ចូរឲ្យកតញ្ញុតាធម៌របស់យើងកើនឡើងជានិច្ច
«ឱព្រះអង្គអើយ! ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎! ក៏មានចំនួនច្រើនណាស់ផង»។—ទំនុកដំកើង ១៣៩:១៧
១, ២. ដោយសារយើងមានព្រះគម្ពីរជាបណ្ដាំរបស់ព្រះ ហេតុអ្វីក៏យើងគួរមានកតញ្ញុតាធម៌? តើអ្នកតែងបទទំនុកដំកើងបានបង្ហាញកតញ្ញុតាធម៌ដោយមានប្រសាសន៍យ៉ាងណា?
អ្វីដែលពួកគេបានរកឃើញពេលជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ានៅទីក្រុងយេរូសាឡិមនោះ គឺអស្ចារ្យមែន! ដ្បិតសម្ដេចសង្ឃឈ្មោះហ៊ីលគីយ៉ាបានរកឃើញ«គម្ពីរក្រិត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកដោយសារលោកម៉ូសេ»។ គម្ពីរក្រឹត្យវិន័យនោះច្បាស់ជាឯកសារដើមដែលម៉ូសេបានសរសេរប្រមាណ៨០០ឆ្នាំមុនសម័យហ៊ីលគីយ៉ាទៅទៀត! សូមនឹកគិតអំពីអារម្មណ៍របស់ស្តេចយ៉ូសៀសដែលជាអ្នកកោតខ្លាចព្រះ ពេលគេយកគម្ពីរក្រឹត្យវិន័យនោះមកដាក់នៅចំពោះមុខទ្រង់។ យ៉ូសៀសប្រាកដជាឲ្យតម្លៃចំពោះឯកសារនោះហើយបង្គាប់ឲ្យលេខាធិការឈ្មោះសាផានអានគម្ពីរនោះឲ្យឮភ្លាមៗ។—របាក្សត្រទី២ ៣៤:១៤-១៨
២ នៅសព្វថ្ងៃនេះ មនុស្សរាប់លាននាក់អាចទទួលព្រះគម្ពីរទាំងមូលឬសៀវភៅខ្លះៗពីព្រះគម្ពីរដើម្បីទុកអាន។ ដោយសារមានព្រះគម្ពីរច្រើនសន្ធឹកម្ល៉េះ តើនេះមានន័យថាព្រះគម្ពីរមិនសូវមានតម្លៃដូចនៅសម័យបុរាណឬ? មិនមែនទេ! ដ្បិតគំនិតរបស់ព្រះយេហូវ៉ាជាព្រះដែលមានព្រះចេស្ដាបំផុតបានត្រូវកត់ទុកក្នុងព្រះគម្ពីរដើម្បីឲ្យយើងទទួលប្រយោជន៍។ (ធីម៉ូថេទី២ ៣:១៦) ដាវីឌបានតែងទំនុកដំកើងមួយបទដែលបញ្ជាក់ពីអារម្មណ៍របស់គាត់ចំពោះព្រះគម្ពីរដែលជាបណ្ដាំរបស់ព្រះថា៖ «ឱព្រះអង្គអើយ! ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎! ក៏មានចំនួនច្រើនណាស់ផង»។—ទំនុកដំកើង ១៣៩:១៧
៣. តើអ្វីបង្ហាញថាដាវីឌជាអ្នកដែលយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា?
៣ សេចក្ដីស្រឡាញ់របស់ដាវីឌចំពោះព្រះយេហូវ៉ា បណ្ដាំរបស់ទ្រង់និងការថ្វាយបង្គំពិតមិនបានរសាយសោះឡើយ។ បទទំនុកដំកើងជាច្រើនដែលដាវីឌសរសេរនោះ ជាបទពីរោះណាស់ដែលបញ្ជាក់ពីអារម្មណ៍របស់គាត់។ ជាឧទាហរណ៍ ដាវីឌបានសរសេរបទទំនុកទី២៧:៤ ដែលចែងថា៖ «ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ាហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃអស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់»។ ឃ្លាភាសាហេព្រើរសំដៅទៅលើការបង្ហាញកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាដោយ«ពិនិត្យពិចារណា»អំពីព្រះវិហារទ្រង់ ដោយសារពេញចិត្ត កោតស្ងើចនិងមានក្ដីស្រឡាញ់ចំពោះព្រះវិហារនោះ។ ដាវីឌច្បាស់ជាអ្នកដែលយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា ហើយគាត់ក៏មានកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាដែលប្រទានអ្វីៗដើម្បីពង្រឹងជំនឿរបស់គាត់។ ម្យ៉ាងទៀត ដាវីឌពេញចិត្តណាស់ចំពោះសេចក្ដីពិតទាំងឡាយដែលព្រះយេហូវ៉ាជួយឲ្យគាត់យល់។ ដាវីឌបានតាំងគំរូល្អជាបុរសកតញ្ញូ ដូច្នេះគប្បីឲ្យយើងធ្វើតាមគំរូរបស់គាត់។—ទំនុកដំកើង ១៩:៧-១១
ចូរមានកតញ្ញុតាធម៌ ដោយសារស្គាល់សេចក្ដីពិតក្នុងព្រះគម្ពីរ
៤. ហេតុអ្វីក៏ព្រះយេស៊ូមានចិត្ត«រីករាយដោយព្រះវិញ្ញាណ»?
៤ យើងមិនចាំបាច់ជាមនុស្សឆ្លៀវឆ្លាតដែលមានចំណេះខ្ពង់ខ្ពស់ដើម្បីយល់ច្បាស់នូវសេចក្ដីបង្រៀនក្នុងព្រះគម្ពីរទេ។ តាមពិត មនុស្សឆ្លាតដែលជាអ្នកចេះដឹងច្រើនតែមានអំណួតវិញ។ ប៉ុន្តែ មានតែមនុស្សរាបទាបហើយស្មោះត្រង់ដែលអាចយល់នូវសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ។ ដោយសារមនុស្សបែបនោះទទួលស្គាល់ថា ពួកគេជាមនុស្សកម្សត់ខាងវិញ្ញាណឬជាអ្នកត្រូវការជំនួយពីព្រះ នោះព្រះយេហូវ៉ាបង្ហាញក្ដីសប្បុរសដ៏លើសលប់ចំពោះពួកគេ។ (ម៉ាថាយ ៥:៣; យ៉ូហានទី១ ៥:២០) ពេលព្រះយេស៊ូគិតថាមនុស្សមិនគ្រប់លក្ខណ៍ខ្លះអាចមានឈ្មោះកត់ទុកនៅស្ថានសួគ៌ នោះទ្រង់«រីករាយ»។ រួចមក ព្រះយេស៊ូមានប្រសាសន៍ថា៖ «ឱព្រះវរបិតាជាព្រះអម្ចាស់នៃស្ថានសួគ៌នឹងផែនដីអើយ! ទូលបង្គំសរសើរដល់ទ្រង់ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ»។—លូកា ១០:១៧-២១
៥. ហេតុអ្វីក៏សិស្សរបស់ព្រះយេស៊ូមិនគួរចាត់ទុកសេចក្ដីបង្រៀនអំពីព្រះរាជាណាចក្ររបស់ព្រះជារឿងបន្ទាប់បន្សំ?
៥ ក្រោយព្រះយេស៊ូបានអធិស្ឋានអស់ពីដួងចិត្តនោះ ទ្រង់បែរជាប្រាប់សិស្សទ្រង់ថា៖ «មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ ពីព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរានឹងស្តេចជាច្រើនបានប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ»។ ត្រូវហើយ ព្រះយេស៊ូដាស់តឿនពួកអ្នកស្មោះត្រង់នឹងទ្រង់ថា កុំឲ្យពួកគេចាត់ទុកសេចក្ដីបង្រៀនពិសេសអំពីព្រះរាជាណាចក្ររបស់ព្រះជារឿងបន្ទាប់បន្សំទេ ដ្បិតពួកអ្នកបម្រើព្រះនៅសម័យមុនៗមិនបានរៀននូវសេចក្ដីពិតទាំងនេះទេ។ ណាមួយទៀត ព្រះយេស៊ូគ្មានបំណងប្រាប់ឲ្យ‹ពួកអ្នកប្រាជ្ញនឹងពួកឈ្លាសវៃ›នៅសម័យទ្រង់ដឹងទេ!—លូកា ១០:២៣, ២៤
៦, ៧. (ក) តើមានមូលហេតុអ្វីខ្លះឲ្យយើងមានកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាដែលប្រទានសេចក្ដីពិតដល់យើង? (ខ) នៅសព្វថ្ងៃនេះ តើសាសនាពិតនិងសាសនាមិនពិតមានលក្ខណៈខុសគ្នាយ៉ាងណា?
៦ សព្វថ្ងៃនេះយើងមានមូលហេតុច្រើនជាងនោះទៅទៀតឲ្យមានកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ាដែលប្រទានសេចក្ដីពិតដល់យើង។ ព្រះយេហូវ៉ាបានជួយរាស្ត្រទ្រង់ឲ្យយល់បណ្ដាំក្នុងព្រះគម្ពីរកាន់តែច្រើនតាមរយៈការពន្យល់ពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥; ដានីយ៉ែល ១២:១០) ហើយព្យាការីដានីយ៉ែលបានសរសេរថា នៅគ្រាចុងបំផុត«មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង»។ (ដានីយ៉ែល ១២:៤) នៅសម័យនេះ «មនុស្សជាច្រើន»មានចំណេះអំពីព្រះយេហូវ៉ាមែន ហើយអ្នកបម្រើទ្រង់កំពុងតែទទួលការណែនាំល្អដែលពង្រឹងជំនឿ។
៧ បើប្រៀបធៀបពួកអ្នកបម្រើព្រះយេហូវ៉ានិងមនុស្សដែលកាន់សាសនាឯទៀត យើងឃើញមានលក្ខណៈខុសគ្នាឆ្ងាយណាស់ ដ្បិតរាស្ត្ររបស់ព្រះមានចំណេះច្រើន តែមនុស្សក្នុងបាប៊ីឡូនដ៏ធំចេះតែភាន់ច្រឡំវិញ! ជាលទ្ធផល មនុស្សជាច្រើនដែលអស់សង្ឃឹមនិងលែងពេញចិត្តចំពោះសាសនាមិនពិតកំពុងតែបែរមករកសាសនាពិតវិញ។ អ្នកទាំងនោះជាមនុស្សដែលមានលក្ខណៈដូចចៀម ហើយពួកគេមិនចង់«មានចំណែកក្នុងអំពើបាប»របស់បាប៊ីឡូនដ៏ធំ និងមិនចង់រងទុក្ខ«វេទនាដូចជាវា»ទេ។ ព្រះយេហូវ៉ានិងពួកអ្នកបម្រើទ្រង់កំពុងតែអញ្ជើញអ្នកទាំងនោះឲ្យចូលមកក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកពិត។—វិវរណៈ ១៨:២-៤; ២២:១៧
មនុស្សកតញ្ញូនាំគ្នាមកថ្វាយបង្គំព្រះ
៨, ៩. នៅសម័យយើងនេះ តើពាក្យនៅហាកាយ ២:៧ កំពុងតែសម្រេចយ៉ាងណា?
៨ ព្រះយេហូវ៉ាប្រៀបធៀបការថ្វាយបង្គំពិតទៅនឹងវិហារមួយ ហើយទាយថាទ្រង់«នឹងអង្រួនអស់ទាំងសាសន៍» ហើយ«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់» ហើយទ្រង់នឹង‹បំពេញវិហារនោះដោយសិរីល្អ›។ (ហាកាយ ២:៧) នៅសម័យហាកាយទំនាយដ៏អស្ចារ្យនេះបានសម្រេចមួយដងហើយ ពេលរាស្ត្រខ្លះរបស់ព្រះបានកសាងព្រះវិហារឡើងវិញនៅទីក្រុងយេរូសាឡិម។ ពាក្យរបស់ហាកាយដែលប្រៀបធៀបការថ្វាយបង្គំពិតទៅនឹងព្រះវិហារដ៏ឧត្តមរបស់ព្រះយេហូវ៉ាកំពុងតែសម្រេចមួយលើកទៀតនៅសម័យយើងនេះ។
៩ មនុស្សរាប់លាននាក់បានចូលមកថ្វាយបង្គំព្រះយេហូវ៉ា«ដោយវិញ្ញាណនឹងសេចក្ដីពិត» ហាក់ដូចជាពួកគេបានចូលមកឯព្រះវិហាររបស់ទ្រង់។ រៀងរាល់ឆ្នាំ មនុស្សរាប់សែននាក់ដែលជា«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»កំពុងតែចូលមកថ្វាយបង្គំព្រះយេហូវ៉ា។ (យ៉ូហាន ៤:២៣, ២៤) ជាក់ស្តែងដូចបានបញ្ជាក់ក្នុងរបាយការណ៍សម្រាប់ឆ្នាំកិច្ចបម្រើ២០០៦ ដែលបង្ហាញថាបងប្អូន២៤៨.៣២៧នាក់បានធ្វើបុណ្យជ្រមុជទឹកដើម្បីបង្ហាញថាពួកគេបានឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ បើនិយាយជាមធ្យម នេះបានន័យថារៀងរាល់ថ្ងៃមានបងប្អូនប្រមាណ៦៨០នាក់ធ្វើបុណ្យជ្រមុជទឹក! ពួកគេស្រឡាញ់សេចក្ដីពិតនិងប្រាថ្នាចង់បម្រើព្រះយេហូវ៉ាដោយប្រកាសសារព្រះរាជាណាចក្ររបស់ទ្រង់ ដូច្នេះនេះជាទីសំអាងដែលបង្ហាញច្បាស់ថា ទ្រង់ពិតជាបានទាញនាំពួកគេឲ្យមកថ្វាយបង្គំទ្រង់មែន។—យ៉ូហាន ៦:៤៤, ៦៥
១០, ១១. សូមប្រាប់បទពិសោធន៍មួយដែលបញ្ជាក់មូលហេតុដែលមនុស្សខ្លះមានកតញ្ញុតាធម៌ចំពោះព្រះដែលប្រទានសេចក្ដីពិតក្នុងព្រះគម្ពីរ។
១០ មនុស្សស្មោះត្រង់ជាច្រើនទាំងនេះមានចិត្តចង់រៀនសេចក្ដីពិតពីព្រោះពួកគេ«ចេះញែកសេចក្ដីសុចរិតនឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះនឹងមនុស្សដែលមិនគោរពផង»។ (ម៉ាឡាគី ៣:១៨) សូមគិតអំពីបទពិសោធន៍របស់បងប្រុសឈ្មោះវេន និងបងស្រីឈ្មោះវើជីញ៉ា ជាស្វាមីភរិយាដែលពីមុនបានកាន់សាសនាប្រូតេស្តង់។ កាលនោះ ពួកគាត់ឆ្ងល់អំពីរឿងផ្សេងៗតែគ្មានអ្នកណាអាចឆ្លើយសំណួររបស់ពួកគាត់បានទេ។ ពួកគាត់ស្អប់សង្គ្រាមហើយពិបាកចិត្តណាស់ពេលឃើញបព្វជិតសាសនាជូនពរចំពោះទាហាននិងអាវុធរបស់គេ។ ទោះជាបងស្រីវើជីញ៉ាបានបង្រៀនក្មេងៗក្នុងវិហាររាល់ថ្ងៃអាទិត្យយូរឆ្នាំមកហើយក្ដី ពេលបងប្រុសបងស្រីមានអាយុច្រើនទៅៗ ពួកគាត់ក៏មានអារម្មណ៍ឯកោដោយព្រោះមើលទៅដូចជាអ្នកឯទៀតក្នុងវិហារមិនរវីរវល់នឹងពួកគាត់សោះ។ គាត់ប្រាប់ថា៖ «គ្មានអ្នកណាបានមកសួរសុខទុក្ខយើង ហើយគ្មាននរណាចាប់អារម្មណ៍ថាយើងមានជំនឿមុតមាំឬក៏អត់។ ក្នុងសាសនានោះ គេចង់បានតែលុយរបស់យើង ដូច្នេះយើងមិនដឹងធ្វើអ្វីទេ»។ បងប្រុសបងស្រីរឹតតែទើសចិត្តពេលសាសនានោះលែងថ្កោលទោសពួកអ្នករួមភេទដូចគ្នា។
១១ ដំណាលគ្នានោះ កូនស្រីនិងចៅរបស់បងប្រុសវេន និងបងស្រីវើជីញ៉ាបានចូលសាសនាស្មរបន្ទាល់ព្រះយេហូវ៉ា។ មុនដំបូង ពួកគាត់មិនពេញចិត្តសោះ តែក្រោយៗមក ពួកគាត់យល់ព្រមរៀនព្រះគម្ពីរដែរ។ បងប្រុសរៀបរាប់ថា៖ «ក្នុងរយៈពេលតែបីខែ យើងបានរៀនច្រើនពីព្រះគម្ពីរ គឺច្រើនជាងអ្វីដែលយើងបានរៀនក្នុងអំឡុង៧០ឆ្នាំមុននេះទៅទៀត! ពីមុន យើងអត់ដឹងទេថាព្រះមានឈ្មោះយេហូវ៉ា ហើយយើងក៏មិនដឹងសោះអំពីរាជាណាចក្ររបស់ទ្រង់ ក៏មិនដឹងថាផែនដីនឹងក្លាយទៅជាសួនមនោរម្យដែរ»។ មិនយូរប៉ុន្មានក្រោយមក បងប្រុសបងស្រីដែលមានចិត្តល្អនេះបានចូលរួមកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកពិត ហើយចាប់ផ្ដើមរួមចំណែកក្នុងកិច្ចបម្រើផ្សាយផងដែរ។ បងស្រីមានប្រសាសន៍ថា៖ «យើងចង់ប្រាប់មនុស្សទាំងអស់អំពីសេចក្ដីពិតនេះ»។ បងប្រុសបងស្រីទាំងពីរនាក់បានធ្វើបុណ្យជ្រមុជទឹកនៅឆ្នាំ២០០៥ ពេលពួកគាត់មានអាយុ៨០ឆ្នាំជាង។ ពួកគាត់មានប្រសាសន៍ថា៖ «ឥឡូវយើងបានរកឃើញហើយនូវបងប្អូនគ្រិស្តសាសនិកពិត»។
ចូរមានកតញ្ញុតាធម៌ ដោយសារមាន«ចំណេះសំរាប់នឹងធ្វើការល្អ»
១២. តើព្រះយេហូវ៉ាតែងតែប្រទានអ្វីដល់អ្នកបម្រើទ្រង់? តើយើងត្រូវធ្វើអ្វីដើម្បីបំពេញភារកិច្ចយើង?
១២ ព្រះយេហូវ៉ាតែងតែជួយរាស្ត្រទ្រង់ឲ្យធ្វើតាមបំណងចិត្តទ្រង់។ ជាឧទាហរណ៍ លោកណូអេបានទទួលការណែនាំជាក់លាក់អំពីរបៀបកសាងទូកធំ ហើយជាការចាំបាច់ឲ្យគាត់ធ្វើយ៉ាងលម្អិតតាមការណែនាំនោះ! តើណូអេធ្វើយ៉ាងណា? គាត់បាន«ធ្វើដូច្នោះតាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់។ គាត់ធ្វើការនោះសំរេចទាំងអស់»។ (លោកុប្បត្តិ ៦:១៤-២២) សព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏ផ្ដល់អ្វីដែលអ្នកបម្រើទ្រង់ត្រូវការដែរ ដើម្បីធ្វើតាមបំណងចិត្តទ្រង់។ ចំពោះយើង ការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដែលបានស្ថាបនាហើយ និងការជួយមនុស្សល្អឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូគ្រិស្តជាកិច្ចការសំខាន់ចម្បង។ ដូចក្នុងករណីណូអេ យើងត្រូវតែស្ដាប់បង្គាប់ព្រះទើបអាចបំពេញភារកិច្ចនេះបាន។ យើងត្រូវតែធ្វើតាមការណែនាំដែលព្រះយេហូវ៉ាប្រទានតាមរយៈព្រះគម្ពីរនិងអង្គការរបស់ទ្រង់។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
១៣. តើព្រះយេហូវ៉ាបង្ហាត់បង្រៀនយើងតាមរបៀបណា?
១៣ បើយើងចង់បំពេញភារកិច្ចនេះ យើងក៏ត្រូវរៀនឲ្យចេះ‹កាត់ស្រាយព្រះបន្ទូលយ៉ាងត្រឹមត្រូវ› ដែលមានន័យថាយើងត្រូវប្រើព្រះគម្ពីរជាឧបករណ៍សំខាន់ចម្បងដែលមាន«ប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ២:១៥; ៣:១៦, ១៧) ដូចនៅសតវត្សរ៍ទីមួយនោះ ព្រះយេហូវ៉ាកំពុងតែបង្ហាត់បង្រៀនយើងតាមរយៈក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ នៅសម័យយើងនេះ រៀងរាល់សប្ដាហ៍ក្រុមជំនុំ៩៩.៧៧០ទូទាំងពិភពលោកមានកម្មវិធីសាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើដើម្បីជួយយើងបំពេញភារកិច្ចនេះ។ តើអ្នកបង្ហាញកតញ្ញុតាធម៌ចំពោះព្រះដែលរៀបចំឲ្យមានកម្មវិធីប្រជុំសំខាន់ៗទាំងនេះ ដោយចូលរួមជារឿយៗនិងអនុវត្តតាមអ្វីដែលអ្នករៀននៅទីនោះទេ?—ហេព្រើរ ១០:២៤, ២៥
១៤. ដោយមានឯកសិទ្ធិធ្វើជាអ្នកបម្រើព្រះយេហូវ៉ា តើរាស្ត្រទ្រង់បង្ហាញកតញ្ញុតាធម៌យ៉ាងណា?
១៤ ព្រះយេហូវ៉ាបង្ហាត់បង្រៀនរាស្ត្រទ្រង់រាប់លាននាក់ទូទាំងពិភពលោក ហើយពួកគេបង្ហាញកតញ្ញុតាធម៌ចំពោះទ្រង់ដោយខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ។ ជាឧទាហរណ៍ ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០០៦ អ្នកផ្សាយ៦.៧៤១.៤៤៤នាក់បានចំណាយ១.៣៣៣.៩៦៦.១៩៩ម៉ោងក្នុងកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្ររបស់ព្រះ។ នេះក៏រួមបញ្ចូលកម្មវិធីសិក្សាព្រះគម្ពីរជាមួយមនុស្សនៅឯផ្ទះរបស់ពួកគេរៀងៗខ្លួនដែលមានចំនួនសិស្សជាង៦.២៨៦.៦១៨នាក់។ នេះគ្រាន់តែជាសេចក្ដីរាយការណ៍សង្ខេបប៉ុណ្ណោះស្តីអំពីកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក ហើយនេះច្បាស់ជាលើកទឹកចិត្តយើងដូចជាបងប្អូនរបស់យើងនៅសតវត្សរ៍ទីមួយបានត្រូវលើកទឹកចិត្តដែរ ពេលពួកគេឮអំពីការរីកចម្រើននៃកិច្ចការផ្សព្វផ្សាយនៅសម័យនោះ។—កិច្ចការ ១:១៥; ២:៥-១១, ៤១, ៤៧; ៤:៤; ៦:៧
១៥. បើយើងកំពុងតែបម្រើព្រះយេហូវ៉ាអស់ពីចិត្ត តើយើងមិនគួរខ្វល់ខ្វាយអំពីអ្វី?
១៥ ការសរសើរព្រះយេហូវ៉ាយ៉ាងច្រើនរៀងរាល់ឆ្នាំបង្ហាញថា អ្នកបម្រើព្រះពិតជាមានកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះទ្រង់ដែលផ្ដល់ឲ្យពួកគេមានឯកសិទ្ធិស្គាល់ទ្រង់និងអាចប្រាប់អ្នកដទៃអំពីទ្រង់។ (អេសាយ ៤៣:១០) ដូចស្រីមេម៉ាយដែលដាក់លុយតិចក្នុងឃ្លាំងនោះ បងប្អូនខ្លះមានកម្លាំងសរសើរព្រះយេហូវ៉ាតែបន្ដិចបន្តួចទេ ពីព្រោះជាជនពិការ មានវ័យចំណាស់ឬមានជំងឺរ៉ាំរ៉ៃ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ានិងបុត្រទ្រង់ពិតជាឲ្យតម្លៃចំពោះអស់អ្នកដែលបម្រើទ្រង់អស់ពីចិត្តអស់ពីកម្លាំង។—លូកា ២១:១-៤; កាឡាទី ៦:៤
១៦. ពេលថ្មីៗនេះ តើព្រះយេហូវ៉ាប្រទានឲ្យមានឧបករណ៍អ្វីខ្លះសម្រាប់បង្រៀនអ្នកឯទៀត?
១៦ ព្រះយេហូវ៉ាមិនគ្រាន់តែបង្ហាត់បង្រៀនយើងឲ្យចេះផ្សព្វផ្សាយប៉ុណ្ណោះទេ តែតាមរយៈអង្គការទ្រង់ ទ្រង់ក៏ប្រទានឧបករណ៍ល្អៗឲ្យយើងប្រើក្នុងការបង្រៀនសិស្ស។ កាលពីមុន ឧបករណ៍ទាំងនោះរួមបញ្ចូលសៀវភៅផ្សេងៗដូចជាសៀវភៅភាសាអង់គ្លេសដែលមានចំណងជើងថា សេចក្ដីពិតដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច (The Truth That Leads to Eternal Life) និងសៀវភៅភាសាខ្មែរប៉ុន្មានក្បាលដែលមានចំណងជើងថា អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ហើយពេលថ្មីៗនេះក៏មានសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បងប្អូនដែលពិតជាមានកតញ្ញុតាធម៌ដោយព្រោះមានវិធានការនោះ តែងតែប្រើសៀវភៅទាំងនេះក្នុងកិច្ចបម្រើផ្សាយ។
ចូរឧស្សាហ៍ប្រើសៀវភៅព្រះគម្ពីរបង្រៀន
១៧, ១៨. (ក) ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក តើអ្នកចូលចិត្តប្រើចំណុចណាក្នុងសៀវភៅព្រះគម្ពីរបង្រៀន? (ខ) តើអ្នកត្រួតពិនិត្យមណ្ឌលម្នាក់ឃើញថាសៀវភៅព្រះគម្ពីរបង្រៀនមានប្រយោជន៍អ្វីខ្លះ?
១៧ សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? មាន១៩ជំពូកនិងការពន្យល់បន្ថែមដែលបានសរសេរយ៉ាងស្រួលយល់ហើយច្បាស់លាស់ ដូច្នេះពិតជាជំនួយមួយក្នុងកិច្ចការផ្សព្វផ្សាយរបស់យើង។ ជាឧទាហរណ៍ ជំពូកទី១២ មានប្រធានថា «របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ»។ ព័ត៌មាននេះពន្យល់ឲ្យសិស្សយល់នូវរបៀបដែលគាត់អាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះ។ មនុស្សជាច្រើនមិនដែលគិតពីលទ្ធភាពដែលអាចទៅជាមិត្តជិតស្និទ្ធរបស់ព្រះ។ (យ៉ាកុប ២:២៣) តើមនុស្សមានអារម្មណ៍យ៉ាងណាពេលមើលសៀវភៅនេះ?
១៨ បងប្រុសម្នាក់ដែលជាអ្នកត្រួតពិនិត្យមណ្ឌលមួយនៅប្រទេសអូស្ដ្រាលីប្រាប់ថា ពេលគាត់បង្ហាញសៀវភៅព្រះគម្ពីរបង្រៀនដល់មនុស្ស «ភ្លាមៗនោះ ម្ចាស់ផ្ទះចូលចិត្តមើលហើយចង់ពិភាក្សា»រឿងក្នុងសៀវភៅនោះ។ បងប្រុសមានប្រសាសន៍ទៀតថា ដោយសារសៀវភៅព្រះគម្ពីរបង្រៀនជាសៀវភៅស្រួលប្រើនោះ «អ្នកផ្សាយជាច្រើនមានទំនុកចិត្តសាជាថ្មីក្នុងកិច្ចបម្រើផ្សាយ ហើយក៏មានអំណរផងដែរ។ ដូច្នេះមិនជាការចម្លែកអ្វីឡើយដែលបងប្អូនខ្លះនិយាយថា សៀវភៅនេះប្រៀបដូចជាមាសសុទ្ធ!»។
១៩-២១. សូមរៀបរាប់បទពិសោធន៍ខ្លះដែលបង្ហាញថាសៀវភៅព្រះគម្ពីរបង្រៀនពិតជាមានប្រសិទ្ធភាព។
១៩ ស្ត្រីម្នាក់នៅប្រទេសគុយយ៉ាន (នៅទ្វីបអាម៉េរិកខាងត្បូង) បានប្រាប់អ្នកត្រួសត្រាយដែលផ្សព្វផ្សាយនៅឯផ្ទះគាត់ថា៖ «ព្រះច្បាស់ជាបានចាត់ឲ្យលោកមកជួបខ្ញុំមែន!»។ ប្ដីរបស់ស្ត្រីនោះទើបតែបានចាកចោលគាត់និងកូនតូចពីរនាក់។ ដូច្នេះ អ្នកត្រួសត្រាយនេះបានបើកសៀវភៅព្រះគម្ពីរបង្រៀននៅជំពូកទី១ វគ្គ១១ ហើយគាត់អានឲ្យបងស្រីស្ដាប់ព័ត៌មានក្រោមចំណងជើងថា «តើព្រះមានអារម្មណ៍យ៉ាងណាពេលយើងជួបនឹងអំពើអយុត្ដិធម៌?»។ អ្នកត្រួសត្រាយប្រាប់ថា៖ «ចំណុចទាំងនោះមានឥទ្ធិពលខ្លាំងណាស់លើបងស្រី ដ្បិតគាត់ក្រោកឡើងហើយចូលទៅយំនៅក្នុងផ្ទះ»។ ក្រោយមក ស្ត្រីនោះចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយបងស្រីម្នាក់ក្នុងក្រុមជំនុំ ហើយឥឡូវជាសិស្សដែលខំធ្វើតាមអ្វីដែលគាត់រៀន។
២០ មានបុរសម្នាក់ឈ្មោះហូសេ នៅប្រទេសអេស្ប៉ាញ ហើយភរិយារបស់គាត់បានស្លាប់ពេលមានគ្រោះថ្នាក់ចរាចរណ៍។ ហូសេចាប់ផ្ដើមប្រើគ្រឿងញៀនដើម្បីបន្ធូរអារម្មណ៍ ហើយគាត់ក៏បានរកគ្រូពេទ្យជួយដែរ។ ប៉ុន្តែ គ្រូពេទ្យផ្នែកចិត្តវិទ្យាមិនអាចឆ្លើយសំណួរដែលធ្វើឲ្យហូសេពិបាកចិត្តជាងគេទេ ពោលគឺ «ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យប្រពន្ធខ្ញុំស្លាប់ដូច្នេះ?»។ នៅថ្ងៃមួយ ហូសេបានជួបបងប្រុសឈ្មោះហ្វ្រេនឆិសដែលធ្វើការនៅក្រុមហ៊ុនជាមួយគ្នា។ ហ្វ្រេនឆិសជូនយោបល់ឲ្យហូសេមើលព័ត៌មានជាមួយគាត់ក្នុងសៀវភៅព្រះគម្ពីរបង្រៀន ជំពូកទី១១ ដែលមានចំណងជើងថា «ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?»។ ហូសេចូលចិត្តណាស់នូវការពន្យល់ក្នុងព្រះគម្ពីរនិងឧទាហរណ៍អំពីគ្រូបង្រៀននិងកូនសិស្ស។ ហូសេព្យាយាមសិក្សាព្រះគម្ពីរនិងចូលរួមសន្និបាតប្រចាំមណ្ឌលបានម្ដង ហើយឥឡូវនេះក៏ទៅប្រជុំជាទៀងទាត់នៅសាលព្រះរាជាណាចក្រ។
២១ បងប្រុសឈ្មោះរូម៉ាន ជាអ្នកជំនួញអាយុ៤០ឆ្នាំនៅប្រទេសប៉ូឡូញ ហើយតាំងពីតូចមក គាត់ស្រឡាញ់ព្រះគម្ពីរ។ គាត់សិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា តែមិនសូវយកចិត្តទុកដាក់និងធ្វើតាមអ្វីដែលគាត់រៀនទេ ដោយសារគាត់ធ្វើការច្រើនពេក។ យ៉ាងណាក៏ដោយ គាត់បានចូលរួមស្ដាប់កម្មវិធីមហាសន្និបាតប្រចាំតំបន់ ហើយនៅទីនោះគាត់បានទទួលសៀវភៅព្រះគម្ពីរបង្រៀនមួយក្បាល។ តាំងពីនោះមក គាត់មានទស្សនៈល្អជាងមុន។ គាត់មានប្រសាសន៍ថា៖ «ពេលខ្ញុំអានសៀវភៅនេះ ខ្ញុំយល់សេចក្ដីបង្រៀនបឋមទាំងអស់ក្នុងព្រះគម្ពីរច្បាស់ជាង»។ ឥឡូវ បងប្រុសរូម៉ានរៀនព្រះគម្ពីរទៀងទាត់ហើយកំពុងតែអនុវត្តតាមអ្វីដែលគាត់រៀនដែរ។
ចូរមានកតញ្ញុតាធម៌កាន់តែច្រើនឡើង
២២, ២៣. ដោយសារសេចក្ដីសង្ឃឹមដែលយើងមាន តើយើងអាចបន្តបង្ហាញកតញ្ញុតាធម៌ចំពោះព្រះបានយ៉ាងណា?
២២ កម្មវិធីមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា «សេចក្ដីសង្គ្រោះជិតណាស់ហើយ»បានពន្យល់ថា ពួកគ្រិស្តសាសនិកពិតចេះតែរង់ចាំ«សេចក្ដីប្រោសលោះនៅអស់កល្បជានិច្ច»ដែលព្រះយេហូវ៉ាបានសន្យាមក។ យើងអាចទទួលសេចក្ដីប្រោសលោះនោះបាន ដោយសារព្រះយេស៊ូគ្រិស្តបានបូជាជីវិតទ្រង់។ ប្រាកដហើយ ការសម្អាតខ្លួនពី«អស់ទាំងការស្លាប់ . . . ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់» គឺជាវិធីល្អបំផុតដែលយើងអាចបង្ហាញថា យើងមានកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះដែលប្រទានឲ្យមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ។—ហេព្រើរ ៩:១២, ១៤
២៣ សម័យនេះមានការបង្ខិតបង្ខំច្រើនឲ្យមនុស្សរកតែប្រយោជន៍ខ្លួនឯង ដូច្នេះពេលឃើញមនុស្សជាង៦លាននាក់ប្រកាសសារព្រះរាជាណាចក្ររបស់ព្រះដោយឥតឈប់ឈរ នេះប្រៀបដូចជាអព្ភូតហេតុមែន។ នេះក៏ជាភ័ស្តុតាងបង្ហាញថា រាស្ត្ររបស់ព្រះយេហូវ៉ាពិតជាមានកតញ្ញុតាធម៌ចំពោះទ្រង់ដោយព្រោះពួកគេមានកិត្ដិយសជាអ្នកបម្រើទ្រង់ ហើយដឹងថាការដែលពួកគេ«ធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។ ដូច្នេះ ចូរឲ្យកតញ្ញុតាធម៌របស់យើងកើនឡើងជានិច្ចចុះ!—កូរិនថូសទី១ ១៥:៥៨; ទំនុកដំកើង ១១០:៣
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្នកតែងបទទំនុកដំកើងបង្រៀនយើងអ្វីខ្លះអំពីការបង្ហាញកតញ្ញុតាធម៌ចំពោះព្រះយេហូវ៉ានិងចំពោះអ្វីដែលទ្រង់ប្រទានដើម្បីពង្រឹងជំនឿយើង?
• នៅសម័យយើងនេះ តើពាក្យនៅហាកាយ ២:៧ កំពុងតែសម្រេចយ៉ាងណា?
• តើព្រះយេហូវ៉ាប្រទានចំណេះដោយរបៀបណាឲ្យរាស្ត្រទ្រង់ធ្វើការល្អក្នុងកិច្ចបម្រើទ្រង់?
• ដោយសារព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងល្អចំពោះរាស្ត្រទ្រង់ តើអ្នកអាចបង្ហាញកតញ្ញុតាធម៌ចំពោះទ្រង់យ៉ាងណា?
[រូបភាពនៅទំព័រ៣២]
ព្រះយេហូវ៉ាប្រទានឲ្យយើងមានគ្រប់ទាំងចំណេះ ដើម្បីធ្វើតាមបំណងចិត្តទ្រង់