ពាក្យសន្យារបស់ព្រះយេហូវ៉ាតែងតែសម្រេចគ្រប់ជំពូក
«អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក»។—យ៉ូស្វេ ២៣:១៤
១. (ក) តើយ៉ូស្វេជាមនុស្សបែបណា? តើគាត់មានភារកិច្ចអ្វី? (ខ) តើយ៉ូស្វេបានធ្វើអ្វីពេលមានអាយុច្រើនហើយ?
លោកយ៉ូស្វេជាមេទ័ពម្នាក់ដែលស្វាហាប់និងអត់ចេះខ្លាចឡើយ។ គាត់មានជំនឿមុតមាំហើយមានចិត្តស្មោះភក្ដីចំពោះព្រះ។ យ៉ូស្វេជាអ្នកជំនិតរបស់លោកម៉ូសេ ហើយព្រះយេហូវ៉ាបានជ្រើសរើសគាត់ឲ្យដឹកនាំជនជាតិអ៊ីស្រាអែលចេញពីទីរហោឋានដ៏គួរឲ្យស្ញែងខ្លាច ដើម្បីចូលទៅក្នុងស្រុកមួយដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។ ពេលយ៉ូស្វេមានអាយុច្រើនហើយ គាត់ថ្លែងសុន្ទរកថាជូនអ្នកចាស់ទុំក្នុងចំណោមពួកអ៊ីស្រាអែលដែលធ្លាប់តែគោរពគាត់។ គាត់ដឹងខ្លួនថាគាត់នឹងស្លាប់ ដូច្នេះគាត់ថ្លែងសុន្ទរកថាដែលជំរុញចិត្តនិងដាស់តឿនអ្នកស្ដាប់ ព្រមទាំងពង្រឹងជំនឿរបស់ពួកគេថែមទៀត។ យើងក៏អាចទទួលប្រយោជន៍ពីសុន្ទរកថារបស់យ៉ូស្វេដែរ។
២, ៣. ពេលយ៉ូស្វេនិយាយទៅកាន់ពួកចាស់ទុំនោះ តើជនជាតិអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពបែបណា? តើយ៉ូស្វេមានប្រសាសន៍យ៉ាងណាទៅកាន់ពួកចាស់ទុំទាំងនោះ?
២ សូមស្រមៃគិតពីកាលៈទេសៈនៅពេលនោះ ដែលពិពណ៌នាក្នុងគម្ពីរថា៖ «ពេលក្រោយជាយូរមក កាលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យពួកអ៊ីស្រាអែលមានសេចក្ដីស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់មានវ័យចំរើនច្រើនណាស់ហើយ។ នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេនឹងពួកចៅក្រម ហើយពួកនាយករបស់គេមកប្រាប់ថា៖ ‹អញចាស់ហើយ ក៏មានវ័យចំរើនច្រើនណាស់ផង›»។—យ៉ូស្វេ ២៣:១, ២
៣ យ៉ូស្វេមានអាយុជិត១១០ឆ្នាំ ហើយគាត់បានរស់នៅសម័យដែលពេញទៅដោយព្រឹត្ដិការណ៍ដ៏គួរឲ្យអស្ចារ្យក្នុងប្រវត្ដិសាស្ត្រនៃរាស្ត្ររបស់ព្រះ។ យ៉ូស្វេបានឃើញដោយផ្ទាល់ភ្នែកនូវទង្វើដែលបង្ហាញពីអំណាចខ្លាំងក្លារបស់ព្រះយេហូវ៉ា ហើយគាត់បានឃើញសេចក្ដីសន្យាជាច្រើនរបស់ទ្រង់សម្រេចដែរ។ អាស្រ័យលើអ្វីដែលយ៉ូស្វេបានឃើញក្នុងជីវិតនោះ គាត់អាចមានប្រសាសន៍ដោយជំនឿស៊ប់ថា៖ «[ឯង]ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។—យ៉ូស្វេ ២៣:១៤
៤. តើព្រះយេហូវ៉ាធានាថានឹងជួយបណ្ដាជនអ៊ីស្រាអែលយ៉ាងណា?
៤ តើបន្ទូលឬពាក្យសន្យាណាខ្លះរបស់ព្រះយេហូវ៉ាបានសម្រេចនៅសម័យយ៉ូស្វេ? យើងនឹងពិនិត្យមើលពាក្យសន្យាបីយ៉ាងរបស់ព្រះយេហូវ៉ាចំពោះពួកអ៊ីស្រាអែល។ ទីមួយ ព្រះយេហូវ៉ាសន្យាដោះរាស្ត្រទ្រង់ឲ្យរួចពីចំណងជាខ្ញុំបម្រើ។ ទីពីរ ព្រះយេហូវ៉ាសន្យាការពារពួកគេ ហើយទីបី ទ្រង់សន្យាថែទាំពួកគេផងដែរ។ ព្រះយេហូវ៉ាក៏សន្យាថា ទ្រង់នឹងជួយរាស្ត្រទ្រង់នៅសម័យនេះយ៉ាងដូច្នោះដែរ ហើយយើងបានឃើញទ្រង់បំពេញតាមពាក្យសន្យាទាំងនោះមែន។ មុនយើងពិភាក្សាអំពីអ្វីដែលព្រះយេហូវ៉ាបានសម្រេចនាសម័យនេះ យើងសូមពិនិត្យមើលអ្វីដែលទ្រង់បានធ្វើនៅសម័យយ៉ូស្វេសិន។
ព្រះយេហូវ៉ាដោះរាស្ត្រទ្រង់ឲ្យរួច
៥, ៦. តើព្រះយេហូវ៉ាបានដោះជនជាតិអ៊ីស្រាអែលឲ្យរួចពីស្រុកអេស៊ីបដោយរបៀបណា? តើទង្វើនោះបង្ហាញអំពីអ្វី?
៥ ពេលជនជាតិអ៊ីស្រាអែលបានរងទុក្ខលំបាកជាខ្ញុំបម្រើនៅស្រុកអេស៊ីប ហើយបានអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់យកចិត្តទុកដាក់ចំពោះពួកគេមែន។ (និក្ខមនំ ២:២៣-២៥) ពេលលោកម៉ូសេទៅជិតគុម្ពបន្លាដែលហាក់ដូចជាមានភ្លើងកំពុងឆេះនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់គាត់ថា៖ «អញបានចុះមកដើម្បីនឹងជួយដោះ[រាស្ត្រអញ]ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយ ជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ»។ (និក្ខមនំ ៣:៨) រាស្ត្ររបស់ព្រះយេហូវ៉ាច្បាស់ជាមានចិត្តរំភើបជាខ្លាំង ពេលឃើញទ្រង់សម្រេចការទាំងនោះ។ ពេលផារ៉ោនដែលជាស្តេចស្រុកអេស៊ីបមិនព្រមអនុញ្ញាតឲ្យបណ្ដាជនអ៊ីស្រាអែលចេញទៅ ម៉ូសេបានជម្រាបស្តេចថា ព្រះយេហូវ៉ានឹងធ្វើឲ្យទឹកក្នុងទន្លេនីលក្លាយទៅជាឈាមវិញ។ ពាក្យសន្យារបស់ព្រះយេហូវ៉ាបានសម្រេចគ្រប់ជំពូកមែន! ទឹកក្នុងទន្លេនីលបានក្លាយទៅជាឈាម ត្រីទាំងឡាយក៏ងាប់ ហើយគ្មាននរណាអាចផឹកទឹកនោះទៀតឡើយ។ (និក្ខមនំ ៧:១៤-២១) យ៉ាងណាក៏ដោយ ផារ៉ោននៅតែមានចិត្តរឹងរូសនៅឡើយ។ ដូច្នេះ ព្រះយេហូវ៉ាបណ្ដាលឲ្យមានទុក្ខវេទនា៩យ៉ាងទៀត ហើយទ្រង់ក៏រៀបរាប់ទុកជាមុនពីអ្វីដែលទ្រង់នឹងធ្វើ។ (និក្ខមនំ ជំពូកទី៨-១២) ក្រោយបុត្រច្បងទាំងឡាយនៃបណ្ដាជនអេស៊ីបបានស្លាប់ដោយសារទុក្ខវេទនាទី១០នោះ ផារ៉ោនបានបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបទៅ ហើយពួកគេបានចេញទៅភ្លាម!—និក្ខមនំ ១២:២៩-៣២
៦ ដោយសារព្រះយេហូវ៉ាបានដោះបណ្ដាជនអ៊ីស្រាអែលឲ្យរួច នេះហុចឱកាសឲ្យទ្រង់យកពួកគេជាកូនចៅ ហើយជារាស្ត្រដែលទ្រង់បានជ្រើសរើសផង។ ទង្វើនោះបានលើកតម្កើងព្រះយេហូវ៉ាជាព្រះដែលសម្រេចតាមពាក្យសន្យារបស់ទ្រង់គ្រប់ជំពូក ហើយបង្ហាញថាទ្រង់ជាព្រះដែលខ្ពស់ជាងព្រះនានារបស់ជនជាតិឯទៀត។ ពេលយើងអានអំពីរបៀបដែលព្រះយេហូវ៉ាបានដោះរាស្ត្រទ្រង់ឲ្យរួច នេះក៏ពង្រឹងជំនឿរបស់យើងផងដែរ។ សូមស្រមៃគិតអំពីអារម្មណ៍របស់បណ្ដាជនអ៊ីស្រាអែល ពេលព្រះយេហូវ៉ាបានដោះពួកគេឲ្យរួច។ រីឯយ៉ូស្វេវិញ បទពិសោធន៍នោះបង្ហាញឲ្យគាត់ដឹងច្បាស់ថា ព្រះយេហូវ៉ា«ជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»មែន!—ទំនុកដំកើង ៨៣:១៨
ព្រះយេហូវ៉ាការពាររាស្ត្រទ្រង់
៧. តើព្រះយេហូវ៉ាប្រើវិធីណាខ្លះដើម្បីការពារបណ្ដាជនអ៊ីស្រាអែលពីពលទ័ពរបស់ផារ៉ោន?
៧ ចុះយ៉ាងណាចំពោះពាក្យសន្យារបស់ព្រះយេហូវ៉ាដែលថា ទ្រង់នឹងការពាររាស្ត្រទ្រង់? ដោយសារព្រះយេហូវ៉ាសន្យាដោះរាស្ត្រទ្រង់ឲ្យរួចពីស្រុកអេស៊ីប ព្រមទាំងអនុញ្ញាតឲ្យពួកគេចូលទៅក្នុងស្រុកសន្យា នេះបង្កប់អត្ថន័យថា ទ្រង់ធានាថានឹងការពារពួកគេផងដែរ។ សូមនឹកចាំថា ផារ៉ោននិងពលទ័ពខ្លាំងពូកែរបស់គាត់ដែលមានរទេះចម្បាំងរាប់រយគ្រឿងនោះ បានដេញតាមជនជាតិអ៊ីស្រាអែល។ ផារ៉ោនជាមនុស្សក្រអឺតដែលច្បាស់ជាជឿជាក់ថា គាត់អាចចាប់ពួកអ៊ីស្រាអែលបាន ជាពិសេសពេលឃើញថាពួកគេគ្មានលទ្ធភាពអាចរត់រួច ដោយសារមានសមុទ្រនិងភ្នំស្ទាក់ផ្លូវ។ ប៉ុន្តែ ព្រះយេហូវ៉ាបានចាត់វិធានការវិញ។ ទ្រង់ការពាររាស្ត្រទ្រង់ដោយដាក់ពពកនៅចំកណ្ដាលពួកគេនិងពលទ័ពរបស់ផារ៉ោនទុកជារបាំង។ នៅខាងពួកអេស៊ីប គឺងងឹតឈឹង តែនៅខាងពួកអ៊ីស្រាអែលវិញ គឺមានពន្លឺភ្លឺដូចជាថ្ងៃ។ ពេលមានពពកស្ទាក់ផ្លូវពលទ័ពអេស៊ីបនោះ ម៉ូសេបានលើកដំបងគាត់ ហើយទឹកក្នុងសមុទ្រក្រហមបានញែកចេញពីគ្នា។ នេះមិនត្រឹមតែបើកផ្លូវឲ្យបណ្ដាជនអ៊ីស្រាអែលឆ្លងសមុទ្រប៉ុណ្ណោះទេ តែដើម្បីទាក់ពលទ័ពអេស៊ីបជាប់ផង។ ព្រះយេហូវ៉ាបានបំផ្លាញពលទ័ពដ៏ខ្លាំងពូកែរបស់ផារ៉ោនចោលអស់រលីង។ យ៉ាងនោះ ទ្រង់ការពាររាស្ត្រទ្រង់មិនឲ្យទ័ពអេស៊ីបឈ្នះលើពួកគេឡើយ។—និក្ខមនំ ១៤:១៩-២៨
៨. តើព្រះយេហូវ៉ាការពារបណ្ដាជនអ៊ីស្រាអែលយ៉ាងដូចម្ដេច (ក) ពេលពួកគេនៅក្នុងទីរហោឋាន? (ខ) ពេលពួកគេចូលទៅក្នុងស្រុកសន្យា?
៨ ក្រោយជនជាតិអ៊ីស្រាអែលបានឆ្លងកាត់សមុទ្រក្រហមនោះ ពួកគេបានដើរកាត់ទីកន្លែងដែលបានពណ៌នាថា ជា«ទីរហោស្ថានសំបើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើងនឹងខ្យាដំរី មានដីហួតហែង ឥតមានទឹក»។ (ចោទិយកថា ៨:១៥) ព្រះយេហូវ៉ាក៏បានការពាររាស្ត្រទ្រង់នៅទីនោះដែរ។ ចុះយ៉ាងណាចំពោះពេលដែលពួកគេបានចូលទៅក្នុងស្រុកសន្យាវិញ? ជនជាតិកាណានទាំងនោះ មានពលទ័ពខ្លាំងក្លាហើយខំទប់ទល់នឹងពួកអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យ៉ូស្វេថា៖ «ចូររៀបចំឆ្លងទន្លេយ័រដាន់ឥឡូវនេះចុះ! ព្រមទាំងបណ្ដាមនុស្សទាំងនេះផង ហើយចូលទៅក្នុងស្រុកដែលអញឲ្យដល់គេ គឺដល់ពួកកូនចៅអ៊ីស្រាអែល នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ។ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ»។ (យ៉ូស្វេ ១:២, ៥) ពាក្យសន្យាទាំងនេះរបស់ព្រះយេហូវ៉ា បានសម្រេចគ្រប់ជំពូក។ ក្នុងរយៈពេលប្រមាណតែ៦ឆ្នាំប៉ុណ្ណោះ យ៉ូស្វេបានឈ្នះលើស្តេច៣១អង្គ ហើយបានដណ្ដើមយកទឹកដីភាគច្រើនដែលព្រះយេហូវ៉ាសន្យាឲ្យដល់ពួកគេ។ (យ៉ូស្វេ ១២:៧-២៤) បើព្រះយេហូវ៉ាមិនបានការពាររាស្ត្រទ្រង់ ពួកគេមិនអាចមានជ័យជម្នះដល់កម្រិតនោះឡើយ។
ព្រះយេហូវ៉ាថែទាំរាស្ត្រទ្រង់
៩, ១០. នៅក្នុងទីរហោឋាន តើព្រះយេហូវ៉ាបានថែទាំរាស្ត្រទ្រង់តាមរបៀបណាខ្លះ?
៩ សូមគិតអំពីពាក្យសន្យាទីបីរបស់ព្រះយេហូវ៉ាដែលថាទ្រង់នឹងថែទាំរាស្ត្រទ្រង់។ មិនយូរប៉ុន្មានក្រោយព្រះយេហូវ៉ាបានដោះជនជាតិអ៊ីស្រាអែលឲ្យរួចពីស្រុកអេស៊ីប ទ្រង់សន្យាថា៖ «មើល! អញនឹងបង្អុរភ្លៀងជានំប៉័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្ដាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ»។ ស្របទៅតាមពាក្យសន្យានោះ ព្រះយេហូវ៉ាបានប្រទាន«នំប៉័ងពីលើមេឃ»មែន! «កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា៖ ‹នេះជាអ្វីហ្ន?›»។ ម្ហូបនោះជានំម៉ាន៉ាដែលព្រះយេហូវ៉ាសន្យាឲ្យពួកគេ។—និក្ខមនំ ១៦:៤, ១៣-១៥
១០ អស់រយៈពេល៤០ឆ្នាំក្នុងទីរហោឋាននោះ ព្រះយេហូវ៉ាបានថែទាំជនជាតិអ៊ីស្រាអែលដោយប្រទានទឹកនិងអាហារ។ ព្រះយេហូវ៉ាក៏បានថែទាំរាស្ត្រទ្រង់ដោយធ្វើអព្ភូតហេតុកុំឲ្យសម្លៀកបំពាក់របស់ពួកគេសឹកទៅ ហើយមិនឲ្យជើងរបស់ពួកគេពុរពងឬហើមឡើយ។ (ចោទិយកថា ៨:៣, ៤) យ៉ូស្វេបានឃើញព្រឹត្ដិការណ៍ទាំងអស់នោះផ្ទាល់នឹងភ្នែក។ ព្រះយេហូវ៉ាបានដោះរាស្ត្រទ្រង់ឲ្យរួច ព្រមទាំងការពារនិងថែទាំពួកគេរហូត ស្របទៅតាមពាក្យសន្យារបស់ទ្រង់។
របៀបព្រះយេហូវ៉ាដោះរាស្ត្រទ្រង់ឲ្យរួចនៅសព្វថ្ងៃនេះ
១១. នៅខែតុលា ឆ្នាំ១៩១៤ តើបងប្រុសរ៉ាសិលមានប្រសាសន៍យ៉ាងណានៅឯការិយាល័យបេតអែល? តើពាក្យទាំងនោះបង្កប់អត្ថន័យអ្វី?
១១ ចុះយ៉ាងណាចំពោះសម័យនេះ? នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ១៩១៤ បងប្រុសឆាល្ស ថេហ្ស រ៉ាសិល ដែលជាអ្នកដឹកនាំពួកសិស្សគម្ពីរនៅសម័យនោះ គាត់បានដើរចូលបន្ទប់ដែលជាទីកន្លែងដែលគេបរិភោគអាហារក្នុងការិយាល័យបេតអែលនៅទីក្រុងប៊្រូគ្លិន រដ្ឋញូវយ៉ក នាសហរដ្ឋអាម៉េរិក។ គាត់មានទឹកមុខរីករាយ ហើយមានប្រសាសន៍ថា៖ «អរុណសួស្តីបងប្អូនទាំងអស់គ្នា!»។ មុនគាត់អង្គុយចុះ គាត់បានប្រកាសដោយចិត្តរំភើបថា៖ «គ្រារបស់សាសន៍ដទៃបានផុតកំណត់ហើយ! ពួកមហាក្សត្រនៅផែនដីលែងមានសិទ្ធិគ្រប់គ្រងទៀត!»។ ដូចនៅសម័យរបស់ពួកអ៊ីស្រាអែលនោះ កំណត់ពេលរបស់ព្រះយេហូវ៉ាជាមហាក្សត្រនៃសកលលោកទាំងមូលបានមកដល់ ឲ្យទ្រង់ចាត់វិធានការដើម្បីជួយរាស្ត្ររបស់ទ្រង់។ គឺច្បាស់ហើយថា ព្រះយេហូវ៉ាបានចាត់វិធានការភ្លាម!
១២. នៅឆ្នាំ១៩១៩ តើព្រះយេហូវ៉ាបានដោះរាស្ត្រទ្រង់ឲ្យរួចពីអ្វី? តើការរំដោះនោះបើកឱកាសឲ្យមានអ្វីកើតឡើង?
១២ គ្រាន់តែប្រាំឆ្នាំក្រោយនោះមក ព្រះយេហូវ៉ាបានដោះរាស្ត្រទ្រង់ឲ្យរួចពី«បាប៊ីឡូនដ៏ជាធំ» ដែលសំដៅទៅលើសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពដ៏ខ្លាំងក្លាមួយ។ (វិវរណៈ ១៨:២) សព្វថ្ងៃនេះ នៅសល់បងប្អូនមួយចំនួនតិចដែលជាសាក្សីពីការរំដោះដ៏គួរឲ្យអស្ចារ្យនៅសម័យនោះ។ យ៉ាងណាក៏ដោយ យើងឃើញយ៉ាងច្បាស់នូវលទ្ធផលល្អពីការរំដោះនោះ។ ព្រះយេហូវ៉ាបានស្ដារការថ្វាយបង្គំបរិសុទ្ធឡើងវិញ ហើយទ្រង់ក៏បាននាំឲ្យអស់អ្នកដែលចង់ថ្វាយបង្គំទ្រង់ មានសាមគ្គីភាពផងដែរ។ លោកអេសាយជាអ្នកប្រកាសទំនាយដែលបានសរសេរអំពីស្ថានភាពនេះ។ គាត់សរសេរថា៖ «នៅជាន់ក្រោយបង្អស់នោះ ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ានឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយនឹងបានដំកើងឡើងជាប្រសើរជាងអស់ទាំងភ្នំតូចៗដែរ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ»។—អេសាយ ២:២
១៣. តើអ្នកបានឃើញចំនួនអ្នកបម្រើព្រះយេហូវ៉ាកើនឡើងច្រើនប៉ុណ្ណា?
១៣ ពាក្យរបស់អេសាយបានសម្រេចគ្រប់ជំពូក។ នៅឆ្នាំ១៩១៩ អ្នកបម្រើព្រះដែលមិនទាន់ឡើងទៅស្ថានសួគ៌បានចាប់ផ្ដើមកិច្ចការផ្សព្វផ្សាយដោយអង់អាចទូទាំងពិភពលោក ដែលបានលើកតម្កើងការថ្វាយបង្គំព្រះពិតឲ្យបានថ្កុំថ្កើងឡើង។ ជាង១០ឆ្នាំក្រោយមក ពួកគេយល់ថា ព្រះយេហូវ៉ាកំពុងប្រមូល«ចៀមឯទៀត»មកថ្វាយបង្គំទ្រង់ដែរ។ (យ៉ូហាន ១០:១៦) មុនដំបូង អ្នកដែលរួមចំណែកក្នុងការថ្វាយបង្គំដ៏បរិសុទ្ធនោះ មានចំនួនរាប់ពាន់នាក់។ ក្រោយមក ពួកគេមានចំនួនរាប់សែននាក់ ហើយឥឡូវក៏បានឡើងដល់រាប់លាននាក់ផង! ព្រះយេហូវ៉ាបានប្រគល់ឲ្យសាវ័កយ៉ូហានស្រមៃឃើញអ្នកទាំងនោះទុកជាមុន ហើយគាត់បានពណ៌នាអំពីពួកគេថា ជា«មនុស្ស១ហ្វូងយ៉ាងធំដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) ក្នុងអំឡុងជីវិតរបស់អ្នក តើអ្នកបានឃើញចំនួនស្មរបន្ទាល់ព្រះយេហូវ៉ាកើនឡើងច្រើនប៉ុណ្ណា? កាលដែលអ្នកបានរៀននូវសេចក្ដីពិតពីគម្ពីរជាដំបូងនោះ តើស្មរបន្ទាល់ព្រះយេហូវ៉ាមានគ្នាប៉ុន្មាននាក់ទូទាំងផែនដី? សព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាមានចំនួនជាង៦.៧០០.០០០នាក់។ ដោយសារព្រះយេហូវ៉ាបានដោះរាស្ត្រទ្រង់ឲ្យរួចពីបាប៊ីឡូនដ៏ធំ ទ្រង់បានបើកឱកាសឲ្យមនុស្សកាន់តែច្រើនចូលមកថ្វាយបង្គំទ្រង់ ហើយយើងរីករាយនឹងឃើញព្រឹត្ដិការណ៍នេះកើតឡើងនៅទូទាំងពិភពលោក។
១៤. តើព្រះយេហូវ៉ានឹងរំដោះរាស្ត្រទ្រង់ឲ្យចូលទៅទីណា?
១៤ ព្រះយេហូវ៉ាក៏នឹងដោះរាស្ត្រទ្រង់ឲ្យរួចម្ដងទៀតដែរ។ ការរំដោះនោះនឹងមានឥទ្ធិពលទៅលើមនុស្សទាំងឡាយនៅផែនដី។ គ្រប់ទាំងមនុស្សនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញព្រះយេហូវ៉ាប្រើអំណាចរបស់ទ្រង់ដើម្បីដកអស់ទាំងមនុស្សដែលប្រឆាំងទ្រង់ចេញ ព្រមទាំងរំដោះរាស្ត្រទ្រង់ដើម្បីឲ្យពួកគេចូលទៅក្នុងពិភពលោកថ្មីដែលនឹងពេញទៅដោយមនុស្សសុចរិត។ យើងនឹងត្រេកអរណាស់! ពេលទ្រង់ទប់ស្កាត់អំពើអាក្រក់ ហើយនាំមកនូវសម័យថ្មីដ៏រុងរឿងជាងគេ។—វិវរណៈ ២១:១-៤
របៀបព្រះយេហូវ៉ាការពាររាស្ត្រទ្រង់នៅសម័យយើង
១៥. នៅសព្វថ្ងៃនេះ ម្ដេចក៏ព្រះយេហូវ៉ាត្រូវតែការពាររាស្ត្រទ្រង់?
១៥ យើងបានពិនិត្យមើលរួចហើយថា ជនជាតិអ៊ីស្រាអែលនៅសម័យយ៉ូស្វេបានពឹងទៅលើព្រះយេហូវ៉ា ឲ្យទ្រង់ជួយការពារពួកគេ។ ចុះយ៉ាងណាចំពោះរាស្ត្ររបស់ទ្រង់នៅសព្វថ្ងៃនេះ? គឺចាំបាច់ណាស់! ឲ្យព្រះយេហូវ៉ាជួយការពារពួកគេដែរ។ ព្រះយេស៊ូបានព្រមានអស់អ្នកដែលកាន់តាមទ្រង់ថា៖ «គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ»។ (ម៉ាថាយ ២៤:៩) យូរយារមកហើយ ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសផ្សេងៗ មានគេធ្វើទុក្ខបុកម្នេញនិងបៀតបៀនយ៉ាងសាហាវព្រៃផ្សៃ។ ទោះជាមានទុក្ខវេទនាយ៉ាងខ្លាំងក៏ដោយ ព្រះយេហូវ៉ាតែងតែនៅជាមួយរាស្ត្រទ្រង់។ (រ៉ូម ៨:៣១) ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា ទ្រង់ធានាថា គ្មានអ្វីសោះអាចរារាំងកិច្ចការផ្សព្វផ្សាយនិងការបង្រៀនអំពីរាជាណាចក្ររបស់ទ្រង់ សូម្បីតែ‹គ្រឿងសស្ដ្រាវុធណាដែលគេធ្វើទាស់នឹងយើង›ក៏មិនអាចទប់ស្កាត់កិច្ចការនោះទេ។—អេសាយ ៥៤:១៧
១៦. តើអ្នកបានឃើញភ័ស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាព្រះយេហូវ៉ាការពាររាស្ត្រទ្រង់?
១៦ ទោះជាមនុស្សក្នុងពិភពលោកនេះស្អប់រាស្ត្ររបស់ព្រះយេហូវ៉ាក៏ដោយ ចំនួនអ្នកបម្រើទ្រង់ចេះតែកើនឡើងៗជានិច្ច។ ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងរីកចម្រើននៅឯប្រទេសផ្សេងៗដែលមានចំនួនទៅដល់២៣៦ហើយ។ នេះជាភ័ស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេហូវ៉ាការពារយើងមែន ពីអស់អ្នកដែលចង់គាបសង្កត់យើង និងទប់មាត់យើងផង។ តើអ្នកចាំឈ្មោះអ្នកធំខ្លះនៅសម័យមុននេះបន្ដិច មិនថាជាអ្នកធំខាងនយោបាយឬខាងសាសនាក្ដី ដែលបានសង្កត់លើរាស្ត្ររបស់ព្រះយេហូវ៉ាយ៉ាងខ្លាំងទេ? សព្វថ្ងៃនេះ តើអ្នកទាំងនោះនៅតែមានអំណាចឬ? ភាគច្រើនបានរលំទៅបាត់ហើយ ដូចផារ៉ោននៅសម័យម៉ូសេនិងយ៉ូស្វេ។ ហើយចុះយ៉ាងណាវិញ ចំពោះអ្នកបម្រើព្រះយេហូវ៉ានៅសម័យនេះដែលស្មោះត្រង់រហូតដល់ស្លាប់? ព្រះយេហូវ៉ាក៏ការពារអ្នកទាំងនោះដែរ ដោយនឹកចាំពួកគេជានិច្ច ហាក់ដូចជាពួកគេរង់ចាំទ្រង់នៅកន្លែងដែលមានសុវត្ថិភាពជាទីបំផុត។ ច្បាស់ហើយ ពាក្យសន្យារបស់ព្រះយេហូវ៉ាដែលថា ទ្រង់នឹងការពាររាស្ត្រទ្រង់ ពិតជាបានសម្រេចគ្រប់ជំពូកមែន!
ព្រះយេហូវ៉ានៅតែថែទាំរាស្ត្រទ្រង់នៅឡើយ
១៧. តើព្រះយេហូវ៉ាធានាថានឹងផ្ដល់អ្វីខ្លះឲ្យយើង ដែលប្រៀបដូចជាអាហារ?
១៧ ដូចព្រះយេហូវ៉ាបានថែទាំរាស្ត្រទ្រង់នៅក្នុងទីរហោឋាននោះ ទ្រង់ក៏នៅតែថែទាំយើងនៅឡើយដែរ។ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›តែងតែផ្ដល់ការណែនាំឲ្យយើង ដែលប្រៀបដូចជាអាហារ។ (ម៉ាថាយ ២៤:៤៥) យើងទទួលចំណេះស្តីអំពីបំណងរបស់ព្រះយេហូវ៉ាដែលបានលាក់ទុករាប់រយឆ្នាំមកហើយ។ ទេវតាមួយរូបបានប្រាប់លោកដានីយ៉ែលថា៖ «ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ! មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង»។—ដានីយ៉ែល ១២:៤
១៨. តើមានភ័ស្តុតាងអ្វីដែលបញ្ជាក់ថាចំណេះពិតកំពុងចម្រើនឡើងនៅសព្វថ្ងៃនេះ?
១៨ ឥឡូវនេះ យើងកំពុងរស់នៅគ្រាចុងបំផុត ហើយចំណេះបានចម្រើនឡើងមែន! សកម្មពលរបស់ព្រះយេហូវ៉ាបាននាំមនុស្សពីគ្រប់ទិសទីនៃផែនដី ឲ្យទទួលចំណេះត្រឹមត្រូវអំពីព្រះពិតនិងគោលបំណងរបស់ទ្រង់។ នៅសព្វថ្ងៃនេះ គេបានបោះពុម្ពគម្ពីរច្រើន ហើយក៏មានសៀវភៅច្រើនទៀតដែរ ដែលបកស្រាយន័យគម្ពីរដើម្បីជួយមនុស្សឲ្យយល់នូវសេចក្ដីពិតក្នុងគម្ពីរដែលមានតម្លៃណាស់។ ជាឧទាហរណ៍ សូមគិតអំពីសៀវភៅសិក្សាដែលមានចំណងជើងថា តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?a ទំព័រមាតិកាមានចំណងជើងនៃជំពូកនីមួយៗ ដែលរួមបញ្ចូលប្រធានផ្សេងៗដូចជា «តើអ្វីជាសេចក្ដីពិតអំពីព្រះ?» «តើមនុស្សស្លាប់ទៅទីណា?» «តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?» និង«ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?»។ រាប់ពាន់ឆ្នាំមកហើយ មនុស្សបានឆ្ងល់អំពីរឿងទាំងនេះ។ តែឥឡូវនេះ យើងមានចម្លើយហើយ។ ទោះបើមនុស្សបានស្ថិតក្នុងភាពល្ងង់ខ្លៅនិងមានគ្រិស្តសាសនាមិនពិតបំភាន់ពួកគេអស់រាប់រយឆ្នាំហើយក៏ដោយ បណ្ដាំរបស់ព្រះយេហូវ៉ានៅតែផ្ដល់ចំណេះពិត ប្រៀបដូចជាអាហារដែលអាចពង្រឹងកម្លាំងដល់អស់អ្នកដែលប្រាថ្នាចង់បម្រើទ្រង់។
១៩. តើអ្នកបានឃើញព្រះយេហូវ៉ាសម្រេចពាក្យសន្យាអ្វីខ្លះ? តើនេះនាំឲ្យអ្នកសន្និដ្ឋានយ៉ាងណា?
១៩ អាស្រ័យលើអ្វីដែលយើងបានឃើញផ្ទាល់នឹងភ្នែក យើងច្បាស់ជាអាចនិយាយថា៖ «អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។ (យ៉ូស្វេ ២៣:១៤) ព្រះយេហូវ៉ាតែងតែដោះរាស្ត្រទ្រង់ឲ្យរួច ព្រមទាំងការពារនិងថែទាំពួកគេផង។ តើអ្នកស្គាល់ពាក្យសន្យារបស់ព្រះយេហូវ៉ាដែលមិនបានសម្រេចគ្រប់ជំពូកតាមកំណត់ពេលរបស់ទ្រង់ទេ? គ្មានសោះ! ដូច្នេះ យកល្អឲ្យយើងទុកចិត្តទៅលើបណ្ដាំរបស់ព្រះយេហូវ៉ាចុះ!
២០. ហេតុអ្វីបានជាយើងអាចជឿថានឹងមានអនាគតដ៏ល្អបាន?
២០ ចុះយ៉ាងណាចំពោះពេលអនាគត? ព្រះយេហូវ៉ាសន្យាថា យើងភាគច្រើនអាចរស់នៅលើផែនដីដែលនឹងក្លាយទៅជាសួនមនោរមដ៏ស្អាត។ អ្នកខ្លះក្នុងចំណោមរាស្ត្រព្រះក៏មានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដើម្បីគ្រប់គ្រងជាមួយព្រះគ្រិស្ត។ មិនថាយើងមានសេចក្ដីសង្ឃឹមមួយណាក៏ដោយ យើងមានមូលហេតុរឹងមាំដែលជំរុញយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ដូចយ៉ូស្វេបានធ្វើ។ នៅទីបំផុត ព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីសង្ឃឹមរបស់យើង ហើយនៅពេលនោះ យើងនឹងគិតពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានសន្យាពីមុន ហើយនឹងពោលថា៖ «ទាំងអស់បានសំរេចគ្រប់ជំពូក»មែន!
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចពន្យល់បានទេ?
• តើយ៉ូស្វេបានឃើញព្រះយេហូវ៉ាសម្រេចពាក្យសន្យាអ្វីខ្លះ?
• តើអ្នកបានឃើញព្រះយេហូវ៉ាសម្រេចពាក្យសន្យាអ្វីខ្លះ?
• តើយើងអាចយល់យ៉ាងណាស្តីអំពីពាក្យសន្យារបស់ព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ២៥]
ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីដោះរាស្ត្រទ្រង់ឲ្យរួច
[រូបភាពនៅទំព័រ២៥]
នៅឯសមុទ្រក្រហម តើព្រះយេហូវ៉ាបានការពាររាស្ត្រទ្រង់យ៉ាងណា?