អ្នកបង្កើតរបស់អ្នក—រៀនឲ្យដឹងថាទ្រង់មានលក្ខណៈយ៉ាងណា
«អញនឹងឲ្យអស់ទាំងសេចក្ដីសប្បុរសរបស់អញដើរកាត់នៅមុខឯង ព្រមទាំងប្រកាសពីព្រះនាម«យេហូវ៉ា»នៅមុខឯងផង»។—និក្ខមនំ ៣៣:១៩
១. ហេតុអ្វីបានជាអ្នកបង្កើតគួរនឹងទទួលកិត្ដិយស?
សាវ័កយ៉ូហាន ដែលជាអ្នកសរសេរនៃសៀវភៅព្រះគម្ពីរចុងក្រោយ គាត់បានកត់ទុកការប្រកាសដ៏ជ្រៅនេះ អំពីអ្នកបង្កើតថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិតិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ (វិវរណៈ ៤:១១) ស្របតាមភស្តុតាងដែលអត្ថបទមុនបានផ្ដល់ហើយ នោះការរកឃើញនៃវិទ្យាសាស្ត្រសម័យនេះ ច្រើនតែបន្ថែមនូវមូលហេតុសំរាប់ការជឿថាមានអ្នកបង្កើតសព្វសារពើ។
២, ៣. (ក) ដើម្បីរៀនអំពីអ្នកបង្កើត តើមនុស្សត្រូវការអ្វី? (ខ) ហេតុអ្វីបានជាការជួបអ្នកបង្កើតផ្ទាល់ គឺមិនសមហេតុសមផលទេ?
២ ការទទួលស្គាល់ថាមានអ្នកបង្កើត នោះមានសារៈសំខាន់ដូចជាការរៀនឲ្យដឹងថាទ្រង់មានលក្ខណៈយ៉ាងណា។ គឺថាទ្រង់គឺជាបុគ្គលពិតប្រាកដមួយអង្គ ទាំងមានបុគ្គលិកលក្ខណៈនិងរបៀបប្រព្រឹត្តដែលទាក់ទាញមនុស្សមកឯទ្រង់។ ទោះបីអ្នកបានធ្វើដូច្នោះដល់កំរិតណាក៏ដោយ តើមិនមានប្រយោជន៍ទេឬ បើសិនជាអ្នកស្គាល់ទ្រង់ច្បាស់ជាងទៀត? នោះមិនរួមបញ្ចូលការជួបទ្រង់ផ្ទាល់ទេ តែក្នុងន័យថាយើងជួបមនុស្សដទៃវិញ។
៣ ព្រះយេហូវ៉ាក៏ជាប្រភពនៃផ្កាយទាំងឡាយ ហើយសុរិយារបស់យើងគ្រាន់តែជាផ្កាយទំហំមធ្យមទេ។ តើអ្នកនឹងខិតខំអោយរូបកាយផ្ទាល់របស់អ្នកចូលទៅជិតនឹងសុរិយាឬទេ? មិនធ្វើបែបនេះទាល់តែសោះ! មនុស្សភាគច្រើន ប្រុងប្រយ័ត្នណាស់ សូម្បីតែក្រឡេកមើលវាក៏មិនចង់មើលផង ឬក៏មិនឲ្យស្បែកគេត្រូវពន្លឺថ្ងៃដ៏ខ្លាំងសំរាប់មួយរយៈវែងទេ។ បណ្ដូលវាមានកំដៅ១៥.០០០.០០០អង្សា។ ដូចជាឡនៃកំដៅបរមាណូ នោះវាប្រែធាតុម៉ាសបួនលានតោនទៅជាថាមពល។ មានតែមួយផ្នែកតិចទេដែលមកដល់ផែនដីជាសណ្ឋានកំដៅនិងពន្លឺ ក៏ប៉ុន្តែចំនួននោះគាំទ្រជីវិតទាំងឡាយនៅទីនេះ។ ហេតុការណ៍ដ៏បឋមទាំងនោះ គួរធ្វើឲ្យយើងកោតស្ងើចនឹងតេជានុភាពដ៏ខ្លាំងលើសលប់របស់អ្នកបង្កើត។ អេសាយបានសរសេរយ៉ាងសមរម្យថា«ព្រះចេស្ដាដ៏ធំរបស់ទ្រង់ . . . ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ»។—អេសាយ ៤០:២៦
៤. តើលោកម៉ូសេបានសុំអ្វី ហើយតើព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងដូចម្ដេច?
៤ ក៏ប៉ុន្តែ តើអ្នកដឹងទេ ប៉ុន្មានខែបន្ទាប់ពីពួកអ៊ីស្រាអែលបានចាកចេញពីប្រទេសអេស៊ីបនៅឆ្នាំ១៥១៣ ម.ស.យ. នោះលោកម៉ូសេបានអង្វរសុំទ្រង់ថា៖ «សូមទ្រង់មេត្ដាបើកឲ្យទូលបង្គំឃើញសិរីល្អទ្រង់ផង»។ (និក្ខមនំ ៣៣:១៨) ដោយនឹកចាំថាព្រះក៏ជាប្រភពនៃសុរិយាដែរ នោះអ្នកអាចយល់មូលហេតុទ្រង់បានមានបន្ទូលទៅម៉ូសេថា៖ «ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ»។ អ្នកបង្កើតបានអនុញ្ញាតឲ្យម៉ូសេលាក់ខ្លួននៅកន្លែងមួយនៅលើភ្នំស៊ីណាយ ពេលទ្រង់«ដើរកាត់មុខ»។ ពេលនោះម៉ូសេបានត្រូវឲ្យឃើញ«ខាងខ្នង»របស់ព្រះ បើនិយាយប្រៀបធៀបនោះ ជាពន្លឺក្រោយដោយសារសិរីឬវត្តមានរបស់អ្នកបង្កើត។—និក្ខមនំ ៣៣:២០-២៣; យ៉ូហាន ១:១៨
៥. តើតាមរបៀបណាដែលអ្នកបង្កើតបានសម្រេចតាមសំនូមពររបស់ម៉ូសេ ហើយនេះផ្ដល់ភស្តុតាងដែលបញ្ជាក់ថាយ៉ាងដូចម្ដេច?
៥ សេចក្ដីប៉ងប្រាថ្នារបស់ម៉ូសេ ឲ្យស្គាល់អ្នកបង្កើតច្បាស់ជាង នោះបានសម្រេច។ តាមមើលទៅ ដោយមានបន្ទូលតាមរយៈទេវតាម្នាក់ ព្រះបានយាងកាត់មុខម៉ូសេហើយបានប្រកាសថា៖ «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (និក្ខមនំ ៣៤:៦, ៧) នេះបង្ហាញថា ការស្គាល់អ្នកបង្កើតរបស់យើងឲ្យបានប្រសើរឡើង នោះមិនរួមបញ្ចូលការមើលឃើញនូវរូបរាងមួយទេ ក៏ប៉ុន្តែការយល់ដឹងថាទ្រង់ជាបុគ្គលបែបណា បុគ្គលិកលក្ខណៈរបស់ទ្រង់និងលក្ខណៈពិសេសរបស់ទ្រង់។
៦. តើហេតុដូចម្ដេចដែលប្រព័ន្ធការពារទប់ទល់ជម្ងឺរបស់យើង គឺអស្ចារ្យម្ល៉េះ?
៦ របៀបមួយដែលយើងអាចធ្វើអ៊ីចឹង គឺដោយយល់ពីគុណសម្បត្ដិរបស់ទ្រង់ពីអ្វីដែលទ្រង់បានបង្កើតមក។ សូមពិចារណានូវប្រព័ន្ធទប់ទល់ជម្ងឺរបស់អ្នក។ ក្នុងអត្ថបទមួយអំពីភាពស៊ាំនឹងជម្ងឺ នោះទស្សនាវដ្ដីវិទ្យាសាស្ត្រអាមេរិក បានចែងថា៖ «តាំងពីមុនកំណើតទាល់តែស្លាប់ នោះប្រព័ន្ធទប់ទល់ជម្ងឺនៅចាំយាមរហូត។ ម៉ូលេគុលជាច្រើនប្រភេទផ្សេងៗហើយនិងកោសិកា . . . ការពារយើងពីប៉ារ៉ាស៊ីតនិងមេរោគ។ បើសិនជាគ្មានគ្រឿងការពារនេះ នោះមនុស្សលោកក៏មិនអាចរួចរស់បានទេ»។ តើអ្វីជាប្រភពនៃប្រព័ន្ធនេះ? អត្ថបទមួយក្នុងទស្សនាវដ្ដីដដែលនោះ ចែងថា៖ «ប្រភេទផ្សេងៗជាច្រើនដ៏អស្ចារ្យ នៃកោសិកាដែលទាក់ទងគ្នាយ៉ាងប៉ិនប្រសប់ ដើម្បីការពាររូបកាយឲ្យទប់ទល់នឹងមីក្រុបនិងមេរោគដែលលុកលុយចូល នោះកើតមកពីកោសិកាប្រភេទដើម ដែលលេចមកប្រមាណប្រាំបួនអាទិត្យក្រោយការចាប់កំណើត»។ ស្ត្រីម្នាក់ដែលមានផ្ទៃពោះ ក៏នឹងចំឡងឲ្យភាពស៊ាំជម្ងឺខ្លះដល់ទារកដែលកំពុងតែលូតលាស់។ ក្រោយមក តាមរយៈទឹកដោះរបស់នាង នោះនាងក៏ផ្ដល់ឲ្យកោសិកាការពារទប់ទល់ជំងឺ និងគីមីដ៏មានប្រយោជន៍សំរាប់កូនង៉ារបស់នាង។
៧. តើយើងអាចពិចារណាអ្វីអំពីប្រព័ន្ធការពារទប់ទល់នឹងជម្ងឺរបស់យើង ហើយនោះនាំទៅដល់ការសន្និដ្ឋានអ្វី?
៧ អ្នកមានមូលហេតុល្អឲ្យសន្និដ្ឋានថា ប្រព័ន្ធការពារទប់ទល់ជម្ងឺរបស់អ្នក នោះគឺល្អប្រសើរជាងអ្វីដែលពេទ្យសាស្ត្រសម័យនេះអាចផ្ដល់ឲ្យ។ ដូច្នេះ សួរខ្លួនឯងមើល ‹តើនេះនាំឲ្យគិតយ៉ាងណា អំពីអ្នកផ្ដើមគំនិតនិងផ្ដល់ឲ្យនោះ›? ប្រព័ន្ធនេះ ដែល‹លេចមកដើមដំបូង ប្រមាណប្រាំបួនអាទិត្យក្រោយការចាប់កំណើត› ហើយដែលចាំយាមការពារកូនង៉ាទើបកើត នោះប្រាកដជាសម្ដែងប្រាជ្ញានិងការគិតគូរជាមុន។ ក៏ប៉ុន្តែ តើយើងអាចដឹងថែមទៀតអំពីអ្នកបង្កើតតាមរយៈប្រព័ន្ធនេះទេឬ? តើយើងភាគច្រើនសន្និដ្ឋានយ៉ាងណាអំពីលោកអាលបឺត ឆ្វាយសឺ ហើយអ្នកដទៃដែលប្រើជីវិតដើម្បីជួយមើលថែទាំសុខភាពអ្នកដែលខ្វះខាត? ធម្មតាយើងសរសើរថាមនុស្សដែលមានមនុស្សធម៌បែបនេះ មានបុគ្គលិកលក្ខណៈល្អ។ តាមការប្រៀបមើល តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីអ្នកបង្កើតរបស់យើង ដែលផ្ដល់ឲ្យប្រព័ន្ធការពារទប់ទល់ជម្ងឺមួយ ចំពោះអ្នកមានហើយអ្នកក្រដូចគ្នា? ច្បាស់ជា ទ្រង់ប្រកបដោយសេចក្ដីស្រឡាញ់ មិនរើសមុខ មានសេចក្ដីមេត្ដាករុណា ហើយយុត្ដិធម៌។ តើនេះមិនមែនដូចការពណ៌នាពីអ្នកបង្កើតដែលម៉ូសេបានឮទេឬ?
ទ្រង់សម្ដែងលក្ខណៈទ្រង់
៨. តើតាមរបៀបពិសេសណាដែលព្រះយេហូវ៉ាសម្ដែងអង្គទ្រង់ចំពោះយើង?
៨ ក៏ប៉ុន្តែ មានរបៀបមួយទៀតឲ្យស្គាល់អ្នកបង្កើតរបស់យើងយ៉ាងច្បាស់ជាង។ នោះគឺតាមរយៈព្រះគម្ពីរ។ នេះជាការសំខាន់ ជាពិសេសពីព្រោះមានអ្វីខ្លះអំពីទ្រង់ ដែលមិនត្រូវសម្ដែងឲ្យឃើញសោះដោយវិទ្យាសាស្ត្រនិងសកលលោក ហើយអ្វីខ្លះដែលបង្ហាញអោយឃើញច្បាស់ជាងទៀតនោះគឺក្នុងព្រះគម្ពីរ។ ឧទាហរណ៍មួយអំពីហេតុនោះ គឺជាព្រះនាមរបស់អ្នកបង្កើតផ្ទាល់។ មានតែព្រះគម្ពីរទេដែលប្រាប់ពីព្រះនាមរបស់អ្នកបង្កើតទាំងន័យរបស់នាមនោះ។ ក្នុងឯកសារព្រះគម្ពីរភាសាហេព្រើរ ព្រះនាមទ្រង់លេចមកប្រមាណ៧.០០០ដងជាព្យញ្ជនៈបួនតួ ដែលអាចត្រូវបកស្រាយជា យហវហ ឬ ចហវហ ដែលធម្មតាអានជាយេហូវ៉ាក្នុងភាសាខ្មែរ។—និក្ខមនំ ៣:១៥; ៦:៣
៩. តើព្រះនាមផ្ទាល់របស់អ្នកបង្កើតមានន័យអ្វី ហើយតើយើងអាចសន្មតយ៉ាងណាពីនាមនោះ?
៩ ដើម្បីឲ្យយើងស្គាល់អ្នកបង្កើតយ៉ាងច្បាស់ឡើង នោះយើងត្រូវតែយល់ដឹងថា ទ្រង់មិនគ្រាន់តែជា«ដើមកំណើត»ដ៏ស្រពិចស្រពិលមួយ ឬក៏«អញ»គឺអត់ច្បាស់លាស់នោះទេ។ ព្រះនាមផ្ទាល់របស់ទ្រង់បញ្ជាក់នោះ។ នាមនោះមកពីពាក្យហេព្រើរដែលមានន័យថា «ក្លាយទៅជា» ឬក៏«សម្ដែងជា»។a (ប្រៀបមើល លោកុប្បត្តិ ២៧:២៩; សាស្ដា ១១:៣) នាមផ្ទាល់របស់ទ្រង់បង្ហាញថា «ទ្រង់ដែលធ្វើឲ្យក្លាយទៅជា» ហើយទ្រង់បញ្ជាក់ថា ទ្រង់គ្រោងគោលបំណងនិងធ្វើកិច្ចការ។ ដោយយើងស្គាល់ហើយប្រើព្រះនាមទ្រង់ យើងក៏អាចយល់ច្បាស់ឡើងថា ទ្រង់សម្រេចសេចក្ដីសន្យារបស់ទ្រង់ហើយតាមរបៀបសកម្ម នោះទ្រង់ធ្វើឲ្យគោលបំណងរបស់ទ្រង់សម្រេច។
១០. តើការយល់ធ្លុះសំខាន់អ្វី ដែលយើងអាចទទួលពីដំណើររឿងក្នុងលោកុប្បត្តិ?
១០ ព្រះគម្ពីរជាប្រភពនៃចំណេះពីគោលបំណងរបស់ព្រះនិងបុគ្គលិកលក្ខណៈរបស់ព្រះ។ ឯកសារលោកុប្បត្តិបង្ហាញថា នៅគ្រាមួយមុន មនុស្សធ្លាប់មានសន្ដិភាពជាមួយនឹងព្រះ ហើយមានសេចក្ដីសង្ឃឹមឲ្យមានជីវិតយូរអង្វែងទាំងមានន័យ។ (លោកុប្បត្តិ ១:២៨; ២:៧-៩) ស្របតាមន័យនាមទ្រង់ យើងអាចដឹងប្រាកដថា ព្រះយេហូវ៉ានឹងបញ្ឈប់ការរងទុក្ខវេទនានិងតានតឹង ដែលមនុស្សបានប្រឈមមុខជាយូរយារមកហើយនោះ។ យើងអានអំពីការសម្រេចនៃគោលបំណងរបស់ទ្រង់ថា៖ «ពិភពលោកបានត្រូវតានតឹង មិនដោយសារសេចក្ដីប្រាថ្នារបស់លោកីយ៍ផ្ទាល់ ក៏ប៉ុន្តែដោយសារព្រះហឫទ័យរបស់អ្នកបង្កើត ដែលក្នុងការឲ្យលោកីយ៍ដូច្នេះ បានប្រទានសេចក្ដីសង្ឃឹមមួយថា នៅពេលមួយនឹង . . . ត្រូវធ្វើឲ្យរួមចំណែកសេរីភាពដ៏រុងរឿងនៃកូនរបស់ព្រះ»។—រ៉ូម ៨:២០, ២១, សំបុត្រសញ្ញាថ្មី ដោយលោក វ៉ីលាម វ៉ាន្ត
១១. ហេតុអ្វីប្រហែលជានាំឲ្យយើងអានរឿងព្រះគម្ពីរ ហើយតើពត៌មានល្អិតល្អន់ពីរឿងព្រះគម្ពីរមួយណា?
១១ ព្រះគម្ពីរក៏អាចជួយយើងស្គាល់អ្នកបង្កើតច្បាស់ជាង ដោយសម្ដែងការប្រព្រឹត្តនិងការតបឆ្លើយរបស់ទ្រង់ ពេលទ្រង់ធ្លាប់ទាក់ទងសាសន៍អ៊ីស្រាអែលពីបុរាណ។ សូមពិចារណាឧទាហរណ៍មួយ អំពីអេលីសេ និងមេទ័ពពួកសាសន៍ស៊ីរីដ៏កាចសាហាវឈ្មោះណាម៉ាន់។ ពេលអ្នកអានដំណើររឿងនេះក្នុងពង្សាវតារក្សត្រទី២ ជំពូក៥ អ្នកនឹងឃើញថា ស្រីក្មេងជនជាតិអ៊ីស្រាអែលម្នាក់ដែលជាឈ្លើយនោះ បានជំរុញដោយថា ជម្ងឺឃ្លង់របស់ណាម៉ាន់ អាចត្រូវព្យាបាលដោយជំនួយពីអេលីសេនៅស្រុកអ៊ីស្រាអែល។ ណាម៉ាន់បានសង្ឃឹមថា ពេលគាត់ទៅទីនោះ អេលីសេនឹងធ្វើកាយវិការក្នុងបែបអធិធម្មជាតិមួយ។ ផ្ទុយទៅវិញ អេលីសេបានប្រាប់ណាម៉ាន់ឲ្យទៅងូតទឹកក្នុងទន្លេ។ ទោះបីមនុស្សស័ក្ដតូចជាង ត្រូវជំរុញឲ្យគាត់ធ្វើតាមនោះ ពេលគាត់បានធ្វើដូច្នោះ គាត់បានត្រូវព្យាបាល។ ណាម៉ាន់បានសុំជូនអំណោយថ្លៃៗ ដែលអេលីសេមិនបានព្រមទទួល។ ក្រោយមក សហការីម្នាក់បានលួចចេញទៅជួបណាម៉ាន់និងដោយការភូតភរបានទទួលវត្ថុថ្លៃខ្លះៗ។ ភាពមិនទៀងត្រង់របស់គាត់បាននាំទៅដល់ការត្រូវវាយដាក់នឹងជម្ងឺឃ្លង់។ នេះជាដំណើររឿងមួយដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំង ហើយដែលបង្ហាញនូវភាពខ្លាំងនិងភាពខ្សោយនៃមនុស្ស។ យើងក៏អាចរៀនគោលការណ៍ពីរឿងនោះផងដែរ។
១២. តើយើងអាចសន្និដ្ឋានអ្វីខ្លះៗ អំពីអ្នកបង្កើតពីដំណើររឿងពីអេលីសេនិងណាម៉ាន់?
១២ តាមរបៀបដែលទាក់ទាញអារម្មណ៍ នោះដំណើររឿងនេះបង្ហាញថា អ្នកបង្កើតនៃសកលលោកមិនខ្ពង់ខ្ពស់ដល់ម្ល៉េះ ដែលទ្រង់មិនអាចទទួលស្គាល់ដោយពេញព្រះហឫទ័យនូវក្មេងស្រីតូចមួយ។ នេះគឺផ្ទុយស្រឡះពីទំលាប់ធម្មតាក្នុងវប្បធម៌ជាច្រើនសព្វថ្ងៃនេះ។ នោះក៏ផ្ដល់ភស្តុតាងបញ្ជាក់ថា អ្នកបង្កើតមិនរើសមុខសាសន៍ឬជាតិមួយឡើយ។ (កិច្ចការ ១០:៣៤, ៣៥) គឺគួរចាប់អារម្មណ៍ ជាជាងសង្ឃឹមថាមនុស្សនឹងប្រើល្បិចដូច«អ្នកព្យាបាល»ខ្លះៗពីអតីតកាល និងបច្ចុប្បន្នកាលប្រើជាធម្មតានោះ អ្នកបង្កើតបានបង្ហាញប្រាជ្ញាដ៏អស្ចារ្យ។ ទ្រង់ជ្រាបនូវរបៀបព្យាបាលជម្ងឺឃ្លង់។ ទ្រង់ក៏បានបង្ហាញសមត្ថភាពយល់ធ្លុះនិងយុត្ដិធម៌ក្នុងការមិនអនុញ្ញាតឲ្យការបន្លំសម្រេចឡើយ។ ម្ដងទៀត តើនេះមិនមែនសមនឹងបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា ដែលលោកម៉ូសេបានឮអំពីនោះទេឬ? ទោះបីដំណើររឿងព្រះគម្ពីរនោះគឺមានខ្លីៗក៏ដោយ តើយើងអាចរកឃើញអ្វីជាច្រើនម្ល៉េះហ្ន៎ ពីនោះអំពីលក្ខណៈរបស់អ្នកបង្កើតយើង!—ទំនុកដំកើង ៣៣:៥; ៣៧:២៨
១៣. សូមឲ្យឧទាហរណ៍អំពីរបៀបយើងអាចរៀនគោលការណ៍ដ៏មានតម្លៃ ពីរឿងព្រះគម្ពីរ?
១៣ ដំណើររឿងផ្សេងទៀត អំពីអំពើដ៏ឥតដឹងគុណនៃសាសន៍អ៊ីស្រាអែលហើយការតបឆ្លើយរបស់ព្រះ នោះបង្ហាញថាព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់។ ព្រះគម្ពីរចែងថាពួកអ៊ីស្រាអែលបានល្បងលទ្រង់ម្ដងហើយម្ដងទៀត ហើយធ្វើឲ្យទ្រង់មានព្រះទ័យពិបាកហើយឈឺចាប់។ (ទំនុកដំកើង ៧៨:៤០, ៤១) ដូច្នេះ អ្នកបង្កើតមានអារម្មណ៍ ហើយទ្រង់ក៏យកព្រះទ័យទុកដាក់លើការប្រព្រឹត្តនៃមនុស្សលោក។ ក៏មានអ្វីជាច្រើនដែលអាចត្រូវរៀនពីដំណើររឿងអំពីមនុស្សដែលត្រូវគេស្គាល់ទូទៅ។ នៅពេលដាវីឌបានត្រូវជ្រើសរើសជាស្តេចនៃអ៊ីស្រាអែល នោះព្រះមានបន្ទូលទៅសាំយូអែលថា៖ «មនុស្សលោក តែងមើលតែឫកខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។ (សាំយូអែលទី១ ១៦:៧) ត្រូវហើយ អ្នកបង្កើតទតចំពោះបុគ្គលិកលក្ខណៈរបស់យើង មិនចំពោះតែអាការក្រៅឡើយ។ តើនេះគួរឲ្យស្កប់ចិត្តយ៉ាងណាទៅហ្ន៎!
១៤. ពេលយើងអានបទគម្ពីរហេព្រើរ តើយើងអាចធ្វើយ៉ាងណាដែលមានប្រយោជន៍?
១៤ សាមសិបប្រាំបួនសៀវភៅព្រះគម្ពីរ បានត្រូវសរសេរមុនសម័យព្រះយេស៊ូ ហើយគឺមានប្រយោជន៍ដែលយើងអានសៀវភៅទាំងនោះ។ នេះមិនគួរដោយមានបំណងរៀនដំណើររឿងព្រះគម្ពីរឬក៏ប្រវត្ដិសាស្ត្រប៉ុណ្ណោះទេ។ បើសិនជាយើងពិតជាចង់រៀនពីលក្ខណៈរបស់អ្នកបង្កើតយើង នោះយើងគួររំពឹងគិតពីដំណើររឿងទាំងប៉ុន្មាននោះ ដោយប្រហែលជាគិតថា៖ ‹តើដំណើររឿងនេះបញ្ជាក់អ្វីពីបុគ្គលិកលក្ខណៈរបស់ទ្រង់? តើគុណសម្បត្ដិមួយណារបស់ទ្រង់ ដែលសឲ្យឃើញច្បាស់លាស់ក្នុងនេះ›?b ការធ្វើអ៊ីចឹង ប្រហែលជាអាចជួយអ្នកដែលសង្ស័យ ឲ្យឃើញថាព្រះគម្ពីរត្រូវតែមកពីព្រះ ហើយដូច្នេះអាចស្ថាបនាមូលដ្ឋានមួយ ដើម្បីឲ្យគេស្គាល់ច្បាស់លាស់នូវអ្នកនិពន្ធដ៏ប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះគម្ពីរ។
គ្រូបង្រៀនដ៏ឧត្តមមួយជួយយើងស្គាល់អ្នកបង្កើត
១៥. ហេតុអ្វីការប្រព្រឹត្តនិងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ នោះអាចជួយណែនាំ?
១៥ ពិតមែន មនុស្សដែលសង្ស័យថាមានអ្នកបង្កើត ឬក៏ដែលមានទស្សនៈដ៏ស្រពិចស្រពិលអំពីព្រះ នោះប្រហែលជាចេះតែបន្ដិចបន្តួចប៉ុណ្ណោះអំពីព្រះគម្ពីរ។ ប្រហែលជាអ្នកធ្លាប់ជួបមនុស្សដែលមិនអាចប្រាប់ ថាតើលោកម៉ូសេបាននៅមុនឬក៏ក្រោយលោកម៉ាថាយ ហើយក៏សឹងតែឥតដឹងអ្វីទាល់តែសោះអំពីការប្រព្រឹត្តឬសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ នោះគួរសោកស្ដាយមែន ពីព្រោះមនុស្សម្នាក់អាចរៀនបានច្រើនអំពីអ្នកបង្កើត ពីសេចក្ដីបង្រៀនរបស់គ្រូបង្រៀនដ៏ឧត្តម ព្រះយេស៊ូ។ ដោយមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះ ទ្រង់ក៏អាចបង្ហាញឲ្យឃើញនូវលក្ខណៈរបស់អ្នកបង្កើត។ (យ៉ូហាន ១:១៨; កូរិនថូសទី២ ៤:៦; ហេព្រើរ ១:៣) ហើយទ្រង់បានធ្វើអ៊ីចឹងមែន។ តាមពិតទៅ ទ្រង់បានមានព្រះបន្ទូលថា៖ «អ្នកណាដែលឃើញខ្ញុំ នោះបានឃើញព្រះវរបិតាដែរ»។—យ៉ូហាន ១៤:៩
១៦. ដែលព្រះយេស៊ូទាក់ទងស្ត្រីសាម៉ារី នោះបង្ហាញអ្វី?
១៦ សូមពិចារណាឧទាហរណ៍នេះ។ នៅពេលព្រះយេស៊ូគឺអស់កម្លាំងពីការធ្វើដំណើរ នោះទ្រង់បានមានបន្ទូលទៅកាន់ស្ត្រីសាសន៍សាម៉ារីម្នាក់ នៅជិតស្រុកស៊ូខារ។ ទ្រង់មានបន្ទូលប្រាប់ពីសេចក្ដីពិតដ៏ជ្រៅជ្រះ ដែលមានមូលដ្ឋានលើភាពចាំបាច់នៃការ«ថ្វាយបង្គំដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ ពួកយូដានៅសម័យនោះ ជៀសវាងពីពួកសាម៉ារី។ ផ្ទុយទៅវិញ ព្រះយេស៊ូបានសម្ដែងភាពពេញព្រះទ័យរបស់ព្រះយេហូវ៉ា ក្នុងការទទួលស្គាល់មនុស្សប្រុសស្រីស្មោះត្រង់ ពីគ្រប់ទាំងសាសន៍ ដូចយើងបានឃើញហើយក្នុងរឿងអំពីអេលីសេនិងណាម៉ាន់។ នោះគួរលើកទឹកចិត្តយើងថា ព្រះយេហូវ៉ាមិនពេញព្រះហឫទ័យនឹងភាពរាក់កំផែលនិងកាចសាហាវផ្នែកសាសនា ដែលត្រូវប្រព្រឹត្តឡើងទូទាំងពិភពលោកសព្វថ្ងៃនេះ។ យើងក៏អាចកត់សម្គាល់ថា ព្រះយេស៊ូគឺពេញព្រះទ័យបង្រៀនស្ត្រីម្នាក់ ហើយក្នុងករណីនេះ ជាស្ត្រីម្នាក់ដែលកំពុងតែរស់នៅជាមួយបុរសមួយដែលមិនមែនជាប្ដីរបស់នាង។ ជាជាងកាត់ទោសស្ត្រីនោះ ព្រះយេស៊ូបានប្រព្រឹត្តចំពោះនាងតាមរបៀបដ៏ប្រកបដោយសេចក្ដីថ្លៃថ្នូរ តាមរបៀបដែលអាចជួយនាងមែន។ ក្រោយពីនោះពួកសាម៉ារីដទៃទៀតបានស្ដាប់ព្រះយេស៊ូ ហើយនិយាយថា៖ «យើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន»។—យ៉ូហាន ៤:២-៣០, ៣៩-៤២; ពង្សាវតារក្សត្រទី១ ៨:៤១-៤៣; ម៉ាថាយ ៩:១០-១៣
១៧. តើការប្រោសឲ្យរស់ឡើងវិញរបស់លោកឡាសានោះ នាំឲ្យសន្និដ្ឋានអ្វី?
១៧ សូមឲ្យយើងពិចារណាពាក្យប្រៀបប្រដូចមួយទៀត អំពីរបៀបយើងអាចរៀនអំពីអ្នកបង្កើត ដោយការស្គាល់ការប្រព្រឹត្តនិងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ សូមគិតអំពីពេលដែលសំឡាញ់របស់ព្រះយេស៊ូ ឈ្មោះឡាសា បានស្លាប់។ ព្រះយេស៊ូបានបង្ហាញភស្តុតាងហើយថាទ្រង់មានអំណាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (លូកា ៧:១១-១៧; ៨:៤០-៥៦) ក៏ប៉ុន្តែ តើទ្រង់បានប្រតិកម្មយ៉ាងណា ពេលដែលទ្រង់ឃើញបងស្រីរបស់ឡាសាកំពុងតែយំសោកនោះ? ព្រះយេស៊ូ«មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ»។ ទ្រង់មិនមានអារម្មណ៍ឥតអើពើឬក៏កន្តើយឡើយ ប៉ុន្តែ«ព្រះយេស៊ូក៏ទ្រង់ព្រះកន្សែង»។ (យ៉ូហាន ១១:៣៣-៣៥) ហើយនេះមិនគ្រាន់តែជាការសម្ដែងមនោសញ្ចេតនាទេ។ ព្រះយេស៊ូបានត្រូវជំរុញដល់សកម្មភាពដ៏វិជ្ជមាន គឺទ្រង់បានប្រោសឡាសាឲ្យរស់ឡើងវិញ។ យើងអាចនឹកស្មានដល់របៀបដែលនេះបានជួយពួកសាវ័ក អបអរនឹងព្រះទ័យនិងការប្រព្រឹត្តរបស់អ្នកបង្កើត។ នេះក៏គួរជួយយើងនិងអ្នកដទៃយល់ដឹងពីបុគ្គលិកលក្ខណៈ និងការប្រព្រឹត្តរបស់អ្នកបង្កើតដែរ។
១៨. តើមនុស្សគួរមានអារម្មណ៍យ៉ាងណា អំពីការសិក្សាព្រះគម្ពីរ?
១៨ គ្មានមូលហេតុទេ ឲ្យអាម៉ាស់មុខសិក្សាព្រះគម្ពីរ ហើយរៀនថែមទៀតអំពីអ្នកបង្កើត។ ព្រះគម្ពីរមិនជាសៀវភៅហួសសម័យឡើយ។ មនុស្សម្នាក់ដែលបានសិក្សាព្រះគម្ពីរហើយទៅជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូនោះ គឺយ៉ូហាន។ ក្រោយមកគាត់បានសរសេរថា៖ «យើងក៏ដឹងថា ព្រះរាជបុត្រានៃព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញា ដើម្បីឲ្យបានស្គាល់ព្រះដ៏ពិតប្រាកដ យើងរាល់គ្នាជាអ្នកនៅក្នុងព្រះដ៏ពិតប្រាកដនោះ គឺក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ព្រះអង្គនោះឯងជាព្រះពិតប្រាកដ ហើយជាជីវិតអស់កល្បជានិច្ចផង»។ (យ៉ូហានទី១ ៥:២០) សូមកត់សម្គាល់ថាការមាន«ប្រាជ្ញា»ដើម្បីទទួលចំណេះអំពី«ព្រះដ៏ពិតប្រាកដ» ជាអ្នកបង្កើត នោះអាចនាំទៅដល់«ជីវិតអស់កល្បជានិច្ច»។
តើយ៉ាងដូចម្ដេចដែលអ្នកអាចជួយអ្នកដទៃរៀនអំពីទ្រង់?
១៩. តើជំហានណាដែលបានត្រូវយកដើម្បីជួយមនុស្សដែលសង្ស័យ?
១៩ ចំពោះមនុស្សខ្លះ គឺត្រូវការភស្តុតាងជាច្រើនដើម្បីឲ្យគេជឿថា មានអ្នកបង្កើតដ៏មានព្រះទ័យមេត្ដាករុណា ហើយដែលយកព្រះទ័យទុកដាក់លើយើង ហើយដើម្បីយល់ពីលក្ខណៈរបស់ទ្រង់។ មានមនុស្សរាប់រយលាននាក់ដែលនៅសង្ស័យអំពីអ្នកបង្កើត ឬក៏ដែលមានទស្សនៈមួយអំពីទ្រង់ដែលមិនស្របតាមអ្វីក្នុងព្រះគម្ពីរ។ តើអ្នកអាចជួយគេយ៉ាងដូចម្ដេច? នៅឆ្នាំ១៩៩៨និង១៩៩៩នៅសន្និបាតតាមតំបន់ និងអន្តរជាតិនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ានោះ ឧបករណ៍ថ្មីមួយដែលប្រកបដោយប្រសិទ្ធិភាពបានចេញជាភាសាជាច្រើន: សៀវភៅនោះជា តើមានអ្នកបង្កើតមួយ ដែលយកព្រះទ័យទុកដាក់លើអ្នកឬទេ? (ភាសាអង់គ្លេស)
២០, ២១. (ក) តើយ៉ាងដូចម្ដេចដែលសៀវភៅអ្នកបង្កើត អាចត្រូវប្រើដោយជោគជ័យ? (ខ) រៀបរាប់ពីបទពិសោធន៍នូវរបៀបសៀវភៅអ្នកបង្កើត បានត្រូវសម្ដែងថាមានប្រសិទ្ធិភាព។
២០ នេះជាសៀវភៅមួយ ដែលនឹងជួយពង្រឹងសេចក្ដីជំនឿរបស់អ្នកផ្ទាល់លើអ្នកបង្កើត ហើយការអបអរនឹងបុគ្គលិកលក្ខណៈនិងការប្រព្រឹត្តរបស់ទ្រង់។ ហេតុអ្វីបានជានេះគឺប្រាកដមែន? ពីព្រោះសៀវភៅ តើមានអ្នកបង្កើតមួយ ដែលយកព្រះទ័យទុកដាក់លើអ្នកឬទេ? បានត្រូវរៀបចំជាពិសេសដោយមានគោលបំណងអ៊ីចឹង។ សាច់រឿងមួយដែលមានជាទូទៅក្នុងសៀវភៅនោះគឺជា «តើអ្វីដែលអាចបន្ថែមន័យនឹងជីវិតរបស់អ្នក»? មាតិកាសៀវភៅនោះបានត្រូវផ្ដល់តាមរបៀបមួយដែល សូម្បីតែមនុស្សដែលមានការអប់រំខ្ពស់ នោះនឹងចាប់អារម្មណ៍ខ្លាំង។ ក៏ប៉ុន្តែ នោះប៉ះពាល់នឹងចំណងចិត្ត ដែលយើងទាំងអស់គ្នាមាន។ ក៏មានពត៌មានដ៏គួរចាប់អារម្មណ៍និងនាំឲ្យជឿ សំរាប់អ្នកអានដែលសង្ស័យថាគ្មានព្រះ។ សៀវភៅនោះគ្មានការសន្មតជាមុនថា អ្នកអានជឿថាមានអ្នកបង្កើតឬក៏អត់។ អ្នកដែលសង្ស័យនោះ នឹងត្រូវចាប់អារម្មណ៍នឹងរបៀបប្រើនូវការរកឃើញនិងគំនិតវិទ្យាសាស្ត្រថ្មីៗ។ ហេតុការណ៍បែបនេះ ក៏នឹងពង្រឹងសេចក្ដីជំនឿរបស់អ្នកដែលជឿថាមានព្រះដែរ។
២១ ក្នុងការសិក្សាសៀវភៅថ្មីនេះ នោះនឹងត្រូវឃើញថា ផ្នែកខ្លះៗផ្ដល់ការសង្ខេបនូវប្រវត្ដិសាស្ត្រព្រះគម្ពីរ តាមរបៀបមួយដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់ព្រះ ហើយដូច្នេះជួយអ្នកអានស្គាល់ព្រះច្បាស់ជាង។ មនុស្សជាច្រើនដែលបានអានសៀវភៅនោះហើយ បានប្រាប់ថានោះគឺជាពិតក្នុងករណីរបស់គេ។ សូមឲ្យនោះជាពិតចំពោះអ្នកដែរ កាលដែលអ្នកអានសៀវភៅនោះហើយប្រើវាដើម្បីជួយអ្នកដទៃស្គាល់អ្នកបង្កើតរបស់គេឲ្យបានប្រសើរឡើង។
[កំណត់សម្គាល់]
a បណ្ឌិតខាងសាសនាហ្សេហ្សីតម្នាក់ ឈ្មោះ មីកែល ក្រិនតោ ពេលដែលគាត់ធ្វើជាអគ្គនាយកនិពន្ធទស្សនាវដ្ដី ព្រះគម្ពីរកាតូលិកប្រចាំបីខែ បានអនុវត្តកិរិយាសព្ទហេព្រើរនេះ នូវអ្វីដែលគាត់បានមានប្រសាសន៍អំពីកិរិយាសព្ទដូចគ្នារបស់វា គឺថា«មិនដែលរួមបញ្ចូលគំនិតអំពីភាពមាននៅដ៏ស្រពិចស្រពិលទេ ក៏ប៉ុន្តែតែងតែសំដៅទៅការមាននៅឬក៏ការទៅជាតាមរយៈបាតុភូត ហើយបើនិយាយរួម សម្ដែងខ្លួនតាមរបៀបប្រាកដមួយ»។
b ពេលឪពុកម្ដាយរៀបរាប់ពីដំណើររឿងព្រះគម្ពីរមួយឲ្យពួកកូនរបស់គេ នោះគេអាចជួយកូនរបស់គេដោយការលើកឡើងនូវសំនួរបែបនេះ។ ដូចនេះ យុវជនអាចស្គាល់ព្រះ ព្រមទាំងរៀនឲ្យចេះរំពឹងគិតពីព្រះបន្ទូលរបស់ទ្រង់។
តើអ្នកបានកត់សម្គាល់ទេ?
◻ តើយ៉ាងដូចម្ដេចដែលលោកម៉ូសេបានស្គាល់ព្រះយេហូវ៉ាច្បាស់ជាងលើភ្នំស៊ីណាយ?
◻ ហេតុអ្វីការសិក្សាព្រះគម្ពីរគឺជាជំនួយមួយក្នុងការស្គាល់លក្ខណៈព្រះ?
◻ កាលយើងអានព្រះគម្ពីរ តើយើងអាចធ្វើអ្វីដើម្បីមានទំនាក់ទំនងស្និទ្ធជាងជាមួយអ្នកបង្កើត?
◻ តើតាមរបៀបណាដែលអ្នកមានបំណងប្រើសៀវភៅអ្នកបង្កើត?
[រូបភាពនៅទំព័រ២៧]
តើប្រព័ន្ធការពារទប់ទល់ជម្ងឺរបស់យើង នាំឲ្យគិតថាយ៉ាងម្ដេចអំពីអ្នកបង្កើត?
[រូបភាពនៅទំព័រ២៩]
ឯកសារសមុទ្រស្លាប់មួយផ្នែក ដោយធ្វើឲ្យអក្សរបួនតួតំណាងនាមព្រះ (ជាភាសាហេព្រើរ)លេចឡើង
[អ្នកផ្ដល់សិទ្ធិ]
Courtesy of the Shrine of the Book, Israel Museum, Jerusalem
[រូបភាពនៅទំព័រ៣១]
តើយើងអាចរៀនអ្វីពីការតបឆ្លើយរបស់ព្រះយេស៊ូចំពោះទុក្ខរបស់ម៉ារា?