អត្ថបទសិក្សា ១
«ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»
បទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២២គឺ: «ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»។—ចសព. ៣៤:១០
ចម្រៀងលេខ៤ ‹ព្រះយេហូវ៉ាជាគង្វាលខ្ញុំ›
សេចក្ដីសង្ខេបa
១. តើដាវីឌស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកអ្វី?
ដាវីឌកំពុងរត់គេចខ្លួនដើម្បីរួចជីវិត ដោយសារស្ដេចដ៏ខ្លាំងក្លាលើស្រុកអ៊ីស្រាអែលឈ្មោះសុលចង់សម្លាប់គាត់។ ពេលដាវីឌត្រូវការអាហារ គាត់បានទៅក្រុងណូប ហើយនៅទីនោះគាត់បានសុំនំប៉័ងប្រាំដុំ។ (១សាំ. ២១:១, ៣) ក្រោយមក ដាវីឌនិងពួកបុរសរបស់គាត់បានជ្រកក្នុងរូងភ្នំមួយ។ (១សាំ. ២២:១) ហេតុអ្វីដាវីឌស្ថិតក្នុងស្ថានភាពបែបនេះ?
២. តើសុលបានធ្វើអ្វី ដែលនាំឲ្យគាត់ស្ថិតក្នុងស្ថានភាពមួយដែលមានគ្រោះថ្នាក់? (សាំយូអែលទី១ ២៣:១៦, ១៧)
២ សុលច្រណែននឹងដាវីឌខ្លាំងណាស់ ដោយសារមនុស្សជាច្រើនចូលចិត្តនិងសរសើរដាវីឌចំពោះជ័យជម្នះអស់ជាច្រើនដងក្នុងចម្បាំង។ សុលក៏ដឹងថាព្រះយេហូវ៉ាបានបដិសេធគាត់ដោយសារគាត់មិនស្ដាប់បង្គាប់លោក ហើយថាលោកបានជ្រើសរើសដាវីឌឲ្យធ្វើជាស្ដេចនៅថ្ងៃអនាគត។ (សូមអាន សាំយូអែលទី១ ២៣:១៦, ១៧) ប៉ុន្តែពេលនោះ សុលនៅតែគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល ហើយគាត់មានកងទ័ពនិងអ្នកគាំទ្រជាច្រើនដែលនៅខាងគាត់ ដូច្នេះដាវីឌត្រូវរត់គេចដើម្បីរួចជីវិត។ តើសុលគិតថាគាត់ពិតជាអាចបញ្ឈប់ព្រះយេហូវ៉ាមិនឲ្យដាវីឌធ្វើជាស្ដេចឬទេ? (អេ. ៥៥:១១) គម្ពីរមិនបានចែងទេ។ ប៉ុន្តែយើងអាចជឿជាក់អំពីចំណុចមួយគឺថា សុលកំពុងធ្វើឲ្យខ្លួនគាត់ស្ថិតក្នុងស្ថានភាពមួយដែលមានគ្រោះថ្នាក់ ពីព្រោះពួកអ្នកដែលប្រឆាំងព្រះយេហូវ៉ាតែងតែបរាជ័យ!
៣. តើដាវីឌមានអារម្មណ៍យ៉ាងណាទោះជាគាត់ស្ថិតក្នុងស្ថានភាពពិបាកក្ដី?
៣ ដាវីឌជាបុរសដែលមានចិត្តរាបទាប។ គាត់មិនមែនជាអ្នកសម្រេចចិត្តធ្វើជាស្ដេចនៃស្រុកអ៊ីស្រាអែលទេ តែគឺព្រះយេហូវ៉ាដែលបានជ្រើសរើសគាត់ឲ្យទៅជាស្ដេចវិញ។ (១សាំ. ១៦:១, ១២, ១៣) សុលស្អប់ដាវីឌខ្លាំងណាស់។ ប៉ុន្តែ ដាវីឌមិនបន្ទោសព្រះយេហូវ៉ាថា ដោយសារលោកទើបបានជាគាត់ស្ថិតក្នុងស្ថានភាពដែលមានគ្រោះថ្នាក់បែបនេះទេ។ ម្យ៉ាងទៀត គាត់មិនត្អូញត្អែរ ពេលគាត់ត្រូវលាក់ខ្លួនក្នុងរូងភ្នំនិងមិនសូវមានអាហារឡើយ។ ផ្ទុយទៅវិញ គឺប្រហែលជាពេលដាវីឌកំពុងលាក់ខ្លួនក្នុងរូងភ្នំ ដែលគាត់បានតែងចម្រៀងសរសើរព្រះដ៏ពីរោះ ដែលរួមបញ្ចូលពាក្យនៃបទគម្ពីរជាមូលដ្ឋានសម្រាប់អត្ថបទនេះ ថា៖ «ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»។—ចសព. ៣៤:១០
៤. តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះ ហើយហេតុអ្វីនោះសំខាន់?
៤ នៅសព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាជាច្រើននាក់មិនមានអាហារគ្រប់គ្រាន់ ឬអ្វីផ្សេងទៀតដែលពួកគេត្រូវការសម្រាប់ជីវិតប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងគ្រាដែលមានរោគរាតត្បាតនាពេលថ្មីៗនេះ។ ម្យ៉ាងទៀត យើងនឹងកាន់តែពិបាក កាលដែលយើងចូលកាន់តែជិតដល់គ្រា«ទុក្ខវេទនាជាខ្លាំង»។ (ម៉ាថ. ២៤:២១) ដូច្នេះ គឺជាការល្អដែលយើងរកចម្លើយចំពោះសំណួរបួនគឺ៖ តើដាវីឌ«មិនខ្វះអ្វីល្អ»ក្នុងន័យយ៉ាងណា? ហេតុអ្វីយើងត្រូវរៀនឲ្យចេះស្កប់ចិត្ត? ហេតុអ្វីយើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាយើង? ហើយតើយើងអាចធ្វើអ្វីដើម្បីត្រៀមខ្លួននៅឥឡូវនេះសម្រាប់ថ្ងៃអនាគត?
«ខ្ញុំនឹងមិនខ្វះអ្វីឡើយ»
៥-៦. តើចម្រៀងសរសើរព្រះ ២៣:១-៦ ជួយយើងឲ្យយល់យ៉ាងណាអំពីអត្ថន័យនៃពាក្យរបស់ដាវីឌ ពេលគាត់និយាយថាអ្នកបម្រើរបស់ព្រះនឹង«មិនខ្វះអ្វីល្អ»?
៥ តើដាវីឌចង់មានន័យយ៉ាងណា ពេលគាត់បាននិយាយថាអ្នកបម្រើរបស់ព្រះយេហូវ៉ានឹង«មិនខ្វះអ្វីល្អ»? ដើម្បីយល់អំពីចំណុចនេះ យើងអាចពិចារណាពាក្យស្រដៀងគ្នានៅចម្រៀងសរសើរព្រះ បទ២៣។ (សូមអាន ចម្រៀងសរសើរព្រះ ២៣:១-៦) ដាវីឌចាប់ផ្ដើមបទនោះដោយពាក្យថា៖ «ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីឡើយ»។ ក្នុងខឯទៀតនៃបទចម្រៀងនោះ ដាវីឌបានរៀបរាប់អំពីអ្វីៗដែលពិតជាសំខាន់ ដូចជាអ្វីល្អៗដែលព្រះយេហូវ៉ាបានឲ្យគាត់ ដោយសារគាត់បានទទួលយកលោកជាគង្វាលរបស់គាត់។ ព្រះយេហូវ៉ាបាននាំដាវីឌ«ទៅតាមផ្លូវសុចរិត» ហើយលោកគាំទ្រដាវីឌយ៉ាងជាប់ ទាំងពេលស្រួលទាំងពេលពិបាក។ ដាវីឌបានទទួលស្គាល់ថា ទោះជាព្រះយេហូវ៉ាហាក់ដូចជានាំគាត់ទៅ«វាលស្មៅខៀវខ្ចី»ក៏ពិតមែន តែនេះមិនមានន័យថាគាត់នឹងគ្មានបញ្ហាសោះនោះឡើយ។ ជួនកាល គាត់ធ្លាក់ទឹកចិត្ត គឺហាក់ដូចជាគាត់កំពុង«ដើរក្នុងជ្រលងងងឹតសូន្យសុង» ហើយគាត់ក៏មានសត្រូវដែរ។ ប៉ុន្តែ ដោយមានព្រះយេហូវ៉ាជាគង្វាលរបស់គាត់ ដាវីឌ«មិនភ័យខ្លាចឡើយ»។
៦ ដូច្នេះ តើដាវីឌ«មិនខ្វះអ្វីល្អ»ក្នុងន័យយ៉ាងណា? គឺថាគាត់មានអ្វីៗទាំងអស់ដែលគាត់ត្រូវការដើម្បីរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ដាវីឌមិនត្រូវការទ្រព្យសម្បត្តិច្រើនដើម្បីសប្បាយទេ។ គាត់ស្កប់ចិត្តនឹងអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យគាត់។ អ្វីដ៏សំខាន់បំផុតចំពោះដាវីឌ គឺថាព្រះយេហូវ៉ាឲ្យពរនិងការពារគាត់។
៧. យោងទៅតាមលូកា ២១:២០-២៤ តើគ្រិស្តសាសនិកនៅតំបន់យូឌានាសតវត្សរ៍ទី១មានការពិបាកអ្វីខ្លះ?
៧ តាមរយៈពាក្យរបស់ដាវីឌ យើងអាចឃើញថាគឺសំខាន់ណាស់ឲ្យយើងមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្តិ។ យើងច្បាស់ជាចង់ប្រើទ្រព្យសម្បត្តិណាដែលយើងមាន តែយើងមិនគួរចាត់ទុកវាជាអ្វីសំខាន់បំផុតក្នុងជីវិតរបស់យើងឡើយ។ នេះគឺជាការពិតដ៏សំខាន់មួយដែលគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ដែលរស់នៅតំបន់យូឌាបានយល់។ (សូមអាន លូកា ២១:២០-២៤) លោកយេស៊ូបានព្រមានពួកគេថា នឹងមានពេលមួយដែល«កងទ័ពបោះជំរំជុំវិញ»ក្រុងយេរូសាឡិម។ ពេលនោះកើតឡើង ពួកគេត្រូវ«ចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ ការរត់ចេញពីក្រុងនោះនឹងនាំឲ្យពួកគេរួចជីវិត ប៉ុន្តែពួកគេនឹងត្រូវលះចោលអ្វីៗជាច្រើន។ ទស្សនាវដ្ដីប៉មយាមបានចែងនៅច្រើនឆ្នាំមុនថា៖ ‹ពួកគេបានទុកចោលចម្ការនិងផ្ទះសម្បែង មិនទាំងប្រមូលរបស់របរនៅក្នុងផ្ទះរបស់ពួកគេផងដែរ។ ដោយមានទំនុកចិត្តទៅលើការការពារពីព្រះយេហូវ៉ា នោះពួកគេបានចាត់ទុកការគោរពប្រណិប័តន៍លោកថាសំខាន់ជាងអ្វីៗទាំងអស់›។
៨. តើយើងអាចទាញយកមេរៀនយ៉ាងណា ពីអ្វីដែលបានកើតឡើងចំពោះគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលរស់នៅតំបន់យូឌា?
៨ តើយើងអាចទាញយកមេរៀនយ៉ាងណាពីអ្វីដែលបានកើតឡើងចំពោះគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលរស់នៅតំបន់យូឌា? ទស្សនាវដ្ដីប៉មយាមដែលបានត្រូវរៀបរាប់នៅខាងលើចែងថា៖ ‹ប្រហែលជាមានការសាកល្បងនៅខាងមុខស្ដីអំពីទស្សនៈរបស់យើងចំពោះវត្ថុទ្រព្យ តើរបស់ទាំងនេះពិតជាសំខាន់ជាងគេបំផុត ឬក៏តើសេចក្ដីសង្គ្រោះដោយសារយើងបានបង្ហាញភក្ដីភាពចំពោះព្រះគឺសំខាន់ជាងវិញ? ត្រូវហើយ ការរត់ចេញរបស់យើងប្រហែលជានាំឲ្យយើងជួបការពិបាកនិងភាពខ្វះខាតខ្លះ។ យើងនឹងត្រូវតែត្រៀមខ្លួនដើម្បីធ្វើអ្វីដែលត្រូវការចាំបាច់ ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលបានភៀសខ្លួនចេញពីតំបន់យូឌា›។b
៩. តើអ្នកទទួលការលើកទឹកចិត្តយ៉ាងណាពីយោបល់របស់ប៉ូលទៅគ្រិស្តសាសនិកជនជាតិហេប្រឺ?
៩ តើអ្នកអាចស្រមៃឃើញឬទេថា គឺពិបាកយ៉ាងណាទៅចំពោះគ្រិស្តសាសនិកទាំងនោះឲ្យលះចោលអ្វីៗស្ទើរតែទាំងអស់ ហើយចាប់ផ្ដើមជីវិតថ្មី? ពួកគេត្រូវមានជំនឿដើម្បីទុកចិត្តថា ព្រះយេហូវ៉ានឹងជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេ។ ស្ដីអំពីរឿងនេះ មានអ្វីមួយដែលបានជួយពួកគេ។ ប្រាំឆ្នាំមុនកងទ័ពរ៉ូមឡោមព័ទ្ធក្រុងយេរូសាឡិម សាវ័កប៉ូលបានឲ្យយោបល់ខ្លះដល់គ្រិស្តសាសនិកជនជាតិហេប្រឺថា៖ «ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់ប្រាក់ ហើយចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន។ ព្រោះព្រះបានមានប្រសាសន៍ថា៖ ‹ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ហើយខ្ញុំក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ›។ ហេតុនេះហើយបានជាយើងអាចមានទំនុកចិត្តទាំងស្រុងថា៖ ‹ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?›»។ (ហេ. ១៣:៥, ៦) គ្រិស្តសាសនិកដែលបានធ្វើតាមយោបល់របស់ប៉ូលស្រួលស្កប់ចិត្តជាងនឹងការមានទ្រព្យសម្បត្តិតិចតួចនៅទីលំនៅថ្មីរបស់ពួកគេ។ ពួកគេជឿជាក់ថា ព្រះយេហូវ៉ានឹងបំពេញសេចក្ដីត្រូវការរបស់ពួកគេ។ ពាក្យរបស់ប៉ូលបង្ហាញថា យើងក៏អាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងដែរ។
«យើងនឹងស្កប់ចិត្ត»ដោយមានអ្វីៗទាំងនេះ
១០. តើប៉ូលបានប្រាប់យើងអំពីមេរៀនអ្វី?
១០ ប៉ូលបានឲ្យយោបល់ទៅធីម៉ូថេដែលស្រដៀងនឹងយោបល់ដែលគាត់បានឲ្យទៅគ្រិស្តសាសនិកជនជាតិហេប្រឺ ហើយយោបល់នោះក៏ជាប់ទាក់ទងនឹងយើងដែរ។ គាត់បានសរសេរថា៖ «យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់ និងជម្រក»។ (១ធី. ៦:៨) តើនេះមានន័យថាយើងមិនអាចបរិភោគម្ហូបអាហារឈ្ងុយឆ្ងាញ់ មានផ្ទះស្អាត ឬម្ដងម្កាលទិញសម្លៀកបំពាក់ថ្មីៗឬ? ប៉ូលមិនចង់មានន័យដូច្នេះទេ។ គាត់កំពុងនិយាយថាយើងគួរស្កប់ចិត្តនឹងអ្វីដែលយើងមាន។ (ភី. ៤:១២) នេះជាមេរៀនមួយដែលប៉ូលបានរៀន។ អ្វីដែលមានតម្លៃបំផុតចំពោះយើងគឺចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា មិនមែនវត្ថុទ្រព្យណាដែលយើងមានទេ។—ហាប. ៣:១៧, ១៨
១១. តើយើងអាចទាញយកមេរៀនអ្វីអំពីការស្កប់ចិត្តពីពាក្យរបស់ម៉ូសេទៅកាន់ជនជាតិអ៊ីស្រាអែល?
១១ ជួនកាល យើងប្រហែលជាមានទស្សនៈខុសពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្វីដែលជាសេចក្ដីត្រូវការរបស់ខ្លួន។ សូមគិតអំពីអ្វីដែលម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែល ក្រោយពីពួកគេបាននៅតំបន់ស្ងាត់ជ្រងំអស់៤០ឆ្នាំ។ គាត់បាននិយាយថា៖ «ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានឲ្យពរដល់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់។ លោកស្គាល់ច្បាស់ថាអ្នករាល់គ្នាបានដើរកាត់តំបន់ស្ងាត់ជ្រងំដ៏ធំនេះ។ អស់រយៈពេល៤០ឆ្នាំ ព្រះយេហូវ៉ាបាននៅជាមួយនឹងអ្នករាល់គ្នាជានិច្ច ហើយអ្នករាល់គ្នាមិនដែលខ្វះអ្វីឡើយ»។ (បច. ២:៧) ក្នុងអំឡុង៤០ឆ្នាំនោះ ព្រះយេហូវ៉ាបានឲ្យម៉ាណាដល់ជនជាតិអ៊ីស្រាអែលដើម្បីបរិភោគ ហើយលោកបានធ្វើឲ្យប្រាកដថាសម្លៀកបំពាក់របស់ពួកគេមិនសឹករេចរឹលទេ។ ដូច្នេះ ពួកគេនៅតែស្លៀកសម្លៀកបំពាក់ដែលពួកគេមាន តាំងពីពេលពួកគេបានចាកចេញពីស្រុកអេហ្ស៊ីប។ (បច. ៨:៣, ៤) ពួកគេខ្លះប្រហែលជាគិតថាអ្វីទាំងនេះមិនគ្រប់គ្រាន់ទេ។ ទោះជាយ៉ាងនេះក្ដី ម៉ូសេបានរំលឹកជនជាតិអ៊ីស្រាអែលថា ពួកគេមានអ្វីៗដែលពួកគេត្រូវការ។ ព្រះយេហូវ៉ាពេញចិត្ត បើយើងរៀនឲ្យចេះស្កប់ចិត្ត។ លោកចង់ឲ្យយើងមានចិត្តកតញ្ញូចំពោះអ្វីៗដែលលោកផ្ដល់ឲ្យយើង មិនថានោះជារបស់សាមញ្ញក៏ដោយ ហើយលោកចង់ឲ្យយើងយល់ថាអ្វីទាំងនោះគឺជាអំណោយពីលោក។
ចូរមានទំនុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាអ្នក
១២. តើអ្វីបង្ហាញថាដាវីឌទុកចិត្តព្រះយេហូវ៉ា មិនមែនខ្លួនឯង?
១២ ដាវីឌដឹងថាព្រះយេហូវ៉ាគឺស្មោះត្រង់ ហើយលោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នកដែលស្រឡាញ់លោក។ ទោះជាដាវីឌស្ថិតក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិតគាត់ពេលដែលគាត់តែងចម្រៀងសរសើរព្រះ បទ៣៤ក្ដី ជំនឿរបស់គាត់ទៅលើព្រះយេហូវ៉ាគឺខ្លាំងដល់ម្ល៉េះ បានជាគាត់ជឿជាក់ថា«ទេវតារបស់ព្រះយេហូវ៉ា»បោះជំរំ«នៅជុំវិញ»គាត់។ (ចសព. ៣៤:៧, កំ.ស.) ប្រហែលជាដាវីឌកំពុងប្រដូចទេវតារបស់ព្រះយេហូវ៉ាទៅនឹងទាហានម្នាក់ដែលបោះជំរំនៅទីវាល ហើយដែលតែងតែឃ្លាំមើលពួកសត្រូវ។ ទោះជាដាវីឌជាទាហានដ៏អង់អាចម្នាក់ដែលមានសមត្ថភាពក្នុងការប្រើខ្សែដង្ហក់និងដាវដើម្បីយកឈ្នះលើសត្រូវ ហើយក៏មានសេចក្ដីសន្យាពីព្រះយេហូវ៉ាថាគាត់នឹងទៅជាស្ដេចក្ដី គាត់មិនពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួនឡើយ។ (១សាំ. ១៦:១៣; ២៤:១២) ដាវីឌទុកចិត្តព្រះយេហូវ៉ា ហើយជឿជាក់ថាទេវតារបស់លោក‹សង្គ្រោះអស់អ្នកដែលកោតខ្លាចលោក›។ ពិតមែនថាយើងមិនរំពឹងថា ព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុដើម្បីការពារយើងនៅសព្វថ្ងៃនេះទេ។ ប៉ុន្តែ យើងដឹងថាអស់អ្នកដែលទុកចិត្តព្រះយេហូវ៉ានឹងមិនរងទុក្ខរហូតនោះឡើយ។
១៣. ពេលកូកនៃស្រុកម៉ាកូកវាយប្រហារមកលើយើង ហេតុអ្វីមើលទៅយើងនឹងគ្មានការការពារ ហើយហេតុអ្វីយើងមិនគួរភ័យខ្លាច? (សូមមើលរូបភាពនៅក្រប)
១៣ នៅពេលឆាប់ៗខាងមុខនេះ ការទុកចិត្តរបស់យើងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាឲ្យការពារយើងនឹងត្រូវសាកល្បង។ ពេលកូកនៃស្រុកម៉ាកូកដែលជាប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នាវាយប្រហាររាស្ត្រព្រះ នេះអាចមើលទៅមានគ្រោះថ្នាក់ដល់អាយុជីវិតយើង។ ពេលនោះ យើងត្រូវជឿជាក់ថាព្រះយេហូវ៉ាអាច ហើយនឹងការពារយើង។ ប្រជាជាតិនានាទាំងនោះនឹងមើលមកយើងដោយគិតថាយើងប្រៀបដូចជាចៀមដែលគ្មានអ្នកការពារ។ (អេគ. ៣៨:១០-១២) យើងនឹងគ្មានអាវុធ ហើយមិនហ្វឹកហាត់ធ្វើសង្គ្រាមទេ។ ប្រជាជាតិនានានឹងគិតថា ពួកគេនឹងយកឈ្នះយើងយ៉ាងងាយស្រួល។ ពួកគេមិនដឹងថាទេវតារបស់ព្រះយេហូវ៉ាប្រុងប្រៀបនឹងការពារយើងទេ។ ប៉ុន្តែយើងដឹង ដោយសារយើងមានជំនឿ។ ពួកគេនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលកងទ័ពស្ថានសួគ៌ច្បាំងជំនួសយើង។—បប. ១៩:១១, ១៤, ១៥
ចូរត្រៀមខ្លួននៅឥឡូវនេះចំពោះថ្ងៃអនាគត
១៤. តើយើងអាចធ្វើអ្វីនៅឥឡូវនេះដើម្បីត្រៀមខ្លួនចំពោះថ្ងៃអនាគត?
១៤ តើយើងអាចធ្វើអ្វីខ្លះនៅឥឡូវនេះដើម្បីត្រៀមខ្លួនចំពោះថ្ងៃអនាគត? ដំបូងបង្អស់ យើងត្រូវមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្តិ ដោយទទួលស្គាល់ថា ថ្ងៃណាមួយយើងនឹងត្រូវលះចោលអ្វីៗដែលយើងមាន។ យើងក៏ត្រូវស្កប់ចិត្តនឹងអ្វីដែលយើងមាន ហើយមានអំណរខ្លាំងបំផុតពីការមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ កាលដែលយើងស្គាល់ព្រះរបស់យើងកាន់តែច្បាស់ យើងនឹងកាន់តែជឿជាក់ថាលោកអាចការពារយើងពេលកូកនៃស្រុកម៉ាកូកវាយប្រហារយើង។
១៥. តើអ្វីខ្លះបានកើតឡើងដល់ដាវីឌពេលគាត់នៅក្មេងដែលបានជួយគាត់ឲ្យដឹងថា ព្រះយេហូវ៉ានឹងមិនធ្វើឲ្យគាត់ខកចិត្ត?
១៥ សូមគិតអំពីអ្វីផ្សេងទៀតដែលបានជួយដាវីឌ ហើយអាចជួយយើងឲ្យត្រៀមខ្លួនសម្រាប់ទុក្ខលំបាក។ ដាវីឌបាននិយាយថា៖ «ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ អ្នកណាដែលពឹងជ្រកលោក អ្នកនោះមានសុភមង្គលហើយ»។ (ចសព. ៣៤:៨) ពាក្យទាំងនេះពន្យល់អំពីមូលហេតុដែលដាវីឌដឹងថា គាត់អាចពឹងផ្អែកទៅលើការគាំទ្ររបស់ព្រះយេហូវ៉ា។ ដាវីឌច្រើនតែពឹងផ្អែកទៅលើព្រះយេហូវ៉ា ហើយលោកមិនដែលធ្វើឲ្យគាត់ខកចិត្តឡើយ។ ពេលនៅក្មេង ដាវីឌបានច្បាំងនឹងកូលីយ៉ាតដែលជាជនជាតិភីលីស្ទីនម្នាក់ដែលមានមាឌធំសម្បើម ហើយគាត់បានប្រាប់អ្នកចម្បាំងដ៏ខ្លាំងក្លានោះថា៖ «នៅថ្ងៃនេះឯង ព្រះយេហូវ៉ានឹងប្រគល់អ្នកមកក្នុងកណ្ដាប់ដៃខ្ញុំ»។ (១សាំ. ១៧:៤៦) ក្រោយមក ពេលដាវីឌបម្រើស្ដេចសុល សុលបានព្យាយាមអស់ជាច្រើនដងដើម្បីសម្លាប់គាត់។ ប៉ុន្តែ«ព្រះយេហូវ៉ានៅជាមួយនឹងដាវីឌ»។ (១សាំ. ១៨:១២) ដោយសារដាវីឌធ្លាប់ទទួលជំនួយពីព្រះនៅអតីតកាល គាត់ដឹងថាគាត់អាចពឹងផ្អែកលើលោកក្នុងអំឡុងគ្រាទុក្ខលំបាកដែលគាត់មាន។
១៦. តើយើងអាច«ភ្លក់»គុណធម៌របស់ព្រះយេហូវ៉ាតាមរបៀបណាខ្លះ?
១៦ កាលដែលយើងកាន់តែពឹងផ្អែកទៅលើការណែនាំពីព្រះយេហូវ៉ានៅឥឡូវនេះ យើងនឹងកាន់តែមានទំនុកចិត្តទៅលើសមត្ថភាពរបស់លោកក្នុងការសង្គ្រោះយើងនៅថ្ងៃអនាគត។ យើងត្រូវមានជំនឿ ហើយពឹងផ្អែកទៅលើព្រះយេហូវ៉ា ដើម្បីសុំច្បាប់ពីថៅកែរបស់យើងឲ្យចូលរួមសន្និបាតឬមហាសន្និបាត ឬសុំផ្លាស់ប្ដូរម៉ោងធ្វើការដើម្បីយើងអាចចូលរួមកិច្ចប្រជុំទាំងអស់ និងចំណាយពេលច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយ។ ឧបមាថា ថៅកែបដិសេធសំណូមពររបស់យើង ហើយបញ្ឈប់ការងារយើង។ តើយើងនឹងមានជំនឿថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើង ហើយថាលោកនឹងផ្ដល់អ្វីដែលយើងត្រូវការឬទេ? (ហេ. ១៣:៥) បងប្អូនជាច្រើននាក់ដែលបម្រើក្នុងកិច្ចបម្រើពេញពេល អាចប្រាប់អំពីបទពិសោធន៍របស់ពួកគេដែលបង្ហាញថាព្រះយេហូវ៉ាតែងតែបានជួយពួកគេពេលពួកគេត្រូវការជំនួយ។ ព្រះយេហូវ៉ាគឺស្មោះត្រង់។
១៧. តើបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២២គឺជាអ្វី ហើយហេតុអ្វីនេះគឺសមត្រឹមត្រូវ?
១៧ ដោយមានព្រះយេហូវ៉ានៅខាងយើង យើងគ្មានហេតុឲ្យភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគតទេ។ ព្រះរបស់យើងនឹងមិនបោះបង់ចោលយើង ដរាបណាយើងចាត់ទុករាជាណាចក្ររបស់លោកថា ជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ ដើម្បីរំលឹកយើងថា យើងត្រូវត្រៀមខ្លួននៅឥឡូវនេះសម្រាប់គ្រាលំបាកនៅថ្ងៃខាងមុខ និងទុកចិត្តថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើង គណៈអភិបាលបានជ្រើសរើសចម្រៀងសរសើរព្រះ ៣៤:១០ជាបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២២ ដែលថា៖ «ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»។
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
a បទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០២២មកពីចម្រៀងសរសើរព្រះ ៣៤:១០ដែលចែងថា៖ «ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»។ អ្នកបម្រើដ៏ស្មោះត្រង់ជាច្រើនរបស់ព្រះយេហូវ៉ាមិនមានវត្ថុទ្រព្យច្រើនឡើយ។ ដូច្នេះ ហេតុអ្វីយើងអាចនិយាយថាពួកគេ«មិនខ្វះអ្វីល្អ»? ម្យ៉ាងទៀត តើការយល់អត្ថន័យនៃខនេះ អាចជួយយើងឲ្យត្រៀមខ្លួនសម្រាប់គ្រាលំបាកនៅថ្ងៃខាងមុខយ៉ាងដូចម្ដេច?
b សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៩ ទំព័រ១៦-១៧។
c ការពណ៌នាអំពីរូបភាព: សូម្បីតែនៅពេលដែលដាវីឌកំពុងលាក់ខ្លួននៅក្នុងរូងភ្នំដើម្បីគេចពីស្ដេចសុល ក៏គាត់មានចិត្តកតញ្ញូចំពោះអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យ។
d ការពណ៌នាអំពីរូបភាព: ក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេហ្ស៊ីប ព្រះយេហូវ៉ាបានផ្ដល់ម៉ាណាឲ្យពួកគេបរិភោគ ហើយធ្វើឲ្យប្រាកដថាសម្លៀកបំពាក់របស់ពួកគេមិនសឹករេចរឹល។