ការបង្កើតសម្ដែងឲ្យឃើញនូវសិរីរុងរឿងរបស់ព្រះ!
«ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ»។—ទំនុកដំកើង ១៩:១
១, ២. (ក) ហេតុអ្វីបានជាមនុស្សជាតិពុំអាចមើលឃើញសិរីរុងរឿងរបស់ព្រះដោយផ្ទាល់ភ្នែកបាន? (ខ) តើអ្នកចាស់ទុំ២៤នាក់លើកតម្កើងសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច?
«ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ»។ (និក្ខមនំ ៣៣:២០) ព្រះយេហូវ៉ាបានព្រមានម៉ូសេដោយមានបន្ទូលដូចខាងលើនេះ។ ដោយសារមនុស្សជាតិជាសាច់ឈាមទន់ខ្សោយ នោះពួកគេមិនអាចធន់នៅបាន បើមើលសិរីរុងរឿងរបស់ព្រះដោយផ្ទាល់ភ្នែកនោះ។ ក៏ប៉ុន្តែ ក្នុងចក្ខុនិមិត្តដ៏អស្ចារ្យមួយ សាវ័កយ៉ូហានបានឃើញព្រះយេហូវ៉ាគង់លើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់។—វិវរណៈ ៤:១-៣
២ បុគ្គលវិញ្ញាណគឺខុសពីមនុស្សជាតិ ដ្បិតបុគ្គលវិញ្ញាណអាចមើលព្រះភក្ដ្ររបស់ព្រះយេហូវ៉ាដោយផ្ទាល់ភ្នែកបាន។ ក្នុងចំណោមបុគ្គលវិញ្ញាណទាំងនេះមាន«អ្នកចាស់ទុំ២៤នាក់»ដែលយ៉ូហានឃើញក្នុងចក្ខុនិមិត្តនោះដែរ។ ពួកគាត់តំណាង១៤៤.០០០នាក់។ (វិវរណៈ ៤:៤; ១៤:១-៣) ពេលអ្នកចាស់ទុំ២៤នាក់នោះឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា តើពួកគាត់មានប្រតិកម្មយ៉ាងណា? យោងទៅតាមវិវរណៈ ៤:១១ អ្នកទាំងនោះប្រកាសថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ! ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។
មូលហេតុដែល«ពុំអាចដោះសា»បានឡើយ
៣, ៤. (ក) ហេតុអ្វីបានជាជំនឿលើព្រះគឺមិនផ្ទុយពីគោលការណ៍វិទ្យាសាស្ត្រ? (ខ) ក្នុងករណីខ្លះ ហេតុអ្វីបានជាមនុស្សមិនជឿថាមានព្រះ?
៣ តើចិត្តជំរុញអ្នកឲ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះឬទេ? មនុស្សភាគច្រើនមិនលើកតម្កើងសិរីរុងរឿងរបស់ព្រះទេ ហើយមានអ្នកខ្លះរហូតដល់បដិសេធថាគ្មានព្រះទៀតផង។ ជាក់ស្តែងតារាវិទូម្នាក់ធ្លាប់សរសេរថា៖ «តើព្រះគ្រោងបង្កើតសកលលោកសំរាប់យើងមែនឬ? . . . គំនិតនេះស្ដាប់ទៅគួរឲ្យរំភើបចិត្តមែន។ ប៉ុន្តែគួរឲ្យស្ដាយណាស់ ខ្ញុំគិតថាគំនិតនេះជាការស្រមើស្រមៃទេ។ . . . គំនិតថាព្រះបានបង្កើតសកលលោកគឺមិនគួរឲ្យជឿសោះ»។
៤ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រមានកំរិត។ មនុស្សអាចស្រាវជ្រាវត្រឹមតែរបស់ដែលអាចមើលឃើញឬយកមកវិភាគប៉ុណ្ណោះ។ ក្រៅពីនេះ ការស្រាវជ្រាវរបស់មនុស្សសុទ្ធតែជាទ្រឹស្តីឬការប៉ាន់ស្មានប៉ុណ្ណោះ។ ដោយសារ‹ព្រះជាវិញ្ញាណ› មនុស្សពុំអាចយកទ្រង់មកវិភាគពិសោធតាមបច្ចេកវិជ្ជាបានឡើយ។ (យ៉ូហាន ៤:២៤) ដូច្នេះ អ្នកណាដែលបដិសេធថា ជំនឿទៅលើព្រះគឺផ្ទុយពីគោលការណ៍វិទ្យាសាស្ត្រ អ្នកនោះជាមនុស្សមានអំនួតដែលគិតថាខ្លួនចេះសព្វគ្រប់អំពីរឿងដែលមិនយល់សោះឡើយ។ លោកវីនស៊ិន វីកិលវឺត ជាអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យខេមប៊្រីច គាត់បាននិយាយថា វិធីសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រក៏«ជាជំនឿម្យ៉ាងប្រហាក់ប្រហែលនឹងការកាន់សាសនាដែរ»។ ហេតុអ្វី? វិធីសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រ«មានមូលដ្ឋានលើជំនឿមុតមាំថា បាតុភូតធម្មជាតិតែងកើតឡើងតាម‹ច្បាប់ធម្មជាតិ›»។ ដូច្នេះ កាលបើអ្នកណាម្នាក់បដិសេធថាគ្មានព្រះ អ្នកនោះគ្រាន់តែប្ដូរជំនឿលើព្រះទៅជឿលើវិទ្យាសាស្ត្រប៉ុណ្ណោះ មែនទេ? តាមមើលទៅ ក្នុងករណីខ្លះមនុស្សមិនជឿថាមានព្រះទេ ដោយសារពួកគេមិនចង់ទទួលស្គាល់ការពិត។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា៖ ‹គ្មានព្រះជាម្ចាស់ទេ›»។—ទំនុកតម្កើង ១០:៤, ខ.ស., កំណែជាអក្សរទ្រេត
៥. ហេតុអ្វីបានជាអ្នកដែលមិនជឿថាមានព្រះពុំអាចដោះសាខ្លួនបានឡើយ?
៥ ក៏ប៉ុន្តែ ការជឿថាមានព្រះ មិនមែនជាការចេះតែជឿដោយគ្មានមូលដ្ឋាននោះទេ ដ្បិតមានភស្តុតាងច្រើនលើសលប់ដែលបញ្ជាក់ថាមានព្រះមែន។ (ហេព្រើរ ១១:១) តារាវិទូម្នាក់ឈ្មោះអាឡាន សានដេចធ្លាប់និយាយថា៖ «ខ្ញុំគិតថា របៀបរៀបរយ[ក្នុងសកលលោក]មិនអាចផ្ដើមចេញពីការគ្មានសណ្ដាប់ធ្នាប់បានឡើយ។ ត្រូវតែមានអ្វីមួយដែលបានរៀបចំរបស់សព្វសារពើ។ ចំពោះខ្ញុំ រឿងព្រះជាអាថ៌កំបាំងមួយ។ តែយ៉ាងណាក៏ដោយ ជំនឿថាមានព្រះ ជាវិធីពន្យល់នូវមូលហេតុដែលមានរបស់សព្វសារពើ ហើយមូលហេតុដែលមានអ្វីជាច្រើន ជាជាងគ្មានអ្វីសោះ»។ សាវ័កប៉ុលប្រាប់ជនគ្រីស្ទាននៅទីក្រុងរ៉ូមថា៖ «លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬ ឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្ដី ព្រះអង្គបានសំដែងអោយគេឃើញ តាំងពីកំណើតពិភពលោកមកម្ល៉េះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្តរបស់ព្រះអង្គ។ ដូច្នេះ គេ[ឬអ្នកដែលមិនជឿ]ពុំអាចដោះសាខ្លួនបានឡើយ»។ (រ៉ូម ១:២០, ខ.ស.) តាំងពី«កំណើតពិភពលោក» ជាពិសេសតាំងពីកំណើតមនុស្សជាតិដែលចេះរិះគិតយល់ថាមានព្រះ នោះមានភស្តុតាងជាច្រើនដែលបង្ហាញថា មានអ្នកបង្កើតដែលមានតេជានុភាពខ្លាំងមហិមា ជាព្រះមួយអង្គដែលគួរនឹងថ្វាយបង្គំ។ ហេតុនេះហើយ អ្នកដែលមិនព្រមទទួលស្គាល់សិរីរុងរឿងរបស់ព្រះពុំអាចដោះសាខ្លួនបានឡើយ។ ប៉ុន្តែ តើអាចឃើញភស្តុតាងអ្វីខ្លះក្នុងការបង្កើត?
សកលលោកសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះ
៦, ៧. តើផ្ទៃមេឃសម្ដែងឲ្យឃើញនូវសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច?
៦ ទំនុកដំកើង ១៩:១ ឆ្លើយសំនួរនោះដោយចែងថា៖ «ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ»។ ដាវីឌបានរិះគិតឃើញថា ភពនិងផ្កាយទាំងឡាយដែលភ្លឺព្រិចៗក្នុង«លំហអាកាស»ជាភស្តុតាងដែលមិនអាចប្រកែកបានថា ពិតជាមានព្រះមួយអង្គដ៏រុងរឿងមែន។ ដាវីឌមានបន្ទូលបន្តទៀតថា៖ «ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ»។ (ទំនុកដំកើង ១៩:២) អ្វីៗនៅលើមេឃបង្ហាញឲ្យឃើញទាំងយប់ទាំងថ្ងៃនូវប្រាជ្ញារបស់ព្រះនិងតេជានុភាពរបស់ទ្រង់ ដែលរបស់ទាំងនេះហាក់បីដូចជាមានសូរសម្លេងកំពុងតែ«ពោល»ពាក្យសរសើរដល់ព្រះពីលើមេឃមក។
៧ ក៏ប៉ុន្តែ ដើម្បីអាចស្ដាប់ហើយយល់នូវពាក្យសរសើរទាំងនេះ យើងត្រូវប្រើសមត្ថភាពវែកញែក។ «ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ»។ យ៉ាងណាក៏ដោយ ទីបន្ទាល់ស្ងប់ស្ងាត់នៃអ្វីៗដែលនៅលើមេឃផ្ដល់ភស្តុតាងច្រើនណាស់។ «ដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ»។—ទំនុកដំកើង ១៩:៣, ៤
៨, ៩. តើព្រះអាទិត្យមានលក្ខណៈអស្ចារ្យអ្វីខ្លះ?
៨ បន្ទាប់មក ដាវីឌពណ៌នាអំពីការបង្កើតដ៏អស្ចារ្យមួយទៀតរបស់ព្រះយេហូវ៉ាថា៖ «នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសំរាប់ព្រះអាទិត្យ ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេក ទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួនដូចជាមនុស្សខ្លាំងពូកែ ព្រះអាទិត្យក៏រះពីជើងមេឃម្ខាង ហើយដើរវង់ទៅដល់ជើងមេឃម្ខាង គ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ»។—ទំនុកដំកើង ១៩:៤-៦
៩ បើប្រៀបធៀបនឹងផ្កាយផ្សេងទៀត ព្រះអាទិត្យគឺជាផ្កាយទំហំមធ្យមទេ។ ក៏ប៉ុន្តែ ព្រះអាទិត្យគឺជាផ្កាយមួយដ៏ពិសេសមែន ដ្បិតវាមានទំហំធំជាងភពដែលកំពុងតែវិលជុំវិញវាឆ្ងាយណាស់។ ប្រភពពត៌មានមួយប្រាប់ថា ព្រះអាទិត្យមានម៉ាសរាប់ពាន់លានតោន គឺច្រើនជាងផែនដី៣៣០.០០០ដង ដែលស្មើនឹង៩៩,៩ភាគរយនៃម៉ាសសរុបនៃប្រព័ន្ធព្រះអាទិត្យរបស់យើង! ទំនាញព្រះអាទិត្យគឺខ្លាំងល្មមឲ្យផែនដីវិលជុំវិញព្រះអាទិត្យនៅចម្ងាយ១៥០លានគីឡូម៉ែត្រ ដោយមិនខ្ទាតចេញទៅក្នុងលំហអវកាសឬទាញចូលទៅក្នុងព្រះអាទិត្យទេ។ ព្រះអាទិត្យបានបញ្ចេញថាមពលទៅលើផែនដីគឺមួយភាគក្នុងពីរពាន់លាន តែនោះគឺល្មមអាចទ្រទ្រង់ជីវិតបាន។
១០. (ក) តើព្រះអាទិត្យចេញចូលត្រសាលមួយក្នុងន័យអ្វី? (ខ) តើព្រះអាទិត្យរត់ដូចជា«មនុស្សខ្លាំងពូកែ»ក្នុងន័យអ្វី?
១០ អ្នកតែងបទទំនុកដំកើងបានប្រដូចព្រះអាទិត្យនឹង«មនុស្សខ្លាំងពូកែ» ដែលរត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងក្នុងកំឡុងមួយថ្ងៃ រួចពេលយប់ទៅសំរាកក្នុង«ត្រសាល»។ ពេលដែលព្រះអាទិត្យគងភ្នំរួចលិចបាត់សន្លឹមទៅខាងនាយផែនដី មើលទៅដូចជាព្រះអាទិត្យចូលក្នុង«ត្រសាល»មួយ ហាក់ដូចជាចូលសំរាក។ ព្រឹកឡើង ព្រះអាទិត្យរះមកបំភ្លឺលោកយ៉ាងចិញ្ចាចចិញ្ចែង«ទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេក»។ ដោយសារដាវីឌធ្លាប់ធ្វើជាអ្នកគង្វាល គាត់ក៏ធ្លាប់រងាពេលដែលយប់ត្រជាក់ស្រិប។ (លោកុប្បត្តិ ៣១:៤០) ពេលដាវីឌនឹកចាំពីរស្មីព្រះអាទិត្យភ្លឺមកធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅហើយបំបាត់ភាពត្រជាក់ចេញពីផ្ទៃផែនដី។ ព្រះអាទិត្យមិនចេះអស់ថាមពលទេ ពេលដែលរះពីទិសខាងកើតនិង«ដើរវង់»ទៅដល់ទិសខាងលិចនោះ វាប្រៀបដូចជា«មនុស្សខ្លាំងពូកែ»ដែលប្រុងប្រៀបធ្វើដំណើរម្ដងហើយម្ដងទៀត។
ផ្កាយនិងក្រុមតារាដ៏សែនអស្ចារ្យ
១១, ១២. (ក) ហេតុអ្វីគួរឲ្យកត់សម្គាល់ដែលព្រះគម្ពីរថាចំនួនផ្កាយមានច្រើនដូចខ្សាច់នៅមាត់សមុទ្រ? (ខ) តើសកលលោកប្រហែលជាធំប៉ុនណា?
១១ ដោយគ្មានកែវយឹត ដាវីឌអាចឃើញតែប៉ុន្មានពាន់ផ្កាយប៉ុណ្ណោះ។ ក៏ប៉ុន្តែ យោងទៅតាមការស្រាវជ្រាវបច្ចុប្បន្ន ចំនួនផ្កាយដែលអាចមើលឃើញក្នុងសកលលោកដោយប្រើតេលេទស្សន៍នោះមានរាប់ពាន់លាន គឺស្មើនឹងលេខ៧មានសូន្យ២២ដង! ព្រះយេហូវ៉ាក៏បានបញ្ជាក់ពីចំនួនផ្កាយជាច្រើនអនេកដែរ ពេលទ្រង់មានបន្ទូលថា ចំនួនផ្កាយគឺដូចជា«ខ្សាច់នៅមាត់សមុទ្រ»។—លោកុប្បត្តិ ២២:១៧
១២ ជាច្រើនឆ្នាំហើយ តារាវិទូបានសង្កេតឃើញអ្វីដែលពួកគេពណ៌នាហៅថា«កន្លែងខ្លះដែលបញ្ចេញពន្លឺតិចៗ ឃើញស្រពិលៗគ្មានទ្រង់ទ្រាយជាក់លាក់នោះទេ»។ នេះហៅថាណេប៊ុយឡា។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា «ណេប៊ុយឡារាងគូថខ្យង»ទាំងនេះគឺជាវត្ថុនៅក្នុងក្រុមតារាឬកាឡាក់ស៊ីមីលគីវ៉េរបស់យើង។ នៅឆ្នាំ១៩២៤ មានគេរកឃើញថា ណេប៊ុយឡាគូថខ្យងដែលជិតជាងគេ ហៅថាអេនដ្រូមិដា តាមពិតវាជាកាឡាក់ស៊ីមួយផ្សេងទៀត ដែលមានចំងាយពីផែនដីឆ្ងាយម្ល៉េះដែលពន្លឺពីកាឡាក់ស៊ីមីលគីវ៉េរបស់យើងត្រូវធ្វើដំណើរជិត២លានឆ្នាំទើបដល់!a អ្នកវិទ្យាសាស្ត្រឥឡូវប៉ាន់ស្មានថា មានកាឡាក់ស៊ីរាប់ពាន់លាន ហើយក្នុងកាឡាក់ស៊ីនិមួយៗមានផ្កាយពីរាប់សិបពាន់រហូតដល់រាប់សិបលានឯណោះ។ យ៉ាងណាក៏ដោយព្រះយេហូវ៉ា«ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់»។—ទំនុកដំកើង ១៤៧:៤
១៣. (ក) ហេតុអ្វីបានជាកញ្ចុំផ្កាយគឺអស្ចារ្យម្ល៉េះ? (ខ) តើអ្វីបង្ហាញឲ្យឃើញថា អ្នកវិទ្យាសាស្ត្រមិនស្គាល់«ច្បាប់នៅលើផ្ទៃមេឃ»?
១៣ ព្រះយេហូវ៉ាបានមានបន្ទូលសួរយ៉ូបថា៖ «តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ?»។ (យ៉ូប ៣៨:៣១) កញ្ចុំផ្កាយគឺជាផ្កាយមួយចំនួនដែលហាក់ដូចជាមានរាងចម្លែកឃើញជារូបភាពមួយពេលមើលជាមួយគ្នា។ ទោះជាចម្ងាយពីផ្កាយមួយទៅផ្កាយមួយប្រហែលជាឆ្ងាយណាស់ តែពេលមើលវាពីផែនដីទៅ រាងនៃកញ្ចុំផ្កាយនោះមិនដែលផ្លាស់ប្ដូរទេ។ ទីតាំងរបស់ផ្កាយនានាគឺចំត្រឹមត្រូវម្ល៉េះដែលការមើលផ្កាយ«ជាជំនួយដ៏ធំក្នុងការស្ទង់មើលទិសទីក្នុងពេលដែលធ្វើដំណើរ និងក៏ជួយអវកាសយានិកតម្រង់ទិសយានអវកាស ថែមទាំងជួយសម្គាល់ផ្កាយផ្សេងៗទៀត»។ (The Encyclopedia Americana) ក៏ប៉ុន្តែ គ្មានអ្នកណាយល់សព្វគ្រប់ពី«ចំណង»ដែលធ្វើឲ្យផ្កាយទាំងនេះជាប់គ្នាជាកញ្ចុំទេ។ ពិតណាស់ អ្នកវិទ្យាសាស្ត្រនៅតែឆ្លើយមិនចេញចំពោះសំនួរនៅយ៉ូប ៣៨:៣៣ ដែលសួរថា៖ «តើឯងស្គាល់របៀប[ឬ«ច្បាប់», ខ.ស.]នៅលើផ្ទៃមេឃហើយឬ?»។
១៤. តើរបៀបពន្លឺផ្សាយចេញទៅជារឿងអាថ៌កំបាំងពីព្រោះអ្វី?
១៤ មានសំនួរមួយទៀតដែលព្រះបានសួរយ៉ូបដែលអ្នកវិទ្យាសាស្ត្រក៏ឆ្លើយពុំបានដែរគឺ៖ «តើពន្លឺបានចែកទៅ . . . តាមផ្លូវណា?»។ (យ៉ូប ៣៨:២៤) អ្នកនិពន្ធម្នាក់ធ្លាប់សរសេរថា សំនួរអំពីពន្លឺនេះគឺជា«សំនួរដែលបង្ហាញនូវគំនិតជឿនលឿនអំពីរឿងវិទ្យាសាស្ត្រ»។ ផ្ទុយពីនេះ ទស្សនវិទូជនជាតិក្រិចប៉ុន្មាននាក់ធ្លាប់ជឿថា ពន្លឺសាយចេញពីភ្នែករបស់មនុស្សទេ។ នៅសម័យទំនើបបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រជឿថាពន្លឺមានសមាសភាពជាគ្រាប់ល្អិតៗ។ អ្នកវិទ្យាសាស្ត្រឯទៀតធ្លាប់ជឿថាពន្លឺធ្វើដំណើរជារលកវិញ។ សព្វថ្ងៃ អ្នកវិទ្យាសាស្ត្រជឿថាពន្លឺធ្វើដំណើរជារលកផងនិងជាភាគល្អិតផង។ យ៉ាងណាក៏ដោយ ពួកគេមិនទាន់យល់សព្វគ្រប់អំពីធាតុពិតនៃពន្លឺនិងរបៀប«ពន្លឺបានចែកទៅ»ទេ។
១៥. ដូចដាវីឌដែរ តើយើងគួរមានអារម្មណ៍យ៉ាងណាពេលយើងគិតពិចារណាអំពីអ្វីៗនៅលើមេឃ?
១៥ ការគិតពិចារណាអំពីរឿងទាំងអស់នេះ ជំរុញទឹកចិត្តយើងឲ្យមានអារម្មណ៍ដូចដាវីឌ ដែលបានតែងបទទំនុកដំកើងថា៖ «កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែនឹងផ្កាយដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វីដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផងដែលទ្រង់ប្រោសដូច្នេះ?»។—ទំនុកដំកើង ៨:៣, ៤
ផែនដីនិងសត្វទាំងឡាយលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ា
១៦, ១៧. តើសត្វផ្សេងៗក្នុង«ទីជំរៅ»សរសើរព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ ទំនុកដំកើង១៤៨ លើកឡើងរបៀបដែលការបង្កើតឯទៀតលើកតម្កើងសិរីងរុងរឿងរបស់ព្រះ។ ខ៧អានថា៖ «ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ នែ! អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រ នឹងទីជំរៅទាំងប៉ុន្មាន»។ «ទីជំរៅ»ពិតជាពោរពេញដោយសត្វអស្ចារ្យៗដែលបង្ហាញឲ្យឃើញប្រាជ្ញានិងតេជានុភាពរបស់ព្រះ។ ត្រីបាឡែនពណ៌ខៀវ(blue whale) មានទម្ងន់ជាមធ្យម១២០តោន គឺស្មើនឹងសត្វដំរី៣០ក្បាល! បើគិតពីបេះដូងវាតែប៉ុណ្ណោះ នោះមានទម្ងន់៤៥០គីឡូក្រាម ហើយអាចបូមឈាម៦.៤០០គីឡូក្រាមក្នុងរូបកាយវា! តើសត្វសមុទ្រធំសម្បើមទាំងនេះហែលយឺតៗក្នុងទឹកទេ? មិនមែនទាល់តែសោះ! សេចក្ដីរាយការណ៍មួយបញ្ជាក់ថា ត្រីបាឡែននោះ«ហែលយ៉ាងលឿន»គួរឲ្យអស្ចារ្យណាស់។ (European Cetacean Bycatch Campaign) ផ្កាយរណបបង្ហាញថា«ត្រីបាឡែនខៀវមួយក្បាលធ្លាប់ធ្វើដំណើរជាង១៦.០០០គីឡូម៉ែត្រក្នុងរយៈតែ១០ខែ»។
១៧ តាមធម្មតា ត្រីផ្សោត(ដូហ្វាំង)មួយប្រភេទ(bottle-nosed dolphin)មុជទឹកជ្រៅរហូតដល់៤៥ម៉ែត្រ។ ប៉ុន្តែ ជំរៅជ្រៅបំផុតដែលត្រីផ្សោតនេះធ្លាប់មុជគឺ៥៤៧ម៉ែត្រ! តើត្រីផ្សោតនេះអាចមុជទឹកជ្រៅដូច្នេះហើយនៅរស់យ៉ាងដូចម្ដេច? ពេលដែលវាមុជទឹកជ្រៅ បេះដូងរបស់វាចាប់ផ្ដើមលោតយឺតៗ ហើយឈាមជាច្រើនត្រូវបូមចូលទៅក្នុងបេះដូង សួត និងខួរក្បាលរបស់វា។ ម្យ៉ាងទៀត សាច់ដុំរបស់វាមានគីមីម្យ៉ាងដែលផ្ទុកអុកស៊ីសែន។ ត្រីបាឡែនប្រភេទមួយទៀត (sperm whale) និងសត្វឆ្មាសមុទ្រឬឆ្មាទឹកកក (elephant seal) អាចមុជទឹកជ្រៅជាងនេះទៅទៀត។ ទស្សនាវដ្ដីមួយប្រាប់ថា សត្វទាំងនេះ«ឲ្យសម្ពាធទឹកសង្កត់សួតវាទាំងស្រុង ជាជាងខំទប់ទល់នឹងសម្ពាធទឹក»។ (Discover) សត្វទាំងនេះផ្ទុកអុកស៊ីសែនភាគច្រើនដែលវាត្រូវការនៅក្នុងសាច់ដុំវា។ ច្បាស់ណាស់ សត្វទាំងនេះជាភស្តុតាងបញ្ជាក់ឲ្យឃើញនូវប្រាជ្ញារបស់ព្រះដែលមានគ្រប់ព្រះចេស្ដា!
១៨. តើទឹកសមុទ្របង្ហាញប្រាជ្ញារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៨ សូម្បីតែទឹកសមុទ្រក៏បង្ហាញឲ្យឃើញនូវប្រាជ្ញារបស់ព្រះយេហូវ៉ាដែរ។ ទស្សនាវដ្ដីវិទ្យាសាស្ត្រមួយប្រាប់ថា៖ «ទឹកសមុទ្រចាប់ពីផ្ទៃទឹករហូតដល់ជំរៅ១០០ម៉ែត្រគឺពោរពេញទៅដោយផាយតូប្លង់តុង ជារុក្ខជាតិតូចល្អិតម្យ៉ាងដែលអណ្ដែតក្នុងទឹក។ ទឹកសមុទ្រមួយដំណក់មានផាយតូប្លង់តុងរាប់ពាន់»។ (Scientific American) រុក្ខជាតិនេះគឺប្រៀបដូចជា«ព្រៃមួយដែលយើងមើលមិនឃើញ»អណ្ដែតក្នុងទឹក ដែលជួយសំអាតបរិយាកាសដោយស្រូបយកកាបូនឌីអុកស៊ីតរាប់ពាន់លានតោនចេញពីខ្យល់។ ជាង៥០ភាគរយនៃបរិមាណខ្យល់អុកស៊ីសែនដែលយើងត្រូវការដើម្បីដកដង្ហើមនោះ ត្រូវផលិតដោយផាយតូប្លង់តុង។
១៩. តើភ្លើងនិងទឹកកកសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៩ ទំនុកដំកើង១៤៨:៨ ចែងថា៖«អស់ទាំងភ្លើង នឹងព្រឹល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់»។ ពិតមែនដែលថា ព្រះយេហូវ៉ាប្រើកម្លាំងធម្មជាតិដើម្បីសម្រេចគោលបំណងរបស់ទ្រង់។ សូមគិតអំពីភ្លើង។ នៅសម័យមុន មនុស្សធ្លាប់ចាត់ទុកភ្លើងឆេះព្រៃជាបាតុភូតដែលបំផ្លិចបំផ្លាញព្រៃឈើ។ ប៉ុន្តែឥឡូវនេះ អ្នកស្រាវជ្រាវជឿថា ភ្លើងមាននាទីសំខាន់ក្នុងការជួយបរិស្ថាន ពីព្រោះពេលភ្លើងឆេះសុសអស់ដើមឈើចាស់ៗឬឈើងាប់ហើយ នោះវាធ្វើឲ្យគ្រាប់ពូជបញ្ចេញពន្លក ថែមទាំងធ្វើឲ្យដីមានជីជាតិឡើងវិញ ហើយតាមពិតភ្លើងឆេះព្រៃកាត់បន្ថយនូវលទ្ធភាពដែលអាចមានភ្លើងឆេះរង្គាលម្ដងទៀត។ ការធ្លាក់ព្រិលឬធ្លាក់ទឹកកកគឺសំខាន់ដែរ។ ពេលដែលទឹកកករលាយទៅក្នុងដីនោះធ្វើឲ្យដីមានជីជាតិ ព្រមទាំងធ្វើឲ្យទន្លេមានទឹកឡើងវិញ ហើយបង្កើតជាស្រទាប់ការពាររុក្ខជាតិនិងសត្វកុំឲ្យកក។
២០. តើភ្នំនិងដើមឈើផ្ដល់ផលប្រយោជន៍អ្វីដល់មនុស្ស?
២០ ទំនុកដំកើង១៤៨:៩ ចែងថា «ព្រមទាំងភ្នំធំតូចទាំងអស់ ដើមឈើដែលមានផ្លែ នឹងដើមតាត្រៅទាំងប៉ុន្មាន»។ ភ្នំខ្ពស់ស្កឹមស្កៃបញ្ជាក់នូវតេជានុភាពខ្លាំងមហិមារបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៦៥:៦) ប៉ុន្តែ ភ្នំក៏មានប្រយោជន៍ដែរ។ សេចក្ដីរាយការណ៍ពីវិទ្យាស្ថានផែនដីវិទ្យានៅទីក្រុងបឺន នាប្រទេសស្វីសប្រាប់ថា៖ «ទន្លេធំៗទាំងអស់ក្នុងលោកចាប់ហូរចេញពីក្បាលទឹកលើភ្នំ។ ជាង៥០ភាគរយនៃមនុស្សជាតិពឹងផ្អែកលើទឹកសាបដែលប្រសព្វគ្នាលើភ្នំ . . . ភ្នំទាំងនេះដែលប្រៀបដូចជា‹អាងទឹក›ធំៗ គឺជាអ្វីដែលចាំបាច់សំរាប់សុខុមាលភាពមនុស្សជាតិ»។ សូម្បីតែដើមឈើធម្មតាបញ្ជាក់នូវសិរីរុងរឿងរបស់ព្រះមួយអង្គដែលបានបង្កើតវាមក។ សេចក្ដីរាយការណ៍ពីកម្មវិធីមួយនៃអង្គការសហប្រជាជាតិប្រាប់ថា ដើមឈើ«គឺសំខាន់ចំពោះសុខុមាលភាពនៃមនុស្សនៅគ្រប់ប្រទេស . . . ពូជដើមឈើជាច្រើនមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ពីព្រោះវាជាប្រភពផលិតផលផ្សេងៗដូចជាធ្នឹម ផ្លែ គ្រាប់ផ្លែ ជ័រ និងកាវ។ ទូទាំងពិភពលោក ២ពាន់លាននាក់ពឹងផ្អែកលើអុសដើម្បីចំអិនអាហារនិងសំរាប់ធ្វើជាឥន្ធនៈផងដែរ»។—United Nations Environment Programme
២១. សូមពន្យល់នូវរបៀបស្លឹកឈើបង្ហាញឲ្យឃើញថាមានអ្នកបង្កើត។
២១ ទំរង់របស់ដើមឈើក៏ជាភស្តុតាងជាក់ច្បាស់ដែលបង្ហាញថា មានអ្នកបង្កើតដែលមានប្រាជ្ញា។ សូមគិតអំពីស្លឹកឈើធម្មតា។ ស្រទាប់ក្រៅបង្អស់នៃស្លឹកឈើមានសារធាតុភ្លឺរលោងដែលការពារមិនឲ្យស្លឹកនោះបាត់បង់ជាតិទឹកហើយមានភាពស្ងួត។ ក្រោមស្រទាប់នោះ នៅផ្ទៃខាងលើរបស់ស្លឹកមានកោសិកាជាច្រើនដែលមានក្លរ៉ូប្លាស។ ក្លរ៉ូប្លាសទាំងនេះមានក្លរ៉ូភីល ជាគីមីដែលចាប់យកថាមពលពន្លឺ។ តាមរយៈដំណើររស្មីសំយោគ នោះស្លឹកឈើទៅជា«រោងចក្រផលិតអាហារ»។ ឫសឈើដឹកនាំទឹកឡើងដល់ស្លឹកតាមប្រព័ន្ធសរសៃដ៏សាំញ៉ាំ ដែលប្រៀបដូចជា«ប្រព័ន្ធបំពង់ទឹក»។ នៅផ្ទៃខាងក្រោមរបស់ស្លឹកឈើមាន«សន្ទះខ្យល់»រាប់ពាន់(ដែលហៅថាស្តូម៉ា) វាបិទបើកដើម្បីស្រូបយកកាបូនឌីអុកស៊ីត។ ពន្លឺជាថាមពលដែលធ្វើឲ្យទឹកហើយកាបូនឌីអុកស៊ីតបង្កើតកាបូអ៊ីដ្រាត។ រួចមក ដើមដែលមានស្លឹកនោះអាចចិញ្ចឹមជីវិតដោយស្រូបអាហារដែលវាបានបង្កើតដោយខ្លួនឯង។ ប៉ុន្តែ ដើមនេះដែលប្រៀបដូចជា«រោងចក្រ»មួយ មានដំណើរការយ៉ាងស្ងាត់គ្មានឮសូរសម្លេង ហើយក៏មានសោភ័ណភាពដែរ។ ជាជាងបញ្ចេញសារធាតុដែលបំពុលអាកាស វាបញ្ចេញអុកស៊ីសែនទៅវិញ!
២២, ២៣. (ក) តើសត្វស្លាបនិងសត្វលើគោកមានសមត្ថភាពដ៏អស្ចារ្យអ្វីខ្លះ? (ខ) តើយើងត្រូវពិចារណាសំនួរអ្វីខ្លះទៀត?
២២ ទំនុកដំកើង ១៤៨:១០ ប្រាប់អំពី៖ «គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារ នឹងសត្វស្លាប»។ សត្វលើគោកនិងសត្វស្លាបជាច្រើនប្រភេទមានសមត្ថភាពអស្ចារ្យ។ មានសត្វស្លាបមួយប្រភេទ(Laysan albatross) អាចហើរឆ្ងាយណាស់(មានមួយលើកដែលសត្វស្លាបប្រភេទនេះបានហើរអស់៤០.០០០គីឡូម៉ែត្រក្នុងរយៈតែ៩០ថ្ងៃ)។ សត្វស្លាបប្រភេទមួយទៀត(blackpoll warbler)ធ្វើដំណើរពីអាមេរិកខាងជើងទៅអាមេរិកខាងត្បូង ដោយហើរជាង៨០ម៉ោងដោយមិនឈប់សំរាកទេ។ សត្វអូដ្ឋមិនផ្ទុកទឹកនៅក្នុងបូកវាដូចមនុស្សខ្លះធ្លាប់ជឿនោះទេ តែវាផ្ទុកទឹកក្នុងប្រព័ន្ធរំលាយអាហារវិញ ហើយហេតុនេះវាអាចធ្វើដំណើរយូរដោយមិនអស់ជាតិទឹកក្នុងខ្លួនទេ។ ដូច្នេះ គឺមិនចម្លែកទេដែលវិស្វករសង្កេតមើលពិភពសត្វយ៉ាងយកចិត្តទុកដាក់ពេលណាដែលពួកគេចង់បង្កើតម៉ាស៊ីនឬសម្ភារៈថ្មី។ អ្នកនិពន្ធម្នាក់ឈ្មោះ កេល ក្លៀរ ធ្លាប់សរសេរថា៖ «បើអ្នកចង់បង្កើតអ្វីដែលអាចប្រើប្រាស់បានល្អ . . . ហើយស៊ីនឹងបរិស្ថាន នោះអ្នកទំនងជាអាចរកឃើញគំរូល្អមួយក្នុងធម្មជាតិបាន»។
២៣ ការបង្កើតពិតជាសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះមែន! ចាប់ពីផ្កាយលើមេឃរហូតដល់រុក្ខជាតិនិងសត្វ នោះសុទ្ធតែនាំសេចក្ដីសរសើរឲ្យព្រះជាអ្នកបង្កើត។ ប៉ុន្តែ ចុះមនុស្សជាតិវិញ? តើយើងអាចចូលរួមសរសើរព្រះជាមួយនឹងធម្មជាតិយ៉ាងដូចម្ដេច?
[កំណត់សម្គាល់]
a ពន្លឺធ្វើដំណើរ៣០០.០០០គីឡូម៉ែត្រក្នុងមួយវិនាទី។
តើអ្នកនៅចាំទេ?
• ហេតុអ្វីបានជាអ្នកដែលបដិសេធថា គ្មានព្រះនោះពុំអាចដោះសាបានឡើយ?
• តើផ្កាយនិងភពផ្សេងៗលើកតម្កើងសិរីរុងរឿង របស់ព្រះយ៉ាងដូចម្ដេច?
• តើសត្វសមុទ្រនិងសត្វលើគោកជាភស្តុតាងបញ្ជាក់យ៉ាងដូចម្ដេចថា មានអ្នកបង្កើតដែលមានសេចក្ដីស្រឡាញ់នោះ?
• តើកម្លាំងធម្មជាតិសម្រេចគោលបំណង របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៩]
អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា ចំនួនផ្កាយដែលយើងអាចមើលឃើញគឺស្មើនឹង៧មានសូន្យ២២ដង!
[អ្នកផ្ដល់សិទ្ធិ]
Frank Zullo
[រូបភាពនៅទំព័រ១១]
រាងរបស់ទឹកកក
[អ្នកផ្ដល់សិទ្ធិ]
snowcrystals.net
[រូបភាពនៅទំព័រ១១]
កូនបក្សី(Laysan albatross)