អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
ស្តេចស្រុកស៊ីរីចង់ស្វែងរក ហើយចាប់ខ្លួនអេលីសេដែលជាអ្នកប្រកាសទំនាយរបស់ព្រះ។ គាត់បានឮថាអេលីសេនៅក្រុងដូថាន់ ជាក្រុងមួយដែលមានកំពែងព័ទ្ធជុំវិញ ដែលនៅលើកំពូលភ្នំ។ ក្នុងអំឡុងពេលយប់ ស្តេចស៊ីរីបានចាត់កងទ័ពរបស់គាត់ ព្រមទាំងសេះ និងរទេះចម្បាំងទៅក្រុងដូថាន់។ ពេលថ្ងៃរះ ពួកគេបានឡោមព័ទ្ធក្រុងនោះ។—២ព. ៦:១៣, ១៤
ពេលអ្នកបម្រើរបស់អេលីសេភ្ញាក់ឡើងហើយចេញទៅខាងក្រៅ គាត់បានឃើញកងទ័ពរបស់សត្រូវ ហើយបានចាប់ផ្ដើមភ័យខ្លាច។ គាត់បានស្រែកថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្ដេច?»។ អេលីសេបាននិយាយថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ បន្ទាប់មកអ្នកប្រកាសទំនាយនេះបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ»។ កំណត់ហេតុនោះចែងតទៅទៀតថា៖ «ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះមានពេញដោយពលសេះ នឹងរទេះចំបាំងដែលសុទ្ធតែជាភ្លើងនៅព័ទ្ធជុំវិញអេលីសេ»។ (២ព. ៦:១៥-១៧) តើយើងរៀនអ្វីពីព្រឹត្ដិការណ៍នេះនិងព្រឹត្ដិការណ៍ផ្សេងទៀតក្នុងជីវិតរបស់អេលីសេ?
អេលីសេមានចិត្តស្ងប់ពេលប្រឈមមុខនឹងការឡោមព័ទ្ធរបស់កងទ័ពស៊ីរី ដោយសារគាត់បានទុកចិត្តលើព្រះយេហូវ៉ា ហើយបានឃើញព្រះប្រើឫទ្ធានុភាពរបស់លោកដើម្បីការពារគាត់។ សព្វថ្ងៃនេះយើងមិនរំពឹងថាព្រះធ្វើអព្ភូតហេតុឡើយ ប៉ុន្តែយើងពិតជាដឹងថាព្រះយេហូវ៉ាកំពុងការពាររាស្ត្ររបស់លោកជាក្រុម។ នេះគឺហាក់ដូចជាយើងអាចឃើញសេះនិងរទេះចម្បាំងដែលសុទ្ធតែជាភ្លើងកំពុងការពារយើង។ ប្រសិនបើយើងមានជំនឿថាព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក ហើយបើយើងទុកចិត្តលើលោកជានិច្ច យើងនឹងមានអារម្មណ៍ថាយើងមានសុវត្ថិភាព ហើយយើងនឹងទទួលពរពីលោក។ (ទំនុក. ៤:៨) សូមយើងពិចារណាអំពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីព្រឹត្ដិការណ៍ឯទៀតដែលបានកើតឡើងក្នុងជីវិតរបស់អេលីសេ។
អេលីសេចាប់ផ្ដើមបម្រើអេលីយ៉ា
នៅគ្រាមួយ ពេលដែលអេលីសេកំពុងភ្ជួរស្រែ អ្នកប្រកាសទំនាយអេលីយ៉ាបានមកជួបគាត់ ហើយបោះអាវអ្នកប្រកាសទំនាយរបស់គាត់ទៅលើអេលីសេ។ អេលីសេបានដឹងថានេះមានន័យយ៉ាងណា។ គាត់បានអញ្ជើញមិត្តភក្ដិរបស់គាត់មកជប់លៀងយ៉ាងធំមួយ ជម្រាបលាឪពុកម្ដាយ ហើយចាកចេញពីផ្ទះតាមអេលីយ៉ា។ (១ព. ១៩:១៦, ១៩-២១) ដោយសារអេលីសេបានស្ម័គ្រចិត្តធ្វើអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាចង់ឲ្យគាត់ធ្វើ ព្រះយេហូវ៉ាអាចប្រើគាត់តាមរបៀបជាច្រើន ហើយក្រោយមកលោកបានតែងតាំងគាត់ឲ្យធ្វើជាអ្នកប្រកាសទំនាយជំនួសអេលីយ៉ា។
អេលីសេបានបម្រើអេលីយ៉ាប្រហែលជាអស់៦ឆ្នាំ។ ក្នុងអំឡុងពេលនោះ អេលីសេជាអ្នកដែលបាន«ចាក់ទឹកលាងដៃអេលីយ៉ា»។ (២ព. ៣:១១) នៅសម័យនោះ មនុស្សមានទម្លាប់បរិភោគដោយប្រើដៃ មិនមែនប្រើសមឬកាំបិតឬសម្ភារឯទៀតឡើយ។ ក្រោយបរិភោគអាហារ អ្នកបម្រើម្នាក់ចាក់ទឹកលាងដៃឲ្យម្ចាស់របស់គាត់។ ដូច្នេះយ៉ាងហោចណាស់ការងារខ្លះរបស់អេលីសេគឺជាការងារអន់ថយនិងគួរឲ្យធុញទ្រាន់។ ប៉ុន្តែ គាត់បានចាត់ទុកកិច្ចការនេះជាឯកសិទ្ធិ ដោយធ្វើជាអ្នកបម្រើរបស់អេលីយ៉ា។
សព្វថ្ងៃនេះ គ្រិស្តសាសនិកជាច្រើននាក់ចាប់ផ្ដើមបំពេញកិច្ចបម្រើពេញពេលតាមរបៀបផ្សេងៗ។ ហេតុអ្វីពួកគេធ្វើដូច្នេះ? ដោយសារពួកគេមានជំនឿទៅលើព្រះយេហូវ៉ា ហើយចង់បម្រើលោកអស់ពីសមត្ថភាព។ ភារកិច្ចខ្លះតម្រូវឲ្យពួកគេចាកចេញពីផ្ទះ ដើម្បីធ្វើកិច្ចការផ្សេងៗដូចជា បម្រើនៅបេតអែល បម្រើខាងផ្នែកគម្រោងសាងសង់ និងកិច្ចការផ្សេងៗទៀតដែលមនុស្សជាច្រើនប្រហែលជាចាត់ទុកថាជាការងារអន់ថយនិងគួរឲ្យធុញទ្រាន់។ គ្រិស្តសាសនិកមិនគួរចាត់ទុកកិច្ចបម្រើបែបនេះថាមិនសំខាន់ឬថោកទាបឡើយ ពីព្រោះព្រះយេហូវ៉ាឲ្យតម្លៃទៅលើកិច្ចការទាំងនេះ។—ហេ. ៦:១០
អេលីសេបំពេញភារកិច្ចរបស់គាត់យ៉ាងខ្ជាប់ខ្ជួន
មុនព្រះ«លើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច» លោកបានចាត់អ្នកប្រកាសទំនាយនេះឲ្យចេញពីក្រុងគីលកាលទៅក្រុងបេតអែល។ អេលីយ៉ាបានប្រាប់មិនឲ្យអេលីសេទៅជាមួយគាត់ឡើយ ប៉ុន្តែអេលីសេបានតបឆ្លើយថា៖ «ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ កាលដែលពួកគាត់បានបន្តដំណើរ អេលីយ៉ាបានតឿនអេលីសេពីរដងទៀតកុំឲ្យបន្តដំណើរជាមួយគាត់ ប៉ុន្តែអេលីសេមិនបានយល់ព្រមឡើយ។ (២ព. ២:១-៦) អេលីសេបង្ហាញភក្ដីភាពដោយនៅជាប់ជាមួយអេលីយ៉ា ដូចរូថនៅជាប់នឹងន៉ាអូមី។ (រស់. ១:៨, ១៦, ១៧) ហេតុអ្វី? តាមមើលទៅគឺដោយសារអេលីសេបានឲ្យតម្លៃទៅលើឯកសិទ្ធិរបស់គាត់ដែលព្រះបានប្រគល់ឲ្យ គឺការធ្វើជាអ្នកបម្រើរបស់អេលីយ៉ា។
អេលីសេគឺជាគំរូដ៏ល្អសម្រាប់យើង។ ប្រសិនបើយើងទទួលឯកសិទ្ធិខ្លះក្នុងអង្គការរបស់ព្រះ យើងនឹងឲ្យតម្លៃយ៉ាងខ្លាំងទៅលើឯកសិទ្ធិនេះ ប្រសិនបើយើងចាំជានិច្ចថាយើងកំពុងបម្រើព្រះយេហូវ៉ា។ គ្មានឯកសិទ្ធិណាប្រសើរជាងឯកសិទ្ធិនេះឡើយ។—ទំនុក. ៦៥:៤; ៨៤:១០
«ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង»
កាលដែលបុរសទាំងពីរនាក់កំពុងធ្វើដំណើរ អេលីយ៉ាបាននិយាយទៅអេលីសេថា៖ «ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ»។ អេលីសេបានឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំដល់ទៅ២ភាគ»។ ដូចសាឡូម៉ូនបានសុំជាច្រើនឆ្នាំមុន អេលីសេបានសុំអ្វីដែលអាចជួយគាត់ឲ្យបម្រើព្រះយេហូវ៉ាបានប្រសើរជាង។ (១ព. ៣:៥, ៩; ២ព. ២:៩) នៅអ៊ីស្រាអែល កូនប្រុសទី១របស់បុរសម្នាក់នឹងទទួលចំណែកនៃមត៌កមួយទ្វេជាពីរ។ (ចោ. ២១:១៥-១៧) ដូច្នេះ អេលីសេបានសុំធ្វើជាអ្នកទទួលមត៌ករបស់អេលីយ៉ា ឬធ្វើជាអ្នកប្រកាសទំនាយជំនួសអេលីយ៉ា។ ម្យ៉ាងទៀត តាមមើលទៅអេលីសេចង់មានចិត្តក្លាហានដូចអេលីយ៉ា ដែល«មានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា»។—១ព. ១៩:១៣, ១៤
តើអេលីយ៉ាបានឆ្លើយតបនឹងសំណូមពររបស់គាត់យ៉ាងណា? អ្នកប្រកាសទំនាយនេះបាននិយាយថា៖ «ឯងបានសូមសេចក្ដីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ»។ (២ព. ២:១០) តាមមើលទៅចម្លើយរបស់អេលីយ៉ាមានអត្ថន័យពីរយ៉ាង។ ទី១ មានតែព្រះប៉ុណ្ណោះដែលអាចសម្រេចចិត្តថាអេលីសេនឹងទទួលអ្វីដែលគាត់បានសុំឬមិនទទួល។ ទី២ ប្រសិនបើអេលីសេចង់ទទួលអ្វីដែលគាត់បានសុំ គាត់ត្រូវតែនៅជាមួយអេលីយ៉ា ទោះជាមានអ្វីអាចកើតឡើងក៏ដោយ។
អ្វីដែលអេលីសេបានឃើញ
តើព្រះបានឲ្យអ្វីដែលអេលីសេបានសុំឬទេ? កំណត់ហេតុក្នុងគម្ពីរចែងថា៖ «រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើងនឹងសេះជាភ្លើងមកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ដោយខ្យល់កួច អេលីសេក៏បានឃើញ»។a នេះជាចម្លើយរបស់ព្រះយេហូវ៉ាចំពោះសំណូមពររបស់អេលីសេ។ អេលីសេបានឃើញព្រះយកអេលីយ៉ាចេញពីគាត់ បានទទួលសកម្មពលរបស់អេលីយ៉ាពីរភាគ ហើយបានក្លាយទៅជាអ្នកទទួលមត៌ករបស់អ្នកប្រកាសទំនាយអេលីយ៉ា។—២ព. ២:១១-១៤
អេលីសេបានរើសអាវអ្នកប្រកាសទំនាយដែលបានជ្រុះចុះ ហើយពាក់វា។ ពេលបណ្ដាជនបានឃើញអេលីសេពាក់អាវអ្នកប្រកាសទំនាយ ពួកគេបានដឹងថាឥឡូវនេះអេលីសេជាអ្នកប្រកាសទំនាយរបស់ព្រះ។ ក្រោយមក គាត់ក៏បានបង្ហាញដែរថាគាត់ជាអ្នកប្រកាសទំនាយរបស់ព្រះ ដោយញែកទឹកទន្លេយ៉ូដាន់។
អេលីសេច្បាស់ជាមិនបានភ្លេចនូវអ្វីដែលគាត់បានឃើញឡើយ ពេលដែលអេលីយ៉ាបានត្រូវលើកឡើងទៅក្នុងខ្យល់កួច។ មនុស្សគ្រប់រូបនឹងនឹកអស្ចារ្យក្នុងចិត្តពេលឃើញរទេះចម្បាំងជាភ្លើងនិងសេះជាភ្លើង! អ្វីៗទាំងនេះជាភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់អេលីសេ។ ពេលព្រះយេហូវ៉ាឆ្លើយតបនឹងសេចក្ដីអធិដ្ឋានរបស់យើង យើងមិនឃើញក្នុងគំនិតនូវរទេះចម្បាំងជាភ្លើងនិងសេះជាភ្លើងឡើយ។ ប៉ុន្តែ យើងអាចដឹងថា ព្រះប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីធ្វើឲ្យប្រាកដថាបំណងប្រាថ្នារបស់លោកបានសម្រេច។ ពេលដែលយើងឃើញព្រះយេហូវ៉ាឲ្យពរដល់ផ្នែកនៅផែនដីនៃអង្គការរបស់លោក នេះគឺហាក់ដូចជាយើង«ឃើញ»រទេះរបស់លោកនៅស្ថានសួគ៌ដែលកំពុងមានសកម្មភាព។—អេស. ១០:៩-១៣
អេលីសេធ្លាប់មានបទពិសោធន៍ជាច្រើនដែលធ្វើឲ្យគាត់ជឿជាក់លើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា។ តាមការពិត សកម្មពលបរិសុទ្ធរបស់ព្រះបានជួយអ្នកប្រកាសទំនាយនេះធ្វើការអស្ចារ្យ១៦យ៉ាង ច្រើនជាងការអស្ចារ្យដែលអេលីយ៉ាបានធ្វើដល់ទៅពីរដង។b អេលីសេបានឃើញសេះនិងរទេះចម្បាំងដែលសុទ្ធតែជាភ្លើងជាលើកទី២ គឺនៅក្រុងដូថាន់ ពេលកងទ័ពស៊ីរីបានឡោមព័ទ្ធគាត់។
អេលីសេបានទុកចិត្តលើព្រះយេហូវ៉ា
ទោះជាសត្រូវបានឡោមព័ទ្ធគាត់នៅក្រុងដូថាន់ក៏ដោយ អេលីសេបានរក្សាភាពស្ងប់ស្ងៀម។ ហេតុអ្វី? ដោយសារគាត់បានបណ្ដុះឲ្យមានជំនឿដ៏មុតមាំលើព្រះយេហូវ៉ា។ យើងក៏ត្រូវមានជំនឿបែបនេះដែរ។ ហេតុនេះ សូមយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ ដើម្បីឲ្យយើងអាចបង្ហាញជំនឿ និងគុណសម្បត្ដិឯទៀតដែលជាផ្នែកនៃផលដែលបង្កើតដោយសកម្មពលរបស់ព្រះ។—លូក. ១១:១៣; កាឡ. ៥:២២, ២៣
អ្វីដែលបានកើតឡើងនៅក្រុងដូថាន់ច្បាស់ជាបានផ្ដល់មូលហេតុថែមទៀតឲ្យអេលីសេទុកចិត្តទៅលើព្រះយេហូវ៉ានិងកងទ័ពទេវតារបស់លោក។ ព្រះបានចាត់ពួកទេវតារបស់លោកឲ្យឡោមព័ទ្ធក្រុងនោះ និងឲ្យការពារអេលីសេពីពួកសត្រូវ។ ដោយធ្វើឲ្យពួកសត្រូវខ្វាក់ភ្នែក ព្រះបានធ្វើការអស្ចារ្យដើម្បីសង្គ្រោះអេលីសេនិងអ្នកបម្រើរបស់គាត់។ (២ព. ៦:១៧-២៣) នៅពេលដែលប្រកបទៅដោយគ្រោះថ្នាក់នោះ ដូចនៅក្នុងស្ថានភាពផ្សេងទៀត អេលីសេបានបង្ហាញជំនឿលើព្រះយេហូវ៉ា ហើយបានទុកចិត្តលោកទាំងស្រុង។
ដូចអេលីសេ ចូរយើងទុកចិត្តលើព្រះយេហូវ៉ា។ (សុភ. ៣:៥, ៦) ប្រសិនបើយើងធ្វើដូច្នេះ នោះ«ព្រះអង្គអាណិតមេត្ដាដល់យើងខ្ញុំ ហើយប្រទានពរផង»។ (ទំនុក. ៦៧:១) ពិតមែនតែយើងមិនបានត្រូវឡោមព័ទ្ធដោយរទេះចម្បាំងនិងសេះដែលសុទ្ធតែជាភ្លើងមែនទែនក៏ដោយ ប៉ុន្តែនៅសព្វថ្ងៃនេះរាស្ត្ររបស់ព្រះយេហូវ៉ាពិតជាទទួលការការពារពីលោក។ នៅអនាគត ព្រះយេហូវ៉ានឹងការពាររាស្ត្ររបស់លោកឲ្យរួចផុតពី«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (ម៉ាថ. ២៤:២១; បប. ៧:៩, ១៤) ទម្រាំដល់ពេលនោះ សូមយើងចាំជានិច្ចថា«ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ»។—ទំនុក. ៦២:៨
a អេលីយ៉ាមិនបានឡើងទៅស្ថានសួគ៌ជាកន្លែងដែលព្រះយេហូវ៉ានិងពួកទេវតាដែលជាកូនរបស់លោករស់នៅឡើយ។ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៧ ទំព័រ២៧។
b សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៥ ទំព័រ៣០។