ចូរអានបន្ទូលរបស់ព្រះហើយបំរើទ្រង់ក្នុងសេចក្ដីពិត
«ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់»។—ទំនុកដំកើង ៨៦:១១
១. ជាគោល តើទស្សនាវដ្ដីទីមួយចែងយ៉ាងណាអំពីសេចក្ដីពិត?
ព្រះយេហូវ៉ាបញ្ជូនពន្លឺនិងសេចក្ដីពិត។ (ទំនុកដំកើង ៤៣:៣) ទ្រង់ក៏ប្រទានឲ្យយើងមានសមត្ថភាពចេះអានបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ ព្រមទាំងរៀនអំពីសេចក្ដីពិត។ ទស្សនាវដ្ដីទីមួយនេះ—កក្កដា ១៨៧៩—ចែងថា៖ «សេចក្ដីពិត គឺដូចជាផ្កាតូចមួយក្នុងទីរហោស្ថាននៃជីវិត ដែលមានស្រងែនៃសេចក្ដីក្លែងក្លាយលូតលាស់ព័ទ្ធជុំវិញ ហើយសឹងតែធ្វើឲ្យថប់ដង្ហើមស្លាប់ផង។ បើសិនជាអ្នករកឃើញសេចក្ដីពិតហើយ អ្នកត្រូវតែប្រយ័ត្នប្រយែងជានិច្ច។ បើសិនជាអ្នកឃើញសោភ័ណភាពរបស់វា អ្នកត្រូវតែដកឫសស្រងែនៃសេចក្ដីក្លែងក្លាយ និងគុម្ពបន្លានៃអាធានគ្គហិភាពចេញ។ បើសិនជាអ្នកចង់បានសេចក្ដីពិត អ្នកត្រូវតែឱនយកវា។ ចូរកុំឲ្យពេញចិត្តតែនឹងផ្កាមួយនៃសេចក្ដីពិត។ បើផ្កានៃសេចក្ដីពិតតែមួយគ្រប់គ្រាន់ នោះមិនចាំបាច់បង្កើតផ្កាឯទៀតទេ។ ចូរខំប្រមូលយក ចូរខំស្វែងរកឲ្យបានច្រើនទៀត»។ ការអាននិងការសិក្សាបន្ទូលរបស់ព្រះនឹងជួយយើងឲ្យទទួលចំណេះវិជ្ជាត្រឹមត្រូវ ហើយដើរក្នុងសេចក្ដីពិតរបស់ទ្រង់។—ទំនុកដំកើង ៨៦:១១
២. តើមានលទ្ធផលយ៉ាងណា នៅពេលដែលអែសរ៉ានិងពួកឯទៀតអានក្រិត្យវិន័យឲ្យពួកយូដាក្នុងក្រុងយេរូសាឡិមពីបុរាណ?
២ ក្រោយពីកំផែងក្រុងយេរូសាឡិមបានស្ថាបនាឡើងវិញក្នុងឆ្នាំ៤៥៥ ម.ស.យ សង្ឃអែសរ៉ានិងពួកឯទៀតអានក្រិត្យវិន័យរបស់ព្រះទៅពួកយូដា។ បន្ទាប់មក មានបុណ្យបារាំដ៏រីករាយ និងការសារភាពអំពើបាប ហើយបញ្ចប់ដោយចុះ«សញ្ញាមាំមួន»។ (នេហេមា ៨:១–៩:៣៨) យើងអានថា៖ «ពួកអ្នកទាំងនោះបានអានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដីឲ្យគេបានយល់បទដែលអានមើលនោះ»។ (នេហេមា ៨:៨) អ្នកប្រាជ្ញខ្លះឲ្យយោបល់ថា ពួកយូដាមិនយល់ភាសាហេព្រើរច្បាស់លាស់ទេ ដូច្នេះហើយបានជាគេបកស្រាយពង្រីកសេចក្ដីតាមភាសាអារ៉ាម។ ប៉ុន្តែ បរិបទនេះមិនមែនបញ្ជាក់ឲ្យបានច្បាស់តែភាសាប៉ុណ្ណោះទេ។ អែសរ៉ានិងពួកឯទៀតបានបកស្រាយក្រិត្យវិន័យនោះ ដើម្បីឲ្យមនុស្សអាចយល់អំពីគោលការណ៍ហើយអនុវត្តតាម។ ប្រកាសនវត្ថុគ្រីស្ទាននិងកិច្ចប្រជុំ គឺសំរាប់‹ដាក់អត្ថន័យក្នុង›បន្ទូលរបស់ព្រះ។ ហើយពួកចាស់ទុំដែលបានតែងតាំង ក៏ធ្វើដូច្នេះដែរ ដែល«ប្រសប់ក្នុងការបង្រៀន»។—ធីម៉ូថេទី១ ៣:១, ២; ធីម៉ូថេទី២ ២:២៤
ផលប្រយោជន៍ជាស្ថាពរ
៣. តើអាចទទួលផលប្រយោជន៍អ្វីខ្លះពីការអានព្រះគម្ពីរ?
៣ នៅពេលដែលក្រុមគ្រួសារគ្រីស្ទានអានព្រះគម្ពីរជាមួយគ្នា ពួកគេគឺច្បាស់ជាទទួលផលប្រយោជន៍ជាស្ថាពរ។ ពួកគេនឹងស្គាល់ក្រិត្យវិន័យរបស់ព្រះ ហើយរៀនសេចក្ដីពិតអំពីសិក្ខាបទ ទំនាយទាំងឡាយ និងប្រធានផ្សេងៗទៀត។ ក្រោយពីបានអានព្រះគម្ពីរមួយផ្នែកហើយ មេគ្រួសារអាចសួរថា៖ តើរឿងនេះត្រូវមានឥទ្ធិពលដល់យើងយ៉ាងណា? តាមរបៀបណាដែលរឿងនេះទាក់ទងនឹងសេចក្ដីបង្រៀនព្រះគម្ពីរឯទៀត? តើយើងអាចប្រើចំណុចនេះក្នុងការផ្សាយដំណឹងល្អយ៉ាងណា? នៅពេលដែលអានព្រះគម្ពីរ គ្រួសារនឹងយល់ច្បាស់ថែមទៀត បើសិនជាគេធ្វើការស្រាវជ្រាវ ដោយប្រើលិបិក្រមប្រកាសនវត្ថុប៉មយាម ឬក៏លិបិក្រមឯទៀតក្នុងប្រកាសនវត្ថុនៃសមាគម។ បើបើកមើលសៀវភៅពីរក្បាលឈ្មោះការពិនិត្យមើលក្នុងព្រះគ្ពមីរ នោះច្បាស់ជាមានប្រយោជន៍ណាស់។
៤. តើតាមរបៀបណាដែលយ៉ូស្វេត្រូវអនុវត្តតាមការបង្គាប់ ដែលបានចែងមកនៅយ៉ូស្វេ ១:៨?
៤ គោលការណ៍ដែលយកចេញពីព្រះគម្ពីរអាចដឹកនាំយើងក្នុងជីវិត។ ម្យ៉ាងទៀត ការអាននិងការសិក្សា‹បទគម្ពីរបរិសុទ្ធអាចផ្ដល់ឲ្យយើងមានប្រាជ្ញា ដើម្បីទទួលការសង្គ្រោះ›។ (ធីម៉ូថេទី២ ៣:១៥) បើសិនជាយើងអនុញ្ញាតឲ្យបន្ទូលរបស់ព្រះដឹកនាំយើង នោះយើងនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ ហើយសេចក្ដីប្រាថ្នាដ៏សុចរិតរបស់យើងនឹងបានសម្រេច។ (ទំនុកដំកើង ២៦:៣; ១១៩:១៣០) ប៉ុន្តែ ដូចលោកយ៉ូស្វេដែលជាមេដឹកនាំបន្ទាប់ពីលោកម៉ូសេ យើងក៏ត្រូវតែស្វែងរកការយល់ដែរ។ «គម្ពីរក្រិត្យវិន័យ»មិនត្រូវចេញពីមាត់របស់គាត់ឡើយ ហើយគាត់ត្រូវតែអានទាំងយប់ទាំងថ្ងៃ។ (យ៉ូស្វេ ១:៨) ការមិនឲ្យ«គម្ពីរក្រិត្យវិន័យ»ចាកចេញពីមាត់របស់គាត់មានន័យថា យ៉ូស្វេមិនត្រូវឈប់ប្រាប់អ្នកដទៃអំពីសេចក្ដីបំភ្លឺដែលបានចែងមក។ ការអានក្រិត្យវិន័យទាំងយប់ទាំងថ្ងៃ មានន័យថា យ៉ូស្វេត្រូវតែរំពឹងគិតទៅលើវា ហើយត្រូវសិក្សាវា។ សាវ័កប៉ុលក៏បានដាស់តឿនធីម៉ូថេស្រដៀងនេះដែរ គឺឲ្យ«ឧស្សាហ៍ប្រព្រឹត្តតាម»—រំពឹងគិតទៅលើ—ចរិយា កិច្ចបំរើ និងការបង្រៀនរបស់គាត់។ ជាអ្នកចាស់ទុំគ្រីស្ទានម្នាក់ ធីម៉ូថេត្រូវតែប្រយ័ត្នប្រយែងប្រកបជីវិតរបស់គាត់យ៉ាងណាឲ្យបានជាគំរូដ៏ល្អ ហើយគាត់ត្រូវបង្រៀនសេចក្ដីពិតពីព្រះគម្ពីរ។—ធីម៉ូថេទី១ ៤:១៥
៥. តើត្រូវការអ្វីជាចាំបាច់ ដើម្បីឲ្យរកឃើញសេចក្ដីពិតរបស់ព្រះ?
៥ សេចក្ដីពិតរបស់ព្រះជារតនសម្បត្ដិដែលមានតម្លៃបំផុត។ ការស្វែងរកឲ្យឃើញនោះ តម្រូវឲ្យយើងខំជីក ខំតស៊ូស្វែងរកពីព្រះគម្ពីរ។ មានតែការសិក្សាដែលមានលក្ខណៈដូចកូនក្មេងរបស់គ្រូបង្រៀនដ៏ឧត្តម ទើបយើងអាចទទួលប្រាជ្ញាបាន ហើយយល់ពីការកោតខ្លាចនៃព្រះយេហូវ៉ា។ (សុភាសិត ១:៧; អេសាយ ៣០:២០, ២១) ប្រាកដហើយ យើងត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់នឹងខ្លួនយើងពីព្រះគម្ពីរ។ (ពេត្រុសទី១ ២:១, ២) ពួកយូដាក្នុងទីក្រុងបេរា«មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដី[ដែលប៉ុលបាននិយាយ]ទាំងនោះត្រូវឬមិនត្រូវ»។ ជាជាងស្តីបន្ទោសពួកគេ គាត់បានសរសើរពួកអ្នកស្រុកបេរា ពីព្រោះពួកគេធ្វើដូច្នេះ។—កិច្ចការ ១៧:១០, ១១
៦. ហេតុអ្វីក៏ព្រះយេស៊ូអាចបង្ហាញថា គ្មានប្រយោជន៍ទេចំពោះពួកយូដាខ្លះដែលស្ទង់មើលព្រះគម្ពីរ?
៦ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកយូដាខ្លះថា៖ «អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ។ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។ (យ៉ូហាន ៥:៣៩, ៤០) ពួកគេស្ទង់មើលព្រះគម្ពីរដោយមានគំនិតត្រឹមត្រូវ—ថានេះនឹងនាំពួកគេឲ្យមានជីវិត។ ប្រាកដហើយ ព្រះគម្ពីរមានទំនាយអំពីព្រះមេស្ស៊ី ដែលសំដៅទៅព្រះយេស៊ូជាផ្លូវនៃជីវិត។ ប៉ុន្តែពួកយូដាបានបដិសេធទ្រង់ចោល។ ដូច្នេះ ការស្ទង់មើលព្រះគម្ពីរគឺគ្មានប្រយោជន៍សំរាប់ពួកគេទេ។
៧. តើត្រូវការអ្វីជាចាំបាច់ ដើម្បីឲ្យយល់ព្រះគម្ពីរបានច្រើន ហើយហេតុអ្វី?
៧ ដើម្បីឲ្យយើងយល់ព្រះគម្ពីរ យើងត្រូវការការដឹកនាំនៃវិញ្ញាណរបស់ព្រះ ឬសកម្មពលរបស់ទ្រង់។ «ព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ»ដើម្បីពន្យល់សេចក្ដីទាំងនោះ។ (កូរិនថូសទី១ ២:១០) ពួកគ្រីស្ទាននៅក្រុងថែស្សាឡូនីច ត្រូវតែ«លមើលគ្រប់ទាំងអស់»ក្នុងទំនាយណាក៏ដោយដែលគេបានឮ។ (ថែស្សាឡូនីចទី១ ៥:២០, ២១) នៅពេលដែលប៉ុលសរសេរទៅពួកថែស្សាឡូនីច (ប្រហែលឆ្នាំ៥០ ស.យ.) មានតែដំណឹងល្អរបស់ម៉ាថាយទេ ដែលបានសរសេរក្នុងបទគម្ពីរភាសាក្រិកនោះ។ ដូច្នេះពួកថែស្សាឡូនីចនិងពួកបេរា អាចធ្វើឲ្យបានប្រាកដប្រជានូវរបស់ទាំងនេះ ដោយឆែកមើលសេចក្ដីបកប្រែព្រះគម្ពីរក្រិកសេពតួជិន្តនៃបទគម្ពីរភាសាហេព្រើរ។ ពួកគេត្រូវការអានហើយសិក្សាព្រះគម្ពីរ ហើយយើងក៏ត្រូវតែធ្វើដូច្នេះដែរ។
ការចាំបាច់សំរាប់មនុស្សគ្រប់គ្នា
៨. ហេតុអ្វីក៏ពួកចាស់ទុំដែលតែងតាំងគួរតែមានចំណេះច្រើនអំពីព្រះគម្ពីរ?
៨ ពួកអ្នកចាស់ទុំដែលតែងតាំងគួរតែមានចំណេះច្រើនអំពីព្រះគម្ពីរ។ ពួកគេត្រូវតែ«ប្រសប់នឹងការបង្រៀន» ហើយត្រូវតែ‹កាន់ឲ្យខ្ជាប់តាមពាក្យបន្ទូលស្មោះត្រង់›។ ធីម៉ូថេជាអ្នកត្រួតពិនិត្យត្រូវឲ្យ‹កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ›។ (ធីម៉ូថេទី១ ៣:២; ទីតុស ១:៩; ធីម៉ូថេទី២ ២:១៥) អ៊ើនីស ជាម្ដាយនិងឡូអ៊ីស ជាជីដូនបានបង្រៀនគាត់អំពីសេចក្ដីសរសេរបរិសុទ្ធតាំងពីក្មេង បណ្ដុះក្នុងគាត់នូវ‹សេចក្ដីជំនឿស្មោះត្រង់› ថ្វីបើឪពុករបស់គាត់ មិនមែនជាអ្នកជឿព្រះក៏ដោយ។ (ធីម៉ូថេទី២ ១:៥; ៣:១៥) ពួកឪពុកដែលជឿព្រះត្រូវអប់រំកូនរបស់គេ «តាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់[ព្រះយេហូវ៉ា]» ហើយជាពិសេស ពួកចាស់ទុំដែលជាឪពុក ដែលមាន‹កូនជឿព្រះ ដែលមិនមែនជាមនុស្សខូចអាក្រក់ ឬរឹងចចេស›។ (អេភេសូរ ៦:៤; ទីតុស ១:៦) ដូច្នេះ មិនថាយើងមានកាលៈទេសៈបែបណាក៏ដោយ យើងត្រូវមានចិត្តនឹងធឹង ក្នុងការអាន សិក្សា និងអនុវត្តតាមបន្ទូលរបស់ព្រះ។
៩. ហេតុអ្វីក៏សិក្សាព្រះគម្ពីរជាមួយពួកគ្រីស្ទានគ្នាឯង?
៩ យើងក៏ត្រូវសិក្សាព្រះគម្ពីរជាមួយពួកអ្នកជឿព្រះដូចយើងដែរ។ ប៉ុលចង់ឲ្យពួកគ្រីស្ទានក្នុងថែស្សាឡូនីច ពិគ្រោះឱវាទរបស់គាត់ជាមួយគ្នាទៅវិញទៅមក។ (ថែស្សាឡូនីចទី១ ៤:១៨) ដើម្បីសំលៀងការយល់សេចក្ដីពិតរបស់យើងឲ្យបានច្បាស់លាស់ គឺគ្មានវិធីណាល្អជាងការចូលរួមជាមួយសិស្សឯទៀត ក្នុងការពិចារណាមើលព្រះគម្ពីរនោះឡើយ។ សុភាសិតនេះគឺត្រូវណាស់៖ «ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ»។ (សុភាសិត ២៧:១៧) បើមិនយកដែកមកប្រើ ហើយសំលៀងវាទេ នោះអាចទៅជាច្រេះបាន។ ស្រដៀងគ្នានេះ យើងក៏ត្រូវតែជួបជុំគ្នាឲ្យបានទៀងទាត់ ហើយសំលៀងគ្នាទៅវិញទៅមក ដោយចែកចំណេះដែលយើងបានទទួលពីការអាន ការសិក្សា និងការរំពឹងគិតទៅលើបន្ទូលរបស់ព្រះនៃសេចក្ដីពិត។ (ហេព្រើរ ១០:២៤, ២៥) ម្យ៉ាងទៀត នេះជាវិធីមួយដើម្បីធ្វើឲ្យប្រាកដថាយើងទទួលផលប្រយោជន៍ពីការបញ្ចេញនៃពន្លឺខាងវិញ្ញាណ។—ទំនុកដំកើង ៩៧:១១; សុភាសិត ៤:១៨
១០. តើការដើរក្នុងសេចក្ដីពិតមានន័យយ៉ាងណា?
១០ ក្នុងការសិក្សាព្រះគម្ពីរ យើងអាចអធិស្ឋានយ៉ាងត្រឹមត្រូវទៅព្រះ ដូចជាអ្នកតែងបទទំនុកដំកើងបានអធិស្ឋានថា៖ «ឱសូមផ្សាយពន្លឺនឹងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ»។ (ទំនុកដំកើង ៤៣:៣) បើសិនជាយើងចង់ឲ្យព្រះសព្វព្រះហឫទ័យ យើងត្រូវតែដើរក្នុងសេចក្ដីពិតរបស់ទ្រង់។ (យ៉ូហានទី៣ ៣, ៤) នេះរួមបញ្ចូលការកាន់តាមតម្រូវរបស់ទ្រង់ ហើយបំរើទ្រង់ដោយសេចក្ដីស្មោះត្រង់និងស្មោះពីចិត្ត។ (ទំនុកដំកើង ២៥:៤, ៥; យ៉ូហាន ៤:២៣, ២៤) យើងត្រូវតែបំរើព្រះយេហូវ៉ាក្នុងសេចក្ដីពិតដូចជាបានសម្ដែងក្នុងបន្ទូលរបស់ទ្រង់ ដែលធ្វើឲ្យឃើញច្បាស់ក្នុងប្រកាសនវត្ថុនៃ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›។ (ម៉ាថាយ ២៤:៤៥-៤៧) នេះតម្រូវឲ្យយើងមានចំណេះវិជ្ជាត្រឹមត្រូវអំពីព្រះគម្ពីរ។ ដូច្នេះ តើតាមរបៀបណាដែលយើងត្រូវអាននិងសិក្សាបន្ទូលរបស់ព្រះ? តើយើងត្រូវចាប់ផ្ដើមអានពីលោកុប្បត្តិ ជំពូក១ ខ១ រហូតទាល់តែចប់៦៦សៀវភៅឬ? ត្រូវហើយ គ្រីស្ទានគ្រប់គ្នាដែលមានព្រះគម្ពីរទាំងមូលក្នុងភាសាគាត់ ត្រូវតែអានពីលោកុប្បត្តិរហូតដល់វិវរណៈ។ ហើយគោលបំណងរបស់យើងក្នុងការអានព្រះគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទាន គឺដើម្បីចំរើនការយល់របស់យើងនូវសេចក្ដីពិតអំពីព្រះគម្ពីរ ដែលព្រះប្រទានមកតាមរយៈ‹អ្នកបំរើស្មោះត្រង់›។
ការអានបន្ទូលរបស់ព្រះឲ្យឮ
១១, ១២. ហេតុអ្វីក៏ការអានព្រះគម្ពីរឲ្យឮនៅកិច្ចប្រជុំជាការមានប្រយោជន៍?
១១ យើងប្រហែលជាអាចអានដោយស្ងាត់ កាលណានៅម្នាក់ឯង។ ប៉ុន្តែ ក្នុងសម័យបុរាណ ការអានដោយម្នាក់ឯង ត្រូវបានធ្វើឡើងដោយឮៗ។ កាលដែលមនុស្សកំរៀវអេស្យូពីបានជិះរទេះរបស់គាត់ ភីលីពជាអ្នកផ្សាយដំណឹងល្អ បានឮគាត់អានពីទំនាយអេសាយ។ (កិច្ចការ ៨:២៧-៣០) ពាក្យហេព្រើរចំពោះ«ការអាន» មានន័យជាពិសេសគឺ«ការហៅ»។ ដូច្នេះ មុនដំបូងអស់អ្នកដែលមិនអាចអានដោយស្ងាត់ ហើយមិនអាចយល់ការអាននោះ មិនត្រូវធ្លាក់ទឹកចិត្តពីការប្រកបពាក្យនិមួយៗឲ្យឮនោះឡើយ។ អ្វីដែលសំខាន់គឺការរៀនសេចក្ដីពិត ដោយអានបន្ទូលរបស់ព្រះដែលបានសរសេរមក។
១២ ការអានព្រះគម្ពីរឲ្យឮក្នុងកិច្ចប្រជុំគ្រីស្ទានជាការមានប្រយោជន៍។ សាវ័កប៉ុលដាស់តឿនធីម៉ូថេ ដែលជាអ្នកធ្វើការជាមួយគាត់ថា៖ «ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន នឹងបង្រៀនគេ ដរាបដល់ខ្ញុំមក»។ (ធីម៉ូថេទី១ ៤:១៣) ប៉ុលប្រាប់ពួកកូល៉ុសថា៖ «កាលណាបានអានមើលសំបុត្រនេះ ក្នុងពួកបងប្អូនអ្នករាល់គ្នាហើយ នោះចូរឲ្យគេអានមើលក្នុងពួកជំនុំ នៅក្រុងឡៅឌីសេដែរ រួចឲ្យអ្នករាល់គ្នាមើលសំបុត្រ ដែលផ្ញើទៅពួកឡៅឌីសេផង»។ (កូល៉ុស ៤:១៦) ហើយវិវរណៈ ១:៣ ចែងថា៖ «មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្ដាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ»។ ដូច្នេះ អ្នកថ្លែងសុន្ទរកថាត្រូវអានពីព្រះគម្ពីរ ដើម្បីគាំទ្រអំពីអ្វីៗដែលគាត់និយាយដល់ក្រុមជំនុំ។
ការសិក្សាតាមប្រធាន
១៣. តើអ្វីជាវិធីប្រសើរបំផុតក្នុងការរៀនសេចក្ដីពិតនៃព្រះគម្ពីរ ហើយតើអ្វីនឹងជួយយើងឲ្យរកព្រះគម្ពីរបានស្រួល?
១៣ ការសិក្សាតាមប្រធាន ជាវិធីដ៏ប្រសើរបំផុតនៃការរៀនសេចក្ដីពិតពីព្រះគម្ពីរ។ មាលីសព្ទកត់ពាក្យព្រះគម្ពីរតាមលំដាប់អក្សរក្នុងបរិបទ យោងទៅតាមសៀវភៅ ជំពូក និងខ នេះនឹងធ្វើឲ្យស្រួលរកបទគម្ពីរដែលទាក់ទងនឹងប្រធានណាមួយ។ ហើយបទគម្ពីរបែបនេះអាចចុះសម្រុងគ្នាទៅវិញទៅមក ពីព្រោះអ្នកនិពន្ធព្រះគម្ពីរមិននិយាយប្រឆាំងខ្លួនឯងទេ។ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ទ្រង់បានបណ្ដាលឲ្យមនុស្ស៤០នាក់ ឲ្យសរសេរព្រះគម្ពីរអស់រយៈពេលជាង១៦សតវត្ស ហើយដោយលើកយកប្រធានមកសិក្សា នេះជាវិធីរៀនសេចក្ដីពិតដែលមានប្រសិទ្ធិភាពជាយូរយារមកហើយ។
១៤. ហេតុអ្វីក៏ត្រូវសិក្សាបទគម្ពីរហេព្រើរនិងបទគម្ពីរក្រិកជាមួយគ្នា?
១៤ ការអបអររបស់យើងចំពោះសេចក្ដីពិតនៃព្រះគម្ពីរ គួរតែជំរុញយើងឲ្យអានហើយសិក្សាបទគម្ពីរគ្រីស្ទានភាសាក្រិកនិងបទគម្ពីរភាសាហេព្រើរ។ នេះនឹងបង្ហាញអំពីរបៀបដែលបទគម្ពីរភាសាក្រិកទាក់ទងនឹងគោលបំណងព្រះ ហើយបញ្ចេញពន្លឺទៅលើទំនាយបទគម្ពីរភាសាហេព្រើរ។ (រ៉ូម ១៦:២៥-២៧; អេភេសូរ ៣:៤-៦; កូល៉ុស ១:២៦) សេចក្ដីបកប្រែនៃពិភពលោកថ្មីនៃព្រះគម្ពីរបរិសុទ្ធ គឺមានប្រយោជន៍ណាស់ចំពោះរឿងនេះ។ គឺត្រូវបានរៀបចំមកដោយពួកអ្នកដែលថ្វាយខ្លួនបំរើព្រះ ដែលឆ្លៀតយកប្រយោជន៍ពីចំណេះវិជ្ជាដែលមានបរិបូរនៅឥឡូវនេះ អំពីព្រះគម្ពីរដើម ប្រវត្ដិសាស្ត្រនិងពាក្យដែលមានន័យពិសេស។ ឧបករណ៍នៃការសិក្សាព្រះគម្ពីរក៏សំខាន់ដែរ ដែលព្រះយេហូវ៉ាបានប្រទានមកតាមរយៈ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›។
១៥. តើអ្នកអាចបញ្ជាក់យ៉ាងដូចម្ដេច ថាជាការត្រឹមត្រូវក្នុងការដកស្រង់ចេញពីនេះពីនោះក្នុងព្រះគម្ពីរ?
១៥ មនុស្សខ្លះប្រហែលជានិយាយថា ‹ប្រកាសនវត្ថុរបស់អ្នកមានការដកស្រង់រាប់ពាន់ចេញពីព្រះគម្ពីរ ប៉ុន្តែហេតុអ្វីក៏ដកស្រង់ចេញពីនេះពីនោះដូច្នេះ›? ដោយដកស្រង់ចេញពីនេះពីនោះក្នុងសៀវភៅព្រះគម្ពីរទាំង៦៦ក្បាល ប្រកាសនវត្ថុទាំងនេះយកធ្វើសាក្សីចំពោះសេចក្ដីពិតនៃការបង្រៀន។ ព្រះយេស៊ូអង្គទ្រង់ក៏បានប្រើវិធីបង្រៀនបែបនេះដែរ។ នៅពេលដែលទ្រង់ថ្លែងធម្មទាននៅលើភ្នំ ទ្រង់បានដកស្រង់២១ដងចេញពីបទគម្ពីរភាសាហេព្រើរ។ សេចក្ដីថ្លែងនោះគឺបានដកស្រង់បីដងចេញពីនិក្ខមនំ ពីរដងចេញពីលេវីវិន័យ ម្ដងចេញពីជនគណនា ប្រាំមួយដងចេញពីចោទិយកថា ម្ដងចេញពីពង្សាវតារក្សត្រទី២ បួនដងចេញពីទំនុកដំកើង បីដងចេញពីអេសាយ និងម្ដងចេញពីយេរេមា។ ដោយធ្វើដូច្នេះ តើព្រះយេស៊ូ‹គ្រាន់តែចង់បង្ហាញអំពីអ្វីមួយឬ›? អត់ទេ ពីព្រោះ‹ទ្រង់បានបង្រៀនជាបុគ្គលដែលមានប្រភព ហើយមិនមែនដូចពួកអាចារ្យខាងវិន័យនោះឡើយ›។ ហេតុថាដូច្នេះ ពីព្រោះព្រះយេស៊ូបានគាំទ្រការបង្រៀនរបស់ទ្រង់ដោយមានប្រភពចេញពីបន្ទូលរបស់ព្រះ។ (ម៉ាថាយ ៧:២៩) សាវ័កប៉ុលក៏បានបង្រៀនដូច្នេះដែរ។
១៦. តើការដកស្រង់ចេញពីបទគម្ពីរណា ដែលប៉ុលបានធ្វើឡើងនៅរ៉ូម ១៥:៧-១៣?
១៦ ក្នុងវគ្គគម្ពីរក្នុងរ៉ូម ១៥:៧-១៣ ប៉ុលបានដកស្រង់ចេញពីបីផ្នែកនៃបទគម្ពីរហេព្រើរ—ក្រិត្យវិន័យ ពួកព្យាការី និងទំនុកដំកើង។ គាត់បានបង្ហាញថា ពួកយូដានិងពួកសាសន៍ដទៃដំកើងព្រះ ហើយពួកគ្រីស្ទានគួរតែស្វាគមន៍មនុស្សគ្រប់សាសន៍ដែរ។ ប៉ុលមានប្រសាសន៍ថា៖ «ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះយេស៊ូវបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។ ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្ដាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា [នៅទំនុកដំកើង ១៨:៤៩]៖ ‹ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់›។ ហើយមានសេចក្ដី១ទៀតថា [នៅចោទិយកថា ៣២:៤៣]៖ ‹ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់›។ ក៏មាន១ទៀតថា [នៅទំនុកដំកើង ១១៧:១]៖ ‹ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់[ព្រះយេហូវ៉ា] ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ›។ ក្នុងបទ១ទៀត លោកអេសាយ [១១:១, ១០]ក៏មានប្រសាសន៍ថា៖ ‹នឹងមានឫសរបស់អ៊ីសាយ១កើតឡើង សំរាប់នឹងកាន់កាប់លើអស់ទាំងសាសន៍ដទៃ សាសន៍ទាំងនោះនឹងយក ទ្រង់ជាទីសង្ឃឹម›។ ឥឡូវនេះ សូមព្រះនៃសេចក្ដីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្ដីអំណរ នឹងសេចក្ដីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យបានសេចក្ដីសង្ឃឹមជាបរិបូរ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ»។ តាមរយៈការសិក្សាតាមប្រធានបែបនេះ ប៉ុលបានបង្ហាញពីរបៀបដកស្រង់ចេញព្រះគម្ពីរដើម្បីស្ថាបនាសេចក្ដីពិតនៃព្រះគម្ពីរ។
១៧. ស្របទៅតាមវិធានមុនៗមួយណា ដែលគ្រីស្ទានដកស្រង់ចេញពីនេះពីនោះក្នុងព្រះគម្ពីរទាំងមូល?
១៧ សំបុត្រទីមួយរបស់សាវ័កពេត្រុសដែលព្រះបណ្ដាលឲ្យតែង មានការដកស្រង់៣៤ដងចេញពីសៀវភៅក្រិត្យវិន័យដប់ ពួកព្យាការី និងទំនុកដំកើង។ ក្នុងសំបុត្រទីពីររបស់គាត់ ពេត្រុសដកស្រង់ប្រាំមួយដងចេញពីសៀវភៅបីនៃព្រះគម្ពីរភាសាហេព្រើរ។ សៀវភៅដំណឹងល្អរបស់ម៉ាថាយមានការដកស្រង់១២២ដងចេញពីលោកុប្បត្តិ រហូតដល់ម៉ាឡាគី។ ក្នុងបទគម្ពីរភាសាក្រិកទាំង២៧សៀវភៅនោះ គឺមានការដកស្រង់៣២០ដងចេញពីលោកុប្បត្តិ ទៅម៉ាឡាគី ព្រមទាំងមានឯកសារយោងរាប់រយទៅបទគម្ពីរភាសាហេព្រើរផង។ ស្របទៅតាមអ្វីដែលព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានធ្វើពីមុនមក នៅពេលដែលគ្រីស្ទានសម័យទំនើបនេះ សិក្សាតាមរបៀបទាក់ទងប្រធាននៃព្រះគម្ពីរ ពួកគេដកស្រង់ចេញពីនេះពីនោះក្នុងព្រះគម្ពីរទាំងមូល។ នេះជាពិសេស គឺសមហេតុផល ក្នុងសម័យនៃ«ថ្ងៃជាន់ក្រោយបង្អស់» កាលដែលបទគម្ពីរភាសាហេព្រើរនិងភាសាក្រិកកំពុងតែបានសម្រេច។ (ធីម៉ូថេទី២ ៣:១) ‹អ្នកបំរើស្មោះត្រង់› យកព្រះគម្ពីរមកប្រើក្នុងប្រកាសនវត្ថុ ប៉ុន្តែមិនបន្ថែមឬដកចេញបន្ទូលរបស់ព្រះឡើយ។—សុភាសិត ៣០:៥, ៦; វិវរណៈ ២២:១៨, ១៩
ចូរដើរក្នុងសេចក្ដីពិតជានិច្ច
១៨. ហេតុអ្វីក៏យើងត្រូវ‹ដើរក្នុងសេចក្ដីពិត›?
១៨ យើងមិនត្រូវដកអ្វីចេញពីព្រះគម្ពីរឡើយ ពីព្រោះការបង្រៀនរបស់គ្រីស្ទានទាំងអស់ក្នុងបន្ទូលរបស់ព្រះ ជា«សេចក្ដីពិត» ឬ«សេចក្ដីពិតរបស់ដំណឹងល្អ»។ ការកាន់ខ្ជាប់នឹងសេចក្ដីពិតនេះ—«ដើរ»តាមនោះ—គឺសំខាន់ណាស់ចំពោះការសង្គ្រោះ។ (កាឡាទី ២:៥; យ៉ូហានទី២ ៤; ធីម៉ូថេទី១ ២:៣, ៤) ពីព្រោះសាសនាគ្រីស្ទានជា‹ផ្លូវនៃសេចក្ដីពិត› ដោយជួយពួកអ្នកដទៃឲ្យពង្រីកប្រយោជន៍នេះ យើងនឹងក្លាយទៅជា«បានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។—ពេត្រុសទី២ ២:២; យ៉ូហានទី៣ ៨
១៩. តើតាមរបៀបណាដែលយើង«ប្រព្រឹត្តតាមសេចក្ដីពិត»?
១៩ បើសិនជាយើងនឹង«ប្រព្រឹត្តតាមសេចក្ដីពិត» យើងត្រូវតែអានព្រះគម្ពីរ ហើយប្រើប្រាស់ឧបករណ៍ខាងវិញ្ញាណ ដែលព្រះប្រទានឲ្យតាមរយៈ‹អ្នកបំរើស្មោះត្រង់›។ (យ៉ូហានទី៣ ៤) ចូរឲ្យយើងធ្វើការនេះឲ្យបានប្រយោជន៍ដល់យើង ហើយឲ្យអាចបង្រៀនអ្នកដទៃអំពីព្រះយេហូវ៉ា ព្រះយេស៊ូគ្រីស្ទ និងគោលបំណងរបស់ព្រះ។ ហើយចូរឲ្យយើងមានអំណរគុណដែលវិញ្ញាណរបស់ព្រះយេហូវ៉ាជួយយើងឲ្យយល់បន្ទូលរបស់ទ្រង់ ហើយមានការជោគជ័យក្នុងការបំរើទ្រង់ក្នុងសេចក្ដីពិត។
តើអ្នកមានចម្លើយយ៉ាងណា?
◻ តើការអានព្រះគម្ពីរមានប្រយោជន៍ជាស្ថាពរយ៉ាងណាខ្លះ?
◻ ហេតុអ្វីក៏ត្រូវសិក្សាព្រះគម្ពីរជាមួយពួកអ្នកជឿព្រះឯទៀត?
◻ ហេតុអ្វីក៏ជាការត្រឹមត្រូវ ក្នុងការដកស្រង់ចេញពីកន្លែងផ្សេងៗក្នុងព្រះគម្ពីរទាំងមូល?
◻ តើការ‹ដើរក្នុងសេចក្ដីពិត›មានន័យយ៉ាងណា ហើយតើយើងអាចធ្វើយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៧]
ឪពុកម្ដាយ ចូរបង្រៀនកូនរបស់អ្នកអំពីព្រះគម្ពីរ
[រូបភាពនៅទំព័រ២៨]
ក្នុងធម្មទាននៅលើភ្នំ ព្រះយេស៊ូបានដកស្រង់ចេញពីភាគផ្សេងៗនៃបទគម្ពីរភាសាហេព្រើរ