ព្រះយេហូវ៉ា«ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»
«អ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។—ហេព្រើរ ១១:៦
១, ២. ហេតុអ្វីក៏អ្នកបំរើខ្លះរបស់ព្រះយេហូវ៉ាមានអារម្មណ៍មិនល្អនឹងខ្លួន?
បាបារ៉ាaប្រាប់រឿងសម្ងាត់ថា៖ «ខ្ញុំបំរើជាស្មរបន្ទាល់ព្រះយេហូវ៉ាជិត៣០ឆ្នាំមកហើយ តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំសមឲ្យហៅជាស្មរបន្ទាល់ទ្រង់សោះ»។ ឃីតក៏ពោលដូចនេះដែរថា៖ «ទោះជាខ្ញុំបានត្រួសត្រាយនិងមានភារកិច្ចផ្សេងៗជាច្រើន តែភារកិច្ចទាំងនេះមិនបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំសមឲ្យហៅជាស្មរបន្ទាល់របស់ទ្រង់ឡើយ។ នៅពេលខ្លះ ខ្ញុំមានអារម្មណ៍ថាមិនស័ក្ដិសមជាស្មរបន្ទាល់ ពីព្រោះអ្នកបំរើរបស់ព្រះយេហូវ៉ាមានហេតុច្រើនឲ្យសប្បាយចិត្ត ប៉ុន្តែខ្ញុំមិនសប្បាយចិត្តសោះ។ នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនមានកំហុស ដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់ទឹកចិត្តទៅ»។
២ អ្នកបំរើដ៏ស្មោះត្រង់ជាច្រើនរបស់ព្រះយេហូវ៉ាទាំងនៅសម័យពីដើមនិងសម័យនេះក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ នៅពេលខ្លះ តើអ្នកមានអារម្មណ៍បែបនេះទេ? អ្នកជឿគ្នីគ្នាហាក់ដូចជាមានការសប្បាយរីករាយជានិច្ច គ្មានបញ្ហាអ្វីសោះ តែចំពោះអ្នកវិញ អ្នកមានបញ្ហាច្រើនលើសលប់។ ជាលទ្ធផល អ្នកមានអារម្មណ៍ថា ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងអ្នក ឬអ្នកមិនសមនឹងឲ្យព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នកទេ។ ចូរកុំប្រញាប់សន្និដ្ឋានបែបនេះឲ្យសោះ។ ព្រះគម្ពីរធានារ៉ាប់រងយើងថា៖ «[ព្រះយេហូវ៉ា]មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ដ្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្ដាប់តាម»។ (ទំនុកដំកើង ២២:២៤) ពាក្យទំនាយនោះគឺអំពីព្រះមេស្ស៊ីដែលបង្ហាញថាព្រះយេហូវ៉ាព្រះសណ្ដាប់អ្នកស្មោះត្រង់និងក៏ប្រទានរង្វាន់ដល់ពួកគេដែរ។
៣. ហេតុអ្វីក៏យើងមិនអាចរួចផុតពីការគាបសង្កត់នៃរបបលោកីយ៍នេះ?
៣ គ្មានអ្នកណាម្នាក់អាចរួចផុតពីការគាបសង្កត់នៃរបបលោកីយ៍នេះឡើយ សូម្បីតែរាស្ត្ររបស់ព្រះយេហូវ៉ាក៏មិនអាចជៀសផុតបានដែរ។ យើងរស់នៅក្នុងលោកីយ៍ដែលមានអារក្សសាតាំងជាអ្នកគ្រប់គ្រង ហើយវាជាមេសត្រូវរបស់ព្រះយេហូវ៉ា។ (កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩) ជាជាងត្រូវបានការពារដោយអព្ភូតហេតុ តែតាមពិត រាស្ត្ររបស់ព្រះយេហូវ៉ាជាទីបាញ់វង់របស់សាតាំងទៅវិញ។ (យ៉ូប ១:៧-១២; វិវរណៈ ២:១០) ដូច្នេះ ទំរាដល់គ្រាកំណត់របស់ព្រះ យើងត្រូវ«អត់ធន់ក្នុងសេចក្ដីទុក្ខលំបាក»និង«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»ដោយទុកចិត្តថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះយើង។ (រ៉ូម ១២:១២) យើងមិនគួរឲ្យលោកីយ៍នេះបង្ខិតបង្ខំឲ្យយើងគិតថា ព្រះយេហូវ៉ាឥតស្រឡាញ់យើងនោះឡើយ!
តួយ៉ាងពីបុរាណចំពោះការស៊ូទ្រាំ
៤. ចូរលើកតួយ៉ាងខ្លះៗអំពីអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ា ដែលបានស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាក។
៤ អ្នកបំរើជាច្រើនរបស់ព្រះយេហូវ៉ានៅសម័យបុរាណត្រូវស៊ូទ្រាំនឹងកាលៈទេសៈពិបាកណាស់។ ជាឧទាហរណ៍ ហាណា«មានសេចក្ដីជូរល្វីងក្នុងចិត្តណាស់»ពីព្រោះគាត់គ្មានកូនសោះ។ ដូច្នេះហើយ ហាណាចាត់ទុកថាព្រះបានភ្លេចអំពីរូបគាត់ហើយ។ (សាំយូអែលទី១ ១:៩-១១) នៅពេលដែលអេលីយ៉ាត្រូវបានយេសិបិលដែលជាមហាក្សត្រីដ៏កំណាចគំរាមកំហែងរកសម្លាប់គាត់នោះៗគាត់ទៅជាភិតភ័យ ទាំងអធិស្ឋានទូលព្រះយេហូវ៉ាថា៖ «ល្មមហើយ! ឱព្រះយេហូវ៉ាអើយ! សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ»។ (ពង្សាវតារក្សត្រទី១ ១៩:៤) សាវ័កប៉ុលច្បាស់ជាពិបាកចិត្តយ៉ាងខ្លាំងនឹងភាពឥតគ្រប់ល័ក្ខណ៍របស់គាត់ ដ្បិតគាត់បានសារភាពថា៖ «ឯខ្ញុំដែលចង់ប្រព្រឹត្តតែសេចក្ដីល្អ នោះចេះតែមានសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច»។ គាត់បានពោលទៀតថា៖ «វេទនាណាស់ខ្ញុំ!»។—រ៉ូម ៧:២១-២៤
៥. (ក) តើហាណា អេលីយ៉ា និងប៉ុលបានទទួលរង្វាន់យ៉ាងដូចម្ដេច? (ខ) តើយើងអាចទាញយកការសំរាលទុក្ខអ្វីពីព្រះបន្ទូលរបស់ព្រះ បើយើងមានអារម្មណ៍មិនល្អ?
៥ ប្រាកដហើយ យើងដឹងថា ហាណា អេលីយ៉ា និងប៉ុលបានស៊ូទ្រាំក្នុងកាលដែលបំរើព្រះយេហូវ៉ា ហើយទ្រង់បានប្រទានរង្វាន់ដល់ពួកគេយ៉ាងវិសេស។ (សាំយូអែលទី១ ១:២០; ២:២១; ពង្សាវតារក្សត្រទី១ ១៩:៥-១៨; ធីម៉ូថេទី២ ៤:៨) ប៉ុន្តែ ពួកគេបានពុះពារនឹងអារម្មណ៍គ្រប់បែបយ៉ាង រួមបញ្ចូលទុក្ខសោក ការអស់សង្ឃឹមនិងការភិតភ័យ។ បើដូច្នេះ យើងមិនភ្ញាក់ផ្អើលទេ បើនៅពេលខ្លះយើងមានអារម្មណ៍មិនល្អនោះដែរ។ ប៉ុន្តែ តើអ្នកអាចធ្វើអ្វីបើកង្វល់កង្វាយក្នុងជីវិតធ្វើឲ្យអ្នកឆ្ងល់ថាតើព្រះយេហូវ៉ាពិតជាស្រឡាញ់អ្នកឬអត់នោះ? អ្នកអាចទទួលការលើកទឹកចិត្តពីព្រះបន្ទូលរបស់ព្រះ។ ជាឧទាហរណ៍ នៅក្នុងអត្ថបទមុននេះ យើងបានពិគ្រោះអំពីពំនោលរបស់ព្រះយេស៊ូ ដែលថាព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»។ (ម៉ាថាយ ១០:៣០) ពាក្យដែលលើកទឹកចិត្តទាំងនេះបញ្ជាក់ថា ព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់នឹងអ្នកបំរើរបស់ទ្រង់ម្នាក់ៗមែន។ ចូរនឹកចាំអំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីសត្វចាប។ បើព្រះយេហូវ៉ាកត់សម្គាល់សូម្បីតែចាបតូចមួយធ្លាក់ទៅដី នោះព្រះយេហូវ៉ាក៏មិនព្រងើយកន្តើយនឹងកាលៈទេសៈពិបាករបស់យើងឡើយ មែនទេ?
៦. តើព្រះគម្ពីរអាចលើកទឹកចិត្តចំពោះអស់អ្នកដែលមានអារម្មណ៍មិនល្អយ៉ាងដូចម្ដេច?
៦ តើមនុស្សឥតគ្រប់ល័ក្ខណ៍អាចមានតម្លៃចំពោះព្រះយេហូវ៉ា ជាព្រះដែលមានគ្រប់ព្រះចេស្ដានោះឬទេ? មែនហើយ! តាមការពិត មានខគម្ពីរជាច្រើនដែលធ្វើឲ្យយើងមានទំនុកចិត្តអំពីរឿងនេះ។ កាលណាយើងរំពឹងគិតលើខគម្ពីរទាំងនេះ យើងអាចពោលពាក្យដូចអ្នកតែងបទទំនុកដំកើង ដែលពោលថា៖ «គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្ឌក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ព្រលឹងទូលបង្គំវិញ»។ (ទំនុកដំកើង ៩៤:១៩) សូមឲ្យយើងពិនិត្យមើលពំនោលដ៏លើកទឹកចិត្តទាំងនេះក្នុងព្រះបន្ទូលរបស់ព្រះ ដែលនឹងជួយយើងឲ្យយល់យ៉ាងច្បាស់ទៀតថាយើងមានតម្លៃចំពោះព្រះ ហើយថាទ្រង់នឹងប្រទានពរដល់យើងឲ្យតែយើងបន្តធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។
«របស់ផង»ព្រះយេហូវ៉ា
៧. ចំពោះសាសន៍អ៊ីស្រាអែលដ៏ខូចអាក្រក់នោះ តើទំនាយដ៏លើកទឹកចិត្តដែលព្រះយេហូវ៉ាប្រទានតាមរយៈម៉ាឡាគីជាអ្វី?
៧ នៅកំឡុងសតវត្សរ៍ទីប្រាំមុនគ.ស. នោះពួកយូដាស្ថិតក្នុងស្ថានការណ៍ដ៏គួរឲ្យសោកស្ដាយ។ ពួកសង្ឃទទួលយកសត្វឈឺៗមកថ្វាយជាយញ្ញបូជានៅលើអាសនៈរបស់ព្រះយេហូវ៉ា។ ពួកចៅក្រមក៏បង្ហាញភាពលំអៀងផងដែរ។ អំពើអាបធ្មប់ ការភូតភរ ការបោកបញ្ឆោត និងអំពើកំផិតគឺមានទូទៅ។ (ម៉ាឡាគី ១:៨; ២:៩; ៣:៥) ចំពោះសាសន៍ដ៏ខូចអាក្រក់នេះ ម៉ាឡាគីបានទាយទំនាយមួយយ៉ាងអស្ចារ្យ។ ក្រោយមក ព្រះយេហូវ៉ានឹងនាំរាស្ត្រទ្រង់ឲ្យបំពេញព្រះហឫទ័យទ្រង់វិញ។ យើងអានថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា៖ ‹នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ។ គឺជាកូនដែលគោរពដល់ខ្លួនពិត›»។—ម៉ាឡាគី ៣:១៧
៨. ជាគោលការណ៍ ហេតុអ្វីក៏ម៉ាឡាគី ៣:១៧ អាចលើកទឹកចិត្តមនុស្ស១ហ្វូងយ៉ាងធំ?
៨ ទំនាយរបស់ម៉ាឡាគីក៏មានការសម្រេចនៅសម័យនេះ ពោលគឺពួកគ្រីស្ទានដែលបានត្រូវតែងតាំងដោយវិញ្ញាណ ដែលរួបរួមគ្នាជាសាសន៍មួយខាងវិញ្ញាណដែលមានចំនួន១៤៤.០០០នាក់។ សាសន៍នោះគឺប្រាកដជា«របស់ផង»ឬជា«រាស្ត្រដ៏ជាកេរ្ដិ៍អាករ»នៃព្រះយេហូវ៉ា។ (ពេត្រុសទី១ ២:៩) ទំនាយរបស់ម៉ាឡាគីក៏លើកទឹកចិត្តដល់«មនុស្ស១ហ្វូងយ៉ាងធំ»ដែល«ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង»។ (វិវរណៈ ៧:៤, ៩) ពួកទាំងនេះនឹងក្លាយជាហ្វូងមួយក្រោមការគ្រប់គ្រងនៃអ្នកគង្វាលតែមួយ គឺព្រះយេស៊ូគ្រីស្ទ។—យ៉ូហាន ១០:១៦
៩. ហេតុអ្វីក៏រាស្ត្ររបស់ព្រះយេហូវ៉ាជា«របស់ផង»ទ្រង់?
៩ ចំពោះអស់អ្នកដែលសម្រេចចិត្តបំរើព្រះយេហូវ៉ា តើទ្រង់ចាត់ទុកពួកគេយ៉ាងដូចម្ដេច? ដូចបានកត់សម្គាល់នូវម៉ាឡាគី ៣:១៧ ទ្រង់ចាត់ទុកពួកគេដូចជាឪពុកដែលប្រកបដោយក្ដីស្រឡាញ់ចំពោះកូនដែរ។ សូមកត់សម្គាល់នូវពាក្យដ៏លេចធ្លោដែលទ្រង់រៀបរាប់រាស្ត្រទ្រង់ ពោលគឺ«របស់ផងអញ»។ សេចក្ដីបកប្រែព្រះគម្ពីរឯទៀត បកស្រាយឃ្លានេះថា«របស់ដ៏ពិសេសរបស់អញ» «ទ្រព្យដ៏មានតម្លៃបំផុតរបស់អញ» និង«មនុស្សមានតម្លៃដូចពេជ្រ»។ ហេតុអ្វីបានជាព្រះយេហូវ៉ាចាត់ទុកអស់អ្នកដែលបំរើទ្រង់ជារបស់ផងទ្រង់ឬក៏ជាអ្នកដ៏ពិសេស? មូលហេតុមួយគឺថា ទ្រង់ជាព្រះកតញ្ញូ។ (ហេព្រើរ ៦:១០) ទ្រង់ចូលទៅជិតអស់អ្នកដែលបំរើទ្រង់អស់ពីចិត្ត និងចាត់ទុកពួកគេជារបស់ផងទ្រង់ ឬជាបុគ្គលដ៏ពិសេស។
១០. តើព្រះយេហូវ៉ាការពាររាស្ត្រទ្រង់យ៉ាងដូចម្ដេច?
១០ តើអ្នកអាចគិតនូវរបស់ដ៏មានតម្លៃបំផុតរបស់អ្នក ដែលអ្នកចាត់ទុកថាជារបស់ផងខ្លួនឬជារបស់ដ៏ពិសេស? អ្នកច្បាស់ជានឹងខំព្យាយាមការពាររបស់នោះណាស់ មែនទេ? ព្រះយេហូវ៉ាក៏ខំការពារនូវ«របស់ផង»ទ្រង់ដែរ។ ពិតមែន ដែលទ្រង់មិនការពាររាស្ត្រទ្រង់ឲ្យរួចផុតពីគ្រប់សេចក្ដីលំបាកនិងរឿងខ្លោចផ្សានោះទេ។ (សាស្ដា ៩:១១) ប៉ុន្តែ ព្រះយេហូវ៉ាអាចការពាររាស្ត្រដ៏ស្មោះរបស់ទ្រង់ខាងវិញ្ញាណ ហើយទ្រង់នឹងធ្វើដូច្នេះមែន។ ទ្រង់ប្រទាននូវកម្លាំងដែលពួកគេត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកណាមួយ។ (កូរិនថូសទី១ ១០:១៣) ហេតុដូច្នេះហើយ ម៉ូសេបានប្រាប់មនុស្សពីបុរាណរបស់ព្រះ គឺពួកអ៊ីស្រាអែលថា៖ «ចូរមានកំឡាំងហើយចិត្តក្លាហានឡើង . . . ព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ»។ (ចោទិយកថា ៣១:៦) ព្រះយេហូវ៉ាប្រទានពរដល់រាស្ត្ររបស់ទ្រង់។ ពួកគេជា«របស់ផង»ទ្រង់។
ព្រះយេហូវ៉ា«ទ្រង់ប្រទានរង្វាន់»
១១, ១២. ការដឹងថាព្រះយេហូវ៉ាជាអ្នកប្រទានរង្វាន់ តើនេះជួយយើងឲ្យទប់ទល់នឹងអារម្មណ៍មិនល្អយ៉ាងដូចម្ដេច?
១១ ទីសំអាងមួយទៀតដែលបញ្ជាក់ថាព្រះយេហូវ៉ាចាត់ទុករាស្ត្រថាមានតម្លៃ គឺថាទ្រង់ប្រទានរង្វាន់ពួកគេ។ ទ្រង់បានមានបន្ទូលប្រាប់ពួកអ៊ីស្រាអែលថា៖ «[ចូរ]ល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ» (ម៉ាឡាគី ៣:១០) ប្រាកដហើយ នៅទីបំផុតព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់រាស្ត្រទ្រង់ ពោលគឺជីវិតជារៀងរហូត។ (យ៉ូហាន ៥:២៤; វិវរណៈ ២១:៤) រង្វាន់ដ៏មានតម្លៃប្រៀបពុំបាននេះ បង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ធំធេងនិងសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា។ នេះក៏បង្ហាញថាទ្រង់ពិតជាចាត់ទុកអ្នកដែលសម្រេចចិត្តបំរើទ្រង់ ជាបុគ្គលដ៏មានតម្លៃ។ កាលណាយើងរៀនចេះចាត់ទុកព្រះយេហូវ៉ាជាអ្នកប្រទានរង្វាន់យ៉ាងសប្បុរស នោះអាចជួយយើងឲ្យតយុទ្ធចំពោះការសង្ស័យណាដែលយើងមានអំពីទស្សនៈរបស់ទ្រង់ចំពោះយើង។ តាមការពិត ព្រះយេហូវ៉ាដាស់តឿនយើងឲ្យចាត់ទុកទ្រង់ជាអ្នកប្រទានរង្វាន់! ប៉ុលបានសរសេរថា៖ «អ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។—ហេព្រើរ ១១:៦
១២ ប្រាកដហើយ យើងបំរើព្រះយេហូវ៉ាពីព្រោះយើងស្រឡាញ់ទ្រង់ មិនមែនពីព្រោះទ្រង់សន្យានឹងប្រទានរង្វាន់យើងនោះទេ។ យ៉ាងណាក្ដី ដោយនឹកចាំទុកនូវសេចក្ដីសង្ឃឹមចំពោះរង្វាន់នោះគឺមិនខុសឬថាយើងគិតតែពីប្រយោជន៍ខ្លួននោះឡើយ។ (កូល៉ុស ៣:២៣, ២៤) ព្រះយេហូវ៉ាចាត់វិធានការហើយប្រទានរង្វាន់ដល់អ្នកដែលខំស្វែងរកទ្រង់ ពីព្រោះទ្រង់ស្រឡាញ់ពួកគេនិងចាត់ទុកពួកគេថាមានតម្លៃណាស់ចំពោះទ្រង់។
១៣. ហេតុអ្វីក៏តម្លៃលោះជាទីសំអាងដ៏សំខាន់បំផុត ថាព្រះយេហូវ៉ាស្រឡាញ់យើងនោះ?
១៣ ការបញ្ជាក់ដ៏ធំបំផុតថាមនុស្សមានតម្លៃចំពោះព្រះយេហូវ៉ា គឺការរៀបចំឲ្យមានតម្លៃលោះ។ សាវ័កយ៉ូហានបានសរសេរថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) សំវិធានការនៃយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ គឺផ្ទុយនឹងគំនិតថាយើងគ្មានប្រយោជន៍ឬព្រះយេហូវ៉ាមិនស្រឡាញ់យើង។ ប្រាកដហើយ បើព្រះយេហូវ៉ាបង់ថ្លៃច្រើនដល់ម្ល៉េះដើម្បីយើង ពោលគឺរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ នោះទ្រង់ច្បាស់ជាស្រឡាញ់យើងយ៉ាងជ្រាលជ្រៅហើយ។
១៤. តើអ្វីដែលបង្ហាញនូវរបៀបដែលប៉ុលចាត់ទុកតម្លៃលោះនោះ?
១៤ ហេតុដូច្នេះហើយ បើអ្នកមានអារម្មណ៍មិនល្អ ចូររំពឹងគិតលើតម្លៃលោះចុះ។ ត្រូវហើយ ចូរចាត់ទុកអំណោយនេះ ជាអំណោយដែលព្រះយេហូវ៉ាប្រទានដល់រូបអ្នកផ្ទាល់។ សាវ័កប៉ុលបានចាត់ទុកតម្លៃលោះជាអំណោយពីព្រះដល់រូបគាត់ផ្ទាល់មែន។ សូមនឹកចាំទេ គាត់បានពោលថា៖ «វេទនាណាស់ខ្ញុំ!»។ ប៉ុន្តែ ក្រោយមក គាត់ពោលថា៖ «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»ដែល«ទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។ (រ៉ូម ៧:២៤, ២៥; កាឡាទី ២:២០, កំណែជាអក្សរទ្រេត) ពេលដែលប៉ុលនិយាយនេះ គាត់មិនបានអួតខ្លួននោះទេ។ គាត់គ្រាន់តែមានទំនុកចិត្តថាព្រះយេហូវ៉ាចាត់ទុករូបគាត់ជាបុគ្គលមានតម្លៃប៉ុណ្ណោះ។ ដូចសាវ័កប៉ុល អ្នកក៏គួររៀនឲ្យចេះចាត់ទុកតម្លៃលោះជាអំណោយពីព្រះដល់រូបអ្នកផ្ទាល់ដែរ។ ព្រះយេហូវ៉ាជាអ្នកសង្គ្រោះដែលមានព្រះចេស្ដា ហើយក៏ជាព្រះដែលប្រទានរង្វាន់ ដែលប្រកបដោយក្ដីស្រឡាញ់ដែរ។
ចូរប្រយ័ត្ននឹង«ឧបាយកល»របស់សាតាំង
១៥-១៧. (ក) តើអារក្សជញ្ជក់យកផលប្រយោជន៍ពីអារម្មណ៍មិនល្អយ៉ាងដូចម្ដេច? (ខ) តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់យ៉ូប?
១៥ ក៏ប៉ុន្តែ អ្នកប្រហែលជាពិបាកជឿថា ការលើកទឹកចិត្តដែលមានក្នុងព្រះបន្ទូលរបស់ព្រះ ពិតជាសំដៅលើអ្នក។ អ្នកប្រហែលជាមានអារម្មណ៍ថា រង្វាន់នៃការរស់នៅជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះ គឺជាអ្វីដែលមនុស្សដទៃអាចទទួល ប៉ុន្តែចំពោះអ្នកគឺមិនសមទទួលបានទេ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ តើអ្នកអាចធ្វើយ៉ាងណា?
១៦ អ្នកពិតជាដឹងនូវការដាស់តឿនរបស់សាវ័កប៉ុលដល់បងប្អូននៅក្រុងអេភេសូរ ដែលថា៖ «ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។ (អេភេសូរ ៦:១១) នៅពេលដែលយើងគិតអំពីឧបាយកលរបស់សាតាំង នោះយើងគិតភ្លាមអំពីឧបាយកលផ្សេងៗដូចជាវត្ថុនិយមនិងអំពើអសីលធម៌ជាដើម។ សេចក្ដីល្បួងទាំងនេះគឺបានបំផ្លាញរាស្ត្ររបស់ព្រះជាច្រើននាក់នៅសម័យបុរាណនិងសម័យយើងនេះផងដែរ។ យ៉ាងណាក៏ដោយ យើងមិនគួរភ្លេចនូវឧបាយកលមួយទៀតនៃសាតាំង ពោលគឺការខំប្រឹងឲ្យមនុស្សជឿថា ព្រះយេហូវ៉ាឥតស្រឡាញ់ពួកគេទេ។
១៧ អារក្សវាពូកែជញ្ជក់យកផលប្រយោជន៍ពីអារម្មណ៍បែបនេះ ដើម្បីឲ្យមនុស្សដើរចេញពីព្រះ។ ចូរនឹកចាំនូវពាក្យរបស់ប៊ីលដាឌចំពោះយ៉ូបថា៖ «ដូច្នេះ ធ្វើដូចម្ដេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន ឬធ្វើដូចម្ដេចឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លានៅព្រះនេត្រទ្រង់ផង ចំណង់បើមនុស្សដែលជាដង្កូវទទេ នឹងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ»។ (យ៉ូប ២៥:៤-៦; យ៉ូហាន ៨:៤៤) ពាក្យទាំងនេះច្បាស់ជាធ្វើឲ្យយ៉ូបបាក់ទឹកចិត្តខ្លាំងណាស់ មែនទេ? ដូច្នេះ សូមកុំឲ្យសាតាំងធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តឲ្យសោះ។ ផ្ទុយទៅវិញ ចូរប្រយ័ត្ននឹងឧបាយកលរបស់សាតាំង ដើម្បីឲ្យអ្នកមានកម្លាំងទប់ទល់ខ្លាំងជាងនោះទៅទៀត ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ។ (កូរិនថូសទី២ ២:១១) រីឯចំពោះយ៉ូប ទោះជាគាត់ត្រូវទទួលការកែតម្រង់ក្ដី ព្រះយេហូវ៉ាបានប្រទានរង្វាន់គាត់ដោយសារបានស៊ូទ្រាំ ដោយឲ្យគាត់មានច្រើនជាងមុនមួយជាពីរ។—យ៉ូប ៤២:១០
ព្រះយេហូវ៉ា«ធំជាងចិត្តយើងទៅទៀត»
១៨, ១៩. តើព្រះ«ធំជាងចិត្តយើងទៅទៀត»យ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាដែលទ្រង់‹ស្គាល់ទាំងអស់›នោះ?
១៨ ពិតមែន គឺពិបាកបំបាត់ចោលនូវការធ្លាក់ទឹកចិត្ត បើសិននោះដិតជាប់ជ្រៅក្នុងចិត្តយូរមកហើយ។ ក៏ប៉ុន្តែ វិញ្ញាណរបស់ព្រះយេហូវ៉ាអាចជួយអ្នកឲ្យឈ្នះ«រំលាយអស់ទាំងគំនិតដែល . . . លើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ»។ (កូរិនថូសទី២ ១០:៤, ៥) នៅពេលដែលអារម្មណ៍មិនល្អហៀបនឹងគ្របសន្ធប់យើង នោះចូររំពឹងគិតពាក្យរបស់យ៉ូហាន ដែលថា៖ «គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។—យ៉ូហានទី១ ៣:១៩, ២០
១៩ តើឃ្លាដែលថា«ព្រះទ្រង់ធំជាងចិត្តយើងទៅទៀត»មានន័យយ៉ាងណា? នៅពេលខ្លះ ចិត្តរបស់យើងអាចធ្វើទុក្ខយើង ជាពិសេសនៅពេលដែលយើងដឹងនូវភាពមិនគ្រប់ល័ក្ខណ៍និងកំហុសរបស់យើង។ ឬដោយសារមជ្ឈដ្ឋានរបស់យើង យើងមានទំនោរដែលដិតជាប់ជ្រៅឲ្យគិតតែមិនល្អចំពោះខ្លួន ហាក់ដូចជាគ្មានអ្វីដែលយើងអាចធ្វើ ដែលព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យនឹងយើងឡើយ។ ពាក្យរបស់សាវ័កយ៉ូហានធានារ៉ាប់រងយើងថា ព្រះយេហូវ៉ាធំជាងចិត្តយើងទៅទៀត! ទ្រង់មិនចេះតែគិតនូវកំហុសយើង តែទ្រង់ទតឃើញនូវអ្វីដែលយើងអាចធ្វើវិញ។ ទ្រង់ស្គាល់បំណងចិត្តរបស់យើង។ ដាវីឌបានសរសេរថា៖ «ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:១៤) មែនហើយ ព្រះយេហូវ៉ាស្គាល់យើងជាងយើងស្គាល់ខ្លួនឯងទៅទៀត!
«ជាមកុដដ៏រុងរឿង» និង«ជាព្រះមាលារាជ្យ»
២០. តើទំនាយរបស់អេសាយស្តីអំពីការរៀបចំឡើងវិញ បង្ហាញថាព្រះយេហូវ៉ាចាត់ទុករាស្ត្រទ្រង់យ៉ាងដូចម្ដេច?
២០ តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាប្រទានរាស្ត្រទ្រង់នៅសម័យបុរាណនូវសេចក្ដីសង្ឃឹមចំពោះការរៀបចំឡើងវិញ។ នៅពេលដែលពួកគេរស់នៅជានិរទេសជននៅបាប៊ីឡូន ពួកគេពិតជាត្រូវការការលើកទឹកចិត្តនិងការធានារ៉ាប់រងនេះ! ដោយមើលទៅមុខនៅពេលដែលពួកគេនឹងត្រឡប់មកស្រុកកំណើតវិញ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ឯងនឹងជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តរបស់ព្រះនៃឯង»។ (អេសាយ ៦២:៣) ដោយពាក្យទាំងនេះ នោះព្រះយេហូវ៉ាលើកកិត្ដិយសរាស្ត្រទ្រង់។ សព្វថ្ងៃនេះ ទ្រង់ក៏បានធ្វើដូច្នេះដល់សាសន៍អ៊ីស្រាអែលខាងវិញ្ញាណដែរ។ នេះគឺហាក់ដូចជាទ្រង់លើកពួកគេឲ្យខ្ពស់ ដើម្បីឲ្យមនុស្សទាំងអស់សរសើរ។
២១. តើដូចម្ដេច ដែលអ្នកអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់អ្នក ដោយសារអ្នកចេះស៊ូទ្រាំនោះ?
២១ ទោះជាទំនាយនេះត្រូវបានសម្រេចជាដំបូងដល់ពួកចាក់ប្រេងតាំង តែក៏បង្ហាញថា ព្រះយេហូវ៉ាប្រទានភាពថ្លៃថ្នូរដល់មនុស្សទាំងអស់ដែលបំរើទ្រង់។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ចូរចាំថា ទោះជាយើងមិនគ្រប់ល័ក្ខណ៍ក៏ដោយ យើងអាចមានតម្លៃណាស់ដូចជា«មកុដដ៏រុងរឿង» និង«ជាព្រះមាលារាជ្យ»ដល់ព្រះយេហូវ៉ា។ ដូច្នេះ ចូរបន្តធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ ដោយខំប្រឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ (សុភាសិត ២៧:១១) ដោយធ្វើដូច្នេះ អ្នកអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់អ្នកដែលចេះស៊ូទ្រាំ!
[កំណត់សម្គាល់]
a ឈ្មោះខ្លះត្រូវបានកែ។
តើអ្នកនៅចាំឬទេ?
• តើយើងជា«របស់ផង»ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏សំខាន់ឲ្យយើងចាត់ទុកព្រះយេហូវ៉ាជាព្រះដែលប្រទានរង្វាន់?
• តើ«ឧបាយកល»អ្វីរបស់សាតាំង ដែលយើងត្រូវតែប្រយ័ត្ន?
• តើតាមរបៀបណាដែលព្រះ«ធំជាងចិត្តយើងទៅទៀត»?
[រូបភាពនៅទំព័រ១៣]
ប៉ុល
អេលីយ៉ា
ហាណា
[រូបភាពនៅទំព័រ១៥]
ព្រះបន្ទូលរបស់ព្រះមានខគម្ពីរច្រើនដែលលើកទឹកចិត្ត