ជំពូកទី១៣២
«បុរសនេះប្រាកដជាបុត្រព្រះមែន»
ម៉ាថាយ ២៧:៤៥-៥៦ ម៉ាកុស ១៥:៣៣-៤១ លូកា ២៣:៤៤-៤៩ យ៉ូហាន ១៩:២៥-៣០
លោកយេស៊ូស្លាប់លើបង្គោល
មានហេតុការណ៍ចម្លែកៗពេលលោកយេស៊ូបានស្លាប់
ឥឡូវនេះគឺ«ម៉ោងទីប្រាំមួយ» ឬម៉ោង១២ថ្ងៃត្រង់ ហើយ«ស្រុកទាំងមូលបានទៅជាងងឹតរហូតដល់ម៉ោងទីប្រាំបួន» ឬម៉ោង៣រសៀល។ (ម៉ាកុស ១៥:៣៣) ភាពងងឹតដ៏គួរឲ្យចម្លែកនេះមិនបានបណ្ដាលមកពីសូរ្យគ្រាសទេ។ សូរ្យគ្រាសតែងតែមាននៅពេលចូលខែ ដែលហៅថាដើមខ្នើត មិនមែននៅពេលខែពេញបូណ៌មី ដែលត្រូវនឹងបុណ្យរំលងនោះទេ។ ម្យ៉ាងទៀត ភាពងងឹតនេះមានរយៈពេលយូរជាងសូរ្យគ្រាសដែលធម្មតាមានរយៈពេលតែពីរបីនាទីប៉ុណ្ណោះ។ ដូច្នេះ ព្រះបានធ្វើឲ្យមានភាពងងឹតនេះ!
សូមស្រមៃគិតថាតើហេតុការណ៍នេះមានឥទ្ធិពលខ្លាំងយ៉ាងណាទៅលើពួកអ្នកដែលកំពុងចំអកមើលងាយលោកយេស៊ូ។ ក្នុងអំឡុងពេលមានភាពងងឹតនេះ មានស្ត្រីបួននាក់បានចូលទៅជិតបង្គោលទារុណកម្ម។ ពួកគាត់រួមមានម្ដាយរបស់លោកយេស៊ូ សាឡូមេ ម៉ារៀម៉ាក់ដាឡេន និងម៉ារៀដែលជាម្ដាយរបស់សាវ័កយ៉ាកុបតូច។
នៅពេលនោះ សាវ័កយ៉ូហានឈរនៅជិតម្ដាយរបស់លោកយេស៊ូ។ នាងកំពុងយំសោកសង្រេង«ក្បែរបង្គោលទារុណកម្ម»។ ម៉ារៀឃើញថាកូនប្រុសដែលនាងបានបង្កើតហើយចិញ្ចឹមបីបាច់ បានត្រូវគេព្យួរនៅលើបង្គោលយ៉ាងឈឺចាប់។ ពេលនាងឃើញដូច្នេះ នេះប្រៀបដូចជាមាន«ដាវវែងមួយ»ចាក់ទម្លុះចិត្តរបស់នាង។ (យ៉ូហាន ១៩:២៥; លូកា ២:៣៥) ចំណែកឯលោកយេស៊ូវិញ ទោះជាលោករងការឈឺចាប់យ៉ាងខ្លាំងក៏ដោយ លោកនៅតែគិតអំពីសុខទុក្ខម្ដាយរបស់លោក។ កាលដែលលោកកំពុងខំប្រឹងមានប្រសាសន៍ទៅម្ដាយថា៖ «មើល! កូនរបស់អ្នក!» នោះលោកងាកមើលទៅយ៉ូហាន។ បន្ទាប់មក ពេលដែលលោកកំពុងព្យាយាមមានប្រសាសន៍ទៅយ៉ូហានថា៖ «មើល! ម្ដាយរបស់អ្នក!» នោះលោកងាកមើលទៅម៉ារៀវិញ។—យ៉ូហាន ១៩:២៦, ២៧
លោកយេស៊ូកំពុងប្រគល់ភារកិច្ចមើលថែម្ដាយរបស់លោកឲ្យទៅសាវ័កដែលលោកស្រឡាញ់យ៉ាងខ្លាំង។ ពេលនោះ នាងទំនងជាបានក្លាយទៅជាស្ត្រីមេម៉ាយម្នាក់។ លោកយេស៊ូដឹងថាប្អូនប្រុសៗរបស់លោកមិនទាន់មានជំនឿលើលោកទេ។ ដូច្នេះ លោកកំពុងរៀបចំឲ្យម្ដាយរបស់លោកទទួលការមើលថែខាងផ្លូវកាយផ្លូវចិត្ត ព្រមទាំងខាងជំនឿផងដែរ។ នេះពិតជាគំរូដ៏ល្អមែន!
ប្រហែលជានៅពេលដែលភាពងងឹតជិតកន្លងផុតទៅ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក»។ ដោយធ្វើដូច្នេះ លោកកំពុងសម្រេចទំនាយក្នុងគម្ពីរ។ (យ៉ូហាន ១៩:២៨; ទំនុកតម្កើង ២២:១៥) លោកយេស៊ូមានអារម្មណ៍ថាបិតារបស់លោក ហាក់បីដូចជាបានឈប់ការពារលោកដើម្បីឲ្យចិត្តស្មោះគ្រប់លក្ខណៈរបស់លោកទទួលការល្បងលដល់កម្រិតខ្ពស់បំផុត។ ដូច្នេះ គ្រិស្តបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អេលី! អេលី! ឡាម៉ា សាបាក់ថានី?» ដែលបកប្រែថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ ពេលឮដូច្នេះ ពួកអ្នកខ្លះដែលឈរនៅក្បែរនោះក៏យល់ច្រឡំហើយនិយាយថា៖ «មើល! គាត់កំពុងហៅអេលីយ៉ា!»។ ប៉ុន្តែ មានម្នាក់រត់ទៅយកវត្ថុម្យ៉ាងដែលអាចជក់ទឹក ទៅជ្រលក់ក្នុងស្រាជូរ រួចដាក់លើចុងដើមត្រែងមួយ ហើយហុចឲ្យលោកយេស៊ូពិសា។ រួចអ្នកខ្លះនិយាយថា៖ «កុំរវល់នឹងគាត់! ចាំមើលថាតើអេលីយ៉ាមកដាក់គាត់ចុះឬមិនមក?»។—ម៉ាកុស ១៥:៣៤-៣៦
បន្ទាប់មក លោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ការទាំងអស់បានសម្រេចហើយ!»។ (យ៉ូហាន ១៩:៣០) ពិតណាស់ លោកបានសម្រេចកិច្ចការទាំងអស់ដែលបិតាបានប្រគល់ឲ្យធ្វើនៅផែនដី។ នៅទីបំផុត លោកយេស៊ូមានប្រសាសន៍ថា៖ «បិតា! ខ្ញុំសូមប្រគល់ជីវិតខ្ញុំជូនលោក!»។ (លូកា ២៣:៤៦) ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូមានន័យថាលោកប្រគល់កម្លាំងជីវិតឲ្យព្រះយេហូវ៉ា ដោយមានទំនុកចិត្តថាព្រះនឹងផ្ដល់កម្លាំងជីវិតនោះមកលោកវិញក្រោយមក។ រួចមក លោកយេស៊ូគ្រិស្តឱនក្បាលផុតដង្ហើមទៅ ដោយបង្ហាញទំនុកចិត្តទៅលើព្រះជានិច្ច។
ភ្លាមនោះ មានការរញ្ជួយដីយ៉ាងខ្លាំង ហើយថ្មបានប្រេះដាច់ពីគ្នា រហូតដល់ទីបញ្ចុះសពដែលនៅខាងក្រៅក្រុងយេរូសាឡិមបានរបើកឡើង រួចសពជាច្រើនក៏បានខ្ទាតឡើងចេញមកក្រៅ។ អ្នកដែលដើរកាត់ទីនោះបានឃើញសពទាំងនោះ រួចក៏ដើរចូលក្នុង«ក្រុងបរិសុទ្ធ» ហើយប្រាប់បណ្ដាជនអំពីអ្វីដែលពួកគេបានឃើញ។—ម៉ាថាយ ១២:១១; ២៧:៥១-៥៣
ពេលដែលលោកយេស៊ូស្លាប់ វាំងននដែលជារបាំងរវាងកន្លែងបរិសុទ្ធបំផុតនិងកន្លែងបរិសុទ្ធនៅវិហារបានរហែកជាពីរ ចាប់ពីលើចុះដល់ក្រោម។ ព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់នេះបញ្ជាក់អំពីសេចក្ដីក្រោធរបស់ព្រះចំពោះពួកអ្នកដែលសម្លាប់បុត្ររបស់លោក ហើយក៏បញ្ជាក់ដែរថាផ្លូវចូលទៅស្ថានសួគ៌ដែលតំណាងដោយកន្លែងបរិសុទ្ធបំផុត បានត្រូវបើកហើយ។—ហេប្រឺ ៩:២, ៣; ១០:១៩, ២០
ពួកបណ្ដាជនច្បាស់ជាភ័យខ្លាចយ៉ាងខ្លាំង។ នាយទាហានដែលមើលការខុសត្រូវនៅកន្លែងប្រហារជីវិត បានប្រកាសថា៖ «បុរសនេះប្រាកដជាបុត្រព្រះមែន»។ (ម៉ាកុស ១៥:៣៩) គាត់ប្រហែលជាបាននៅកន្លែងដែលពីឡាតវិនិច្ឆ័យក្ដីលោកយេស៊ូ និងពេលដែលពួកគេជជែកអំពីរឿងថាលោកយេស៊ូជាបុត្ររបស់ព្រះមែនឬក៏មិនមែន។ ឥឡូវនេះគាត់ជឿជាក់ថាលោកយេស៊ូជាមនុស្សសុចរិត ហើយពិតជាបុត្ររបស់ព្រះមែន។
ព្រឹត្ដិការណ៍ដ៏គួរឲ្យចម្លែកទាំងនេះច្បាស់ជាមានឥទ្ធិពលទៅលើពួកបណ្ដាជនដែលនៅទីនោះ។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមត្រឡប់ទៅផ្ទះវិញដោយ«គក់ទ្រូង» ដែលបញ្ជាក់អំពីការកើតទុក្ខនិងការអាម៉ាស់មុខរបស់ពួកគេ។ (លូកា ២៣:៤៨) ក្នុងចំណោមអស់អ្នកដែលកំពុងឈរមើលពីចម្ងាយ មានស្ត្រីជាច្រើនដែលជាអ្នកកាន់តាមលោកយេស៊ូ ហើយនៅពេលខ្លះបានធ្វើដំណើរជាមួយនឹងលោក។ ហេតុការណ៍ដ៏អស្ចារ្យទាំងនេះក៏មានឥទ្ធិពលទៅលើចិត្តរបស់ពួកគេដែរ។