ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ៩-១០
«ចូរសរសើរព្រះយេហូវ៉ាដោយសារប្រាជ្ញារបស់លោក»
w៩៩-E ១/៧ ទំ.៣០ វ.៦
នាងបានទទួលរង្វាន់ដ៏អស្ចារ្យតាមរយៈទស្សនកិច្ចរបស់នាង
ក្រោយជួបសាឡូម៉ូន មហាក្សត្រីស្រុកសេបាបានល្បងលគាត់ដោយសួរ«សំណួរជ្រៅៗ»ជាច្រើន។ (បណ្ដាស្ដេចទី១ ១០:១) ក្នុងភាសាហេប្រឺ ពាក្យនេះអាចមានន័យថា «ប្រស្នា»។ ប៉ុន្តែនេះមិនមានន័យថាសំណួរដែលមហាក្សត្រីនោះបានសួរសាឡូម៉ូនគឺជាសំណួរធម្មតានោះទេ។ គួរឲ្យចាប់អារម្មណ៍ នៅចម្រៀងសរសើរព្រះ ៤៩:៤ ប្រើពាក្យនោះដើម្បីពណ៌នាអំពីសំណួរសំខាន់ៗដែលទាក់ទងនឹងអំពើខុសឆ្គង សេចក្ដីស្លាប់ និងការលោះជីវិត។ ដូច្នេះ តាមមើលទៅមហាក្សត្រីស្រុកសេបាបានពិគ្រោះអំពីប្រធានបទដ៏ជ្រាលជ្រៅទាំងនេះដើម្បីដឹងអំពីជម្រៅនៃប្រាជ្ញារបស់សាឡូម៉ូន។ គម្ពីរចែងថានាង«សួរគាត់អំពីអ្វីៗទាំងអស់ដែលនាងចង់ដឹង»។ រួចសាឡូម៉ូនបាន«ឆ្លើយសំណួរទាំងអស់របស់នាង ហើយគ្មានសំណួរណាមួយដែលស្ដេចឆ្លើយមិនរួចនោះទេ»។—បណ្ដាស្ដេចទី១ ១០:២ខ, ៣
w៩៩-E ១/១១ ទំ.២០ វ.៦
ពេលដែលមានសេចក្ដីសប្បុរសជាបរិបូរ
មហាក្សត្រីកោតស្ញប់ស្ញែងយ៉ាងខ្លាំងដោយសារអ្វីដែលនាងបានឮនិងឃើញ ដូច្នេះនាងបាននិយាយថា៖ «ចំណែកពួកអ្នកបម្រើរបស់លោក ក៏មានសុភមង្គលដែរ! ព្រោះជារៀងរាល់ថ្ងៃ ពួកគេបានស្ដាប់សម្ដីរបស់លោកដែលប្រកបដោយប្រាជ្ញា»។ (បណ្ដាស្ដេចទី១ ១០:៤-៨) នាងមិនបាននិយាយថាអ្នកបម្រើរបស់សាឡូម៉ូនមានសុភមង្គលដោយសារពួកគេរស់នៅកន្លែងដ៏ប្រណីត និងសម្បូរទៅដោយទ្រព្យសម្បត្តិនោះទេ ប៉ុន្តែដោយសារតែពួកគេអាចស្ដាប់សាឡូម៉ូន ដែលមានប្រាជ្ញាពីព្រះរាល់ថ្ងៃ។ មហាក្សត្រីស្រុកសេបាគឺជាគំរូដ៏ល្អសម្រាប់រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ ដែលអាចទទួលប្រាជ្ញាដ៏បរិបូរពីព្រះដែលជាអ្នកបង្កើត និងយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក!
w៩៩-E ១/៧ ទំ.៣០-៣១
នាងបានទទួលរង្វាន់ដ៏អស្ចារ្យតាមរយៈទស្សនកិច្ចរបស់នាង
មហាក្សត្រីស្រុកសេបាបានកោតស្ងើចនឹងប្រាជ្ញាដ៏ឈ្លាសវៃរបស់សាឡូម៉ូន និងភាពចម្រុងចម្រើននៃរាជាណាចក្ររបស់គាត់ដែលបានធ្វើនាងទៅជា«ភាំងស្មារតី»។ (ពង្សាវតារក្សត្រទី១ [បណ្ដាស្ដេចទី១] ១០:៤, ៥; សមាគមព្រះគម្ពីរកម្ពុជា) អ្នកខ្លះរួមទាំងបណ្ឌិតម្នាក់បាននិយាយថានាងប្រហែលជាបានសន្លប់ទៀតផង! ទោះជាយ៉ាងណាក៏ដោយ នាងកោតស្ញប់ស្ញែងយ៉ាងខ្លាំងដោយសារអ្វីដែលនាងបានឮនិងឃើញ។ នាងបាននិយាយថាពួកអ្នកបម្រើរបស់លោកពិតជាមានសុភមង្គល ព្រោះជារៀងរាល់ថ្ងៃ ពួកគេបានស្ដាប់សម្ដីរបស់ស្ដេចដែលពោរពេញទៅដោយប្រាជ្ញា ហើយនាងបានសរសើរតម្កើងព្រះយេហូវ៉ាដែលបានជ្រើសរើសសាឡូម៉ូនឲ្យគ្រប់គ្រងជាស្ដេច។ ក្រោមមក នាងបានជូនអំណោយដែលមានតម្លៃទៅស្ដេច សូម្បីតែមាសប៉ុណ្ណោះគឺស្មើនឹង៤០លានដុល្លាអាម៉េរិកនៅសព្វថ្ងៃនេះ។ ស្ដេចសាឡូម៉ូនក៏បានជូនអំណោយដល់មហាក្សត្រីនោះវិញដែរ ដោយឲ្យ«អ្វីណាក៏ដោយដែលនាងចង់បាន»។—បណ្ដាស្ដេចទី១ ១០:៦-១៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៨-E ១/១១ ទំ.២២ វ.៤-៦
តើអ្នកដឹងទេ?
តើស្ដេចសាឡូម៉ូនមានមាសច្រើនប៉ុណ្ណា?
បទគម្ពីរចែងថាហ៊ីរ៉ាមជាស្ដេចនៃក្រុងទីរ៉ុសបានបញ្ជូនមាសបួនតោនទៅសាឡូម៉ូន ហើយក៏ប្រាប់ដែរថាមហាក្សត្រីស្រុកសេបាបានបញ្ជូនមាសចំនួនស្រដៀងនឹងនោះទៅសាឡូម៉ូនដែរ មិនត្រឹមតែប៉ុណ្ណោះសាឡូម៉ូនផ្ទាល់ក៏បាននាំចូលមាស១៥តោនពីស្រុកអូភាដែរ។ គម្ពីរចែងថា៖ «ក្នុងមួយឆ្នាំៗ សាឡូម៉ូនទទួលបានមាសទម្ងន់៦៦៦ថាលិន»ឬច្រើនជាង២៥តោន។ (បណ្ដាស្ដេចទី១ ៩:១៤, ២៨; ១០:១០, ១៤) តើនេះជាការពិតទេ? នៅសម័យមុន តើស្ដេចទុកមាសច្រើនប៉ុណ្ណា?
សិលាចារឹកពីសម័យបុរាណមួយដែលបណ្ឌិតគម្ពីរទុកចិត្តចែងថា ផារ៉ូ ធុតម៉ូសទី៣នៃស្រុកអេហ្ស៊ីប (ពីរពាន់ឆ្នាំមុនគ.ស.) បានជូនមាសចំនួន១៣.៥តោនទៅឯវិហាររបស់ព្រះអាមុនរ៉ានៅតំបន់ខាណាក់។ ក្នុងអំឡុងសតវត្សទី៨មុនគ.ស. ស្ដេចធីឡាតភីលីសឺទី៣ពីស្រុកអាសស៊ើរ បានទទួលមាសច្រើនជាងបួនតោនជាសួយអាករពីក្រុងទីរ៉ុស ហើយស្ដេចសាកនទី២ក៏បានផ្ដល់មាសចំនួនដូចគ្នាជាអំណោយទៅព្រះនៃស្រុកបាប៊ីឡូនដែរ។ ស្ដេចហ្វីលីពទី២នៃស្រុកម៉ាសេដូន (ឆ្នាំ៣៥៩-៣៣៦មុនគ.ស.) បានយកមាសច្រើនជា២៨តោនជារៀងរាល់ឆ្នាំពីអណ្ដូងរ៉ែនៅតំបន់នោះ។
ពេលអាឡិចសេនដឺដ៏ខ្លាំងក្លាដែលជាកូនរបស់ហ្វីលីព (ឆ្នាំ៣៣៦-៣២៣មុនគ.ស.) បានចាប់យកទីក្រុងស៊ូសានៅស្រុកពើស៊ី គេបានថាគាត់បានយកមាសប្រហែល១.១៨០តោនពីទីក្រុងនោះ ហើយជិត៧.០០០តោនពីស្រុកពើស៊ីទាំងមូល។ ដូច្នេះ ពេលយើងប្រៀបធៀបចំនួនខាងលើ នោះការរៀបរាប់ក្នុងគម្ពីរស្ដីអំពីចំនួនមាសនៃស្ដេចសាឡូម៉ូនគឺជាព័ត៌មានត្រឹមត្រូវ។
ថ្ងៃទី១៩-២៥ ខែកញ្ញា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w១០-E ១/៧ ទំ.២៩ វ.៥
លោកស្វែងរកលក្ខណៈល្អរបស់យើង
ពាក្យក្នុងសៀវភៅបណ្ដាស្ដេចទី១ ១៤:១៣បង្រៀនយើងពីមេរៀនដ៏សំខាន់មួយស្ដីអំពីព្រះយេហូវ៉ានិងអ្វីដែលលោកស្វែងរកក្នុងចិត្តយើង។ សូមចាំថា លោករក«ឃើញ»សេចក្ដីល្អខ្លះពីអាប៊ីយ៉ា។ តាមមើលទៅ ព្រះយេហូវ៉ាបានពិនិត្យមើលចិត្តអាប៊ីយ៉ារហូតដល់លោកបានរកឃើញសេចក្ដីល្អខ្លះក្នុងចិត្តរបស់គាត់។ បណ្ឌិតម្នាក់បាននិយាយថា ពេលប្រៀបធៀបអាប៊ីយ៉ាទៅនឹងក្រុមគ្រួសាររបស់គាត់ អាប៊ីយ៉ាគឺប្រៀបដូចជាគជ់ខ្យងដែល«ស្ថិតក្នុងដុំថ្ម»។ ព្រះយេហូវ៉ាពេញចិត្តចំពោះសេចក្ដីល្អរបស់អាប៊ីយ៉ា ហើយលោកបានផ្ដល់រង្វាន់ដល់គាត់ដោយបង្ហាញសេចក្ដីមេត្តាករុណា ទោះបីជាក្រុមគ្រួសាររបស់គាត់ទុច្ចរិតក៏ដោយ។
ថ្ងៃទី២៦ ខែកញ្ញា–ថ្ងៃទី២ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ១៥-១៦
«អេសាបានប្រព្រឹត្តដោយក្លាហាន ចុះអ្នកវិញ?»
it-1-E ទំ.១៨៤-១៨៥
អេសា
ទោះជាជួនកាល អេសាមិនសូវមានប្រាជ្ញាហើយមិនសូវយល់ច្បាស់ពីគំនិតរបស់ព្រះក្ដី តែគាត់មានគុណសម្បត្តិល្អហើយមិនគោរពប្រណិប័តន៍រូបព្រះទេ ហើយចំណុចល្អទាំងនេះបានលេចធ្លោជាងកំហុសឆ្គងរបស់គាត់។ គាត់បានត្រូវចាត់ទុកថាជាស្ដេចដែលស្មោះត្រង់ក្នុងចំណោមស្ដេចឯទៀតក្នុងស្រុកយូដា។ (២ប្រ. ១៥:១៧) ក្នុងរយ:ពេល៤១ឆ្នាំនៃការគ្រប់គ្រងរបស់អេសា នោះជាពេលនៃការគ្រប់គ្រងដំណាលគ្នាជាមួយស្ដេច៨អង្គទៀតនៃអ៊ីស្រាអែលដូចជា៖ យេរ៉ូបោម ណាដាប បាអាសា អេឡា ស៊ីមរី អំរី ធីបណាយ (ជាអ្នកដែលគ្រប់គ្រងនៅតំបន់មួយដើម្បីប្រឆាំងនឹងស្ដេចអំរី) និងអាហាប់។ (១បស. ១៥:៩, ២៥, ៣៣; ១៦:៨, ១៥, ១៦, ២១, ២៣, ២៩) ក្រោយពីអេសាបានស្លាប់ កូនប្រុសរបស់គាត់យេហូសាផាតបានគ្រប់គ្រងជាស្ដេច។—១បស. ១៥:២៤
ថ្ងៃទី៣-៩ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ១៧-១៨
«តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត?»
ia-E ទំ.៨៨ វ.១៥
គាត់បានកាន់ជំហរខាងការគោរពប្រណិប័តន៍ពិត
១៥ ពួកសង្ឃរបស់ព្រះបាលបានចាប់ផ្ដើមអង្វរសុំព្រះបាលយ៉ាងខ្លាំងដោយ«ពួកគេស្រែកកាន់តែខ្លាំងឡើងៗ រួចយកកាំបិតមកឆូតសាច់តាមទម្លាប់របស់ពួកគេ រហូតដល់ហូរឈាមពេញខ្លួន»។ តែគ្មានប្រយោជន៍សោះ ពីព្រោះ«គ្មានឮសំឡេងឬចម្លើយតបមកវិញទេ ហើយក៏គ្មានអ្នកណាស្ដាប់ដែរ»។ (១បស. ១៨:២៨, ២៩) តាមពិតគឺគ្មានចម្លើយទេ ដោយសារព្រះបាលមិនមែនជាព្រះពិត។ សាថានបានបង្កើតព្រះនោះដើម្បីបង្វែរមនុស្សចេញពីព្រះយេហូវ៉ា។ ការជ្រើសរើសម្ចាស់ក្រៅពីព្រះយេហូវ៉ា នឹងនាំមកនូវការខកចិត្តនិងការអាម៉ាស។—សូមអាន ចម្រៀងសរសើរព្រះ ២៥:៣; ១១៥:៤-៨
ia-E ទំ.៩០ វ.១៨
គាត់បានកាន់ជំហរខាងការគោរពប្រណិប័តន៍ពិត
១៨ មុនអេលីយ៉ាចាប់ផ្ដើមអធិដ្ឋានបណ្ដាជនបានឆ្ងល់ថា តើព្រះយេហូវ៉ាគឺជាព្រះពិត ឬជាព្រះក្លែងក្លាយដូចជាព្រះបាល។ ក្រោយពីបានអធិដ្ឋានហើយ គឺគ្មានការសង្ស័យទាល់តែសោះ។ គម្ពីរបានចែងថា៖ «ខណៈនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះគ្រឿងបូជា អុស ថ្ម និងដី ថែមទាំងធ្វើឲ្យទឹកក្នុងប្រឡាយរីងស្ងួតអស់ទៅ»។ (បណ្ដាស្ដេចទី១ ១៨:៣៨) នេះគឺពិតជាចម្លើយដ៏អស្ចារ្យមែន! ហើយតើបណ្ដាជនបានតបឆ្លើយយ៉ាងណា?
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៨-E ១/៤ ទំ.១៩, ប្រអប់
គាត់ចាំមើល ហើយរង់ចាំ
តើគ្រោះរាំងស្ងួតនៅសម័យអេលីយ៉ាមានរយ:ពេលយូរប៉ុណ្ណា?
អេលីយ៉ាដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានប្រកាសប្រាប់អាហាប់ថា គ្រោះរាំងស្ងួតនឹងមកដល់ទីបញ្ចប់ឆាប់ៗ។ នោះបានកើតឡើង«នៅឆ្នាំទី៣» ដែលរាប់ចាប់តាំងពីថ្ងៃដំបូងដែលអេលីយ៉ាបានប្រកាសអំពីគ្រោះរាំងស្ងួត។ (១បស. ១៨:១) អេលីយ៉ាបានប្រកាសថាព្រះយេហូវ៉ានឹងបង្អុរភ្លៀង ហើយភ្លាមៗលោកបានធ្វើដូច្នោះមែន។ អ្នកខ្លះសន្និដ្ឋានថា គ្រោះរាំងស្ងួតបានបញ្ចប់ក្នុងឆ្នាំទី៣ ដូច្នេះនេះមានន័យថាគឺតិចជាងបីឆ្នាំ។ ប៉ុន្តែ លោកយេស៊ូនិងយ៉ាកុបបានប្រាប់ថាគ្រោះរាំងស្ងួតនោះបានចប់នៅ«បីឆ្នាំកន្លះ»។ (លូក. ៤:២៥; យ៉ា. ៥:១៧) តើព័ត៌មានទាំងនេះប្រឆាំងគ្នាឬ?
មិនមែនទេ។ រដូវប្រាំងនៅអ៊ីស្រាអែលសម័យបុរាណគឺពិតជាមានរយ:ពេលយូររហូតដល់៦ខែ។ កាលដែលអេលីយ៉ាបានប្រកាសប្រាប់អាហាប់អំពីគ្រោះរាំងស្ងួត គឺនៅពេលដែលរដូវប្រាំងមានរយ:ពេលយូរជាងធម្មតារួចទៅហើយ។ នេះមានន័យថា គ្រោះរាំងស្ងួតបានចាប់ផ្ដើមជិតពាក់កណ្ដាលឆ្នាំរួចទៅហើយ។ ដូច្នេះ នៅពេលដែលអេលីយ៉ាប្រកាសអំពីទីបញ្ចប់នៃគ្រោះរាំងស្ងួត«នៅឆ្នាំទី៣»ចាប់តាំងពីការប្រកាសលើកដំបូងរបស់គាត់ គ្រោះរាំងស្ងួតបានកើតមានអស់ជិតបីឆ្នាំកន្លះរួចទៅហើយ។ ដូច្នេះពេលបណ្ដាជនជួបជុំគ្នាដើម្បីមើលការល្បងលនៅភ្នំកើមែល នោះគ្រា«បីឆ្នាំកន្លះ» បានកន្លងផុតរួចទៅហើយ។
សូមពិចារណាអំពីពេលវេលាដែលអេលីយ៉ាបានទៅជួបអាហាប់នៅលើកទី១។ បណ្ដាជនជឿថាព្រះបាលនឹងបង្អុរភ្លៀងដើម្បីបញ្ចប់គ្រោះរាំងស្ងួត។ បើសិនជារដូវប្រាំងមានរយ:យូរជាងធម្មតា បណ្ដាជនច្បាស់ជាឆ្ងល់ថា ‹តើព្រះបាលនៅឯណា? តើពេលណាលោកនឹងបង្អុរភ្លៀង?›។ ការប្រកាសរបស់អេលីយ៉ាថានឹងគ្មានសន្សើមឬភ្លៀងលើកលែងតែគាត់បង្គាប់ឲ្យមាន ច្បាស់ជាបានបំបាក់ទឹកចិត្តអស់អ្នកដែលគោរពប្រណិប័តន៍ព្រះបាល។—បណ្ដាស្ដេចទី១ ១៧:១
ថ្ងៃទី១០-១៦ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ១៩-២០
«ចូរពឹងទៅលើព្រះយេហូវ៉ាដើម្បីទទួលការសម្រាលទុក្ខ»
ia-E ទំ.១០៣ វ.១៣
គាត់បានទទួលការសម្រាលទុក្ខពីព្រះរបស់គាត់
១៣ តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលលោកឃើញអ្នកប្រកាសទំនាយជាទីស្រឡាញ់របស់លោក កំពុងដេកក្រោមដើមឈើ ហើយសុំឲ្យខ្លួនស្លាប់? យើងច្បាស់ជាដឹងចម្លើយ។ ក្រោយពីអេលីយ៉ាបានដេកលក់ ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឲ្យមកជួបគាត់។ ទេវតានោះបានដាស់គាត់ថ្នមៗហើយនិយាយថា៖ «ចូរក្រោកឡើងបរិភោគសិន»។ ហើយអេលីយ៉ាក៏បានធ្វើដូច្នោះ ដោយសារទេវតាបានរៀបចំអាហារសម្រាប់គាត់ដែលមាននំដុតក្ដៅៗនិងទឹកមួយក្អម។ តើគាត់បានអរគុណទេវតានោះទេ? កំណត់ហេតុនោះគ្រាន់តែប្រាប់ថា គាត់បានបរិភោគ ផឹក រួចក៏ដេកទៅវិញ។ តើគាត់ពិតជាធ្លាក់ទឹកចិត្តខ្លាំងរហូតដល់មិនអាចនិយាយបានឬ? ទោះជាយ៉ាងណាក៏ដោយ ទេវតាបានដាស់គាត់ម្ដងទៀតជាលើកទី២ប្រហែលនៅពេលព្រលឹម។ ម្ដងទៀត គាត់បានប្រាប់អេលីយ៉ាថា៖ «ចូរក្រោកឡើងបរិភោគសិន» ហើយទេវតានោះក៏បានបន្ថែមពាក្យដ៏គួរឲ្យលើកទឹកចិត្តដែលថា៖ «ផ្លូវដែលអ្នកត្រូវធ្វើដំណើរនោះឆ្ងាយហួសពីកម្លាំងរបស់អ្នក»។—១បស. ១៩:៥-៧
ia-E ទំ.១០៦ វ.២១
គាត់បានទទួលការសម្រាលទុក្ខពីព្រះរបស់គាត់
២១ ក្នុងកំណត់ហេតុនីមួយៗជួយរំលឹកយើងថា ព្រះយេហូវ៉ាគឺមិនរស់នៅក្នុងកម្លាំងធម្មជាតិនោះទេ។ អេលីយ៉ាដឹងថាព្រះយេហូវ៉ាគឺមិនដូចព្រះបាល ជាព្រះមិនពិតដែលអ្នកគោរពប្រណិប័តន៍ព្រះនោះជឿថារស់នៅក្នុងធម្មជាតិ និង«នៅលើពពក»ឬជាព្រះនៃទឹកភ្លៀងឡើយ។ ព្រះយេហូវ៉ាគឺជាប្រភពនៃកម្លាំងទាំងអស់ក្នុងធម្មជាតិ ហើយលោកគឺខ្លាំងក្លាជាងអ្វីទាំងអស់ដែលលោកបានបង្កើត។ សូម្បីតែស្ថានសួគ៌ក៏មិនល្មមសម្រាប់ព្រះយេហូវ៉ាផង! (១បស. ៨:២៧) តើអ្វីទាំងនេះបានជួយអេលីយ៉ាយ៉ាងដូចម្ដេច? សូមចាំពីការភ័យខ្លាចរបស់គាត់។ ដោយមានជំនួយពីព្រះយេហូវ៉ា ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត នោះអេលីយ៉ាមិនចាំបាច់ភ័យខ្លាចអាហាប់និងយេសិបិលទាល់តែសោះ!—សូមអាន ចម្រៀងសរសើរព្រះ ១១៨:៦
ia-E ទំ.១០៦ វ.២២
គាត់បានទទួលការសម្រាលទុក្ខពីព្រះរបស់គាត់
២២ ក្រោយពីភ្លើងបានរលត់ ក៏ចាប់ផ្ដើមមានសភាពស្ងប់ស្ងាត់ ហើយអេលីយ៉ាក៏បានឮ«សំឡេងស្រាលស្រទន់»។ សំឡេងនោះបានអញ្ជើញអេលីយ៉ាឲ្យនិយាយពីអារម្មណ៍របស់គាត់ ហើយគាត់បានធ្វើដូច្នោះមែន ដោយប្រាប់ពីកង្វល់កង្វាយរបស់គាត់ជាលើកទី២។ ប្រហែលនេះបានជួយឲ្យគាត់ធូរចិត្តច្រើនជាង។ មិនត្រឹមតែប៉ុណ្ណោះ អេលីយ៉ាបានទទួលការសម្រាលទុក្ខថែមទៀតនៅពេលដែល«សំឡេងស្រាលស្រទន់»នោះបានប្រាប់អ្វីបន្ទាប់មក។ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តអេលីយ៉ាថាគាត់មានតម្លៃខ្លាំងណាស់ចំពោះលោក។ តើតាមរបៀបណា? ព្រះបានបើកបង្ហាញពីគោលបំណងរបស់លោក ស្ដីអំពីសង្គ្រាមដែលលោកនឹងធ្វើជាមួយពួកអ្នកគោរពប្រណិប័តន៍ព្រះបាលក្នុងស្រុកអ៊ីស្រាអែល។ ជាការពិតណាស់ កិច្ចការដែលអេលីយ៉ាបានធ្វើពីមុនគឺមិនអត់ប្រយោជន៍នោះទេ ដោយសារគោលបំណងរបស់ព្រះកំពុងតែដំណើរការ។ បន្ថែមទៅទៀត អេលីយ៉ានៅតែមានតួនាទីសំខាន់ក្នុងការធ្វើឲ្យគោលបំណងរបស់ព្រះយេហូវ៉ាបានសម្រេច ព្រោះព្រះបានផ្ដល់ភារកិច្ចឲ្យគាត់ ហើយបញ្ជូនគាត់ទៅវិញដោយផ្ដល់ការណែនាំជាក់លាក់។—១បស. ១៩:១២-១៧
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w៩៧-E ១/១១ ទំ.៣១ វ.២
គំរូស្ដីអំពីការលះបង់ប្រយោជន៍ផ្ទាល់ខ្លួននិងការបង្ហាញភក្ដីភាព
អ្នកបម្រើរបស់ព្រះជាច្រើននាក់នៅសព្វថ្ងៃនេះ ក៏បានបង្ហាញពីការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដែរ។ អ្នកខ្លះបានលះបង់«ស្រែចម្ការ» ការចិញ្ចឹមជីវិត ដើម្បីផ្សព្វផ្សាយដំណឹងនៅតំបន់ឆ្ងាយ ឬបម្រើជាសមាជិកក្រុមគ្រួសារបេតអែល។ អ្នកខ្លះបានធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមគម្រោងសាងសង់របស់អង្គការជាដើម។ បងប្អូនជាច្រើននាក់បានធ្វើការងារដែលមនុស្សជាច្រើនមិនសូវឲ្យតម្លៃ។ ប៉ុន្តែ គ្មានអ្នកបម្រើណាម្នាក់របស់ព្រះយេហូវ៉ា ធ្វើការងារដែលគ្មានតម្លៃនោះទេ។ ព្រះយេហូវ៉ាពិតជាដឹងគុណចំពោះអ្នកបម្រើស្ម័គ្រចិត្តទាំងអស់របស់លោក ហើយលោកនឹងផ្ដល់ពរចំពោះការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។—ម៉ាកុស ១០:២៩, ៣០
ថ្ងៃទី១៧-២៣ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី១ ២១-២២
«ចូរយកតម្រាប់តាមរបៀបដែលព្រះយេហូវ៉ាប្រើអំណាចរបស់លោក»
it-2-E ទំ.២១
ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌
ពេលយ៉ូស្វេឃើញទេវតានៅជិតក្រុងយេរីខូ ហើយសួរទេវតានោះថាគាត់នៅខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ ទេវតានោះឆ្លើយថា៖ «ទេ ខ្ញុំមកក្នុងនាមជាមេទ័ពរបស់ព្រះយេហូវ៉ា»។ (យ៉ូស. ៥:១៣-១៥) អ្នកប្រកាសទំនាយមីកាយ៉ាបាននិយាយប្រាប់ស្ដេចអាហាប់ និងស្ដេចយេហូសាផាតថា៖ «ខ្ញុំបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្ករបស់លោក ដោយមានបណ្ដាកងទ័ពនៅស្ថានសួគ៌ឈរនៅខាងឆ្វេងនិងខាងស្ដាំលោក» ដែលសំដៅយ៉ាងច្បាស់ទៅលើទេវតាទាំងឡាយរបស់ព្រះយេហូវ៉ា។ (១បស. ២២:១៩-២១) ការប្រើពាក្យ«ព្រះយេហូវ៉ានៃបណ្ដាកងទ័ពនៅស្ថានសួគ៌»គឺត្រឹមត្រូវ ដោយសារទេវតាបានត្រូវបែងចែកជាក្រុមផ្សេងៗដូចជាចេរូប៊ីន សេរភីម និងទេវតាឯទៀត (អេ. ៦:២, ៣; ដក. ៣:២៤; បប. ៥:១១) ហើយក៏បានត្រូវរៀបចំជាកងៗដែរ។ ហេតុនេះហើយបានជាលោកយេស៊ូគ្រិស្តមានប្រសាសន៍ថាបិតាលោកអាចហៅ«ទេវតា១២កងពល»មកបាន។ (ម៉ាថ. ២៦:៥៣) ក្នុងសេចក្ដីអង្វរសុំរបស់ហេសេគាទៅព្រះយេហូវ៉ា គាត់បាននិយាយថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ លោកជាព្រះដែលអង្គុយលើបល្ល័ង្កលើបណ្ដាចេរូប៊ីន»។ ដូច្នេះនេះសំដៅទៅលើហឹបនៃកិច្ចព្រមព្រៀង និងចេរូប៊ីនដែលនៅលើគំរបនៃហឹបនោះ ដែលតំណាងបល្ល័ង្ករបស់ព្រះយេហូវ៉ានៅស្ថានសួគ៌។ (អេ. ៣៧:១៦; សូមពិនិត្យបន្ថែម ១សាំ. ៤:៤; ២សាំ. ៦:២) អ្នកបម្រើរបស់អេលីសេដែលភ័យខ្លាចបានទទួលកម្លាំងចិត្ត ពេលឃើញអ្វីដែលព្រះបានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិត។ គាត់បានឃើញតំបន់ភ្នំមាន«ពេញទៅដោយទ័ពសេះភ្លើងនិងទ័ពរទេះចម្បាំងភ្លើង» ដែលជាផ្នែកមួយនៃបណ្ដាកងទ័ពរបស់ព្រះយេហូវ៉ា។—២បស. ៦:១៥-១៧
it-2-E ទំ.២៤៥
ការកុហក
ព្រះយេហូវ៉ាអនុញ្ញាតឲ្យ«ឥទ្ធិពលដែលបោកបញ្ឆោត» មកបំភាន់ពួកអ្នកដែលចូលចិត្តសេចក្ដីមិនពិត «ដើម្បីឲ្យពួកគេជឿការភូតភរ» ជាជាងដំណឹងល្អអំពីលោកយេស៊ូគ្រិស្ត។ (២ថែ. ២:៩-១២) គោលការណ៍នេះបានត្រូវឃើញក្នុងអ្វីដែលកើតឡើងរាប់រយឆ្នាំមុន ចំពោះស្ដេចអាហាប់ដែលជាស្ដេចរបស់ជនជាតិអ៊ីស្រាអែល។ អ្នកប្រកាសទំនាយមិនពិតបានធានានឹងអាហាប់ថាគាត់នឹងទទួលជោគជ័យបើគាត់ទៅច្បាំងនៅឯរ៉ាម៉ូតគីលាត កាលដែលមីកាយ៉ាដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាបានប្រាប់ថាគាត់នឹងបរាជ័យ។ តាមរយៈការឃើញក្នុងគំនិតរបស់មីកាយ៉ា ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យទេវតា«ដាក់ពាក្យបញ្ឆោត»ក្នុងមាត់អ្នកប្រកាសទំនាយរបស់អាហាប់។ នេះមានន័យថា ទេវតានោះបានប្រើអំណាចរបស់ខ្លួនទៅលើអ្នកប្រកាសទំនាយដើម្បីធ្វើឲ្យពួកគេនិយាយអ្វីដែលមិនមែនជាការពិត តែនិយាយតាមអ្វីដែលពួកគេចង់និយាយនិងជាអ្វីដែលអាហាប់ចង់ស្ដាប់ទៅវិញ។ ទោះជាអាហាប់បានទទួលការព្រមានស្ដីអំពីរឿងនេះក្ដី តែគាត់នៅតែចង់ស្ដាប់ពាក្យកុហករបស់ពួកគេ ហើយនៅទីបំផុតគាត់បានស្លាប់។—១បស. ២២:១-៣៨; ២ប្រ. ១៨
ថ្ងៃទី៣១ ខែតុលា–ថ្ងៃទី៦ ខែវិច្ឆិកា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៦៩៧ វ.២
អ្នកប្រកាសទំនាយ
«កូនចៅអ្នកប្រកាសទំនាយ»។ ពាក្យជាភាសាហេប្រឺដែលបានត្រូវបកប្រែថាកូនចៅអាចមានន័យថា «សមាជិកនៃសហគមន៍ណាមួយ (ឬកុលសម្ព័ន្ធ ឬឋានៈជាក់លាក់ណាមួយ)»។ ដូច្នេះ«កូនចៅអ្នកប្រកាសទំនាយ»តាមមើលទៅសំដៅលើសាលាមួយដែលបង្រៀនពួកអ្នកប្រកាសទំនាយ ឬសំដៅលើក្រុមរបស់អ្នកប្រកាសទំនាយ។ ក្រុមអ្នកប្រកាសទំនាយបែបនេះបានត្រូវរៀបរាប់នៅកន្លែងមួយចំនួនដូចជានៅ បេតអែល ក្រុងយេរីខូ និងក្រុងគីលកាលជាដើម។ (២បស. ២:៣, ៥; ៤:៣៨; សូមពិនិត្យបន្ថែម ១សាំ. ១០:៥, ១០) សាំយូអែលបាននាំមុខក្រុមអ្នកប្រកាសទំនាយមួយនៅក្រុងរ៉ាម៉ា (១សាំ. ១៩:១៩, ២០) ហើយអេលីសេប្រហែលជាមានតួនាទីដូចគ្នានៅសម័យគាត់។ (២បស. ៤:៣៨; ៦:១-៣; សូមពិនិត្យបន្ថែម ១បស. ១៨:១៣) ក្នុងកំណត់ហេតុក៏បានបញ្ជាក់ថា ពួកគេបានសង់កន្លែងស្នាក់នៅដោយខ្លួនឯង ហើយបានខ្ចីឧបករណ៍ប្រើប្រាស់ពីអ្នកឯទៀត ដែលនេះបញ្ជាក់ថាពួកគេមានជីវិតរស់នៅដែលសាមញ្ញ។ ទោះជាពួកគេស្នាក់នៅកន្លែងជាមួយគ្នានិងបរិភោគអាហារជាមួយគ្នាក្ដី ប៉ុន្តែពួកគេអាចទទួលភារកិច្ចក្នុងការប្រកាសទំនាយរៀងៗខ្លួន។—១បស. ២០:៣៥-៤២; ២បស. ៤:១, ២, ៣៩; ៦:១-៧; ៩:១, ២