកូនសត្វឯទៀតក្នុងទឹកដោះរបស់មេវា គឺផ្ទុយពីច្បាប់ធម្មជាតិដែលព្រះយេហូវ៉ារៀបចំ។ ធម្មតា ព្រះផ្ដល់ទឹកដោះឲ្យមេវាដើម្បីជួយចិញ្ចឹមកូនៗឲ្យធំលូតលាស់។ យោងទៅតាមបណ្ឌិតគម្ពីរម្នាក់ ការស្ងោរកូនសត្វក្នុងទឹកដោះរបស់មេវាបង្ហាញ«ការមើលងាយចំពោះការរៀបចំរបស់ព្រះស្ដីអំពីទំនាក់ទំនងរវាងមេនិងកូន»។
បន្ថែមទៅទៀត អ្នកខ្លះនិយាយថាការស្ងោរកូនសត្វក្នុងទឹកដោះមេវា គឺជាទំនៀមទម្លាប់របស់សាសនាមិនពិតដែលធ្វើឡើងដើម្បីសុំឲ្យមានភ្លៀង។ បើដូច្នេះមែន ច្បាប់នេះគឺជួយការពារពួកអ៊ីស្រាអែលពីបុណ្យសាសនាមិនពិតដែលឃោរឃៅនិងគ្មានមេត្តារបស់សាសន៍ដ៏ទៃដែលនៅជុំវិញពួកគេ។ ច្បាប់ម៉ូសេហាមមិនឲ្យជនជាតិអ៊ីស្រាអែលធ្វើតាមការប្រព្រឹត្តរបស់សាសន៍ទាំងនោះឡើយ។—លេវីវិន័យ ២០:២៣
នៅទីបំផុត ច្បាប់នេះសឲ្យឃើញយ៉ាងច្បាស់នូវសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា។ តាមពិត ក្នុងច្បាប់មានគោលការណ៍មួយចំនួនស្រដៀងគ្នា ដែលហាមមិនឲ្យប្រព្រឹត្តដោយឃោរឃៅចំពោះសត្វ និងដែលប្រឆាំងចំពោះការធ្វើអ្វីដែលខុសពីធម្មជាតិ។ ជាឧទាហរណ៍ មានច្បាប់ដែលហាមឃាត់មិនឲ្យបូជាសត្វ លុះត្រាតែវាបាននៅជាមួយមេវាយ៉ាងតិចណាស់៧ថ្ងៃ មិនឲ្យសម្លាប់សត្វនិងកូនវានៅថ្ងៃតែមួយ និងមិនឲ្យយកទាំងមេនិងទាំងពងរបស់វាចេញពីសំបុកឡើយ។—លេវីវិន័យ ២២:២៧, ២៨; ចោទិយកថា ២២:៦, ៧
ច្បាស់ណាស់ ច្បាប់មិនគ្រាន់តែពោរពេញទៅដោយបង្គាប់ដ៏ស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែគោលការណ៍ដែលមានក្នុងច្បាប់ក៏ជួយយើងឲ្យស្គាល់ល្អស្គាល់អាក្រក់ ហើយក៏ឆ្លុះបញ្ចាំងពីគុណសម្បត្តិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាដែរ។—ទំនុកតម្កើង ១៩:៧-១១
ថ្ងៃទី១៩-២៥ ខែកក្កដា
it-1-E ទំ.៣៤៣ វ.៥
ងងឹតភ្នែក
ការងងឹតភ្នែកតំណាងឲ្យការប្រព្រឹត្តដោយអយុត្តិធម៌ដោយសារតុលាការពុករលួយ។ ប៉ុន្តែ ច្បាប់ប្រឆាំងនឹងការស៊ីសំណូកសូកប៉ាន់ ការរើសអើងឬការឲ្យអំណោយ ដោយសារនេះអាចបំបិទភ្នែកចៅក្រម ហើយនាំឲ្យគាត់វិនិច្ឆ័យដោយលម្អៀង។ គម្ពីរចែងថា៖ «សំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់» (និក្ខ. ២៣:៨) និង«សំណូកជាការនាំឲ្យបំបិទភ្នែកអ្នកប្រាជ្ញ»។ (ចោ. ១៦:១៩) ទោះជាចៅក្រមស្មោះត្រង់និងចេះពិចារណាយ៉ាងណាក្ដី ដោយមិនដឹងខ្លួនគាត់ក៏អាចទទួលឥទ្ធិពលពីអំណោយរបស់អ្នកដែលពាក់ព័ន្ធក្នុងរឿងក្ដីដែរ។ មិនត្រឹមតែប៉ុណ្ណោះ ច្បាប់របស់ព្រះក៏ពន្យល់អំពីអារម្មណ៍ឬមនោសញ្ចេតនា ដែលអាចមានឥទ្ធិពលទៅលើការវិនិច្ឆ័យរបស់គាត់ដែរ ដោយចែងថា៖ «មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ»។ (លេវី. ១៩:១៥) ដូច្នេះ មិនថាដោយសារអារម្មណ៍ឬដើម្បីផ្គាប់ចិត្តមនុស្សភាគច្រើនទេ ចៅក្រមមិនគួរវិនិច្ឆ័យប្រឆាំងអ្នកមានដោយសារគេមានទ្រព្យសម្បត្តិច្រើននោះឡើយ។—និក្ខ. ២៣:២, ៣
it-2-E ទំ.៥១១ វ.៧
លេខ តួលេខ
លេខពីរ។ លេខពីរតែងតែមាននៅក្នុងរឿងច្បាប់។ គ្រប់រឿងទាំងអស់អាចត្រូវចាត់ទុកថាជាការពិតបើមានការបញ្ជាក់ពីសាក្សីពីរនាក់ដែលឯកភាពគ្នា។ រឿងក្ដីអាចយកទៅតុលាការបានលុះត្រាតែមានសាក្សីពីរឬបីនាក់។ ក្រុមជំនុំគ្រិស្តសាសនិកក៏ធ្វើតាមគោលការណ៍នេះដែរ។ (ចោ. ១៧:៦; ១៩:១៥; ម៉ាថ. ១៨:១៦; ២កូ. ១៣:១; ១ធី. ៥:១៩; ហេ. ១០:២៨) ព្រះកាន់ខ្ជាប់តាមគោលការណ៍នេះក្នុងការបង្ហាញបុត្រលោកដែលជាអ្នកសង្គ្រោះមនុស្សជាតិដល់បណ្ដាជន។ លោកយេស៊ូមានប្រសាសន៍ថា៖ «ច្បាប់របស់អ្នករាល់គ្នាចែងថា៖ ‹ការបញ្ជាក់របស់សាក្សីពីរនាក់គឺជាការពិត›។ សាក្សីម្នាក់គឺខ្ញុំ ដែលបញ្ជាក់អំពីខ្លួនខ្ញុំ ហើយសាក្សីម្នាក់ទៀតគឺបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក លោកក៏បញ្ជាក់អំពីខ្ញុំដែរ»។—យ៉ូន. ៨:១៧, ១៨
it-2-E ទំ.៦៨៥ វ.៦
ពួកសង្ឃ
ពួកសង្ឃមានឯកសិទ្ធិបកស្រាយច្បាប់របស់ព្រះ ហើយពួកគេមានតួនាទីដ៏សំខាន់ក្នុងការវិនិច្ឆ័យរឿងក្ដីនៅស្រុកអ៊ីស្រាអែល។ ដូច្នេះត្រូវ មានពួកសង្ឃនៅតាមក្រុងនីមួយៗ ហើយពួកគេផ្ដល់ជំនួយឲ្យចៅក្រមបើមានរឿងក្ដីណាដែលពិបាកវិនិច្ឆ័យ។ (ចោ. ១៧:៨, ៩) ពួកគេនិងបុរសចាស់ទុំត្រូវសហការគ្នាពេលមានរឿងឃាតកម្មដែលមិនដឹងថាអ្នកណាជាឃាតករ ដើម្បីធ្វើឲ្យប្រាដកថាទីក្រុងនោះមិនមានទោសឈាម។ (ចោ. ២១:១, ២, ៥) បើប្ដីមានចិត្តប្រច័ណ្ឌសង្ស័យថាប្រពន្ធលួចលាក់ផិតក្បត់ គាត់ត្រូវនាំនាងទៅទីបូជាឲ្យសង្ឃធ្វើពិធីមួយដើម្បីដឹងអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាថានាងមានទោសឬអត់។ (ជន. ៥:១១-៣១) ក្នុងករណីទាំងអស់ បណ្ដាជនត្រូវគោរពការវិនិច្ឆ័យរបស់ពួកសង្ឃនិងចៅក្រមដែលបានត្រូវតែងតាំង ហើយបើអ្នកណាមិនគោរពការវិនិច្ឆ័យនោះដោយចេតនា អ្នកនោះត្រូវប្រហារជីវិត។—ជន. ១៥:៣០; ចោ. ១៧:១០-១៣
it-1-E ទំ.៧៨៧
បណ្ដេញចោល
តាមច្បាប់ លុះត្រាតែមានសាក្សីយ៉ាងហោចណាស់ពីរនាក់ ទើបអាចបណ្ដេញចោលឬសម្លាប់បុគ្គលណាម្នាក់បាន។ (ចោ. ១៩:១៥) សាក្សីទាំងនេះត្រូវជាអ្នកគប់ដុំថ្មមុនគេបង្អស់ ដើម្បីសម្លាប់អ្នកដែលមានទោស។ (ចោ. ១៧:៧) នេះដើម្បីបង្ហាញចិត្តខ្នះខ្នែងរបស់ពួកគេចំពោះច្បាប់របស់ព្រះ និងចំពោះភាពបរិសុទ្ធនៃក្រុមជំនុំអ៊ីស្រាអែល។ ច្បាប់នេះក៏អាចបញ្ឈប់មិនឲ្យមានសាក្សីដែលនិយាយអ្វីមិនពិត និយាយដោយមិនគិត ឬដោយប្រញាប់ប្រញាល់ពេក។
it-1-E ទំ.៥៨៩ វ.៤
តុលាការ
ក្រុមជំនុំគ្រិស្តសាសនិក។ ទោះជាក្រុមជំនុំគ្រិស្តសាសនិកមិនមានអំណាចដូចតុលាការក្ដី ក្រុមជំនុំអាចចាត់វិធានការពេលសមាជិកណាម្នាក់ដែលត្រូវការការប្រៀនប្រដៅ ហើយក៏អាចបណ្ដេញពួកគេចេញពីក្រុមជំនុំដែរ។ ហេតុនេះសាវ័កប៉ូលប្រាប់ពួកអ្នកចាស់ទុំថាពួកគាត់ត្រូវវិនិច្ឆ័យអ្នកដែលនៅក្នុងក្រុមជំនុំ។ (១កូ. ៥:១២, ១៣) ពេលប៉ូលនិងពេត្រុសសរសេរសំបុត្រទៅកាន់ក្រុមជំនុំនិងអ្នកត្រួតពិនិត្យ ពួកគាត់បានបញ្ជាក់ថាពួកអ្នកចាស់ទុំត្រូវយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរបស់ក្រុមជំនុំជាមួយនឹងព្រះយេហូវ៉ា ហើយគួរជួយនិងដាស់តឿនអ្នកណាដែលចាប់ផ្ដើមដើរផ្លូវខុស។ (២ធី. ៤:២; ១ពេ. ៥:១, ២; សូមពិនិត្យបន្ថែម កាឡ. ៦:១) អ្នកណាដែលបង្រៀនសេចក្ដីមិនពិតឬព្យាយាមបំបែកបំបាក់ក្រុមជំនុំ ត្រូវទទួលការដាស់តឿនពីរដងមុនក្រុមជំនុំចាត់វិធានការ។ (ទីត. ៣:១០, ១១) ប៉ុន្តែ អ្នកដែលបន្តធ្វើអំពើខុសឆ្គងនឹងត្រូវបណ្ដេញចេញពីក្រុមជំនុំ។ នេះគឺជាការប្រៀនប្រដៅដែលបង្ហាញថាអ្នកដែលប្រព្រឹត្តអំពីខុសឆ្គងមិនអាចបន្តនៅក្នុងក្រុមជំនុំបានទេ។ (១ធី. ១:២០) ប៉ូលណែនាំបុរសទាំងនោះដែលមានភារកិច្ចជាអ្នកវិនិច្ឆ័យក្នុងក្រុមជំនុំឲ្យជួបជុំគ្នាដើម្បីដឹងអំពីរឿងនេះ។ (១កូ. ៥:១-៥; ៦:១-៥) ពួកអ្នកចាស់ទុំអាចទទួលពាក្យចោទប្រកាន់ថាជាការពិត លុះត្រាតែមានការបញ្ជាក់ពីសាក្សីពីរឬបីនាក់សិន ហើយពួកគាត់ត្រូវថ្លឹងថ្លែងភ័ស្តុតាងដោយគ្មានចិត្តប្រកាន់ និងចិត្តលម្អៀង។—១ធី. ៥:១៩, ២១
ថ្ងៃទី២៦ ខែកក្ដដា–ថ្ងៃទី១ ខែសីហា
it-1-E ទំ.៣៤៤
ឈាម
ព្រះចង់ឲ្យមនុស្សសប្បាយនឹងជីវិត ហើយអ្នកណាដែលសម្លាប់អ្នកឯទៀតនឹងត្រូវទទួលខុសត្រូវចំពោះព្រះ។ នេះបានត្រូវបង្ហាញនៅពេលដែលព្រះនិយាយទៅកាន់កាអ៊ីនដែលជាឃាតករថា៖ «សូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ»។ (លោ. ៤:១០) សូម្បីតែអ្នកដែលស្អប់បងប្អូនរបស់ខ្លួនហើយចង់ឲ្យគាត់ស្លាប់ ឬនិយាយបង្កាច់បង្ខូច ហើយធ្វើជាសាក្សីក្លែងក្លាយប្រឆាំងនឹងគាត់ និងធ្វើឲ្យគាត់មានគ្រោះថ្នាក់ដល់ជីវិត ក៏មានទោសឈាមដែរ។—លេវី. ១៩:១៦; ចោ. ១៩:១៨-២១; ១យ៉ូន. ៣:១៥
it-1-E ទំ.៥១៨ វ.១
តុលាការ
តុលាការមានទីតាំងនៅខ្លោងទ្វារក្រុង។ (ចោ. ១៦:១៨; ២១:១៩; ២២:១៥, ២៤; ២៥:៧; រស់. ៤:១) ពាក្យ«ខ្លោងទ្វារ»មានន័យថាជាទីធ្លាដែលបើកចំហនៅក្នុងទីក្រុងជិតខ្លោងទ្វារ។ ខ្លោងទ្វារគឺជាកន្លែងដែលគេអានច្បាប់ព្រះទៅកាន់បណ្ដាជន ហើយជាកន្លែងដែលគេធ្វើសេចក្ដីប្រកាស។ (នេហ. ៨:១-៣) ខ្លោងទ្វារគឺជាកន្លែងដែលងាយស្រួលស្វែងរកសាក្សីក្នុងរឿងស៊ីវិល ដូចជាការលក់ទ្រព្យសម្បត្តិជាដើម ដោយសារមានមនុស្សចេញចូលច្រើនរាល់ថ្ងៃ។ ដោយសារខ្លោងទ្វារជាកន្លែងសាធារណៈ នេះអាចជួយឲ្យចៅក្រមយកចិត្តទុកដាក់ក្នុងការវិនិច្ឆ័យក្ដីដោយយុត្តិធម៌។ តាមមើលទៅ នៅខ្លោងទ្វារមានកន្លែងសម្រាប់ឲ្យចៅក្រមអង្គុយកាត់ក្ដី។ (យ៉ូប ២៩:៧)សាំយូអែលបានធ្វើដំណើរតាមផ្លូវក្រុងបេតអែល ក្រុងគីលកាល និងក្រុងមីសប៉ា ហើយ«ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែល នៅកន្លែងទាំងនោះ»និងក្រុងរ៉ាម៉ាដែលជាទីលំនៅរបស់គាត់។—១សាំ. ៧:១៦, ១៧
ថ្ងៃទី២-៨ ខែសីហា
it-1-E ទំ.៣៧៥-៣៧៦
បន្ទុក
នៅសម័យបុរាណគេប្រើសត្វដើម្បីដឹកអីវ៉ាន់ ហើយពួកអ៊ីស្រាអែលបានត្រូវបង្គាប់ថា បើពួកគេឃើញសត្វលារបស់បុគ្គលដែលស្អប់ពួកគេដួលដោយសារមានបន្ទុកធ្ងន់ ជាជាងធ្វើព្រងើយ ពួកគេ«ត្រូវជួយដល់គេវិញជាកុំខាន»។ (និក្ខ. ២៣:៥)
it-1-E ទំ.៦២១ វ.១
ចោទិយកថា
ក្នុងសៀវភៅចោទិយកថា បង្រៀនឲ្យយើងប្រព្រឹត្តចំពោះសត្វដោយយកចិត្តទុកដាក់។ ជនជាតិអ៊ីស្រាអែលបានត្រូវហាមមិនឲ្យយកមេបក្សីពេលដែលកំពុងក្រុងកូនលើសម្បុក ព្រោះវាមិនអាចហោះបានទេដោយសារចង់ការពារកូន។ ពួកគេត្រូវលែងមេបក្សី ហើយទើបអាចយកកូនបាន។ យ៉ាងនេះ មេបក្សីអាចបង្កើតកូនតទៅទៀត។ (ចោ. ២២:៦, ៧) កសិករមិនត្រូវទឹមគោជាមួយនឹងលាឡើយ ព្រោះនេះអាចធ្វើឲ្យសត្វដែលតូចជាងមានការពិបាក។ (២២:១០) គោឈ្មោលមិនត្រូវឃ្លុំមាត់ពេលដែលបញ្ជាន់ស្រូវទេ ព្រោះនេះហាក់ដូចជាការធ្វើបាបសត្វគោដោយសារវាមិនអាចស៊ីស្រូវបាន កាលដែលកំពុងបញ្ជាន់ស្រូវយ៉ាងនឿយហត់។—២៥:៤
w០៣-E ១៥/១០ ទំ.៣២ វ.១-២
«កុំចូលនៅក្រោមនឹមដែលមិនស្មើ»
បើសត្វអូដ្ឋទឹមនឹងសត្វគោដើម្បីភ្ជួររាស់ តើនឹងទៅជាយ៉ាងណា? នឹមនោះប្រហែលធ្វើឲ្យសត្វទាំងពីរពិបាកណាស់ ព្រោះនឹមបែបនោះគឺសម្រាប់សត្វដែលមានមាឌនិងកម្លាំងដូចគ្នាប៉ុណ្ណោះ។ ដោយបង្ហាញការយកចិត្តទុកដាក់ចំពោះសត្វ នោះព្រះបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «មិនត្រូវភ្ជួរ ដោយទឹមគោជាមួយនឹងលាដែរ»។ (ចោទិយកថា ២២:១០) នេះក៏ជាគោលការណ៍ដូចគ្នាសម្រាប់សត្វអូដ្ឋនឹងសត្វគោដែរ។
ធម្មតា កសិករមិនចង់ធ្វើបាបសត្វរបស់គាត់ទេ។ ប៉ុន្តែ បើគាត់មិនមានគោឈ្មោលពីរក្បាលទេ គាត់ប្រហែលជាត្រូវទឹមសត្វណាដែលគាត់មាន។ បើសត្វអូដ្ឋទឹមនឹងសត្វគោដើម្បីភ្ជួររាស់ តើនឹងមានលទ្ធផលយ៉ាងណា? ដោយសារសត្វមានទំហំនិងទម្ងន់ខុសគ្នា ដូច្នេះសត្វដែលខ្សោយជាងត្រូវខំប្រឹងខ្លាំងជាង ហើយសត្វដែលខ្លាំងជាងត្រូវរងទម្ងន់ធ្ងន់ជាង។
it-1-E ទំ.៦០០
បំណុល កូនបំណុល
បំណុលសំដៅទៅលើការជំពាក់អ្វីមួយ ហើយដែលត្រូវសងទៅគេវិញ។ នៅសម័យបុរាណ ជនជាតិអ៊ីស្រាអែលភាគច្រើនមានបំណុលដោយសារបញ្ហាលុយកាក់។ សម្រាប់ជនជាតិអ៊ីស្រាអែល ការក្លាយទៅជាកូនបំណុលជាអ្វីដែលមិនថ្លៃថ្នូរ ព្រោះកូនបំណុលនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលឲ្យខ្ចី។ (សុភ ២២:៧) ហេតុនេះ ព្រះបានបង្គាប់រាស្ត្ររបស់លោកឲ្យមានចិត្តសប្បុរសនិងចិត្តទូលាយក្នុងការឲ្យជនរួមជាតិដែលខ្វះខាតខ្ចីលុយ ហើយមិនចង់ចំណេញពីភាពលំបាករបស់ពួកគេដោយយកការឡើយ។ (និក្ខ. ២២:២៥; ចោ. ១៥:៧, ៨; ទំនុក. ៣៧:២៦; ១១២:៥) ប៉ុន្តែ ពួកគេអាចយកការពីជនបរទេសបាន។ (ចោ. ២៣:២០) ជនជាតិយ៉ូដាខ្លះយល់ថា ការយកការពីជនបរទេសនេះគឺដោយសារពួកគេខ្ចីដើម្បីធ្វើជំនួញ មិនមែនដោយសារការខ្វះខាតឡើយ។ ធម្មតា ជនបរទេសគ្រាន់តែស្នាក់នៅបណ្ដោះអាសន្ននៅក្នុងស្រុកអ៊ីស្រាអែលប៉ុណ្ណោះ ព្រោះពួកគេច្រើនតែជាអ្នកធ្វើជំនួញ។ ដូច្នេះ គឺសមហេតុផលឲ្យពួកគេបង់ការ ដោយសារពួកគេយកលុយនោះទៅឲ្យអ្នកឯទៀតខ្ចី ហើយក៏យកការដែរ។
g-E ១៥/០៤ ទំ.១៣
តើការសម្លាប់សត្វខុសទេ?
អ្វីដែលមនុស្សនិយាយ
អ្នកប្រមាញ់សត្វនិងអ្នកនេសាទសម្លាប់សត្វសម្រាប់ការកម្សាន្ត ដើម្បីរំភើបក្នុងការដេញប្រមាញ់ ឬរំភើបក្នុងការយកឈ្នះសត្វ។ អ្នកឯទៀតយល់ស្របនឹងអ្នកនិពន្ធជនជាតិរុស្ស៊ីម្នាក់ដែលបានសរសេរថា ការសម្លាប់សត្វនិងការបរិភោគសាច់សត្វគឺជាទង្វើដែល«ខុសពីធម្មជាតិ»។
អ្វីដែលគម្ពីរចែង
ព្រះអនុញ្ញាតឲ្យមនុស្សសម្លាប់សត្វដើម្បីការពារខ្លួនឬយកមកធ្វើជាសម្លៀកបំពាក់។ (និក្ខមនំ ២១:២៨; ម៉ាកុស ១:៦) គម្ពីរក៏ចែងដែរថា មនុស្សអាចសម្លាប់សត្វសម្រាប់ជាអាហារ។ លោកុប្បត្តិ ៩:៣ចែងថា៖ «ឯបណ្ដាសត្វទាំងប៉ុន្មានដែលកំរើកហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង»។ សូម្បីតែលោកយេស៊ូក៏បានជួយអ្នកកាន់តាមលោកដើម្បីចាប់ត្រីដែលពួកគេបរិភោគនៅពេលក្រោយដែរ។—យ៉ូហាន ២១:៤-១៣
ទោះជាយ៉ាងណាក៏ដោយ គម្ពីរចែងថាព្រះ«មានព្រះហឫទ័យស្អប់... ពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ»។ (ទំនុកតម្កើង ១១:៥) ដូច្នេះ ព្រះមិនចង់ឲ្យយើងធ្វើបាបឬសម្លាប់សត្វសម្រាប់ជាការកម្សាន្តឬជាល្បែងឡើយ។
គម្ពីរបញ្ជាក់ថាព្រះឲ្យតម្លៃខ្ពស់ចំពោះជីវិតសត្វ។
• គម្ពីរចែងថានៅពេលដែលព្រះបង្កើតអ្វីៗទាំងអស់«ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវានៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ»។—លោកុប្បត្តិ ១:២៥
• គម្ពីររៀបរាប់អំពីព្រះយេហូវ៉ាថា៖ «ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន»។ (ទំនុកតម្កើង ១៤៧:៩) ក្នុងធម្មជាតិ ព្រះបានបង្កើតប្រព័ន្ធផ្សេងៗដើម្បីផ្គត់ផ្គង់អាហារនិងជម្រកគ្រប់គ្រាន់សម្រាប់សត្វ។
• ស្ដេចដាវីឌនៃស្រុកអ៊ីស្រាអែលបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្សនិងសត្វផង»។ (ទំនុកតម្កើង ៣៦:៦) ជាឧទាហរណ៍ ពេលមានទឹកជំនន់នៅសម័យបុរាណ ព្រះយេហូវ៉ាបានជួយមនុស្សប្រាំបីនាក់និងសត្វគ្រប់ប្រភេទឲ្យរួចជីវិត មុននឹងលោកបំផ្លាញមនុស្សទុច្ចរិតចោល។—លោកុប្បត្តិ ៦:១៩
ច្បាស់ណាស់ ព្រះយេហូវ៉ាពេញចិត្តនឹងសត្វទាំងឡាយដែលលោកបានបង្កើត ហើយលោកតម្រូវឲ្យមនុស្សប្រព្រឹត្តទៅលើសត្វនានាដោយចិត្តមេត្តា។
ថ្ងៃទី៩-១៥ ខែសីហា
it-2-E ទំ.១១៩៦ វ.៤
ស្ត្រី
ច្បាប់យោធាបានជួយទាំងប្ដីទាំងប្រពន្ធ ដោយសារច្បាប់នោះមិនតម្រូវឲ្យប្ដីដែលទើបតែរៀបការឆ្នាំដំបូងឲ្យចូលធ្វើទាហានទេ។ នេះផ្ដល់ឱកាសឲ្យពួកគេមានកូន ដើម្បីអាចជួយសម្រាលទុកស្ត្រីពេលប្ដីនៅឆ្ងាយ ហើយសម្រាលទុកកាន់តែខ្លាំងកាលដែលប្ដីគាត់ស្លាប់ពេលដែលកំពុងធ្វើសង្គ្រាម។—ចោ. ២០:៧; ២៤:៥
it-1-E ទំ.៩៦៣ វ.២
ការរើសសន្សំផលដំណាំ
ការរៀបចំនេះគឺសម្រាប់ជួយជនក្រីក្រ តែមិនមែនលើកទឹកចិត្តឲ្យពួកគេខ្ជិលឡើយ។ នេះថែមទាំងជួយជនជាតិអ៊ីស្រាអែលឲ្យមានចិត្តសប្បុរសដោយមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងពឹងផ្អែកទៅលើព្រះយេហូវ៉ា។ នេះជួយឲ្យយើងយល់ពាក្យរបស់ដាវីឌដែលថា៖ «មិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុក. ៣៧:២៥) ដោយទាញប្រយោជន៍ពីការរៀបចំនៃច្បាប់នេះ នោះជនក្រីក្រដែលខំប្រឹងធ្វើការដោយរើសសន្សំផលដំណាំនឹងមិនត្រូវអត់ឃ្លាន ហើយពួកគេនិងកូនៗក៏មិនត្រូវសុំទានអាហារដែរ។
w១១-E ១/៣ ទំ.២៣
តើអ្នកដឹងទេ?
នៅអ៊ីស្រាអែលសម័យបុរាណ បើបុរសណាម្នាក់ស្លាប់ដោយគ្មានកូនប្រុស នោះបងប្អូនប្រុសរបស់គាត់ត្រូវរៀបការជាមួយប្រពន្ធគាត់ដើម្បីអាចបន្តពូជឲ្យបងដែលបានស្លាប់។ (លោកុប្បត្តិ ៣៨:៨) ការរៀបចំនេះក្រោយមកត្រូវរួមបញ្ចូលក្នុងច្បាប់ម៉ូសេដែលឲ្យបងឬប្អូនថ្លៃនាងយកនាងធ្វើជាប្រពន្ធ។ (ចោទិយកថា ២៥:៥, ៦) នៅសៀវភៅនាងរស់ អ្វីដែលបូអូសបានធ្វើបង្ហាញថា បើបុរសណាម្នាក់ស្លាប់ទៅហើយគ្មានបងប្អូនប្រុសទេ នោះភារកិច្ចនេះក៏សម្រាប់សាច់ញាតិប្រុសៗឯទៀតក្នុងក្រុមគ្រួសាររបស់បុរសដែលបានស្លាប់នោះដែរ។—នាងរស់ ១:៣, ៤; ២:១៩, ២០; ៤:១-៦
នៅសម័យលោកយេស៊ូក៏មានការរៀបចំដូច្នេះដែរ ហើយនេះបានត្រូវបញ្ជាក់ដោយអ្វីដែលពួកសាឌូស៊ីបានសួរលោកយេស៊ូនៅម៉ាកុស ១២:២០-២២។ នៅសតវត្សរ៍ទី១ អ្នកប្រវត្តិសាស្ត្រជនជាតិយូដាម្នាក់ឈ្មោះផ្លាវៀស យ៉ូសេហ្វឺសនិយាយថាការរៀបចំនេះមិនត្រឹមតែរក្សាវង្សត្រកូលរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ តែថែមទាំងរក្សាទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ និងផ្គត់ផ្គង់ឲ្យស្ត្រីមេម៉ាយទៀតផង។ នៅសម័យនោះ ប្រពន្ធមិនមានសិទ្ធិទទួលមត៌កដែលជាទ្រព្យសម្បត្តិរបស់ប្ដីឡើយ។ ប៉ុន្តែ កូនដែលកើតពីការរៀបចំនេះអាចទទួលមត៌ករបស់ប្ដីនាងដែលបានស្លាប់។
it-1-E ទំ.៦៤០ វ.៥
ការលែងលះ
សំបុត្រលះលែង។ ដោយសារមនុស្សបំពានលើច្បាប់លែងលះគ្នា យើងមិនគួរសន្និដ្ឋានថាច្បាប់ម៉ូសេធ្វើឲ្យប្ដីងាយស្រួលលែងលះប្រពន្ធរបស់គាត់ឡើយ។ ប៉ុន្តែដើម្បីលែងលះ គាត់ត្រូវតែធ្វើតាមជំហានផ្លូវការ។ គាត់ចាំបាច់«ធ្វើសំបុត្រលះលែង» ហើយត្រូវ«ប្រគល់នៅដៃនាង ហើយឲ្យចេញពីផ្ទះទៅចុះ»។ (ចោ. ២៤:១) ទោះជាបទគម្ពីរមិនបានផ្ដល់ព័ត៌មានបន្ថែមអំពីជំហានផ្សេងៗទៀតក្ដី តែដើម្បីលែងលះតាមផ្លូវការគាត់ត្រូវទៅជួបបុរសចាស់ទុំ ហើយមុនដំបូងបុរសទាំងនោះនឹងព្យាយាមជួយផ្សះផ្សាសិន។ ដោយសារការត្រៀមលិខិតលែងលះនិងការធ្វើតាមជំហានផ្សេងៗគឺត្រូវការពេលវេលា នោះផ្ដល់ឱកាសឲ្យប្ដីពិចារណាឡើងវិញអំពីការសម្រេចចិត្តរបស់គាត់។ ការលែងលះត្រូវមានមូលហេតុត្រឹមត្រូវ ហើយបើប្ដីធ្វើតាមច្បាប់ នេះនឹងជួយមិនឲ្យមានការលែងលះដោយមិនបានគិតគូរវែងឆ្ងាយ ហើយក៏ការពារសិទ្ធិរបស់ប្រពន្ធផងដែរ។ គម្ពីរមិនបានចែងអំពីអ្វីដែលបានសរសេរក្នុង«សំបុត្រលះលែង»នោះទេ។
ថ្ងៃទី១៦-២២ ខែសីហា
it-1-E ទំ.៣៦០
បង្ខិតបង្គោលព្រំប្រទល់
ច្បាប់របស់ព្រះហាមមិនឲ្យបន្ថយគោលចារឹកឬបង្ខិតបង្គោលព្រំប្រទល់ឡើយ។ (ចោ. ១៩:១៤; សូមមើលបន្ថែម សុភ. ២២:២៨) តាមពិត អ្នកណាដែល«បន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន»នោះត្រូវបណ្ដាសារ។ (ចោ. ២៧:១៧) ដោយសារម្ចាស់ដីពឹងផ្អែកទៅលើផលដំណាំរបស់គាត់ដើម្បីចិញ្ចឹមជីវិត ដូច្នេះការបង្ខិតបង្គោលព្រំប្រទល់នឹងនាំឲ្យគាត់ខាតបង់ផលដំណាំរបស់គាត់។ នៅសម័យនោះ ការធ្វើដូច្នេះគឺស្មើនឹងការលួច។ (យ៉ូប ២៤:២) ប៉ុន្តែ មានមនុស្សមិនទៀងត្រង់ខ្លះដែលបានបំពានច្បាប់នោះ ហើយពួកអ្នកគ្រប់គ្រងរបស់ពួកយូដានៅសម័យហូសេគឺប្រៀបដូចជាអស់អ្នកដែលបង្ខិតបង្គោលព្រំប្រទល់។—ហូ. ៥:១០
ថ្ងៃទី២៣-២៩ ខែសីហា
w០៩-E ១/១១ ទំ.៣១ វ.២
ព្រះយេហូវ៉ាផ្ដល់ជម្រើសឲ្យយើងម្នាក់ៗ
តើការដឹងអ្វីដែលព្រះចង់ឲ្យយើងធ្វើ និងការធ្វើតាមអ្វីទាំងនោះគឺពិបាកឬទេ? ម៉ូសេនិយាយថា៖ «ដ្បិតសេចក្ដីបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ»។ (ខ១១) ព្រះយេហូវ៉ាមិនសុំឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងទេ។ អ្វីដែលលោកតម្រូវពីយើងគឺសមហេតុសមផលហើយអាចធ្វើបាន។ យើងអាចដឹងអ្វីដែលលោកតម្រូវពីយើង។ យើងមិនចាំបាច់ឡើងទៅ«លើស្ថានសួគ៌» ឬធ្វើដំណើរ«ឆ្លងសមុទ្រ»ដើម្បីដឹងអ្វីដែលព្រះតម្រូវពីយើងនោះទេ។ (ខ១២, ១៣) គម្ពីរប្រាប់យើងយ៉ាងច្បាស់អំពីរបៀបដែលយើងគួររស់នៅ។—មីកា ៦:៨
w០៩-E ១/១១ ទំ.៣១ វ.១
ព្រះយេហូវ៉ាផ្ដល់ជម្រើសឲ្យយើងម្នាក់ៗ
បងស្រីគ្រិស្តសាសនិកម្នាក់មានអារម្មណ៍ថាបទពិសោធន៍អាក្រក់កាលគាត់នៅក្មេងនឹងធ្វើឲ្យជីវិតគាត់បរាជ័យ ហើយគាត់និយាយថា៖ «ជួនកាលខ្ញុំភ័យខ្លាចថាខ្ញុំមិនអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា»។ តើនេះជាការពិតទេ? អត់ទេ។ ព្រះយេហូវ៉ាបានឲ្យចិត្តសេរីជាអំណោយដល់យើង ដូច្នេះយើងអាចធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនអំពីរបៀបដែលយើងរស់នៅ។ ព្រះយេហូវ៉ាចង់ឲ្យយើងធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយគម្ពីរដែលជាបណ្ដាំរបស់លោកប្រាប់ថាយើងអាចធ្វើដូច្នេះមែន។ សូមពិចារណាពាក្យរបស់ម៉ូសេនៅចោទិយកថា ជំពូក៣០។
w០៩-E ១/១១ ទំ.៣១ វ.៤
ព្រះយេហូវ៉ាផ្ដល់ជម្រើសឲ្យយើងម្នាក់ៗ
តើការសម្រេចចិត្តរបស់យើងសំខាន់ចំពោះព្រះយេហូវ៉ាឬទេ? ពិតមែនហើយ! ក្រោមការដឹកនាំរបស់ព្រះ ម៉ូសេនិយាយថា៖ «ចូររើសយកជីវិតចុះ»។ (ខ១៩) តើតាមរបៀបណាយើងអាចរើសយកជីវិត? ម៉ូសេពន្យល់ថា៖ «[ចូរ]ស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ»។ (ខ២០) បើយើងស្រឡាញ់ព្រះយេហូវ៉ា យើងនឹងចង់ស្ដាប់បង្គាប់លោក ហើយនៅជាប់នឹងលោកជានិច្ចទោះជាមានអ្វីកើតឡើងក៏ដោយ។ ដោយធ្វើដូច្នេះ យើងរើសយកជីវិតដ៏ល្អបំផុតដែលនឹងនាំទៅដល់ជីវិតជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះ។—ពេត្រុសទី២ ៣:១១-១៣; យ៉ូហានទី១ ៥:៣
it-1-E ទំ.៦៦៥ វ.៣
ត្រចៀក
តាមរយៈអ្នកបម្រើរបស់លោក ព្រះយេហូវ៉ាប្រាប់ពួកអ៊ីស្រាអែលដែលរឹងចចេសនិងមិនស្ដាប់បង្គាប់ថា ពួកគេមាន‹ត្រចៀកមិនបានកាត់ស្បែកទេ›។ (យេ. ៦:១០; សកម្ម. ៧:៥១) ពួកគេប្រៀបដូចជាបានខ្ទប់ត្រចៀកខ្លួន។ ព្រះយេហូវ៉ាជួយអ្នកដែលចង់ស្វែងរកលោកឲ្យយល់សេចក្ដីពិតនិងស្ដាប់បង្គាប់លោក ប៉ុន្តែលោកក៏អនុញ្ញាតឲ្យអស់អ្នកដែលមិនចង់ស្គាល់ឬធ្វើតាមលោក បន្តបដិសេធនិងមិនអើពើចំពោះសេចក្ដីពិតអំពីលោកដែរ។ (ចោ. ២៩:៤; រ៉ូម ១១:៨) សាវ័កប៉ូលបានទាយថានឹងមានគ្រាមួយដែលមនុស្សខ្លះអះអាងថាខ្លួនជាគ្រិស្តសាសនិកនឹងក្បត់ជំនឿ ដោយសារពួកគេលែងចង់ស្ដាប់សេចក្ដីពិតពីបណ្ដាំរបស់ព្រះទៀត។ ពួកគេចង់តែឮគេ«និយាយអ្វីដែលពួកគេចង់ស្ដាប់»ប៉ុណ្ណោះ ហេតុនេះហើយពួកគេបានស្ដាប់តាមគ្រូបង្រៀនក្លែងក្លាយ។ (២ធី. ៤:៣, ៤; ១ធី. ៤:១) ម្យ៉ាងទៀត ពេលមនុស្សខ្លះឮដំណឹងដែលភ្ញាក់ផ្អើលជាពិសេសដំណឹងអាក្រក់ នោះធ្វើឲ្យត្រចៀករបស់ពួកគេ«ខ្ទរ» ឬស្រឡាំងកាំង។—១សាំ. ៣:១១; ២ព. ២១:១២; យេ. ១៩:៣
ថ្ងៃទី៣០ ខែសីហា–ថ្ងៃទី៥ ខែកញ្ញា
w០៩-E ១/៥ ទំ.១៤ វ.៤
តើអ្នកយល់ឧទាហរណ៍ក្នុងគម្ពីរឬទេ?
គម្ពីរប្រៀបប្រដូចព្រះយេហូវ៉ាទៅនឹងអ្វីផ្សេងៗ។ គម្ពីររៀបរាប់អំពីលោកថា៖ «ថ្មដានៃជនជាតិអ៊ីស្រាអែល» និងជា«បន្ទាយ»។ (សាំយូអែលទី២ ២៣:៣; ទំនុកតម្កើង ១៨:២; ចោទិយកថា ៣២:៤) តើមានភាពស្រដៀងគ្នាអ្វី? ដូចថ្មដ៏ធំមួយដែលរឹងមាំ នោះព្រះយេហូវ៉ាក៏អាចជាទីមាំមួននិងផ្ដល់សុវត្ថិភាពដល់យើងផងដែរ។