ចូរប្រុងប្រយ័ត្នកុំឲ្យមានឫកធំ
«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ»។—យ៉ាកុប ៤:៦
១. សូមលើកឧទាហរណ៍ខ្លះៗដែលបង្ហាញពីអ្វីដែលអាចនាំឲ្យយើងមានមោទនភាព។
តើធ្លាប់មានកាលៈទេសៈណាដែលនាំឲ្យអ្នកមានមោទនភាពទេ? យើងភាគច្រើនធ្លាប់មានមោទនភាពម្ដងម្កាលដែរ ហើយនេះមិនជាការខុសទេ។ ជាឧទាហរណ៍ ពេលអានសៀវភៅតាមដានពីសាលាដែលប្រាប់ថាកូនខ្លួនយកចិត្តទុកដាក់នឹងការរៀនសូត្រហើយមានកិរិយាល្អ នោះមាតាបិតាពិតជាមានទឹកមុខរីករាយដោយពេញចិត្តនឹងទង្វើរបស់កូន។ សាវ័កប៉ុលនិងគូកនរបស់គាត់ក៏មានមោទនភាពឬអួតចំពោះក្រុមជំនុំថ្មីដែលពួកគាត់បានជួយស្ថាបនាឡើង ពីព្រោះបងប្អូនក្នុងក្រុមជំនុំនោះមានជំនឿខ្ជាប់ខ្ជួនពេលរងទុក្ខបៀតបៀន។—ថែស្សាឡូនីចទី១ ១:១, ៦; ២:១៩, ២០; ថែស្សាឡូនីចទី២ ១:១, ៤
២. ហេតុអ្វីក៏មិនគួរគប្បីឲ្យយើងមានចិត្តធំ?
២ ឧទាហរណ៍ទាំងនេះបង្ហាញថា យើងអាចមានមោទនភាពហើយចិត្តសប្បាយផងពេលយើងមានអ្វីឬបានធ្វើអ្វីដ៏ល្អ។ ប៉ុន្តែ បើយើងមានមោទនភាពហួសហេតុពេកអំពីវត្ថុទ្រព្យ ភាពធំដុំ សមត្ថភាព ឬក៏ភាពស្អាតសង្ហារបស់ខ្លួន នេះអាចនាំឲ្យមានចិត្តអំនួតវិញ។ ចិត្តធំបែបនេះច្រើនតែសម្ដែងមកជាឫកខ្ពស់។ ក្នុងនាមជាគ្រីស្ទានពិត យើងច្បាស់ជាចង់ជៀសវាងចិត្តធំឬអំនួតបែបនេះ។ ហេតុអ្វី? ពីព្រោះយើងមានទំនោរចិត្តទន់ទោររកភាពអាត្មានិយម។ នេះជាចិត្តគំនិតអាក្រក់ដែលយើងបានទទួលមត៌កពីអ័ដាមដែលជាបុព្វបុរសរបស់យើង។ (លោកុប្បត្តិ ៨:២១) ជាលទ្ធផលនោះ ចិត្តយើងងាយបញ្ឆោតខ្លួនឲ្យមានមោទនភាពហួសហេតុដល់ម្ល៉េះបានជាកើតមានចិត្តធំ។ ជាឧទាហរណ៍ ជនគ្រីស្ទានត្រូវទប់ចិត្តកុំឲ្យមានអំនួតដោយព្រោះមានទ្រព្យសម្បត្ដិច្រើន បានរៀនសូត្រច្រើន មានបំនិនអ្វីមួយ ឬចំពោះសញ្ជាតិរបស់ខ្លួន។ ពួកគ្រីស្ទានក៏មិនគួរមានចិត្តធំដោយសារសម្រេចការច្រើនជាងឬល្អជាងអ្នកដទៃ។ ការអួតខ្លួនចំពោះអ្វីៗបែបនេះជាការខុស ហើយមិនផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាឡើយ។—យេរេមា ៩:២៣; កិច្ចការ ១០:៣៤, ៣៥; កូរិនថូសទី១ ៤:៧; កាឡាទី ៥:២៦; ៦:៣, ៤
៣. តើមនុស្សដែលមានឫកធំមានទស្សនៈយ៉ាងណាចំពោះអ្នកដទៃ? តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីចិត្តឆ្មើងឆ្មៃ?
៣ មានមូលហេតុមួយទៀតដែលយើងគួរទប់ទល់នឹងចិត្តធំ។ បើយើងចេះតែមានចិត្តអំនួត នេះអាចនាំឲ្យមានឫកធំហើយចិត្តឆ្មើងឆ្មៃផង។ មនុស្សដែលមានឫកធំមិនគ្រាន់តែគិតច្រើនហួសហេតុពេកអំពីខ្លួនទេ តែក៏មើលងាយអ្នកដទៃដែលខ្លួនចាត់ទុកថាមានឋានៈទាបឬអន់ជាងខ្លួន។ (លូកា ១៨:៩; យ៉ូហាន ៧:៤៧-៤៩) ព្រះយេស៊ូបានមានបន្ទូលអំពីចិត្ត«ឆ្មើងឆ្មៃ»ពេលរៀបរាប់អំពីលក្ខណៈអាក្រក់ឯទៀតដែលចេញ«ពីក្នុងចិត្ត»ហើយ«ធ្វើឲ្យមនុស្សស្មោកគ្រោក»។ (ម៉ាកុស ៧:២០-២៣) បណ្ដាគ្រីស្ទានទទួលស្គាល់ថា ការជៀសវាងកុំឲ្យមានឫកធំនិងចិត្តឆ្មើងឆ្មៃពិតជាចាំបាច់ណាស់!
៤. តើការពិចារណាឧទាហរណ៍ផ្សេងៗក្នុងព្រះគម្ពីរស្តីអំពីមនុស្សដែលធ្លាប់មានឫកធំ នឹងជួយយើងបានយ៉ាងណា?
៤ ការពិចារណាមើលកំណត់ហេតុផ្សេងៗក្នុងព្រះគម្ពីរអំពីមនុស្សដែលធ្លាប់បង្ហាញឫកធំ អាចជួយយើងជៀសវាងពីចិត្តគំនិតបែបនេះ។ យ៉ាងនេះយើងអាចសម្គាល់ថា តើខ្លួនមានអំនួតទេ? ឬតើការប្រព្រឹត្តរបស់យើងបង្ហាញថាមានឫកធំបន្ដិចម្ដងៗឬទេ? កំណត់ហេតុទាំងនេះក៏នឹងជួយយើងយកឈ្នះគំនិតនិងអារម្មណ៍ដែលនាំឲ្យមានឫកធំ។ បើយើងឈ្នះលើទំនោរចិត្តនេះ យើងនឹងមិនទទួលទោសពេលដែលព្រះសម្រេចតាមការព្រមានរបស់ទ្រង់ដែលថា៖ «អញនឹងដកយកពួកអ្នកដែលអួតអាងដោយឆ្មើងឆ្មៃចេញពីកណ្ដាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួតនៅលើភ្នំបរិសុទ្ធរបស់អញតទៅ»។—សេផានា ៣:១១
ព្រះយេហូវ៉ាកាត់ទោសពួកអ្នកដែលមានឫកធំ
៥, ៦. តើផារ៉ោនបង្ហាញឫកធំយ៉ាងដូចម្ដេច? តើមានលទ្ធផលអ្វី?
៥ យើងក៏អាចដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្សដែលមានឫកធំ ដោយពិនិត្យមើលរបៀបដែលទ្រង់បានប្រព្រឹត្តលើពួកអ្នកដែលកាន់អំណាចយ៉ាងខ្លាំង ដូចជាផារ៉ោនជាដើម។ គ្មានអ្នកណាសង្ស័យថាផារ៉ោនមានឫកធំ។ ផារ៉ោនចាត់ទុកអង្គទ្រង់ជាព្រះមួយអង្គដែលមនុស្សត្រូវថ្វាយបង្គំ ហើយទ្រង់ក៏ស្អប់និងមើលងាយពួកអ៊ីស្រាអែលដែលជាខ្ញុំកញ្ជះរបស់ទ្រង់។ សូមគិតអំពីរបៀបដែលផារ៉ោនបានតបឆ្លើយពេលទទួលសំណូមពរឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ«ថ្វាយបូជា»ដល់ព្រះយេហូវ៉ានៅទីរហោស្ថាន។ ផារ៉ោនបង្ហាញឫកធំដោយមានបន្ទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្ដាប់តាមទ្រង់នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ?»។—និក្ខមនំ ៥:១, ២
៦ ពេលផារ៉ោនបានរងទុក្ខសេចក្ដីវេទនាប្រាំមួយប្រការហើយ ព្រះយេហូវ៉ាបានបង្គាប់ឲ្យម៉ូសេសួរស្តេចស្រុកអេស៊ីបថា៖ «តើឯងនៅតែដំកើងខ្លួនទាស់នឹងរាស្ត្រអញ ព្រមទាំងឃាត់មិនឲ្យគេទៅទៀតឬ?»។ (និក្ខមនំ ៩:១៧) រួចមក ម៉ូសេព្រមានប្រាប់អំពីសេចក្ដីវេទនាទីប្រាំពីរ គឺការទម្លាក់ព្រឹលយ៉ាងខ្លាំងឲ្យបង្ខូចស្រុក។ មកដល់សេចក្ដីវេទនាទីដប់នោះ ផារ៉ោនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅ តែក្រោយមកទ្រង់ប្ដូរព្រះទ័យហើយដេញតាមពួកគេវិញ។ នៅទីបំផុត ផារ៉ោននិងពលទ័ពទ្រង់បានជាប់នៅកណ្ដាលសមុទ្រក្រហម។ សូមគិតទៅមើលថា តើពួកគេមានអារម្មណ៍យ៉ាងណាពេលដែលទឹកសមុទ្រនោះជន់មកលើគេ? តើឫកធំរបស់ផារ៉ោននាំឲ្យមានផលអ្វី? ពួកទ័ពខ្លាំងពូកែរបស់ផារ៉ោនបានលាន់មាត់ថា៖ «ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ»។—និក្ខមនំ ១៤:២៥
៧. តើពួកអ្នកគ្រប់គ្រងនៅស្រុកបាប៊ីឡូនបានបង្ហាញឫកធំយ៉ាងដូចម្ដេច?
៧ ព្រះយេហូវ៉ាក៏បានបន្ទាបអ្នកគ្រប់គ្រងឯទៀតដែលមានឫកធំ។ ស្តេចមួយអង្គបែបនោះគឺជាស្តេចរបស់សាសន៍អាសស៊ើរ នាមសានហេរីប។ (អេសាយ ៣៦:១-៤, ២០; ៣៧:៣៦-៣៨) យូរៗទៅ ពួកបាប៊ីឡូនបានឈ្នះលើសាសន៍អាសស៊ើរ ប៉ុន្តែស្តេចសាសន៍បាប៊ីឡូនពីរអង្គក៏បានត្រូវបន្ទាបចុះដែរ។ សូមនឹកចាំអំពីពេលដែលស្តេចបេលសាសារនិងពួកអ្នកធំដែលជាភ្ញៀវរបស់ទ្រង់បានជប់លៀងជាមួយគ្នា ទាំងសរសើរព្រះនានារបស់សាសន៍បាប៊ីឡូនពេលសោយស្រាទំពាំងបាយជូរក្នុងពែងដែលបានត្រូវយកពីព្រះវិហាររបស់ព្រះយេហូវ៉ា។ មួយរំពេចនោះ មានអ្វីដែលមើលដូចជាម្រាមដៃនៃមនុស្សបានលេចចេញមកហើយសរសេរសារមួយនៅលើជញ្ជាំង។ ព្យាការីដានីយ៉ែលបានត្រូវហៅមកឲ្យបកស្រាយអត្ថន័យសារចម្លែកនោះ ហើយលោកបានរំឭកស្តេចបេលសាសារថា៖ «ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ . . . ដល់នេប៊ូក្នេសាជាព្រះបិតាទ្រង់ . . . តែកាលព្រះទ័យទ្រង់បានប៉ោងឡើង . . . ទ្រង់ត្រូវទំលាក់ចុះពីបល្ល័ង្ករាជ្យរបស់ទ្រង់ ហើយគេក៏ដកកិត្ដិយសរបស់ទ្រង់ចេញ។ . . . តែទ្រង់ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ! ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ»។ (ដានីយ៉ែល ៥:៣, ១៨, ២០, ២២) នៅវេលាយប់នោះឯង ពួកទ័ពសាសន៍មេឌីពើស៊ីបានដណ្ដើមយកទីក្រុងបាប៊ីឡូន ហើយបានធ្វើគត់ដល់ស្តេចបេលសាសារ។—ដានីយ៉ែល ៥:៣០, ៣១
៨. ចំពោះអ្នកខ្លះដែលមានឫកធំនោះ តើព្រះយេហូវ៉ាបានកាត់ទោសគេយ៉ាងដូចម្ដេច?
៨ សូមគិតអំពីមនុស្សឯទៀតដែលមានឫកធំទាំងស្អប់រាស្ត្ររបស់ព្រះយេហូវ៉ា ដូចជាសាសន៍ភីលីស្ទីនម្នាក់ឈ្មោះកូលីយ៉ាតដែលមានមាឌធំសម្បើម និងនាយករដ្ឋមន្ត្រីសាសន៍ពើស៊ីម្នាក់ឈ្មោះហាម៉ាន ព្រមទាំងស្តេចហេរ៉ូឌ អ័គ្រីប៉ាដែលគ្រប់គ្រងនៅខេត្តយូដា។ ដោយព្រោះបុរសបីនាក់នេះមានឫកធំនោះ ព្រះយេហូវ៉ាបានប្រហារជីវិតគេដោយរបៀបគួរឲ្យអាម៉ាស់មុខមែន។ (សាំយូអែលទី១ ១៧:៤២-៥១; នាងអេសធើរ ៣:៥, ៦; ៧:១០; កិច្ចការ ១២:១-៣, ២១-២៣) របៀបដែលព្រះយេហូវ៉ាបានកាត់ទោសមនុស្សដែលមានឫកធំទាំងនោះ បញ្ជាក់យ៉ាងច្បាស់ថា៖ «សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ»។ (សុភាសិត ១៦:១៨) ប្រាកដហើយ គ្មានហេតុសោះឲ្យយើងសង្ស័យថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ»មែន។—យ៉ាកុប ៤:៦
៩. តើពួកស្តេចរបស់ក្រុងទីរ៉ុសបានក្លាយជាអ្នកក្បត់យ៉ាងដូចម្ដេច?
៩ នៅដើមដំបូងនោះ ស្តេចរបស់ក្រុងទីរ៉ុសមានលក្ខណៈខុសប្លែកពីពួកអ្នកគ្រប់គ្រងស្រុកអេស៊ីប អាសស៊ើរនិងបាប៊ីឡូន ដ្បិតទ្រង់បានជួយរាស្ត្ររបស់ព្រះវិញ។ ក្នុងកំលុងការសោយរាជ្យរបស់ស្តេចដាវីឌនិងសាឡូម៉ូននោះ ស្តេចនៅក្រុងទីរ៉ុសបានបញ្ជូនជាងជំនាញ និងសម្ភារៈសំណង់ ដើម្បីកសាងអគាររាជ្យនិងព្រះវិហាររបស់ព្រះ។ (សាំយូអែលទី២ ៥:១១; របាក្សត្រទី២ ២:១១-១៦) តែគួរឲ្យសោកស្ដាយមែន យូរៗទៅពួកស្តេចនៅក្រុងទីរ៉ុសបានក្លាយជាអ្នកប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ាវិញ។ ហេតុអ្វី?—ទំនុកដំកើង ៨៣:៣-៧; យ៉ូអែល ៣:៤-៦; អេម៉ុស ១:៩, ១០
«ចិត្តឯងបានស្ទួយឡើង»
១០, ១១. (ក) តើអ្នកណាមានលក្ខណៈដូចពួកស្តេចនៅក្រុងទីរ៉ុស? (ខ) ហេតុអ្វីក៏ពួកស្តេចនៅក្រុងទីរ៉ុសចាប់ផ្ដើមមានទស្សនៈអាក្រក់ចំពោះសាសន៍អ៊ីស្រាអែល?
១០ ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីអេសេគាលបកអាក្រាតនូវលក្ខណៈអាក្រក់របស់ពួកស្តេចនៅក្រុងទីរ៉ុសនិងបន្ទោសពួកគេផង។ សារនោះចំពោះ«ស្តេចក្រុងទីរ៉ុស» ពណ៌នាយ៉ាងចំៗនូវអាកប្បកិរិយារបស់ពួកអ្នកគ្រងរាជនៅក្រុងទីរ៉ុសនិងសាតាំងផង ដែល«មិនបាននៅជាប់ក្នុងសេចក្ដីពិត»។ (អេសេគាល ២៨:១២; យ៉ូហាន ៨:៤៤) ដំបូងនោះ សាតាំងជាបុគ្គលវិញ្ញាណស្មោះត្រង់មួយរូបក្នុងចំណោមបុត្រាជាច្រើនរបស់ព្រះយេហូវ៉ាដែលរួមគ្នាជាអង្គការរបស់ទ្រង់នៅស្ថានសួគ៌។ តាមរយៈអេសេគាលនោះ ព្រះយេហូវ៉ាបានបង្ហើបឲ្យដឹងនូវមូលហេតុដែលពួកស្តេចរបស់ក្រុងទីរ៉ុសនិងសាតាំងបានក្បត់ព្រះ។
១១ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ពីដើម ឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ។ ឯងបានប្រដាប់កាយដោយត្បូងដ៏មានដំឡៃគ្រប់មុខ . . . ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង . . . ចាប់តាំងពីថ្ងៃដែលឯងកើតមកនោះ ឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯងដរាបដល់វេលាដែលឃើញមានសេចក្ដីទុច្ចរិតនៅក្នុងឯង ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់ឯង នោះគេបានបំពេញឯងដោយសេចក្ដីច្រឡោតហើយឯងបានធ្វើបាប។ . . . ឱចេរូប៊ីនដែលគ្របបាំងអើយ! អញ[នឹង]បំផ្លាញឯង។ . . . ចិត្តឯងបានស្ទួយឡើងដោយព្រោះសេចក្ដីលំអរបស់ឯង។ ឯងបានបង្ខូចប្រាជ្ញាឯងដោយពន្លឺរស្មីរបស់ឯង»។ (អេសេគាល ២៨:១៣-១៧) ពិតមែនហើយ ពួកស្តេចនៅក្រុងទីរ៉ុសមានឫកធំដល់ម្ល៉េះបានជាហ៊ានធ្វើបាបនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ ក្រុងទីរ៉ុសបានក្លាយជាមជ្ឈមណ្ឌលនៃពួកឈ្មួញដូរ ហើយមានឈ្មោះល្បីដោយមានផលិតផលដ៏សែនស្អាត។ ដូច្នេះទីរ៉ុសជាទីក្រុងមួយដែលមានភាពស្តុកស្តម្ភហួសប្រមាណណាស់! (អេសាយ ២៣:៨, ៩) ពួកស្តេចរបស់ក្រុងទីរ៉ុសចាប់ផ្ដើមមានអំនួតហួសហេតុពេក ហើយបានកៀបសង្កត់លើរាស្ត្ររបស់ព្រះ។
១២. តើអ្វីបានជំរុញចិត្តសាតាំងឲ្យក្បត់ព្រះ? តាំងពីដើមមក តើវាខិតខំធ្វើអ្វីទៀត?
១២ បុគ្គលវិញ្ញាណដែលបានទទួលឈ្មោះសាតាំងនោះ ក៏មានអាកប្បកិរិយាដូចគ្នាដែរ។ នៅដើមដំបូង វាមានគ្រប់ប្រាជ្ញាដើម្បីសម្រេចកិច្ចការដែលព្រះឲ្យវាធ្វើ។ ជាជាងដឹងគុណនោះ វាចាប់ផ្ដើម«មានចិត្តធំ»ហើយស្អប់ការគ្រប់គ្រងរបស់ព្រះ។ (ធីម៉ូថេទី១ ៣:៦) វាមានអំនួតដល់ម្ល៉េះបានជាចង់ឲ្យអ័ដាមនិងអេវ៉ាថ្វាយបង្គំវា។ សេចក្ដីប៉ងប្រាថ្នាដ៏អាក្រក់នោះបានជាប់មានផ្ទៃហើយបានសំរាលចេញជាអំពើបាប។ (យ៉ាកុប ១:១៤, ១៥) សាតាំងបានញុះញង់នាងអេវ៉ាឲ្យបរិភោគផ្លែឈើពីដើមតែមួយគត់ដែលព្រះហាម។ រួចមក សាតាំងប្រើអេវ៉ាដើម្បីជំរុញទឹកចិត្តអ័ដាមឲ្យបរិភោគផ្លែដែលស្ថិតក្រោមបំរាមនោះ។ (លោកុប្បត្តិ ៣:១-៦) យ៉ាងនេះ មនុស្សមួយគូដំបូងនោះបានប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ ហើយបើនិយាយឲ្យចំទៅ ពួកគេបានក្លាយជាអ្នកថ្វាយបង្គំសាតាំងវិញ។ សាតាំងមានឫកធំណាស់! តាំងពីនោះមក វាក៏ខិតខំល្បួងបុគ្គលវិញ្ញាណនៅស្ថានសួគ៌និងមនុស្សជាតិទាំងឡាយ រួមទាំងព្រះយេស៊ូគ្រីស្ទផង ឲ្យប្រឆាំងនឹងអធិបតេយ្យរបស់ព្រះយេហូវ៉ាដោយថ្វាយបង្គំវាវិញ។—ម៉ាថាយ ៤:៨-១០; វិវរណៈ ១២:៣, ៤, ៩
១៣. តើការបង្ហាញឫកធំបានបង្កើតឲ្យមានផលអ្វី?
១៣ ដូច្នេះ យើងអាចឃើញថា សាតាំងជាអ្នកបង្ហាញឫកធំមុនគេបង្អស់ ហើយនេះជាដើមហេតុនៃបាប ទុក្ខលំបាកនិងអំពើពុករលួយក្នុងលោកិយនាយុគសម័យនេះ។ ក្នុងនាមជា«ព្រះរបស់លោកីយនេះ» សាតាំងនៅតែញុះញង់មនុស្សឲ្យមានអំនួតនិងឫកធំ។ (កូរិនថូសទី២ ៤:៤) សាតាំងដឹងថាពេលវេលារបស់វាខ្លីណាស់ហើយ ដូច្នេះវាកំពុងតែច្បាំងនឹងពួកគ្រីស្ទានពិត។ វាមានគោលដៅបង្វែរមនុស្សទាំងឡាយចេញពីព្រះ ដោយបបួលឲ្យគេក្លាយជាមនុស្សដែលស្រឡាញ់តែខ្លួនឯងហើយមានចរិតអួតអាងនិងឫកខ្ពស់។ ព្រះគម្ពីរបានទាយថា នៅ«ជាន់ក្រោយបង្អស់»នេះ មនុស្សជាច្រើននឹងមានអាកប្បកិរិយាប្រកបទៅដោយអត្តទត្ថភាព។—ធីម៉ូថេទី២ ៣:១, ២; វិវរណៈ ១២:១២, ១៧
១៤. តើព្រះយេហូវ៉ាប្រើខ្នាតតម្រាអ្វីក្នុងការវិនិច្ឆ័យ?
១៤ នៅមុខខ្មាំងសត្រូវដែលអួតខ្លួនជាមនុស្សសុចរិតនោះ ព្រះយេស៊ូគ្រីស្ទបានពន្យល់អំពីខ្នាតតម្រាដែលព្រះយេហូវ៉ាប្រើក្នុងការវិនិច្ឆ័យមនុស្ស។ ទ្រង់មានបន្ទូលថា៖ «អស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ»។ យ៉ាងហោចណាស់ ព្រះយេស៊ូបានមានបន្ទូលនេះបីដង។ ទ្រង់ពិតជាមានព្រះទ័យអង់អាចមែន ក្នុងការលាតត្រដាងនូវផលវិបាកដែលមកពីឫកធំរបស់សាតាំង។—លូកា ១៤:១១; ១៨:១៤; ម៉ាថាយ ២៣:១២
ចូរការពារចិត្តកុំឲ្យមានឫកធំ
១៥, ១៦. ហេតុអ្វីបានជានាងហាការចាប់ផ្ដើមមានឫកធំ?
១៥ អ្នកប្រហែលជាកត់សម្គាល់ថា ឧទាហរណ៍ទាំងប៉ុន្មានខាងលើនេះសុទ្ធតែសំដៅទៅលើមនុស្សដែលមានមុខមាត់ធំដុំជាអ្នកបង្ហាញឫកធំ។ តើនេះមានន័យថា មនុស្សសាមញ្ញធម្មតាមិនចេះបង្ហាញឫកធំឬ? អត់ទេ! សូមមើលព្រឹត្ដិការណ៍មួយក្នុងរង្វង់គ្រួសាររបស់លោកអ័ប្រាហាំ។ អ័ប្រាហាំត្រូវក្លាយជាអយ្យកោរបស់សាសន៍អ៊ីស្រាអែល តែលោកអត់មានកូនប្រុសដើម្បីបន្តវង្សត្រកូលទេ ហើយសារ៉ាដែលជាភរិយារបស់លោកក៏ចាស់ហើយ។ នៅសម័យអ័ប្រាហាំ មនុស្សដែលមានបញ្ហានេះអាចយកភរិយាមួយទៀតដើម្បីបន្តពូជបាន។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យគេធ្វើដូច្នេះពីព្រោះនៅគ្រានោះទ្រង់មិនទាន់តម្រូវឲ្យអ្នកថ្វាយបង្គំពិតធ្វើតាមខ្នាតតម្រាដើមរបស់ទ្រង់ចំពោះអាពាហ៍ពិពាហ៍។—ម៉ាថាយ ១៩:៣-៩
១៦ នាងសារ៉ាបានជំរុញចិត្តអ័ប្រាហាំឲ្យបន្តពូជតាមរយៈបាវស្រីរបស់នាង ឈ្មោះហាការ ដែលជាស្ត្រីសាសន៍អេស៊ីប។ ក្នុងនាមជាភរិយាទីពីររបស់អ័ប្រាហាំ នាងហាការចាប់មានផ្ទៃពោះ។ នាងហាការគួរមានចិត្តកតញ្ញូណាស់ ដោយមានកិត្ដិយសបែបនេះ តែនាងក្លាយជាមានចិត្តនិងឫកធំវិញ។ ព្រះគម្ពីររៀបរាប់ថា៖ ‹ពេលហាការដឹងខ្លួនថាមានទំងន់ដូច្នោះ នោះនាងក៏ចាប់ផ្ដើមមើលងាយចៅហ្វាយរបស់ខ្លួន›។ ឫកនោះបាននាំឲ្យមានរឿងរ៉ាវក្នុងរង្វង់គ្រួសាររបស់អ័ប្រាហាំដល់ម្ល៉េះបានជានាងសារ៉ាដេញហាការចេញ។ ប៉ុន្តែ បញ្ហានេះអាចដោះស្រាយបាន។ ទេវតារបស់ព្រះទូន្មានដល់ហាការថា៖ «ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ»។ (លោកុប្បត្តិ ១៦:៤, ៩) តាមមើលទៅ ហាការបានធ្វើតាមដំបូន្មាននេះហើយបានប្ដូរអាកប្បកិរិយារបស់ខ្លួនចំពោះសារ៉ា។ ជាលទ្ធផល ហាការបានក្លាយជាអយ្យិការបស់សាសន៍មួយយ៉ាងធំ។
១៧, ១៨. ហេតុអ្វីក៏យើងរាល់គ្នាត្រូវប្រុងប្រយ័ត្នកុំឲ្យមានចិត្តធំ?
១៧ ករណីរបស់នាងហាការបង្ហាញថា ពេលកាលៈទេសៈក្នុងជីវិតប្រែប្រួលឲ្យបានប្រសើរឡើង នេះអាចនាំឲ្យមនុស្សសាមញ្ញធម្មតាមានឫកធំដែរ។ យើងអាចទាញយកមេរៀនថា សូម្បីតែជនគ្រីស្ទានដែលមានចិត្តស្មោះសក្នុងការថ្វាយបង្គំព្រះក៏អាចកើតមានឫកធំដែរ បើគាត់ក្លាយជាអ្នកមាន ឬទទួលសិទ្ធិអំណាចអ្វីមួយ។ ជនគ្រីស្ទានល្អក៏អាចក្លាយជាមានឫកធំពេលដែលអ្នកដទៃសរសើរគាត់ជាអ្នកចេះដឹង មានប្រាជ្ញាឬពូកែសម្រេចការ។ ពិតមែនហើយ ពួកគ្រីស្ទានយើងគួរយកចិត្តទុកដាក់ជានិច្ចកុំឲ្យមានចិត្តធំ ជាពិសេសពេលសម្រេចគោលដៅក្នុងជីវិតឬទទួលឯកសិទ្ធិបន្ថែម។
១៨ មូលហេតុសំខាន់ចម្បងដែលយើងគួរមានចិត្តចង់ជៀសមិនខាននូវឫកធំនោះ គឺដោយយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអាកប្បកិរិយានេះ។ ព្រះបន្ទូលរបស់ព្រះចែងថា៖ «ឫកខ្ពស់នឹងចិត្តអំនួត គឺចង្កៀងរបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់»។ (សុភាសិត ២១:៤) គួរឲ្យចាប់អារម្មណ៍ណាស់ ព្រះគម្ពីរព្រមានដល់ពួកគ្រីស្ទានដែលជា«អ្នកមាននៅលោកីយនេះ»ថា កុំឲ្យមាន«ឫកខ្ពស់»ឲ្យសោះ។ (ធីម៉ូថេទី១ ៦:១៧; ចោទិយកថា ៨:១១-១៧) ជនគ្រីស្ទានដែលមិនជាអ្នកមានស្តុកស្តម្ភនោះ ក៏គួរប្រុងប្រយ័ត្នកុំឲ្យមាន«ភ្នែកអាក្រក់[ឬ«ច្រណែនឈ្នានីស»]» ដ្បិតមនុស្សក្រីក្រអាចកើតមានចិត្តធំដូចអ្នកមានដែរ។—ម៉ាកុស ៧:២១-២៣; ខ.ស.; យ៉ាកុប ៤:៥
១៩. តើស្តេចអូសៀសបំផ្លាញចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ាដោយធ្វើអ្វី?
១៩ ចិត្តធំនិងអាកប្បកិរិយាអាក្រក់ឯទៀតអាចបំផ្លាញចំណងមិត្តភាពល្អដែលយើងមានជាមួយព្រះយេហូវ៉ា។ ជាឧទាហរណ៍ សូមគិតអំពីគំរូរបស់ស្តេចអូសៀស។ ពេលដែលទ្រង់ចាប់ផ្ដើមគ្រប់គ្រងនោះ «ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា . . . ទ្រង់ក៏តាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា . . . ហើយនៅវេលាដែលទ្រង់ស្វែងរកព្រះយេហូវ៉ាអស់រវាងប៉ុណ្ណា នោះព្រះក៏បានធ្វើឲ្យទ្រង់បានចំរើនឡើងយូរប៉ុណ្ណោះដែរ»។ (របាក្សត្រទី២ ២៦:៤, ៥) តែគួរឲ្យស្ដាយណាស់ ស្តេចអូសៀសបានបំផ្លាញចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ា ដ្បិត«ព្រះទ័យទ្រង់ក៏ប៉ោងធំឡើងត្រឡប់ជាខូចអស់ទៅ»។ ស្តេចអូសៀសមានអំនួតដល់ម្ល៉េះបានជាហ៊ានចូលដុតកំញាននៅក្នុងព្រះវិហារ។ ពេលដែលពួកសង្ឃព្រមានដល់ទ្រង់ថា កុំឲ្យបំពានសិទ្ធិដោយធ្វើដូច្នេះ នោះ«អូសៀសក៏ក្រេវក្រោធ»ឡើង។ ជាលទ្ធផល ព្រះយេហូវ៉ាដាក់ទោសអូសៀសដោយបណ្ដាលឲ្យទ្រង់កើតឃ្លង់ ហើយព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះអូសៀសរហូតដល់មរណកាលរបស់ទ្រង់។—របាក្សត្រទី២ ២៦:១៦-២១
២០. (ក) តើស្តេចហេសេគាហៀបនឹងបំផ្លាញចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ាដោយព្រោះអ្វី? (ខ) ក្នុងអត្ថបទជាបន្ទាប់ តើយើងនឹងរៀនអ្វី?
២០ សូមប្រៀបធៀបគំរូរបស់ស្តេចហេសេគាវិញ។ មានគ្រាមួយដែលស្តេចហេសេគាហៀបនឹងបំផ្លាញចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ា ពីព្រោះ«ទ្រង់មានព្រះទ័យកំរើកធំឡើង»។ ប៉ុន្តែ គួរឲ្យរីករាយណាស់ «ហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ» ហើយព្រះយេហូវ៉ាសព្វព្រះហឫទ័យចំពោះទ្រង់ទៀត។ (របាក្សត្រទី២ ៣២:២៥, ២៦) សូមកត់សម្គាល់ថា អ្វីដែលបានជួយហេសេគាយកឈ្នះលើចិត្តធំនោះ គឺការបន្ទាបព្រះទ័យវិញ។ ត្រូវហើយ ចិត្តរាបទាបជាលក្ខណៈខុសផ្ទុយពីចិត្តធំ។ ដូច្នេះ ក្នុងអត្ថបទជាបន្ទាប់យើងនឹងពិនិត្យមើលរបៀបដែលគ្រីស្ទានគួរចេះបន្ទាបខ្លួន។
២១. តើជនគ្រីស្ទានដែលចេះបន្ទាបខ្លួនអាចសង្ឃឹមទៅលើអ្វី?
២១ កុំឲ្យយើងភ្លេចថា ចិត្តធំរបស់មនុស្សដែលមានឫកខ្ពស់បានបង្កើតផលអាក្រក់យ៉ាងហួសប្រមាណ។ ដោយសារ«ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ»នោះ ចូរឲ្យយើងប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ទល់នឹងចិត្តអំនួត។ ជាជនគ្រីស្ទាន ពេលដែលយើងខិតខំបន្ទាបខ្លួននោះ យើងក៏មានសេចក្ដីសង្ឃឹមរួចរស់ជីវិតផុតពីថ្ងៃដ៏ធំរបស់ព្រះដែលជាគ្រាលប់បំបាត់ចោលមនុស្សដែលមានឫកធំ ហើយជាគ្រាដកចេញនូវផលវិបាកដែលមកពីអាកប្បកិរិយារបស់គេ។ នៅគ្រានោះ «សណ្ឋានខ្ពស់របស់មនុស្សនឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សក៏នឹងត្រូវបន្ទាបចុះ។ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង»។—អេសាយ ២:១៧
ចំណុចសំរាប់ការរំពឹងគិត
• សូមពន្យល់ថា តើមនុស្សឫកធំមានលក្ខណៈបែបណា?
• តើអ្នកណាជាអ្នកបង្ហាញឫកធំមុនគេបង្អស់?
• តើមានហេតុអ្វីខ្លះ ដែលអាចនាំឲ្យមានឫកធំ?
• ហេតុអ្វីក៏យើងត្រូវការពារចិត្តកុំឲ្យមានឫកធំ?
[រូបភាពនៅទំព័រ១៥]
ផារ៉ោនបានត្រូវបន្ទាបចុះដោយព្រោះឫកធំរបស់ទ្រង់
[រូបភាពនៅទំព័រ១៦]
នាងហាការចាប់ផ្ដើមបង្ហាញឫកធំដោយសារកាលៈទេសៈក្នុងជីវិតក្លាយជាប្រសើរជាង
[រូបភាពនៅទំព័រ១៧]
ស្តេចហេសេគាបានបន្ទាបព្រះទ័យចុះ ហើយព្រះយេហូវ៉ាសព្វព្រះហឫទ័យចំពោះទ្រង់ទៀត